in

ស្រឡាញ់ស្រឡាញ់ សើចសើច យំយំ ខឹងខឹង អស្ចារ្យអស្ចារ្យ

ជម្លោះ​គឺ​ជា​ឱកាស

Conflict Is An Opportunity

មាន​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​ឈ្លោះ​ប្រកែក​គ្នា​ឡើយ។ យើង​តែង​តែ​ព្យាយាម​គេច​ចេញ ប្រសិន​បើ​យើង​អាច​គេច​បាន។ ខ្ញុំ​គិត​ថា​ការ​ធ្វើ​បែប​នោះ​ក៏​ល្អ​ម៉្យាង​ដែរ។ ប្រាកដ​ណាស់! យើង​មិន​គួរ​ចូល​ចិត្ត​ការ​ឈ្លោះ​ប្រកែក​គ្នា​ទេ។

ប៉ុន្តែ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​នឹង​បាត់​បង់​ចំណុច​មួយ​ចំនួន នៅ​ពេល​ដែល​យើង​គេច​ចេញ​ពី​ការ​ប្រឈមមុខ​ចំពោះ​ការ​ដោះ​ស្រាយ​ជម្លោះ​តាម​ព្រះ​គម្ពីរ។ នៅ​ពេល​ដែល​យើង​គេច​ចេញ​ដោយ​មិន​ធ្វើ​តាម​ព្រះ​គម្ពីរ គឺ​មិន​មែន​ជា​ការ​ល្អ​ទេ។

ការ​ប្រឈម​មុខ​នឹង​ជម្លោះ គឺ​ជា​ឱកាស​ឲ្យ​យើង​បដិសេធ មិន​មែន​លួងលោម​ខ្លួន​ឯង​ឡើយ

ចូរ​យើង​គិត​អំពី​មូលដ្ឋានគ្រឹះ​នៃ​ការ​ប្រកប​គ្នា និង​ទំនាក់ទំនង​របស់​យើង​ជា​មួយ​គ្រីស្ទ​បរិស័ទ​ដទៃ​ទៀត។ ជា​ដំបូង យើង​មាន​ការ​រួបរួម​ក្នុង និង​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ។ យើង​អាច​មាន​ការ​ប្រកប​ជា​មួយ​អ្នក​ដទៃ ព្រោះ​យើង​ម្នាក់ៗ​មាន​ការ​ប្រកប​ជា​មួយ​ព្រះ​គ្រីស្ទ។ ដំណឹងល្អ​គឺ​ជា​មូលដ្ឋានគ្រឹះ​ចម្បង​របស់​យើង ដូច្នេះ​ហើយ​បាន​ជា​យើង​អាច​មាន​ជីវិត​អាពាហ៍ពិពាហ៍ រឿង​រ៉ាវ​នៅ​ក្នុង​គ្រួសារ និង​មិត្តភាព​ជា​មួយ​មនុស្ស​នៅ​ក្នុង​ក្រុម​ជំនុំ​បាន។ ចូរ​យើង​កុំ​ភ្លេច​អំពី​មូលហេតុ​ដែល​យើង​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ដំណឹង​ល្អ នោះ​គឺ​ដោយ​សារ​យើង​បាន​ទទួល​ស្គាល់​ថា យើង​ជា​មនុស្ស​មាន​បាប ហើយ​បាន​លន់តួ​បាប​របស់​យើង ក៏​ដូច​ជា​ទទួល​ស្គាល់​ថា យើង​ត្រូវ​ការ​ព្រះ​អង្គ​សង្គ្រោះ។

