in

របៀប​អធិស្ឋាន​នៅពេល​បរាជ័យ​ក្នុង​ជីវិត

How to Pray When Life Falls Apart

ពេល​ដែល​យើង​កំពុង​ប្រឈម​មុខ​នឹង​និមិត្ត​ដែល​បរាជ័យ និង​ការ​ឈឺចាប់​ដែល​គួរ​ឲ្យ​ភ័យ​តក់ស្លុត តើ​យើង​គួរ​អធិស្ឋាន​យ៉ាង​ដូច​ម្ដេច​ទៅ?

តើ​យើង​គួរ​អធិស្ឋាន​ឲ្យ​មាន​ការ​ព្យាបាល និង​ការ​រំដោះ ដោយ​ជឿ​ថា​យើង​គ្រាន់តែ​ទូល​សូម​តែ​ប៉ុណ្ណោះ ពីព្រោះ​ព្រះ​ជាម្ចាស់​អាច​ធ្វើ​រាល់​អ្វីៗ​ទាំង​អស់​បាន? ឬ​ម្យ៉ាង​ទៀត​ថា៖ តើ​យើង​ត្រូវ​លះបង់​នូវ​សេចក្ដី​ប៉ងប្រាថ្នា​របស់​យើង​ចោល​ដោយ​ប្រគល់​ឲ្យ​ព្រះ​ជាម្ចាស់ ថែម​ទាំង​ជឿ​ថា សូម្បី​តែ​ក្នុង​ការ​ឈឺចាប់​របស់​យើង ក៏​ព្រះ​អង្គ​នៅ​មាន​ផែនការ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​យើង?

បាទ/ចាស! ពិត​ប្រាកដ​មែន។

នៅពេល​ដែល​យើង​ប្រឈម​មុខ​នឹង​បរាជ័យ​ក្នុង​ជីវិត ព្រះ​ជាម្ចាស់​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ការ​ទាំង​ពីរ​នោះ។

នៅ​ក្នុង​សួនច្បារ​គែតសេម៉ានី ព្រះ​យេស៊ូវ​បាន​ប្រឈម​មុខ​នឹង​ការ​រងទុក្ខ​ដែល​យើង​នឹក​ស្មាន​មិន​ដល់។ ញើស​ទ្រង់​ក៏​បាន​ត្រឡប់​ដូច​ជា​តំណក់​ឈាម ព្រះ​អង្គ​បាន​ដួល​ទៅ​លើ​ដី ហើយ​អធិស្ឋាន​ដោយ​បន្លឺ​សំឡេង​ថា៖ «ឱ! អ័ប្បា ព្រះ​វរបិតា​អើយ ទ្រង់​អាច​នឹង​ធ្វើ​ការ​ទាំង​អស់​កើត សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ​ផង ប៉ុន្តែ​កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ សូម​សម្រេច​តាម​ព្រះ​ហឫទ័យ​ទ្រង់​វិញ»។ (ម៉ាកុស ១៤:៣៦)

នៅក្នុង​ភាព​ឈឺចាប់​របស់​ព្រះ​យេស៊ូវ ព្រះ​អង្គ​កំពុង​តែ​បង្រៀន​យើង​បែប​ជា​គំរូ​ពី​របៀប​នៃ​ការ​អធិស្ឋាន នៅ​ពេល​ដែល​យើង​អស់​សង្ឃឹម។

ឱ! អ័ប្បា ព្រះ​វរបិតា​អើយ!

