in ,

ពេល​កូន​មិន​ស្ដាប់​បង្គាប់

When a Child Disobeys: Six Steps for Healthy Correction

ការ​កែ​តម្រង់​កូនៗ​គឺ​ប្រៀប​ដូច​ជា​កូន ហើយ​និង​ទឹក​ដែល​ពួក​គាត់​កំពុង​លេង​អញ្ចឹង។ តើ​ឲ្យ​យើង​អាច​នៅ​រក្សា​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ​ពួក​គាត់​ក្នុង​លក្ខណៈ​ដ៏​ល្អ​អស្ចារ្យ​ដែល​ពួក​គាត់​មាន ដោយ​មិន​អភ័យ​ទោស​លើ​ការ​ទាស់​ប្រឆាំង​ដែល​ពួក​គាត់​មាន​តាំង​ពី​ដើម​មក​ដែល​កើត​ចេញ​ពី​ដួង​ចិត្ត​ដែល​មាន​ពេញ​ទៅ​ដោយ​អំពើ​បាប​បាន​យ៉ាង​ដូច​ម្តេច​ទៅ? តើ​ឲ្យ​យើង​នៅ​ស្រឡាញ់​កូន ហើយ​ស្រប​ពេល​នោះ​នៅ​ស្អប់​ទឹក​កខ្វក់​ក្នុង​ចាន​ក្លាំ​ដែល​ពួក​គាត់​លេង​បាន​យ៉ាង​ដូច​ម្តេច​ទៅ?

ខណៈ​ពេល​ដែល​ឪពុក​ម្ដាយ​ដែល​ជា​គ្រីស្ទ​បរិស័ទ​ដឹង​ហើយ​ថា វា​ពិត​ជា​រឿង​ដ៏​សំខាន់​ណាស់​ដែល​ពួក​គាត់​ត្រូវ​តែ​កែ​តម្រង់​កូនៗ​របស់​គាត់​ដែល​នៅ​ក្មេងៗ​នៅ​ឡើយ (សុភាសិត ២២:១៥) ឪពុក​ម្ដាយ​ដែល​ល្អ ហើយ​មាន​ប្រាជ្ញា​ក៏​នៅ​តែ​មាន​បំណង​ប្រាថ្នា​យ៉ាង​ប្រសើ​ក្នុង​ការ​ការពារ​ខ្លួន​ឲ្យ​ចៀស​ផុត​ចេញ​ពី​ការ​បំបាក់​វិញ្ញាណ​របស់​កូនៗ (សុភាសិត ១៥:១៣)។ យើង​មិន​ចង់​បំផ្លាញ​ចោល​នៅ​សីលធម៌ និង​ភាព​ក្លៀវ​ក្លា​នៃ​កូនៗ​ទាំង​អស់​នេះ​ដែល​អាច​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ជា​វីរបុរស និង​វីរនារី តែ​ឥឡូវ​នេះ​ពួក​គាត់​ប្រៀប​ហាក់​បី​ដូច​ជា​អ្នក​បង្ក​បញ្ហា​ដែល​គ្មាន​ខួរ​ក្បាល​អញ្ចឹង។

គោល​បំណង​ប្រាថ្នា​របស់​យើង​គឺ​ចង់​បង្វែរ​ទិស​ដៅ​នៃ​ផ្លូវ​ពួក​គាត់ មិន​មែន​កំទេច​ផ្លូវ​ពួក​គាត់​ចោល​នោះ​ទេ។ ពេល​ដែល​កូន​របស់​យើង​បាន​ធ្វើ​រឿង​នោះ​ម្ដង​ទៀត—មិន​ស្ដាប់​បង្គាប់ មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​យើង បង្ហាញ​ភាព​គំរោះ​គំរើយ បន្លឺ​សំឡេង​ស្រែក—តើ​ក្នុង​នាម​ជា​ឪពុក​ម្ដាយ គាត់​គួរ​ធ្វើ​អ្វី​បាន​ទៅ? តើ​ឲ្យ​គាត់​ឆ្លើយ​តប​នឹង​ភាព​ខិល​ខូច​បែប​នេះ​ដោយ​មិន​បោះ​បង់​ចោល​សេចក្ដី​ស្រឡាញ់​ដែល​ថ្នាក់​ថ្នម​បាន​យ៉ាង​ដូច​ម្ដេច? តើ​ឲ្យ​គាត់​អាច​នៅ​ស្អប់​អំពើ​បាប (វា​ជា​អំពើ​បាប) ហើយ​នៅ​ស្រឡាញ់​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​បាប​បាន​យ៉ាង​ដូច​ម្ដេច​ដែរ? ហើយ​ឲ្យ​គាត់​អាច​គេច​ផុត​ចេញ​ពី​ការ​ច្រឡោត​ខ្លាំង​ពេក​បាន​យ៉ាង​ដូច​ម្តេច​ទៅ​ហ្ន? តើ​ឲ្យ​គាត់​បង្ហាត់​បង្រៀន​កូន​ដែល​មិន​ស្ដាប់​បង្គាប់​បាន​យ៉ាង​ដូច​ម្តេច​ទៅ?

