មុខរបររកស៊ីខាងឯការថត ឬក៏ការដើរតួក្នុងរូបភាព ឬក៏វីដេអូអាសអាភាសគឺជាមុខរបរមួយដែលចំណេញរាប់ពាន់រាប់លានដុល្លា ជាពិសេសលើគេហទំព័រ។ ស្ថិតិ និងរបាយការណ៍មួយចំនួនបានលើកឡើងជាសំណើថា ប្រមាណជិត៧០%ក្នុងចំណោមប្រុសៗទាំងអស់ដែលមានអាយុក្នុងចន្លោះ១៨-២៤ឆ្នាំ គឺសុទ្ធតែមើលរូបភាព ឬក៏វីដេអូអាសអាភាសយ៉ាងតិចណាស់ម្ដងក្នុងមួយសប្ដាហ៍ នេះយើងមិនទាន់ទាំងរាប់បញ្ចូលក្មេងៗនាជំនាន់នេះផង ក៏ដូចជាស្រីៗជាច្រើនផ្សេងទៀតដែលកំពុងចាប់ផ្ដើមមើលរូបភាព ឬក៏វីដេអូអាសអាភាសនេះផងដែរ។ នេះមិនមែនជារឿងប៉ិតប៉ុតនោះទេ។ ការមើលរូបភាព ឬក៏វីដេអូអាសអាភាសគឺជាអំពើបាបដ៏អាក្រក់យ៉ាងខ្លាំងណាស់ទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយទាស់នឹងអស់អ្នកដែលទ្រង់បានបង្កើតមកក្នុងរូបអង្គទ្រង់ ដែររាប់បញ្ចូលទាំងរូបកាយរបស់លោកអ្នកផងដែរ។ ប៉ុន្តែ ព្រះអង្គមិនបានទុកយើងចោលតែឯងនោះទេ។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាពិសេសក្នុងកណ្ឌគម្ពីរ១កូរិនថូសជំពូក៥-៧សាវ័ក ប៉ុល បានណែនាំយើងអំពីរបៀបដែលយើងគួរធ្វើដែលទាក់ទងទៅនឹងការមើលរូបភាព ឬក៏វីដេអូអាសអាភាស និងអំពើបាបខាងឯផ្លូវភេទ។
ក្រុមជំនុំកូរិនថូសមានការប្រឡូកប្រឡាក់នឹងអំពើបាបដែលមានការខុសឆ្គងខាងឯផ្លូវភេទជាច្រើនប្រភេទ។ មានបុរសម្នាក់បានរួមភេទជាមួយនឹងម្តាយដែលជាប្រពន្ធរបស់ឪពុកខ្លួន ការដែលធ្វើបែបនោះគឺជាទង្វើដែលព្រះគម្ពីរសញ្ញាចាស់ថ្កោលទាស់យ៉ាងខ្លាំងណាស់ (លេវីវិន័យ ១៨:៨; ចោទិយកថា ២២:៣០; ២៧:២០)។ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ក្រុមជំនុំកូរិនថូសបែរជាអួតអាងអំពីទង្វើបែបនេះទៅវិញ។ ពួកគាត់ថែមទាំងមិនបានដេញបុគ្គលដែលបានប្រព្រឹត្តទង្វើដ៏គួរឲ្យស្អប់ខ្ពើមនោះចេញពីក្រុមជំនុំទៀត។ ពេលដែលសាវ័ក ប៉ុល បានឮពីការអួតអាងបែបនេះ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានសួរថា «តែអ្នករាល់គ្នានៅតែមានចិត្តធំ ឥតកើតទុក្ខព្រួយ[មែនឬ]?» (១កូរិនថូស ៥:២)។
