in

ស្រឡាញ់ស្រឡាញ់ យំយំ អស្ចារ្យអស្ចារ្យ

តើ​ព្រះ​ជាម្ចាស់​សព្វ​ព្រះហឫទ័យ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​អ្នកមាន?

Is It God’s Will for All Christians to Be Wealthy?

មាន​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​នៅ​លើ​ពិភព​លោក​នេះ​ជឿ​ថា ការ​មាន​ទ្រព្យ​សម្បត្តិ សម្ភារ:និយម​គឺ​ជា​សិទ្ធិ​របស់​ពួក​គេ ហើយ​ពួក​គេ​ជឿ​ថា ព្រះ​ជាម្ចាស់​រំពឹង​ចង់​ឲ្យ​ពួក​គេ​ទូល​សុំ​ពី​ទ្រង់ ហើយ​ទ្រង់​នឹង​បំពេញ​ក្ដី​សន្យា​របស់​ទ្រង់​ចំពោះ​ពួក​គេ។ ប្រាកដ​ណាស់! ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​សញ្ញា​ថ្មី​បាន​បង្រៀន​ថា ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ពរ​ដល់​អស់​អ្នក​ដែល​មាន​ភាព​ស្មោះ​ត្រង់។

ប៉ុន្តែ តើ​ព្រះ​ពរ​នោះ​​ត្រូវ​តែ​ពាក់ព័ន្ធ​ជា​មួយ​ទ្រព្យ​សម្បត្តិ​សម្ភារៈនិយម​ឬ? តើ​គ្រីស្ទ​បរិស័ទ​គ្រប់​រូប​ត្រូវ​តែ​រំពឹង​ថា​ខ្លួន​នឹង​ក្លាយ​ជា​អ្នក​មាន​ឬ? តាម​រយៈ​ការ​មើល​ខ​ព្រះ​គម្ពីរ​ផ្សេងៗ​ទៀត នោះ​យើង​នឹង​ឃើញ​ថា ខ​ព្រះ​គម្ពីរ​ទាំង​នោះ​លុប​បំបាត់​សេចក្ដី​រំពឹង​បែប​នោះ​ចោល។

ជា​ដំបូង យើង​ឃើញ​ថា​សាវ័ក ប៉ុល តែងតែ​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ការ​រងទុក្ខ​របស់​គាត់​មិន​បាន​ដក​ភាព​ពេញ​លេញ​នៃ​ជីវិត​របស់​គាត់​ចេញ​ឡើយ។ នៅ​ក្នុង​សំបុត្រ​របស់​គាត់ គាត់​តែង​តែ​លើក​ឡើង​ថា ការ​រងទុក្ខ​របស់​គាត់ គឺ​ជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​ថា គាត់​បាន​ទទួល​ព្រះ​ពរ និង​ការ​ត្រាស់​ហៅ​ពី​ព្រះ​ជាម្ចាស់ (២កូរិនថូស ៤:៨-១៨; ៦:៣-១០; ១១:១៣-៣៣; ១២:១-១០; កាឡាទី ៦:១៧)។ មាន​កាល​មួយ​គាត់​បាន​រាប់​ខ្លួន​ឯង​ថា «…ដូច​ជា​ទ័ល​ក្រ តែ​កំពុង​តែ​ចម្រើន​ដល់​មនុស្ស​ជា​ច្រើន ដូច​ជា​គ្មាន​អ្វី​សោះ តែ​មាន​គ្រប់​ទាំង​អស់​វិញ» (២កូរិនថូស ៦:១០)។ សាវ័ក ប៉ុល បាន​និពន្ធ​កណ្ឌ​គម្ពីរ អេភេសូរ ខណៈ​ពេល​ដែល​គាត់​នៅ​ជាប់​ក្នុង​មន្ទីរ​ឃុំ​ឃាំង ហើយ​គាត់​បាន​លើក​ឡើង​អំពី​ការ​មាន​ទ្រព្យ​សម្បត្តិ​ចំនួន​ប្រាំ​ដង ដោយ​ផ្ដោត​ទៅ​លើ​ដំណឹង​ល្អ និង​អ្វីៗ​ដែល​ដំណឹង​ល្អ​មាន។ គាត់​ជា​អ្នក​ទោស​ដ៏​ក្រីក្រ​ម្នាក់ ដែល​គេ​បាន​ដក​សិទ្ធិ​ដ៏​សាមញ្ញៗ​ចេញ​ពី​គាត់​អស់ ប៉ុន្តែ​គាត់​នៅ​តែ​រាប់​ខ្លួន​ឯង​ថា ជា​អ្នក​មាន។

នៅ​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ដែល​សាវ័ក ប៉ុល បាន​និពន្ធ​ខណៈ​ពេល​ដែល​គាត់​នៅ​ជាប់​ក្នុង​មន្ទីរ​ឃុំ​ឃាំង គឺ​គាត់​បាន​លើក​ឡើង​អំពី​តម្រូវការ​ខាង​ថវិកា​ថា៖

«ខ្ញុំ​និយាយ​ដូច្នេះ មិន​មែន​ដោយ​ខ្ញុំ​ខ្វះ​ខាត​ទេ ដ្បិត​ខ្ញុំ​បាន​រៀន​ឲ្យ​មាន​សេចក្ដី​សន្ដោស​ក្នុង​សណ្ឋាន​គ្រប់​យ៉ាង ខ្ញុំ​ធ្លាប់​ទ្រាំ​ឲ្យ​មាន​សេចក្ដី​ចង្អៀត​ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្ដី​រីក​រាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន ទាំង​ខ្វះ ក្នុង​សារពើ​ទាំង​អស់​ហើយ។» (ភីលីព ៤:១១-១២)

