in ,

ចម្លើយ​អំពីកូវីដ-១៩

ស្សនាវដ្ដី Time (មាន​ន័យ​ថា «ពេលវេលា») បាន​បោះពុម្ព​ផ្សាយ​ឯក​សារ​មួយ​និពន្ធ​ដោយ​លោក​គ្រូ N.T. Wright (អិន. ធី. រ៉ាថ) ដែល​ជា​គ្រូ​បង្រៀន​ដ៏​ល្បី​ម្នាក់ ហើយ​ក៏​បាន​និពន្ធ​សៀវភៅ​ប្រមាណ​ជាង ៧០ ក្បាល​ផង។ ចំណង​ជើង​ឯក​សារ​នោះ​ជា​ភាសា​អង់គ្លេស​គឺ៖ “Christianity Offers No Answers About the Coronavirus. It’s Not Supposed To” (ដែល​មាន​ន័យ​ក្នុង​ភាសា​ខ្មែរ​ថា «គ្រីស្ទ​សាសនា​មិន​បាន​ផ្ដល់​ចម្លើយ​អំពី​ជំងឺ​កូរ៉ូណា​ទេ។ វា​មិន​ចាំ​បាច់​ផ្ដល់​ទេ។»)។ ខ្ញុំ​នឹង​សារភាព៖ ខ្ញុំ​គិត​ថា​ឯក​សារ​នោះ​ល្អ​ប្រសើរ​ជា​ជាង​ចំណង​ជើង​របស់​វា​ទៀត ដែល​ខ្ញុំ​ឃើញ​ថា​វា​គួរ​ឲ្យ​ភ័យ​តក់ស្លុត ហើយ​ខុស​ទាំង​ស្រុង​ទៀត​ផង។ លោក​គ្រូ រ៉ាថ បាន​លើក​ឡើង​នូវ​ចំណុច​មួយ ឬ​ពីរ​ដែល​សាក​សម​នឹង​លើក​ដូច​ជា​ការ​កាន់​ទុក្ខ​ជា​ដើម។ ខ្ញុំ​ក៏​មាន​បញ្ហា​ជា​មួយ​នឹង​ចំណុច​មួយ​ចំនួន​ទៀត​ដែរ​លោក​គ្រូ រ៉ាថ បាន​លើក​ឡើង។ ហើយ​ខ្ញុំ​ក៏​កាន់​តែ​មាន​បញ្ហា​លើស​ហ្នឹង​ថែម​ទៀត​ទាក់​ទង​នឹង​ចំណុច​ដែល​គាត់​មិន​បាន​លើក​ឡើង។

ចូរ​ពិចារណា​ចំណុច​ខាង​ក្រោម​នេះ​ថា​ជា​ការ​ដែល​ខ្ញុំ​ព្យាយាម​កែ​តម្រង​យ៉ាង​ត្រួសៗ។

តើ​មាន​សំណួរ​ណា​ខ្លះ​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បាន​ផ្ដល់​ចម្លើយ​មែន?

«តើ​ហេតុអ្វី​បាន​ជា​មាន​វីរុស​កូវីដ-១៩?» ពីព្រោះ​វា​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ឲ្យ​វា​កើត​មាន (ទំនុកតម្កើង ១១៥:៣; អេភេសូរ ១:១១)។ តាម​ពិត​ទៅ នៅ​មាន​ចំណុច​ជាច្រើន​ទៀត​ដែល​យើង​អាច​លើក​ឡើង​អំពី​ចំណុច​មួយ​នេះ។

