យើងខ្ញុំស្អប់ការខលទូរស័ព្ទណាស់។ ពេលខ្លះយើងខ្ញុំត្រូវតែនិយាយមកកាន់ខ្លួនឯងឲ្យត្រៀមខ្លួនសិនមុនចុចខលទៅវិញ។ ជារឿយៗ ពេលទូរស័ព្ទនៅកន្លែងធ្វើការរបស់យើងខ្ញុំរោទ៍ យើងខ្ញុំតែងតែសង្ឃឹមថាវាជាលេខដែលយើងខ្ញុំមិនស្គាល់ ព្រោះបើដូច្នោះមែននោះយើងខ្ញុំនឹងឲ្យម៉ាស៊ីនទទួលវាជាសារសំឡេងវិញ។ បើយើងខ្ញុំមានជម្រើសរវាងការផ្ញើសារ ឬក៏ការខលតាមទូរស័ព្ទ នោះយើងខ្ញុំនឹងជ្រើសរើសការផ្ញើសារគ្រប់ពេលវេលា។ តើយើងខ្ញុំពិតមានបញ្ហាមែនឬ?
យើងខ្ញុំក៏ចាប់ផ្ដើមឃើញបាតុភូតដ៏ចម្លែកនេះកំពុងកើតឡើងនៅពេលយើងខ្ញុំជួបជាមួយនឹងអ្នកដទៃ ដើម្បីផ្ដល់ប្រឹក្សាដល់ពួកគេ។ ខណៈពេលដែលយើងខ្ញុំស្ដាប់ការឈ្លោះប្រកែកគ្នារវាងដៃគូជីវិតពីរនាក់ ដែលធ្វើឲ្យសប្ដាហ៍មុនមានបរិយាកាសអាប់អួ ប្រមាណប្រាំទៅដប់នាទីក្នុងការពន្យល់របស់ពួកគេ យើងខ្ញុំត្រូវតែបញ្ឈប់រឿង ហើយសួរថា «ឈប់សិនៗ ការទាំងអស់នេះកើតឡើងតាមរយៈការផ្ញើសារមែនឬ?»។ តាមពិតទៅ យើងខ្ញុំមិនមែនតែម្នាក់ឯងទេក្នុងរឿងបែបនេះ។ រឿងបែបនេះកំពុងតែកើតឡើងក្នុងជីវិតអាពាហ៍ពិពាហ៍ មិត្តភាព ទំនាក់ទំនងនៅកន្លែងធ្វើការ និងក្នុងក្រុមគ្រួសារគ្រប់ទីកន្លែង។ តើយើងខ្ញុំទាំងអស់គ្នាពិតមានបញ្ហាមែនឬ?
ក្នុងសៀវភៅនិយាយអំពីទូរស័ព្ទទំនើបនិពន្ធដោយលោកគ្រូ ថូនី រិនគី (Tony Reinke) គាត់បានលើកឡើងថា «[ទូរស័ព្ទរបស់យើង] គឺកំពុងតែផ្លាស់ប្ដូរយើង។ គ្មានការវែកញែកគ្នាទេអំពីចំណុចនេះ។» វាកំពុងតែផ្លាស់ប្ដូរយើង ហើយវាក៏កំពុងតែបើកសម្ដែងអំពីយើងផងដែរ។ របៀបនៃការដែលយើងផ្ញើសាររៀបរាប់ច្រើនណាស់អំពីយើង។
យើងផ្ញើសារដើម្បីគេចវេស
ជាធម្មតា យើងជាមនុស្សដែលមានការភ័យខ្លាច។ ចាប់តាំងពីពេលដែលមានរឿងកើតឡើងនៅក្នុងសួនច្បារអេដែនក្នុងកណ្ឌគម្ពីរលោកុប្បត្ដិជំពូក៣មក យើងតែងតែមានបំណងចិត្តក្នុងការពួនក្នុងគុម្ពព្រៃ ជាជាងបង្ហាញមុខនៅទីសាធារណៈ។ ជំនាន់នីមួយៗតែងតែបង្កើតប្រដាប់ប៉ឹងខ្លួន ដើម្បីការពារខ្លួនពីភាពអាម៉ាស់ និងកំហុសឆ្គង។ ចំពោះយើងមួយចំនួន យើងប្រើប្រាស់គ្រឿងអេឡិចត្រូនិកដែលមានរូបសញ្ញាផ្លែប៉ោមនៅពីសម្បកក្រោយ—ដែលនេះជាការដ៏គួរឲ្យអស់សំណើចមែន ព្រោះវារម្លឹកយើងអំពីការធ្លាក់ចុះក្នុងអំពើបាប។
