in ,

នាំ​មនុស្ស​ទៅ​កាន់

Do All Religions Lead to God?


មាន​កញ្ញា​ម្នាក់​ឈ្មោះ ធីតា បាន​លើក​ជា​សំណួរ​ថា «តើ​ព្រះ​ជាម្ចាស់​ជា​ព្រះ​ដូច​គ្នា​នឹង​ព្រះ​នានា​ក្នុង​គ្រប់​សាសនា ប៉ុន្តែ​គ្រាន់​តែ​មាន​រូប​រាង​ខុសៗ​គ្នា​មែន​ឬ? នាង​ខ្ញុំ​បាន​ឮ​គេ​និយាយ​បែប​ដូច​នោះ ប៉ុន្តែ​តើ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ដូច​ម្ដេច​ទាក់​ទង់​នឹង​ការ​លើក​ឡើង​បែប​នោះ?»

ជា​ដំបូង សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​យល់​នូវ​សំណួរ​ដែល​សួរ​នេះ​សិន។ យើងខ្ញុំ​យល់​សំណួរ​របស់​ធីតា​ដូច​ត​ទៅ៖ «ប្រសិន​បើ​យើង​ពិត​ជា​គោរព​ថ្វាយ​បង្គំ​ព្រះ​ណា​មួយ​ក្នុង​គ្រប់​សាសនា​ទាំង​អស់​ដោយ​អស់​ពី​ចិត្ត​មែន តើ​យើង​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់​ដ៏​ពិត​មែន​ឬ?» ឬ​យើង​អាច​សួរ​បែប​នេះ​ក៏​បាន «តើ​ព្រះ​គម្ពីរ​ពិត​ជា​បាន​បង្រៀន​ថា ព្រះ​នានា​នៅ​ក្នុង​សាសនា​ផ្សេង​ទៀត ក្រៅពី​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ គឺ​ពិត​ជា​ព្រះ​ដ៏​ពិត ខុស​ប្លែក​ពី​គ្នា ហើយ​ផ្ទុយ​ពី​គ្នា​ទៅ​នឹង​ព្រះ​ជាម្ចាស់​ដ៏​ពិត​តែ​មួយ​គត់ ដែល​ជា​ព្រះ​វរបិតា​នៃ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​របស់​យើង​មែន​ឬ?» នោះ​ជា​របៀប​ពី​យ៉ាង​ដែល​យើងខ្ញុំ​នឹង​កាត់​ស្រាយ​យល់​លើ​សំណួរ​របស់​កញ្ញា​ធីតា។

ព្រះ​នានា​ដែល​ប្រជែង​គ្នា

ចម្លើយ​របស់​យើងខ្ញុំ​ទៅ​នឹង​សំណួរ​ទី​ពីរ​គឺ បាទ! ព្រះ​គម្ពីរ​បាន​បង្រៀន​ថា ព្រះ​ដទៃ​នៅ​ក្នុង​សាសនា​ផ្សេងៗ​គឺ​មិន​មែន​គ្រាន់​តែ​ជា​ការ​រាយ​នាម​ចុះ​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៉ុណ្ណោះ​នោះ​ទេ។ ព្រះ​ដទៃ​ទាំង​នោះ​មិន​មែន​ជា​ព្រះ​បែប​ដូច​រឿង​ព្រេង​ទេ តែ​តាម​ការ​ពិត​ទៅ​ពួក​វា​ក៏​ជា​ព្រះ​ដែរ។ ពួក​វា​ទាំង​នោះ​ចូល​ចិត្ត​ឲ្យ​មនុស្ស​ស្រឡាញ់ និង​ថ្វាយ​បង្គំ​ពួក​វា ហើយ​ចង់​បញ្ជោត​មនុស្ស​លើ​ផែនដី ថែម​ទាំង​ចង់​ទទួល​ការ​ទទួល​ស្គាល់​ពី​មនុស្ស​លោក ដើម្បី​ឲ្យ​វា​ទទួល​បាន​តំណែង​ជំនួស​កន្លែង​របស់​ព្រះ​ជាម្ចាស់​ដ៏​ជា​ព្រះ​ពិត។ ចម្លើយ​សម្រាប់​សំណួរ​ទី​មួយ​របស់​យើងខ្ញុំ​គឺ អត់ទេ។ ទោះ​បើ​លោកអ្នក​ពិត​ជា​ថ្វាយ​បង្គំ​ព្រះ​ដទៃ​នៅ​ក្នុង​សាសនា​ផ្សេងៗ​យ៉ាង​អស់​ពី​ចិត្ត​មែន ក៏​នោះ​មិន​មែន​មាន​ន័យ​ថា លោកអ្នក​កំពុង​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​តែ​មួយ ដែល​បាន​បើក​សម្ដែង​នៅ​ក្នុង​អង្គ​ព្រះ​យេស៊ូវ​គ្រីស្ទ​នោះ​ឡើយ។ នោះ​ឯង​ជា​ចម្លើយ​របស់​យើងខ្ញុំ។

