in ,

តើ​អ្នក​ចង់​ក្លាយ​ជា​អ្នកមាន?

ប្រាកដណាស់ថា យើងគ្រប់គ្នាសុទ្ធតែធ្លាប់ស្រមើស្រមៃចង់ក្លាយជាអ្នកមានដ៏មហាសាល មែនទេ? យើងប្រហែលជាធ្លាប់ឮគេនិយាយពី អ្នកគក់ជេដី ខ្លះហើយ ពួកគេតែងតែដើររកទិញលក់ដីនៅតំបន់ដែលជាតំបន់អភិវឌ្ឍនៅថ្ងៃអនាគត ពេលដែលពួកគេទិញដីនៅកន្លែងណាមួយដើម្បីទុកលក់វិញ គឺថាពួកគេច្រើនចំណេញរាប់លានដុល្លា។ យើងក៏ប្រហែលធ្លាប់បានឮពីអ្នកលេងឆ្នោតដែលចាក់ត្រូវបានរាប់ពាន់ដុល្លា។ ហើយយើងប្រហែលជាធ្លាប់ឮពីអ្នកវិនិយោគទុនជាមួយក្រុមហ៊ុនដែលពួកគេដាក់ទុនទៅត្រូវម៉ាច់ហើយចំពេលយ៉ាងល្អទៀតផង។ ប្រាកដណាស់! យើងទាំងអស់គ្នាធ្លាប់បានឮអំពីរឿងទាំងអស់នេះ ហើយក៏បានគិតដែលថា «ខ្ញុំប្រាថ្នាថា ថ្ងៃណាមួយខ្ញុំនឹងក្លាយជាអ្នកមាន។ ហើយខ្ញុំក៏ដឹងដែរថា ខ្ញុំគួរចាត់ចែងយ៉ាងណាចំពោះលុយទាំងអស់នោះពេលខ្ញុំក្លាយជាអ្នកមាន»

ប្រសិនបើលោកអ្នកធ្លាប់មានក្ដីស្រមៃដូចនេះមែន នោះលោកអ្នកប្រាកដជាធ្លាប់ពិចារណាពីគ្រីស្ទបរិស័ទដ៏មានចិត្តសប្បុរសម្នាក់ហើយថា គាត់នឹងចាត់ចែងលុយរាប់ពាន់ដុល្លារបស់គាត់យ៉ាងណាផងដែរ។ យើងនឹងពិចារណាឃើញថា គាត់អាចជួយផ្គត់ផ្គង់ការងារផ្សេងៗជាច្រើនដូចជា អាចជួយសាងសង់អាគារសម្រាប់ក្រុមជំនុំជាច្រើន ក៏ដូចជាអាចជួយផ្គត់ផ្គង់បេសកជនជាច្រើនផងដែរ។ ប្រសិនបើយើងចំណាយពេលគិតត្រួសៗពីការនេះ នោះយើងនឹងឃើញភ្លាមថា យើងអាចរៀបចំគម្រោងយ៉ាងជាក់លាក់ក្នុងការចំណាយលុយមួយកាក់មួយសេនរបស់គាត់ ដើម្បីជាប្រយោជន៍នគរព្រះជាមិនខាន។ អើ លោកអ្នកប្រាកដជាធ្វើអញ្ចឹង មែនទេ?