សាវ័ក ប៉ុល បាន​ថ្លែង​បញ្ឆិតបញ្ឆៀង​ថា ការ​មាន​ទ្រព្យ​សម្បត្តិ​មិន​មែន​ជា​សញ្ញា​បញ្ជាក់​អំពី​ព្រះ​ពរ​ដែល​មក​ពី​ព្រះ​ជាម្ចាស់​ទេ ប៉ុន្តែ​ជា​ការ​មាន​សេចក្ដី​សន្តោស​វិញ។ តាម​ពិត នៅ​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ពាក្យ «អំណរ មាន​សេចក្ដី​អំណរ ការ​បាន​សេចក្ដី​អំណរ និង​អរសប្បាយ» មាន​ចំនួន​១៦​ដង។ គាត់​បាន​លើក​ឡើង​ថា យើង​ត្រូវ​តែ «អរ​សប្បាយ​ក្នុង​ព្រះ​អម្ចាស់​ជា​និច្ច» (ភីលីព ៤:៤)។ កណ្ឌ​គម្ពីរ​នេះ ក៏​ជា​កណ្ឌ​គម្ពីរ​ដែល​បាន​រៀបរាប់​អំពី «សេចក្ដី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត» (ភីលីព ៤:៧)។ ដូច្នេះ ទ្រព្យ​សម្បត្តិ​ដ៏​ពិត​របស់​គ្រីស្ទ​បរិស័ទ​គឺ៖ សេចក្ដី​សន្ដោស សេចក្ដី​សុខ​សាន្ត និង​អំណរ​អរ។

ទី​ពីរ ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ចំណាយ​ពេល​សិក្សា​គ្រប់​ខ​ព្រះ​គម្ពីរ​ទាំង​អស់​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ស្ដី​អំពី​ការ​ត្រាប់​តាម​គំរូ​ព្រះ​យេស៊ូវ។ នៅ​ក្នុង​អត្ថបទ​ចំនួន​២៩​ដែល​ខ្ញុំ​បាន​មើល មាន​អត្ថ​បទ​ចំនួន៤​ដែល​ខ្ញុំ​បាន​មើល​​ដោយ​យក​ចិត្ត​ទុក​ដាក់ ស្ដី​អំពី​ការ​ត្រាស់​ហៅ​អ្នក​អាន​ឲ្យ​ដើរ​តាម​ព្រះ​គ្រីស្ទ។ នៅ​ក្នុង​ចំណោម​អត្ថបទ​ទាំង​៤​នោះ មាន​២​អត្ថ​បទ​ដែល​បាន​រៀបរាប់​អំពី​ការ​ដែល​យើង​ត្រូវ​អត់​ទោស​ឲ្យ​អ្នក​ដទៃ ដូច​ដែល​ព្រះ​យេស៊ូវ​បាន​អត់​ទោស​ឲ្យ​យើង (អេភេសូរ ៤:៣២; កូឡុស ៣:១៣) ហើយ​២​អត្ថបទ​ទៀត​និយាយ​អំពី​ការ​ដែល​យើង​ត្រូវ​មាន​សេចក្ដី​សុភាព និង​សេចក្ដី​សំឡូត (២កូរិនថូស ១០:១; ១១:១៧)។ ចំណែក​ឯ​២១​អត្ថបទ​ទៀត គឺ​បាន​រៀបរាប់​អំពី​គំរូ​នៃ​ការ​បម្រើ និង​ការ​រងទុក្ខ​របស់​ព្រះ​គ្រីស្ទ។ ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​សាវ័ក ប៉ុល លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ជំនុំ​មាន​សន្ដានចិត្ត​ល្អ គាត់​បាន​លើក​យក​គំរូ​របស់​ព្រះ​យេស៊ូវ​មក​និយាយ​ថា «ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ​គុណ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយ​សារ​សេចក្ដី​កម្រ​របស់​ទ្រង់» (២កូរិនថូស ៨:៩)។ ព្រះ​យេស៊ូវ​ផ្ទាល់​បាន​លើក​ឡើង​ថា «…ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ» (លូកា ១២:១៥)។ នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​បុរស​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន និង​បុរស​ដែល​ជា​អ្នក​សុំទាន​ម្នាក់​ឈ្មោះ​ឡាសារ​ដែល​កើត​ដំបៅ​ពេញ​ខ្លួន យើង​ឃើញ​ថា អ្នក​សុំទាន​បាន​ទៅ​ស្ថាន​សួគ៌ តែ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បាន​រងទុក្ខ​វេទនា​នៅ​ក្នុង​ស្ថាន​នរក (លូកា ១៦:១៩-៣១)។ យើង​អាច​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ដោយ​មាន​ទំនុក​ចិត្ត​ថា ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មិន​បាន​រាប់​ថា ទ្រព្យ​សម្បត្តិ​និយម គឺ​ជា​មូល​ដ្ឋាន​មួយ​នៃ​ការ​ដើរ​តាម​ព្រះ​គ្រីស្ទ​ទេ។

