,

ស្រឡាញ់ អស្ចារ្យ

តើ​អារក្ស​សាតាំង​មក​ពី​ណា?

Where Did Satan Come From?

ប្រសិនបើ​លោក​អ្នក​អាន​ព្រះ​គម្ពីរ ដោយ​ចាប់​ផ្ដើម​ពី​លោកុប្បត្តិ​ជំពូក​១ នោះ​លោក​អ្នក​នឹង​ឃើញ​អ្វីៗ​គ្រប់​​យ៉ាង​ដូច​ដែល​លោក​អ្នក​បាន​រំពឹង​ទុក ពោល​គឺ​លោក​អ្នក​នឹង​ឃើញ​ព្រះ​ដ៏​ជា​ព្រះអាទិករ និង​ជា​អ្នក​ប្រតិស្ឋាន​ពិភព​លោក​ដ៏​អស្ចារ្យ​នេះ។ លោក​អ្នក​នឹង​ឃើញ​ពី​ស្នា​ព្រះហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់ តាម​រយៈ​ភាព​ស្រស់​ស្អាត និង​ភាព​វិសេស​វិសាល​នៃ​របស់​សព្វ​សារពើ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត​មក។ មនុស្ស​គឺ​ជា​ចំណុច​សំខាន់​នៅ​ក្នុង​ការ​បង្កើត​របស់​ព្រះជាម្ចាស់ ប៉ុន្តែ នៅពេល​ដែល​លោក​អ្នក​អាន​ដល់​ទំព័រ​ទី​បី ឬ​ទី​បួន (អាស្រ័យ​លើ​ទំហំ​ព្រះ​គម្ពីរ​របស់​លោក​អ្នក) នោះ​លោក​អ្នក​នឹង​ឃើញ​រឿង​មួយ ដែល​មើល​ទៅ​ហាក់​ដូច​ជា​មិន​ស៊ី​គ្នា​សោះ៖

ឯ​ពស់​ជា​សត្វ​ចេះ​ឧបាយ​កល​លើស​ជាង​អស់​ទាំង​សត្វ​ព្រៃ ដែល​ព្រះ​យេហូវ៉ា​ដ៏​ជា​ព្រះ​ទ្រង់​បាន​បង្កើត វា​និយាយ​ទៅ​កាន់​ស្ត្រី​ថា តើ​ព្រះ​មាន​បន្ទូល​ហាម​មិន​ឲ្យ​អ្នក​បរិភោគ​ផ្លែ​ឈើ​ណា​នៅ​ក្នុង​សួន​ច្បារ​មែន​ឬ។ (លោកុប្បត្តិ ៣:១)

ហេតុ​អ្វី​ដូច្នេះ?

គឺ​មាន​អំពើ​ទុច្ចរិត​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ស្នា​ព្រះ​ហស្ដ​ដ៏​គ្រប់​លក្ខណ៍​របស់​ព្រះជាម្ចាស់ ពោល​គឺ​នៅ​ក្នុង​ពិភព​លោក​ដែល​ទ្រង់​បាន​បង្កើត និង​គ្រប់​គ្រង។ មាន​អ្វី​​​មួយ​ក្នុង​ចំណោម​ស្នា​ព្រះ​ហស្ដ​របស់​ព្រះជាម្ចាស់ បាន​ព្យាយាម​បំផ្លាញ​សិទ្ធិ​អំណាច​របស់​ទ្រង់ និង​ទាញ​មនុស្ស​ជាតិ​ឲ្យ​ធ្លាក់​ចុះ​តាម​វា។

រឿង​នេះ​ធ្វើ​ឲ្យ​មាន​សំណួរ​ជា​ច្រើន​ចោទ​ឡើង! តោះ​សូមមើល​សំណួរ​ខាង​ក្រោម​នេះ៖

តើ​សត្វ​ពស់​នៅ​ក្នុង​លោកុប្បត្តិ​ជំពូក​៣​ជា​នរ​ណា?