«តើ​ហេតុអ្វី​បាន​ជា​ព្រះ​ជាម្ចាស់​បង្កើត​ក្នុង​លក្ខណៈ​ដែល​មាន​គុណ​វិបត្តិ​ដូច​ថា​ឲ្យ​មាន​វីរុស​កូវីដ-១៩ ដែល​ជា​ជំងឺ​ដ៏​អាក្រក់​អញ្ចឹង?» ព្រះអង្គ​មិន​បាន​ធ្វើ​ការ​នេះ​នោះ​ទេ។ របស់​សព្វសារពើ​ដែល​ព្រះ​អង្គ​បាន​បង្កើត​មក​គឺ​សុទ្ធ​តែ​ល្អ (លោកុប្បត្ដិ ១:៤) ល្អ (ខ១០) ល្អ (ខ១០) ល្អ (ខ១២) ល្អ (ខ១៨) ល្អ (ខ២១) ល្អ (ខ២៥)—តាម​ពិត​ទៅ ល្អ​ប្រពៃ (ខ៣១)។ គ្មាន​សេចក្ដី​ស្លាប់​ក្នុង​វា​ទេ (រ៉ូម ៥:១២)។

«ខ្ញុំ​មិន​ជឿ​ទេ»។ ខ្ញុំ​យល់។ តាម​ពិត​ទៅ ឥឡូវ​លោក​អ្នក​បាន​ឆ្លើយ​យ៉ាង​ច្រើន​លើ​សំណួរ​ទី​មួយ​របស់​ខ្លួន​ហើយ។

«ខ្ញុំ…ចាំ​សិន អី​គេ?» លោក​អ្នក​បាន​បង្ហាញ​អំពី​មូល​ហេតុ​ជា​ច្រើន​ដែល​មាន​វីរុស​កូវីដ-១៩។

«ដោយ​របៀប​ណា​ទៅ?» ខ្ញុំ​ទើប​តែ​បង្ហាញ​តែ​បន្តិច​សោះ​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ហើយ​ការ​ឆ្លើយ​តប​ភ្លាមៗ​របស់​លោក​អ្នក​គឺ​បដិសេធ​វា។ នោះ​ឯង​ជា​មូល​ហេតុ​ដែល​មាន​វីរុស​កូវីដ-១៩ នឹង​សេចក្ដី​ស្លាប់​ទាំង​អស់ ក៏​ដូច​ជា​ទុក្ខ​សោក​លើ​ផែនដី​នេះ។

«អី​គេ? ខ្ញុំ​មិន​ជឿ​ទេ! វា​មិន​សម​ហេតុ​សម​ផល​សោះ​ចំពោះ​ខ្ញុំ»។ នេះ​ឯង​ជា​ចំណុច​របស់​ខ្ញុំ។ លោក​អ្នក​បាន​នឹក​ស្រមៃ​ថា​ខ្លួន ដោយ​យោង​លើ​លក្ខណៈ​សម្បត្តិ​នៃ​មូល​ហេតុ​របស់​ខ្លួន និង​គំនិត​សីលធម៌​ឯកជន​របស់​ខ្លួន ស័ក្ដិសម​ក្នុង​ការ​កាត់ក្ដី​លើ​ព្រះ​ប្រាជ្ញា​ញាណ​ចំៗ​ដ៏​គ្មាន​ព្រំដែន និង​សេចក្ដី​សប្បុរស​របស់​ព្រះ​ជាម្ចាស់ (សុភាសិត ១:៧ខ; ១៨:២)។ នេះ​ហើយ​ជា​អ្វី​ដែល​បង្វែរ​សុភមង្គល​ឲ្យ​ទៅ​ជា​អ្វី​ដែល​អាក្រក់​វិញ។