ការ​យល់​ដឹង​បែប​នេះ​គួរ​តែ​ជំរុញ​យើង​កុំ​ឲ្យ​គេច​ចេញ​ពី​ជម្លោះ។ ប្ដីប្រពន្ធ​មួយ​ចំនួន​គេច​ចេញ​ពី​ការ​មិន​និយាយ​អំពី​រឿង​រ៉ាវ​មួយ​ចំនួន ព្រោះ​ពួក​គេ​មិន​ចង់​ប្រឈម​មុខជា​មួយ​រឿងរ៉ាវ​ដែល​មិន​ស្រួល។ មិត្តភត្ត​មួយ​ចំនួន​នៅ​ក្នុង​ក្រុម​ជំនុំ​មិន​ចង់​ព្រមាន​អ្នក​ដែល​ធ្វើ​បាប​ម្ដង​ហើយ​ម្ដង​ទៀត​ទេ ព្រោះ​ពួក​គេ​មិន​ចង់​ប្រឈម​មុខ​នឹង​រឿងរ៉ាវ​ដែល​មិន​ស្រួល។ តើ​លោក​អ្នក​ឃើញ​ទេ​ថា ការ​នេះ​ធ្វើ​ឲ្យ​យើង​បាត់​បង់​អត្ថ​ប្រយោជន៍​ច្រើន​ណាស់។ មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​របស់​យើង​គឺ៖ យើង​បាន​ទទួល​ស្គាល់​ថា ខ្លួន​ជា​មនុស្ស​មាន​បាប ហើយ​ត្រូវការ​ព្រះ​អង្គ​សង្គ្រោះ។ ប្រសិន​បើ​យើង​ពិត​ជា​ជឿ​បែប​នេះ​មែន តើ​ហេតុ​អ្វី​បាន​ជា​យើង​រស់នៅ​ដោយ​មិន​បង្ហាញ​ថា យើង​ជា​មនុស្ស​មាន​បាប និង​ត្រូវការ​ព្រះ​អង្គ​សង្គ្រោះ? ការ​រស់នៅ​បែប​នេះ មិន​ថា​តូច​ប៉ុណ្ណា​ក៏​ដោយ ក៏​វា​នឹង​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍ ព្រម​ទាំង​ក្រុម​ជំនុំ​គ្មាន​សុខភាព​ល្អ ព្រោះ​វា​លាក់​ទុក​នូវ​ដំណឹង​ល្អ ហើយ​ឲ្យ​អំនួត​មាន​ជីវិត​វិញ។ ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​រស់នៅ​ដោយ​លះ​អាល័យ​ខ្លួន​ឯង និង​កុំ​ឲ្យ​លួង​លោម​ខ្លួន​ឯង។

ការ​ប្រឈម​មុខ​នឹង​ជម្លោះ គឺ​ជា​ឱកាស​ឲ្យ​យើង​ប្រកាស​ដំណឹង​ល្អ

ខ្ញុំ​ធ្លាប់​អង្គុយ​ប្រជុំ​ជា​មួយ​បុរស និង​ស្ត្រី​ជា​ច្រើន ដែល​មើល​ទៅ​ពួកគេ​ហាក់​ដូច​ជា​ស្រឡាញ់​ព្រះ​ដែរ។ នៅ​ពេល​ដែល​យើង​កំពុង​និយាយ​គ្នា ខ្ញុំ​ឃើញ​យ៉ាង​ច្បាស់​ថា ពួក​គេ​មាន​ជម្លោះ​ជា​មួយ​គ្នា ហើយ​ខណៈពេល​ដែល​យើង​ព្យាយាម​ដោះ​ស្រាយ​បញ្ហា ខ្ញុំ​បាន​រំឭក​ពួក​គេ​ថា មិន​ថា​លោក​អ្នក​មាន​រឿងរ៉ាវ​ធំ​ប៉ុណ្ណា​ក៏​ដោយ ក៏​យើង​នៅ​មាន​ដំណឹង​ល្អ​ដែល​ធំ​លើស​ជាង​នោះ​ទៅ​ទៀត ហើយ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​នោះ​បាន។ មិន​ថា​មាន​រឿង​អ្វី​បាន​កើត​ឡើង​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ដោះ​ស្រាយ​បាន​ដែរ។ ចូរ​យើង​ប្រើ​ដំណឹង​ល្អ​នេះ!

តែ​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ព្រោះ​ជា​ច្រើន​លើក​ច្រើន​សារ ពួក​គេ​មើល​មក​ខ្ញុំ​ដូច​ជា​មនុស្ស​ឆ្កួត ហើយ​ក៏​គ្មាន​ចិត្ត​ចង់​ដោះ​ស្រាយ​បញ្ហា​នោះ​ដែរ។ ដោយ​សារ​ពួក​គេ​ចង់​បន្ត​គុំគួនគ្នា ដូច្នេះ​ពួក​គេ​ក៏​មិន​ប្រកាស​ដំណឹង​ល្អ ហើយ​ក៏​មិន​ចង់​ដោះ​ស្រាយ​បញ្ហា​ដែរ។

ការ​ប្រឈម​មុខ​នឹង​ជម្លោះ គឺ​ជា​ឱកាស​ដែល​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា

នៅ​ពេល​ដែល​យើង​ដោះ​ស្រាយ​បញ្ហា​ដោយ​ពឹង​អាង​លើ​ដំណឹងល្អ នោះ​យើង​នឹង​ឃើញ​ថា ជម្លោះ​គឺ​ជំនួយ​ក្នុង​ការ​បង្រៀន​យើង​អំពី​ទំនាក់​ទំនង​របស់​យើង។ ការ​ដោះ​ស្រាយ​ជម្លោះ​តាម​របៀប​ព្រះ​គម្ពីរ នឹង​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​ជា​មួយ​គ្នា ជាង​ការ​ដែល​យើង​មាន​ចិត្ត​ធូរស្បើយ​ដោយ​ខ្លួន​ឯង។ ខ្ញុំ​ធ្លាប់​ឃើញ​ប្ដីប្រពន្ធ​មួយ​ចំនួន​មាន​ទំនាក់​ទំនង​ល្អ​ជាង​មុន បន្ទាប់​ពី​ពួក​គេ​បាន​ដោះ​ស្រាយ​បញ្ហា​ធំៗ​មួយ​ចំនួន។ ទំនាក់ទំនង​របស់​ពួក​គេ​ល្អ​ប្រសើរ​ជាង​ប្ដីប្រពន្ធ​ដែល​មិន​ចង់​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​ខ្លួន។ ខ្ញុំ​ក៏​ធ្លាប់​ឃើញ​ទាំង​មនុស្ស​វ័យ​ចំណាស់ និង​មនុស្ស​វ័យ​ក្មេង បាន​ក្លាយ​ជា​មិត្តភត្ត​ដ៏​ល្អ​ដែរ បន្ទាប់​ពី​​ពួក​គាត់​បាន​ដោះស្រាយ​បញ្ហា​ជា​មួយ​គ្នា​ដោយ​ពឹង​លើ​ដំណឹង​ល្អ និង​មាន​ចិត្ត​បន្ទាបខ្លួន។

ការ​នេះ​អាច​កើត​ឡើង​បាន ដោយសារ​ដំណឹង​ល្អ​ជា​អ្នក​ជួយ​ឲ្យ​មាន​ការ​រួបរួម​គ្នា។ ដំណឹង​ល្អ​បង្រៀន​យើង​ឲ្យ​ចេះ​បន្ទាបខ្លួន។ ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង​ថា ដើម្បី​ក្លាយ​ជា​អ្នក​ធំ គឺ​យើង​ត្រូវ​ធ្វើ​ជា​អ្នក​តូច​សិន «ចូរ​កុំ​ធ្វើ​អ្វី​ដោយ​ការ​ប្រជែង ឬ​ដោយ​ចិត្ដ​អំនួត​ឥត​ប្រយោជន៍​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​បន្ទាប​ខ្លួន​ទាំង​គិត​ថា អ្នក​ដទៃ​ប្រសើរ​ជាង​ខ្លួន​ឯង។ កុំ​ឲ្យ​ម្នាក់ៗ​គិត​តែ​ពី​ខ្លួន​ឯង​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​ម្នាក់ៗ​គិត​ពី​អ្នក​ដទៃ​ផង។ ចូរ​ឲ្យ​មាន​គំនិត​ដូច្នេះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ចុះ ព្រោះ​គំនិត​ដូច្នេះ​ក៏​មាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែរ ដ្បិត​ទោះបី​ព្រះអង្គ​មាន​សណ្ឋាន​ជា​ព្រះ​ក៏​ដោយ ក៏​ព្រះអង្គ​មិន​បាន​រាប់​ភាព​ស្មើ​នឹង​ព្រះ​នោះ​ទុក​ជា​សេចក្ដី​ដែល​ត្រូវ​កាន់​ខ្ជាប់​ឡើយ គឺ​ព្រះអង្គ​បាន​លះបង់​អ្វីៗ​ទាំង​អស់​មក​យក​សណ្ឋាន​ជា​បាវបម្រើ ដោយ​បាន​ប្រសូត​មក​ជា​មនុស្ស ហើយ​រស់នៅ​ជា​មនុស្ស​ធម្មតា។ ព្រះអង្គ​បាន​បន្ទាប​ខ្លួន ទាំង​ស្ដាប់​បង្គាប់​រហូត​ដល់​សោយ​ទិវង្គត គឺ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង​នោះ​ឯង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​លើក​តម្កើង​ព្រះអង្គ​ឡើង ព្រមទាំង​ប្រទាន​ឲ្យ​ព្រះអង្គ​មាន​នាម​លើ​អស់​ទាំង​នាម​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌ នៅ​ផែនដី និង​នៅ​ក្រោម​ផែនដី​ត្រូវ​លត់​ចុះ​នៅ​ក្នុង​ព្រះនាម​ព្រះយេស៊ូវ» (ភីលីព ២:៣-១០ គគខ)។

