in

​រើស​យក​ព្រះ​គ្រីស្ទ?

មិត្ត​អ្នក​អាន​ម្នាក់​ឈ្មោះ​សកល​បាន​ផ្ញើ​សារ​មក​សួរ​ថា «តើ​មនុស្ស​មាន​ឆន្ទៈ​សេរី​ដែរ​ឬ​ទេ?»

យើង​ខ្ញុំ​ចង់​សម្រួល​សំណួរ​នេះ​ឲ្យ​ចំៗ​បន្តិច ដើម្បី​កុំ​ឲ្យ​វា​ទូលំទូលាយ​ពេក ប៉ុន្តែ​យើង​ខ្ញុំ​គិត​ថា​វា​ក៏​នឹង​ឆ្លើយ​ទៅ​លើ​ចំណុច​ស្នូល​នៃ​សំណួរ​នេះ​ដែរ៖ «តើ​យើង​មាន​ឆន្ទៈ​សេរី​ក្នុង​ការ​ជ្រើស​រើស​យក​ព្រះ​គ្រីស្ទ​ធ្វើ​ជា​ព្រះ​អម្ចាស់ ព្រះ​សង្គ្រោះ និង​ទ្រព្យ​សម្បត្តិ​របស់​យើង​ដែរ​ឬ​ទេ?»។ យើង​ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ចំណុច​ស្នូល​នៃ​ការ​ជជែក​វែក​ញែក​គ្នា។ ហើយ​បន្ទាប់​មក យើង​ក៏​អាច​និយាយ​ឲ្យ​ទូលំ​ទូលាយ​ជាង​នោះ​ទៀត​បាន​ដែរ៖ «តើ​យើង​មាន​ឆន្ទៈ​សេរី​ក្នុង​ការ​ញ៉ាំ​ផ្លែ​ចេក​ដែរ​ឬ​ទេ?» ប៉ុន្តែ យើង​ខ្ញុំ​នឹង​គ្រាន់​តែ​ឆ្លើយ​លើ​សំណួរ​ដែល​ថា៖ «តើ​យើង​មាន​ឆន្ទៈ​សេរី​ក្នុង​ការ​ជ្រើស​រើស​យក​ព្រះ​គ្រីស្ទ​ធ្វើ​ជា​ព្រះ​អម្ចាស់ ព្រះ​សង្គ្រោះ និង​ទ្រព្យ​សម្បត្តិ​របស់​យើង​ដែរ​ឬទេ?» ប៉ុណ្ណោះ។ ហើយ​ពិត​ណាស់! គឺ​វា​អាស្រ័យ​ទៅ​លើ​អត្ថន័យ​ដែល​យើង​ផ្ដល់​លើ​ពាក្យ «ឆន្ទៈ​សេរី»។

ការ​ប្ដេជ្ញា​ចិត្ត​ដោយ​ខ្លួន​ឯង​ចុង​ក្រោយ

តោះ! ចូរ​យើង​ចាប់​ផ្ដើម​ដោយ​ផ្ដល់​នូវ​អត្ថ​ន័យ​មួយ​ដែល​អស់​អ្នក​វែក​ញែក​ទាំង​អស់​គ្នា​នឹង​ឯក​ភាព​ជា​មួយ​សិន។ ឧទាហរណ៍៖ យើង​ខ្ញុំ​ដឹង​ថា ក្នុង​ការ​ជជែក​វែក​ញែក​របស់​យើង​ខ្ញុំ​ជា​មួយ​នឹង​លោក​គ្រូ ហ្គ្រេគ ប៊យ (Greg Boyd) គាត់​តែង​តែ​ប្រើ​អត្ថន័យ​នេះ​អំពីអ្វី​ដែល​គាត់​កំពុង​តែ​ការពារ៖ «លោក​អ្នក​មាន​ឆន្ទៈ​សេរី​នៅ​ពេល​ដែល​លោក​អ្នក​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដោយ​ខ្លួន​ឯង​ចុង​ក្រោយ»។