សាវ័ក ប៉ុល បានមានប្រសាសន៍ទាក់ទងទៅនឹងបញ្ហានេះ ដោយផ្ដល់ជូននូវសេចក្ដីពិតខាងឯទេវវិទ្យា ហើយប្រសិនបើពួកគាត់ធ្វើតាម គ្រប់ទាំងសេចក្ដីនោះនឹងផ្ដាច់ចោលនូវរាល់គ្រប់ប្រភេទនៃអំពើបាបដ៏ខុសឆ្គងខាងឯផ្លូវភេទចេញពីដួងចិត្តរបស់យើង។ សាវ័ក ប៉ុល បានលើកឡើងឃ្លាដែលមានន័យស្រដៀងគ្នាប្រាំពីរដងក្នុងកណ្ឌគម្ពីរ ១កូរិនថូស ៥-៧ «តើមិនដឹងថា» ឬ «តើអ្នករាល់គ្នាមិនដឹងទេឬអីថា» ឬក៏ «តើមិនដឹងទេឬអីថា» (១កូរិនថូស ៥:៦; ៦:២-៣, ៩, ១៥-១៦, ១៩)។ តាមរយៈឃ្លាទាំងនោះសាវ័ក ប៉ុល បានសន្មតរួចស្រេចទៅហើយថា យើងគួរតែដឹងជាមុនអំពីអ្វីដែលគាត់រៀបនឹងផ្ដល់ជូនដល់យើង។ គាត់ថែមទាំងជឿថា ចំណេះដឹងនេះក៏នឹងបណ្ដុះបណ្ដាល ហើយនិងគ្រប់គ្រងលើរបៀបនៃការរួមភេទរបស់យើង ពីព្រោះសេចក្ដីពិតទាំងនោះមានពេញដោយអំណាច។ ការមានទេវវិទ្យាដ៏ត្រឹមត្រូវនឹងជួយឲ្យយើងចេះគ្រប់គ្រងលើចំណងចិត្តខាងឯផ្លូវកាយរបស់យើង។
គ្រាប់កាំភ្លើងដែលយើងត្រូវការ
សាវ័ក ប៉ុល មានការបង្គាប់បញ្ជាពីរយ៉ាងសម្រាប់ក្រុមជំនុំ៖ ១) ចូររត់ពីការសហាយស្មន់ចេញ ២) ចូរតម្កើងព្រះនៅក្នុងរូបកាយ (១កូរិនថូស ៦:១៨-២០)។ សាវ័ក ប៉ុល បានផ្ដល់ជូនគ្រាប់កាំភ្លើងប្រាំពីរយ៉ាងដល់យើង ដើម្បីផ្ដល់ជាជំនួយក្នុងការស្ដាប់បង្គាប់បញ្ញត្តិទាំងនេះ ហើយនិងបញ្ឈប់ការមើលរូបភាព ឬក៏វីដេអូអាសអាភាស។
១. ក្នុងនាមជាក្រុមជំនុំរបស់ព្រះជាម្ចាស់ យើងដឹងហើយថា ការប្រព្រឹត្តអំពើបាបខាងឯផ្លូវភេទក្នុងចំណោមក្រុមជំនុំរបស់យើងនឹងធ្វើឲ្យក្រុមជំនុំយើងមានភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ ហើយក្លាយទៅជាមិនល្អ (១កូរិនថូស ៥:៦-៨)។
២. ក្នុងនាមជាអ្នកជឿព្រះគ្រីស្ទ លោកអ្នកដឹងហើយថា ព្រះអង្គបានលាងសម្អាតលោកអ្នក ហើយក៏បានញែកជាបរិសុទ្ធ និងបានរាប់លោកអ្នកជាសុចរិតផង (១កូរិនថូស ៦:១១) ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ និងតាមរយៈព្រះវិញ្ញាណបរិសុទ្ធនៃព្រះជាម្ចាស់ (ដោយសារព្រះត្រៃឯក—ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ—មានចំណែកក្នុងការសង្គ្រោះយើង)។