លោកុប្បត្តិ​មិន​បាន​ពន្យល់​ប្រាប់​យើង​ថា​អារក្ស​សាតាំង​មក​ពី​ណា​ទេ ក៏​មិន​ប្រាប់​មូល​ហេតុ​ដែល​វា​ទៅ​ល្បួង​នាង អេវ៉ា ដែរ។ លោកុប្បត្តិ​គ្រាន់​តែ​ប្រាប់​យើង​ថា សត្វ​ពស់​ក៏​ជា​ស្នា​ព្រះ​ហស្ដ​របស់​ព្រះជាម្ចាស់​ដែរ ប៉ុន្តែ​វា «ចេះ​ឧបាយ​កល​លើស​ជាង​អស់​ទាំង​សត្វ​ព្រៃ»។ ប៉ុន្តែ យើង​ដឹង​ច្បាស់​ពី​ដំបូង​មក​ហើយ​ថា នេះ​មិន​មែន​ជា​ពស់​ធម្មតា​ដូច​ពស់​ផ្សេងៗ​ទៀត​ក្នុង​សួនច្បារ​ទេ។

ទីមួយ៖ ពស់​នេះ​ចេះ​និយាយ! ខ្ញុំ​មិន​ដឹង​ថា​លោក​អ្នក​រស់នៅ​ទី​ណា​ទេ ប៉ុន្តែ​នៅ​កន្លែង​ដែល​ខ្ញុំ​រស់នៅ គឺ​មិនសូវ​មាន​សត្វ​ដែល​ចេះ​និយាយ​ទេ។ ចំណុច​ដែល​សត្វ​ពស់​នៅ​ក្នុង​លោកុប្បត្តិ​ជំពូក​៣​ចេះ​និយាយ​ ហាក់​ដូច​ជា​បញ្ជាក់​ឲ្យ​យើង​ឃើញ​ថា មាន​បុគ្គល​ណា​ម្នាក់​កំពុង​គ្រប់​គ្រង​លើ​វា។

ទៅ​មុខ​ទៀត យើង​នឹង​ឃើញ​យ៉ាង​ច្បាស់​ថា ការ​លេច​ឡើង​របស់​សត្វ​ពស់​គឺ​ជា​ការ​បង្ហាញ​ខ្លួន​របស់​អារក្ស​​សាតាំង។ អ្វីៗ​ដែល​សត្វ​ពស់​នោះ​បាន​ធ្វើ​នៅ​ក្នុង​សួន​ច្បារ​អេដែន​បង្ហាញ​ពី​​សកម្ម​ភាព​របស់​អារក្ស​សាតាំង ហើយ​វា​បាន​ល្បួង​នាង អេវ៉ា ឲ្យ​ឈប់​ស្ដាប់​បង្គាប់​ព្រះជាម្ចាស់។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​បាន​ហៅ​អារក្ស​សាតាំង​ថា «មេ​ល្បួង» (ម៉ាថាយ ៤:៣; ១ថែស្សាឡូនីច ៣:៥) ហើយ​ដោយ​សត្វ​ពស់​បាន​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោក​បញ្ឆោត​មនុស្ស​លោក ព្រះ​អម្ចាស់​យេស៊ូវ​បាន​ហៅ​អារក្ស​សាតាំង​ថា បិតា​នៃ​មេ​កុហក (យ៉ូហាន ៨:៤៤)។ សត្វ​ពស់​ក៏​ប្រឆាំង​នឹង​ការ​ល្អ​របស់​ព្រះ​ជា​ម្ចាស់​ដែរ ដូច្នេះ​ហើយ​ទើប​សាវ័ក យ៉ូហាន បាន​សរសេរ​ថា អារក្សសាតាំង «បាន​ធ្វើ​បាប ចាប់​តាំង​ពី​ដើម​រៀង​មក» (១យ៉ូហាន ៣:៨)។