ការ​មាន​ទ្រព្យ​សម្បត្តិ បង្ហាញ​ថា ​មាន​​គ្រោះថ្នាក់​ជា​ជាង​​មាន​​ព្រះ​ពរ

ទី​បី ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ហាក់​បី​ដូច​ជា​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា ការ​មាន​ទ្រព្យ​សម្បត្តិ បង្ហាញ​ថា​ មានគ្រោះថ្នាក់​ជា​ជាង​មាន​​ព្រះ​ពរ។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ផ្ដោត​លើ​គ្រោះថ្នាក់​ច្រើន​ជាង​ការ​ចង់​បាន​ទ្រព្យ​សម្បត្តិ។ ព្រះ​យេស៊ូវ​បាន​ដាក់​រង្វាស់​លើ​ការ​ផ្ដោត​នោះ​ដោយ​លើក​ឡើង​ថា «ព្រះ​យេស៊ូវ​ក៏​ឃើញ​ថា គាត់​កើត​មាន​ចិត្ត​ព្រួយ​បាន​ជា​ទ្រង់​មាន​បន្ទូល​ថា មនុស្ស​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ពិបាក​ណាស់ ដ្បិត​ដែល​សត្វ​អូដ្ឋ​នឹង​ចូល​ទៅ​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជា​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​ព្រះ​ទៅ​ទៀត» (លូកា ១៨:២៤-២៥)។ អ្នក​និពន្ធ​ដំណឹង​ល្អ​បី​នាក់​​បាន​លើក​យក​ព្រះ​បន្ទូល​នេះ​មក​និយាយ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ តើ​យើង​ឮ​គ្រូ​អធិប្បាយ​ប៉ុន្មាន​នាក់ ដែល​លើក​យក​ព្រះ​បន្ទូល​នេះ​មក​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត? ព្រះ​យេស៊ូវ​បាន​បញ្ជាក់​ពី​សេចក្ដី​បង្រៀន​របស់​ទ្រង់​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​មាន​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​របស់​ទ្រង់ ស្ដី​ពី​កសិករ​អ្នក​មាន​ម្នាក់ ដែល​បាន​ប្រមូល​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទុក​សម្រាប់​​ខ្លួន​ពេល​ចូល​និវត្តន៍ ដើម្បី​ឲ្យ​មាន​ភាព​ស្រណុក​សុខ​ស្រួល។ នៅ​ពេល​ដែល​គាត់​ស្លាប់​ទៅ គេ​បាន​ហៅ​គាត់​ថា «មនុស្ស​ល្ងីល្ងើ»។ ព្រះ​យេស៊ូវ​បាន​ពន្យល់​ដោយ​លើក​ឡើង​ថា «អ្នក​ណា​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​បម្រុង​តែ​ខ្លួន​ឯង តែ​ឥត​មាន​ខាង​ឯ​ព្រះ​សោះ នោះ​ក៏​ដូច្នោះ​ដែរ» (លូកា ១២:១៦-២១)។ នៅ​ក្នុង​ការ​ដែល​ព្រះ​យេស៊ូវ​ផ្សាយ​ដំណឹង​ល្អ​ដល់​អស់​អ្នក​ដែល​ចង់​ក្លាយ​ជា​សិស្ស​របស់​ទ្រង់ ទ្រង់​បាន​ប្រាប់​ពួក​គេ​ឲ្យ​លះ​អាល័យ​ខ្លួន​ឯង លី​ឈើ​ឆ្កាង និង​ដើរ​តាម​ទ្រង់ ទ្រង់​បាន​ព្រមាន​ពួក​គេ​ថា «ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ៍​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ» (ម៉ាកុស ៨:៣៦)។ ប្រសិន​បើ​យើង​ព្រងើយ​កន្តើយ​ចំពោះ​ចំណុច​នេះ ដែល​ជា​ការ​ត្រាស់​ហៅ​របស់​ព្រះ​គ្រីស្ទ​ដល់​យើង​ក្នុង​ការ​ប្រកាស​ដំណឹងល្អ នោះ​មាន​ន័យ​ថា យើង​បាន​ធ្វើ​ខុស​នឹង​ដំណឹងល្អ​ហើយ ពោល​គឺ​ខុស​ដូច​ពួក​សេរីនិយម​នៅ​ជំនាន់​មុនៗ​ដែរ។

កណ្ឌ​គម្ពីរ ១ធីម៉ូថេ ជំពូក​៦ ក៏​បាន​ព្រមាន​យើង​អំពី​គ្រោះថ្នាក់​នៃ​ការ​មាន​ទ្រព្យ​សម្បត្តិ​ដែរ។ សាវ័ក ប៉ុល បាន​បង្រៀន​ថា យើង​មាន​សិទ្ធិ​ក្នុង​ការ​ចង់​បាន​អ្វីៗ​ដែល​យើង​ត្រូវការ​ដូច​ជា​ម្ហូប និង​ខោអាវ៖ «តែ​បើ​មាន​អាហារ​ទទួល​ទាន និង​សំលៀក​បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ» (១ធីម៉ូថេ ៦:៨)។ លើស​ពី​តម្រូវការ​នោះ ការ​មាន​ទ្រព្យ​សម្បត្តិ​មិន​មែន​ជា​រឿង​អស្ចារ្យ​ឡើយ។ សាវ័ក ប៉ុល បាន​សរសេរ​ថា «តែ​ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់​ស្កល់​ផង នោះ​ជា​កម្រៃ​មួយ​យ៉ាង​ធំ​មែន ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ៍​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ» (១ធីម៉ូថេ ៦:៦-៧)។ ការ​ធ្វើ​ជា​អ្នក​មាន គឺ​មិន​មែន​ជា​តម្រូវការ​របស់​យើង​នោះ​ទេ តែ​ការ​ធ្វើ​ជា​អ្នក​កោត​ខ្លាច​ព្រះ​ជាម្ចាស់ និង​ការ​មាន​ចិត្ត​សន្ដោស គឺ​ជា​តម្រូវការ​របស់​យើង។ នៅ​ក្នុង​កណ្ឌ​គម្ពីរ ២កូរិនថូស ១២:១០ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា គាត់​មាន​ចិត្ត​សន្តោស​ទោះ​ជា​នៅ​ពេល​ដែល​គាត់​ជួប​ការ​រងទុក្ខ​លំបាក​ក៏​ដោយ៖ «ហេតុ​នោះ​បាន​ជា​ខ្ញុំ​អរ​សប្បាយ ក្នុង​កាល​ដែល​មាន​សេចក្ដី​កម្សោយ ក្នុង​កាល​ដែល​គេ​ត្មះ​តិះ​ដៀល ក្នុង​សេចក្ដី​លំបាក កាល​គេ​ធ្វើ​ទុក្ខ​បៀតបៀន​ហើយ​ក្នុង​សេចក្ដី​ដែល​ខ្ញុំ​ត្រូវ​ចង្អៀត​ចង្អល់ ដោយ​យល់​ដល់​ព្រះ​គ្រីស្ទ ដ្បិត​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កម្លាំង​យ៉ាង​ចំណាន​វិញ»។ ផ្នត់​គំនិត​នៃ​ការ​គិត​ថា យើង​មាន​កម្លាំង​នៅ​ពេល​ដែល​យើង​ខ្សោយ គឺ​ជា​គោល​ជំនឿ​មួយ​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ដែល​យើង​បាន​មើល​រំលង។

ចូរ​យើង​បន្ត​មើល​ការ​ព្រមាន​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៦:៩-១០ សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​ថា៖

«ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្ដុក​ស្ដម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង និង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្ដេសផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន​វិនាស​និង​សេចក្ដី​អន្តរ​ធាន​វិញ»។

នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​អំពី​ការ​ព្រោះ​ពូជ យើង​ក៏​បាន​ឃើញ​ការ​ព្រមាន​ដ៏​ខ្លាំង​មួយ​ទៀត​ដែរ ដោយ​នៅ​ក្នុង​រឿង​នោះ​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​គ្រាប់​ពូជ​ដែល​បាន​ធ្លាក់​ចុះ​ក្នុង​គុម​បន្លា៖ «តែ​សេចក្ដី​ខ្វល់​ខ្វាយ​នៅ​ជីវិត​នេះ សេចក្ដី​ឆបោក​របស់​ទ្រព្យ​សម្បត្តិ និង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​ឯ​សេចក្ដី​ផ្សេងៗ​ឯ​ទៀត ក៏​ចូល​មក​ខ្ទប់​ព្រះ​បន្ទូល​ជិត រួច​ព្រះ​បន្ទូល​មិន​អាច​នឹង​បង្កើត​ផល​បាន»។ ការ​ព្រមាន​ដ៏​ខ្លាំង​ទាំង​ពីរ​នេះ បាន​ប្រាប់​យើង​អំពី​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង ដែល​បង្ក​ឡើង​ដោយ​ការ​ចង់​បាន​ទ្រព្យ​សម្បត្តិ ព្រោះ​វា​នឹង​បោក​យើង​ឲ្យ​បោះបង់​ផ្លូវ​របស់​ព្រះ​ជាម្ចាស់​ចោល ដើម្បី​ឲ្យ​បាន​ទ្រព្យ​សម្បត្តិ។ នេះ​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​ណាស់ ដែល​នៅ​សព្វ​ថ្ងៃ​នេះ យើង​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើន​បាន​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នោះ។ ពួក​គាត់​បាន​បំផ្លាញ​ជីវិត​ខាង​ព្រលឹង​វិញ្ញាណ​របស់​ខ្លួន ហើយ​ក៏​បាន​ទម្លាក់​ខ្លួន​ទៅ​ក្នុង​ជីវិត​ដែល​គ្មាន​សេចក្ដី​អំណរ​។ ដោយ​ពឹង​លើ​ការ​ព្រមាន​ដ៏​ខ្លាំង​អំពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​មាន (មាន​គំរូ​របស់​មនុស្ស​ជា​ច្រើន​ដែល​បាន​បំផ្លាញ​ជីវិត​ខ្លួន) គ្រូ​អធិប្បាយ​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ដោយ​កុំ​អធិប្បាយ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ស្ដាប់​សង្វាត​ចង់​បាន​សេចក្ដី​សន្យា​ក្នុង​ការ​ធ្វើ​ជា​អ្នក​មាន​ឡើយ។

ទ្រព្យ​សម្បត្តិ​នៅ​ឯ​ស្ថាន​សួគ៌

ទី​បួន ស្រប​ពេល​ជាមួយ​គ្នា​នេះដែរ ព្រះ​គម្ពីរ​ក៏​មិន​បាន​ថ្កោល​ទោស​ចំពោះ​ការ​មាន​ទ្រព្យ​សម្បត្តិ​ទាំង​ស្រុង​ទេ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា «ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សម្រាប់​ខ្លួន នៅ​ឯ​ស្ថាន​សួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំ​លុះ ឬ​ប្លន់​ផង» (ម៉ាថាយ ៦:២០)។ តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច​ចំពោះ​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​បរិបទ​នៃ​ព្រះ​បន្ទូល​នេះ។ ព្រះ​យេស៊ូវ​បាន​ប្រើ​ពាក្យ​ពេចន៍​របស់​អ្នក​រក​ស៊ី​ផ្ដល់​ប្រឹក្សា​ឲ្យ​យើង​វិនិយោគ​ដោយ​មាន​ការ​ឆ្លាតវៃ ហើយ​ការ​ឆ្លាតវៃ​នោះ​គឺ យើង​ត្រូវ​វិនិយោគ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុតគឺ៖ ស្ថាន​សួគ៌។ គ្រូ​អធិប្បាយ​គួរ​តែ​លើក​ទឹក​ចិត្ត​គ្រីស្ទ​បរិស័ទ​ឲ្យ​សង្វាត​រក​ទ្រព្យ​សម្បត្តិ​ដែល​​នៅ​ស្ថិតស្ថេរ។

នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ជំពូក​៦ សាវ័ក ប៉ុល ក៏​បាន​ប្រាប់​ឲ្យ​អ្នក​មាន​ចេះ​ធ្វើ​ទាន​ដែរ៖ «ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ និង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង យ៉ាង​នោះ​ឯង ទើប​ឈ្មោះ​ថា គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​ជា​គោ​ល​យ៉ាង​ល្អ​សម្រាប់​ខ្លួន​ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​អស់​កល្ប​ជា​និច្ច» (៦:១៨-១៩)។ យើង​វិនិយោគ​នៅ​ក្នុង​ធនាគារ​ដែល​នៅ​ឯ​ស្ថាន​សួគ៌​តាម​រយៈ​ការ​បំពេញ​តម្រូវការ​របស់​អស់​អ្នក​ដែល​ត្រូវការ។ នៅ​ក្នុង​កថាខណ្ឌ​មុនៗ យើង​ឃើញ​ថា សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ជំពូក​៦ ថា ទ្រព្យ​សម្បត្តិ​មិន​​សំខាន់​ជាង​ការ​កោត​ខ្លាច​ព្រះ​ជាម្ចាស់ និង​សេចក្ដី​សន្ដោស​ឡើយ។ ឥឡូវ​នេះ គាត់​កំពុង​មាន​ប្រសាសន៍​ថា ការ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ក៏​ជា​រឿង​ដ៏​សំខាន់​​ដែរ។ ការ​ដែល​ព្រះ​គម្ពីរ​បង្រៀន​ម្ដង​ហើយ​ម្ដង​ទៀត អំពី​ការ​ដែល​គ្រីស្ទ​បរិស័ទ​ត្រូវ​ជួយ​អ្នក​ដទៃ គឺ​ដើម្បី​បង្ហាញ​ថា នេះ​គួរ​តែ​ជា​ការ​ប្រាថ្នា​ដ៏​ធំ​មួយ​នៅ​ក្នុង​ជីវិត​របស់​យើង​ជា​គ្រីស្ទបរិស័ទ។ សាវ័ក ប៉ុល បាន​លើក​ឡើង​ពី​គ្រីស្ទ​បរិស័ទ​នៅ​ក្រុង ម៉ាសេដូន​ថា «ក៏​សូម​យើង​ខ្ញុំ​ដោយ​ពាក្យ​ទទូច​អង្វរ ឲ្យ​យើង​ខ្ញុំ​ទទួល​យក​ទាន​របស់​គេ​នេះ ដែល​ជា​សេចក្ដី​ប្រកប​ក្នុង​ការ​ងារ​សម្រាប់​ពួក​បរិសុទ្ធ» (២កូរិនថូស ៨:៤)។