យោង​តាម​អត្ថន័យ​មួយ​នេះ លោក​អ្នក​មាន​ឆន្ទៈ​សេរី​ក្នុង​ការ​ជ្រើស​រើស​យក​ព្រះ​គ្រីស្ទ ប្រសិន​បើ​បុព្វហេតុ​ចុង​ក្រោយ​នៃ​ការ​ជ្រើស​រើស​របស់​លោក​អ្នក​គឺ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ដោយ​ខ្លួន​ឯង​ចុង​ក្រោយ។ ដូច្នេះ ចំណុច​គឺ​លើ​ពាក្យ «ចុង​ក្រោយ»។ ទំនង​ជា​មាន​ចំណុច​ជំរុញ​ជា​ច្រើន​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក​អ្នក​ក្នុង​ការ​ជ្រើស​រើស​យក​ព្រះ​គ្រីស្ទ។ ប៉ុន្តែ មាន​តែ​ចំណុច​ជំរុញ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ចំណុច​ចុង​ក្រោយ ឬ​ក៏​ចំណុច​នៃ​ទី​បញ្ចប់។ យោង​តាម​អត្ថ​ន័យ​មួយ​នេះ ឆន្ទៈ​សេរី​តម្រូវ​ឲ្យ​លោក​អ្នក​ក្លាយ​ជា​អ្នក​សម្រេច​ចុង​ក្រោយ មិន​មាន​អ្វី​ផ្សេង​ទៀត​ឡើយ ដែល​នេះ​មាន​រួម​ទាំង​ព្រះ​ជាម្ចាស់។ ព្រះ​ជាម្ចាស់​មិន​មែន​ជា​ចំណុច​ជំរុញ​ចុង​ក្រោយ ឬ​ក៏​ជា​ចំណុច​នៃ​ទី​បញ្ចប់​ក្នុង​ការ​ជ្រើស​រើស​ទេ។ តែ​លោក​អ្នក​ទេ​តើ។

យើង​អាច​លើក​ឡើង​ម្យ៉ាង​ទៀត​ថា៖ លោក​អ្នក​មាន​ឆន្ទៈ​សេរី​នៅ​ពេល​ដែល​ឆន្ទៈ​របស់​លោក​អ្នក​គឺ​ជា​បុព្វហេតុ​នៃ​ការ​សម្រេច​ទាក់​ទង​នឹង​ការ​ជ្រើស​រើស​យក​ព្រះ​គ្រីស្ទ។ ហើយ​ពាក្យ «សម្រេច» ក៏​មាន​តួនាទី​ដូច​គ្នា​ជា​មួយ​នឹង​ពាក្យ «ចុង​ក្រោយ» ផង​ដែរ។ ទំនង​ជា​មាន​បុព្វហេតុ​ជា​ច្រើន​ដែល​ជះ​ឥទ្ធិពល​លើ​ការ​ជ្រើស​រើស​របស់​លោក​អ្នក​ក្នុង​ការ​យក​ព្រះ​គ្រីស្ទ។ ប៉ុន្តែ ដើម្បី​ឲ្យ​លោក​អ្នក​មាន​សេរី​ភាព យោង​តាម​អត្ថ​ន័យ​មួយ​នេះ បុព្វហេតុ​នៃ​ការ​សម្រេច​ចិត្ត—ចំណុច​ចុង​ក្រោយ​ដែល​នាំ​ឲ្យ​លោក​អ្នក​សម្រេច​យក​ជម្រើស​របស់​លោក​អ្នក—ដាច់​ខាត​គឺ​ត្រូវ​តែ​ជា​ឆន្ទៈ​របស់​លោក​អ្នក មិន​មែន​ឆន្ទៈ​របស់​បុគ្គល​ណា​ម្នាក់​ផ្សេង​ទៀត ដែល​នេះ​ក៏​មាន​រួម​ទាំង​ព្រះ​ជាម្ចាស់​ផង​ដែរ។