«តើ​អ្នក​កំពុង​តែ​និយាយ​អំពី​អី​គេ​ហ្នឹង?» ព្រះ​ជាម្ចាស់​បាន​បង្កើត​លោក អ័ដាម ដែល​ជា​ឪពុក​ដំបូង​របស់​យើង​ក្នុង​លក្ខណៈ​ដ៏​បរិសុទ្ធ ហើយ​មិន​អាក្រក់ ព្រម​ទាំង​បាន​ដាក់​គាត់​ឲ្យ​រស់​នៅ​ក្នុង​កន្លែង «ដ៏​ល្អ​ប្រពៃ» តែ​គាត់​បែរ​ជា​ជ្រើស​រើស​ប្រើប្រាស់​ហេតុផល និង​អំពើ​សីលធម៌​របស់​ខ្លួន ដើម្បី​ទាស់​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់។ ព្រះ​ជាម្ចាស់​បាន​ព្រមាន​លោក អ័ដាម ថា​អំពើ​បែប​នោះ​នឹង​នាំ​ឲ្យ​គាត់​មាន​សេចក្ដី​ស្លាប់។ គាត់​នៅ​តែ​បន្ត​ធ្វើ។ ដូច​ដែល​លោក​អ្នក​ទើប​តែ​បាន​ធ្វើ។ លោកអ្នក​អាច​អាន​អំពី​ចំណុច​ទាំង​អស់​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក១-៣។ នៅ​ពេល​ដែល​លោក អ័ដាម បះបោរ​ទាស់​ប្រឆាំង​នឹង​ព្រះ​អាទិករ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​គាត់ គឺ​គាត់​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​នាម​ជា​អ្នក​តំណាង​ដល់​យើង។ គាត់​បាន​នាំ​ឲ្យ​មាន​សេចក្ដី​ស្លាប់ និង​ការ​ខូច​ខាត​មក​កាន់​ផែនដី​នេះ។

«ខ្ញុំ​មិន​ជឿ​ទេ»។ តាម​ពិត​ទៅ លោក​អ្នក​មាន​លក្ខណៈ​ដូច​ជា​ឪពុក​របស់​ខ្លួន ពិត​អត់? យើង​ទាំង​ពីរ​គឺ​ដូច​នោះ។ ខ្ញុំ​គឺ​ដូច​ទាំង​ស្រុង​តែ​ម្ដង។ ប៉ុន្តែ ទោះ​បើ​លោក​អ្នក​ចូល​ចិត្ត ឬ​ក៏​មិន​ចូល​ចិត្ត នោះ​ហើយ​គឺ​ជា​ចម្លើយ​ទៅ​លើ​សំណួរ​ដំបូង​របស់​លោក​អ្នក។ រាល់​សេចក្ដី​ស្លាប់​ទាំង​អស់​នៅ​លើ​ផែនដី​នេះ​គឺ​ដោយ​សារ​វា​ជា​ការ​ថ្កោល​ទោស​ដ៏​យុត្តិធម៌​របស់​ព្រះ​ជាម្ចាស់​ទៅ​លើ​អំពើបាប—ពោល​គឺ​លើ​អំពើ​បាប​របស់​លោក អ័ដាម។ នៅ​ពេល​ដែល​យើង​បដិសេធ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ មិន​ថា​ទ្រង់​មាន​ពេញ​ទៅ​ដោយ​សេចក្ដី​សប្បុរស និង​ការ​អត់ធ្មត់​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ គឺ​យើង​កំពុង​តែ​បង្ហាញ​នូវ​ចំណុច​បី​យ៉ាង។ យើង​កំពុង​តែ​បង្ហាញ​អំពី (១) ភាព​ដូច​គ្នា​នៅ​ក្នុង​គ្រួសារ (២) ការ​ថ្កោល​ទោស​ដ៏​យុត្តិធម៌​របស់​ព្រះ​ជាម្ចាស់ និង (៣) ការ​វិនិច្ឆ័យ​ដ៏​ជាក់​លាក់​របស់​យើង​ជា​មួយ​នឹង​ការ​កាត់​ទោស​របស់​ព្រះ​ជាម្ចាស់ (រ៉ូម ២:៤-៨; ៥:១២)។

