ដើមចមនៃចុងបញ្ចប់នៃអំពើបាបខាងឯផ្លូវភេទ
ប្រមាណជាង២៥ឆ្នាំនេះ យើងខ្ញុំបានផ្តល់ការប្រឹក្សាដល់គ្រប់គ្រីស្ទបរិស័ទទាំងប្រុសទាំងស្រី ដែលពួកគេបានរស់នៅក្នុងទាសករនៃអំពើបាបខាងឯផ្លូវភេទ។ យើងខ្ញុំបានជួបពួកគាត់ផ្ទាល់ ដែលពួកគាត់ទាំងនោះ គឺបានទៅលេងស្រីពេស្យាដែលជាកន្លែងរកស៊ីផ្លូវភេទ ហើយក៏ធ្លាប់បានប្រព្រឹត្តអំពើសហាស្មន់ ហើយពួកគេក៏មានញៀនមើលរឿងរូបភាព និងរឿងអាសអាភាស ពួកគេក៏បានកុហក ហើយក៏បានស្ដីបន្ទោសទៅលើស្វាមីនឹងភរិយារបស់ខ្លួន ដែលទាក់ទងទៅនឹងបញ្ហាផ្ទាល់ៗខ្លួនរបស់ពួកគេ។ យើងខ្ញុំបានស្ដាប់ឮពួកគេ ស្របពេលដែលពួកគេរៀបរាប់ពីបញ្ហាផ្នែកថវិកា និងប្រឈមមុខនឹងបាត់បង់ការងារធ្វើ ហើយក៏គេងមិនលក់នៅពេលយប់ ក៏ដូចជាបាត់បង់នូវសុភមង្គលនៅក្រុមគ្រួសាររបស់ពួកគេផងដែរ។ ការទាំងនេះបានកើតឡើងដោយសារតែអំពើបាបខាងឯផ្លូវភេទ។
នៅពេលដែលយើងសម្លឹងមើលខាងមុខ នោះយើងនឹងឃើញពីការគម្រាមកំហែង ដែលទាក់ទងនឹងអំពើបាបខាងឯផ្លូវភេទ វាកំពុងស្ថិតនៅក្នុងព្រលឹងវិញ្ញាណ ក៏ដូចជាទំនាក់ទំនងរបស់យើងគឺនៅត្រង់ថា វាកាន់តែមានភាពធ្ងន់ធ្ងរទៅៗនៅជំនាន់សម័យនេះ។ ក្មេងៗនៅអាយុចន្លោះពី១១-១២ឆ្នាំជាច្រើនកាន់តែមានការចាប់ផ្ដើមរួមភេទបែបអសីលធម៌ (ឧ. តាមរយៈម៉ាត់ពួកគេ) ហើយមួយចំនួនធំទៀត ភាគច្រើនពួកគេបានមើលរូប នឹងរឿងអាសអាភាស (មិនថាចេតនា ឬក៏អចេតនាក្ដី) ហើយជាទូទៅ ការនេះបាននាំឲ្យពួកគាត់ធ្លាក់ក្នុងជីវិតបែបជាភាពទាសករផ្លូវភេទ។ កាលពីនៅជំនាន់មុនៗ ទំនាក់ទំនងនៃការចែចង់គ្នាទៅវិញទៅមក សម្រាប់ក្មេងជំទង់ៗនៅជំនាន់នោះ គឺពួកគាត់បានធ្វើការចែចង់គ្នាក្នុងចំណោមមុខមនុស្សជាច្រើន ប៉ុន្តែចំណែកឯការចែចង់នៅជំនាន់នេះវិញ ពួកគេបានដកខ្លួនចេញពីការដែលមានមនុស្សនៅជុំវិញពួកគេ ហើយបែរជាទៅរកកន្លែងស្ងាត់ៗដាច់ដោយឡែកតែពីរនាក់ទៅវិញ ដែលការទាំងនេះបាននាំមកនូវការប្រែប្រួលនៅចរិតលក្ខណសម្បត្តិក្នុងការរួមភេទទាំងស្រុង។ បច្ចុប្បន្ននេះ ពួកគេរាប់អាន «មិត្តភក្ដិគ្រាន់តែជាឈ្នាន់ ដើម្បីទាញយកអត្ថប្រយោជន៍» សម្រាប់ខ្លួនរបស់គេ ហើយថែមទាំងមានការផ្ញើរសារដោយមានការលាយឡំនៅរូបអាសអាភាស និងវីដេអូអាសអាភាស ក៏ដូចជាប្រើប្រាស់នូវពាក្យសម្ដីដែលធ្វើឲ្យមានភាពស្រើបស្រាលទៅឲ្យគ្នាទៅវិញទៅមកផងដែរ ហើយលើសពីនោះ ពួកគេថែមទាំងចាត់ទុកការទាំងនោះថា វាជារឿងធម្មតាៗទៅវិញ។
បញ្ហាដ៏ធ្ងន់ធ្ងរ ដែលទាក់ទងទៅនឹងអំពើបាបខាងឯផ្លូវភេទ ដែលមានរួចស្រាប់ទៅហើយនៅក្នុងក្រុមជំនុំ ហើយវាកាន់តែក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរលើសដើមទៅទៀត។
ការធ្វើរោគវិនិច្ឆ័យតម្រូវឲ្យមានការព្យាបាល
ជាការពិតណាស់! យើងត្រូវតែនិយាយដោយបើកចំហ ដោយហ៊ានលើកឡើងនូវភាពធ្ងន់ធ្ងរខាងឯអំពើបាប ទាក់ទងនឹងបញ្ហាផ្លូវឯភេទនៅក្នុងក្រុមជំនុំ យើងត្រូវតែយល់ដឹងអំពីឥរិយាបថនៃលក្ខណៈរបស់អំពើបាបមួយនេះ គឺនៅចំណុចត្រង់ថា ឫសគល់នៃបញ្ហានោះគឺវាជ្រៅជាងអ្វីដែលយើងនឹកស្មានមិនដល់ទៅទៀត។
វាជារឿងដ៏គួរឲ្យខ្លោចផ្សារខ្លាំងណាស់ ដែលប្រពៃណី និងវប្បធម៌របស់យើងបានជះឥទ្ធិពលទៅលើកាទាមទារនូវតម្រូវការ ដើម្បីឲ្យមានការផ្លាស់ប្ដូរ ព្រមទាំងរបៀបនៃការផ្លាស់ប្ដូរ ជាជាងអនុញ្ញាតឲ្យក្រុមជំនុំធ្វើការជះឥទ្ធិពលទាក់ទងនឹងការផ្លាស់ប្ដូរទៅលើការទាំងនេះ។ ផ្នត់គំនិតមួយ ដែលមានមនុស្សជាច្រើនកំពុងទាស់ប្រឆាំងគឺនៅត្រង់ថា សេរីភាពចេញពីអំពើបាបខាងឯផ្លូវភេទ គឺមិនមានការចាប់ផ្ដើមឲ្យមានការវែកញែកពីបទពិសោធន៍ជាក់ស្ដែងនោះទេ តែធាតុពិតវាពេញទៅដោយភាពនៃការឈឺចុកចាប់ចេញពីអតីតកាលនោះវិញ។ តាមរយៈការផ្ដល់ប្រឹក្សាដល់មនុស្សស្រីនឹងមនុស្សប្រុសរាប់ពាន់នាក់ យើងខ្ញុំបានកត់សម្គាល់ឃើញថា ជំហានទី១នៃការយកឈ្នះលើអំពើបាបខាងឯផ្លូវភេទនោះគឺ នៅពេលដែលបុគ្គលណាម្នាក់បានប្រព្រឹត្តមិនត្រឹមត្រូវខាងឯផ្លូវភេទ ការនោះសបញ្ជាក់ឲ្យឃើញពីជម្រៅចិត្តដែលពេញទៅដោយអំនួតរបស់គាត់ត្រង់ថា គាត់កំពុងតែព្យាយាមផ្សះផ្សាភាពឈឺចាប់ដែលគាត់មាន ដែលតាមពិតទៅភាពឈឺចាប់ដោយផ្ទាល់នោះ គឺមិនមែនជាបញ្ហានោះទេ។