ទី​ប្រាំ នៅ​ពេល​ដែល​សាវ័ក ប៉ុល ជំរុញ​ចិត្ត​គ្រីស្ទ​បរិស័ទ​នៅ​ក្រុង​កូរិនថូស​ឲ្យ​ជួយ​បំពេញ​តម្រូវការ​របស់​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡឹម គាត់​បាន​មាន​ប្រសាសន៍​ថា «ការ​នោះ​មិន​មែន​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​បាន​ទំនេរ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​លំបាក​នោះ​ទេ គឺ​ឲ្យ​បាន​ស្មើ​គ្នា​វិញ ឲ្យ​សេចក្ដី​បរិបូរ​របស់​អ្នក​រាល់​គ្នា​ក្នុង​ជាន់​នេះ​បាន​បំពេញ​ការ​ដែល​គេ​ខ្វះ​ខាត» (២កូរិនថូស ៨:១៣)។ សព្វ​ថ្ងៃ​នេះ ពិភព​លោក​របស់​​យើង​មាន​ពេញ​ទៅ​ដោយ​ភាព​មិន​ស្មើ​គ្នា។ ដូច្នេះ យើង​គួរ​ធ្វើ​ទាន​ដោយ​ដៃ​ទូលាយ ដើម្បី​ជួយ​នាំ​ឲ្យ​មាន​ភាព​ស្មើ​គ្នា​។ ការ​ដែល​ថា​លោកីយ៍​នេះ​ត្រូវការ​ភាព​ស្មើ​គ្នា​ខ្លាំង បាន​នាំ​ឲ្យ​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​សម្រេច​ចិត្ត​​រស់នៅ​ក្នុង​ជីវភាព​សាមញ្ញ ពោល​គឺ​ពួក​គាត់​បាន​គេច​ចេញ​ពី​ការ​រស់នៅ​ដោយ​ភាព​ហ៊ឺហា ហើយ​ពួក​គាត់​ក៏​បាន​ជួយ​ផ្គត់ផ្គង់​ព័ន្ធកិច្ច​របស់​ព្រះ​ជាម្ចាស់ និង​តម្រូវការ​នៅ​ក្នុង​ព័ន្ធកិច្ច​របស់​ទ្រង់​ផង​ដែរ។ មាន​បុគ្គល​ម្នាក់​ធ្លាប់​បាន​លើក​ឡើង​ថា «យើង​រស់នៅ​ដោយ​សាមញ្ញ ដើម្បី​ឲ្យ​យើង​អាច​ជួយ​អ្នក​ដទៃ​មាន​ឱកាស​រស់នៅ​បាន​ដែរ។» អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​លើក​ឡើង គឺ​ជា​ចំណុច​គាំទ្រ​ឲ្យ​យើង​រស់នៅ​ដោយ​សាមញ្ញ «កុំ​ឲ្យ​ប្រមូល​ទ្រព្យ​សម្បត្តិ ទុក​សម្រាប់​ខ្លួន នៅ​ផែន​ដី…» (ម៉ាថាយ ៦:១៩)។

គំរូ និង​វីរបុរស

ទី​ប្រាំមួយ វីរបុរស និង​អ្នក​ដែល​កោតខ្លាច​ព្រះ​ជាម្ចាស់​ជា​ច្រើន​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី សុទ្ធតែ​ជា​អ្នក​ក្រ។ ព្រះ​យេស៊ូវ​គឺ​ជា​គំរូ និង​ជា​វីរបុរស​ដ៏​សំខាន់​របស់​យើង។ ទ្រង់​បាន​ក្លាយ​ជា​អ្នក​ក្រ ដើម្បី​ឲ្យ​យើង​អាច​ក្លាយ​ជា​អ្នក​មាន (២កូរិនថូស ៨:៩)។ «…ទ្រង់​បាន​លះ​បង់​ព្រះ​អង្គ​ទ្រង់ មក​យក​រូប​ភាព​ជា​បាវ​បម្រើ​វិញ ព្រម​ទាំង​ប្រសូត​មក​មាន​រូប​ជា​មនុស្ស​ផង» (ភីលីព ២:៧)។ មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា ព្រះ​យេស៊ូវ​បាន​ទទួល​យក​បណ្ដាសា ដើម្បី​កុំ​ឲ្យ​យើង​​រស់នៅ​ក្រោម​បណ្ដាសា​ទៀត ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​នឹង​មិន​រងទុក្ខ​ដូច​ដែល​ទ្រង់​រងទុក្ខ​ទេ។ ប៉ុន្តែ នៅ​ក្នុង​អត្ថបទ​ទាំង​ពីរ​នេះ យើង​ឃើញ​ថា អ្នក​និពន្ធ​បាន​លើក​យក​ព្រះ​យេស៊ូវ​មក​ធ្វើ​ជា​គំរូ​ដើម្បី​ឲ្យ​យើង​ត្រាប់​តាម។ សាវ័ក ប៉ុល ក៏​បាន​លើក​ឡើង​ដែរ​ថា គាត់​ប្រាថ្នា​ចង់ «…ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ព្រម​ទាំង​ត្រឡប់​ទៅ​ដូច​ជា​ទ្រង់​ក្នុង​សេចក្ដី​ស្លាប់​ផង» (ភីលីព ៣:១០)។ តាម​រយៈ​បទពិសោធន៍​ក្នុង​ការ​រងទុក្ខ​ដូច​ដែល​ព្រះ​គ្រីស្ទ​បាន​ជួប​ប្រទះ នោះ​យើង​នឹង​ជួប​ប្រទះ​ជា​មួយ​ភាព​ស៊ី​ជម្រៅ​នៃ​ការ​រួម​គ្នា​តែ​មួយ​ជាមួយ​ទ្រង់​ជាក់​ជា​មិន​ខាន។ ហើយ​ការ​រួបរួម​គ្នា​ជាមួយ​ព្រះ​គ្រីស្ទ គឺ​ជា​ទ្រព្យ​សម្បត្តិ​ដ៏​ធំ​បំផុត​សម្រាប់​យើង។

