in

តើ​យើង​មាន​អ​ស្ថេរ​ភាព​ខាង​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ការ​រៀប​ការ​មែន​ទេ?

ថ្ងៃ​នេះ យើង​បាន​ទទួល​សំបុត្រ​មួយ​មក​ពី​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ រ៉ៃយា មក​ក្នុង​កម្ម​វិធី​យើង​ថា៖ «ជម្រាប​សួរ​លោក​គ្រូ! តើ​បញ្ហា​ខ្វះ​ខាត​ថវិកា​គឺ​ជា​ហេតុផល​ផ្ទាល់​គ្រប់​គ្រាន់ នៅ​ក្នុង​ការ​ពន្យារ​ពេល​គូ​ស្នេហ៍​វ័យ​ក្មេង​ពី​ការ​រៀប​ការ និង​ពន្យារ​ពេល​ការ​ភ្ជាប់​ពាក្យ​របស់​ពួក​គេ​ក្នុង​រយៈ​ពេល​ដ៏​វែង​មែន​ទេ? សំណួរ​នេះ​សន្មត​ថា​កត្តា​ផ្សេង​ទៀត​ទាំង​អស់​គឺ “ទៅ”៖ ទាំង​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ ក្រុម​ជំនុំ​នៅ​ក្នុង​តំបន់​យល់​ព្រម​លើ​ការ​ផ្គូ​ផ្គង ឪពុក​ម្តាយ​យល់​ព្រម​ចំពោះ​ទំនាក់​ទំនង និង​ភាព​បរិសុទ្ធ​ខាង​ផ្លូវ​អារម្មណ៍ និង​ផ្លូវភេទ​ត្រូវ​បាន​គោរព​ជាដើម។ តើ​លោក​គ្រូ​នឹង​និយាយ​អ្វី​ទៅ​កាន់​ប្ដី​ប្រពន្ធ​នេះ​ដែរ?

ជា​ទូទៅ ខ្ញុំ​នឹង​និយាយ​ថា៖ ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ទុក​ចិត្ត​ព្រះ​ជាម្ចាស់​សម្រាប់​បំណង​ព្រះ​ទ័យ​របស់​ព្រះ​អង្គ និង​សមត្ថភាព​របស់​ទ្រង់​នៅ​ក្នុង​ការ​ជួយ​គូស្នេហ៍​វ័យ​ក្មេង​មួយ​គូ​ឲ្យ​សម្រេច​ធ្វើ​វា​បាន
នៅ​ក្នុង​ស្ថានភាព​បែប​នេះ។ ម្យ៉ាង​ទៀត ខ្ញុំ​ប្រហែល​ជា​កំពុង​ខិត​ឆ្ពោះ​ទៅ «សូម​សម្រេច​ចិត្ត​ចុះ សាក​ប្រថុយ​មើល៍។ រៀបការ​តែ​ម្ដង​ទៅ»។ ប៉ុន្តែ នេះ​គឺ​ជា​សំណួរ​ខ្លះៗ ដែល​ខ្ញុំ​នឹង​សួរ។

