តើអ្វីជាគ្រោះថ្នាក់ចំពោះសមាជិកពួកជំនុំដែលមិនចូលរួមថ្វាយបង្គំ និងសមាជិកពួកជំនុំដែលគេចវេសពីទំនួលខុសត្រូវរបស់ខ្លួននោះ? នៅពេលដែលសមាជិកពួកជំនុំដែលមិនចូលរួមក្នុងកិច្ចការណាមួយក្នុងពួកជំនុំ នោះពួកគេធ្វើឲ្យសមាជិកពួកជំនុំដ៏ពិត និងអ្នកមិនជឿយល់ច្រឡំថា តើការធ្វើជាគ្រីស្ទបរិស័ទមានន័យយ៉ាងដូចម្តេច។ ហើយសមាជិកពួកជំនុំដែលសកម្ម មិនបានផ្ដល់ប្រយោជន៍អ្វីដល់សមាជិកពួកជំនុំដែលអសកម្មនោះឡើយ នៅពេលដែលពួកជំនុំអនុញ្ញាតឲ្យសមាជិកអសកម្មទាំងនោះនៅតែធ្វើជាសមាជិកពួកជំនុំដដែលនោះ។ ដ្បិតអីការក្លាយជាសមាជិកពួកជំនុំ គឺជាការទទួលស្គាល់ជារួមរបស់ពួកជំនុំទៅលើសេចក្តីសង្គ្រោះរបស់មនុស្សម្នាក់។ តើលោកអ្នកពិតជាយល់ពីការនេះទេ? នៅពេលដែលលោកអ្នករាប់នរណាម្នាក់ថាជាសមាជិកនៃពួកជំនុំរបស់លោកអ្នក នោះលោកអ្នកកំពុងតែទទួលស្គាល់ថា ពួកជំនុំរបស់លោកអ្នកទទួលស្គាល់បុគ្គលនោះថាជាគ្រីស្ទបរិស័ទហើយ។
ដូច្នេះ ប្រសិនបើក្រសែភ្នែករបស់ពួកជំនុំមិនបានសម្លឹងមើលបុគ្គលម្នាក់អស់រយៈពេលជាច្រើនខែ ឬច្រើនឆ្នាំមកហើយនោះ អញ្ចឹងតើពួកជំនុំនោះអាចអះអាងថា បុគ្គលនោះបានរត់ប្រណាំងយ៉ាងស្មោះត្រង់នៅក្នុងពួកជំនុំនោះបានយ៉ាងដូចម្តេច? ប្រសិនបើបុគ្គលម្នាក់ឈប់មកចូលរួមជាមួយពួកជំនុំ ហើយថែមទាំងមិនបានចូលរួមជាមួយពួកជំនុំណាមួយផ្សេងទៀតទេ នោះប្រហែលបុគ្គលនោះ មិនមែនជាសមាជិកដ៏ពិតនៃពួកជំនុំយើងនោះទេ (យ៉ូហាន ២:១៩)? យើងមិនអាចដឹងបានពី មនុស្សដែលមិនចូលរួមសកម្មភាពក្នុងពួកជំនុំជាគ្រីស្ទបរិស័ទ ឬក៏អត់នោះទេ ប៉ុន្តែយើងគ្រាន់តែមិនអាចអះអាងថា ពួកគេជាគ្រីស្ទបរិស័ទប៉ុណ្ណោះ។ យើងមិនចាំបាច់ប្រាប់បុគ្គលនោះថា «អ្នកនឹងទៅស្ថាននរក» នោះទេ។ យើងគ្រាន់តែនិយាយថា «យើងមិនមានទំនុកចិត្តថាអ្នកនឹងទៅស្ថានសួគ៌នោះទេ»។ នៅពេលដែលមនុស្សម្នាក់មិនបានចូលរួមថ្វាយបង្គំជាយូរមកហើយ ប៉ុន្តែពួកជំនុំនៅតែទទួលស្គាល់ម្នាក់នោះជាសមាជិកពួកជំនុំទៀត នោះមានន័យថា ពួកគេមិនសូវមានប្រាជ្ញា ឬក៏ពួកគេកុហកខ្លួនឯង។