អស់​អ្នក​ដែល​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​លើក​សរសើរ​ថា​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ គឺ​សុទ្ធតែ​ជា​អ្នក​ក្រ។ ពួក​អ្នក​ក្រុង​ម៉ាសេដូន​គឺ​ជា​វីរបុរស ព្រោះ​ពួក​គេ​បាន​ធ្វើ​ទាន ទោះ​បើ​ពួក​គេ​ជា​អ្នក​ក្រ​ក៏​ដោយ «បង​ប្អូន​អើយ យើង​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង ពី​ព្រះ​គុណ​នៃ​ព្រះ ដែល​បាន​ផ្ដល់​មក​ពួក​ជំនុំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​ម៉ាសេដូន​ថា កាល​មាន​សេចក្ដី​ទុក្ខ​លំបាក​កំពុង​តែ​ល្បង​គេ​ជា​ខ្លាំង នោះ​សេចក្ដី​អំណរ​ជា​បរិបូរ និង​សេចក្ដី​កំសត់​ទុគ៌ត​របស់​គេ បាន​បណ្ដាល​ឲ្យ​គេ​មាន​ចិត្ត​សទ្ធា​ដ៏​លើស​លប់​វិញ ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ថា គេ​ស្ម័គ្រ​ចិត្ត​តាម​កម្លាំង​គេ ហើយ​ហួស​កម្លាំង​គេ​ផង» (២កូរិនថូស ៨:១-៣)។ សាវ័ក ប៉ុល បាន​ប្រើ​ឃ្លា «មាន​ចិត្ត​សទ្ធា​ដ៏​លើស​លប់» [ស្រដៀង​នឹង​ពាក្យ «ទ្រព្យ​សម្បត្តិ»] ដើម្បី​រៀបរាប់​អំពី​ការ​ដែល​គ្រីស្ទ​បរិស័ទ​ក្រីក្រ​ទាំង​នោះ​បាន​ជួយ​អ្នក​ដទៃ។ មាន​ក្រុម​ជំនុំ​មួយ​បាន​ឲ្យ​តម្លៃ​លើ​អ្នក​មាន​ជាង​អ្នក​ក្រ ដូច្នេះ​សាវ័ក យ៉ាកុប បាន​ព្រមាន​ពួក​គេ​ដោយ​លើក​ឡើង​ថា «ចូរ​ស្ដាប់​ចុះ បង​ប្អូន​ស្ងួន​ភ្ងា​អើយ តើ​ព្រះ​មិន​បាន​រើស​ពួក​អ្នក​ក្រ​នៅ​លោកីយ៍​នេះ ដែល​ជា​អ្នក​មាន​ខាង​ជំនឿ ហើយ​ជា​អ្នក​គ្រង​មរដក​ក្នុង​នគរ ដែល​ទ្រង់​បាន​សន្យា​ទុក ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ទេ​ឬ​អី» (យ៉ាកុប ២:៥)។ ធាតុ​ពិត៖ អ្នក​ជឿ​ដ៏​ក្រីក្រ​គឺ​ជា​អ្នក​មាន!

នៅ​ក្នុង​សំបុត្រ​ដែល​ផ្ញើ​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ យើង​ឃើញ​ថា មាន​ក្រុម​ជំនុំ​តែ​ពីរ​ប៉ុណ្ណោះ​ដែល​មិន​បាន​ទទួល​ការ​ព្រមាន ហើយ​យើង​ឃើញ​ថា ​អ្នក​និពន្ធ​បាន​លើក​ឡើង​អំពី​ក្រុម​ជំនុំ​ទាំង​ពីរ​នោះ​ថា ពួក​គេ​មិន​មាន​អ្វី​ដែល​លោកីយ៍​រាប់​ថា​ ជា​ជោគជ័យ​ខាង​សម្ភារៈនិយម​ឡើយ។ ក្រុម​ជំនុំ​ទី​មួយ ​គឺ​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​ស្មឺន៉ា។ ទេវតា​បាន​រៀប​រាប់​អំពី «សេចក្ដី​កំសត់» របស់​ពួក​គេ ប៉ុន្តែ​ភ្លាម​នោះ​ទេវតា​ក៏​បាន​លើក​ឡើង​ដែរ​ថា «ប៉ុន្តែ ឯង​ជា​អ្នក​មាន​វិញ» (វិវរណៈ ២:៩)។ ក្រុម​ជំនុំ​ទី​ពីរ គឺ​ក្រុម​ជំនុំ​នៅ​ទី​ក្រុង​ភីឡាដិលភា។ អ្នក​និពន្ធ​បាន​លើក​ឡើង​ថា​ពួក​គាត់ «មាន​អំណាច​តែ​បន្តិច» (វិវរណៈ ៣:៨)។ ក្រុម​ជំនុំ​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ពី​ក្រុម​ជំនុំ​ផ្សេងៗ​ទៀត ហើយ​ព្រះ​ជាម្ចាស់​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​ជីវិត​រស់នៅ​របស់​ពួក​គេ ព្រោះ​នៅ​សម័យ​នោះ មាន​ក្រុម​ជំនុំ​ជា​ច្រើន​ដែល​បាន​សម្រប​ខ្លួន​ចុះចូល​ចំពោះ​យុគសម័យ។ ក្រុម​ជំនុំ​ទាំង​ពីរ​នោះ​ក្រ​ណាស់ ហើយ​ក៏​គ្មាន​អំណាច​ដែរ។ តើ​លោក​អ្នក​មិន​ចាប់​អារម្មណ៍​ចំពោះ​រឿង​នេះ​ទេ​ឬ​អី៖ គ្រីស្ទ​បរិស័ទ​ទាំង​នោះ​ក្រីក្រ​ណាស់ តែ​ព្រះ​គម្ពីរ​បាន​រាប់​ពួក​គេ​ថា​ជា​អ្នក​មាន? ការ «មាន» បែប​នោះ បង្ហាញ​ឲ្យ​យើង​យល់​ពី​ចំណុច​ដ៏​សំខាន់​នៃ​អត្តសញ្ញាណ​ជា​គ្រីស្ទ​បរិស័ទ។ ប្រសិន​បើ​យើង​មាន​​អំណរ​ចំពោះ​អត្តសញ្ញាណ​របស់​យើង នោះ​មាន​ន័យ​ថា យើង​ជា​មនុស្ស​ដែល​មាន​ពេញ​ដោយ​អំណរ​ហើយ។

