in ,

សេចក្ដីតាំងសញ្ញា

សេចក្ដី​តាំង​សញ្ញា (សម្ព័ន្ធ​មេត្រី) ជា​កិច្ច​ព្រម​ព្រៀង​រវាង​ភាគី​ពីរ ដែល​ត្រូវ​តែ​រក្សា​នូវ​កាតព្វកិច្ច​នៃ​សេចក្តី​តាំង​សញ្ញា ហើយ​អាច​ទទួល​ជា​ផល​ប្រយោជន៍ ឬ​ទណ្ឌកម្ម អាស្រ័យ​ទៅ​លើ​ភាគី​ទាំង​ពីរ តើ​ពួក​គេ​បាន​ធ្វើ តាម​ការ​ព្រម​ព្រៀង​ដែរ​ឬ​ទេ? ប៉ុន្តែ សម្រាប់​សេចក្តី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់ និង​មនុស្ស វា​មាន​លក្ខណៈ​ពិសេស​ជាង ពីព្រោះ​ជា​សេចក្តី​តាំង​សញ្ញា​ដែល​មិន​មាន​ភាព​ស្មើ​គ្នា ដោយ​ព្រោះ​ព្រះ​ជាម្ចាស់​ជា​អ្នក​ប្រទាន ដល់​មនុស្ស​ជា​និច្ច ហើយ​មនុស្ស​គ្រាន់​តែ​ជា​អ្នក​ទទួល​តែ​ប៉ុណ្ណោះ។ យើង​ឃើញ​ថា​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល​មាន​ការ​តាំង​សញ្ញា​រវាង​ព្រះ​ជាម្ចាស់ នឹង​មនុស្ស តាំង​ពី​លោកុប្បត្ដិ ប៉ុន្តែ​សេចក្តី​តាំង​សញ្ញា​ចាស់ នឹង​សេចក្តី​តាំង​សញ្ញា​ថ្មី​មាន​លក្ខណៈ​ខុស​គ្នា​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ព្រះ​ជាម្ចាស់​ទ្រង់​បាន​តាំង​សញ្ញា​ជា​មួយ​នឹង​រាស្ត្រ​អ៊ីស្រាអែល ហើយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី ព្រះ​យេស៊ូវ​ទ្រង់​បាន​តាំង​សញ្ញា​ជា​មួយ​នឹង​មនុស្ស ដែល​ទទួល​ជឿ​ព្រះ​អង្គ។ ហេតុ​អ្វី​បាន​ជា​មាន​លក្ខណៈ​ខុស​គ្នា?