បើនិយាយឲ្យចំទៅ លោកអ្នកប្រហែលជាមិនអាចក្លាយជាអ្នកមាននោះឡើយ។ លោកអ្នកនឹងគ្មានលុយរាប់លានដុល្លា ដើម្បីទុកជួយផ្គត់ផ្គង់បេសកកម្មណាមួយនោះឡើយ។ ហើយលោកអ្នកក៏ប្រហែលនឹងគ្មានលុយរាប់ម៉ឺនដុល្លា ទុកឲ្យអ្នកដទៃមុនដែលលោកអ្នកស្លាប់នោះដែរ។ ប៉ុន្តែបើនិយាយឲ្យចំទៅ លោកអ្នកមិនចាំបាច់ត្រូវមានលុយរាប់លានរាប់ម៉ឺនដុល្លា ដើម្បីឲ្យដឹងថា លោកអ្នកនឹងត្រូវចាត់ចែងទ្រព្យដ៏មហាសាលនោះដោយរបៀបណានោះទេ។ លោកអ្នកគ្រាន់តែមើលពីរបៀបចាត់ចែងលុយឥឡូវនេះក្នុងជីវិតលោកអ្នក នោះលោកអ្នកនឹងដឹងភ្លាមថា នៅថ្ងៃអនាគតលោកអ្នកនឹងត្រូវចាត់ចែងដោយរបៀបណាហើយ។ ប្រសិនបើលោកអ្នកគ្មានចិត្តសប្បុរសនឹងលុយកាក់បន្តិចបន្តួចពេលឥឡូវនេះទេ តើអ្វីទៅនឹងបញ្ជាក់ថា លោកអ្នកមានចិត្តសប្បុរសនៅពេលដែលលោកអ្នកមានលុយកាក់ច្រើននៅអនាគត? ចិត្តសប្បុរសមិនមានអ្វីទាក់ទងនឹងចំនួនលុយកាក់ដែលលោកអ្នកមាននោះទេ ប៉ុន្តែវាទាក់ទងនឹងរបៀបដែលលោកអ្នកចាត់ចែងយ៉ាងដូចម្ដេចជាមួយលុយកាក់បន្តិចបន្តួចដែលលោកអ្នកមាននោះ។ វាមិនពាក់ព័ន្ធនឹងអ្វីដែលយើងនឹងផ្គត់ផ្គង់បន្ថែមទៀតនៅថ្ងៃអនាគតនោះទេ ប៉ុន្តែវាទាក់ទងនឹងអ្វីដែលយើងកំពុងចាត់ចែងនៅសព្វថ្ងៃនេះវិញ។

ឥឡូវនេះ តើលោកអ្នកកំពុងចាត់ចែងទ្រព្យសម្បត្តិដែលព្រះជាម្ចាស់បានប្រទានឲ្យលោកអ្នកយ៉ាងដូចម្ដេចដែរ? តើលោកអ្នកកំពុងតែយកចិត្តទុកដាក់នឹងទ្រព្យដែលព្រះជាម្ចាស់បានប្រទានឲ្យដែរឬទេ? តើលោកអ្នកមានគំនិតច្នៃប្រឌិតនឹងការប្រើប្រាស់ទ្រព្យនោះដោយរបៀបម៉េចដែរ? តើលោកអ្នកមានចិត្តសប្បុរសដែរឬទេ? តើលោកអ្នកផ្ដល់ឲ្យអ្នកដទៃរហូតដល់អត់ខ្លួនឯង ដើម្បីឲ្យអ្នកដទៃមានច្រើនជាងខ្លួនដែរឬអត់? បើលោកអ្នកមិនហ៊ានឲ្យលុយកាក់បន្តិចបន្តួចដែលយើងមាននៅសព្វថ្ងៃនេះ នោះនៅថ្ងៃអនាគតលោកអ្នកក៏នឹងមិនហ៊ានឲ្យពេលលោកអ្នកមានលុយច្រើនដែរ។

រឿងប្រៀបប្រដូចក្នុងកណ្ឌគម្ពីរ [popup url=”https://www.bible.com/bible/1270/mat.25.14-30″ height=”600″ width=”600″ scrollbars=”yes” alt=”popup”]ម៉ាថាយ ២៥:១៤-៣០[/popup] ដែលស្ដីពីប្រាក់កាក់ ពិតជាបានទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំយ៉ាងខ្លាំងមែនទែន ពីព្រោះចៅហ្វាយមានការរំពឹងទុកទៅលើបាវបម្រើទាំងបីដូចៗគ្នា មិនថាអ្នកមួយទទួលបានប្រាក់ប្រាំពាន់ ពីរពាន់ ឬមួយពាន់នោះឡើយ។ រង្វាស់នៃបាវបម្រើដ៏ស្មោះត្រង់ទាក់ទងនឹងចំនួននៃទឹកប្រាក់ដែលចៅហ្វាយបានប្រគល់ទុកឲ្យពួកគេម្នាក់ៗ។ អ្នកដែលទទួលបានប្រាំពាន់ គាត់ចំណេញបានប្រាំពាន់ ហើយអ្នកដែលទទួលបានពីរពាន់ គាត់ចំណេញបានពីរពាន់។ បើមើលទៅបាវបម្រើមិនបានប្រៀបធៀប ឬប្រកួតប្រជែងនឹងគ្នានោះទេ ដ្បិតបាវបម្រើនីមួយៗមានភាពស្មោះត្រង់ដូចៗគ្នា ទោះបើចៅហ្វាយមិនបានប្រគល់លុយទុកឲ្យស្នើៗគ្នាក៏ដោយ។ បើនិយាយឲ្យខ្លីទៅ ព្រះជាម្ចាស់ប្រហែលនឹងមិនត្រាស់ឲ្យលោកអ្នកទៅធ្វើជាបាវបម្រើដែលទទួលបានលុយប្រាំពាន់នោះឡើយ។ ប៉ុន្តែ មិនថាព្រះជាម្ចាស់ប្រគល់ទុកឲ្យលោកអ្នកពីរពាន់ ឬមួយពាន់នោះទេ គឺថាទ្រង់នៅតែមានការរំពឹងទុកដូចៗគ្នាដដែល។ ព្រះជាម្ចាស់រំពឹងឲ្យយើងចាត់ចែងលុយកាក់នោះដោយអំណរ ហើយមានពេញដោយចិត្តសប្បុរស ដើម្បីសម្រេចព័ន្ធកិច្ចរបស់ទ្រង់នៅលើពិភពលោកនេះ។

