in

ប្រសូត ដើម្បី​សុគត

សូម​អាន

«ប៉ុន្តែ ឥឡូវ​នេះ ក្រៅ​ពី​ក្រិត្យ​វិន័យ សេចក្ដី​សុចរិត​ផង​ព្រះ​ដែល​មាន​ទាំង​ក្រិត្យ​វិន័យ នឹង​ពួក​ហោរា​ធ្វើ​បន្ទាល់​ឲ្យ​ផង នោះ​បាន​លេច​ចេញ​មក​ហើយ គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះ ដែល​បាន ដោយ​សារ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ក៏​សំរាប់​គ្រប់​អស់​អ្នក​ណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេពី​ព្រោះ​គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ​ដោយ​ពឹង​ដល់​ព្រះ​គុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយ​សារ​សេចក្ដី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែល​ព្រះ​បាន​តាំង​ទ្រង់​ទុក​ជា​ទី​សន្ដោស​ប្រោស ដោយ​សារ​សេចក្ដី​ជំនឿ​ដល់​ព្រះ​លោ​ហិត​ទ្រង់ សំរាប់​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ ចំពោះ​ការ​ដែល​ទ្រង់​មិន​ប្រកាន់​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​ដើម ដោយ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ធ្មត់ ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្ដី​ជំនឿ ជឿ​ដល់​ព្រះ​យេស៊ូវ ថា​ជា​សុចរិត​ដែរ » (រ៉ូម ៣:២១-២៦)។

ការ​សញ្ជឹង​គិត

ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​យាង​មក​គង់​ក្នុង​ចំណោម​យើង? លោក​អ្នក​ដឹង​ហើយ​ថា ព្រះ​អង្គ​មិន​ចាំ​បាច់​ធ្វើ​ដូច្នោះ​ទេ។ ព្រះ​អង្គ​អាច​ទុក​យើង​ចោល​ក្នុង​អំពើ​បាប​របស់​យើង ហើយ​ព្រះ​អង្គ​ក៏​មាន​ភាព​យុត្តិ​ធម៌​ក្នុង​ការ​ថ្កោល​ទោស​យើង​ដែរ។ យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ត​អំពើ​បាប ហើយ​ខ្វះ​មិន​ដល់​សេរី​ល្អ​នៃ​ព្រះ​អាទិករ​របស់​យើង។ ប្រសិន​បើ​ព្រះ​អង្គ​គ្រាន់​តែ​មក ដើម្បី​បង្រៀន​យើង​អំពី​សេចក្ដី​ពិត​ផ្នែក​សីលធម៌​ខ្លះៗ នោះ​ព្រះ​អង្គ​មិន​ចាំបាច់​យាង​ទៅ​ឯ​ឈើ​ឆ្កាង​ទេ។ ក្រឹត្យ​វិន័យ​បាន​បើក​សម្ដែង​អំពី​លក្ខណសម្បត្តិ​របស់​ព្រះ​ជាម្ចាស់ ក្នុង​ភាព​បរិសុទ្ធ យុត្តិ​ធម៌ និង​សប្បុរស​ធម៌​ដ៏​អស្ចារ្យ​របស់​ទ្រង់។

ហេតុ​អ្វី​បាន​ជា​ទ្រង់​យាង​មក? ព្រះ​អង្គ​បាន​យាង​មក ដើម្បី​បំពេញ​ក្រឹត្យ​វិន័យ តាម​រយៈ​ការ​រស់​នៅ​ក្នុង​ការ​ស្ដាប់​បង្គាប់​ព្រះ​វរបិតា​របស់​ទ្រង់​យ៉ាង​ល្អ​ឥតខ្ចោះ និង​ស្រឡាញ់​អស់​អ្នក​ដែល​ទ្រង់​បាន​ជួប​យ៉ាង​ពេញ​លេញ។ ព្រះអង្គ​បាន​យាង​មក ដើម្បី​ដើរ​ក្នុង​ជំនឿ​ក្នុង​ចំណុច​ដែល​សាសន៍​អ៊‌ីស្រាអែល​បរាជ័យ។ ព្រះ​អង្គ​បាន​យាង​មក ដើម្បី​បង្រៀន​យើង​អំពី​អត្ថន័យ​នៃ​ព្រះ​ជន្ម​របស់​ទ្រង់—និង​ការ​សុគត។ ព្រះ​អង្គ​បាន​ប្រសូត ដើម្បី​សុគត ដើម្បី​ឲ្យ​យើង​ដែល​ទទួល​ជឿ​បាន​រស់​នៅ​យ៉ាង​អស់​កល្ប​ជានិច្ច។