បញ្ជាក់​គាំ​ទ្រ បន្ទាប់​មក​សឹម​កែ​តម្រង់

មុន​យើង​រក​របៀប​នៃ​ការ​ដោះ​ស្រាយ ចូរ​ឲ្យ​យើង​យល់​ពី​ចំណុច​ដ៏​សំខាន់​បំផុត​លើ​មូល​ហេតុ​ដែល​យើង​ដាច់​ខាត​ត្រូវ​តែ​រៀប​រាប់​ពី​មូល​ដ្ឋាន​នៃ​ការ​បញ្ជាក់​គាំ​ទ្រ​នោះ​ជា​មុន​សិន។ តើ​ហេតុ​អ្វី​បាន​ជា​លោក​អ្នក​ចាំ​បាច់​បញ្ជាក់​គាំទ្រ​ដល់​កូន​ដែល​ទើប​តែ​ជេរ មិន​ស្ដាប់​ការ​ណែ​នាំ​របស់​លោក​អ្នក​យ៉ាង​ពេញ​ទី មិន​ស្ដាប់​បង្គាប់​លោក​អ្នក​ដោយ​ចេតនា ឬ​ក៏​ថា​គាត់​ទើប​តែ​បញ្ចេញ​នូវ​ឥរិយាបថ​ដែល​មិន​សមរម្យ​នៅ​ក្នុង​ផ្ទះ​ដែល​បង្ហាញ​ពី​ភាព​អាត្មា​និយម​របស់​គាត់​អញ្ចឹង?

ជា​ដំបូង​ឡើយ ប្រសិន​បើ​លោក​អ្នក​មិន «សរសើរ​នូវ​ចំណុច​ដែល​អាច​សរសើរ​បាន» ទុក​ជា​របៀប​នៃ​ជីវិត​នេះ នោះ​លោក​អ្នក​នឹង​បាត់​បង់​កូន​ជា​មិន​ខាន។ ត្រង់​នេះ​មាន​ន័យ​ថា គាត់​នឹង​លែង​ស្ដាប់​បង្គាប់​លោក​អ្នក។ លោក​អ្នក​មិន​បាន​មាន​គោល​បំណង​ក្នុង​ការ​ច្រាន​គាត់​ចេញ​នោះ​ទេ ប៉ុន្តែ​លោក​អ្នក​បាន​ធ្វើ​ការ​នោះ​រួច​ទៅ​ហើយ។ មិន​យូរ​មិន​ឆាប់ គាត់​នឹង​លែង​ស្ដាប់​លោក​អ្នក​ទាំង​ស្រុង ពីព្រោះ​លោក​អ្នក​ហាក់​បី​ដូច​ជា​តឹង​តែង​លើ​សឹង​តែ​រាល់​ចំណុច​នៃ​ជីវិត​របស់​គាត់។ គាត់​មាន​អារម្មណ៍​ថា គាត់​មិន​មាន​លទ្ធភាព​ក្នុង​ការ​ធ្វើ​ឲ្យ​លោក​អ្នក​សប្បាយ​ចិត្ត​បាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​អ្នក​ត្រូវ​តែ​ពន្យល់​ឲ្យ​ច្បាស់​លាស់​ថា គាត់​បាន​ធ្វើ​ឲ្យ​លោក​អ្នក​សប្បាយ​ចិត្ត នៅ​ពេល​ដែល​គាត់​ស្ដាប់​បង្គាប់​ភ្លាមៗ ឬ​ក៏​នៅ​ពេល​ដែល​គាត់​បង្ហាញ​ពី​ភាព​ដូច​ជា​ព្រះ​គ្រីស្ទ ទោះ​បើ​មាន​តិច ឬ​ក៏​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ដែល​អាច​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​ការ​ដែល​គាត់​បាន​ធ្វើ​សេចក្ដី​ល្អ មាន​ចិត្ត​សប្បុរស ចេះ​ចាំ​យាម ឬ​ក៏​ចេះ​យល់​ពី​អារម្មណ៍​អ្នក​ដទៃ (ភីលីព ៤:២៩)។