សេចក្ដី​តាំង​សញ្ញា​ចាស់

ព្រះ​អង្គ​បាន​តាំង​សញ្ញា​ជា​មួយ​នឹង​រាស្ត្រ​អ៊‌ីស្រាអែល យើង​អាច​ឃើញ​រូប​ភាព ទាំង​នេះ​ច្បាស់​នៅ​ក្នុង​ពេល​ដែល​ពួក​គេ​ធ្វើ​សេចក្ដី​តាំង​សញ្ញា​នៅ​លើ​ភ្នំ​ស៊ីណាយ គឺ​ពួក​អ៊‌ីស្រាអែល​បាន​ក្លាយ​ជា​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់ ដោយ​សារ​ព្រះ​គុណ​របស់​ទ្រង់ ទោះ​បី​ជា​ពួក​គេ​មិន​សម​នឹង​ទទួល​បាន​ក៏​ដោយ។ ប៉ុន្តែ អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​គឺ​ត្រូវ​ធ្វើ​តាម​បញ្ញត្តិ​របស់​ព្រះ ដោយ​ព្រះ​ជាម្ចាស់​ទ្រង់​បាន​ផ្ដល់​មក​តាមរយៈ​លោក ម៉ូសេ (និក្ខមនំ ២៤:៣, ៨ និង​លេវីវិន័យ ២៦:៣-១៣)។ មួយ​វិញ​ទៀត​ព្រះ​ជាម្ចាស់ មិន​បាន​រៀប​ចំ​សេចក្ដី​តាំង​សញ្ញា​ចាស់​ទុក​ជា​វិធី​សម្រាប់​ឲ្យ​មនុស្ស​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នោះ​ឡើយ។ តាម​ក្រឹត្យ​វិន័យ​របស់​លោក ម៉ូសេ ក៏​មិន​អាច​ជួយ​ឲ្យ​មនុស្ស​បាន​ទទួល​ការ​អត់​ទោស​ពី​ព្រះ​នោះ​ដែរ។ តើ​ព្រះ​អង្គ​មាន​គោល​បំណង​អ្វី? បាន​ជា​ទ្រង់​បង្កើត​ក្រឹត្យវិន័យ​មក។ តាម​រយ:​កណ្ឌគម្ពីរ​រ៉ូម បាន​ឲ្យ​យើង​ដឹង​ថា “ក្រឹត្យវិន័យ​បង្កើត​មក​គ្រាន់​តែ​ជា​ការ​បើក​បង្ហាញ​ឲ្យ​មនុស្ស​ដឹង​ថា​គេ​មិន បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​ទេ ដោយ​ក្រឹត្យវិន័យ​ជា​អ្នក​ធ្វើ​ឲ្យ​មនុស្ស​ស្គាល់​អំពើ​បាប” (រ៉ូម ៣:១៩-២០) ដូច្នេះ​ក្រឹត្យវិន័យ​មិន​អាច​ជួយ​សង្គ្រោះ​មនុស្ស​បាន​ឡើយ។ បើ​សេចក្ដី​តាំង​សញ្ញា​ចាស់​របស់​ព្រះ​ជាម្ចាស់ ទ្រង់​មិន​បាន​រៀប​ចំ​សេចក្ដី​តាំង​សញ្ញា​នោះ​ទុក​សម្រាប់​សង្គ្រោះ​មនុស្ស តើ​មនុស្ស​ដែល​បាន​ដើរ​តាម​ព្រះ​អង្គ ដូច​ជា​លោក អាប្រាហាំ លោក ម៉ូសេ និង​មនុស្ស​ជា​ច្រើន​ទៀត​ដែល​រស់​នៅ​ក្នុង​សេចក្តី​តាំង​សញ្ញា​ចាស់ តើ​ពួក​គេ​អាច​ទទួល​បាន​សង្គ្រោះ​ដែរ​ឬ​ទេ?

ជា​ការ​ពិត​ណាស់ ពួក​គេ​ក៏​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ដែរ ប៉ុន្តែ​វា​ខុស​ប្លែក​គ្នា​បន្តិច​ជា​មួយ​នឹង​សេចក្តី​តាំង​សញ្ញា​ថ្មី ដោយ​ព្រោះ​ពួក​គេ​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​បាន​តាម​រយៈ​ជំនឿ​តែ​មួយ​គត់។ វា​ដូច​ជា​ប្រហាក់​ប្រហែល​ទៅ​នឹង​សេចក្តី​តាំង​សញ្ញា​ថ្មី ប៉ុន្តែ​វា​មិន​ដូច​គ្នា​ទេ។ តើ​វា​ខុស​គ្នា​យ៉ាង​ដូច​ម្តេច? តាម​រយ:​ការ​បក​ស្រាយ​នៅ​ក្នុង​សៀវភៅ​ស្ពាន​ចម្លង​បាន​ឲ្យ​ដឹង​ថា “មនុស្ស​សម័យ​មុន​ព្រះ​គម្ពីរ​សញ្ញា​ថ្មី ពួក​គេ​ទទួល​បាន​សេចក្តី​សង្គ្រោះ ដោយ​សារ​ព្រះ​គុណ​ព្រះ​ជាម្ចាស់​តាមរយៈ​ជំនឿ​របស់​ពួក​គេ​ទៅ​ចំពោះ​ព្រះ​អង្គ ដែល​ជា​វិធី​តែ​មួយ​គត់​សម្រាប់​សង្គ្រោះ​មនុស្ស​មាន​បាប”។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​និយាយ​ច្រើន​អំពី​បុគ្គល​ដែល​សុចរិត​នៅ​ចំពោះ​ព្រះ​ដោយ​សារ​ជំនឿ ដោយ​យើង​អាច​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ ហេព្រើរ ជំពូក​១១ មួយ​ជំពូក​ពេញ​តែ​ម្តង​ដែល​និយាយ​អំពី​ជំនឿ​របស់​មនុស្ស​សម័យ​មុន។