ព្រះ​យេស៊ូវ​មិន​បាន​ចាប់​ផ្ដើម​អធិស្ឋាន​ដោយ​លើកឡើង​ថា «ឱ! ព្រះ​ដែល​មាន​ពេញ​ទៅ​ដោយ​អំណាច​ព្រះ​ចេស្ដា​អើយ! ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី» នោះ​ទេ។ ពិត​ប្រាកដ​ណាស់! ព្រះ​ជាម្ចាស់​គឺ​ជា​ម្ចាស់​លើ​គ្រប់​អ្វីៗ​ទាំង​អស់ ហើយ​ទ្រង់​ក៏​ពិត​ជា​ស័ក្តិសម​នឹង​ទទួល​ព្រះ​កិត្តិយស និង​ការ​គោរព​កោត​ខ្លាច​ផង​ដែរ។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​ជ្រើសរើស​ប្រើប្រាស់​នូវ​ពាក្យ​ពេចន៍​ទាក់ទង​នឹង​ទឹក​ចិត្ត​ស្រឡាញ់ «អ័ប្បា»។ ពាក្យ «អ័ប្បា» គឺ​ជា​ពាក្យ​របស់​ភាសា​អារ៉ាម (Aramaic) ដែល​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល ជា​ពាក្យ​ផ្ទាល់​ខ្លួន​សម្រាប់​ឪពុក។ ព្រះ​យេស៊ូវ​ទ្រង់​កំពុង​ទូល​សូម​ព្រះ​វរបិតា​របស់​ទ្រង់​ឲ្យ​ធ្វើ​នូវ​អ្វី​មួយ​សម្រាប់​ព្រះ​អង្គ។

ដូច​គ្នា​នេះ​ដែរ ដាច់​ខាត! យើងខ្ញុំ​ត្រូវ​តែ​ខិត​ឲ្យ​កាន់តែ​ប្រកៀក​ជិត​នឹង​ព្រះ​ជាម្ចាស់ ខណៈពេល​ដែល​យើងខ្ញុំ​កំពុង​ប្រឈម​មុខ​នឹង​ការ​ឈឺចាប់។ ព្រះ​អង្គ​គឺ​ជា​ព្រះ​អម្ចាស់ ដែល​មាន​ពេញ​ទៅ​ដោយ​អំណាច​ព្រះ​ចេស្ដា ប៉ុន្តែ ព្រះ​អង្គ​ក៏​ជា​អ័ប្បា​ព្រះ​វរបិតា​របស់​យើងខ្ញុំ​ផង​ដែរ (រ៉ូម ៨:១៥)។ ដាច់​ខាត! យើងខ្ញុំ​ត្រូវ​តែ​ចូល​ទៅ​កាន់​ព្រះ​អង្គ​ដោយ​មាន​ទឹកចិត្ត​បែប​នេះ។

អាច​នឹង​ធ្វើ​ការ​គ្រប់​ទាំង​អស់​កើត

ព្រះ​យេស៊ូវ​ជ្រាប​ថា ព្រះ​វរបិតា​អាច​នឹង​ធ្វើ​អ្វីៗ​បាន​ទាំង​អស់ ដ្បិត​អស់​ទាំង​សត្វ​នៅ​ព្រៃ​សុទ្ធតែ​របស់​ផង​ទ្រង់ (ទំនុក​តម្កើង​ ៥០:១០)។ ហើយ​គ្រប់​អ្វីៗ​ទាំង​អស់ គឺ​ជា​អ្នក​បម្រើ​របស់​ព្រះ​អង្គ។ គ្មាន​អ្វី​ដែល​ព្រះ​អង្គ​ធ្វើ​ពុំ​បាន​សោះ​ឡើយ។

ខណៈពេល​ដែល​យើងខ្ញុំ​បាន​ចងចាំ​ខគម្ពីរ​ទាំង​អស់​នោះ​យ៉ាង​ច្បាស់​លាស់​នៅ​ក្នុង​ដួងចិត្ត​របស់​យើងខ្ញុំ​ក៏​ដោយ ក៏​ជា​រឿយៗ​យើងខ្ញុំ​តែងតែ​មាន​មន្ទិលសង្ស័យ​លើ​សមត្ថភាព​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ផ្លាស់ប្ដូរ​កាលៈទេសៈ​របស់​យើងខ្ញុំ​ដដែល។ យើងខ្ញុំ​មើល​ទៅ​កាន់​កាលៈទេសៈ​របស់​ខ្លួន ហើយ​សន្មត​ថា វា​នឹង​នៅ​បន្ត​កើតឡើង​ដដែលៗ។ ទោះបីជា​ខណៈពេល​ដែល​យើងខ្ញុំ​កំពុង​អធិស្ឋាន​ក៏​ដោយ ក៏​យើងខ្ញុំ​មិន​បាន​ព្យាយាម​រង់ចាំ​ចម្លើយ​ដែល​មាន​ពេញ​ទៅ​ដោយ​ការ​អស្ចារ្យ​នោះ​ដែរ ហើយ​សេចក្ដី​អធិស្ឋាន​របស់​យើងខ្ញុំ​ក៏​បាន​ក្លាយ​ទៅ​ជា​ការ​បន្លឺ​ឡើង​នូវ​សំណូមពរ​នានា ជាជាង​ការ​ទទូច​អង្វរ​យ៉ាង​អស់​ពី​ចិត្ត​ដែល​មាន​ពេញ​ទៅ​ដោយ​ជំនឿ​វិញ។