ដូច្នេះ យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ ដែល​សាវ័ក យ៉ូហាន ពន្យល់​អំពី​ការ​ដែល​ព្រះ​ជាម្ចាស់​បាន​យក​ជ័យជម្នះ​លើ​អារក្ស​សាតាំង​នៅ​ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ ១២:៩ ដោយ​ហៅ​វា​ថា៖

នោះ​នា​គ​ធំ​ត្រូវ​បោះ​ទំ​លាក់​ទៅ គឺ​ជា​ពស់​ពី​បុរាណ ដែល​ឈ្មោះ​ហៅ​ថា អារក្ស ហើយ​សាតាំង​ផង ដែល​បាន​នាំ​លោកីយ៍​ទាំង​មូល​ឲ្យ​វង្វេង​ចេញ វា​ត្រូវ​បោះ​ទំ​លាក់​ទៅ​ផែន​ដី​វិញ ព្រម​ទាំង​ពួក​ទេវ​តា​របស់​វា​ផង។

បើ​ទោះ​ជា​កណ្ឌ​គម្ពីរ​លោកុប្បត្តិ​មិន​បាន​ប្រើ​ឈ្មោះ «អារក្ស​សាតាំង» ថា​ជា​សត្វ​ពស់​នៅ​ក្នុង​សួន​ច្បារ​អេដែន​ក៏​ដោយ ក៏​យើង​នៅតែ​អាច​សន្និដ្ឋាន​បាន​ថា អារក្ស​សាតាំង​បាន​បង្ហាញ​ខ្លួន​តាម​រយៈ​សត្វ​ពស់​ដែរ។

ដូច្នេះ តើ​អារក្ស​សាតាំង​មក​ពី​ណា?

បទ​គម្ពីរ​មិន​បាន​ប្រាប់​យើង​ច្រើន​អំពី​ដើម​កំណើត​របស់​អារក្ស​សាតាំង​ទេ។ វា​បង្ហាញ​ខ្លួន​ភ្លាមៗ​នៅ​ក្នុង​លោកុប្បត្តិ​ជំពូក​៣ ហើយ​ចាប់​ពី​ពេលនោះ​មក ព្រះ​គម្ពីរ​ក៏​បន្ត​រៀបរាប់​អំពី​វត្តមាន​របស់​វា។

តាម​រយៈ​ការ​យក​ភស្ដុតាង​ទាំង​អស់​មក​បូក​ផ្សំ​គ្នា នោះ​យើង​នឹង​ឃើញ​ថា​ដើម​កំណើត​របស់​អារក្ស​សាតាំង​ គឺ​ជា​ទេវតា​មួយ​រូប។ សាវ័ក ប៉ុល បាន​ថ្លែង​ថា អារក្សសាតាំង​បាន «ក្លែង​ខ្លួន​ធ្វើ​ជា​ទេវ​តា​នៃ​ពន្លឺ» (២កូរិនថូស ១១:១៤)។ ការ​ក្លែង​ខ្លួន​របស់​វា​គឺ​មិន​មែន​គ្រាន់​តែ​ក្លែង​ធ្វើ​ជា «ទេវតា» ប៉ុណ្ណោះ​ទេ តែ​គឺ​ក្លែង​ធ្វើ​ជា​ទេវតា «នៃ​ពន្លឺ»។ ទោះ​បើ​ព្រះ​គម្ពីរ​មិន​បាន​ផ្ដល់​ចម្លើយ​សម្រាប់​រាល់​សំណួរ​ដែល​ទាក់ទង​នឹង​ដើម​កំណើត​របស់​អារក្ស​​សាតាំង​ក៏​ដោយ ក៏​យើង​នៅតែ​អាច​ដឹង​យ៉ាង​ប្រាកដ​អំពី​ចំណុច​មួយ​ចំនួន​ដែរ៖