«តើ​លោក​កំពុង​តែ​លើក​ឡើង​ថា គ្មាន​ក្ដី​សង្ឃឹម​ទេ​សម្រាប់​យើង​មែន​ឬ?» ទេ! មិន​ដូច្នោះ​ទេ។ ឥឡូវ គឺ​ខ្ញុំ​កំពុង​លើក​ឡើង​ថា គ្មាន​ក្តី​សង្ឃឹម​ណា​នៅ​លើ​ដង​វិថី​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​លើ ហើយ​លោក​អ្នក​ក៏​កំពុង​តែ​បាន​ធ្វើ​ដំណើរ​លើ​ផង​ដែរ—ការ​ប្រព្រឹត្ត​នូវ​ព្រឹត្តិ​ការណ៍​ដំបូង​នៃ​ការ​បះបោរ​ទាស់​ប្រឆាំង និង​ការ​សោយរាជ្យ​ដោយ​ខ្លួន​ឯង​ម្ដង​ហើយ​ម្ដង​ទៀត ឥត​ឈប់​ឈរ។ វិថី​នោះ​គ្មាន​សង្ឃឹម​ទេ។ ប៉ុន្តែ នៅ​មាន​សង្ឃឹម!

«ក្ដី​សង្ឃឹម​អ្វី?» ក្ដី​សង្ឃឹម​នេះ​គឺ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ទាំង​ស្រុង។ ដូច​ដែល​បុរស​ម្នាក់​បាន​នាំ​មក​នូវ​សេចក្ដី​ស្លាប់ និង​ការ​ខូច​ខាត​មក​កាន់​ផែនដី​នេះ នោះ​បុរស​ម្នាក់​ទៀត​ក៏​នឹង​នាំ​មក​នូវ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មក​កាន់​ផែន​ដី​នេះ ហើយ​ថ្ងៃ​មួយ​ព្រះអង្គ​នឹង​បង្កើត​សារ​ជាថ្មី ក៏​ដូច​ជា​ស្ដារ​ឡើង​វិញ​នូវ​របស់​សព្វសារពើ​ទាំង​អស់​ផង។

ព្រះ​វរបិតា​ស្រឡាញ់​លោកីយ៍​នេះ​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​របស់​ទ្រង់​ឲ្យ​មក​ប្រសូត​ជា​មនុស្ស រស់​នៅ​យ៉ាង​សុចរិត​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​លោកីយ៍​ដែល​មាន​ពេញ​ទៅ​ដោយ​អំពើ​បាប ហើយ​បាន​សង​ការ​កាត់​ទោស​ដ៏​យុត្តិធម៌​របស់​ព្រះ​ជាម្ចាស់​លើ​អំពើ​បាប​តាម​រយៈ​ការ​សុគត​របស់​ទ្រង់។ ព្រះ​អង្គ​បាន​សុគត បាន​ត្រូវ​គេបញ្ចុះ​នៅ​ក្នុង​ផ្នូរ ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​ក៏​បាន​យាង​ទៅ​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ហស្ដ​នៃ​ព្រះ​វរបិតា​របស់​ទ្រង់។ ឥឡូវ​នេះ ចំពោះ​អស់អ្នក​ណា​ដែល​កែ​ប្រែ​ពី​អំពើ​អាក្រក់​នៃ​ការ​ព្យាយាម​ធ្វើ​ជា​ព្រះ ហើយ​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ​តែ​មួយ​គត់ នោះ​គាត់​នឹង​ទទួល​បាន​ការ​អត់​ទោស និង​ការ​ផ្សះ​ផ្សា​គ្នា​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់ (រ៉ូម ៣:១៩-២៦)។

