in

ការ​ជឿ​យ៉ាង​អាក្រក់

Believing the Worst of Those Who Love Me Most

អំពើ​បាប​មាន​ភាព​រឹងរូស​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល និង​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង។ ជីវិត​ជា​គ្រីស្ទ​បរិស័ទ​គឺ​ជា​ជីវិត​មួយ​ដែល​កាន់​តែ​ជោគជ័យ​ទៅ​លើ​អំពើ​បាប ប៉ុន្តែ​ទោះ​បើ​យើង​មាន​អំណរ​អរ​ជា​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​មាន​ការ​ខក​ចិត្ត​ជា​ច្រើន​ដែរ ហើយ​ទោះ​បើ​មាន​ជ័យ​ជម្នះ​ជា​ច្រើន​ក៏​នៅ​មាន​ការ​បរាជ័យ​ជា​ច្រើន​ដែរ។ ទោះ​បើ​យើង​បាន​សម្លាប់​អំពើ​បាប​ជា​ច្រើន​ក៏​ដោយ ក៏​នៅ​មាន​អំពើ​បាប​ជា​ច្រើន​ទៀត​នោះ​ដែរ។

ចំណុច​មួយ​នៃ​អំពើ​បាប​ដែល​បន្ត​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទាល់​គំនិត ហើយ​ខក​ចិត្ត​គឺ​ទាក់​ទង​ទៅ​នឹង​ចំណុច​ដែល​យើង​ខ្ញុំ​មិន​អាច​គិត​ឲ្យ​បាន​ជាប់​លាប់ ហើយ​ធ្វើ​ការ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​អំពី​ទឹក​ចិត្ត​នៃ​មូល​ហេតុ​របស់​បុគ្គល​ណា​ម្នាក់។ ទំនង​វា​មិន​ទាក់​ទង​នឹង​ការ​គិត​អំពី​ទឹក​ចិត្ត​នៃ​មូល​ហេតុ​របស់​គេ​ប៉ុន្មាន​ទេ ប៉ុន្តែ​ទាក់​ទង​នឹង​ការ​ដែល​យើង​ខ្ញុំ​សន្មត​អំពី​ពួក​គេ​វិញ។ យើង​ខ្ញុំ​ពិត​ជា​មាន​ភ្ញាក់​ផ្អើល​មែន​ទែន​ទាក់​ទង​នឹង​ទំនោរ​នៃ​ការ​សន្មត​យ៉ាង​អាក្រក់ៗ​ដែល​ចេញ​ពី​គំនិត​របស់​យើង​ខ្ញុំ​ទៅ​លើ​អ្នក​ដទៃ ជា​ពិសេស​ទៅ​កាន់​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អៗ​ជា​ច្រើន​សម្រាប់​យើង​ខ្ញុំ។