ក្រុម​ជំនុំ​នៅ​ក្រុង​យេរូសាឡឹម​ដែល​ជា​ក្រុម​ជំនុំ​ដំបូង​មួយ មាន​សមាជិក​ជា​ច្រើន​​សុទ្ធតែ​ជា​អ្នក​ក្រ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ក្រុម​ជំនុំ​ផ្សេង​ទៀត​ជួយ​ដល់​ពួក​គេ។ យើង​គ្មាន​ភស្តុតាង​ណា​មួយ​លើក​យក​មក​និយាយ​ថា ពួក​គេ​ក្រ​ដោយ​សារ​តែ​ពួក​គេ​មាន​ជំនឿ ឬ​ក៏​ការ​ប្រព្រឹត្តិ​ខុស​ឆ្គង​ណា​មួយ​នោះ​ទេ។ នៅ​សម័យ​នោះ សេដ្ឋកិច្ច​នៅ​ក្នុង​ក្រុង​យេរូសាឡឹម​ហាក់​ដូច​ជា​ពិបាក​បន្តិច ហើយ​អស់​អ្នក​ដែល​បាន​ចូល​និវត្តន៍​ក៏​បាន​បាត់​បង់​ជំនួយ​ពី​សង្គម​ដែរ នៅ​ពេល​ដែល​ពួក​គេ​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គ្រីស្ទ​បរិស័ទ​នៅ​ក្រុង​យេរូសាឡឹម​មាន​តម្រូវការ​ផ្នែក​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង ហើយ​ការ​នោះ​បាន​បណ្ដាល​ឲ្យ​គ្រីស្ទ​បរិស័ទ​នៅ​កន្លែង​ផ្សេងៗ​ទៀត​មាន​ឱកាស​ជួយ​ផ្គត់ផ្គង់​ដល់​ពួក​គេ។

ជា​ការ​ពិត​ណាស់​ដែល​ព្រះ​គម្ពីរ​សញ្ញា​ចាស់​បាន​សន្យា​ថា ព្រះ​ពរ​មួយ​ក្នុង​ចំណោម​ព្រះ​ពរ​ជា​ច្រើន​នោះ​គឺ ព្រះ​ជាម្ចាស់​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​ដល់​អស់​អ្នក​ដែល​ស្មោះ​ត្រង់​ចំពោះ​ទ្រង់ (ឧ. ចោទិយកថា ២៨:១១)។ ប៉ុន្តែ យើង​ត្រូវ​តែ​ចងចាំ​ថា សេចក្ដី​សន្យា​ទាំង​នោះ​គឺ​សម្រាប់​ប្រទេស​ដ៏​សុចរិត​មួយ​ដែល​រស់នៅ​ក្រោម​សេចក្ដី​សញ្ញា​ចាស់។ ជា​រឿយៗ ព្រះ​គម្ពីរ​សញ្ញា​ចាស់​តែងតែ​ពណ៌នា​អំពី​ការ​ឈឺ​ចាប់ ដែល​មនុស្ស​សុចរិត​បាន​ជួប​ប្រទះ នៅ​ពេល​ដែល​គេ​ឃើញ​មនុស្ស​អាក្រក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ខណៈ​ដែល​ខ្លួន​គេ​មិន​មាន​អ្វី​សោះ។ ជំពូក​មួយ​ចំនួន​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ទំនុកដំកើង​បាន​រៀបរាប់​អំពី​ចំណុច​នេះ។ កណ្ឌ​គម្ពីរ​ទំនុកដំកើង ជំពូក​៧៣ បាន​រៀបរាប់​យ៉ាង​ច្បាស់។ នៅ​ត្រង់​ចំណុច​នេះ លោក អេសាភ បាន​រក​ឃើញ​ដំណោះ​ស្រាយ​ចំពោះ​ការ​តយុទ្ធ​របស់​គាត់​ទៅ​នឹង​ការ​ដែល​មនុស្ស​អាក្រក់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គាត់៖ គឺ​គាត់​យល់​ឃើញ​ថា ព្រះ​ជាម្ចាស់​នឹង​ថ្កោល​ទោស​មនុស្ស​អាក្រក់​ដោយ​ពឹង​លើ​សេចក្ដី​សុចរិត។ កណ្ឌ​គម្ពីរ យ៉ូប និង​កណ្ឌ​គម្ពីរ ​ហាបាគុក បាន​លើក​សរសើរ​ចំពោះ​ជំនឿ​ដ៏​ពិត​របស់​មនុស្ស​ដែល​កោត​ខ្លាច​ព្រះ​ថា៖ ពួក​គេ​មិន​បាន​ឈប់​ទុក​ចិត្ត​លើ​ព្រះ​ជាម្ចាស់​ឡើយ ទោះ​បើ​ពួក​គេ​កំពុង​ជួប​ប្រទះ​ការ​រងទុក្ខ​ដ៏​លំបាក​ប៉ុណ្ណា​ក៏​ដោយ។ ចំណុច​នេះ​បង្ហាញ​ថា ព្រះ​គម្ពីរ​សញ្ញា​ចាស់​មិន​បាន​អះអាង​ថា មនុស្ស​សុចរិត​ប្រាកដ​ជា​នឹង​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ឡើយ។ តាម​ពិត​ទៅ ព្រះ​គម្ពីរ​សញ្ញា​ចាស់​ក៏​បាន​ព្រមាន​យើង​ម្ដង​ហើយ​ម្ដង​ទៀត អំពី​គ្រោះ​ថ្នាក់​នៃ​ការ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ដូច​ជា​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ដែរ (ឧ. ចោទិយកថា ៦:១០-២៥; ៨:១១-២០; ៣២:១៥-១៨)។