សូមសាកអានសារនៃការសុំទោសនេះ៖ ខ្ញុំខុសហើយក្នុងការស្រែដាក់អ្នកនៅឯផ្ទះ។ ខ្ញុំពិតជាស្រឡាញ់អ្នកមែន។ ខ្ញុំសុំទោស។ ឬក៏ការលន់តួមួយនេះ៖ ខ្ញុំបានមើលនូវអ្វីដែលខ្ញុំមិនគួរមើលក្នុងទូរស័ព្ទខ្ញុំកាលពីអាទិត្យមុន។ សូមអធិស្ឋានឲ្យខ្ញុំ។ ជាការដ៏គួរឲ្យសោកស្ដាយណាស់! ការដែលយើងជ្រើសរើសផ្ញើសារក្នុងទំនាក់ទំនងរបស់យើង គឺមិនមែនមកពីប្រភេទនៃរាល់ការទាក់ទងគ្នាមានភាពស្មើគ្នានោះឡើយ។ យើងផ្ញើសារ ព្រោះយើងមានការភ័យខ្លាច។
តាមពិតទៅ ក្នុងជម្រៅចិត្តនៃមនុស្សជាច្រើនក្នុងចំណោមយើង គឺយើងកំពុងតែពួនក្រោយសុវត្ថិភាពនៃគ្រឿងអេឡិចត្រូនិកខ្លួន។ ការផ្ញើសារជួយឲ្យយើងពួនពីចំណុចជាច្រើន៖ ផលកម្មនៃកំហុសឆ្គងរបស់យើង ការមិនពេញចិត្តពីអ្នកដទៃ អារម្មណ៍មិនស្រួលនៃការឈ្លោះគ្នាដោយផ្ទាល់ៗជាមួយអ្នកដទៃ។ យើងទំនងជាមិនអាចទ្រាំទ្របានទាក់ទងនឹងការស្រមៃពីការបង្ហាញពីភាពឈឺចាប់ដែលអាចនឹងមើលមកយើងវិញ។ យើងចង់គេចចេញពីការឃើញទឹកភ្នែក។ យើងមិនចង់បកស្រាយនូវរាល់អ្វីៗ ហើយក៏មិនចង់ពន្យល់អំពីទង្វើនៃអំពើបាបរបស់យើង។ យើងខ្លាចពួកគេអាចនឹងខឹងយើង ហើយមិនចូលចិត្តនូវអ្វីដែលយើងចង់និយាយ។
ហេតុដូច្នេះហើយបានជាយើងផ្ញើសារ។
សូមត្រឡប់ទៅមើលសារចាស់ៗរបស់លោកអ្នក ហើយវិនិច្ឆ័យខ្លួនឲ្យស្មោះត្រង់។ តើមានសារប៉ុន្មានដែលតាមពិតទៅលោកអ្នកគួរតែចំណាយពេលសន្ទនាជាមួយនឹងពួកគាត់ផ្ទាល់ៗ? ជាជាងការមើលទៅកាន់បុគ្គលដែលព្រះជាម្ចាស់បានបង្កើតក្នុងរូបអង្គទ្រង់ឲ្យចំភ្នែក ហើយបើកមាត់យើង ភាពភ័យខ្លាចប្រាប់យើងថា វាល្អគ្រប់គ្រាន់ហើយបើយើងគ្រាន់តែមើលគ្រឿងអេឡិចត្រូនិកដែលមានរាងចតុកោណ ហើយសរសេរពីរបីតួអក្សរ ឬក៏ផ្ញើរូប sticker និង emoji។
ក្នុងការប្រឹក្សា អ្នកខ្លះហៅការធ្វើបែបនោះថា ការឆ្លើយតបដោយគេចចេញពីដំណោះស្រាយ។ មានមនុស្សជាច្រើនមិនយល់ថា តើហេតុអ្វីបានជាយើងមានការតយុទ្ធក្នុងជីវិតអាពាហ៍ពិពាហ៍ ហេតុអ្វីបានជាយើងបែកឆ្ងាយពីគ្នាក្នុងទំនាក់ទំនង ហើយហេតុអ្វីបានជាការឈ្លោះគ្នាហាក់បីដូចជាគ្មានការដោះស្រាយសោះ។ ប៉ុន្តែ ខ្ញុំផ្ញើសារ! មនុស្សយើងពិតជាចម្លែកមែនណ៎ះ! ពួកគេហាក់បីដូចជាអាចដឹងថានរណាម្នាក់កំពុងតែពួន។ គ្មានអ្វីអាចលើកឡើងថា «ខ្ញុំកំពុងតែពួនពីលោកអ្នកទេ» ដូចជាការផ្ញើសារ ខណៈពេលដែលតាមពិតទៅ យើងគួរតែទៅនិយាយគ្នាផ្ទាល់។