«ចុះ​ចំណែក​ឯ​វីរុស​កូវីដ-១៩ និង​រាល់​អ្វី​ផ្សេង​ទៀត​វិញ?» ថ្ងៃ​មួយ ព្រះ​យេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ ហើយ​បង្កើត​របស់​សព្វសារពើ​ជា​ថ្មី​ម្ដង​ទៀត ដែល​នឹង​ទទួល​បាន​សិរី​ភាព​ចេញ​ពី​ទុក្ខ​សោក​ទាំង​អស់ និង​ឥទ្ធិពល​នៃ​អំពើ​បាប ពោល​គឺ​ពេញ​ដោយ​សិរីរុងរឿង​ជាង​មុន​ទៅ​ទៀត។ អស់​អ្នក​ដែល​ទទួល​ជឿ​លើ​ទ្រង់​នឹង​ទទួល​បាន​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​ខាង​ឯ​រូប​កាយ ហើយ​ក៏​នៅ​មាន​ចំណែក​ក្នុង​ការ​បង្កើត​ថ្មី​មួយ​នេះ​ដែរ (រ៉ូម ៨:១៨-២៥)។ នៅ​ទី​បញ្ចប់ នឹង​គ្មាន​សេចក្ដី​ស្លាប់ ការ​ខូច​ខាត ជំងឺ​រាតត្បាត និង​វីរុស​កូវីដ-១៩​ទៀត​ទេ។

«តើ​អ្នក​គិត​ថា វីរុស​កូវីដ-១៩គឺ​ជា​សញ្ញា​សម្គាល់​ពី​ព្រះ​ជាម្ចាស់?» ខ្ញុំ​គិត​ថា ឥឡូវ​នេះ​រាល់​គ្រប់​អ្វី​គឺ​ជា​ទី​សម្គាល់​ពី​ព្រះ​ជាម្ចាស់។ ការ​ដែល​លោក​អ្នក​មាន​សុខភាព​ល្អ​រហូត​មក​ដល់​ថ្ងៃ​នេះ​គឺ​ជា​ទី​សម្គាល់​ពី​ព្រះ​ជាម្ចាស់។ សមត្ថភាព​ដែល​លោក​អ្នក​មាន​ក្នុង​ការ​ស្ដាប់ ឬ​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​តែ​លើក​ឡើង​គឺ​ជា​ទី​សម្គាល់​ពី​ព្រះ​ជាម្ចាស់។ ជំងឺ​រាតត្បាត​មួយ​នេះ​គឺ​ជា​ទី​សម្គាល់​ពី​ព្រះ​ជាម្ចាស់។ ទី​សម្គាល់​លើក​ឡើង​ថា «បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត នោះ​នឹង​ត្រូវ​វិនាស» (លូកា ១៣:១-៥; រ៉ូម ១:១៨-៣២; ២:៤ គកស)។

«ទាំង​នេះ​ច្រើន​ណាស់។ ប៉ុន្តែ ខ្ញុំ​ឮ​ទស្សនវិទូ​មួយ​ចំនួន​លើក​ឡើង​ថា គ្រីស្ទ​សាសនា​មិន​មាន​ចម្លើយ​ទេ»។ បាទ ខ្ញុំ​ក៏​ឮ​ដែរ ចម្លែក​ណាស់ មែនទេ?

នេះ​គ្រាន់​តែ​ជា​ការ​កេះ​បន្តិច​លើ​ផ្ទៃមុខ​ប៉ុណ្ណោះ។ សូម​អាន​ព្រះ​គម្ពីរ នោះ​លោក​អ្នក​នឹង​រៀន​បាន​ចំណុច​ជា​ច្រើន​ទៀត។ ហើយ​ក៏​មាន​សៀវភៅ​ច្រើន​ទៀត​ដែល​ពន្យល់​អំពីអ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​ដែរ។ មួយ​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស “The World Tilting Gospel”

និពន្ធ​ដោយ៖ លោក​គ្រូ Daniel J. Phillips
បក​ប្រែ​ដោយ៖ លោក​គ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក​ស្រី ឡូញ ស្រីរដ្ឋ, លោក​ស្រី ថាវ ប៊ុនរី និងលោក ប៊ុន ធីម៉ូថេ
ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី www.pjmedia.com ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រលឹង​ខ្ញុំ​រង់ចាំ​ព្រះអង្គ​

អ្នកបម្រើដ៏ស្មោះត្រង់ចំពោះព្រះយេស៊ូវ