ឥឡូវ​នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​បង្ហាញ​នូវ​ខ​គម្ពីរ​មួយ​ចំនួន ដែល​យើង​ខ្ញុំ​រំពឹង​ទៅ​លើ​ទាក់​ទង​នឹង​ចម្លើយ។ សាវ័ក ប៉ុល បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១០:១៩-២០ ដូច​ត​ទៅ «ដែល​ខ្ញុំ​និយាយ​ដូច្នេះ តើ​មាន​ន័យ​ថា រូប​ព្រះ​ជា​អ្វី​ឬ​ទេ ឬ​តង្វាយ​ថ្វាយ​ដល់​រូប​ព្រះ​ជា​អ្វី​ឬ​ទេ មិន​មែន​ជា​អ្វី​ទេ ឯ​របស់​ដែល​សាសន៍​ដទៃ​បូជា​ថ្វាយ នោះ​មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ គឺ​ថ្វាយ​ដល់​អារក្ស​វិញ​ទេ​តើ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា មាន​សេចក្ដី​ប្រកប​នឹង​អារក្ស​ឡើយ»។ សំណួរ​ដែល​គាត់​កំពុង​តែ​ឆ្លើយ​គឺ​ទាក់ទង​ទៅ​នឹង​ម្ហូប​អាហារ​សំណែន​ដល់​រូប​ព្រះ​នៃ​សាសនា​ផ្សេងៗ ហើយ​ផង​ដែរ​តើ​គ្រីស្ទ​បរិស័ទ​គួរ​មាន​ចំណែក​ដែរ​ឬ​អត់។

នៅ​សតវត្ស​ទី១ ការ​ពន្យល់​របស់​សាវ័ក ប៉ុល ទាក់​ទង​នឹង​ការ​ថ្វាយ​យញ្ញ​បូជា​ក្នុង​សាសនា​ផ្សេងៗ​គឺ​មិន​មែន​ជា​ការ​ថ្វាយ​យញ្ញ​បូជា​ទៅ​កាន់​ព្រះ​ជាម្ចាស់​ដ៏​ពិត​នោះ​ទេ ទោះ​បើ​ក្នុង​សាសនា​ទាំង​នោះ​បាន​អះអាង​ថា ព្រះ​របស់​ពួក​គេ​គឺ​ដូច​តែ​គ្នា​តែ​មួយ​នឹង​ព្រះ​ដ៏​ពិត​ក៏​ដោយ។ ពួក​គេ​បាន​ថ្វាយ​យញ្ញ​បូជា​ទៅ​កាន់​ព្រះ—ដែល​សាវ័ក ប៉ុល បាន​ហៅ​ពួក​វា​ថា​អារក្ស—ដែល​ពួក​វា​ប្រឆាំង​នឹង​ព្រះ​ជាម្ចាស់។ នោះ​ឯង​ជា​អ្វី​ដែល​ពួក​អារក្ស​អសោច​ធ្វើ។ អ្វី​ដែល​សាវ័ក ប៉ុល កំពុង​តែ​ប្រកាស​យ៉ាង​សាមញ្ញ​គឺ​ថា នេះ​ជា​ការ​បន្ត​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​បើក​សម្ដែង​ឲ្យ​ឃើញ​រួច​ហើយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់។ មាន​ព្រះ​ដ៏​ពិត​តែ​មួយ​ទេ​នៅ​អ៊ីស្រាអែល (ព្រះ​យេហូវ៉ា) ដែល​ព្រះ​អង្គ​បាន​បើក​សម្ដែង​អង្គ​ទ្រង់​ផ្ទាល់​តាម​រយៈ​ព្រះ​បន្ទូល​របស់​ទ្រង់​ទៅ​កាន់​លោក ម៉ូសេ ហើយ​និង​ពួក​ហោរា​ផ្សងៗ​ទៀត។