ជា​ដៃ​គូ​ជា​ជាង​អ្នក​ផ្គត់​ផ្គង់

តើ​បុរស​ម្នាក់​នោះ​មាន​សមត្ថ​ភាព​ចិញ្ចឹម​ខ្លួន​ឯង និង​ប្រពន្ធ​របស់​គាត់​ដែរ​ឬ​ទេ? ខ្ញុំ​គិត​ថា គាត់​គួរ​តែ​ចង់​ធ្វើ​បែប​នោះ ហើយ​គាត់​គួរតែ​ព្យាយាម​ធ្វើ​បែប​នោះ។ ខ្ញុំ​គិត​ថា វា​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ហៅ​គាត់​ជា​មេ​ដឹក​នាំ ជា​អ្នក​ផ្គត់ផ្គង់ និង​តួនាទី​របស់​គាត់ ក្នុង​នាម​ជា​បុរស។ ប៉ុន្តែ​ប្រហែល​ជា​មាន​ហេតុផល​ល្អ​ដែល​គាត់​មិន​អាច​ធ្វើ​បាន។ ឧទាហរណ៍៖ គាត់​ប្រហែល​ជា​អាច​មាន​ពិការ​ភាព។ គាត់​ប្រហែល​ជា​ទាហាន​ចូល​និវត្តន៍​ម្នាក់​ដែល​បាន​រង​របួស​បាន​ត្រលប់​មក​ផ្ទះ​វិញ ហើយ​គាត់​មិន​អាច​ធ្វើ​ការងារ​ដែល​គាត់​ធ្លាប់​ធ្វើ ដើម្បី​រក​ប្រាក់​ចំណូល​បាន​ទៀត​នោះ​ទេ។ ឥឡូវ​នេះ វា​ប្រហែល​ជា​រឿង​បណ្តោះ​អាសន្ន ហើយ​ប្រពន្ធ​វ័យ​ក្មេង​អាច​នឹង​ចូល​ខ្លួន​មក ហើយ​នាំ​ពួក​គេ​ឆ្លង​កាត់​គ្រា​ដ៏​លំបាក​នោះ​ដោយ​ធ្វើ​ការងារ​ផ្ទាល់​ខ្លួន​របស់​នាង។ ឬ​វា​អាច​ជា​អចិន្ត្រៃយ៍។ ហើយ​នាង​រៀប​ការ​ជា​មួយ​គាត់​នោះ​ដោយ​ដឹង​ពី​ហេតុ​ផល​ណា​មួយ គាត់​នឹង​មិន​អាច​ធ្វើ​អ្វី​ទាំង​អស់​ដែល​គាត់​ចង់​ធ្វើ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​នោះ​ទេ ។ ហើយ​នាង​នឹង​គោរព​ភាព​ជា​បុរស​របស់​គាត់​តាម​របៀប​ផ្សេង​ទៀត គាត់​នឹង​ទទួល​បន្ទុក​តែ​មួយ​គត់​របស់​គាត់​ជា​មេ​ដឹក​នាំ​តាម​របៀប​ផ្សេង​ទៀត។ នាង​ប្រហែល​ជា​អាច​រក​លុយ​បាន​ច្រើន​ជាង​គាត់​ក្នុង​ស្ថាន​ភាព​បែប​នោះ ហើយ​ពួក​គេ​នឹង​ចាប់​ដៃ​គ្នា​បង្កើត​អាពាហ៍ពិពាហ៍​នេះ ឲ្យ​ដំណើរ​ការ​បាន។

វា​អាច​នឹង​ល្អ​សម្រាប់​យើង​នៅ​ក្នុង​ការ​រម្លឹក​ខ្លួន​របស់​យើង​ថា​ សម្រាប់​សង្គម​ភាគ​ច្រើន—ជា​ពិសេស​ផ្នែក​កសិកម្ម—ជា​ច្រើន​សតវត្សរ៍​មុន វា​ត្រូវ​បាន​បង្កើត​នៅ​ក្នុង​តួនាទី​នៃ​អាពាហ៍ពិពាហ៍ ដែល​វា​គឺ​ជា​ការ​ចែក​រំលែក ភាព​ជា​ដៃ​គូរ​ជំនួញ ដែល​ប្រកប​ដោយ​ផលិតភាព។ កសិដ្ឋាន​ដំណើរ​ការ​បាន​ដោយ​សារ គាត់ និង​នាង និង​កូនៗ និង​កូន​ឈ្នួល​បាន​ធ្វើ​កិច្ច​ការ​របស់​ពួក​គេ។ បើ​អ្នក​ណា​ម្នាក់​គេចវេះ​ពី​កាតព្វកិច្ច នោះ​ជំនួញ​នោះ​នឹង​ត្រូវ​បរាជ័យ។ មនុស្ស​គ្រប់​គ្នា​បាន​ធ្វើ​ការ។ វា​មិន​ដូច​ជា​កាល​ដែល​នាង​គ្រាន់​តែ​មើល​រឿង​ភាគ​នោះ​ទេ។ ខ្ញុំ​ដឹង​ថា​នោះ​ជា​រឿង​ខុស​កាល​សម័យ ប៉ុន្តែ​នាង​បាន​ចូល​រួម​យ៉ាង​ពេញលេញ​នៅ​ក្នុង​ផ្នែក​នៅ​ក្នុង​ស្រុក​នៃ​អាជីវ​កម្ម​នេះ​ហៅ​ថា៖ «កសិដ្ឋាន» ហើយ​វា​ចាំ​បាច់​សម្រាប់​នាង ដើម្បី​ក្លាយ​ជា​ផ្នែក​មួយ​នៃ​អាជីវកម្ម​នោះ។

