ទោះបើពួកមរមនរាប់ក្រុមជំនុំរបស់ខ្លួនថាជាចលនានៃការស្ដារនូវគោលជំនឿរបស់គ្រីស្ទបរិស័ទឡើងវិញក៏ដោយ ក៏ពួកគាត់មានការបែកចេញយ៉ាងឆ្ងាយអំពីការបង្រៀន និងជំនឿត្រឹមត្រូវតាមគោលលទ្ធិដើមផងដែរ (orthodox Christian teachings and beliefs)។ ខាងក្រោមនេះជាចំណុចទាំង៩យ៉ាងដែលលោកអ្នកគួរដឹងទាក់ទងនឹងជំនឿរបស់ពួកមរមន៖
១. នៅក្នុងឆ្នាំ១៩៨៣លោក យ៉ូសែប ស្មីត (Joseph Smith) បានអះអាងថា គាត់បានទទួលការបើកសម្ដែងឲ្យផ្លាស់ប្តូរក្រុមជំនុំទៅជា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធចុងក្រោយ (The Church of Jesus Christ of the Latter-day Saints)។ សមាជិកនៃក្រុមជំនុំនៅជំនាន់ព្រះគម្ពីរសញ្ញាថ្មីត្រូវបានគេហៅថា «ពួកបរិសុទ្ធ» (សូមអានកណ្ឌគម្ពីរ កិច្ចការ ៩:៣២; អេភេសូរ ២:១៩ និងភីលីព ១:១) ដែលនេះជាមូលហេតុដែលពួកមរមនហៅខ្លួនថា «ពួកបរិសុទ្ធថ្ងៃចុងក្រោយ»។ លោក ហ្គោដឹន ប៊ី. ហិនគខ្លី (Gordon B. Hinckley) ដែលជាអតីតប្រធានក្រុមជំនុំពួកមរមនបានពន្យល់ថា៖ «ពួកគេជាពួកបរិសុទ្ធពីដើម ហើយយើងគឺជាពួកបរិសុទ្ធសម័យនេះ ពោលគឺវាសាមញ្ញតែប៉ុណ្ណឹង។» លោកក៏បានបន្តលើកឡើងទៀតថា ជារឿយៗគេបានហៅឈ្មោះក្រៅរបស់ពួកគាត់ថា «ពួកមរមន» ពីព្រោះពួកគាត់បានជឿលើព្រះគម្ពីរមរមន (The Book of Mormon) ដូចជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។
២. ពូកមរមនមានសៀវភៅបួនក្បាលដែលពួកគេរាប់ថាជាព្រះបន្ទូល៖ ទី១ ព្រះគម្ពីរមរមន៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ (The Book of Mormon: Another Testament of Jesus Christ)។ សៀវភៅមួយនេះបានអះអាងថាជាការកត់ត្រាចុះពីការដែលព្រះជាម្ចាស់មានទំនាក់ទំនងជាមួយនឹងអ្នកដែលរស់នៅក្នុងប្រទេសអាមេរិកតាំងពីជំនាន់មុនៗក្នុងអំឡុងឆ្នាំ២០០០មុនគ.ស.ដល់ឆ្នាំ៤០០នៃគ.ស.។ ទី២ គោលលទ្ធិ និងសេចក្តីសញ្ញា (Doctrine and Covenants)។ សៀវភៅមួយនេះគឺជាការប្រមូលនូវឯកសារមួយចំនួនអំពី «ការបើកសម្ដែង និងការប្រកាសដែលកើតចេញពីព្រះជាម្ចាស់» ដែលពួកគាត់បានទទួល សម្រាប់យកធ្វើជាច្បាប់ និងបង្កើតក្រុមជំនុំនៃព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ (ឆ្នាំ១៨៣០នៃគ.