ការធ្វើរោគវិនិច្ឆ័យគួរតែប្រាប់ពីរបៀបនៃការព្យាបាល។ ប្រសិនបើការធ្វើរោគវិនិច្ឆ័យមានភាពមិនត្រឹមត្រូវនោះការព្យាបាលនឹងគ្មានប្រសិទ្ធភាពនោះឡើយ។ ប៉ុន្តែ ប្រសិនបើយើងមានជំនឿលើព្រះជាម្ចាស់ ហើយទុកចិត្តទៅលើព្រះបន្ទូលរបស់ទ្រង់ យ៉ាងពិតប្រាកដ នោះយើងនឹងទទួលបានការធ្វើរោគវិនិច្ឆ័យយ៉ាងត្រឹមត្រូវ ហើយយើងក៏បានស្គាល់គ្រូពេទ្យដ៏ស័ក្ដិសិទ្ធិលើសអស់គ្រូពេទ្យនានា គឺជាព្រះអម្ចាស់យេស៊ូវគ្រីស្ទផ្ទាល់តែម្ដង។
ព្រះយេស៊ូវបានមានបន្ទូលយ៉ាងពិតប្រាកដទាក់ទងទៅនឹងបញ្ហាចម្បងថា៖ «ដ្បិតនៅពីខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស មានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះ គឺសេចក្ដីកំផិត សហាយស្មន់…» (ម៉ាកុស ៧:២១-២២)។ ម្យ៉ាងវិញទៀត ទាក់ទងទៅនឹងអំពើបាបខាងឯផ្លូវភេទ ព្រះយេស៊ូវបានមានបន្ទូលថា ករណីចម្បងរបស់យើងគឺមិនមែនជាអ្វីដែលគេធ្លាប់ប្រព្រឹត្តិនឹងយើងនោះទេ តែផ្ទុយទៅវិញគឺទាក់ទងទៅនឹងអ្វីដែលនៅខាងក្នុងយើងផ្ទាល់។
ប្រសិនបើបញ្ហាចម្បងនៃអំពើបាប—គឺជាភាពពុករលួយ និងសារជាតិនៃការបះបោរ—នោះមានន័យថា យើងក៏បានដឹងអំពីតម្រូវការចម្បង ដែលយើងត្រូវតែយកមកវែកញែកបន្ថែមទៀតផងដែរ។ ដោយសារការធ្វើរោគវិនិច្ឆ័យតម្រូវឲ្យមានការព្យាបាល ហើយប្រសិនបើអំពើបាបគឺជារោគដែលត្រូវធ្វើការវិនិច្ឆ័យ ដាច់ខាត នោះមានន័យថា យើងត្រូវតែព្យាបាលតាមវិធីដោយការប្រើជំនឿ នឹងការប្រែចិត្ត។ ទាក់ទងទៅនឹងអំពើបាបខាងឯផ្លូវភេទវិញ ការកែប្រែដ៏ពិតប្រាកដអាចកើតឡើងនៅក្នុងករណីត្រង់ថា ត្រូវតែមានការបំផ្លាស់បំប្រែចិត្តគំនិតដ៏ពិត—ពោលគឺដួងចិត្តរបស់យើងត្រូវតែមានការផ្លាស់ប្រែទាំងស្រុង។
ការប្រែចិត្តមិនមែនជាការជាសះស្បើយនោះទេ