៣. លោកអ្នកដឹងហើយថា រូបកាយរបស់យើងគឺសម្រាប់ព្រះអម្ចាស់ មិនមែនសម្រាប់ការមើលរូបភាព ឬក៏វីដេអូអាសអាភាស ឬក៏សម្រាប់បំពេញសម្រេចចំណង់កាមតណ្ហា ឬសហាយស្មន់គ្នានោះឡើយ (១កូរិនថូស ៦:១២-១៤)។
៤. លោកអ្នកដឹងហើយថា យើងគឺជាអវយវៈនៃរូបកាយព្រះគ្រីស្ទ (១កូរិនថូស ៦:១៥)។
៥. លោកអ្នកដឹងហើយថា យើងបានរៀបការជាមួយនឹងព្រះគ្រីស្ទហើយ (១កូរិនថូស ៦:១៦-១៧)។
៦. លោកអ្នកដឹងហើយថា អស់អ្នកដែលប្រព្រឹត្តអំពើបាបដោយខ្លួនឯង តាមរយៈ:ការសម្ដែងជាតួថតរូប ឬក៏វីដេអូអាសអាភាសដែលមិនកែប្រែចិត្ត និងអស់អ្នកដែលមើល គឺសុទ្ធតែជាអ្នកដែលនឹងមិនទទួលនគរព្រះជាម្ចាស់ជាមរដកបានឡើយ (១កូរិនថូស ៦:៩-១០)។
៧. លោកអ្នកដឹងហើយថា រូបកាយយើងគឺជាព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធ (១កូរិនថូស ៦:១៩-២០)។ ហេតុដូច្នេះ ចូររត់ចេញពីការសហាយស្មន់ ហើយចូរតម្កើងព្រះនៅក្នុងរូបកាយលោកអ្នកចុះ។
នេះគឺជាគ្រាប់កាំភ្លើងរបស់លោកអ្នក—សេចក្ដីពិតដែលព្រះជាម្ចាស់បានសម្រេច ហើយនិងចំណេះដឹងដែលព្រះអង្គបានប្រទានដល់លោកអ្នកតាមរយៈព្រះគុណរបស់ទ្រង់។
ការប្រើប្រាស់គ្រាប់កាំភ្លើង
សាវ័ក ប៉ុល បានផ្ដល់ជូននូវគ្រាប់កាំភ្លើងដល់លោកអ្នកសម្រាប់ប្រើប្រាស់ក្នុងការតយុទ្ធជាមួយ និងយកជ័យជម្នះលើអំពើបាប។ ឥឡូវនេះ ដោយសារលោកអ្នកមានចំណោះដឹងនេះ ចូរត្រាប់តាមបញ្ញត្តិដោយមានសេរីភាពក្នុងការស្ដាប់បង្គាប់ចុះ។
ទីមួយ៖ ចូរបង្កើតជាទម្លាប់ក្នុងការរត់ចេញពីអំពើបាបខាងឯផ្លូវភេទ។ កុំគ្រាន់តែគេចចេញឡើយ ប៉ុន្តែចូររត់ចេញឲ្យឆ្ងាយពីវា។ ក្នុងព្រះគម្ពីរសញ្ញាចាស់ ពួកគេបានរត់ចេញពីខ្មាំងសត្រូវដ៏សាហាវៗ (លោកុប្បត្តិ ១៤:១០) សត្វពស់ដែលមានពិសពុល (និក្ខមនំ ៤:៣) អ្នកសងសឹកជំនួសគ្រួសារ (ជនគណនា ៣៥:៦) ហើយនិងគ្រោះថ្នាក់ផ្សេងៗទៀតដែលអាចនឹងកើតឡើង។ រីឯ អំពើបាបខាងឯផ្លូវភេទវិញ គឺមានពេញទៅដោយគ្រោះថ្នាក់ដ៏ខ្លាំងបំផុតលើសខ្មាំងសត្រូវទាំងនោះទៅទៀត។ អំពើបាបខាងឯផ្លូវភេទគឺជាខ្មាំងសត្រូវនៃព្រលឹងវិញ្ញាណរបស់លោកអ្នក។ វាចង់នាំឲ្យលោកអ្នកធ្លាក់នរកយ៉ាងអស់កល្បជានិច្ច។