សាសន៍​ដទៃ​ក៏​មាន​ព្រះ​នានា​របស់​ខ្លួន​ដែរ ដែល​ប្រជា​រាស្ត្រ​របស់​ព្រះ​ជាម្ចាស់​មិន​គួរ​ថ្វាយ​បង្គំ​ទេ។ ឧ. កណ្ឌ​គម្ពីរ ចោទិយកថា ២៩:១៧ បាន​ចែង​ថា «ក្រែង​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នៅ​ថ្ងៃ​នេះ មាន​មនុស្ស​ប្រុស ឬ​ស្រី​ណា ឬ​គ្រួ​ណា ឬ​ពូជ​អំបូរ​ណា​ដែល​មាន​ចិត្ត​បែរ​ចេញ​ពី​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង ទៅ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​របស់​សាសន៍​ទាំង​នោះ​វិញ ហើយ​ក្រែង​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា មាន​ឫស​ណា​ដែល​បង្កើត​ជាតិ​ពុល ហើយ​និង​ស្លែង»។ ឬ​ក៏​ក្នុង​កណ្ឌ​គម្ពីរ យ៉ូស្វេ ២៣:៧-៨៖ «ប្រយោជន៍​កុំ​ឲ្យ​លាយ​ឡំ​នឹង​សាសន៍​ទាំង​នេះ ដែល​សល់​នៅ​ក្នុង​ស្រុក​ឯង ហើយ​កុំ​ឲ្យ​ឯង​ដំណាល​ពី​ឈ្មោះ​ព្រះ​របស់​គេ ឬ​ឲ្យ​អ្នក​ណា​ស្បថ​ដោយ​នូវ​ឈ្មោះ​ព្រះ​ទាំង​នោះ ហើយ​កុំ​ឲ្យ​ឯង​រាល់​គ្នា​គោរព​ប្រតិបត្តិ​ក្រាប​ថ្វាយបង្គំ​ដល់​ព្រះ​គេ​ឡើយ គឺ​ត្រូវ​ឲ្យ​តោង​ជាប់​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​វិញ ដូច​ជា​បាន​ធ្វើ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ»។