ការ​ប្រឈម​មុខ​នឹង​ជម្លោះ គឺ​ជា​ឱកាស​ដែល​នាំ​ឲ្យ​យើង​ទទួល​ស្គាល់​ថា ព្រះ​នៃ​យើង​គឺ​ជា​ព្រះ​ដែល​ប្រកប​ដោយ​អធិបតេយ្យភាព

ការ​មិន​ដោះ​ស្រាយ​ជម្លោះ​ក៏​បង្ហាញ​ពី​ទស្សនៈ​របស់​យើង​ចំពោះ​អធិបតេយ្យភាព​របស់​ព្រះ​ដែរ។ យើង​គួរ​តែ​ដោះ​ស្រាយ​ជម្លោះ ព្រោះ​ព្រះ​ជាម្ចាស់​កំពុង​កាន់​កាប់​អ្វីៗ​ទាំង​អស់ ហើយ​ទ្រង់​ក៏​កំពុង​សោយរាជ​លើ​អ្វីៗ​ទាំង​អស់​ផង​ដែរ។ ទ្រង់​កំពុង​អនុញ្ញាត​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​ត្រូវ​កើត​ឡើង បាន​កើត​ឡើង​ផង​ដែរ។ ទ្រង់​ជា​ព្រះ​ដែល​អនុញ្ញាត​ឲ្យ​យើង​ប្រឈម​មុខ​ជា​មួយ​ជម្លោះ។ ដូច្នេះ យើង​ត្រូវ​អនុវត្ត​ព្រះ​បន្ទូល​របស់​ព្រះ និង​ដំណឹង​ល្អ​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ជា​សិរីល្អ​ដល់​ទ្រង់ និង​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ខ្លួន​យើង ព្រម​ទាំង​អ្នក​ដទៃ​ផង។

ជា​រឿយៗ យើង​ដែល​ជា​អ្នក​ជឿ​តែង​តែ​ប្រើ​របៀប​របស់​លោកីយ៍​មក​ដោះ​ស្រាយ​ជម្លោះ ហើយ​រំពឹង​ចង់​បាន​លទ្ធផល​ដែល​មក​ស្ថាន​សួគ៌។ ការ​ធ្វើ​បែប​នោះ មិន​អាច​ជួយ​ឲ្យ​យើង​ដោះ​ស្រាយ​ជម្លោះ​បាន​ឡើយ។ យើង​មិន​គួរ​រំពឹង​ចង់​បាន​ព្រះ​ពរ ខណៈ​ដែល​យើង​មិន​ប្រកាស​ដំណឹង​ល្អ​នោះ​ឡើយ ហើយ​យើង​ក៏​មិន​គួរ​រំពឹង​ចង់​បាន​ប្រយោជន៍ ខណៈ​ដែល​យើង​មិន​ជឿ​លើ​អធិបតេយ្យភាព​របស់​ព្រះ​ដែរ។ យើង​មិន​គួរ​រំពឹង​ចង់​បាន​ការ​រួបរួម​ដ៏​ល្អ​នៅ​ក្នុង​សហគមន៍​ឡើយ ខណៈ​ដែល​យើង​គេច​ចេញ​ពី​ការ​ប្រឈម​មុខ​ជា​មួយ​ភាព​មិន​ស្រួល​ចិត្ត។ យើង​ដឹង​ហើយ​ថា ការ​ដែល​យើង​អាច​ក្លាយ​ជា​សមាជិក​នៅ​ក្នុង​ក្រុម​ជំនុំ​បាន ជា​ដំបូង​គឺ​យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​តែង​តែ​នាំ​ឲ្យ​មាន​ការ​បាក់​បែក។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​យើង​មិន​គួរ​ធ្វើ​ពុត​ថា យើង​ជា​មនុស្ស​គ្រប់​លក្ខណ៍​ឡើយ​ទេ ហើយ​យើង​ក៏​មិន​គួរ​រំពឹង​ចង់​ឲ្យ​អ្នក​ដទៃ​ធ្វើ​បែប​នេះ​ដែរ។