យើងផ្ញើសារដើម្បីគ្រប់គ្រង
ចំពោះមនុស្សមួយចំនួន ការផ្ញើសារគឺជាការរត់គេច ប៉ុន្តែចំពោះមនុស្សមួយចំនួនទៀតវិញ ការផ្ញើសារគឺជាការតយុទ្ធបាញ់គ្នា។ យើងផ្ញើសារពេលដែលយើងមិនពួន ប៉ុន្តែជាពេលដែលយើងកំពុងបាញ់វាយប្រហារ។ ការផ្ញើសារពាក់ព័ន្ធនឹងចិត្តសាស្ត្រ ជាទូទៅវាទាមទារឲ្យយើងមានការឆ្លើយឆ្លង។ ប្រសិនបើលោកអ្នកមានលក្ខណៈដូចជាយើងខ្ញុំ នោះលោកអ្នកដឹងហើយថា វាពិតជាមានការពិបាកណាស់ក្នុងការដាក់វិន័យលើខ្លួនឯងកុំឲ្យបើកសារមើល។ ហើយក៏រឹតតែមានការពិបាកណាស់ក្នុងការដាក់វិន័យលើខ្លួនឯងកុំឲ្យសារដែលយើងមិនអាចដោះស្រាយបានជ្រាបចូលទៅក្នុងគំនិតរបស់យើង ហើយធ្វើឲ្យយើងតក់ស្លុតពេញមួយថ្ងៃ។ លក្ខណៈដែលគួរឲ្យធុញទ្រាន់បែបនេះធ្វើឲ្យការផ្ញើសារក្លាយជាអាវុធដ៏សាហាវក្នុងការគ្រប់គ្រង និងប្រើប្រាស់អ្នកដទៃ។
តើហេតុអ្វីបានជាអ្នកមិនឆ្លើយឆ្លងនឹងខ្ញុំ?
ខ្ញុំដឹងហើយថា អ្នកនឹងគិតបែបនេះចំពោះខ្ញុំ។
មានអ្នកស្ដាប់អត់?
តើហេតុអ្វីបានជាអ្នកមិនអត់ទោសខ្ញុំ?
សារលោតពីមួយទៅមួយ ហើយយើងពិតជាបំបាក់អ្នកដទៃតាមរយៈការផ្ញើសារ ព្រោះវាទាមទារឲ្យមានការឆ្លើយឆ្លងភ្លាមៗ។ ដោយសារយើងមានភាពអាម៉ាស់ និងកំហុសឆ្គង ដូច្នេះហើយបានជាយើងជ្រើសរើសវាយប្រហារ ឬក៏ទាមទារការផ្សះផ្សា ឬក៏ការអត់ទោសភ្លាមៗ។ យើងព្យាយាមយកចិត្តដោយប្រើការលួងលោម ឬក៏ការអនុគ្រោះ។ មានក្រុមហ៊ុនទូរស័ព្ទទំនើបមួយនៅលោកខាងលិចបានផ្សព្វផ្សាយពីប្រភេទទូរស័ព្ទរបស់ពួកគាត់ដោយបើកបង្ហាញពីជីវិតរបស់មនុស្សស្រីម្នាក់ដែលបានផ្ញើសារ «អូនស្រឡាញ់បង» ជាលើកដំបូងទៅកាន់សង្សាររបស់គាត់ ហើយគាត់បានចាំដោយរំពឹងចង់ឃើញសង្សាររបស់គាត់ឆ្លើយតបមកវិញ។ ប្រព័ន្ធផ្ញើសារមិនអាចបង្ហាញអារម្មណ៍ ការឈឺចាប់ សំណួរដេញដោល ឬក៏ការសញ្ជឹងគិតបែបស្ងៀមស្ងាត់បានឡើយ។ វាទាមទារការឆ្លើយតប។ ឥឡូវៗ។