ប៉ុន្តែ នៅក្នុង​សួនច្បារ​គែតសេម៉ានី ព្រះ​យេស៊ូវ​ជ្រាប​ថា ព្រះ​វរបិតា​របស់​ទ្រង់​អាច​នឹង​ឆ្លើយតប​នូវ​សំណូមពរ​របស់​ព្រះ​អង្គ​បាន។ ព្រះ​ផ្ដល់​ជីវិត​ទៅ​ដល់​អស់​អ្នក​ដែល​ស្លាប់ ហើយ​ព្រះ​អង្គ​ក៏​បាន​កោះហៅ​នូវ​រាល់​អ្វី​ដែល​ពុំ​ធ្លាប់​មាន​សោះ​ឲ្យ​វា​កើត​មាន​ឡើង​ផង​ដែរ។

ដាច់ខាត! យើងខ្ញុំ​ត្រូវតែ​ចងចាំ​ថា អំណាច​របស់​ព្រះ​អង្គ​គ្មាន​ព្រំដែន​ឡើយ ខណៈ​ពេល​ដែល​កាលៈទេសៈ​របស់​យើង​ខ្ញុំ​មើល​ទៅ​ហាក់បី​ដូច​ជា​ពុំ​អាច​មាន​ការ​ផ្លាស់ប្ដូរ​បាន​សោះ​ឡើយ។

សូម​យក​ពែង​នេះ​ចេញ

រីឯ​ពែង​ដែល​ព្រះ​យេស៊ូវ​បាន​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ដក​ចេញ​នោះ គឺ​មិនមែន​គ្រាន់តែ​សំដៅ​លើ​ការ​រងទុក្ខ​ខាង​សាច់ឈាម​តែ​ប៉ុណ្ណោះ​នោះ​ទេ។ ពួក​សាវ័ក និង​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​ជំនឿ​នៅ​ក្នុង​ជំនាន់​នានា ក៏​បាន​ប្រឈម​មុខ​នឹង​ការ​ឈឺចាប់​ខាង​ឯ​សាច់ឈាម​ផង​ដែរ ប៉ុន្តែ​ពួកគាត់​មិន​មាន​ភាព​ភ័យខ្លាច​ឡើយ។ នៅ​ត្រង់​ចំណុច​នេះ ព្រះ​យេស៊ូវ​កំពុងតែ​ប្រឈម​មុខ​នឹង​ការ​រងទុក្ខ ដែល​មិន​អាច​មាន​អ្វី​យក​មក​វាស់​ពី​ជម្រៅ​ដ៏​សែន​ជ្រៅ​នោះ​បាន​ឡើយ។ ព្រះ​អង្គ​កំពុង​តែ​ប្រឈម​មុខ​នឹង​សេចក្ដី​ក្រោធ​ដ៏​ខ្លាំង​របស់​ព្រះ​ជាម្ចាស់​ជំនួស​អំពើបាប​របស់​យើង។ ហើយ​ព្រះ​អង្គ​ក៏​កំពុងតែ​ប្រឈម​មុខ​នឹង​សេចក្ដី​ក្រោធ​នោះ​តែ​មួយ​អង្គ​ឯក​ដោយ​គ្មាន​ការ​សម្រាល​ទុក្ខ​ពី​ស្ថានសួគ៌​សោះ​ឡើយ។