ដូច្នេះ នោះ​គឺ​ជា​ចំណុច​នៃ​ការ​វែក​ញែក។ នៅ​ពេល​ដែល​លោក​អ្នក​ទៅ​ដល់​ស្ថាន​សួគ៌ ហើយ​ប្រសិន​បើ​ព្រះ​ជាម្ចាស់​សួរ​លោក​អ្នក​ថា «តើ​អ្វី​ទៅ​ជា​មូល​ហេតុ​ចុង​ក្រោយ​នៃ​ការ​សម្រេច​របស់​ឯង​ក្នុង​ការ​ទទួល​ជឿ​លើ​ព្រះ​រាជបុត្រា​របស់​អញ?»។ តើ​លោក​អ្នក​នឹង​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច? តើ​លោក​អ្នក​នឹង​លើក​ឡើង​ថា «ព្រះ​គុណ​របស់​ព្រះ​អង្គ​គឺ​ជា​មូល​ហេតុ​ចុង​ក្រោយ​នៃ​ការ​សម្រេច​ចិត្ត​របស់​ទូល​បង្គំ​ក្នុង​ការ​ជ្រើស​រើស»? ឬ​ក៏​ថា​លោក​អ្នក​នឹង​ឆ្លើយ​តប​បែប​នេះ​វិញ៖ «ជម្រើស​របស់​ទូល​បង្គំ​គឺ​ជា​មូល​ហេតុ​ចុង​ក្រោយ​នៃ​ការ​សម្រេច​ចិត្ត​របស់​ទូល​បង្គំ»?

សូម​កត់​សម្គាល់​ច្បាស់​ថា សំណួរ​គឺ​មិន​មែន «តើ​យើង​បាន​ធ្វើ​ការ​ជ្រើស​រើស?» នោះ​ទេ។ សំណួរ​គឺ​មិន​មែន «តើ​ឆន្ទៈ​របស់​យើង​មាន​សកម្ម​ភាព ហើយ​ក៏​ចាំបាច់​មាន? នោះ​ទេ។ សំណួរ​ក៏​មិន​មែន «តើ​ជម្រើស​របស់​យើង​ពិត ឬ​ក៏​មិន​ពិត?» នោះ​ទេ។ ចម្លើយ​លើ​សំណួរ​ទាំង​អស់​នេះ​គឺ «បាទ/ចាស៎!»។ លោក​អ្នក​បាន​ធ្វើ​ការ​ជ្រើស​រើស។ ឆន្ទៈ​របស់​លោក​អ្នក​មាន​សកម្ម​ភាព ហើយ​ក៏​ចាំបាច់​ដែរ។ ជម្រើស​របស់​លោក​អ្នក​ក៏​ពិត​ដែរ។ ទាំង​នោះ​មិន​មែន​ជា​សំណួរ​ក្នុង​ការ​វែក​ញែក​នោះ​ទេ។

សំណួរ​គឺ​ថា នៅ​ពេល​ដែល​ឆន្ទៈ​របស់​លោក​អ្នក​អាច​ជ្រើស​រើស តើ​អ្វី​ទៅ​ជា​ចំណុច​សម្រេច​ក្នុង​ការ​នាំ​ឲ្យ​ឆន្ទៈ​នោះ​កើត​មាន​ឡើង? តើ​អ្វី​ទៅ​ជា​ឥទ្ធិពល ឬ​ក៏​ជា​បុព្វហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​បែប​នោះ? ហើយ​ព្រះ​គម្ពីរ​ក៏​បាន​ឆ្លើយ​ដូច​ត​ទៅ៖ ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់។ ហើយ​អ្នក​ដទៃ​លើក​ឡើង​ថា៖ គឺ​អំណាច​នៃ​ការ​ប្ដេជ្ញា​ចិត្ដ​ផ្ទាល់​របស់​លោក​អ្នក​ទេ​តើ។ ដូច្នេះ អ្វី​ដែល​យើង​ខ្ញុំ​កំពុង​តែ​ប្រកែក​ក្នុង​ការ​ជ្រើស​រើស​យក​ព្រះ​គ្រីស្ទ​គឺ​ថា យើង​មិន​មាន​ឆន្ទៈសេរី​បែប​នេះ​នោះ​ទេ—ដែល​នេះ​មាន​ន័យ​ថា អំណាច​នៃ​ការ​ប្ដេជ្ញា​ចិត្ដ​ផ្ទាល់។ ខាង​ក្រោម​នេះ​គឺ​ជា​ខគម្ពីរ​បី​ប្រភេទ​ដែល​យើង​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​យើង​គិត​លើ៖

