in

រៀប​ការ​ជា​មួយ​អ្នក​ណា​

សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ឲ្យ​ចំៗ៖ ខ្ញុំ​ជឿ​ថា​ព្រះ​ជាម្ចាស់​មិន​បើក​បង្ហាញ​ដល់​យើង​អំពី​បុគ្គល​ដែល​យើង​នឹង​រៀប​ការ​ជា​មុន​នោះ​ទេ យ៉ាង​ហោច​ណាស់​មិន​មាន​ភាព​ជាក់​លាក់​ឡើយ។

ខ្ញុំ​យល់​ថា​អ្នក​អាច​ជឿ​ជាក់​ថា៖ ព្រះ​ជាម្ចាស់​បាន​បើក​សម្ដែង​រឿង​នេះ​ដល់​អ្នក ប៉ុន្តែ​តើ​អ្នក​សុខ​ចិត្ត​ពិចារណា—យ៉ាង​ហោច​ណាស់​ឲ្យ​បាន​យូរ​ត្រឹម​អាន​អត្ថ​បទ​នេះ​ឲ្យ​ចប់​សិន​ថា «សំឡេង ឬ​ការ​កេះ» ដែល​អ្នក​ឮ ឬ​ក៏​មាន​អារម្មណ៍​ថា​មិន​មែន​មក​ពី​ព្រះ​ជាម្ចាស់​ទេ? ត្រង់​ថា​ប្រហែល​ជា​អ្នក​បាន​កាត់​ស្រាយ​សំឡេង ឬ​ក៏​ស្ថានភាព​របស់​ខ្លួន​មិន​បាន​ត្រឹម​ត្រូវ? នេះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​ចង់​ចាក់​ដោត​អ្នក៖

១. ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​មាន​វិបត្តិ​ខាង​ឯ​ជំនឿ​ពេល​ក្រោយ​ទេ បើ​អ្នក​មិន ឬ​ក៏​នឹង​រៀបការ​ជា​មួយ​មនុស្ស​ម្នាក់​នោះ។
២. ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ទម្លាក់​តម្លៃ​លើ​បុរស ឬ​ស្ត្រី​ណា​ម្នាក់​ដែល​គោរព​កោត​ខ្លាច​ព្រះ​ជាម្ចាស់​ផ្សេង​ទៀត ដែល​បាន​ចាប់​អារម្មណ៍​លើ​អ្នក​ឡើយ ព្រោះ​អ្នក​បដិសេធ​មិន​ផ្តល់​ឱកាស​ឲ្យ​នរណា​ម្នាក់​ផ្សេង​ទៀត។
៣. លើស​ពី​នោះ​ទៅ​ទៀត ខ្ញុំ​ចង់​ឲ្យ​អ្នក​មាន​ទស្សនៈ​ត្រឹម​ត្រូវ (ធំ!) អំពី​ព្រះ​ជាម្ចាស់។

ព្រះ​ជាម្ចាស់​នៅ​មាន​ព្រះ​បន្ទូល

ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ជឿ​ថា​អ្នក​បាន​ធ្វើ​យ៉ាង​ត្រឹម​ត្រូវ៖ ព្រះ​ជាម្ចាស់​នៅ​មាន​ព្រះ​បន្ទូល។ ជា​ការ​អរ​ព្រះ​គុណ​ដល់​ទ្រង់ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​ឲ្យ​យើង​ស្គាល់​ទ្រង់! កណ្ឌ​គម្ពីរ ហេព្រើរ ១:១–២ បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់​ថា៖

«កាល​ពី​ដើម ព្រះ​ទ្រង់​មាន​ព្រះ​បន្ទូល​មក​កាន់​បុព្វ​បុរស​របស់​យើង ជា​ច្រើន​ដង​ច្រើន​បែប ដោយ​ពួក​ហោរា ប៉ុន្តែ នៅ​គ្រា​ក្រោយ​បង្អស់​នេះ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​មក​កាន់​យើង ដោយ​សារ​ព្រះ​រាជ​បុត្រា​វិញ ដែល​ព្រះ​អង្គ​បាន​តម្រូវ​ឲ្យ​បាន​គ្រប់​គ្រង​របស់​ទាំង​អស់ ទុក​ជា​មរតក ព្រម​ទាំង​បង្កើត​ពិភព​លោក តាម​រយៈ​ព្រះ​រាជ​បុត្រា​នោះ​ដែរ។»

