ចម្លើយដែលចេញពីព្រះគម្ពីរលើសំណួរនេះគឺច្បាស់ណាស់ ហើយមានពេញទៅដោយអំណរ «ទេ!»។ បុគ្គលណាដែលបានកើតជាថ្មីហើយមិនអាចស្លាប់វិញបានឡើយ ពោលគឺមិនអាចមិនកើតម្ដងទៀតបាននោះទេ។ ខ្ញុំនឹងលើកឡើងនូវផ្នត់គំនិតមួយចំនួន ដែលមានចេញពីព្រះគម្ពីរ ដោយផ្ដោតទៅលើខគម្ពីរ តាមដែលខ្ញុំអាចធ្វើទៅបាន ដោយមិនគ្រាន់តែផ្ដោតលើទេវវិទ្យាប៉ុណ្ណោះឡើយ។
គ្មានការបោះបង់ចោល
ជីវិតដែលយើងទទួលបាននៅពេលកើតជាថ្មីគឺជាជីវិតដ៏នៅអស់កល្បជានិច្ច។ «ឯទីបន្ទាល់នោះគឺថា ព្រះបានប្រទានជីវិតអស់កល្បជានិច្ចមកយើង [បានប្រទានជីវិតអស់កល្បជានិច្ច] ហើយជីវិតនេះ គឺនៅក្នុងព្រះរាជបុត្រារបស់ព្រះអង្គ» (១យ៉ូហាន ៥:១១)។ ព្រះអង្គមិនបានប្រទានជីវិតបណ្ដោះអាសន្នដល់យើងទេ។ ព្រះអង្គបានប្រទានជីវិតដ៏នៅអស់កល្បជានិច្ចដល់យើង។ ឥឡូវនេះ យើងកំពុងតែមានចំណែកក្នុងជីវិតនៃសម័យកាលដែលនឹងកើតឡើង។
នេះគឺជាប្រយោគដ៏សំខាន់មួយទៀត៖ «ព្រះអង្គបានតម្រូវទុកជាមុន»។ ប្រយោគនោះមានក្នុងកណ្ឌគម្ពីររ៉ូម ៨:៣០៖ «ឯអស់អ្នកដែលព្រះអង្គបានតម្រូវទុកជាមុន ទ្រង់ក៏បានត្រាស់ហៅ ហើយអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ ទ្រង់ក៏រាប់ជាសុចរិត ហើយអស់អ្នកដែលព្រះអង្គបានរាប់ជាសុចរិត ទ្រង់ក៏លើកតម្កើង»។ ការលើកតម្កើង [ឬក៏ការទទួលបានសិរីល្អ] គឺជាសណ្ឋានចុងក្រោយនៃសេចក្ដីសង្គ្រោះដ៏អចិន្ត្រៃយ៍។ ខគម្ពីរនេះបានលើកឡើងថា «បានត្រាស់ហៅ»—ដោយគ្មានការបោះបង់អ្នកណាម្នាក់ចោលទេ—ក៏ទទួលបានការរាប់ជាសុចរិត ហើយគ្រប់គ្នាគឺទទួលបានការរាប់ជាសុចរិត—ដោយគ្មានការបោះបង់អ្នកណាម្នាក់ចោលទេ—ក៏ទទួលបានការលើកតម្កើងដែរ។
ចម្លើយគឺថា៖ ប្រសិនបើព្រះជាម្ចាស់បានត្រាស់ហៅលោកអ្នក នោះលោកអ្នកនឹងមិនអាចបាត់បង់សេចក្ដីសង្គ្រោះនេះបានឡើយ។ ហើយខ្ញុំនឹងវែកញែកថា ការទទួលបានកាត្រាស់ហៅ និងការកើតជាថ្មីគឺជាចំណុចដូចគ្នា។ យើងនឹងទទួលបានការរាប់ជាសុចរិត ហើយយើងក៏នឹងទទួលបានការលើកតម្កើង ពីព្រោះយើងបានទទួលការត្រាស់ហៅ—ដែលនេះមានន័យថា យើងបានកើតជាថ្មី។
ការហៅឲ្យមានជីវិត