១. ខ្វាក់ និង​ពុក​រលួយ

ទី១ យើង​មាន​ភាព​ពុក​រលួយ​យ៉ាង​ធ្ងន់ធ្ងរ​ខាង​ឯ​សីលធម៌​ដល់​ថ្នាក់​ថា យើង​មិន​មាន​សមត្ថ​ភាព​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ល្អ​បាន​ឡើយ។ យើង​មិន​អាច​ទទួល​ជឿ​បាន​ទេ។ «ដ្បិត​គំនិត​ខាង​សាច់​ឈាម នោះ​ជា​សេចក្ដី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះ​វិញ្ញាណ នោះ​ទើប​ជា​ជីវិត នឹង​សេចក្ដី​សុខ​សាន្ត​វិញ ព្រោះ​គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង» (រ៉ូម ៨:៦-៧)។

«គំនិត​ខាង​សាច់​ឈាម» ដែល​នៅ​ក្រៅ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ មិន​អាច​ចុះ​ចូល​ចំពោះ​ព្រះ​ជាម្ចាស់​បាន​ឡើយ។ យើង​ស្រឡាញ់​ការ​លើក​តម្កើង​ខ្លួន​ឯង ហើយ​ក៏​មិន​អាច​ចុះ​ចូល​បាន​ដែរ។ ឬ​ក៏​សូម​ពិចារណា​លើ​កណ្ឌ​គម្ពីរ ១កូរិនថូស ២:១៤៖ «ប៉ុន្តែ មនុស្ស​ខាង​សាច់​ឈាម គេ​មិន​ទទួល​សេចក្ដី​ខាង​ឯ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​ទេ ពីព្រោះ​ជា​សេចក្ដី​ល្ងង់​ល្ងើ​ដល់​គេ ក៏​រក​ស្គាល់​មិន​បាន​ដែរ ដ្បិត​ត្រង់​ឯ​សេចក្ដី​ទាំង​នោះ ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ»—គាត់​រក​ស្គាល់​មិន​បាន!—ក្នុង​ការ​យល់​សេចក្ដី​ទាំង​នោះ ពីព្រោះ​ពួក​គាត់​មិន​មាន​ការ​ដឹង​ខុស​ត្រូវ​ខាង​ឯ​ព្រលឹង​វិញ្ញាណ។ ដូច្នេះ ខ​គម្ពីរ​ទាំង​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​បាន​លើក​ឡើង​ថា យើង​មិន​អាច​យល់ និង​ចុះ​ចូល​ចំពោះ​ព្រះ​ជាម្ចាស់​បាន ពីព្រោះ​យើង​មាន​ភាព​ពុក​រលួយ។

២. អំណោយ​ទាន​នៃ​ជំនឿ​របស់​ព្រះ​ជាម្ចាស់

ទី២ យើង​មិន​អាច​ជ្រើស​រើស​យក​ព្រះ​គ្រីស្ទ​បាន​ទេ។ ជា​ចុង​ក្រោយ វា​គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​ជាម្ចាស់៖ «ក៏​មិន​គួរ​ឲ្យ​បាវ​បម្រើ​នៃ​ព្រះ​អម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាបសា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន ទាំង​មាន​ចិត្ត​អត់​ធ្មត់​ផង ត្រូវ​ប្រដៅ​ដំរង់​មនុស្ស​ដែល​ទទឹងទទែង ដោយ​មាន​ចិត្ត​សុភាព ក្រែង​ព្រះ​ទ្រង់​នឹង​បណ្ដាលឲ្យ​គេ​ប្រែ​ចិត្ត ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត​វិញ» (២ធីម៉ូថេ ២:២៤-២៥)។ ដូច្នេះ វា​ទាម​ទារ​ឲ្យ​មាន​ការ​កែ​ប្រែ​ចិត្ត ហើយ​យើង​ក៏​មិន​អាច​ធ្វើ​ការ​នេះ​បាន​ដោយ​ខ្លួន​ឯង​ដែរ។ បុព្វហេតុ​នៃ​ការ​សម្រេច​ចិត្ត​គឺ​ថា ព្រះ​ជាម្ចាស់​ទំនង​ជា​អាច​នឹង​ប្រទាន​ការ​កែ​ប្រែ​ចិត្ត​ដល់​យើង។