ស.ដល់ឆ្នាំ១៩៧៨នៃគ.ស.)។ ទី៣ មុក្ដាដ៏មានតម្លៃមហិមា (The Pearl of Great Price)៖ សៀវភៅមួយនេះគឺជាការប្រមូលផ្តុំនូវការបើកសម្ដែង ការបកប្រែ និងការនិពន្ធមួយចំនួនរបស់លោក យ៉ូសែប ស្មីត។ ទី៤ ព្រះគម្ពីរបរិសុទ្ធដែលមានការបកប្រែនាឆ្នាំ១៦១១ពីភាសាដើមមកជាភាសាអង់គ្លេស (King James Version) «យើងទទួលជឿថា ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងករណីថាវាទទួលបានការបកប្រែយ៉ាងត្រឹមត្រូវ។ ហើយយើងក៏ទទួលជឿថែមទៀតថា ព្រះគម្ពីរមរមនក៏ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។»
៣. ក្រុមជំនុំរបស់ពួកអ្នកបរិសុទ្ធថ្ងៃចុងក្រោយបានបង្រៀនថា នាខណៈដែលព្រះគម្ពីរឆ្លងកាត់ការបកប្រែពីមួយសតវត្សទៅមួយសតវត្សវាបានទទួល «ការបាត់បង់នូវចំណុចសាមញ្ញៗ និងគុណតម្លៃជាច្រើន»។ ពួកគេបានទទួលជឿថា ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ «ក្នុងករណីថាបើវាទទួលបានការបកប្រែយ៉ាងត្រឹមត្រូវមែន» ហើយថា «វិធីវាស់វែងដ៏ត្រឹមត្រូវហើយអាចទុកចិត្តបាន ទាក់ទងនឹងការបកប្រែយ៉ាងត្រឹមត្រូវនេះ គឺមិនមែនយកខគម្ពីរទាំងនោះទៅប្រៀបធៀបនឹងខគម្ពីរផ្សេងៗនោះទេ ប៉ុន្តែគឺតាមរយៈការប្រៀបធៀបទៅនឹងព្រះគម្ពីរមរមន និងការបើកសម្ដែងនាសម័យកាលនេះវិញទេតើ។» ទោះបីពួកគេបានយកព្រះគម្ពីរបរិសុទ្ធ (KIV) មកប្រើប្រាស់ជាព្រះគម្ពីររបស់គេផ្តាច់មុខនៅក្នុងភាសាអង់គ្លេសក៏ដោយ ក៏ពួកគាត់បានកែសម្រួលដោយបន្ថែមនូវសេចក្តីពន្យល់ឲ្យមានការស៊ីគ្នានឹងគោលលទ្ធិរបស់ពួកគាត់ទៀតផងដែរ។
៤. ព្រះគម្ពីរមរមនបានបង្រៀនថា មានតែមនុស្សដែលល្ងីល្ងើតែប៉ុណ្ណោះដែលនឹងលើកឡើងថា មានព្រះគម្ពីរបរិសុទ្ធគឺ គ្រប់គ្រាន់ហើយ ដែលយើងមិនត្រូវការព្រះបន្ទូលផ្សេងៗទៀត («ឱពួកល្ងង់អើយ ដែលនឹងនិយាយថា៖ ព្រះគម្ពីរ យើងបានព្រះគម្ពីរមួយហើយ ហើយយើងមិនត្រូវការព្រះគម្ពីរឯណាទៀតទេ។» (២នីហ្វៃ ២៩:៦))។ ព្រះគម្ពីរមរមនមានការប្រើប្រាស់ភាសាវិទ្យាដូចទៅនឹងភាសានៃព្រះគម្ពីរបរិសុទ្ធដែលបានបកប្រែនាឆ្នាំ ១៦១១ ជាច្រើន (King James Version) ដែលរួមមាន ការស្រង់យកគ្រប់ពាក្យពេចន៍ធំៗទាំងស្រុងមកពីក្នុងបទគម្ពីរមួយចំនួន ឧទាហរណ៍៖ ព្រះគម្ពីរមរមនបានយកការបកប្រែកណ្ឌគម្ពីរអេសាយអស់១៩ជំពូកនៃព្រះគម្ពីរបរិសុទ្ធ (KJV)។