មិនត្រឹមតែប៉ុណ្ណោះទេ ប៉ុន្តែអំពើបាបខាងឯផ្លូវភេទក៏វាយឆ្មក់លើចំណុចស្នូលនៃជីវិតរបស់យើងផងដែរ។ «គ្រប់ទាំងអំពើបាបណាដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកណាដែលសហាយស្មន់គ្នា នោះឈ្មោះថាធ្វើបាបដល់រូបកាយខ្លួនឯងផង» (១កូរិនថូស ៦:១៨)។ ការមើលរូបភាព ឬក៏វីដេអូអាសអាភាសបង្កឲ្យមានហានិភ័យទៅលើឋានៈ និងលក្ខណសម្បត្តិរបស់លោកអ្នកក្នុងព្រះគ្រីស្ទ ព្រោះជាជាងមានការរួបរួមជាមួយនឹងព្រះគ្រីស្ទ លោកអ្នកបែរជាទៅរួមជាមួយនឹងស្ត្រីពេស្យា។ ការនេះធ្វើឲ្យយើងនឹកឃើញពីសាច់រឿងអំពីលោក យ៉ូសែប ក្នុងកណ្ឌគម្ពីរលោកុប្បត្តិ។ ផ្ទុយពីលោក យូដា ដែលជាបងប្រុសរបស់គាត់ (លោកុប្បត្តិ ៣៨) លោក យ៉ូសែប គឺជាគំរូដ៏ល្អមួយណាស់ដែលទាក់ទងទៅនឹងការរត់គេចចេញពីអំពើបាបខាងឯផ្លូវភេទ។ លោក ម៉ូសេ បានកត់ត្រាចុះបួនដងក្នុងកណ្ឌគម្ពីរលោកុប្បត្តិជំពូក៣៩ថាលោក យ៉ូសែប (ដែលមានព្រះវិញ្ញាណរបស់ព្រះសណ្ឋិតនឹងគាត់ដែរ (លោកុប្បត្តិ ៤១:៣៨)) បានរត់ចេញពីការសហាយស្មន់ (លោកុប្បត្តិ ៣៩:១២-១៣, ១៥, ១៨) គាត់បានធ្វើបែបនោះ ពីព្រោះគាត់បានចាត់ទុកអំពើបាបខាងឯផ្លូវភេទថាជា «អាក្រក់យ៉ាងធំនេះ ធ្វើយ៉ាងនោះនឹងមានបាបនៅចំពោះព្រះ» (លោកុប្បត្តិ ៣៩:៩)។ គាត់បានរត់ចេញ ដោយសារគាត់រាប់ការធ្វើបែបនោះជាការត្រឹមត្រូវ ហើយដោយសារគាត់មានឆន្ទៈចង់ថ្វាយសិរីល្អដល់ព្រះជាម្ចាស់។
ទីពីរ៖ ចូរតម្កើងព្រះនៅក្នុងរូបកាយខ្លួន។ ក្នុងព្រះគម្ពីរសញ្ញាចាស់ គោលបំណងនៃការមានព្រះវិហារគឺ ដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់ ហើយនិងដើម្បីញែកព្រះនាមទ្រង់ជាបរិសុទ្ធ (១ពង្សវតក្ស ៨:១០-១១)។ ហើយឥឡូវនេះ អស់អ្នកដែលជឿលើព្រះគ្រីស្ទគឺជាព្រះវិហារថ្មីរបស់ទ្រង់ ដូច្នេះហើយពួកគេត្រូវតែថ្វាយសិរីល្អដល់ព្រះជាម្ចាស់ និងញែកព្រះនាមទ្រង់ទុកជាបរិសុទ្ធតាមរយៈរូបកាយខ្លួន។ ដោយសារព្រះជាម្ចាស់បានទិញលោកអ្នកដោយព្រះលោហិតរបស់ព្រះគ្រីស្ទ នោះមានន័យថា លោកអ្នកគឺជាកម្មសិទ្ធិរបស់ទ្រង់ដូចជាអ្នកបម្រើម្នាក់អញ្ចឹង ហើយព្រះអង្គបានបង្គាប់ឲ្យលោកអ្នកថ្វាយសិរីល្អទៅកាន់បុគ្គលដែលបានបងថ្លៃលោះដ៏ខ្ពស់សម្រាប់លោកអ្នកផងដែរ។