ឬ​ក៏​សូម​អាន​កណ្ឌ​គម្ពីរ ភីលីព ១:២៩៖ «ដ្បិត​មាន​ឱកាស​បើក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ មិន​មែន​ឲ្យ​គ្រាន់​តែ​ជឿ​ដល់​ព្រះ​គ្រីស្ទ​តែ​ប៉ុណ្ណោះ​ទេ គឺ​ឲ្យ​រង​ទុក្ខ​ដោយ​ព្រោះ​ទ្រង់​ដែរ»។ ការ​ជឿ​ព្រះ​គ្រីស្ទ​គឺ​ជា​អំណោយ​ទាន។ ព្រះ​អង្គ​បាន​ប្រទាន​មក​កាន់​លោក​អ្នក ពីព្រោះ​លោក​អ្នក​មិន​អាច​បង្កើត​វា​នៅ​ក្នុង​ខ្លួន​ឯង​បាន។ ដូច្នេះ​ហើយ​បាន​ជា​សាវ័ក ប៉ុល លើក​ឡើង​ថា «ដូច្នេះ មិន​សម្រេច​នឹង​អ្នក​ណា​ដែល​ចង់​បាន ឬ​នឹង​អ្នក​ណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេច​នឹង​ព្រះ ដែល​មាន​សេចក្ដី​មេត្តាករុណា​វិញ» (រ៉ូម ៩:១៦)។

៣. ព័ន្ធ​កិច្ច​នៃ​ការ​សម្រេច​របស់​ព្រះ​ជាម្ចាស់

ទី៣ តើ​បទ​ពិសោធន៍​នេះ​មាន​លក្ខណៈ​ដូច​ម្ដេច នៅ​ពេល​ដែល​យើង​ជ្រើស​រើស​តាម​រយៈ​អំណាច​របស់​បុគ្គល​ណា​ម្នាក់​ផ្សេង​ទៀត? ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១៥:១០ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា «ប៉ុន្តែ ដែល​ខ្ញុំ​បាន​ជា​យ៉ាង​ណា នោះ​គឺ​បាន​ដោយ​ព្រះ​គុណ​នៃ​ព្រះ​ទេ ហើយ​ព្រះ​គុណ​ដែល​ទ្រង់​បាន​ផ្ដល់​មក​ខ្ញុំ នោះ​មិន​មែន​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ខ្ញុំ​បាន​ខំ​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​សន្ធឹក​ណាស់ ប៉ុន្តែ មិន​មែន​ជា​ខ្ញុំ គឺ​ជា​ព្រះ​គុណ​នៃ​ព្រះ ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ​វិញ»។ ដូច្នេះ យើង​ឃើញ​អំពី​ទិដ្ឋភាព៖ ខ្ញុំ​ក៏​ពិត​ជា​ជ្រើស​រើស។ ខ្ញុំ​ក៏​ពិត​ជា​មាន​សកម្ម​ភាព។ ខ្ញុំ​កំពុង​តែ​ធ្វើ​ការ។ ប៉ុន្តែ ទេ! គឺ​ព្រះ​ជាម្ចាស់​ទេ​តើ​ដែល​កំពុង​តែ​ធ្វើ​ព័ន្ធ​កិច្ច​នៅ​ក្នុង​ខ្ញុំ។ ព្រះ​អង្គ​គឺ​ជា​អង្គ​ដែល​សម្រេច ជា​បុព្វហេតុ​នៅ​ពី​ក្រោយ​ដែល​នាំ​ឲ្យ​វា​កើត​ឡើង។ ដូច​គ្នា​ក្នុង​កណ្ឌ​គម្ពីរ ភីលីព ២:១២-១៣៖ «ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោត​ខ្លាច ហើយ​ញាប់​ញ័រ​ចុះ…ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្ដាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ដែរ»។ ព្រះ​ហឫទ័យ​របស់​ព្រះ​អង្គ​គឺ​ជា​បុព្វហេតុ​នៃ​ឆន្ទៈ​របស់​លោក​អ្នក ហើយ​ការ​ខិត​ខំ​ធ្វើ​ការ​របស់​លោក​អ្នក​គឺ​ជា​ព័ន្ធកិច្ច​តាម​រយៈ​ព្រះ​អង្គ។