ចូរ​កុំ​មើល​រំលង​យុទ្ធ​សាស្ត្រ​នៃ​ប្រយោជន៍​មួយ​នេះ៖ ការ​ដែល​លោក​អ្នក​បញ្ជាក់​គាំ​ទ្រ​អំពី​សេចក្ដី​ល្អ និង​ការ​ដែល​លោក​អ្នក​ទទួល​ស្គាល់​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​ពន្យល់​ប្រាប់​កូន​របស់​លោក​អ្នក ដែល​ទាក់​ទង​ទៅ​នឹង​អាកប្បកិរិយា និង​មារយាទ​ល្អ ពិត​ជា​សាក​សម​នឹង​ទទួល​កិត្តិយស យុត្តិធម៌ បរិសុទ្ធ គួរ​ឲ្យ​ស្រឡាញ់ គួរ​ឲ្យ​សរសើរ សាក​សម​នឹង​កោត​សរសើរ (ភីលីព ៤:៨) នោះ​ពួក​គាត់​នឹង​ងាយ​ស្ដាប់​លោក​អ្នក​ជា​មិន​ខាន។ ក្មេងៗ (មិន​ថា​អាយុ​ប៉ុន្មាន​ក៏​ដោយ) នឹង​មាន​ភាព​ងាយ​ស្រួល​ណាស់​ក្នុង​ការ​ចង់​ស្ដាប់​អស់​អ្នក​ណា​ដែល​សរសើរ​គាត់។ ដូច្នេះ ប្រសិន​បើ​វា​សាក​សម​នឹង​ទទួល​ការ​សរសើរ ចូរ​កុំ​មើល​រំលង ដោយ​មិន​សរសើរ​ឲ្យ​សោះ ដ្បិត​ការ​នោះ​នឹង​នាំ​ឲ្យ​ពួក​គាត់​ងាយ​ស្ដាប់​លោក​អ្នក។

ការ​អនុម័ត​រវាង​ការ​កែ​តម្រង់ និង​ការ​បញ្ជាក់​គាំ​ទ្រ​គឺ​ប្រៀប​ដូច​ជា​ការ​មាន​គណនី​ចរន្ត​មួយ​អញ្ចឹង។ សូម​ប្រាកដ​ឲ្យ​ដាក់​លុយ​ជា​ច្រើន​ជា​មុន​សិន (ការ​បញ្ជាក់​គាំ​ទ្រ) មុន​លោក​អ្នក​ដក​លុយ​ចេញ​ពី​គណនី​នោះ (ការ​កែ​តម្រង់)។ ការ​កែ​តម្រង់​នឹង​មាន​ចលនា​លោត​ចុះ​នៅ​ពេល​ដែល​លោក​អ្នក​ដក​លុយ​ចេញ​ច្រើន​ពេក។