ការ​ប្រឈម​មុខ​ជា​មួយ​ជម្លោះ​អាច ឬ​ក៏​មិន​អាច​បណ្ដាល​ឲ្យ​យើង​មាន ឬ​ក៏​មិន​មាន​ទំនាក់​ទំនង​ស្និទ្ធស្នាល​បាន គឺ​អាស្រ័យ​លើ​ការ​ដែល​យើង​អនុវត្ត ឬ​មិន​អនុវត្ត​ដំណឹង​ល្អ។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Erik Raymond
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង​លោក អ៊ុន ជ័យរិទ្ធ
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

មតិយោបល់

Leave a Reply
  1. សួស្តីលោកគ្រូអ្នកគ្រូទាំងអស់!
    នាងខ្ញុំមានចម្ងល់មួយ ប្តីប្រពន្ធខ្ញ្ំមានការថ្នាក់ថ្នាំងចិត្តនឹងគ្នាតិចតួច ហើយស្វាមីនាងខ្ញុំគាត់សម្រេចថាយើងត្រូវនៅឆ្ងាយបែកគបនា១រយៈ ខ្ញុំមិនចង់ធ្វើបែបនេះទេតែមិនអាចហាមឃាត់គាត៉បាន។
    តើការធ្វើបែបនេះជារឿងត្រឹមត្រូវឬទេ?
    ពួកយើងជាគ្រិស្តបរិស័ទ
    អរគុណ

    • ជា​ដំបូង ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ដល់​ Phally អាន​ខគម្ពីរ​នេះ​ជា​មុន​សិន។ រួច​សូម​អធិស្ឋាន​ ទាំង​សញ្ជឹងគិត​លើ​ព្រះបន្ទូល​ត្រង់​នេះ​ឲ្យ​បាន​ជ្រាលជ្រៅ។ បន្ទាប់មក​បើ​អាច​ សូម​ចែកចាយ​នូវ​អ្វី​ដែល​បាន​សញ្ជឹងគិត។ អរគុណ!
      «ចូរ​កុំ​ធ្វើ​អ្វី​ដោយ​ការ​ប្រជែង ឬ​ដោយ​ចិត្ដ​អំនួត​ឥត​ប្រយោជន៍​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​បន្ទាប​ខ្លួន​ទាំង​គិត​ថា អ្នក​ដទៃ​ប្រសើរ​ជាង​ខ្លួន​ឯង។ កុំ​ឲ្យ​ម្នាក់ៗ​គិត​តែ​ពី​ខ្លួន​ឯង​ឡើយ ផ្ទុយ​ទៅ​វិញ ចូរ​ឲ្យ​ម្នាក់ៗ​គិត​ពី​អ្នក​ដទៃ​ផង។ ចូរ​ឲ្យ​មាន​គំនិត​ដូច្នេះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ចុះ ព្រោះ​គំនិត​ដូច្នេះ​ក៏​មាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែរ ដ្បិត​ទោះបី​ព្រះអង្គ​មាន​សណ្ឋាន​ជា​ព្រះ​ក៏​ដោយ ក៏​ព្រះអង្គ​មិន​បាន​រាប់​ភាព​ស្មើ​នឹង​ព្រះ​នោះ​ទុក​ជា​សេចក្ដី​ដែល​ត្រូវ​កាន់​ខ្ជាប់​ឡើយ គឺ​ព្រះអង្គ​បាន​លះបង់​អ្វីៗ​ទាំង​អស់​មក​យក​សណ្ឋាន​ជា​បាវបម្រើ ដោយ​បាន​ប្រសូត​មក​ជា​មនុស្ស ហើយ​រស់នៅ​ជា​មនុស្ស​ធម្មតា។ ព្រះអង្គ​បាន​បន្ទាប​ខ្លួន ទាំង​ស្ដាប់​បង្គាប់​រហូត​ដល់​សោយ​ទិវង្គត គឺ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង​នោះ​ឯង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាម្ចាស់​លើក​តម្កើង​ព្រះអង្គ​ឡើង ព្រមទាំង​ប្រទាន​ឲ្យ​ព្រះអង្គ​មាន​នាម​លើ​អស់​ទាំង​នាម​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌ នៅ​ផែនដី និង​នៅ​ក្រោម​ផែនដី​ត្រូវ​លត់​ចុះ​នៅ​ក្នុង​ព្រះនាម​ព្រះយេស៊ូវ» (ភីលីព ២:៣-១០ គគខ)។