ព្រះ​យេស៊ូវ​បាន​ជ្រាប​ហើយ​ថា ព្រះ​ជាម្ចាស់​អាច​នឹង​ផ្លាស់ប្ដូរ​កាលៈទេសៈ​ដ៏​វេទនា​មួយ​នេះ​បាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​អង្គ​ទូល​សូម។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​ព្រះ​ជាម្ចាស់​ដក​ចេញ​នូវ​ការ​រងទុក្ខ ពោល​គឺ​ការ​រងទុក្ខ​ដែល​ព្រះ​ជាម្ចាស់​បាន​ចាត់​ទ្រង់​ឲ្យ​មក​ទ្រទ្រង់ ការ​រងទុក្ខ​ដែល​ព្រះ​យេស៊ូវ​បាន​ស្ម័គ្រ​ព្រះ​ទ័យ​យាង​មក​ដោយ​អង្គ​ឯក​ដើម្បី​នឹង​ទទួល ហើយ​តាមរយៈ​ការ​រងទុក្ខ​នេះ រាស្ដ្រ​របស់​ទ្រង់​ទទួល​បាន​ការ​ធានា​ទាក់ទង​នឹង​សេចក្ដី​សង្គ្រោះ។ ព្រះ​ជាម្ចាស់​មិន​បាន​បង្ខំ​ព្រះ​យេស៊ូវ​ឆ្ពោះ​ទៅ​ឈើឆ្កាង​នោះ​ឡើយ ប៉ុន្តែ​ព្រះ​យេស៊ូវ​បាន​ស្ម័គ្រ​ព្រះ​ជន្ម​ទ្រង់​ផ្ទាល់ (យ៉ូហាន ១០:១៨)។

ប៉ុន្តែ ឥឡូវ​នេះ ព្រះ​យេស៊ូវ​កំពុងតែ​ទូល​សូម​ថា ប្រសិនបើ​មាន​ផ្លូវ​ណា​ផ្សេង​ទៀត—មិន​ថា​ផ្លូវ​ណា​ក៏​ដោយ—សូម​ឲ្យ​ព្រះ​ជាម្ចាស់​សម្រេច​គោលបំណង​នានា​របស់​ព្រះ​អង្គ​តាម​ផ្លូវ​នោះ​ចុះ។

មាន​ពេល​ជា​ច្រើន ដែល​យើងខ្ញុំ​សម្រួល​នូវ​សំណូមពរ​របស់​យើងខ្ញុំ។ តើ​យើងខ្ញុំ​គួរ​ទទូច​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​សម្រាល​នូវ​ការ​រងទុក្ខ​របស់​យើងខ្ញុំ​ដែរ​ឬ​ទេ ខណៈ​ពេល​ដែល​យើងខ្ញុំ​ដឹង​ថា ព្រះ​ជាម្ចាស់​អាច​ប្រើប្រាស់​ការ​នោះ​បាន​? តើ​វា​ត្រឹមត្រូវ​ដែរ​ឬ​ទេ​ក្នុង​ការ​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ព្យាបាល ឬ​ក៏​ថា ការ​ធ្វើ​បែប​នោះ​វា​ក្រែង​ព្រះ​ទ័យ​ព្រះ​អង្គ​ខ្លាំង​ពេក​ហើយ? ឬ​ក៏​តើ​មិន​គួរ​ឲ្យ​យើង​ខ្ញុំ​ទទូច​សូម​អ្វី​ទាល់តែ​សោះ ដោយ​គ្រាន់តែ​ទទួល​សូម​នូវ​អ្វី​ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​យើងខ្ញុំ​មែន​ឬ? ឥរិយាបថ​បែប​នោះ មើល​ទៅ​ហាក់​បី​ដូច​ជា​ត្រឹមត្រូវ​ណាស់។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​យើង​នៅ​តែ​ឃើញ​ថា ព្រះ​យេស៊ូវ​បាន​ទូល​សូម​ដល់​ព្រះ​វរបិតា​ឲ្យ​ដក​យក​ពែង​នោះ​ចេញ។