យើង​ខ្ញុំ​បាន​រៀប​ការ​ជា​មួយ​នឹង អេលីន (Aileen) ដែល​ជា​ប្រពន្ធ​របស់​យើង​ខ្ញុំ​លើស​ជាង ១៤ ឆ្នាំ​ហើយ​ឥឡូវ​នេះ។ ក្នុង​អំឡុង​ពេល​នេះ គាត់​បាន​ស្រឡាញ់ មាន​ភាព​ស្មោះ​ត្រង់ ពេញ​ដោយ​ក្តី​មេត្តា និង​មាន​នូវ​រាល់​ចំណុច​ដែល​ប្ដី​គ្រប់​គ្នា​អាច​នឹង​ចង់​បាន​ពី​ប្រពន្ធ​របស់​ខ្លួន។ គាត់​បាន​បង្កើត​កូន​បី​នាក់​សម្រាប់​យើង​ខ្ញុំ បាន​ទ្រទ្រង់​យើង​ខ្ញុំ​នៅ​រាល់​គ្រប់​កាលៈទេសៈ​នៃ​ការ​ផ្លាស់​ប្ដូរ​ការងារ បាន​អត់​ទ្រាំ​នឹង​អំពើ​បាប​របស់​យើង​ខ្ញុំ ព្រម​ទាំង​បាន​អធិស្ឋាន​សម្រាប់​យើង​ខ្ញុំ​ក្នុង​រាល់​ចំណុច​ពិបាកៗ បាន​ជួយ​យើង​ខ្ញុំ​ឲ្យ​ក្លាយ​ជា​បុរស​ម្នាក់​ដែល​ក្រុម​ជំនុំ​អាច​ហៅ​ថា​ជា​គ្រូ​គង្វាល​របស់​ពួក​គេ​បាន។ ប៉ុន្តែ ក្នុង​ពេល​វេលា​តែ​មួយ​ភ្លែត ក្នុង​ពេល​តែ​មួយ​ពព្រិច​ភ្នែក​តែ​ប៉ុណ្ណោះ ពេល​ដែល​គាត់​បាន​ធ្វើ​នូវ​អ្វីមួយ​ដែល​មិនជា​ការ​សប្បាយ​ចិត្ត​ដល់​យើង​ខ្ញុំ យើង​ខ្ញុំ​ក៏​បាន​ច្រឡោត​ឡើង​ហាក់​បី​ដូច​ជា​ថា គាត់​មិន​ដែល​បាន​ស្រឡាញ់​យើង​ខ្ញុំ​ទាល់​តែ​សោះ ហាក់​បី​ដូច​ជា​ថា​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​យើងខ្ញុំ​តែ​អ្វី​ដែល​ជា​ការ​មើល​ងាយ​តែ​ប៉ុណ្ណោះ។ ក្នុង​រំពេច​នោះ​យើង​ខ្ញុំ​បែរ​ជា​មិន​ទទួល​ស្គាល់​នូវ​រាល់​ឆ្នាំ​ទាំង​អស់​ដែល​គាត់​បាន​ស្រឡាញ់​យើង​ខ្ញុំ បាន​លះ​បង់​សម្រាប់​យើង​ខ្ញុំ ហើយ​បែរ​ជា​សន្មត​ថា ឥឡូវ​នេះ​គាត់​កំពុង​តែ​ទាស់​ប្រឆាំង​នឹង​យើង​ខ្ញុំ​ទៅ​វិញ ដោយ​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​សម្រាប់​គាត់​ជា​ជាង​សម្រាប់​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​ឈឺ​ចាប់​ជា​ជាង​ក្នុង​ការ​ជួយ​យើង​ខ្ញុំ។ តែ​មួយ​រំពេច​នោះ​យើង​ខ្ញុំ​បែរ​ជា​បោះ​បង់​នូវ​រាល់​ភស្តុតាង​នៃ​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចោល ហើយ​បែរ​ទៅ​ជា​បង្ហាញ​នូវ​ឥរិយាបថ​ហាក់​បី​ដូច​ជា​គាត់​បាន​ស្អប់​យើង​ខ្ញុំ​ទៅ​វិញ។

វា​កើត​ឡើង​ចេញ​ពី​រឿង​ដ៏​តូច​តាច​តែ​ប៉ុណ្ណោះ​ដែល​បណ្ដាល​ឲ្យ​ខ្ញុំ​ច្រឡោត​បែប​នេះ។ វា​មិន​ទាក់​ទង​ទៅ​នឹង​អំពើ​បាប​ដ៏​ធ្ងន់ធ្ងរ ឬ​ក៏​ការ​ផិត​ក្បត់​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​បណ្ដាល‌​ឲ្យ​យើង​ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​អំពី​គាត់​នៅ​ក្នុង​ចិត្ត​គំនិត​នោះ​ទេ។ វា​គ្រាន់​តែ​ជា​រឿង​ដ៏​តូច​តាច​មួយ​ប៉ុណ្ណោះ ជា​រឿង​ដែល​ទំនង​មិន​មែន​ជា​អំពើ​បាប​ផង។ វា​ទាក់​ទង​ទៅ​នឹង​ការ​យឺត​យ៉ាវ​នៅ​ពេល​ដែល​យើង​ខ្ញុំ​ចង់​ទៅ​មុន​ម៉ោង។ វា​ទាក់​ទង​ទៅ​នឹង​ការ​សួរ​សំណួរ ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់​នៅ​ពេល​ដែល​យើង​ខ្ញុំ​ចង់​បន្ត​ទៅ​មុខ​ទៀត។ វា​ទាក់​ទង​ទៅ​នឹង​អាទិភាព​ដែល​គាត់​ឲ្យ​លើ​ខុស​គ្នា​ពី​អាទិភាព​របស់​យើង​ខ្ញុំ។ ហើយ​នៅ​ក្នុង​រំពេច​នោះ យើង​ខ្ញុំ​បែរ​ជា​ភ្លេច​នូវ​ប្រវត្តិ​របស់​យើង បែរ​ជាភ្លេច​នូវ​លក្ខណៈ​សម្បត្តិ​របស់​គាត់ ព្រម​ទាំង​ភ្លេច​ថា​មូល​ដ្ឋាន​របស់​គាត់​គឺ​សម្រាប់​ប្រយោជន៍​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​បែរ​ជា​ជឿ​ថា គាត់​ហើយ​នឹង​យើង​ខ្ញុំ​គឺ​ជា​ខ្មាំង​សត្រូវ​នឹង​គ្នា​ទៅ​វិញ។ គាត់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​មិន​សប្បាយ​ចិត្ត ហេតុ​ដូច្នេះ​ហើយ​ប្រាកដ​ណាស់​គាត់​ពិត​ជា​ស្អប់​យើង​ខ្ញុំ​មែន។ យើង​ខ្ញុំ​បាន​ឆ្លើយ​តប​ដោយ​ប្រព្រឹត្ត​នូវ​ឥរិយាបថ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម។ ពេល​ខ្លះ ឥរិយាបថ​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​ជា​ពាក្យ​ពេចន៍​អសុរោះ ឬ​ក៏​ការ​មាន​ឥរិយាបថ​ដែល​មិន​សមរម្យ ហើយ​ពេល​ខ្លះ​ទៀត​វា​ក៏​ត្រូវ​បាន​បង្ហាញ​ឡើង​ក្នុង​ការ​មិន​និយាយ​ស្ដី​ដាក់​គាត់ ឬ​ក៏​ការ​រអ៊ូ​រទាំ​ជា​ដើម។