ប្រភេទនៃការត្រាស់ហៅដែលសាវ័ក ប៉ុល កំពុងតែមានប្រសាសន៍ក្នុងកណ្ឌគម្ពីរ រ៉ូម ៨:៣០ គឺជាការត្រាស់ហៅលោក ឡាសារ តាមរយៈព្រះយេស៊ូវ ឲ្យចេញពីផ្នូរ «ឡាសារ! ខ្ញុំដឹងថាឯងស្លាប់ហើយ ប៉ុន្តែចូរចេញមក» (សូមមើលកណ្ឌគម្ពីរ យ៉ូហាន ១១:៤៣)។ ការត្រាស់ហៅបង្កើតឲ្យមានជីវិត ហើយនោះឯងគឺជាអ្វីដែលបានកើតឡើងចំពោះអ្នកដែលជាគ្រីស្ទបរិស័ទ៖ ការត្រាស់ហៅដែលមានពេញទៅដោយអធិបតេយ្យភាពរបស់ព្រះជាម្ចាស់បង្កើតឲ្យមានជីវិត។ នេះមានន័យថា មានសេចក្ដីសន្យាជាមួយនឹងការត្រាស់ហៅនេះដែរ។
ខាងក្រោមនេះគឺជាខគម្ពីរមួយចំនួនដែលបង្ហាញអំពីការតភ្ជាប់នេះ៖
កណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:២៣–២៤ «សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង…រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។ ព្រះដែលបានត្រាស់ហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ហើយព្រះអង្គនឹងសម្រេចការនេះ»។ នៅក្នុងខនេះមានផ្នត់គំនិតដូចគ្នា៖ ប្រសិនបើព្រះជាម្ចាស់បានត្រាស់ហៅលោកអ្នក នោះព្រះអង្គក៏នឹងនៅជាព្រះដ៏ស្មោះត្រង់ដែរ។ ព្រះអង្គនឹងរក្សាលោកអ្នកឲ្យនៅរហូតដល់ថ្ងៃចុងក្រោយ។
ឬក៏ជាថ្មីម្ដងទៀត៖ នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១:៨–៩៖ ព្រះគ្រីស្ទ «នឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន រហូតដល់ចុងបញ្ចប់ ដើម្បីឲ្យអ្នករាល់គ្នាឥតកន្លែងបន្ទោសបាន នៅថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ព្រះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមក ឲ្យមានសេចក្ដីប្រកបជាមួយព្រះរាជបុត្រាព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង»។ ដូច្នេះ ឥឡូវលោកអ្នកអាចត្រឡប់បកក្រោយវិញ ហើយមើលអំពីមូលហេតុ (នៅក្នុង រ៉ូម ៨:៣០) ដែលថាហេតុអ្វីអស់អ្នកដែលទទួលបានការត្រាស់ហៅក៏នឹងទទួលបានការរាប់ជាសុចរិត ហើយអស់អ្នកដែលទទួលបានការរាប់ជាសុចរិតក៏នឹងទទួលការលើកតម្កើង—ពីព្រោះព្រះជាម្ចាស់ជាព្រះដ៏ស្មោះត្រង់។ គ្មានអ្វីដើរដោយស្វ័យប្រវត្តិនោះទេ។
ការរក្សាទុកអស់អ្នកដែលព្រះអង្គបានគ្រោងទុក