ប្រសិនបើ​ព្រះ​យេស៊ូវ​អាច​ទទូច​សូម ដូច្នេះ​យើងខ្ញុំ​ក៏​អាច​ធ្វើ​យ៉ាង​ដូច្នោះ​បាន​ផង​ដែរ។ វា​ជា​រឿង​ស័ក្តិសម​ទេ​ក្នុង​ការ​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ដក​ចេញ​នូវ​ការ​រងទុក្ខ និង​ផ្លាស់ប្ដូរ​កាលៈទេសៈ​របស់​យើងខ្ញុំ ហើយ​ឲ្យ​ការពារ​យើងខ្ញុំ​ចេញ​ពី​ភាព​ឈឺចាប់​លើស​ដើម​ជាង​មុន។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​ប្រទាន​នូវ​រាល់​អំណោយទាន​ល្អៗ​ដល់​យើងខ្ញុំ។ យើងខ្ញុំ​ផ្ទាល់​ធ្លាប់​បាន​ទូល​អង្វរ​ឲ្យ​ព្រះ​ជាម្ចាស់​ព្យាបាល​មិត្ត​ភក្តិ​របស់​យើងខ្ញុំ សង្គ្រោះ​សមាជិក​ក្រុម​គ្រួសារ​របស់​យើងខ្ញុំ ក៏​ដូច​ជា​ប្រទាន​ឲ្យ​មាន​ភាព​ច្បាស់​លាស់ ហើយ​ព្រះ​អង្គ​ក៏​បាន​ធ្លាប់​ឆ្លើយតប​មក​វិញ​ថា «បាន​តើ» ។ ប៉ុន្តែ យើងខ្ញុំ​ក៏​ធ្លាប់​បាន​ទទូច​អង្វរ​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ព្យាបាល​កូន​ប្រុស​របស់​យើងខ្ញុំ​ដែល​កំពុង​រៀប​នឹង​ស្លាប់ និង​ព្យាបាល​នូវ​ជំងឺ​រោគា​របស់​យើងខ្ញុំ​ដែល​វា​កាន់តែ​ឈឺ​ធ្ងន់ធ្ងរ​ទៅៗ ក៏​ដូច​ជា​សូម​ឲ្យ​ព្រះ​អង្គ​នាំ​ស្វាមី​របស់​យើងខ្ញុំ​ត្រឡប់​មក​វិញ តែ​ព្រះ​អង្គ​បាន​ឆ្លើយតប​មក​វិញ​ថា «ទេ»។ ហេតុ​ដូច្នេះ ទោះបើ​យើង​ខ្ញុំ​មិន​ដឹង​ពី​របៀប​ដែល​ព្រះ​អង្គ​នឹង​ឆ្លើយតប ក៏​ព្រះ​វរបិតា​របស់​យើងខ្ញុំ​នៅ​តែ​សព្វ​ព្រះ​ហឫទ័យ​ឲ្យ​យើងខ្ញុំ​នៅ​បន្ត​ទូល​អង្វរ​ឲ្យ​អស់​ពី​ចិត្ត​ដល់​ព្រះ​អង្គ​ដោយ​សូម​នូវ​អ្វីៗ​ដែល​យើង​ខ្ញុំ​ប៉ងប្រាថ្នា​ផង​ដែរ។

ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​សម្រេច​តាម​ព្រះ​ហឫទ័យ​ទ្រង់​វិញ

នៅ​ទីបំផុត ព្រះ​យេស៊ូវ​បាន​លះបង់​នូវ​ឆន្ទៈ​របស់​ព្រះ​អង្គ​ចោល​ដោយ​ចុះចូល​នឹង​ព្រះ​វរបិតា។ ពេល​ដែល​ព្រះ​វរបិតា​បាន​បដិសេធ​សេចក្ដី​ប្រាថ្នា​របស់​ព្រះ​យេស៊ូវ ព្រះ​អង្គ​បាន​ទទួល​យក​នូវ​ការ​សម្រេច​ព្រះ​ទ័យ​របស់​ព្រះ​វរបិតា​ទាំង​ស្រុង។ ព្រះ​អង្គ​បាន​ភ្លាំងភ្លាត់​ព្រះ​បាទ​របស់​ទ្រង់​ទៅ​កាន់​ទីកន្លែង​ដែល​គេ​សម្លាប់​ទ្រង់ ដោយ​ពុំ​មាន​ការ​រអ៊ូរទាំ និង​ការ​ត្អូញត្អែរ​អ្វី​សោះ​ឡើយ។