យើង​ខ្ញុំ​បាន​ដឹង​ថា យើង​ខ្ញុំ​មិន​មែន​តែ​ជា​បុគ្គល​តែ​ម្នាក់​ដែល​តយុទ្ធ​ក្នុង​របៀប​នេះ​ឡើយ ហើយ​បើ​យើង​ខ្ញុំ​និយាយ​ឲ្យ​ចំៗ​ទៅ ជា​ដំបូង​យើង​ខ្ញុំ​បាន​ឃើញ​អំពើ​បាប​នេះ​ក្នុង​អ្នក​ដទៃ ហើយ​បន្ទាប់​មក​ទើប​យើង​ខ្ញុំ​បាន​ឃើញ​ក្នុង​ជីវិត​របស់​យើង​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ គ្រូ​គង្វាល​គ្រប់ៗ​រូប​ក៏​អាច​លើក​ឡើង​ជា​ឧទាហរណ៍​ដែល​ការ​នេះ​កើត​ឡើង​ក្នុង​សមាជិក​នៃ​ក្រុម​ជំនុំ​របស់​គាត់ ដែល​ពួក​គាត់​បាន​បម្រើ​ជា​ច្រើន​ឆ្នាំ បាន​អធិស្ឋាន​សម្រាប់ ហើយ​ក៏​បាន​លះ​បង់​ជា​ច្រើន តែ​សមាជិក​បែរ​ជា​ទាស់​នឹង​គាត់​ពេល​ដែល​ពួក​គេ​មិន​សប្បាយ​ចិត្ត (ហើយ​ស្រប​គ្នា​នោះ​ដែរ គាត់​ក៏​ទំនង​ជា​ទាស់​ប្រឆាំង​យ៉ាង​ឆាប់​រហ័ស​មក​វិញ​ស្មើ​នឹង​ពួក​គេ​ដែរ ពេល​ដែល​គាត់​មាន​អារម្មណ៍​ថា កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង)។ ឪពុក​ម្ដាយ​គ្រប់ៗ​រូប​ក៏​មាន​រឿង​ស្រដៀង​គ្នា​នេះ​ដែរ ទាក់​ទង​នឹង​ពេល​ដែល​កូន​របស់​គាត់​បាន​ឆ្លើយ​តប​យ៉ាង​ឆាប់​រហ័ស ដោយ​បាន​បំភ្លេច​នូវ​ក្ដី​ស្រឡាញ់ និង​ការ​លះ​បង់​របស់​ឪពុក​ម្ដាយ​ខ្លួន​ជា​ច្រើន​ឆ្នាំ ហើយ​ក៏​បែរ​ជា​ទាស់​ប្រឆាំង​នឹង​ឪពុក​ម្ដាយ​ទៅ​វិញ។