ទំនាក់​ទំនង​រវាង​ព្រះ​ជាម្ចាស់​នឹង​មនុស្ស​នៅ​ការ​តាំង​សញ្ញា​ចាស់ មនុស្ស​មិន​អាច​ចូល​ទៅ​កាន់​ព្រះ​ជាម្ចាស់​ដោយ​ខ្លួន​ឯង​បាន​ឡើយ​គឺ​តាម​រយ:​សង្ឃ (ពួក​លេវី) និង​ពួក​ហោរា​តែ​ប៉ុណ្ណោះ ដូច​ជា​លោក អើរ៉ុន ដែល​ជា​សង្ឃ​គាត់​មាន​តួនាទី​បង្រៀន​ក្រឹត្យវិន័យ និង​គ្រប់​គ្រង​ពួក​អ៊‌ីស្រាអែល​ឲ្យ​រក្សា​សីលធម៌ ភាព​បរិសុទ្ធ និង​ភាព​ស្អាត​ស្អំ តាម​គំរូ​ខ្នាត​របស់​ព្រះ​ជាម្ចាស់ (លេវីវិន័យ ១០:១០-១១)។ មិន​តែ​ប៉ុណ្ណោះ​ពួក​លេវី​គឺ​ជា​អ្នក​ថ្វាយ​ដង្វាយ ជំនួស​ឲ្យ​ពួក​បណ្តាល​ជន​ដែល​យក​ដង្វាយ​មក​ថ្វាយ​ព្រះ​យេហូវ៉ា។ ដូច​នេះ​ពួក​គេ​គឺ​ជា​អ្នក​កណ្តាល​រវាង​ព្រះ​ជាម្ចាស់ និង​ប្រជារាស្ត្រ​អ៊‌ីស្រាអែល (លេវីវិន័យ ១:៤-៩)។ ទំនាក់​ទំនង​នេះ​វា​ក៏​ពាក់​ព័ន្ធ​ជា​មួយ​នឹង​រោង​ឧបោសថ​ដែរ ពីព្រោះ​ក្នុង​សេចក្តី​តាំង​សញ្ញា​ចាស់ រោង​ឧបោសថ​សំខាន់​ណាស់​សម្រាប់​រាស្ត្រ​អ៊‌ីស្រាអែល។ រោង​ឧបោសថ​ជា​កន្លែង​ដែល​តំណាង​ឲ្យ​ព្រះ​វត្តមាន​របស់​ព្រះ ដោយ​មាន​ហិប​សញ្ញា​របស់​ព្រះ ដែល​ជា​តំណាង​ព្រះ​វត្តមាន​របស់​ទ្រង់ ដូច​នេះ​នៅ​ពេល​ដែល​ពួក​គេ​ផ្លាស់​ប្ដូរ​ទី​កន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ ត្រូវ​យក​ហិប​សញ្ញា​ទៅ​ជា​មួយ​ជាប់​ជានិច្ច។ សូម​បញ្ជាក់​ព្រះ​ជាម្ចាស់​ទ្រង់​មាន​វត្តមាន​គ្រប់​ទី​កន្លែង​ទាំង​អស់ គ្រាន់​តែ​នៅ​សេចក្តី​តាំង​សញ្ញា​ចាស់​ពិបាក​នឹង​ចូល​ទៅ​ចំពោះ​ទ្រង់​បែប​ដូច្នោះ។ ដូច្នេះ​ហើយ​បាន​ជា​ព្រះ​ជាម្ចាស់​បាន​ឲ្យ​ពួក​គេ​ធ្វើ​រោង​ឧបោសថ​ឡើង ដើម្បី​ឲ្យ​ពួក​គេ​មាន​ទំនុក​ចិត្ត​ថា ព្រះ​វត្តមាន​របស់​ទ្រង់​គង់​នៅ​កណ្តាល​ចំណោម​ពួក​គេ ហើយ​ក៏​ជា​វិធី​មួយ​ដែល​អាច​ឲ្យ​គេ​កំណត់​សម្គាល់​ថា “ព្រះ​វត្ត​មាន​របស់​ព្រះ​ជាម្ចាស់​គង់​នៅ​ទី​នោះ”។ នៅ​ពេល​ដែល ស្តេច ដាវីឌ ទទួល​បាន​ហិប​សញ្ញា​មក​វិញ ទ្រង់​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ពីព្រោះ​ទ្រង់​ដឹង​ថា​ព្រះ​វត្តមាន​របស់​ព្រះ​ជាម្ចាស់​បាន​គង់​នៅ​ក្នុង​សាសន៍​អ៊‌ីស្រាអែល​វិញ​ហើយ។ ដូច​នេះ​ទ្រង់​មាន​ទំនុក​ចិត្ត​ដោយ​ជឿ​ជាក់​ចំពោះ​ព្រះ ដោយ​ព្រោះ​ទ្រង់​នឹង​ការពារ​រាស្ត្រ​អ៊‌ីស្រាអែល ហើយ​និង​ទ្រង់​ផង​ដែរ ដោយ​មិន​ឲ្យ​ពួក​គេ​ត្រូវ​ខ្មាំង​សត្រូវ​បំភ័យ​ឡើយ (២សាំយូអែល៦:១៥-២១)។ ហេតុ​នេះ​យើង​អាច​និយាយ​បាន​ថា “ហិប​សញ្ញា” គឺ​សំខាន់​ចំពោះ​រាស្ត្រ​អ៊‌ីស្រាអែល​ខ្លាំង​ណាស់។ ម្យ៉ាង​វិញ​ទៀត ការ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​បាប គឺ​ត្រូវ​ការ​ថ្វាយ​ច្រើន​ដង ពីព្រោះ​នៅ​ពេល​អ្នក​ណា​ម្នាក់​ធ្វើ​បាប​ត្រូវ​យក​សត្វ ឬ​អ្វី​ផ្សេង​ទៀត​ដើម្បី​ស្លាប់​ជំនួស​ពួក​គេ ពីព្រោះ​អំពើ​បាប​ត្រូវ​ការ​សេចក្តី​ស្លាប់។ ប៉ុន្តែ ការ​ធ្វើ​បែប​នេះ​មិន​បាន​នាំ​មនុស្ស​រួច​ចេញ​ពី​អំពើ​បាប​បាន​ទេ វា​គ្រាន់​តែ​ជា​ការ​ព្រម​ព្រៀង​បណ្ដោះអាសន្ន​តែ​ប៉ុណ្ណោះ។