ព្រះ​ជាម្ចាស់​កំពុង​តែ​ធ្វើ​ការ​អ្វី​មួយ

ចំណុច​ទី២​ដែល​យើង​ត្រូវ​កែ​តម្រង់​ក្នុង​បរិយាកាស​នៃ​ការ​បញ្ជាក់​គាំ​ទ្រ​គឺ​ព្រះ​ជាម្ចាស់​តែង​តែ​ធ្វើ​ការ​ល្អៗ​នៅ​គ្រប់​ទី​កន្លែង។ អ្នក​ខ្លះ​ហៅ​ចំណុច​នេះ​ថា «ព្រះ​គុណ​សាធារណៈ»។ ចេញ​ពី​ចំណោម​ចំណុច​ល្អៗ​ដែល​ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ក៏​មាន​ចំណុច​ល្អ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ព្រះ​អង្គ​កំពុង​តែ​ធ្វើ​នៅ​ក្នុង​ជីវិត​កូន​របស់​លោក​អ្នក​ផង​ដែរ ទោះ​បើ​ក្នុងខណៈ​ពេល​ដែល​កូន​របស់​លោក​អ្នក​កំពុង​ប្រឆាំង​នឹង​លោក​អ្នក​ក៏​ដោយ។ ព្រះ​ជាម្ចាស់​នឹង​កាន់​តែ​ទទួល​បាន​សិរីល្អ​បន្ថែម​ទៀត នៅ​ពេល​ដែល​យើង​ចង្អុល​បង្ហាញ​អំពី​អ្វីៗ​ដែល​ខ្លួន​កំពុង​តែ​ធ្វើ ហើយ​ព្រះអង្គ​កំពុង​តែ​ធ្វើ​ព័ន្ធ​កិច្ច​របស់​ទ្រង់​ជានិច្ច ទោះ​បើ​ក្នុង​ពេល​ដែល​កូនៗ​របស់​លោក​អ្នក​កំពុង​តែ​ស្រែក​យំ​ឡាំប៉ា ដោយ​ជ្រាំ​ជើង ទឹក​ភ្នែក​រហេម​រហាម​ក៏​ដោយ។

តើ​ព្រះ​ជាម្ចាស់​កំពុង​តែ​ធ្វើ​ការ​អ្វី​ឲ្យ​ចំៗ​ទៅ? ចំណុច​មួយ​គឺ​ថា ព្រះអង្គ​កំពុង​តែ​ទប់​ចិត្ត​កូន​របស់​លោក​អ្នក។ ទោះ​បើ​ថា​កូន​ក្មេង​ម្នាក់​មាន​ចិត្ត​អាក្រក់​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ក៏​ក្មេង​រពឹស​ម្នាក់​នោះ​មិន​ធ្វើ​នូវ​រាល់​ផែន​ការ​អាក្រក់ៗ​ដែល​គាត់​អាច​គិត​ដល់​នោះ​ដែរ។ តាម​ពិត​ទៅ កូន​ក្មេង​ម្នាក់​នោះ​មិន​អាច​គិត​ដល់​នូវ​រាល់​ការ​អាក្រក់ៗ​ដែល​គាត់​អាច​គិត​បាន​ដល់​ផង។ ព្រះ​ជាម្ចាស់​មិន​បាន​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​យ៉ាង​ដូច្នោះ​ឡើយ។ ព្រះ​ជាម្ចាស់​មិន​ទាន់បាន​អនុញ្ញាត​ឲ្យ​កូន​របស់​លោក​អ្នក​ដែល​ទើប​តែ​ចេះ​ដើរ​តេះតាស់​សម្លាប់​ខ្លួន​ឯង ឬ​ក៏​ផ្ដើម​បាញ់​នុយក្លេអ៊ែរ ឬ​ក៏​ប្រព្រឹត្ត​អំពើ​បាប​ដែល​មិន​អាច​ទទួល​ការ​អត់​ទោស​បាន​នោះ​ឡើយ។ ចូរ​សរសើរ​តម្កើង​ព្រះ​ជាម្ចាស់។ យើង​ខ្ញុំ​និយាយ​មែន។ ចូរ​ថ្វាយ​សិរីល្អ​ឲ្យ​ចំៗ​ទៅ​កាន់​ព្រះ​ជាម្ចាស់ ទាក់​ទង​ទៅ​នឹង​ចំណុច​ល្អៗ​ដែល​ទ្រង់​កំពុង​តែ​ធ្វើ​នៅ​ក្នុង​ពេល​នោះ។ សូម​រៀប​រាប់​ឲ្យ​ច្បាស់ៗ។ ចូរ​ទូល​ប្រាប់​ព្រះ​ជាម្ចាស់​ថា លោក​អ្នក​បាន​ឃើញ​អំពី​ចំណុច​ដ៏​ល្អៗ​ទាំង​អស់​នោះ ចូរ​សរសើរ​ហើយ​អរ​ព្រះគុណ​ទ្រង់​ចុះ។