ចំពោះ​យើងខ្ញុំ​វិញ ការ​លះបង់​បែប​នោះ​មិន​កើត​ឡើង​ដោយ​ងាយៗ​នោះ​ទេ។ នៅពេល​ដែល​យើងខ្ញុំ​ដាក់​គំលាត​ឆ្ងាយ​ចេញពី​ព្រះ​ជាម្ចាស់ នោះ​យើងខ្ញុំ​អាច​នឹង​ដក​ខ្លួន​ដាច់​ចេញពី​ទ្រង់ ហើយ​មិន​ចាំបាច់​ត្រាប់តាម​ទ្រង់​ទេ។ ប៉ុន្តែ ប្រសិនបើ​យើងខ្ញុំ​ចូល​ទៅ​ជិត​ទ្រង់ ហើយ​ពិត​ជា​ទទួល​ជឿ​ថា ព្រះ​អង្គ​អាច​ផ្លាស់ប្ដូរ​កាលៈទេសៈ​របស់​យើងខ្ញុំ​បាន នៅ​ពេល​យើងខ្ញុំ​ចាប់ផ្ដើម​ព្យាយាម​ក្ដាប់​យក​នូវ​លទ្ធផល​ដែល​យើង​ចង់​ទទួល​បាន​ជា​មិន​ខាន។ ទោះបើ​យើងខ្ញុំ​បញ្ចេញ​ពាក្យពេចន៍​ថា «សូម​ឲ្យ​សម្រេច​តាម​ព្រះ​ហឫទ័យ​ទ្រង់​ចុះ» ក៏​ដោយ ក៏​យើងខ្ញុំ​នៅ​តែ​ព្យាយាម​ក្ដាប់​យក​នូវ​អ្វី​ដែល​យើងខ្ញុំ​មាន​ឆន្ទៈ​ចង់​បាន​ដដែល។

ជា​រឿយៗ ព្រះ​ជាម្ចាស់​ត្រូវតែ​លាត​ម្រាមដៃ​របស់​យើងខ្ញុំ​ចេញពី​ការ​ព្យាយាម​ក្ដាប់​យក​នូវ​លទ្ធផល​នៃ​សេចក្ដី​ប៉ងប្រាថ្នា​របស់​យើងខ្ញុំ។ ទោះបើ​យើង​ខ្ញុំ​មាន​អារម្មណ៍​តូចចិត្ត​យ៉ាង​ក្រៃលែង​ទាក់ទង​នឹង​ចម្លើយ​ថា «ទេ» ពី​ព្រះ​អង្គ​ក៏​ដោយ ក៏​ខណៈពេល​ដែល​យើងខ្ញុំ​ចុះចូល​នឹង​ព្រះ​ហឫទ័យ​របស់​ទ្រង់—ជា​ទូទៅ ការ​នេះ​បាន​កើតឡើង​ដោយ​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង និង​ការ​ស្រក់​ទឹក​ភ្នែក​ជា​ច្រើន​ទៀត​ផង—ព្រះ​អង្គ​នៅ​តែ​ធានា​មក​កាន់​យើងខ្ញុំ​ថា ទ្រង់​កំពុង​តែ​ធ្វើ​ការ​នោះ​សម្រាប់​ជា​ប្រយោជន៍​យ៉ាង​ល្អ​ដល់​យើងខ្ញុំ​ដែរ។ យើងខ្ញុំ​អាច​ឃើញ​តែ​ផ្នែក​ខ្លះៗ​នៃ​រូបភាព​ធំ​តែ​ប៉ុណ្ណោះ។ ព្រះ​អង្គ​នៅ​តែ​បន្ត​មាន​គោល​បំណង​ក្នុង​ការ​ដែល​ទ្រង់​បដិសេធ​នូវ​សេចក្ដី​ប៉ងប្រាថ្នា​របស់​យើង​ដដែល។