មានមនុស្សជាច្រើនបានគិតថា សុវត្ថិភាពដ៏នៅអស់កល្បជានិច្ចប្រៀបដូចជាថ្នាំវ៉ាក់សាំងមួយ។ ពួកគេគិតថា «កាលខ្ញុំមានអាយុ៦ឆ្នាំ ខ្ញុំបានអធិស្ឋាន ហើយព្រះជាម្ចាស់ក៏បានចាក់ថ្នាំវ៉ាក់សាំងលើដៃរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំនឹងមិនអាចមានជំងឺនៃការត្រូវបណ្ដាសាបានឡើយ!»។ វាមិនមែនជារបៀបនោះនោះទេ។ ផ្ទុយទៅវិញ វាប្រៀបដូចជាការចូលទទួលពិធីព្យាបាលដោយចិត្តវិទ្យាអស់មួយជីវិតជាមួយនឹងគ្រូពេទ្យដែលនិយាយថា «អ្នកគឺជាអ្នកជំងឺរបស់ខ្ញុំ។ អ្នកនឹងធ្វើនូវអ្វីដែលខ្ញុំប្រាប់ ហើយខ្ញុំនឹងនាំអ្នកឲ្យដល់ទីបញ្ចប់ ល្អទាំងស្រុងនៅថ្ងៃចុងក្រោយ!»។
កណ្ឌគម្ពីរ យេរេមា ៣២:៤០ គឺជាខគម្ពីរដែលខ្ញុំចូលចិត្តយ៉ាងខ្លាំង ទាក់ទងនឹងប្រធានបទនៃការរក្សាទុក៖ «យើងនឹងតាំងសេចក្ដីសញ្ញានឹងគេ ជាសេចក្ដីសញ្ញាដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចថា យើងនឹងមិនបែរចេញពីគេឡើយ គឺនឹងឲ្យគេបានសេចក្ដីល្អវិញ យើងនឹងដាក់សេចក្ដីកោតខ្លាចដល់យើងក្នុងចិត្តគេ ប្រយោជន៍កុំឲ្យគេឃ្លាតចេញពីយើង»។ ដូច្នេះ ការតាំងសេចក្ដីសញ្ញាដែលព្រះគ្រីស្ទបានទិញជាមួយនឹងព្រះលោហិតរបស់ទ្រង់គឺជាសេចក្ដីសញ្ញានៃការរក្សាទុក។ វាមិនមែនគ្រាន់តែជាសុវត្ថិភាពក្នុងរបៀបបែបម៉ាស៊ីនណានោះទេ។ ប៉ុន្តែ គឺជាការរក្សាទុកដោយមានសកម្មភាព។ ព្រះជាម្ចាស់មានសកម្មភាពក្នុងជីវិតរបស់ខ្ញុំ។
ពេលខ្ញុំសួរអ្នកដទៃថា៖ «តើអ្នកគិតថាអ្នកនឹងក្លាយជាគ្រីស្ទបរិស័ទនៅពេលដែលអ្នកភ្ញាក់ពីដំណេកនៅពេលព្រឹកដោយរបៀបណា?» មានមនុស្សជាច្រើនមានការភ្ញាក់ផ្អើលទាក់ទងនឹងសំណួរប្រភេទដូចនេះ។ ពួកគេឆ្លើយតបថា៖ «អូ៎! ពីព្រោះ…ដូចអ្នកដឹងហើយ…វាដូចជាការធ្វើជាមនុស្សអញ្ចឹង!»។ ទេ! វាមិនមែនដូចជាការធ្វើជាមនុស្សទេ។ លោកអ្នកនឹងភ្ញាក់ពីដំណេកនៅថ្ងៃស្អែកជាគ្រីស្ទបរិស័ទ ពីព្រោះព្រះជាម្ចាស់ទ្រង់ស្មោះត្រង់។ ព្រះជាម្ចាស់នឹងដាស់លោកអ្នកពីដំណេក ហើយនឹងដាក់នូវជំនឿរបស់ព្រះអង្គក្នុងលោកអ្នក។
ព្រះអង្គរក្សាទុកដោយស្មោះត្រង់