សេចក្ដី​តាំង​សញ្ញា​ថ្មី

នេះ​ជា​សេចក្ដី​សញ្ញា​របស់​ព្រះ​ជាម្ចាស់​ជា​មួយ​នឹង​មនុស្ស ដោយ​ព្រះ​យេស៊ូវ​ទ្រង់​ជា អ្នក​កណ្តាល​នៃ​សេចក្ដី​តាំង​សញ្ញា​ថ្មី ដោយ​បាន​ថ្វាយ​អង្គ​ទ្រង់​ទុក​ជា​យញ្ញ​បូជា។ ព្រះ​អង្គ​បាន​ស្តាប់​បង្គាប់​តាម​ក្រឹត្យវិន័យ​បាន​យ៉ាង​គ្រប់​លក្ខណ៍ ហើយ​ដោយ​សារ​តែ​ទ្រង់​ជា​អ្នក​តំណាង​ទី​ពីរ​នៃ​មនុស្ស​ជាតិ​ទាំង​មូល ដូច​នេះ​ទ្រង់​ក៏​ជា​អ្នក​ដែល​គ្រង​មរតក​នៃ​គ្រប់​ទាំង​សេចក្តី​តាំង​សញ្ញា​ចាស់ គឺ​គ្រប់​ទាំង​ព្រះ​ពរ​ពី​ការ​អត់​ទោស សេចក្តី​សុខ​សាន្ត និង​ការ​ប្រកប​ជា​មួយ​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ការ​បង្កើត​ថ្មី​របស់​ទ្រង់ ដោយ​ទ្រង់​បាន​បង្ហូរ​ព្រះ​ពរ​ទៅ​ដល់​មនុស្ស​ដែល​ទទួល​ជឿ​ទ្រង់​ទាំង​អស់ ។ យើង​បាន​ដឹង​អំពី​លក្ខណ:​របស់​សេចក្ដី​តាំង​សញ្ញា​ចាស់​រួច​មក​ហើយ ដូច​នេះ​យើង​នឹង​មក​សិក្សា​អំពី​លក្ខណ:​នៃ​សេចក្តី​តាំង​សញ្ញាថ្មី​វិញ​ម្តង។ តើ​វា​មាន​អ្វី​ដែល​ខុស​ប្លែក​ពី​សេចក្ដី​សញ្ញា​ចាស់?

យើង​បាន​យល់​ខ្លះៗ​នូវ​សេចក្តី​តាំង​សញ្ញា​ថ្មី ប៉ុន្តែ​យើង​នឹង​សិក្សា​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត ដោយ​លើក​យក​បួន​ចំណុច​យក​មក​សិក្សា (មាន​សេចក្តី​សន្យា​ប្រសើរ​ជាង៖ យញ្ញ​បូជា​ដ៏​ប្រសើរ​ជាង ភាព​ជា​សម្ដេច​សង្ឃ​របស់​ព្រះ​យេស៊ូវ សេចក្តី​សង្ឃឹម​ដែល​ប្រសើរ​ជាង គឺ​ជា​សិរី​ល្អ​ដ៏​គ្មាន​ទី​បញ្ចប់​ជា​មួយ​ព្រះ​ជាម្ចាស់) មាន​សេចក្តី​សន្យា​ប្រសើរ​ជាង (ហេព្រើរ ៨:៦) ពីព្រោះ​សេចក្តី​សញ្ញា​ដែល​ព្រះ​ជាម្ចាស់​បាន​តាំង​ដល់​វង្សានុវង្ស​នៃ​ពួក​អ៊‌ីស្រាអែល​ក្រោយៗ ព្រះ​ជាម្ចាស់​ទ្រង់​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​ទ្រង់​នៅ​ក្នុង​ចិត្ត គំនិត​គេ​វិញ ហើយ​ព្រះ​អង្គ​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ មិន​ចាំ​បាច់​មាន​គ្រូ​បង្រៀន​ទេ ពីព្រោះ​មនុស្ស​ទាំង អស់​គេ​នឹង​បាន​ស្គាល់​ទ្រង់ (ហេព្រើរ ៨:១០-១១)។ ហេតុ​នេះ​ហើយ​បាន​ជា​សេចក្ដី​សន្យា​ថ្មី​ប្រសើរ​ជាង​ជំនាន់​មុនៗ ពីព្រោះ​យើង​អាច​នឹង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​បាន៖ គ្រប់​មនុស្ស​ទាំង​អស់​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ក្រឹត្យវិន័យ​នឹង​នៅ​ក្នុង​ចិត្ត​គំនិត​របស់​មនុស្ស​វិញ។ មួយ​វិញ​ទៀត នៅ​ក្នុង​សេចក្តី​តាំង​សញ្ញា​ចាស់​គ្រាន់​តែ​ជា​កិច្ច​ព្រមព្រៀង​ប៉ុណ្ណោះ​អាសន្ន​តែ​ប៉ុណ្ណោះ ពីព្រោះ​ក្រឹត្យវិន័យ​មិន​អាច​ជួយ​មនុស្ស ឲ្យ​រួច​ពី​ការ​ប្រព្រឹត្ត​របស់​គេ​បាន​ឡើយ។