ពេល​ដែល​ត្រូវ​ផ្អាក

ស្ត្រី​វ័យ​ក្មេង​នៅ​ក្នុង​សាច់​រឿង​នេះ ដែល​យើង​កំពុង​និយាយ​អំពី​គួរ​តែ​សួរ​ថា៖ «តើ​គូរ​ដណ្ដឹង​នោះ​មាន​លក្ខណ​សម្បត្តិ​ណា​ដែល​កំពុង​រារាំង​គាត់​មិន​ឲ្យ​រក​ការងារ​ធ្វើ​ដែល​អាច​ជួយ​ផ្គត់ផ្គង់​យើង​ដែរ​ឬ​ទេ? តើ​គាត់​ខ្ជិល​ដែរ​ឬ​ទេ? តើ​គាត់​ខ្លាច​ដែរ​ឬ​ទេ? តើ​គាត់​រំខាន​ដែរ​ឬ​ទេ? តើ​គាត់​ពិត​ជា​វក់​នឹង​កីឡា និង​មិន​ទាន់​ធំ​ដឹង​ក្ដី​ដែរ​ឬ​ទេ? តើ​គាត់​មិន​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​លុយ​កាក់​ដែរ​ឬ​ទេ? តើ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ជាប់​គាំង​នៅ​ត្រង់​ចំណុច​នេះ?»។ ប្រសិន​បើ​នាង​រក​ឃើញ​ថា តាម​ពិត​ទៅ​ទាំង​នេះ​គឺ​ជា​ហេតុ​ផល​ដែល​ពួក​គេ​មិន​អាច​បង្កើត​ស្ថេរ​ភាព​ខាង​ហិរញ្ញវត្ថុ​បាន​នោះ​ទេ ប្រសិន​បើ​ខ្ញុំ​ជា​នាង ខ្ញុំ​នឹង​ដក​ខ្លួន​ចេញ​ពី​ទំនាក់ទំនង​នេះ និង​ប្រាប់​ឲ្យ​គាត់​ដឹង​ថា នាង​ត្រូវ​តែ​ឃើញ​អំពី​ភាព​ពេញ​វ័យ​គួរ​ឲ្យ​កត់​សម្គាល់ មុន​នឹង​នាង​អាច​បន្ត​ទៅ​មុខ​ជា​មួយ​នឹង​អាពាហ៍ពិពាហ៍​បាន។ នោះ​គឺ​ជា​ភាព​បរាជ័យ​ផ្សេង​ទៀត ខុស​ពី​ពិការ​ភាព ឬ​ក៏​ហេតុ​ផល​ដទៃ​ទៀត​ដែល​ប្រហែល​ជា​រារាំង​បុរស​ម្នាក់​ពី​ការ​ផ្គត់ផ្គង់​គ្រួសារ​របស់​គាត់។ នាង​គួរ​តែ​ដឹង​ថា ជា​ញឹកញយ មាន​លក្ខណៈ​សម្បត្តិ​ដែល​រារាំង​បុរស​ម្នាក់​ពី​ការ​ចូល​ខ្លួន​មក និង​បង្កើត​ជីវិត​មួយ​សម្រាប់​ខ្លួន​គាត់ និង​ភរិយា​របស់​គាត់។