ចូរ​ចង​ចាំ​ថា រាល់​អំពើ​បាប​ដែល​កូនៗ​របស់​លោក​អ្នក​ប្រព្រឹត្ត​មិន​បាន​ដក​ចេញ​នូវ​រាល់​ការ​អភិវឌ្ឍ​ដែល​គាត់​បាន​រីក​ចម្រើន​រហូត​មក​ដល់​ពេល​នេះ​បាន​នោះ​ឡើយ។ ពេល​ដែល​កូន​របស់​លោក​អ្នក​សរសេរ​ពាក្យ​ខុស នោះ​មិន​មែន​មាន​ន័យ​ថា គាត់​ត្រូវ​តែ​ទៅ​រៀន​ព្យញ្ជនៈ និង​ស្រៈ​និស្ស័យ​សារ​ជា​ថ្មី​នោះ​ទេ ដូច​គ្នា​ផង​ដែរ​នៅ​ពេល​ដែល​គាត់​បង្ហាញ​ពី​ការ​ទាស់​ប្រឆាំង នោះ​មិន​មែន​មាន​ន័យ​ថា រាល់​គ្រប់​ចំណុច​នានា​ត្រូវ​បាន​បាត់​បង់​នោះ​ទេ។

ជំហាន​៦​យ៉ាង​ក្នុង​ការ​កែ​តម្រង់​ដ៏​ត្រឹម​ត្រូវ

ដូច្នេះ តើ​លោក​អ្នក​អាច​ធ្វើអ្វី​បាន​ទៅ នៅ​ពេល​ដែល​កូនៗ​របស់​លោក​អ្នក​មិន​ស្ដាប់​បង្គាប់? ពេល​ដែល​កូន​របស់​លោក​អ្នក​ប្រឆាំង​នឹង​លោក​អ្នក ជា​ដំបូង លោក​អ្នក​គួរ​តែ​អធិស្ឋាន។ ចូរ​ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ធ្វើ​ការ​នៅ​ក្នុង​ដួង​ចិត្ត​របស់​កូន​លោក​អ្នក​ចុះ (រ៉ូម ១០:១)។

ទី២ ផ្ដោត​ទៅ​លើ​ដួង​ចិត្ត។ ការ​ដែល​ឪពុក​ម្ដាយ​ណែ​នាំ​ដ៏​ល្អ មាន​ពេញ​ទៅ​ដោយ​ប្រាជ្ញា ហើយ​ត្រឹម​ត្រូវ​គឺ​មិន​មែន​ពាក់​ព័ន្ធ​គ្នា​ទៅ​នឹង​ការ​ព្យាយាម​រក​រូបមន្ត​ដ៏​ត្រឹម​ត្រូវ​នោះ​ទេ ហាក់​បី​ដូច​ជា​វា​ពាក់​ព័ន្ធ​នឹង​ការ​ជួស​ជុល​ម៉ាស៊ីន​នោះ​ឡើយ។ ការ​គិត និង​ការ​អនុវត្ត​ដ៏​ត្រឹម​ត្រូវ​តម្រូវ​ឲ្យ​មាន​ការ​គិត​ដ៏​ត្រឹម​ត្រូវ​ទាក់​ទង​ទៅ​នឹង​ដួង​ចិត្ត។ ចូរ​ប្រាកដ​ឲ្យ​ច្បាស់​ថា លោក​អ្នក​ស្រឡាញ់​កូន​របស់​លោក​អ្នក​ដោយ​ប្រើ​ប្រាស់​នូវ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​ចុះ។ ចំណុច​នេះ​គឺ​ខុស​គ្នា​ពី​ការ​ដែល​មនុស្ស​យើង​មាន​មនោសញ្ចេតនា​ជ្រុល ឬ​ក៏​ការ​ស្រឡាញ់​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពេក។ កូនៗ​របស់​យើង​មិន​មែន​ជា​កម្មសិទ្ធិ​របស់​យើង​នោះ​ទេ ប៉ុន្តែ​ជា​កម្មសិទ្ធិ​របស់​ព្រះ​ជាម្ចាស់​វិញ​ទេ​តើ។ យើង​ត្រូវ​តែ​ប្រព្រឹត្ត​ចំពោះ​ពួក​គាត់​ដូច​ដែល​ព្រះ​ជាម្ចាស់​សព្វ​ព្រះហឫទ័យ​ឲ្យ​យើង​ប្រព្រឹត្ត​ចំពោះ​ពួក​គាត់​អញ្ចឹង​ដែរ។ ដើម្បី​ឲ្យ​យើង​អាច​ប្រព្រឹត្ត​ដោយ​មាន​ប្រាជ្ញា​ទៅ​កាន់​កូនៗ ដើម្បី​ឲ្យ​យើង​អាច​ស្រ​ឡាញ់​កូនៗ (ឬ​ក៏​នរណា​គេ​ម្នាក់) ឲ្យ​បាន​ល្អ ជា​ដាច់​ខាត​យើង​ត្រូវ​តែ​បន្ត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បំពេញ​យើង​សិន ដ្បិត​មាន​តែ​ព្រះ​អង្គ​ទេ​ដែល​អាច​បង្កើត​ផល​ផ្លែ​នៃ​សេចក្ដី​ស្រឡាញ់​ក្នុង​ជីវិត​របស់​យើង​បាន។ ប្រសិន​បើ​យើង​បរាជ័យ​ក្នុង​ការ​រស់​នៅ​ដោយ​មិន​មាន​ពេញ​ដោយ​ព្រះវិញ្ញាណ នោះ​យើង​អាច​នាំ​ឲ្យ​អ្វី​ដែល​យើង​កំពុង​ធ្វើ​បរាជ័យ​បាន​ផង​ដែរ​ជា​មិន​ខាន។