យើង​ខ្ញុំ​ពិត​ជា​ស្អប់​ឥរិយាបថ​បែប​នេះ​ក្នុង​ខ្លួន​ឯង​ណាស់។ យើង​ខ្ញុំ​ស្អប់​អំពើ​បាប​នេះ​ណាស់។ យើង​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា មូល​ហេតុ​ចម្បង​នេះ​ហើយ ទាក់​ទង​ទៅ​ជា​មួយ​នឹង​ការ​ស្រឡាញ់ ឬ​ក៏​ការ​មិន​ស្រឡាញ់។ យើង​ខ្ញុំ​ក៏​ដឹង​ដែរ​ថា នៅ​មាន​អំនួត​បាន​លាយ​ឡំ​ក្នុង​ចំណុច​ណា​មួយ ហើយ​ក៏​នៅ​មាន​អំពើ​បាប​ណា​ផ្សេងៗ​ទៀត​លាយ​ឡំ​ផង​ដែរ ប៉ុន្តែ​ចំណុច​គោល​គឺ​អំពី​សេចក្ដី​ស្រឡាញ់។ យើង​ខ្ញុំ​ដឹង​ដោយ​សារ​កណ្ឌ​គម្ពីរ ១កូរិនថូស ១៣:៧ បាន​ប្រាប់​យើង​ខ្ញុំ​ដូច​ត​ទៅ៖ «សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ទាំង​អស់ ជឿ​ទាំង​អស់ សង្ឃឹម​ទាំង​អស់ ហើយ​ទ្រាំទ្រ​ទាំង​អស់» (គកម)។ នេះ​ហើយ​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​គួរ​ដំណើរ​ការ​នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើង។ វា​បំផ្លាស់​បំប្រែ​យើង​ខ្ញុំ ដើម្បី​ឲ្យ​ឥឡូវ​នេះ​យើង​ខ្ញុំ​អាច​សន្មត​អំពី​ទឹក​ចិត្ត​ល្អៗ ជា​ជាង​អំពី​ទឹក​ចិត្ត​អាក្រក់ៗ ហើយ​ឥឡូវ​នេះ​យើង​ខ្ញុំ​អាច​ឆ្លើយ​តប​ដោយ​មាន​សង្ឃឹម​ជា​ជាង​មន្ទិល​សង្ស័យ។ ប៉ុន្តែ ការ​ឆ្លើយ​តប​របស់​យើង​ខ្ញុំ​បាន​បង្ហាញ​ថា សេចក្ដី​ស្រឡាញ់​មិន​ទាន់​បាន​ដំណើរ​ការ​នៅ​ក្នុង​ចរិត​លក្ខណៈ​របស់​យើង​ខ្ញុំ​រហូត​ដល់​ចំណុច​នេះ​នៅ​ឡើយ​ទេ។

យើង​ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​យើង​ខ្ញុំ​ណាស់។ យើង​ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​របស់​យើង​ខ្ញុំ​ខ្លាំង​ជាង​ការ​ដែល​យើង​ខ្ញុំ​អាច​គិត​ថា​វា​អាច​ទៅ​រួច​បាន​ទៀត​ផង ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ក៏​អំពើ​បាប​មួយ​នេះ​បាន​បង្ហាញ​ជា​ភស្តុតាង​ថា​យើង​ខ្ញុំ​ស្រឡាញ់​គាត់​តិច​ណាស់ ពោល​គឺ​តិច​ជាង​អ្វី​ដែល​យើង​ខ្ញុំ​អាច​ធ្វើ​បាន ឬ​ក៏​ទំនង​ជា​តិច​ជាង​អ្វី​ដែល​យើង​ខ្ញុំ​អាច​គិត​ថា​យើង​ខ្ញុំ​ធ្វើ​បាន​ទៅ​ទៀត។ ប្រសិន​បើ​យើង​ខ្ញុំ​ពិត​ជា​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង ហើយ​យ៉ាង​ល្អ​ប្រសើរ​មែន នោះ​យើង​ខ្ញុំ​នឹង​ទទួល​ជឿ​នូវ​រាល់​អ្វីៗ និង​មាន​សង្ឃឹម​នូវ​រាល់​អ្វីៗ​ដែរ។ ក្នុង​មួយ​រំពេច​ពេល​ដែល​យើង​ខ្ញុំ​មិន​សប្បាយ​ចិត្ត នោះ​យើង​ខ្ញុំ​នឹង​មិន​សន្មត​អំពី​ទឹក​ចិត្ត​ដ៏​អាក្រក់​នៃ​មូល​ហេតុ​របស់​គាត់​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នឹង​សន្មត​អំពី​អ្វី​ដែល​ល្អៗ​វិញ។ ក្នុង​ពេល​ដែល​យើង​ខ្ញុំ​កំពុង​តែ​ងឿង​ឆ្ងល់ ក្ដី​សង្ឃឹម​នឹង​កើត​មាន​ឡើង​ជាជាង​ការ​ស្អប់ យើង​ខ្ញុំ​នឹង​បង្ហាញ​ការ​ជឿ​ទុក​ចិត្ត​លើ​គាត់​ជាជាង​កំហឹង។ ប៉ុន្តែ ជា​រឿយៗ ក្ដី​ស្រឡាញ់​ប្រភេទ​នេះ​គឺ​តែង​តែ​មាន​ការ​ខ្វះ​ខាត។