  2. សម្រាប់​រឿង​បង​ស្រី ខ្ញុំ​ពិបាក​នឹង​ផ្ដល់​យោបល់​បន្តិច​ព្រោះ​ខ្ញុំ​មិន​សូវ​ដឹង​​រឿង​ទាំង​មូល​របស់​បងស្រី​នឹង​ស្វាមី​របស់​​បងស្រី ហើយ​យើង​ខ្ញុំ​ក៏​មិន​ចង់​រឿង​ដឹង​នេះ​ដែរ លុះត្រាតែ​បង​ស្រី​ប្រាប់ ហើយ​ការ​លើក​ឡើង​បែប​នេះ​ក៏​មិន​មែន​ជា​ការ​ចង់​និយាយ​ថា លុះត្រាតែ​ខ្ញុំ​ដឹង​រឿង ទើប​ខ្ញុំ​អាច​ផ្ដល់​យោបល់​បាន​ដែរ វា​គ្រាន់តែ​ថា ពេល​ខ្លះ​បើ​ខ្ញុំ​មិន​ដឹង​រឿង​ទាំងមូល ខ្ញុំ​មិន​អាច​ផ្ដល់​យោបល់​បាន​ផង​ដែរ ព្រោះ​វា​អាច​មិន​ស៊ី​នឹង​បរិបទ​នៃ​រឿង​របស់​បង​ស្រី។ ពិត​ប្រាកដ​ណាស់ ការ​ដែរ​ប្ដី​ប្រពន្ធ​នៅ​បែកបាក់​គ្នា​គឺ​ជា​រឿង​ពិបាក តែ​ពេល​ខ្លះ មនុស្ស​មួយ​ចំនួន​ត្រូវ​ធ្វើ​បែប​នោះ​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្លះៗ។ ខ្ញុំ​ធ្លាប់​មាន​មិត្តភក្ដិ​មួយ​ចំនួន​ដែល​ពួកគេ​ត្រូវ​នៅ​បែក​គ្នា​មួយ​រយៈ​ព្រោះ​ប្ដី​ធ្វើ​បាប​​​ប្រពន្ធ​ខ្លាំង​ពេក ឬ​ក៏​ប្រពន្ធ​ធ្វើ​បាន​ប្ដី ឬក៏​ប្ដី​ធ្វើ​បាប​កូនៗ​បើ​និយាយ​ឲ្យ​ខ្លី​ទៅ​​មាន​ករណី​ច្រើន​ជាង​នេះ ដែល​បណ្ដាល​ឲ្យ​ប្ដី​ប្រពន្ធ​នៅ​បែក​គ្នា​មួយ​រយៈ​សិន ហើយ​ខ្ញុំ​គិត​ថា ពួកគាត់​អាច​ធ្វើ​បែប​នេះ​បាន បើ​នោះ​ជា​វិធី​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមាន។ តែ​យល់​ល្អ ពួកគាត់​គួរតែ​នៅ​ជាមួយ​គ្នា​វិញ ហើយ​ត្រូវ​មាន​មិត្តភក្ដិ​ស្និទ្ធស្នាល​ណា​ម្នាក់ ឬ​ក៏​ជា​គ្រូ​គង្វាល ដើម្បី​មក​ធ្វើ​ជា​អាជ្ញា​កណ្ដាល នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​បងស្រី។ បើ​សិន​បើ​បង​ស្រី នៅ​បន្ត​បែក​គ្នា​បែប​នេះ​ទៀត ​ហើយ​គ្មាន​ការ​ព្យាយាម​​ដោះស្រាយ​ទេ នោះ​បញ្ហា​វា​ក៏​នឹង​មិន​ដោះស្រាយ​ខ្លួន​វា​ដោយ​ឯង​ៗដែរ។ ខ្ញុំ​សង្ឃឹម​ថា​យោបល់​នេះ​ជួយ​បងស្រី​ខ្លះៗ តែ​សារ​ថ្មី​ម្ដង​ទៀត ដោយសារ​ខ្ញុំ​មិន​ដឹង​រឿង​របស់​បង​ស្រី​ទាំង​ស្រុង អញ្ចឹង​ខ្ញុំ​ពិបាក​នឹង​ផ្ដល់​យោបល់​បន្តិច។ សូម​អគុណ។ សូម​ព្រះ​ប្រទាន​ពរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ការ​ថ្វាយ​បង្គំ

ព្រះ​សណ្ដាប់