ទី៣ ចូរ​បញ្ជាក់​គាំ​ទ្រ​កូនៗ​មុន​លោក​អ្នកចង់​កែ​តម្រង​ពួក​គាត់។ ប្រហែល​ជា​មក​ដល់​ពេល​នេះ​លោក​អ្នក​ឃើញ​ហើយ​ថា យើង​ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​សរសើរ​កូនៗ​លើ​ត្រង់​ចំណុច​ដែល​អាច​សរសើរ​ពួក​គាត់​បាន។ ហើយ​បន្ទាប់​មក​ទៀត​សឹម​យើង​កែ​តម្រង់​ពួក​គាត់​ចុះ។ ការ​កែ​តម្រង់​នឹង​កើត​ឡើង​បាន​យ៉ាង​ល្អ​ប្រសើរ ប្រសិន​បើ​លោក​អ្នក​កែ​តម្រង់​ក្នុង​លក្ខណៈ​នៃ​បរិបទ​ធំៗ ទាក់​ទង​នឹង​ការ​ដែល​លោក​អ្នក​បាន​បញ្ជាក់​គាំ​ទ្រ​ពួក​គាត់​ម្ដង​ហើយ​ម្ដង​ទៀត។ ជា​ការ​ល្អ​ប្រសិន​បើ​លោក​អ្នក​មាន​ផ្ទាំង​បដា​ព្យួរ​នៅ​ក្នុង​ផ្ទះ​ដែល​មាន​ពាក្យ​ស្លោក​ដូច​នេះ «យើង​គាំ​ទ្រ​ចំណុច​ល្អៗ​នៅ​ទី​នេះ»។ ការ​នេះ​នឹង​នាំ​ឲ្យ​ពួក​គាត់​ទទួល​យក​ការ​កែ​តម្រង់​កើត​បាន​យ៉ាង​ល្អ (កូឡូស ៣:២១)។ ប៉ុន្តែ ចូរ​កុំ​ចាំ​យូរ​ពេក​ដែរ​ក្នុង​ការ​កែ​តម្រង់ កុំ​ចាំ​រហូត​ទាល់​តែ​លោក​អ្នក​មិន​អាច​ទ្រាំ​បាន ដូច្នេះ​ហើយ​ក៏​បាន​ផ្ទុះ​ឡើង ឬ​ក៏​ថា​លោក​អ្នក​ចាំ​យូរ​ពេក​រហូត​ដល់​ថ្នាក់​កូនៗ​របស់​លោក​អ្នក​លែង​ចាំ​នូវ​អាកប្បកិរិយា​មិន​សមរម្យ​របស់​ពួក​គាត់​ដែល​លោក​អ្នក​លើក​យក​មក​កែ​តម្រង់។