  • ព្រះ​ជាម្ចាស់​បាន​បង្កើត​អារក្ស​សាតាំង! អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើតមក​ដោយ​សារ​ទ្រង់។ ព្រះ​ជាម្ចាស់​បាន​បង្កើត​ពិភព​លោក​នេះ​មក ដូច្នេះ​គ្រប់​អ្វីៗ​ដែល​មាន​នៅ​លើ​ស្ថាន​សួគ៌ នៅ​លើ​ផែនដី និង​ក្រោម​ដី គឺ​សុទ្ធ​តែ​ជំពាក់​ជីវិត​ទៅ​នឹង​ព្រះ​ជាម្ចាស់ ព្រោះ​ទ្រង់​ជា​អ្នក​ដែល​បាន​បង្កើត​ពួក​គេ​មក (កូឡុស ១:១៦)។ អារក្ស​សាតាំង​ក៏​ជំពាក់​ជីវិត​ព្រះ​ជាម្ចាស់​ដែរ។
  • ព្រះ​ជាម្ចាស់​បាន​បង្កើត​អារក្ស​សាតាំង​មក​ល្អ​ប្រពៃ! លោកុប្បត្តិ ១:៣១ បាន​ចែង​ថា អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក គឺ​សុទ្ធ​តែ​ល្អ​ប្រពៃ ហើយ​គ្មាន​អំពើ​បាប គ្មាន​ការ​បោក​បញ្ឆោត ឬ​​ការ​អាក្រក់​ណា​មួយ​ក្នុង​ព្រះ​ជាម្ចាស់​ឡើយ (១យ៉ូហាន ១:៥; យ៉ាកុប ១:១៣)។ ដូច្នេះ យើង​អាច​សន្និដ្ឋាន​បាន​ថា នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​អារក្ស​សាតាំង​មក គឺ​ព្រះ​អង្គ​បាន​បង្កើត​វា​ឲ្យ​មាន​សីលធម៌​ល្អ។
  • ទេវតា​មួយ​ចំនួន​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក ពួក​គេ​បាន​បះបោរ​ទាស់​នឹង​ទ្រង់! នៅ​ចន្លោះ​លោកុប្បត្តិ ១:៣១ (គ្រប់​អ្វីៗ​ទាំង​អស់​នៅ​ល្អ​ប្រពៃ​នៅ​ឡើយ) និង​លោកុប្បត្តិ ៣:១ (មាន​សត្វ​ពស់​ក្នុង​សួនច្បារ) យើង​ឃើញ​ថា មាន​ទេវតា​មួយ​ចំនួន​បាន​បះបោរ​ទាស់​នឹង​ព្រះ​ជាម្ចាស់។ ២ពេត្រុស ២:៤ និង​យូដាស ១:៦ បាន​រៀបរាប់​អំពី​ការ​បះបោរ​របស់​ពួក​គេ។
  • អារក្ស​សាតាំង​មាន​អំណាច​ក្នុង​ចំណោម​អារក្ស​ទាំង​អស់! ព្រះ​គម្ពីរ​បាន​លើក​ឡើង​ពីរ​បី​ដង​ថា អារក្ស​សាតាំង​ជា​មេ​គេ​ក្នុង​ចំណោម​អារក្ស​ទាំង​អស់ (យ៉ូហាន ១២:៣១ និង​អេភេសូរ ២:២)។ យើង​ក៏​បាន​ឃើញ​ដែរ​ថា អារក្ស​សាតាំង​ជា​មេ​ផ្ដើម​ក្នុង​ការ​វាយ​ប្រហារ និង​ការ​ល្បួង​រាស្ដ្រ​​របស់​ព្រះ​ជាម្ចាស់ (យ៉ូប ១:៦; ១ពង្សសវតាក្សត ២១:១; សាការី ៣:១)។
  • សេចក្ដី​អាក្រក់កើត​ចេញ​ពី​អារក្សសាតាំង​ដោយ​ខ្លួន​វា​ផ្ទាល់! គ្មាន​អ្នក​ណា​មក​ល្បួង ហើយ​នាំ​វា​ឲ្យ​ទៅ​ធ្វើ​បាប​ទេ ប៉ុន្តែ​វា​ជា​ម្ចាស់​នៃ​អំពើ​បាប និង​ការ​បោក​បញ្ឆោត (យ៉ូហាន ៨:៤៤)។