ព្រះជាម្ចាស់បានប្រទានឲ្យលោកអ្នកមានលុយកាក់គ្រប់គ្រាន់ហើយ គឺគ្រប់គ្រាន់ដើម្បីឲ្យលោកអ្នកធ្វើនូវរាល់អ្វីៗដែលទ្រង់សព្វព្រះហឫទ័យឲ្យធ្វើ ហើយគ្រប់គ្រាន់ដើម្បីឲ្យលោកអ្នកបង្ហាញថា តើលោកអ្នកស្រឡាញ់ទ្រង់ ជាជាងស្រឡាញ់លុយដែរឬអត់។ ព្រះជាម្ចាស់បានប្រទានឲ្យលោកអ្នកមានលុយកាក់គ្រប់គ្រាន់ ដើម្បីជួយធ្វើឲ្យជីវិតអ្នកដទៃ ក៏ដូចជាព័ន្ធកិច្ចផ្សេងៗបានល្អប្រសើរជាងមុន។ លោកអ្នកមានលុយកាក់គ្រប់គ្រាន់ ដើម្បីធ្វើជាមនុស្សសប្បុរស ឬមនុស្សម៉ៅស្វិតរួចទៅហើយ មិនថាលោកអ្នកមានរាប់ពាន់ដុល្លា ឬក៏មិនមាននោះទេ។ ចូរចំណាយពេលវេលារបស់លោកអ្នក ដោយធ្វើការនឿយហត់ដោយដៃរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ជីវិតរបស់ខ្លួន ក៏ដូចជាផ្ដល់ឲ្យអ្នកដទៃដោយចិត្តសប្បុរស និងពេញដោយអំណរ ជាជាងចំណាយពេលវេលារបស់ខ្លួនដោយគិតថា នឹងត្រូវធ្វើអ្វីបន្ថែមទៀតប្រសិនបើលោកអ្នកមានលុយកាន់តែច្រើន ([biblegateway passage=”អេភេសូ 4:28″ display=”អេភេសូរ ៤:២៨”]; [biblegateway passage=”១ ថែស្សាឡូនីច 4:11″ display=”១ថែស្សាឡូនីច ៤:១១”])។ ខ្ញុំសង្ឃឹមថា លោកអ្នកនឹងមានការស្ងប់ចិត្តនៅថ្ងៃដែលព្រះជាម្ចាស់ឆែកបញ្ជីចំណាយលុយកាក់របស់លោកអ្នក ដោយទទួលស្គាល់ថា វាជាការល្អដែលទ្រង់មិនបានប្រគល់លើសពីសមត្ថភាពដែលលោកអ្នកអាចគ្រប់គ្រងបាន។ ហើយខ្ញុំក៏សង្ឃឹមដែលថា លោកអ្នកនឹងឯកភាពជាមួយនឹងប្រាជ្ញារបស់ទ្រង់ក្នុងការដែលទ្រង់ប្រគល់តែពីរពាន់ ឬមួយពាន់ដល់លោកអ្នកផងដែរ។

បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់
ដកស្រង់ខ្លះៗចេញពី www.challies.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​អ្វីទៅ​ហៅ​ថា​ជំនឿ?

ចូរ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ណា​កូន​ណា!