យញ្ញ​បូជា​ដ៏​ប្រសើរ

យើង​ឃើញ​ថា​ព្រះ​យេស៊ូវ​ទ្រង់​សុគត​តែ​មួយ​ម្តង​ជា​សម្រេច ដោយ​សុគត​ជំនួស​មនុស្ស​មាន​បាប​ទាំង​អស់ ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​តាំង​សញ្ញា​ចាស់ ត្រូវ​ការ​យញ្ញ​បូជា​ច្រើន​ដង អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ទោះ​បី​មាន​យញ្ញ​បូជា​ច្រើន​ដង​ប៉ុណ្ណា ប៉ុន្តែ​មិន​អាច​ឲ្យ​មនុស្ស​រួច​ចេញ​ពី​បាប​បាន​នោះ​ឡើយ។ ចំណែក​ឯ​យញ្ញ​បូជា​ដ៏​ប្រសើរ​ជាង គឺ​ជា​អង្គ​ព្រះ​យេស៊ូវ ទ្រង់​បាន​យក​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​មនុស្ស​មក​ផ្ទុក​លើ​អង្គ​ទ្រង់​ផ្ទាល់​ដោយ​ទ្រង់​ក្លាយ​ជា​តួ​បាប​មនុស្ស​ទាំង​អស់ អ្វី​ដែល​ពិសេស​គឺ​អាច​ឲ្យ​មនុស្ស​បាន​រួចពី​អំពើ​បាប​បាន​ថែម​ទៀត។ ដូច្នេះ​ហើយ​ព្រះ​យេស៊ូវ​គឺ​ជា​យញ្ញ​បូជា​ដ៏​ល្អ​ប្រសើរ​ជាង​យញ្ញ​បូជា​នៅ​សេចក្ដី​សញ្ញា​ចាស់ (ហេព្រើរ ៩:២៣)។ ម្យ៉ាង​វិញ​ទៀត​វា​តភ្ជាប់​គ្នា​ទៅ​នឹង​សេចក្តី​សន្យា ពីព្រោះ​សេចក្តី​សន្យា​អាច​ប្រសើរ​បាន​ដោយ​សារ​តែ​យញ្ញ​បូជា​ដ៏​ប្រសើរ ដែល​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ទើប​មនុស្ស​អាច​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​បាន​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ។

ភាព​ជា​សម្តេច​សង្ឃ​របស់​ព្រះ​គ្រីស្ទ​ដ៏​គ្រប់​លក្ខណ៍

យើង​ឃើញ​ថា សម្ដេច​សង្ឃ​ជា​អ្នក​កណ្តាល​រវាង ព្រះ​ជាម្ចាស់​នឹង​បណ្តា​ជន។ ប៉ុន្តែ ការ​ចូល​ទៅ​កាន់​ព្រះ​ក៏​មាន​កម្រិត​ដែល គឺ​ពួក​គេ​ចូល​បាន​តែ​មួយ​ដង​ក្នុង​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ។ ចំណែក​ឯ​ភាព​ជា​សង្ឃ​របស់​ព្រះ​យេស៊ូវ​វិញ គឺ​មិន​បែប​ដូច្នេះ​ទេ ពីព្រោះ​ទ្រង់​គ្មាន​បាប​សោះ ហើយ​ទ្រង់​តែង​តែ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​វរបិតា​ជានិច្ច។ មិន​តែ​ប៉ុណ្ណោះ​ទ្រង់​បាន​នាំ​មនុស្ស​ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​នឹង​ចូល​ទៅ​ជិត​ទ្រង់ ដោយ​លែង​មាន​រនាំង​រារាំង​ទៀត​ហើយ (ហេព្រើរ ៧:១៨-១៩) ពីព្រោះ​ព្រះ​យេស៊ូវ​ទ្រង់​ជា​សេចក្ដី​សង្ឃឹម​ដែល​ប្រសើរ​អាច​និយាយ​បាន​ថា​ជា​សេចក្ដី​សង្ឃឹម​ដ៏​រស់ ដោយ​ទ្រង់​នឹង​ប្រទាន​ស្រុក​មួយ​ដល់​គេ គឺ​ជា​នគរ​ស្ថានសួគ៌ (ហេព្រើរ ១១:១៦)។