នេះគឺជាខគម្ពីរមួយចំនួនទៀតដែលលើកឡើងអំពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់៖ «ខ្ញុំជឿជាក់ថា ព្រះអង្គដែលបានចាប់ផ្តើមធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យការល្អនោះកាន់តែពេញខ្នាតឡើង រហូតដល់ថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ» (ភីលីព ១:៦)។ មូលហេតុដែលសាវ័ក ប៉ុល មានប្រសាសន៍បែបនោះគឺដោយសារភាពស្មោះត្រង់របស់ព្រះជាម្ចាស់មានការទាក់ទងគ្នាជាមួយនឹងការត្រាស់ហៅរបស់គាត់ និងការកើតជាថ្មីរបស់គាត់។
ឬក៏កណ្ឌគម្ពីរ យូដាស ១:២៤ «រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល…»។ ខ្ញុំពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំងណាស់ដែលព្រះជាម្ចាស់បានរក្សាខ្ញុំទុក។
ព្រះអង្គបានរក្សាខ្ញុំ។ ព្រះអង្គមិនបានអនុញ្ញាតឲ្យខ្ញុំជំពប់ដួល ដែលការនោះនឹងនាំឲ្យមានការខូចព្រះនាមរបស់ទ្រង់ ហើយបំផ្លាញក្រុមជំនុំ។ ខ្ញុំមិនបានក្រឡេកមើលក្រោយវិញ ហើយបន្ទាប់មកវាយស្មាសរសើរខ្លួនឯងថា «ឯងពិតជាមនុស្សល្អមែន» ទេ។ ប៉ុន្តែ ខ្ញុំលើកឡើងវិញថា «អស្ចារ្យណាស់! អស្ចារ្យណាស់! គឺព្រះអង្គហើយដែលបានរក្សាខ្ញុំទុក…»
យុថ្កានៃការធានារបស់យើង
មកដល់ចំណុចនេះ ខ្ញុំគិតថា នៅសល់តែសំណួរគន្លឹះមួយទៀតទេ ដែលមនុស្សជាច្រើនតែងតែសួរ៖ «ចុះចំណែកឯអស់អ្នកដែលនៅក្នុងក្រុមជំនុំវិញ? ពួកគេធ្លាប់ធ្វើជាអ្នកជំនួយការ ឬក៏ជាអ្នកចាស់ទុំ ហើយមើលទៅហាក់បីដូចជាថាពួកគាត់បានទទួលសេចក្ដីសង្គ្រោះកាលកំពុងរៀននៅមហាវិទ្យាល័យ។ មកដល់ពេលនេះ ពួកគាត់បានបម្រើអស់រយៈពេលបួនដប់ឆ្នាំហើយ ហើយឥឡូវពួកគាត់ក៏បានបោះបង់ទាំងអស់ចោលដែរ។ មានអ្នកខ្លះក៏បានស្លាប់ក្នុងស្ថានភាពហ្នឹងនោះដែរ។ ចុះចំណែកឯពួកគេវិញ?»។
ខ្ញុំគិតថា យ៉ាងហោចណាស់មានខគម្ពីរគន្លឹះពីរទៀតដែលពួកគេគួរចំណាយពេលគិតឲ្យបានយូរ។ ខគម្ពីរដំបូងគឺ ១យ៉ូហាន ២:១៩៖ «គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាគ្នាយើងមែន នោះនឹងបាននៅជាប់ជាមួយយើងហើយ។ ប៉ុន្តែ ដែលគេបានចេញទៅ នោះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់គ្នាទេ»។ ពាក្យ «ពីពួកយើង» ក្នុងខគម្ពីរនេះពិតជាមានន័យថា «កើតជាថ្មីជាមួយយើង ការផ្សាំក្នុងព្រះគ្រីស្ទជាមួយយើង»—ប៉ុន្តែ ពួកគេមិនដូច្នោះទេ។ មើលទៅពួកគេហាក់បីដូចជាមានលក្ខណៈដូចគ្នា។ ពួកគេថែមទាំងនិយាយនូវចំណុចមួយចំនួនត្រឹមត្រូវផងដែរ។ ពួកគេ «បានភ្លក់…ព្រះចេស្ដាទាំងឡាយនៃបរលោក» (ហេព្រើរ ៦:៥)។ ប៉ុន្តែ ពួកគេមិនបានកើតពីព្រះជាម្ចាស់ទេ។
លើសពីនេះទៅទៀត កណ្ឌគម្ពីរហេព្រើរជំពូក៦ក៏ជាកន្លែងជំពប់ដ៏ធំមួយសម្រាប់អស់អ្នកដែលធ្លាប់ទទួលបទពិសោធន៍ខាងឯវិញ្ញាណ ប៉ុន្តែនៅបាត់បង់ឡើយ។ ប៉ុន្តែ ខ្ញុំគិតថា កណ្ឌគម្ពីរ ហេព្រើរ ៣:១៤ គឺជាខគម្ពីរគន្លឹះក្នុងកណ្ឌគម្ពីរនេះ៖ «ប្រសិនបើយើងកាន់ខ្ជាប់តាមចិត្តជឿជាក់ដែលយើងមានតាំងពីដំបូង រហូតដល់ចុងបំផុតមែន នោះយើងពិតជាមានចំណែកជាមួយព្រះគ្រីស្ទហើយ»។
អ្នកនិពន្ធមិនបានលើកឡើងថា «ប្រសិនបើលោកអ្នកកាន់ឲ្យបានខ្ជាប់ខ្ជួននូវទំនុកចិត្តរបស់លោកអ្នករហូតដល់ទីបញ្ចប់ នោះលោកអ្នកនឹងមានចំណែកជាមួយនឹងព្រះគ្រីស្ទ» នោះទេ។ គាត់បានលើកឡើងថា «យើងដឹងហើយថា យើងធ្លាប់មាន—ចាប់តាំងពីដើមដំបូងនៃជីវិតរបស់យើងជាមួយនឹងព្រះគ្រីស្ទ—ការមានចំណែកក្នុងព្រះគ្រីស្ទ ដោយសារយើងស៊ូទ្រាំដល់ទីបញ្ចប់!»។ នេះមានន័យថាការស៊ូទ្រាំក្នុងជំនឿគឺជាភស្តុតាងដែលថាយើងមានចំណែកក្នុងព្រះគ្រីស្ទមែន។
ហើយពេលយើងមិនមានការស៊ូទ្រាំដូចនោះ នោះមានន័យថា យើងក៏មិនដែលមានការធានាអះអាងដែរ។ នេះគឺជាគន្លឹះ៖ ដូច្នេះ ការធានាគឺមិនមែនជាដំណើរការស្វ័យប្រវត្តិឡើយ។ វាគឺជាការធានាដែលមានឫសក្នុងទំនុកចិត្តរបស់យើងក្នុងអធិបតេយ្យភាពដ៏ធំធេងក្នុងព្រះដែលរក្សាការតាំងសេចក្ដីសញ្ញានោះ ដែលបានចាត់ព្រះរាជបុត្រារបស់ទ្រង់ជំនួសមនុស្សមានបាប ហើយខណៈពេលដែលយើងសម្លឹងមើលព្រះអង្គ នោះព្រះវិញ្ញាណនឹងធ្វើជាស្មរបន្ទាល់ថាយើងគឺជាកូនរបស់ព្រះមែន (រ៉ូម ៨:១៦)។
បុគ្គលដែលបានកើតជាថ្មីហើយមិនអាចលែងបានកើតជាថ្មីម្ដងទៀតបាននោះទេ។ ប្រសិនបើព្រះជាម្ចាស់បានត្រាស់ហៅឈ្មោះរបស់លោកអ្នកហើយ នោះព្រះអង្គមានភាពស្មោះត្រង់ក្នុងការរក្សាលោកអ្នកទុករហូតដល់ទីបញ្ចប់។
មតិយោបល់
Loading…