មនុស្សមួយចំនួនបានប្រើប្រាស់ការផ្ញើសារ ដើម្បីឃ្លេដៃមកក្រោយតាមរយៈគ្រឿងអេឡិចត្រូនិក។ ខ្ទង់រសៀលបន្តិច លោកអ្នកផ្ញើសារដូចនេះ៖ «ភ្លេចប្រាប់អ្នក។ ទៅកន្លែងហាត់ប្រាណ។ មិនអីទេ?» លោកអ្នកសង្ឃឹមថា ប្រពន្ធនឹងឆ្លើយដោយប្រើប្រាស់ពាក្យ «មិនអីទេ» ព្រោះលោកអ្នកមិនចង់ឈ្លោះប្រកែកគ្នា។ ទូរស័ព្ទទំនើបៗរបស់យើងគឺជាទីលានមួយដែលយើងប្រើប្រាស់បំបាក់សមត្ថភាពរបស់បុគ្គលណាម្នាក់ក្នុងការបង្ហាញពីគំនិតរបស់គាត់ អ្វីដែលគាត់បារម្ភ ឬក៏ការឈឺចាប់របស់គាត់។ ការប្រកាសពីការដែលសារទើបតែមកដល់ គឺជាការបង្ខំឲ្យមានការឆ្លើយតបដែលបុគ្គលម្នាក់មិនទាន់ចង់ឆ្លើយនៅឡើយ ឬក៏ត្រៀមខ្លួនរួចស្រេចក្នុងការឆ្លើយ។
សាវ័ក ប៉ុល បានរម្លឹកយើងថា «ឯសេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស…មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន» (១កូរិនថូស ១៣:៤-៥)។ ពេលយើងផ្ញើសារ ដើម្បីគ្រប់គ្រង ឬក៏ប្រើប្រាស់អ្នកដទៃ នោះវាផ្ទុយពីសេចក្ដីស្រឡាញ់ហើយ។ លោកគ្រូ អានឌី ខ្រូជ៍ (Andy Crouch) បានរម្លឹកយើងក្នុងសៀវភៅជាភាសាអង់គ្លេសរបស់គាត់ The Tech-Wise Family ថាមនុស្សយើងមាន «រូបកាយ និងព្រលឹងជាមួយគ្នា។» ការគេចចេញពីការលើកទឹកចិត្តដោយផ្ទាល់មុខគឺមិនមែនជាការស្រឡាញ់គ្នាទេ។ ពេលយើងជ្រើសរើសផ្ញើសារ នោះមានន័យថា យើងចាត់ទុកគាត់ដូចជាមនុស្សឆ្លាតម្នាក់ ដែលគ្មានអារម្មណ៍។ យើងបដិសេធមិនឲ្យគាត់បង្ហាញអារម្មណ៍ គំនិត ភាសាតាមរូបកាយ ក្រសែភ្នែក ឬក៏សំឡេងរបស់គាត់។ យើងបានគេចចេញដោយដកខ្លួនពីភាពជាមនុស្សរបស់គាត់។
ចូរនឹកគិតឡើងវិញពីសារដែលលោកអ្នកបានផ្ញើពីអាទិត្យមុនៗ។ តើលោកអ្នកបានមានទំនាក់ទំនងជាមួយពួកគេក្នុងរបៀបដែលមិនឲ្យពួកគេប្ដូរគំនិតលោកអ្នកដែរឬទេ? តើសាររបស់លោកអ្នកជាសារដែលគ្រប់គ្រង ប្រើប្រាស់ និងបង្ខំអ្នកដទៃ ដើម្បីឲ្យលោកអ្នកបាននូវអ្វីដែលលោកអ្នកចង់បានមែនឬ? សេចក្ដីស្រឡាញ់នឹងមិនលូតលាស់ក្នុងទំនាក់ទំនងបានឡើយ ប្រសិនបើយើងប្រើប្រាស់ទូរស័ព្ទរបស់យើង ដើម្បីបង្ខំឲ្យអ្នកដទៃចុះចូលនឹងយើង។
តើលោកអ្នកប្រឈមមុខនឹងការល្បួងណាខ្លះ?