សរុប​សេចក្ដី​មក អារក្ស​សាតាំង​គឺ​ជា​មេ​ដឹក​នាំ​នៃ​ពួក​ទេវតា​ដែល​បាន​បះបោរ​ទាស់​នឹង​ព្រះ​ជាម្ចាស់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​បណ្ដេញ​វា​ចេញ​ពី​ព្រះ​វត្តមាន​របស់​ទ្រង់ (វិវរណៈ ១២:៧-១២)។

ពិត​ណាស់​ថា ចំណុច​ទាំង​នេះ​នៅ​មាន​រឿង​អាថ៌កំបាំង​ខ្លះ​ដែល​យើង​មិន​អាច​យល់ និង​ដឹង​បាន ដូច្នេះ​យើង​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ពោល​គឺ​មិន​ត្រូវ​សន្និដ្ឋាន​លើស​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ឡើយ។ ព្រះ​ជាម្ចាស់​មិន​បាន​ប្រាប់​យើង​អំពី​មូលហេតុ​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​អារក្ស​សាតាំង​បះបោរ​ទាស់​នឹង​ទ្រង់​ទេ។ ព្រះ​អង្គ​ក៏​មិន​បាន​ប្រាប់​យើង​អំពី​មូល​ហេតុ​ដែល​ទ្រង់​មិន​បំផ្លាញ​ពួក​វា​តាំង​ពី​យូរ​មក​ហើយ​ដែរ។

ប៉ុន្តែ យើង​ត្រូវ​តែ​ចងចាំ​ថា ហេតុ​ផល​ចម្បង​ដែល​បណ្ដាល​ឲ្យ​អារក្ស​សាតាំង​ត្រឡប់​ជា​អាក្រក់ គឺ​ដោយ​ព្រោះតែ​វា​ជា​បុគ្គល​មិន​ស្មោះ​ត្រង់​នឹង​ព្រះ​ជាម្ចាស់។ វា​មិន​មែន​ជា​ព្រះ​ទេ ទោះ​បើ​វា​ខំ​ប្រជែង​ទាស់​នឹង​ព្រះ​ជាម្ចាស់​យ៉ាង​ណា​ក៏​ដោយ។ ដូច​ដែល​លោក​គ្រូ ម៉ាធិន លូធ័រ (Martin Luther) បាន​លើក​ឡើង​ថា «អារក្ស​សាតាំង​ជា​ខ្មាំង​សត្រូវ​របស់​យើង​តាំង​ពី​ដើម​រៀង​មក» ប៉ុន្តែ​យើង​មិន​ត្រូវ​ខ្លាច​វា​ឡើយ។ ព្រះ​យេស៊ូវ «បាន​បំផ្លាញ» អារក្ស​សាតាំង​រួច​ហើយ។ ឥឡូវ​នេះ យើង​គ្រាន់​តែ​រង់ចាំ​ឲ្យ​ទ្រង់​សម្រេច​ការ​នោះ​ទាំង​ស្រុង​ប៉ុណ្ណោះ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ​៖ លោក​គ្រូ Mike McKinley
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា លោក​ស្រី កែវ សិរីវុឌ្ឍី លោក ជួប ប៊ុនហាក់ និង​លោក Cheyrith Un
ដកស្រង់ខ្លះៗចេញពី www.thegoodbook.com ដោយមានការអនុញ្ញាត។

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

សេចក្ដី​អធិស្ឋាន​

តម្រូវការ​យើង