នៅពេល​ដែល​ព្រះ​វរបិតា​បាន​ឆ្លើយតប​ថា «ទេ» ទៅ​ចំពោះ​ព្រះ​រាជបុត្រា។ ចម្លើយ «ទេ» នោះ​បាន​បណ្ដាល​ឲ្យ​មាន​ប្រយោជន៍​យ៉ាង​ល្អ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នានា។

ព្រះ​ជា​ម្ចាស់​មិន​ចេះ​សាវ៉ា​ទេ។ ប្រសិនបើ​ព្រះ​អង្គ​ឆ្លើយ​ថា «ទេ» មក​កាន់​សំណូមពរ​របស់​យើង ប្រាកដ​ណាស់​ទ្រង់​មាន​មូលហេតុ ប្រហែល​ជា​១០,០០០​ហេតុ​ផល​ក៏​មិន​ដឹង​ផង។ ទោះបើ​យើង​មិន​អាច​ដឹង​អំពី​មូលហេតុ​ទាំង​អស់​នោះ​នៅ​ក្នុង​ជីវិត​នេះ​ក៏​ដោយ ប៉ុន្តែ​ថ្ងៃ​មួយ យើង​នឹង​ដឹង​អំពី​មូល​ហេតុ​ទាំង​អស់​នោះ​ជា​មិន​ខាន។ សម្រាប់​នា​ពេល​ឥឡូវ​នេះ ដាច់​ខាត យើង​ត្រូវតែ​បន្ត​ទុក​ចិត្ត​ថា ការ​ដែល​ទ្រង់​បដិសេធ​សំណូមពរ​របស់​យើង នោះ​គឺ​ជា​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់​ចំពោះ​យើង​ទេ​តើ។

ចូរ​រត់​ទៅ​ឯ​ព្រះ​វរបិតា​របស់​លោកអ្នក

ហើយ​នៅពេល​នេះ ខណៈពេល​ដែល​យើង​កំពុង​រង់ចាំ ដោយ​បន្ត​នៅ​មាន​ការ​តយុទ្ធ​ក្នុង​ការ​ព្យាយាម​ស្វែង​យល់​ពី​មូលហេតុ​ចេញពី​ព្យុះ​សង្ឃរាជ​នានា​ដែល​កើតឡើង​នៅ​ក្នុង​ជីវិត​របស់​យើង ចូរ​ឲ្យ​យើង​អធិស្ឋាន​ដូច​ដែល​ព្រះ​សង្គ្រោះ​របស់​យើង​បាន​អធិស្ឋាន​ចុះ។ ចូរ​យើង​ចូល​ប្រកៀក​ជិត​នឹង​ព្រះ​ជាម្ចាស់ ដោយ​ទទួល​ជឿ​ថា ព្រះ​អង្គ​អាច​នឹង​ផ្លាស់ប្ដូរ​នូវ​កាលៈទេសៈ​របស់​យើង​បាន ហើយ​ចូរ​ទូល​សូម​ទ្រង់​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដែល​មាន​ពេញ​ដោយ​ចិត្ត​ក្លាហាន ក៏​ដូច​ជា​ចុះចូល​នូវ​ឆន្ទៈ​របស់​យើង​ក្រោម​ឆន្ទៈ​របស់​ទ្រង់​ផង​ដែរ។

ផែនការ​របស់​ព្រះ​វរបិតា​របស់​យើង​គឺ​ល្អ​ឥត​ខ្ចោះ​គ្រប់​ពេលវេលា។ ផែនការ​ទាំង​អស់​នោះ​គឺ​ជា​ប្រយោជន៍​របស់​យើង​នឹង​ក៏​ជា​សិរីល្អ​របស់​ទ្រង់​ផង​ដែរ។

និពន្ធ​ដោយ៖ លោកគ្រូ Vaneetha Rendall Risner
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា យ៉ុន សាឯម
អ្នក​វាយ​ឯកសារ​ចុះ៖ ទេព រ៉ូ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegospelcoalition.org ដោយ​មាន​ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បង្កើត​រាល់គ្រប់​អ្វីៗ

ចំអន់​ចិត្ត​ព្រះ​ជាម្ចាស់