ព្រះ​ជាម្ចាស់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់ ជា​ច្រើន​ដង​រួច​ហើយ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាចាស់​ដែល​ថា មាន​ព្រះ​ដទៃ​ជាច្រើន​ផង​ដែរ។ មាន​សាសនា​ផ្សេងៗ​ជា​ច្រើន ហើយ​ប្រជា​រាស្ត្រ​របស់​ទ្រង់​ក៏​មិន​គួរ​ចាត់ទុក​ថា ព្រះ​ទាំង​អស់​នោះ​គឺ​ជា​ការ​បើក​បង្ហាញ​ពី​ភាព​ពិត​ជាក់ស្ដែង​របស់​ព្រះ​អង្គ​ផ្ទាល់​នោះ​ឡើយ—ដូច​ជា​សន្មត​ថា​ព្រះ​ដូច​គ្នា​នៅ​ក្នុង​រាល់​សាសនា​ទេ។ ព្រះ​ទាំង​នោះ​ខុស​គ្នា​ពី​ព្រះ​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​ទាំង​នោះ​ប្រជែង​គ្នា​នឹង​ព្រះ​ដ៏​ពិត។ ព្រះ​ទាំង​នោះ​ជា​ខ្មាំង​សត្រូវ​របស់​ព្រះ​ដ៏​ពិត។ ព្រះ​ទាំង​នោះ​គឺ​ជា​អារក្ស​អសោច។ ពួក​វា​ទាំង​នោះ​មិន​មែន​ជា​ព្រះ​ជាម្ចាស់​ទេ។ ពួក​វា​ទាំង​នោះ​គឺ​ជា​អ្នក​ប្រជែង​ដណ្ដើម​ចង់​យក​តំណែង​ជា​ព្រះ​ដ៏​ពិត។ ពួក​វា​មាន​ពិត​ប្រាកដ​មែន ពោល​គឺ​ជា​អារក្ស​អសោច​ដ៏​ពិត។

តើ​លោកអ្នក​នឹង​បម្រើ​ព្រះ​មួយ​ណា?

ចំណុច​ដ៏​ចម្បង​នៃ​ជីវិត​គឺ​ថា «តើ​លោកអ្នក​នឹង​បម្រើ​ព្រះ​ដ៏​ពិត​តែ​មួយ ឬ​ក៏​តើ​លោកអ្នក​នឹង​បម្រើ​ព្រះ​ដទៃ​ផ្សេងៗ​ឯ​ទៀត?» នៅ​លើ​ភ្នំ​កើមែល ហោរា អេលីយ៉ា បាន​ប្រៀប​ធៀប​ការ​នោះ​ដូច​នេះ៖ រវាង​ព្រះ​យេហូវ៉ា ហើយ​និង​ព្រះ​បាល តើ​លោក​អ្នក​នឹង​បម្រើ​ព្រះ​មួយ​ណា? ហោរា អេលីយ៉ា បាន​មាន​ប្រសាសន៍​ថា «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ស្ទាក់ស្ទើរ​នា​កណ្តាល​ផ្លូវ​ទាំង​២​នេះ ដល់​កាល​ណា​ទៀត បើ​ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ នោះ​ចូរ​ដើរ​តាម​ទ្រង់​ទៅ តែ​បើ​ព្រះ​បាល​ជា​ព្រះ​វិញ នោះ​ចូរ​ប្រតិបត្តិ​តាម​ចុះ តែ​ពួក​បណ្តាជន​មិន​បាន​ឆ្លើយ សូម្បី​១​ម៉ាត់​ឡើយ»
(១ពង្សាវតារ‌ក្សត្រ ១៨:២១) ។

លោក​អ្នក​មិន​អាច​និយាយ​ថា អស់​ដែល​ថ្វាយ​បង្គំ​ព្រះ​បាល​ដោយ​ស្មោះត្រង់​ទាំង​នោះ គឺ​កំពុង​តែ​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​បាន​នោះ​ទេ។ ប្រសិន​បើ​នោះ​ជា​ការ​ពិត​មែន នោះ​ព្រះ​គម្ពីរ​មិន​គួរ​យក​ការ​បាន​ឡើយ។ ព្រះ​ទាំង​អស់​នោះ​គឺ​ជា​ខ្មាំង​សត្រូវ​ដ៏​ធំ ហេតុ​ដូច្នេះ​ហើយ បាន​ជា​នៅ​ក្នុង​ក្រឹត្យវិន័យ​ដំបូង​មាន​ចែង​ថា «កុំ​ឲ្យ​មាន​ព្រះ​ឯ​ណា​ទៀត​នៅ​ចំពោះ​អញ​ឲ្យ​សោះ» (និក្ខមនំ ២០:៣)។ នេះ​គឺ​ជា​រឿង​ដ៏​ចម្បង​នៅ​សម័យ​កាល​យើង​នេះ ចាប់​តាំង​ពី​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​កាន់​ផែនដី​នេះ​ក្នុង​នាម​ជា​ទី​បញ្ចប់ និង​ការ​សម្រេច​នៃ​ការ​បើក​សម្ដែង​ជា​ព្រះ​ដ៏​ពិត​នោះ​មក៖ ព្រះ​អង្គ​ផ្ទាល់ (ដូច​ដែល​ទ្រង់​បាន​បើក​សម្ដែង​អង្គ​ទ្រង់​ផ្ទាល់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ) គឺ​ជា​ការ​ល្បង​ល​ថា តើ​អំណះអំណាង​ណា​ដែល​ថា​ខ្លួន​កំពុង​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​គឺ​ជា​ការ​​ពិត​ឬ​ក៏​មិន​ពិត។