៥. ក្រុមជំនុំនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានប្រកាប់ខ្ជាប់តាមគោលលទ្ធិថា មានការបើកសម្ដែង «យើងជឿនូវរាល់អ្វីៗដែលព្រះជាម្ចាស់បានបើកសម្ដែង នូវរាល់អ្វីៗដែលព្រះអង្គកំពុងតែបើកសម្ដែង ហើយយើងក៏ជឿថា ទ្រង់នឹងបន្តបើកសម្ដែងនូវរាល់ចំណុចជាច្រើន និងសំខាន់ៗទៀតដែលទាក់ទងទៅនឹងនគរនៃព្រះជាម្ចាស់ផងដែរ។» ពួកមរមនជឿថា ការដែលពួកសាវ័កបានទទួលការបើកសម្ដែងគឺពិតជាបានមកពីព្រះជាម្ចាស់មែន។ យ៉ាងណាមិញ ការបើកសម្ដែងនោះក៏នៅតែអាចមាននូវកំហុសឆ្គងបាននៅឡើយ ហើយវាក៏អាចជំនួសការបើកសម្ដែងពីមុនៗ ដែលមានរួមទាំងអ្វីៗដែលមានចែងនៅក្នុងព្រះបន្ទូលរបស់ពួកគេដែរ។ មានតែប្រធាននៃក្រុមជំនុំតែម្នាក់គត់ ដែលមានសិទ្ធិនៅក្នុងការនាំចូលមកនូវគោលលទ្ធិថ្មីៗបាន។ នៅពេលដែលគាត់នាំចូលមកនូវគោលលទ្ធិនោះ គាត់នឹងប្រកាសថាជាការបើកសម្ដែងចេញពីព្រះជាម្ចាស់ ហើយទាំងថ្នាក់លើ និងថ្នាក់ក្រោមក្នុងក្រុមជំនុំនឹងទទួលស្គាល់ (First Presidency And Quorum of the Twelve Apostles) បន្ទាប់មកក្រុមជំនុំនឹងប្រតិបត្តិតាម។
៦. ផ្ទុយពីព្រះត្រៃឯកដែលគ្រីស្ទបរិស័ទប្រកាន់ខ្ជាប់តាម (មានព្រះតែមួយដែលមានបីអង្គ) ពួកមរមនជឿថា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺជាព្រះបីអង្គដែលមានលក្ខណៈដាច់ដោយឡែកៗពីគ្នាទាំងស្រុង។ ពួកគេក៏បានជឿផងដែរថា ទាំងព្រះវរបិតា និងព្រះរាជបុត្រាគឺមាន «រូបកាយនៃសាច់ឈាម និងឆ្អឹងដូចដែលមនុស្សលោកមានផងដែរ» ប៉ុន្តែចំពោះព្រះវិញ្ញាណបរិសុទ្ធវិញគឺ «មិនមានរូបកាយនៃសាច់ឈាម និងឆ្អឹងដូចដែលព្រះអង្គមានលក្ខណសម្បត្តិជាវិញ្ញាណ»។ យោងតាមប្រសាសន៍របស់លោក យ៉ូសែប ស្មីត គាត់បានលើកឡើងថា ពេលដែលព្រះជាម្ចាស់បានបង្កើតលោក អ័ដាម ក្នុងរូបអង្គទ្រង់ ព្រះអង្គបានធ្វើការនោះក្នុងរូបអង្គទ្រង់បែបជាសាច់ឈាម។ មានពេលមួយព្រះវរបិតាក៏ជាមនុស្សដែលធ្លាប់រស់នៅលើផែនដីនេះផងដែរ។ ព្រះអង្គទ្រង់បានសុគត តែក្រោយមកទ្រង់មានព្រះជន្មរស់ឡើងវិញ បានទទួលសិរីល្អ ហើយក៏បានចាប់ផ្តើមកើនឋានៈជាព្រះ។ (បើយោងតាមលោក យ៉ូសែប ស្មីត មាន «ព្រះមួយទៀតលើព្រះវរបិតានៃព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង» ផ្សេងទៀត។) ព្រះវរបិតាគឺជាព្រះវរបិតាខាងឯសាច់ឈាមនៃរាល់កូនៗខាងឯវិញ្ញាណ ដែលមានរួមទាំងព្រះយេស៊ូវ និងព្រះវិញ្ញាណបរិសុទ្ធ ដែលភាពជាព្រះរបស់ពួកគាត់គឺកើតចេញពីទំនាក់ទំនងនៃឪពុក-កូន។ ក្នុងគោលលទ្ធិពួកមរមន ពួកគេបង្រៀនថា ព្រះយេស៊ូវគឺជាព្រះយេហូវ៉ានៃព្រះគម្ពីរសញ្ញាចាស់។
៧. ដោយយោងតាមគោលលទ្ធិរបស់ពួកមរមន រាល់គ្រប់អ្វីៗក្នុងចក្រវាឡនេះ—មានរួមទាំងព្រះជាម្ចាស់—គឺសុទ្ធសឹងតែមានការគ្រប់គ្រងនៅក្រោមច្បាប់ និងគោលការណ៍ដ៏អស់កល្បជានិច្ចដែលមានភាពខ្ពង់ខ្ពស់ជាងនេះទៅទៀត។ នៅក្នុងសេចក្តីបង្រៀនរបស់ពួកអ្នកបរិសុទ្ធនៃថ្ងៃចុងក្រោយ៖ គ្រប់កូនៗរបស់ព្រះវរបិតា (ដែលមានរាប់បញ្ចូលទាំងកូនមនុស្សលោក) គឺមានលក្ខណៈស្មើគ្នាក្នុងការក្លាយជាព្រះបាន (ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ) ព្រោះពួកគេកើតចេញពីអម្បូរតែមួយ។ មានពេលមួយ រាល់គ្រប់វិញ្ញាណបរិសុទ្ធរបស់មនុស្សលោកធ្លាប់មានជីវិតបែបដូចជាព្រះដែរ ពោលគឺមុនពេលដែលពួកគេក្លាយជាវិញ្ញាណ-កូនៗរបស់ព្រះជាម្ចាស់នៅឡើយ។
៨. នៅមុនការបង្កើត វិញ្ញាណមនុស្សគឺជាកូនៗដែលមានសាច់ឈាមនៃឪពុកម្ដាយដែលនៅស្ថានសួគ៌។ ទោះបីវិញ្ញាណរបស់ពួកគេទទួលបានការបង្កើតក៏ដោយ ក៏ចំណុចស្នូលនៃ «ចំណេះដឹង» នៃវិញ្ញាណទាំងនោះនៅតែមានលក្ខណៈដ៏នៅអស់កល្បជានិច្ចដដែល ហើយក៏គ្មានដើមចមទៀតផង។ នៅក្នុងការប្រជុំជាលក្ខណៈគ្រួសារ ព្រះវរបិតាបានប្រាប់ដល់គ្រប់វិញ្ញាណ-កូនៗថា ដោយយោងតាម «ផែនការនៃសេចក្តីសង្គ្រោះ» របស់ទ្រង់ ពួកគេត្រូវតែចាកចេញពីស្ថានសួគ៌ដែលជាផ្ទះផ្ទាល់ខ្លួនសិន ទៅទទួលយកសណ្ឋានជារូបកាយ ហើយត្រូវឆ្លងកាត់ការល្បងលជាមុនសិន មុនពេលដែលពួកគេអាចវិវត្តន៍ទៅជាព្រះបាន។ មារសាតាំងប្រឆាំងនឹងផែនការនេះ ហើយវាចង់ដាក់ផែនការមួយដែលតម្រូវឲ្យមានការបាត់បង់ផ្នែកសីលធម៌។ ព្រះយេស៊ូវទ្រង់ប្រឆាំងនឹងសាតាំង ហើយបានផ្តល់នូវផែនការមួយទៀត៖ ព្រះអង្គនឹងយាងទៅក្លាយជាមនុស្ស ហើយនឹងរស់នៅដោយឥតមានអំពើបាប ដើម្បីឲ្យបងប្អូនប្រុសស្រីរបស់ទ្រង់អាចក្លាយជាព្រះបាន។ នៅពេលដែលពុំមានគេទទួលយកផែនការរបស់វា មារសាតាំងក៏បានបះបោរ ហើយក៏បាននាំ «១/៣» នៃពួកទេវតាពីស្ថានសួគ៌ជាមួយនឹងវាមកកាន់ផែនដី ដើម្បីធ្វើជាអ្នកល្បួង។