នេះ​គឺ​ជា​ពេល​វេលា​ដែល​ថា ការ​គិត​អំពី​ដំណឹង​ល្អ​គឺ​ជា​ជំនួយ​ដ៏​សំខាន់។ ខណៈ​ពេល​ដែល​យើង​ខ្ញុំ​គិត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​ខ្ញុំ​ឃើញ​អំពី​គំរូ​ដ៏​អស្ចារ្យ​នៃ​ក្ដី​ស្រឡាញ់​ក្នុង​ទង្វើ​ដ៏​អស្ចារ្យ​នៃ​ក្ដី​ស្រឡាញ់។ ខណៈ​ពេល​ដែល​យើង​ខ្ញុំ​សម្លឹង​មើល​ក្ដី​ស្រឡាញ់​មួយ​នេះ ខណៈ​ពេល​ដែល​យើង​ខ្ញុំ​គិត​អំពី​ក្ដី​ស្រឡាញ់​មួយ​នេះ ខណៈ​ពេល​ដែល​យើង​ខ្ញុំ​សញ្ជឹង​គិត​លើ​វា ខណៈ​ពេល​ដែល​យើង​ខ្ញុំ​យក​អត្ថ​ប្រយោជន៍​របស់​វា​មក​ដាក់​លើ​ខ្លួន​ឯង នោះ​ជា​លទ្ធផល​យើង​ខ្ញុំ​ក៏​អាច​លូត​លាស់​ក្នុង​ការ​ស្រឡាញ់​ដែរ។ សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​បាន​ក្លាយ​ជា​សេចក្ដី​ស្រឡាញ់​របស់​យើង​ខ្ញុំ ហើយ​អត្ថ​ប្រយោជន៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ​ក៏​បាន​ក្លាយជា​អត្ថ​ប្រយោជន៍​របស់​យើង​ខ្ញុំ​ដែរ។ ទ្រង់​បាន​បំផ្លាស់​បំប្រែ​យើង​ខ្ញុំ។

នៅ​ពេល​ដែល​យើង​ខ្ញុំ​គិត​អំពី​ឈើ​ឆ្កាង​នោះ​យើង​ខ្ញុំ​ឃើញ​ថា​យើង​ខ្ញុំ​មិន​ទាន់​អាច​ចេះ​ស្រឡាញ់​ដល់​កម្រិត​នោះ​បាន​ទេ ពីព្រោះ​យើង​ខ្ញុំ​មិន​ទាន់​បាន​យល់​អំពី​របៀប​ដែល​ថា​ព្រះ​ជាម្ចាស់​បាន​ស្រឡាញ់​យើង​ខ្ញុំ​ខ្លាំង​ប៉ុណ្ណា​នៅ​ឡើយ។ ហេតុ​ដូច្នេះ​ហើយ យើង​ខ្ញុំ​ក៏​នៅ​តែ​បន្ត​សម្លឹង​មើល​ទៅ​ឯ​ឈើ​ឆ្កាង​ម្ដង​ហើយ​ម្ដង​ទៀត។

និពន្ធ​ដោយ៖ លោកគ្រូ Tim Challies
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក​ស្រី ឡូញ ស្រីរដ្ឋ, លោក ទេព រ៉ូ, និងលោក ខែម បូឡុង
ដកស្រង់ខ្លះៗចេញពី www.challies.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បម្រើគ្នាទៅវិញទៅ

ខ្ញុំក៏​ជាមនុស្សស្អប់គ្រីស្ទបរិស័ទ​ផង​ដែរ​ ទីបន្ទាល់ លោកគ្រូ៖ ជីម ណារ៉ា