ចុង​ក្រោយ ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា ក្រុម​ជំនុំ​ខ្លះ​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​គ្រីស្ទ​បរិស័ទ​ទាំង​នោះ​មាន​ភាព​ក្រីក្រ ហើយ​ជួប​ទុក្ខ​លំបាក​ជា​ច្រើន។ ថ្មីៗ​នេះ​មាន​ប្រទេស​ជា​ច្រើន​ដូច​ជា ចិន នេប៉ាល់ កូរ៉េ និង​អ៊ីរ៉ង់ មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង។ មាន​លក្ខណសម្បត្តិ​ជា​ច្រើន ដែល​អ្នក​ក្រីក្រ​ងាយ​នឹង​លូតលាស់ គឺ​ការ​មាន​ទំនុក​ចិត្ត​ដូច​ជា​កូន​ក្មេង [លើ​ព្រះ​គ្រីស្ទ (ម៉ាថាយ ១៨:៣)]។ នេះ​ហើយ​ជា​មូល​ហេតុ​មួយ ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា វា​ជា​ការ​ពិបាក​ណាស់​ដែល​អ្នក​មាន​អាច​ចូល​នគរ​ព្រះ។

ផែនការ​របស់​ព្រះ​ជាម្ចាស់

ជា​ការ​ពិត​ណាស់ ព្រះ​គម្ពីរ​បាន​បង្រៀន​ថា មនុស្ស​ស្មោះ​ត្រង់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន ក៏​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ជាម្ចាស់​ផង​ដែរ។ មាន​គំរូ​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​ព្រះ​គម្ពីរ​ដូច​ជា លោក​អ័ប្រាហាំ (លោកុប្បត្តិ ១៣:២) បារស៊ីឡាយ (២សាំយ៉ូអែល ១៩:៣២) ស្ត្រី​នៅ​ក្រុង​ស៊ូណែម​ដែល​គាត់​បាន​ជួយ​លោក​អេលីសេ (២ពង្សវតាក្សត្រ ៤:៨) និង​លោក​យ៉ូសែប ដែល​នៅ​ភូមិ​អើរីម៉ាថេ (ម៉ាថាយ ២៧:៥៧) ដែល​ជា​អ្នក​មាន។ បន្ទាប់​ពី​សាវ័ក ប៉ុល បាន​លើក​ឡើង​ថា អ្នក​មាន​មិន​ត្រូវ​មាន​អំនួត​ឡើយ ​នោះ​គាត់​ក៏​បាន​និយាយ​ដែរ​ថា «ព្រះ…ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ» (១ធីម៉ូថេ ៦:១៧)។ ការ​ដែល​យើង​អាច​មាន​ភាព​អរសប្បាយ​ចំពោះ​អ្វី​ដែល​លុយ​អាច​ទិញ​បាន គឺ​មិន​មែន​ជា​រឿង​ខុស​ឆ្គង​នោះ​ទេ។ ស្រប​​ពេល​ជា​មួយ​នឹង​ការ​លើក​ឡើង​អំពី​បុគ្គល​ដ៏​សំខាន់​ទាំង​បួន​រូប​នេះ ព្រះ​គម្ពីរ​ក៏​បាន​លើក​ឡើង​ដែរ​ថា ពួក​គេ​ក៏​មាន​ចិត្ត​ល្អ​ផង​ដែរ។

គ្រីស្ទ​បរិស័ទ​ដែល​មាន​ទ្រព្យ​សម្បត្តិ​អាច​នឹង​គោរព​កោត​ខ្លាច​ដល់​ព្រះ​គ្រីស្ទ តាម​រយៈ​ការ​ដែល​ពួក​គាត់​បន្ទាបខ្លួន មាន​ចិត្ត​ល្អ និង​ចេះ​កោត​ខ្លាច​ដល់​ព្រះ ខណៈពេល​ដែល​ពួក​គាត់​នៅ​ជា​អ្នក​មាន។ គ្រីស្ទ​បរិស័ទ​ដែល​ក្រីក្រ​អាច​នឹង​គោរព​កោត​ខ្លាច​ដល់​ព្រះ​គ្រីស្ទ តាម​រយៈ​ការ​ដែល​ពួក​គាត់​មាន​ចិត្ត​សន្ដោស មាន​ពេញ​ដោយ​ជំនឿ មាន​ចិត្ត​សប្បុរស និង​ចេះ​កោត​ខ្លាច​ដល់​ព្រះ ខណៈពេល​ដែល​ពួក​គាត់​នៅ​ជា​អ្នក​ក្រ។ ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​ថា ការ​មាន​ទ្រព្យ​សម្បត្តិ​មិន​សំខាន់​ជាង​ការ​មាន​ចិត្ត​សន្តោស មាន​អំណរ​អរ មាន​សន្តិភាព មាន​ភាព​បរិសុទ្ធ និង​មាន​ចិត្ត​សប្បុរស​ឡើយ។ យោង​តាម​ព្រះ​គម្ពីរ មនុស្ស​ដែល​មាន​លក្ខណសម្បត្តិ​បែប​នេះ គឺ​ជា​អ្នក​មាន​ពិត​ប្រាកដ មិន​ថា​ពួក​គេ​ជា​អ្នក​មាន ឬ​អ្នក​ក្រីក្រ​ខាង​ផ្នែក​សេដ្ឋកិច្ច​នោះ​ទេ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Ajith Fernando
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ព្រះជាម្ចាស់​អាច​ធ្វើ​បាន​ទាំង​អស់

ថ្ងៃ​ឈប់​