ឧទាហរណ៍៖ កណ្ឌ​គម្ពីរ ១យ៉ូហាន ៤:១ បាន​ចែង​ថា «ពួក​ស្ងួន​ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ»—ប្រសិន​បើ​មាន​វិញ្ញាណ​ណា​មួយ​បាន​និយាយ​ថា «នេះ​គឺ​ជា​សាសនា​ដ៏​ពិត​ប្រាកដ ឬ​ក៏​ថា ព្រះ​ដ៏​ពិត​គង់​នៅ​ទី​នោះ» ចូរ​កុំ​ជឿ​ពួក​វា​ឲ្យ​សោះ—«ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន»។ តើ​យើង​នឹង​ល្បង​ល​ការ​នោះ​ដោយ​របៀប​ណា? សាវ័ក យ៉ូហាន បាន​បន្ត​មាន​ប្រសាសន៍​ថា «មាន​ហោរា​ក្លែង​ក្លាយ​ជា​ច្រើន​បាន​ចូល​មក​ក្នុង​លោកីយ៍។ ដោយ​ការ​នេះ លោកអ្នក​នឹង​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ​គឺ​ថា៖ គឺ​អស់​ទាំង​វិញ្ញាណ​ណា​ដែល​ថ្លែង​ប្រាប់​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម គឺ​វិញ្ញាណ​នោះ​ហើយ ដែល​មក​ពី​ព្រះ» (១យ៉ូហាន ៤:២)។

ការ​ល្បង​ល​ដ៏​ពិត

បើ​និយាយ​ម្យ៉ាង​វិញ​ទៀត ព្រះ​យេស៊ូវ​ដែល​មាន​បើក​សម្ដែង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ​គឺ​ជា​ការ​ល្បង​ល​ដ៏​ពិត​ប្រាកដ​ទាក់​ទង​នឹង​អំណះអំណាង​ពី​ព្រះ​ឯ​ទៀត។ រាល់​សាសនា​ឯ​ទៀត ដែល​មិន​បាន​ឧប​ក្រសោប ក្រាប​ថ្វាយ​បង្គំ និង​ស្ដាប់​បង្គាប់​ព្រះ​យេស៊ូវ​ទាក់​ទង​នឹង​លក្ខណៈ​របស់​ព្រះ​អង្គ—ដែល​មាន​បើក​សម្ដែង​នៅ​ក្នុង​ព្រះ​គម្ពីរ—គឺ​ជា​សាសនា​មិន​ពិត​ហើយ។ នេះ​មិន​មែន​ជា​ព្រះ​ដែល​យើង​មិន​អាច​ស្គាល់​បាន​នោះ​ឡើយ។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ដូច​នេះ​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ៥:២៣៖ «អ្នក​ណា​ដែល​មិន​គោរព​ប្រតិបត្តិ​ដល់​ព្រះរាជបុត្រា»—ព្រះ​យេស៊ូវ—«នោះ​ក៏​មិន​គោរព​ប្រតិបត្តិ​ដល់​ព្រះវរបិតា ដែល​ចាត់​ឲ្យ​ទ្រង់​មក​ដែរ»។