ការដែលដួងចិត្តរបស់នរណាម្នាក់មានការផ្លាស់ប្ដូរ ហើយការនោះក៏នឹងបណ្ដាលឲ្យគាត់កាន់តែមានចិត្តផ្លាស់ប្ដូរនូវចរិយាសម្បត្តិរបស់គាត់ផងដែរ។ ការទាំងនេះគឺមិនមានភាពពាក់ព័ន្ធទៅលើការស្អប់ខ្លួនឯង ឬក៏ការមានវិប្បដិសារីលើអំពើអាក្រក់ ឬក៏ការឈឺចាប់ណាមួយដែលយើងបានប្រព្រឹត្តទៅលើបុគ្គលណាម្នាក់ផ្សេងនោះទេ ប៉ុន្តែការនេះគឺជាការត្រាស់ហៅដ៏ខ្ពង់ខ្ពស់ជាងនោះទៅទៀត។ ដួងចិត្តដែលពោរពេញទៅដោយការបន្លំ និងការបោកបញ្ឆោតនៃភាពអាត្មានិយមដែលវាតែងតែទាមទារថា «នេះហើយគឺជារបៀបរស់នៅរបស់យើងខ្ញុំ ហើយនិងជាទំនាក់ទំនងរបស់យើងខ្ញុំ ហើយនិងការរួមភេទរបស់យើងខ្ញុំផងដែរ។ និយាយទាំងស្រុងទៅគឺវាអាស្រ័យទៅលើយើងខ្ញុំម្នាក់តែប៉ុណ្ណោះ»។ ដូច្នេះហើយ អស់អ្នកដែលបានប្រព្រឹត្តិអំពើបាបខាងឯផ្លូវភេទ ដែលកំពុងតែប្រែចិត្ត ដាច់ខាត គាត់ត្រូវតែលះបង់នូវសេចក្ដីប្រាថ្នារបស់ខ្លួនចោល ព្រោះសេចក្ដីប្រាថ្នានោះចង់គ្រប់គ្រងលើខ្លួនរបស់អ្នក ពោលគឺគាត់ត្រូវតែលះបង់ជីវិតចាស់គាត់ចោលទាំងស្រុង។
សូមអនុញ្ញាតឲ្យយើងខ្ញុំបន្តលើកឡើងឲ្យកាន់តែស៊ីជម្រៅជាងនេះទៅទៀតតាមលទ្ធភាពដែលយើងខ្ញុំអាចធ្វើទៅបានទាក់ទងទៅនឹងអំពើបាបខាងឯផ្លូវភេទ ព្រមទាំងការញៀនមើលផងដែរ៖ ការជាសះស្បើយមិនមែនជាការដែលយើងកែប្រែចិត្តនោះឡើយ ហើយការដែលយើងកែប្រែចិត្ត ក៏មិនមែនជាការដែលយើងជាសះស្បើយនោះដែរ។ ការកែប្រែចិត្តគឺមិនមែនពឹងអាស្រ័យទៅលើសមត្ថភាពដែលមនុស្សយើងមាននោះទេ ហើយក៏មិនមែនជាវិធីណាមួយដែលអាចជួយយើងឲ្យកែប្រែចិត្តឡើងវិញផងដែរ។ ការផ្លាស់ប្រែចិត្តគឺជារបៀបដែលព្រះជាម្ចាស់ទ្រង់ធ្វើការវះកាត់ក្នុងជីវិតរបស់យើង ពោលគឺទ្រង់មិនគ្រាន់តែបន្ទាបអស់អ្នកដែលមានបាបប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គថែមទាំងបំផ្លាស់បំប្រែពួកគាត់ ដើម្បីឲ្យគេអាចមើលឃើញខាងក្រៅផងដែរ។ ប្រាកដណាស់! ការប្រព្រឹត្តអំពើបាបខាងឯផ្លូវភេទត្រូវបានបញ្ឈប់ ប៉ុន្តែភរិយា និងស្វាមី ពួកគាត់ទាំងពីរអាចនឹងនិយាយលើកឡើងអំពីអ្នកដែលធ្លាប់ប្រព្រឹត្តអំពើបាបខាងឯផ្លូវភេទពីមុនថា «ស្វាមីរបស់យើងខ្ញុំឥឡូវនេះគាត់មានភាពខុសប្លែកពីមុនៗណាស់» ឫក៏ «ភរិយារបស់យើងខ្ញុំឥឡូវនេះនាងមានភាពខុសប្លែកពីមុនៗណាស់»។