ទី៤ ចូរ​មាន​ពេល​វេលា​សម្រាក​រវាង​ការ​បញ្ជាក់​គាំ​ទ្រ និង​ការ​កែ​តម្រង់។ ចូរ​ញែក​ទាំង​ពីរ​ឲ្យ​ដាច់​ស្រេច​ពី​គ្នា។ ឧទាហរណ៍៖ «កូន​បាន​ប្រាប់​សេចក្ដី​ពិត​មក​កាន់​ម៉ាក់ (ឬ​ក៏​ប៉ា) អំពី​ការ​ដែល​អំពូល​បែក​ដោយ​សារ​កូន​បាន​បោះ​បាល់​ត្រូវ​វា ហើយ​ភាព​ស្មោះ​ត្រង់​នេះ​គឺ​គួរ​ឲ្យ​សរសើរ​មែន។ ម៉ាក់ (ឬ​ក៏​ប៉ា) ពិត​ជា​អរគុណ​ដល់​ព្រះ​ជាម្ចាស់​ខ្លាំង​ណាស់​ទាក់ទង​នឹង​ភាព​ស្មោះ​ត្រង់​របស់​កូន។ តែ​ឥឡូវ​នេះ (ចូល​បង្អង់​សិន) យើង​ត្រូវ​តែ​និយាយ​គ្នា​អំពី​ការ​សម្អាត ការ​បង់​ថ្លៃ​ខូច​ខាត និង​ការ​ដាក់​វិន័យ​ដ៏​សមរម្យ​សម្រាប់​អាកប្ប​កិរិយា​មិន​សមរម្យ​មួយ​នេះ ទាក់​ទង​នឹង​ការ​ដែល​ម៉ាក់ (ឬ​ក៏​ប៉ា) បាន​ប្រាប់​កូន​យ៉ាង​ច្បាស់​អំពី​ការ​បោះ​បាល់​លេង​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ។»

ទី៥ ចូរ​សួរ​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​បញ្ជាក់​គាំ​ទ្រ​យើង​នៅ​ពេល​ដែល​ព្រះអង្គ​កែ​តម្រង់​យើង។ ចម្លើយ៖ ព្រះអង្គ​ទទួល​យក​យើង​ធ្វើ​ជា​បុត្រា​បុត្រី​ទ្រង់ «ព្រះ​អម្ចាស់​ទ្រង់​ផ្ចាញ់​ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ ហើយ​ទ្រង់​វាយ​ប្រដៅ​ដល់​អស់​ទាំង​កូន​ដែល​ទ្រង់​ទទួល» (ហេព្រើរ ១២:៦)។ ចូរ​ពណ៌នា​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​កែ​តម្រង់​លោក​អ្នក​ឲ្យ​កូនៗ​ស្ដាប់។ ចូរ​ពន្យល់​ថា​ព្រះអង្គ​ធ្វើ​ការ​នោះ ពី​ព្រោះ​ទ្រង់​បាន​ទទួល​លោក​អ្នក​ចូល​ជា​សមាជិក​គ្រួសារ​ទ្រង់៖ វា​បង្កើត​ឲ្យ​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ជា​សមាជិក ដែល​នៅ​ត្រង់​ចំណុច​នេះ​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ការ​លូត​លាស់​ដែល​មាន​សុខ​ភាព​ល្អ។

ជា​ចុង​ក្រោយ ចូរ​ខិតខំ​ព្យាយាម​ដោយ​មាន​ការ​បន្ទាប​ខ្លួន (កូឡូស ៤:២)។ ចូរ​អនុវត្ត​ភាព​ទៀង​ទាត់​ក្នុង​កម្លាំង​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ ហើយ​ចូរ​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​កែ​តម្រង់​ដោយ​ក្ដី​ស្រឡាញ់​ដោយ​សម្លឹង​មើល​ទៅ​ឯ​អនាគត​ចុះ។

និពន្ធ​ដោយ៖ លោក​គ្រូ Sam Crabtree
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោក​ស្រី ឡូញ ស្រីរដ្ឋ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។

Loading…

0

​ផ្សះផ្សា​យើង​នឹង​ព្រះអង្គ​ទ្រង់

គួរទ្រាំជាមួយនឹងឈើឆ្កាង