ពួកជំនុំដែលអនុវត្តសមាជិកភាពពួកជំនុំតាមព្រះគម្ពីរ មិនតម្រូវឲ្យសមាជិករបស់ខ្លួនមានលក្ខណៈល្អឥតខ្ចោះនោះទេ ប៉ុន្តែ ពួកជំនុំនោះតម្រូវឲ្យពួកគេមានការបន្ទាបខ្លួន និងភាពស្មោះត្រង់។ ពួកជំនុំនោះមិនបានហៅពួកគេមកឲ្យបង្ហាញពីការសម្រេចចិត្តជឿរបស់ពួកគេទេ ប៉ុន្តែពួកជំនុំនោះហៅពួកគេមកឲ្យធ្វើជាសិស្សដ៏ពិតរបស់ព្រះយេស៊ូវវិញ។ ធ្វើដូចនេះ ពួកជំនុំនៅតែឲ្យតម្លៃលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗជាមួយនឹងព្រះជាម្ចាស់ ហើយពួកគេក៏មិនរំពឹងអ្វីខ្លាំងពេកទៅលើអស់អ្នកដែលមិនទាន់គ្រប់លក្ខណ៍ទាំងនោះដែរ។ អញ្ចឹងហើយបានជា ព្រះគម្ពីរសញ្ញាថ្មីបង្ហាញឲ្យឃើញពីតួនាទីមួយ ដើម្បីទទួលស្គាល់សមាជិកភាពពួកជំនុំជារួមតាមរយៈអស់អ្នកដែលនៅក្នុងការតាំងសញ្ញាជាមួយនឹងព្រះជាម្ចាស់ និងគ្នាទៅវិញទៅមក។
សមាជិកភាពពួកជំនុំតាមព្រះគម្ពីរពិតជាមានតម្លៃ
ខ្ញុំសង្ឃឹមថាយើងនឹងឃើញស្ថិតិសមាជិកភាពនៅក្នុងពួកជំនុំកាន់តែមានអត្ថន័យខ្លាំងឡើងៗ រហូតទាល់តែសមាជិកពួកជំនុំដែលមានឈ្មោះក្នុងបញ្ជី គឺជាសមាជិកពួកជំនុំដែលចូលរួមពិតប្រាកដ។ ពេលខ្លះ ការធ្វើដូចនេះបណ្ដាលឲ្យពួកជំនុំលុបឈ្មោះមនុស្សមួយចំនួនដែលអសកម្មចេញពីបញ្ជីឈ្មោះសមាជិកពួកជំនុំ ប៉ុន្តែនេះមិនមែនមានន័យថាយើងលុបឈ្មោះគេចេញពីចិត្តរបស់យើងដោយបំភ្លេចគេចោលនោះទេ។ ជាញឹកញាប់ ការធ្វើដូចនេះមានន័យថា ពួកជំនុំត្រូវបង្រៀនសមាជិកថ្មីៗពីអ្វីដែលព្រះជាម្ចាស់សព្វព្រះទ័យសម្រាប់ពួកគេ ហើយពួកជំនុំត្រូវរំឭកយ៉ាងខ្ជាប់ខ្ជួនដល់សមាជិកពួកជំនុំដែលចូលរួមបច្ចុប្បន្នពីការប្ដេជ្ញារបស់ពួកគេនៅក្នុងសកម្មភាពផ្សេងៗរបស់ពួកជំនុំ។ នៅក្នុងពួកជំនុំផ្ទាល់របស់ខ្ញុំ យើងធ្វើដូចនេះតាមវិធីផ្សេងៗដូចជា យើងមានបង្រៀនថ្នាក់សមាជិកភាពពួកជំនុំ ហើយយើងឲ្យពួកជំនុំអានលក្ខន្តិកៈពួកជំនុំឲ្យឮៗនៅពេលណាដែលយើងធ្វើពិធីលៀងព្រះអម្ចាស់។
នៅពេលដែលពួកជំនុំរបស់យើងកាន់តែមានសុខភាពល្អ នោះចំនួនមនុស្សចូលរួមនៅព្រឹកថ្ងៃអាទិត្យនឹងកើនឡើងលើសចំនួនឈ្មោះជាផ្លូវការនៅក្នុងបញ្ជីឈ្មោះសមាជិកពួកជំនុំរបស់យើងទៅទៀត។ ពិតប្រាកដណាស់ នេះគួរតែជាបំណងប្រាថ្នារបស់លោកអ្នកសម្រាប់ពួកជំនុំលោកអ្នកផងដែរ។