ចូរ​ធ្វើ​វា​ចុះ

រឿង​ចុង​ក្រោយ​ដែល​ខ្ញុំ​នឹង​និយាយ គឺ​ត្រង់​កន្លែង​ដែល​ខ្ញុំ​ចាប់​ផ្ដើម។ ប្រសិន​បើ​មាន​ភាព​ចាស់​ទុំ ប្រសិន​បើ​មាន​សេចក្តី​ស្រឡាញ់​ជ្រាលជ្រៅ ប្រសិន​បើ​មាន​ការ​គាំទ្រ​ពី​សហគមន៍ និង​គ្រួសារ ប្រហែល​ខ្ញុំ​នឹង​និយាយ​ថា៖ «ចូរ​ធ្វើ​វា​ចុះ»។ មនុស្ស​ពីរ​នាក់​អាច​រស់​នៅ​ដោយ​ចំណាយ​តិច​ជាង​ការ​រស់​នៅ​ឆ្ងាយ​ពី​គ្នា។ អាពាហ៍ពិពាហ៍​នៅ​ជា​ចំណុច​ល្អ​បំផុត នៅ​ក្នុង​ការ​ជួយ​យើង​នៅ​ក្នុង​គ្រា​ដ៏​លំបាក​ទាំង​ឡាយ មិន​មែន​ជា​អ្វី​ដែល​ត្រូវ​បាន​បដិសេធ​ដោយ​សារ​តែ​គ្រា​លំបាក​ទាំង​ឡាយ​នោះ​ទេ។

ខ្ញុំ​នៅ​ចងចាំ​ថា វា​មាន​អ្វី​ខ្លះ​កើត​ឡើង​សម្រាប់​ខ្ញុំ និង​ប្រពន្ធ​របស់​ខ្ញុំ—កាល​នោះ ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់ ដើម្បី​រៀប​ការ​លឿន​ជាង ពេល​ជាក់​ស្តែង​ដែល​យើង​បាន​រៀប​ការ។ ប្រសិន​បើ​ខ្ញុំ​ត្រូវ​តែ​រៀប​ការ​សារ​ជា​ថ្មី ខ្ញុំ​នឹង​ត្រូវ​រៀប​ការ​ជា​មួយ​ប្រពន្ធ​ខ្ញុំ​មុន​ហ្នឹង​មួយ​ឆ្នាំ លើក​លែង​តែ​ឪពុក​របស់​ប្រពន្ធ​ខ្ញុំ គាត់​ចង់​ឲ្យ​ប្រពន្ធ​ខ្ញុំ​បញ្ចប់​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​សិន មុន​ពេល​ឲ្យ​ពួក​យើង​រៀប​ការ​ជា​មួយ​គ្នា។ ហើយ​យើង​ក៏​អាច​ធ្វើ​វា​បាន​ដែរ។ យើង​ទាំង​ពីរ​នៅ​រៀន​មហា​វិទ្យាល័យ ប៉ុន្តែ​យើង​ក៏​ដឹង​ថា​យើង​នៅ​អាច​រក​ដំណោះ​ស្រាយ​បាន​ដែរ។

ដូច្នេះ ខ្ញុំ​មាន​ទំនោរ​នៅ​ក្នុង​ការ​និយាយ​ថា មាន​គុណវិបត្តិ​នៅ​ក្នុង​ការ​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ពេក ការ​ត្រៀម​ខ្លួន​នៅ​ក្នុង​ការ​រៀប​ការ​នៅ​គ្រប់​វិធី ប៉ុន្តែ បញ្ហា​ហិរញ្ញវត្ថុ​នេះ​មិន​អាច​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ដំណើរ​ការ​ទៅ​មុខ បាន—និង​ការ​ល្បួង​ខាង​ឯ​ផ្លូវ​ភេទ​គឺ​ជា​បញ្ហា​មួយ​នៅ​ក្នុង​ចំណោម​បញ្ហា​ទាំង​នោះ ក៏​ដូច​ជា​ការ​ដែល​រស់​នៅ​ក្នុង​ជីវិត​មួយ​ដែល​ខក​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​គិត​ថា ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​ឲ្យ​គូរ​ស្នេហ៍​រីក​រាយ​ក្នុង​ការ​តយុទ្ធ​មួយ​នេះ​ជា​មួយ​នឹង​គ្នា ប្រសិន​បើ​ពួក​គេ​មាន​ភាព​ចាស់​ទុំ។

និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ កញ្ញា គឹម បូព្រឹក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ស៊ូរ ទិត្យ, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី desiringgod.org  ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សូម​បដិសេធ​សេចក្ដី​បង្រៀន​ខុស​ឆ្គង