មិន​ថា​ពួក​គេ​កំពុង​និយាយ​អ្វី​អំពី​ព្រះ​ជាម្ចាស់​ក៏​ដោយ—ត្រង់​នេះ​ព្រះ​យេស៊ូវ​កំពុង​មាន​បន្ទូល​សំដៅ​ទៅ​ពួក​ផារិស៊ី ដែល​បាន​អះអាង​ថា ខ្លួន​ពិត​ជា​បាន​ទុក​ចិត្ត ហើយ​និង​ទទួល​ជឿ​លើ​ព្រះ​ជាម្ចាស់​នៃ​ព្រះ​គម្ពីរ​សញ្ញាចាស់—ក៏​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ឆ្លើយ​តប​ថា «អត់​ទេ! ពួក​ឯង​មិន​បាន​ទទួល​ជឿ​ឡើយ ព្រោះ​ពួក​ឯង​មិន​ទទួល​យក​ខ្ញុំ»។ ព្រះ​យេស៊ូវ​គឺ​ជា​សេចក្ដី​ល្បង​ល​សម្រាប់​រាល់​សាសនា ដែល​មាន​រួម​បញ្ចូល​ទាំង​សាសនា​យូដា​ដែរ។ ជា​ថ្មី​ម្ដង​ទៀត​កណ្ឌ​គម្ពីរ យ៉ូហាន ៨:៤២ មាន​ចែង​ថា «បើ​ព្រះ​ជា​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​នឹង​បាន​ស្រឡាញ់​ខ្ញុំ ដ្បិត​ខ្ញុំ​ចេញ​ពី​ព្រះ​មក ហើយ​ក៏​មក​ដល់ មិន​មែន​មក​ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ព្រះអង្គ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ»។ (យ៉ូហាន ៨:៤២)។ សាវ័ក យ៉ូហាន បាន​លើក​ឡើង​ថា «ឯ​អស់​អ្នក​ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​រាជបុត្រា នោះ​ក៏​គ្មាន​ព្រះវរបិតា​ដែរ តែ​អ្នក​ណា​ដែល​ព្រម​ទទួល​ស្គាល់​ព្រះ​រាជបុត្រា នោះ​ក៏​មាន​ទាំង​ព្រះវរបិតា​ផង» (១យ៉ូហាន ២:២៣)។

សេចក្ដី​សន្និដ្ឋាន​របស់​យើង​ខ្ញុំ​ដែល​មាន​ចេញពី​ព្រះ​គម្ពីរ​គឺ​ថា៖ ពិត​ជា​មាន​ព្រះ​ឯ​ទៀតៗ​ជា​ច្រើន​មែន​នៅ​ខាង​ក្រោយ​សាសនា​ផ្សេងៗ ប៉ុន្តែ​ពួក​វា​មិន​មែន​ជា​ព្រះ​ដ៏​ពិត​នោះ​ឡើយ។ ពួក​វា​ជា​អ្នក​ប្រជែង​ដណ្ដើម​ប្រឆាំង​ទាស់​នឹង​ព្រះ​ជាម្ចាស់​ទេតើ។ ពួក​វា​គឺ​ជា​អារក្ស​អសោច និង​ជា​ពួក​បញ្ជោត ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​សេចក្ដី​ល្បង​ល​ដ៏​ពិត​ទាក់​ទង​នឹង​ការ​ប្រកាស​ពី​សាសនា​ផ្សេងៗ​ថា​ជា​សាសនា​ពិត។ ព្រះ​អង្គ​ជា​ទី​បញ្ចប់ និង​ជា​ការ​សម្រេច​នៃ​ការ​បើក​សម្ដែង​នៃ​ព្រះ​ដ៏​ពិត​តែ​មួយ​គត់។

និពន្ធ​ដោយ៖ លោក​គ្រូ John Piper
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, ​លោក ទេព រ៉ូ និង​លោក ខែម បូឡុង
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

1 point
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

សូម​ចង​ចាំ​ថា

នៅ​ជាប់​លាប់​គង់​វង្ស​