យើងមិនបង្ហាញពីសេចក្តីស្រឡាញ់របស់យើងចំពោះសមាជិកចាស់ដែលជាទីស្រឡាញ់របស់យើងក្នុងរបៀបដ៏ត្រឹមត្រូវនោះទេ ប្រសិនបើយើងអនុញ្ញាតឲ្យពួកគេបន្តធ្វើជាសមាជិកនៅក្នុងពួកជំនុំរបស់យើងដោយសារតែហេតុផលមនោសញ្ចេតនានោះ។ ប៉ុន្តែ យើងស្រឡាញ់ពួកគេ នៅពេលដែលយើងលើកទឹកចិត្តពួកគេឲ្យចូលរួមជាមួយនឹងពួកជំនុំមួយផ្សេងទៀត ដែលពួកគេអាចស្រឡាញ់ និងទទួលសេចក្តីស្រឡាញ់ជារៀងរាល់សប្ដាហ៍ ឬជារៀងរាល់ថ្ងៃ។ ដូច្នេះហើយ នៅក្នុងលក្ខន្តិកៈរបស់ពួកជំនុំខ្ញុំ យើងសន្យាថា «នៅពេលដែលយើងចាកចេញពីពួកជំនុំនេះទៅ យើងនឹងចូលរួមជាមួយនឹងពួកជំនុំណាមួយផ្សេងទៀត ដែលយើងអាចបន្តអនុវត្តលក្ខន្តិកៈនេះ ហើយអាចបន្តអនុវត្តនូវគោលការណ៍នៃព្រះបន្ទូល ឲ្យបានឆាប់តាមដែលអាចធ្វើបាន»។ ការប្ដេជ្ញាចិត្តនេះ ជាផ្នែកមួយនៃដំណើរការនៃភាពជាសិស្សដែលមានសុខភាពល្អ ជាពិសេសនៅក្នុងសម័យបណ្ដោះអាសន្នយើងនេះ។
ការអនុវត្តសមាជិកភាពពួកជំនុំដោយយកចិត្តទុកដាក់នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ ការអនុវត្តបែបនេះនឹងធ្វើឲ្យអ្នកមិនជឿមើលឃើញកាន់តែច្បាស់ពីទីបន្ទាល់នៃពួកជំនុំយើង។ ប្រសិនបើពួកជំនុំនោះអនុវត្តសមាជិកភាព នោះនឹងការពារអ្នកមានជំនឿទន់ខ្សោយពីការស្មានខុសថា ខ្លួនគេបានសង្គ្រោះ ដូច្នេះមិនចាំបាច់មានទម្លាប់ចូលរួមជាមួយពួកជំនុំនោះទេ។ ម្យ៉ាងវិញទៀត ការអនុវត្តសមាជិកភាពពួកជំនុំដោយប្រុងប្រយ័ត្ននឹងជួយឲ្យពួកជំនុំចេះបង្កើតសិស្សដែលកាន់តែមានភាពពេញវ័យខាងឯវិញ្ញាណ។ ការអនុវត្តបែបនេះនឹងជួយដល់អ្នកដឹកនាំពួកជំនុំឲ្យដឹងយ៉ាងប្រាកដថា ពួកគេមានទំនួលខុសត្រូវចំពោះអ្នកណាខ្លះ។ ព្រះជាម្ចាស់នឹងទទួលសិរីល្អតាមរយៈការទាំងអស់នេះ។
សូមអធិស្ឋានឲ្យពួកជំនុំកាន់តែផ្តល់តម្លៃដល់សមាជិកភាពឲ្យបានល្អប្រសើរជាងបច្ចុប្បន្ននេះទៅទៀត។ តាមវិធីនេះ យើងអាចដឹងកាន់តែច្បាស់ថា យើងគួរអធិស្ឋានឲ្យអ្នកជឿណាខ្លះ លើកទឹកចិត្តដល់អ្នកជឿណាខ្លះ ក៏ដូចជាជំរុញចិត្តអ្នកជឿណាខ្លះ។ សមាជិកភាពពួកជំនុំមានន័យថា យើងមានការរួបរួមគ្នាយ៉ាងជាក់លាក់នៅក្នុងរូបកាយព្រះគ្រីស្ទ។ សមាជិកភាពពួកជំនុំមានន័យថា យើងធ្វើដំណើរជាមួយគ្នាប្រៀបដូចជាជនបរទេស និងពួកអ្នកដែលគ្រាន់តែសំណាក់នៅផែនដីនេះ ខណៈដែលយើងតម្រង់ឆ្ពោះទៅផ្ទះដ៏ពិតរបស់យើងនៅឯនគរស្ថានសួគ៌។ ពិតប្រាកដណាស់ សញ្ញាសម្គាល់មួយនៃពួកជំនុំដែលមានសុខភាពល្អ គឺការយល់ដ៏ត្រឹមត្រូវពីសមាជិកភាពពួកជំនុំតាមព្រះគម្ពីរ។
ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…