នេះ​គឺ​ជា​សេចក្ដី​សន្និដ្ឋាន​របស់​យើង​ខ្ញុំ៖ ប្រសិន​បើ​ព្រះ​អង្គ​ទុក​យើង​ចោល​ក្នុង​ឆន្ទៈ​សេរី​របស់​យើង—ដែល​នេះ​គឺ​អំណាច​នៃ​ការ​ប្ដេជ្ញា​ចិត្ត​ចុង​ក្រោយ​របស់​យើង​ផ្ទាល់ នោះ​យើង​ទាំង​អស់​គ្នា​នឹង​ប្រើ​ប្រាស់​វា ដើម្បី​បដិសេធ​ព្រះ​គ្រីស្ទ​ជា​មិន​ខាន។ យើង​ស្លាប់​ខាង​ឯ​វិញ្ញាណ ល្ងីល្ងើ ខ្វាក់ និង​ទាស់​ប្រឆាំង​នឹង​ព្រះ​គ្រីស្ទ—យើង​ស្រឡាញ់​សេចក្ដី​ងងឹត​ខ្លាំង​ណាស់—ដល់​ថ្នាក់​ថា យើង​មិន​ទាំង​មាន​សមត្ថ​ភាព​ខាង​ឯ​សីលធម៌​ក្នុង​ការ​ឃើញ ការ​ឲ្យ​តម្លៃ និង​ការ​ជ្រើស​រើស​យក​ព្រះ​គ្រីស្ទ​ជាជាង​យក​លោកីយ៍​នេះ។

ព្រះ​គុណ​នៃ​អធិបតេយ្យ​ភាព​របស់​ព្រះ​ជាម្ចាស់​បាន​យាង​ចូល​មក​ក្នុង​ជីវិត​របស់​យើង យក​ឈ្នះ​លើ​ការ​បះបោរ​របស់​យើង យក​ឈ្នះ​លើ​ភាព​ខ្វាក់​របស់​យើង និង​លើ​ការ​ស្លាប់​របស់​យើង ហើយ​ធ្វើ​ឲ្យ​យើង​មាន​សមត្ថ​ភាព​ក្នុង​ការ​ឃើញ​ព្រះ​គ្រីស្ទ​ក្នុង​លក្ខណៈ​ជំរុញ និង​ស្អាត​ដែល​នាំ​ឲ្យ​យើង​មាន​ការ​ជ្រើស​រើស​យក​ព្រះ​គ្រីស្ទ​ដោយ​សេរី។ ពិត​ណាស់ យើង​ខ្ញុំ​ដឹង​ថា យើង​មិន​ទាន់​បាន​ឆ្លើយ​សំណួរ «បើ​អញ្ចឹង​មែន តើ​យើង​មាន​ការ​ទទួល​ខុស​ត្រូវ និង​ទំនួល​ខុស​ត្រូវ​យ៉ាង​ដូច​ម្ដេច​ទៅ?» ប៉ុន្តែ អ្វី​ដែល​យើង​ខ្ញុំ​ចង់​ឆ្លើយ​ក្នុង​ឯកសារ​នេះ​គឺ​ថា «ទេ! យើង​មិន​មាន​ឆន្ទៈ​សេរី​ក្នុង​ការ​ជ្រើស​រើស​យក​ព្រះ​គ្រីស្ទ​នោះ​ទេ ប្រសិន​បើ​យើង​ផ្ដល់​អត្ថ​ន័យ​លើ​ឆន្ទៈ​សេរី​ថា ជា​ការ​ប្ដេជ្ញា​ចិត្ត​ចុង​ក្រោយ​របស់​យើង​ផ្ទាល់។»

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ត្រូវ​ប្រដាប់​ខ្លួន

ព្រះ​អង្គ​យក​ព្រះ​ទ័យទុក​ដាក់