តាម​រយៈ​ការ​ប្រសូត​របស់​ព្រះ​យេស៊ូវ នៅ​យប់​ដ៏​បរិសុទ្ធ​នោះ ព្រះ​គុណ​នៃ​ការ​ប្រោស​លោះ​ក៏​បាន​មក​ដល់​ផង​ដែរ។ សូម​កុំ​មើល​រំលង​ពាក្យ «ការ​ប្រោស​លោះ» ឡើយ។ តើ​ការ​ប្រោស​លោះ​មាន​ន័យ​យ៉ាង​ដូច​ម្ដេច? វា​មាន​ន័យ​ថា ព្រះ​អង្គ​បាន​ទិញ​យើង​ក្នុង​តម្លៃ​ណា​មួយ។ យើង​នាំ​មក​នូវ​បំណុល​ចំពោះ​អំពើ​បាប ដោយ​សារ​យើង​បាន​បះ​បោរ​ទាស់​ប្រឆាំង​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​ជាម្ចាស់។ ហើយ​ព្រះ​យេស៊ូវ​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី​ភាព។ ព្រះ​អង្គ​បាន​ប្រោស​លោះ​យើង។ ប៉ុន្តែ តើ​ទ្រង់​បាន​ធ្វើ​ដោយ​របៀប​ណា? ក្នុង​របៀប​តែ​មួយ​ដែល​ទ្រង់​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​ព្រះ​ជា​ម្ចាស់​មាន​ភាព​យុត្តិ​ធម៌ និង​ជា​អង្គ​ដែល​នាំ​ឲ្យ​មាន​ភាព​យុត្តិ​ធម៌​ក្នុង​ពេល​តែ​មួយ​បាន។ ព្រះ​យេស៊ូវ​បាន​ប្រគល់​រូប​អង្គ​ទ្រង់​ជា​យញ្ញបូជា​ជំនួស​អំពើ​បាប​របស់​យើង។ ព្រះ​អង្គ​បាន​សុគត​សម្រាប់​សេចក្ដី​ស្លាប់​ដែល​យើង​ស័ក្តិ​សម​នឹង​ទទួល ដើម្បី​ឲ្យ​ព្រះ​ដ៏​យុត្តិ​ធម៌​អាច​មាន​ការ​ស្កប់​ព្រះ​ទ័យ​បាន។

តើ​នៅ​មាន​សល់​អ្វី​សម្រាប់​ឲ្យ​យើង​ធ្វើ? គឺ​ទទួល​យក​អំណោយ​ទាន​ដ៏​ល្អ​អស្ចារ្យ​បំផុត—ការ​រាប់​ជា​សុចរិត។ ព្រះ​យេស៊ូវ​បាន​មក​យក​អំពើ​បាប​របស់​យើង ហើយ​យើង​ទទួល​បាន​សេចក្ដី​សុចរិត​របស់​ទ្រង់។ តើ​យើង​អាច​ទទួល​បាន​អំណោយ​ទាន​នេះ​ដោយ​របៀប​ណា? គឺ​តាម​រយៈ​ជំនឿ។ យើង​នឹង​មិន​អាច​រក​បាន​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​នេះ​នោះ​ទេ។ ប៉ុន្តែ គ្រាន់​តែ​សម្រាប់​អស់​អ្នក​ដែល​មាន​ការ​បន្ទាប​ខ្លួន​ប៉ុណ្ណោះ។ សម្រាប់​តែ​អស់​អ្នក​ដែល​បាក់​បែក។ សម្រាប់​អស់​អ្នក​ដែល​ទទួល​ស្គាល់​ថា ខ្លួន​មិន​មាន​ជម្រើស​ណា​ផ្សេង​ទៀត​ឡើយ។ អំណោយ​ទាន​នេះ​មិន​មែន​សម្រាប់​អស់​អ្នក​ណា​ដែល​គិត​ថា ខ្លួន​ស័ក្តិសម​ក្នុង​ការ​ទទួល​បាន​នោះ​ទេ។