៩. ពួកមរមនជឿលើសេចក្តីសង្គ្រោះបែបចក្រវាឡចំពោះអស់អ្នកណាដែលបានស្លាប់ (នេះហើយគឺជាអ្វីដែលពួកគេជឿនៅពេលដែលគេនិយាយអំពី «ដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះ»)។ ប៉ុន្តែ ក្រោយពីពេលដែលរូបកាយជុំគ្នានឹងវិញ្ញាណវិញ នោះមនុស្សលោកក៏នឹងទៅកាន់កន្លែងខុសៗគ្នា។
- សិរីល្អនៅឯស្ថានសួគ៌ (Celestial Glory) — នេះគឺជាទីដ៏ខ្ពស់បំផុតនៃនគរស្ថានសួគ៌ ដែលនោះគឺសម្រាប់ពួកមរមន (ដែលបានរៀបការ) ហើយបានត្រាប់តាមនូវរាល់ក្រឹត្យវិន័យ និងបញ្ញត្តិស្ថានសួគ៌ (នេះគឺជាអ្វីដែលពួកគេសំដៅទៅលើពេលដែលពួកគេនិយាយអំពី «ជីវិតដ៏នៅអស់កល្បជានិច្ច»)។ ជាន់ទាបនៃនគរស្ថានសួគ៌គឺសម្រាប់ពួកមរមនដែលនៅលីវ ដែលជាពួកអ្នកដែលបានរស់នៅយ៉ាងសមរម្យហើយជាមនុស្សល្អ (មានរួមទាំងគ្រីស្ទបរិស័ទ) ដែលមិនមានឱកាសស្គាល់ ឬក៏បានទទួលជំនឿរបស់ពួកមរមន។ អស់អ្នកដែលនៅក្នុងកម្រិតទាបនៃស្ថានសួគ៌នេះគឺមិនអាចក្លាយជាព្រះបានឡើយ។
- សិរីល្អនៅលើផែនដី (Terrestial Glory) — នគរនេះគឺសម្រាប់ពួកមរមនដែលមិនសមរម្យ ហើយមិនមែនជាមនុស្សល្អ ដែលពួកគេបានដឹងអំពីជំនឿរបស់ពួកមរមនលើផែនដី ប៉ុន្តែបានបដិសេធរហូតដល់ក្រោយពួកគេបានស្លាប់។
- សិរីល្អទីបី (Telestial Glory) — នគរនេះគឺសម្រាប់មនុស្សអាក្រក់ដែលបានបដិសេធជំនឿពួកមរមនសូម្បីតែក្រោយពួកគេបានស្លាប់ទៅ។ ពួកគេនឹងបានដកពិសោធន៍នៃការរងទុក្ខ និងការឈឺចាប់សម្រាប់អំពើបាបរបស់ខ្លួន។ យ៉ាងណាមិញ នេះគឺដូចជានឹងនរកនៃគោលជំនឿគ្រីស្ទបរិស័ទ គ្រាន់តែខុសគ្នាត្រង់ថា ការនេះមិនស្ថិតនៅអស់កល្បជានិច្ចទេ។
- ស្ថាននរក (Hell “Outer Darkness” «សេចក្តីងងឹតខាងក្រៅ») — ស្ថាននរកដ៏នៅអស់កល្បជានិច្ចគឺសម្រាប់មារសាតាំង អារក្ស និងអ្នក «ដែលតម្រូវឲ្យវិនាស» (ឧ. អស់អ្នកដែលបានបដិសេធព្រះវិញ្ញាណបរិសុទ្ធក្រោយពីបានទទួលហើយ។
សេចក្តីចំណាំលើឯកសារយោង៖ ត្រង់ចំណុចដែលយើងខ្ញុំអាចធ្វើបាន យើងខ្ញុំបានព្យាយាមដាក់គេហទំព័រដើមនៃឯកសាររបស់ពួកមរមន។ រីឯ ចំណុចផ្សេងៗទៀត យើងខ្ញុំបានយោងទៅលើសៀវភៅ Mormonism Explained; What Latter-day Saints Teach and Practice និពន្ធដោយលោក៖ Andrew Jackson។
មតិយោបល់
Loading…