នៅក្នុងការកែប្រែចិត្ត អស់អ្នកដែលប្រព្រឹត្តិបាបខាងឯផ្លូវភេទបានទទួលស្គាល់ថា គាត់បានប្រព្រឹត្តិបទល្មើសទាស់ប្រឆាំងនឹងក្រិត្យវិន័យរបស់ព្រះជាម្ចាស់ ហើយគាត់គឺពិតជាស័ក្ដិសមនឹងទទួលការកាត់ទោសពីទ្រង់នៅកន្លែងកាត់ក្ដីរបស់ព្រះជាម្ចាស់ផងដែរ។ អស់អ្នកដែលបានប្រព្រឹត្តិអំពើបាបខាងឯផ្លូវភេទនឹងទទូចដោយស្រែកអង្វរសុំសេចក្ដីមេត្តាករុណា ដោយទទួលស្គាល់ថា គាត់អាចទទួលបានសេចក្ដីមេត្តាករុណានោះគឺអាស្រ័យលើបំណងព្រះហឫទ័យនៃសេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ យោងតាមព្រះគម្ពីរ ការកែប្រែចិត្តមិនមែនគ្រាន់តែជាការលះអាល័យនូវចរិយាសម្បត្តិខាងឯផ្លូវភេទតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលះអាល័យនូវនិស្ស័យសាច់ឈាម លោកីយ៍ វិញ្ញាណអារក្សអសោចចោលទាំងស្រុងតែម្ដង។
នៅក្នុងការកែប្រែចិត្ត អស់អ្នកដែលប្រព្រឹត្តអំពើបាបខាងឯផ្លូវភេទនឹងងាក បែរចេញពីការព្យាយាមសង្វាតដោយស្វែងរកដោយខ្លួនឯង ក៏ដូចជាការជឿលើទុកចិត្តលើខ្លួនឯង ហើយនិងវិលបែរត្រឡប់ទៅទុកចិត្តលើព្រះជាម្ចាស់របស់ពួកគាត់វិញ។ នៅពេលនោះ គាត់នឹងទទួលបានការផ្លាស់ប្រែនៅក្នុងចិត្តរបស់គាត់ផ្ទាល់ទាំងស្រុង ហើយផងដែរ គាត់ក៏នឹងមានសេចក្ដីប៉ងប្រាថ្នា ចង់ឲ្យព្រះជាម្ចាស់ធ្វើជាអង្គគ្រប់គ្រង និងធ្វើជាម្ចាស់ការលើជីវិតគាត់ផ្ទាល់ ក៏ដូចជាថ្វាយនូវរាល់ទាំងគោលបំណងផ្សេងៗ ព្រមទាំងថ្វាយសិរីល្អទៅកាន់ទ្រង់ផងដែរ។ ឫក៏អាចនិយាយម្យ៉ាងវិញទៀតថា គាត់នឹងទទួលបាននូវដួងចិត្តថ្មីស្រឡាង ដែលគាត់នឹងមានសេចក្ដីប្រាថ្នាចង់បានឲ្យមានជីវិតខាងឯព្រលឹងវិញ្ញាណ ព្រមទាំងទំនាក់ទំនង និងការរួមភេទដែលសមស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពោលគឺការសង្វាតដេញតាមសេចក្ដីបរិសុទ្ធ ដ្បិត «បើអ្នកណាគ្មានសេចក្ដីបរិសុទ្ធ នោះមិនដែលឃើញព្រះអម្ចាស់ឡើយ»។ (ហេព្រើរ ១២:១៤)