ពេលដែលលោកអ្នកដកទូរស័ព្ទមកប្រើម្ដងទៀត សូមសួរសំណួរដ៏សាមញ្ញនេះមុនលោកអ្នកប្រញាប់បាញ់សារចេញ៖ ហេតុអ្វី?
ហេតុអ្វីបានជាខ្ញុំជ្រើសរើសផ្ញើសារ ជាជាងខលទៅគាត់? តើការសន្ទនានេះអាចរង់ចាំរហូតដល់ពេលយើងជួបគ្នាមុខនឹងមុខបានទេ? ការស្រឡាញ់អ្នកដទៃមានន័យថា ជាដំបូងយើងត្រូវតែលូតលាស់ខ្លួនឯងផ្ទាល់ក្នុងការវែកញែកចិត្តរបស់យើង។ យើងត្រូវតែស្គាល់សេចក្ដីខ្លាចដែលមើលមកយើងវិញចេញពីកញ្ចក់គ្រឿងអេឡិចត្រូនិកយើង។ យើងត្រូវតែដឹងអំពីពេលវេលាដែលយើងប្រឈមមុខជាមួយនឹងការប្រើប្រាស់គ្រឿងអេឡិចត្រូនិកយើងឃ្លេដៃអស់អ្នកដែលយើងស្រឡាញ់។
ចំពោះអស់អ្នកក្នុងចំណោមយើងទាំងអស់គ្នាដែលពួនពីក្រោយទូរស័ព្ទទំនើបៗរបស់យើង ព្រះបន្ទូលបានលើកឡើងថា «កុំឲ្យភ័យខ្លាចឡើយ»។ លោកគ្រូ ខិន សេនដេ (Ken Sande) លើកទឹកចិត្តថា «ការឈ្លោះគ្នាគឺជាឱកាសថ្វាយសិរីល្អដល់ព្រះជាម្ចាស់ បម្រើអ្នកដទៃ និងលូតលាស់ក្នុងលក្ខណៈដូចជាព្រះគ្រីស្ទ»។ ចាប់ពីពេលនេះទៅ ពេលដែលលោកអ្នកប្រឈមមុខក្នុងការដោះស្រាយជម្លោះណាមួយ ស្ដីឲ្យនរណាម្នាក់ ឬក៏លន់តួអ្វីមួយតាមរយៈការផ្ញើសារ ចូរកុំឲ្យខ្លាចឡើយ។ ខលទៅកាន់គាត់ផ្ទាល់ទៅ។ ហើយបើលោកអ្នកញែកពេលវេលាទៅជួបជាមួយនឹងបុគ្គលម្នាក់នោះ នោះកាន់តែប្រសើរទៀត។
ចំពោះអស់អ្នកក្នុងចំណោមយើងទាំងអស់គ្នាដែលចង់ប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើងជាអាវុធ ព្រះបន្ទូលបានលើកឡើងថា «កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្ដីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ» (ភីលីព ២:៣)។ នេះហើយគឺជាគំនិតរបស់ព្រះយេស៊ូវគ្រីស្ទផ្ទាល់ ដែលព្រះ អង្គមានឆន្ទៈក្នុងការប្ដេជ្ញាចិត្តមានការសន្ទនាផ្ទាល់ៗ៖ ស្ត្រីសាសន៍សាម៉ារី នាង ម៉ារា និងនាង ម៉ាថា លោក នីកូដេម សាវ័ក ពេត្រុស និងមនុស្សម្នាជាច្រើនផ្សេងៗទៀត។
យើងរៀនពីព្រះសង្គ្រោះរបស់យើងថា ការទាក់ទងគ្នាគឺមិនមែនជាឧបករណ៍ ដើម្បីឲ្យយើងយកទៅប្រើប្រាស់ក្នុងការចង់បានអ្វីមួយពីអ្នកដទៃឡើយ ប៉ុន្តែជារបៀបនៃការបង្ហាញក្ដីស្រឡាញ់ និងការបម្រើអ្នកដទៃ—ដើម្បីនិយាយចែករំលែកជាមួយនឹងគ្នា—ទាំងខាងរូបកាយ និងព្រលឹង។
មតិយោបល់
Loading…