សរុប​សេចក្ដី​ទៅ សេចក្តី​តាំង​សញ្ញា​ថ្មី​មាន​ភាពល្អ​ប្រសើរ​ជាង​សេចក្ដី​តាំង​សញ្ញា​ចាស់ ដូច​ជា​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ព្រះ​ជាម្ចាស់​ទ្រង់​នៅ​តែ​ដដែល ទ្រង់​នៅ​តែ​ជា​ទ្រង់ សេចក្តី​តាំង​សញ្ញា មិន​អាច​ផ្លាស់​ប្ដូរ​ទ្រង់​បាន​ឡើយ។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​បាន​ឃើញ​ពី​លក្ខណៈ​ខុស​គ្នា​រវាង​សេចក្តី​តាំង​សញ្ញា​ចាស់​នឹង​សេចក្តី​តាំង​សញ្ញា​ថ្មី ក៏​ប៉ុន្តែ​អត្ថ​ន័យ​ការ​ចង​ការ​តាំង​សញ្ញា​ទាំង​ពីរ​នេះ​មាន​គោល​ដៅ​តែ​មួយ ដោយ​ព្រោះ​មាន​ទំនាក់​ទំនង​នឹង​គ្នា។ យើង​ឃើញ​ថា នៅ​ពេល​ដែល​មនុស្ស​ធ្លាក់​ក្នុង​អំពើ​បាប នោះ​ព្រះ​ជាម្ចាស់​ក៏​មាន​ផែនការ​សម្រាប់​មនុស្ស ដើម្បី​ឲ្យ​ពួក​គេ​បាន​ត្រឡប់​មក​សភាព​ដើម​វិញ។ យើង​អាច​ឃើញ នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​ទ្រង់​បាន​តាំង​សញ្ញា​ជា​មួយ​នឹង​លោក អ័ប្រាហាំ គឺ​គ្រប់​ជាតិ​សាសន៍​នឹង​ទទួល បាន​ព្រះ​ពរ​តាម​រយៈ “ពូជ​អ័ប្រាហាំ”។ សេចក្តី​តាំង​សញ្ញា​នេះ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ថា មិន​មែន​តែ​សាសន៍​អ៊‌ីស្រាអែល​ទេ​ដែល​ទទួល​បាន​ព្រះ​ពរ​នោះ គឺ​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ក៏​មាន​សិទ្ធ​ទទួល​បាន ព្រះ​ពរ​ពី​ព្រះ​ជាម្ចាស់​តាម​រយៈ “ពូជ​អ័ប្រាហាំ”។ តើ​ព្រះ​ពរ​ដែល​ព្រះ​ឲ្យ​នោះ​ជា​អ្វី? នេះ​ជា​សំណួរ​ដែល​ធ្វើ​ឲ្យ​យើង​ឃើញ​ពី​ទំនាក់​ទំនង​រវាង​សេចក្ដី​តាំង​សញ្ញា​ចាស់​នឹង​សេចក្ដី​តាំង​សញ្ញា​ថ្មី ដោយ​ពឹង​ទៅ​លើ​ការ​បំពេញ​សម្រេច​របស់​ព្រះ​គ្រីស្ទ។

ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ផ្លូវ​ដែល​អាច​ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ទទួល​បាន​ព្រះ​ពរ ដោយ​ការ​សុគត​នៅ​លើ​ឈើ​ឆ្កាង​របស់​ទ្រង់​នោះ​ទើប​មនុស្ស​គ្រប់​ជាតិ​សាសន៍​ទាំង​អស់​ទទួល​បាន​ការ​អត់​ទោស​ពី​ទ្រង់​បាន និង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ឡើង​វិញ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ថែម​ទាំង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប នេះ​ហើយ​ជា​ព្រះ​ពរ​ដែល​បាន​តាម​រយៈ​ពូជ​អ័ប្រាហាំ។ ការ​បក​ស្រាយ​នៅ​ក្នុង​សៀវភៅ​ទេវ​សាស្ត្រ​សង្ខេប​បាន​បង្ហាញ​ថា “ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ទ្វារ​បើក​ផ្លូវ​ដល់​សាសន៍​ដ៏​ទៃ​ឲ្យ​មាន​ជំនឿ ហើយ​ទាំង​សាសន៍​ដទៃ​នឹង​សាសន៍​យូដា ដែល​បាន​រួប​រួម​ជា​មួយ​ព្រះ​គ្រីស្ទ​ដោយ​ជំនឿ​បាន​ក្លាយ ជា​ពូជ​របស់​លោក អ័ប្រាហាំ ក្នុង​ព្រះ​អង្គ” (កាឡាទី ៣:២៦-២៩)។ នេះ​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា មាន​តែ​តាម​រយៈ​ព្រះ​យេស៊ូវ​គ្រីស្ទ​ទេ ដែល​អាច​ឲ្យ​គ្រប់​ជាតិ​សាសន៍​ទទួល​បាន​ព្រះ​ពរ​តាម​សេចក្ដី​តាំង​សញ្ញា​ចាស់ ដែល​ព្រះ​ជាម្ចាស់​ទ្រង់​បាន​សន្យា​ជា​មួយ​នឹង​លោក អ័ប្រាហាំ។ ដូច​នេះ សេចក្តី​តាំង​សញ្ញា​ចាស់​ពិត​ជា​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​សេចក្តី​តាំង​សញ្ញាថ្មី​យ៉ាង​ពិត​ប្រាកដ​មែន។ យើង​អាច​និយាយ​បាន​ថា “សេចក្ដី​តាំង​សញ្ញា​ចាស់​ជា​រូប​ឆ្លុះ​នៃ​សេចក្ដី​តាំង​សញ្ញា​ថ្មី”។ នេះ​មាន​ន័យ​ថា ប្រសិន​បើ​ជា​យើង​មិន​សិក្សា​អំពី​សេចក្តី​តាំង​សញ្ញា​ចាស់ នោះ​យើង​ក៏​នឹង​មិន​អាច​យល់​ច្បាស់​អំពី​សេចក្តី​តាំង​សញ្ញាថ្មី​បាន​ដែរ។ នៅ​ក្នុង​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​លើក​ឡើង​ជា​ច្រើន​ដង​អំពី​សេចក្តី​តាំង​សញ្ញា​ចាស់​មក​ប្រៀបធៀប​ជា​មួយ​សេចក្តី​តាំង​សញ្ញា​ថ្មី។

មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ការ​តាំង​សញ្ញា​ឡើង វា​ជា​វិធី​សាស្ត្រ​មួយ​ដើម្បី​ឲ្យ​មនុស្ស​បាន​បែរ​មក​រក​ព្រះ​វិញ។

និពន្ធដោយ៖ អ្នកគ្រូ ឃឿន សុខា
ពិនិត្យ និងផ្ទៀងផ្ទាត់ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក ឯក​ សត្យា និង​ លោក Ryan Quey

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អ្នកគង្វាល

ទំនុកបម្រុង