សេចក្ដីស្លាប់ដែលនាំឲ្យមានជីវិត
ការកែប្រែចិត្តគឺជាការស្លាប់។ នៅពេលដែលអស់អ្នកដែលប្រព្រឹត្តិអំពើបាបខាងឯផ្លូវភេទមានការកែប្រែចិត្ត នោះមានន័យថា ខ្លួនគាត់ផ្ទាល់បានស្លាប់ហើយ បន្ទាប់មកព្រះជាម្ចាស់បានចាប់ផ្តើមសោយរាជ្យនៅក្នុងជីវិតរបស់គាត់។ វាលើសជាងពីការដែលគាត់គ្រាន់តែលះបង់ការប្រព្រឹត្តបាបខាងឯផ្លូវភេទចោលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចុះចូលនូវរាល់គ្រប់ចំណុចនៃជីវិតរបស់គាត់ក្រោមអំណាចព្រះជាម្ចាស់។
នៅក្នុងឆាកជីវិតរបស់យើងរាល់គ្នា អំពើបាបនៅតែបន្តមានវត្តមាននៅជិតយើងជានិច្ច។ ប៉ុន្តែ តាមរយៈការកែប្រែចិត្តដ៏ពិត នោះជីវិតរបស់អស់អ្នកដែលប្រព្រឹត្តិអំពើបាបនឹងលែងមានការគ្រប់គ្រងពីអំណាចនៃការគ្រប់គ្រងពីអំពើបាបទៀតឡើយ។ តែផ្ទុយទៅវិញ គឺគាត់មានការហ៊ុំគ្រងពីព្រះជាម្ចាស់ដោយចុះចូលស្តាប់បង្គាប់ទ្រង់វិញ។
ការកែប្រែចិត្តដ៏ពិតនឹងបង្កើតផលផ្លែ ដែលនោះគឺវាមានការលើសពីសេចក្ដីប្រាកដប្រជា និងភាពនឹងធឹងទៅទៀត។ វានឹងផ្លាស់ប្រែដោយមានការចាប់ផ្តើមពីខាងក្នុងចេញមកខាងក្រៅ។ វាមិនមែនគ្រាន់តែមានការផ្លាស់ប្រែនូវអាកប្បកិរិយា ឫក៏ឥរិយាបថតែប៉ុណ្ណោះនោះទេ ប៉ុន្តែរាល់គ្រប់អ្វីៗទាំងអស់ គឺនឹងមានការចាប់ផ្ដើមដំណើរការដោយមានការផ្លាស់ប្ដូរក្នុងរាល់គ្រប់ទាំងចំណុចនៃជីវិតរបស់គាត់ទាំងស្រុង។ បុរស ឬក៏ស្ត្រីម្នាក់ ពួកគេនឹងមានជីវិតខុសប្លែកជាងមុន។
ហើយការបំផ្លាស់បំប្រែចិត្តមួយនេះ នឹងនាំឲ្យមានការបំផ្លាស់បំប្រែក្នុងទំនាក់ទំនងនានាផងដែរ។ គាត់បានក្លាយជាស្វាមីដែលខុសប្លែកពីមុនៗ ឫក៏នាងបានក្លាយជាភរិយាដែលមានលក្ខណៈខុសប្លែកពីមុនៗ។ ទាក់ទងនឹងទំនាក់ទំនងអំពើបាបខាងឯផ្លូវភេទ បានរុះរើបំផ្លាញចោល នោះផលផ្លែនៃការកែប្រែចិត្តនឹងចាប់ផ្ដើមស្ដារឡើងវិញនូវទំនាក់ទំនងនោះជាសារជាថ្មីម្ដងទៀត ខណៈពេលរាល់បុគ្គលនីមួយៗ រាប់អ្នកដទៃថា សំខាន់ជាងខ្លួនឯង (ភីលីព ២:៣)។
មតិយោបល់
Loading…