ក្នុងកណ្ឌគម្ពីរហូសេជំពូក៣ហោរា ហូសេ បានប្រាប់នាង កូមើរ (ដែលធ្លាប់មានបុរសផ្សេងស្រឡាញ់នាង) កុំឲ្យធ្វើជាស្ត្រីពេស្យាទៀត ដោយសារទំនាក់ទំនងរបស់គាត់ គឺត្រូវជាប្ដីនិងប្រពន្ធគ្នា។ ដោយសារហោរា ហូសេ បានទិញនាង កូមើរ ដោយមានការបងថ្លៃ ហេតុដូច្នេះហើយបានជាគាត់តម្រូវឲ្យនាងមានភាពស្អាតស្អំ។ «មិនត្រូវឲ្យក្បត់អញ ឬទៅជាប្រពន្ធរបស់អ្នកដទៃណាឡើយ អញក៏នឹងប្រព្រឹត្តចំពោះឯងដូច្នោះដែរ» (ហូសេ ៣:៣)។ ដោយសារព្រះជាម្ចាស់បានទិញអ្នកជឿដោយបង់ថ្លៃលោះជាមួយនឹងព្រះលោហិតដ៏មានតម្លៃរបស់ព្រះរាជបុត្រារបស់ទ្រង់ ដូច្នេះយើងត្រូវតែមានចំណងជាប់នឹងទ្រង់។ យើងមិនមែនជាស្ត្រីពេស្យាទេ។ ចូរថ្វាយសិរីល្អដល់ព្រះជាម្ចាស់នៅក្នុងរូបកាយរបស់លោកអ្នកចុះ។
ព្រោះតែរូបកាយយើងគឺជាដំណាក់របស់ព្រះជាម្ចាស់
ត្រូវហើយបងស្រី! សូមអធិស្ឋានយុវជនដែលលង់ក្នុងការមើលវាផងដែរ សូមព្រះប្រទានពរ!
អាមែន!
អរគុណសម្រាប់មេរៀននេះ។ ខ្ញុំសូមសារភាពថាជាច្រើនដងខ្ញុំមិនបានថ្វាយសិរីល្អដល់ព្រះដោយបណ្តោយអោយសាច់ឈាមអូសទាញទៅតាមភាពស្រើបស្រាលខាងផ្លូវភេទ។ សូមព្រះអង្គអត់ទោសអោយខ្ញុំ ហើយដឹកនាំខ្ញុំអោយខ្ញុំបានថ្វាយសិរីល្អនិងសរសើរតម្កើងទ្រង់ក្នុងរូបកាយខ្ញុំ។ អាមែន!
បាទ អរគុណបងប្រុស។ អរគុណច្រើនដែលបងហ៊ានលើកឡើង នឹងទទួលស្គាល់ ហើយក្លាហាន។ កម្រមានអ្នកដែលសារភាពបែបនេះណាស់។ មេរៀនហ្នឹងនឹងជួយអ្នកផ្សេងទៀតចេញពីការលង់មើលរូបអាសអាភាស។ ចូរសារភាពកំហុសរបស់បងដោយទូលអធិស្ឋានព្រះ ហើយព្រះលោហិតព្រះយេស៊ូវនឹងលាងបងឲ្យបានស្អាត ដូចកណ្ឌគម្ពីរ ១យ៉ូហាន ជំពូក១ ខ៩ «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង»។
គ្មានអំពើបាបណាមួយដែលព្រះយេស៊ូវមិនអាចលប់លាងបានឡើយ ឲ្យតែលន់តួអស់ពីចិត្តមែន។ សូមព្រះប្រទានពរ!
មេរៀននេះ ពិតជាមានតម្លៃ និងសំខាន់ខ្លាំងណាស់ ដល់ព្រលឹងវិញ្ញាណ។