អ្នក​ដែល​ព្រះ​ជាម្ចាស់​បាន​រាប់​ជា​សុចរិត​នឹង​ទទួល​ស្គាល់​ថា ព្រះ​ជា​ម្ចាស់​មាន​ភាព​យុត្តិ​ធម៌​ក្នុង​ការ​ដាក់​ទោស​ពួក​គាត់។ ពួក​គាត់​ដឹង​ថា ការ​ខិតខំ​ប្រឹង​ប្រែង​ដ៏​ល្អ​ប្រសើរ​បំផុត​របស់​ខ្លួន ក្នុង​ការ​ត្រាប់​តាម​ក្រឹត្យ​វិន័យ និង​នៅ​តែ​ខ្វះ​មិន​ដល់​សិរី​ល្អ​របស់​ទ្រង់​ទាល់​តែ​សោះ។ វា​ហាក់​បី​ដូច​ជា​ថា អំណោយ​ទាន​ដ៏​ធំ​បំផុត​នា​រដូវ​កាល​ណូអែល​គឺ​ជា​កម្មសិទ្ធិ​របស់​កូនៗ​ដែល​ដឹង​ថា ខ្លួន​ស័ក្ដិសម​ទទួល​បាន​តែ​សំរាម​ជា​កាដូ។ ព្រះ​យេស៊ូវ​មាន​ការ​ជំទាស់​នឹង​លោក​តា​សាន់តា ក្លាស៍ (Santa Clause)។ ព្រះ​អង្គ​ជ្រាប​រួច​ហើយ​ថា យើង​ស័ក្ដិសម​នៅ​ក្នុង​បញ្ជី​ឈ្មោះ​មនុស្ស​ខិល​ខូច។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ទ្រង់​បាន​យើង​មក ដើម្បី​សង្គ្រោះ​យើង។ នេះ​ឯង​ជា​មូល​ហេតុ​ដែល​ទ្រង់​បាន​លះបង់​សិរី​ល្អ​នៃ​ស្ថាន​សួគ៌ ដើម្បី​មក​ផ្ទំ​នៅ​ក្នុង​ផ្ទៃ​នាង ម៉ារា ដែល​ជា​មាតា​របស់​ទ្រង់។ ព្រះ​អង្គ​បាន​ប្រសូត ដើម្បី​សុគត។ ហើយ​ប្រសើរ​ជាង​នោះ​ទៅ​ទៀត បន្ទាប់​ពី​គេ​បាន​ចាប់​ទ្រង់​សម្រាប់​អំពើ​ល្មើស​របស់​យើង នោះ​ព្រះ​អង្គ​ក៏​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​សម្រាប់​ជា​ការ​រាប់​ជា​សុ​ចរិត​របស់​យើង​ដែរ (រ៉ូម ៤:២៥)។

នា​រដូវ​កាល​បុណ្យ​ណូអែល​នេះ សូម​ប្រាកដ​ឲ្យ​ច្បាស់​ថា លោក​អ្នក​នឹង​ទទួល​យក​អំណោយ​ទាន​នេះ។ សូម​ចូល​មក​ដោយ​មាន​ជំនឿ ហើយ​ចេញ​ទៅ​វិញ​ដោយ​ទទួល​បាន​ការ​រាប់​ជា​សុចរិត​ចុះ។

ការ​ឆ្លើយ​តប

តើ​ព្រះ​ជា​ម្ចាស់​អាច​មាន​ភាព​យុត្តិ​ធម៌ ហើយ​ក៏​អាច​ជា​អ្នក​នាំ​ឲ្យ​មាន​ភាព​យុត្តិ​ធម៌​ក្នុង​ពេល​តែ​មួយ​បាន​ដោយ​របៀប​ណា? តើ​ចំណេះ​ដឹង​របស់​លោក​អ្នក​អំពី​អំពើ​បាប​របស់​ខ្លួន​អាច​នាំ​ឲ្យ​លោក​អ្នក​កាន់​តែ​ស្រឡាញ់​ព្រះ​ជាម្ចាស់​បាន​ដោយ​របៀប​ណា?

ការ​មាន​អំណរ

«យប់​សុខ​សាន្ត​យប់​វិសុទ្ធ
ព្រះ​បុត្រ​ព្រះ​បរិសុទ្ធ
ដោយ​មាន​រស្មី​ភ្លឺ​ពី​ព្រះ​ភក្ត្រ
ឲ្យ​បាន​ឃើញ​ព្រះ​គុណ​ទ្រង់​ជា​យ៉ាង​ជាក់
ក្នុង​កាល​ទ្រង់​ប្រសូត​នោះ»។

–និពន្ធ​ដោយ​លោក៖ Joseph Mohr
(បក​ប្រែ​ជា​ភាសា​អង់គ្លេស​ដោយ​លោក៖ John Freeman Young),
«យប់​សុខ​សាន្ត» (“Silent Night”)។

និពន្ធ​ដោយ​លោក​គ្រូ៖ Collin Hansen
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង,​លោក ឯក សត្យា​ និង​លោក ឯក ធីម៉ូថេ
ដកស្រង់ និងកែសម្រួលចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គន្លឹះ​នៃ​សេចក្ដី​ជំនឿ៖ ការ​ទទួល​បាន​នូវ​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​សញ្ជឹង​គិត

នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា ឲ្យ​នៅ!