ចំណុច​ស្នូល​នៃ​កណ្ឌ​គម្ពីរ​ហេព្រើរ​ជំពូក១ គឺ​ដើម្បី​បង្ហាញ​ពី​ភាព​ឧដុង្គឧត្ដម​របស់​ព្រះ​គ្រីស្ទ។ ព្រះ​ជាម្ចាស់​ធ្លាប់​មាន​បន្ទូល​តាម​រយៈ​ពួក​ហោរា ប៉ុន្តែ​ឥឡូវ​នេះ​ទ្រង់​បាន​ធ្វើ​នូវ​អ្វី​ដែល​ប្រសើរ​ជាង​នេះ​ទៅ​ទៀត។ ទ្រង់​បាន​មាន​បន្ទូល​មក​កាន់​យើង​ដោយ​បញ្ជូន​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​មក​យើង! ទោះ​បើ​កណ្ឌ​គម្ពីរ​ហេព្រើរ​ជំពូក១ មាន​រៀប​រាប់​អំពី​ព្រះ​យេស៊ូវ​យ៉ាង​ពេញ​ទី​ក៏​ដោយ ក៏​ខ្ញុំ​គិត​ថា​យើង​អាច​នៅ​រៀន​បាន​ពី​ខ​ទាំង​ពីរ​ដំបូង​នេះ​អំពី​របៀប​ដែល​ព្រះ​ជាម្ចាស់​បាន​មាន​ព្រះ​បន្ទូល ហើយ​នៅ​តែ​បន្ត​មាន​ព្រះ​បន្ទូល​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។

របៀប​ដែល​ព្រះ​ជា​ម្ចាស់​មាន​ព្រះ​បន្ទូល​នៅ​សព្វ​ថ្ងៃ​នេះ

នៅ​ក្នុង​កណ្ឌ​គម្ពីរ​ហេព្រើរ​ជំពូក១ យើង​ឃើញ​ថា​ព្រះ​ជាម្ចាស់​មាន​ព្រះ​បន្ទូល​ក្នុង​ឃ្លា​ពីរ «កាល​ពី​ដើម» «ដោយ​ពួក​ហោរា» ហើយ​ឥឡូវ​នេះ «នៅ​គ្រា​ក្រោយ​បង្អស់​នេះ» «ដោយ​សារ​ព្រះ​រាជ​បុត្រា​វិញ»។

សូម​ឲ្យ​ខ្ញុំ​បញ្ជាក់​ឲ្យ​ច្បាស់​ថា៖ អ្នក និង​ខ្ញុំ​មិន​មែន​ជា​ហោរា​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ជាម្ចាស់​ដែរ។ នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ អ្នក​នឹង​រក​ឃើញ​ការ​និពន្ធ​ពី​ពួក​ហោរា​ដប់​ប្រាំ​ពីរ​នាក់៖ គឺ​ហោរា ម៉ូសេ ហោរា អេសាយ ហោរា យេរេមា ហោរា អេសេគាល ហោរា ដានីយ៉ែល ហោរា ហូសេ ហោរា យ៉ូអែល ហោរា អេម៉ុស ហោរា អូបាឌា ហោរា យ៉ូណាស ហោរា មីកា ហោរា ណាហ៊ុម ហោរា ហាបាគុក ហោរា សេផានា ហោរា ហាកាយ ហោរា សាការី និង​ហោរា ម៉ាឡាគី។ នៅ​ក្នុង​វិសាល​ភាព​នៃ​ប្រវត្តិ​សាស្ត្រ យើង​ឃើញ​ថា​មាន​មនុស្ស​តិច​តួច​ណាស់​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ជា​ហោរា។

មុន​ពេល​ព្រះ​ជាម្ចាស់​ចាត់​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​ឲ្យ​មក​ផែនដី​នេះ ទ្រង់​មាន​ទំនោរ​ព្រះ​ចិន្ដា​ក្នុង​ការ​ជ្រើស​រើស​អ្នក​ប្រកាស​ទំនាយ​ដ៏​សំខាន់​ម្ដង​ម្នាក់ៗ​នៅ​ពេល​នោះ ដើម្បី​និយាយ​ក្នុង​នាម​ជា​អ្នក​តំណាង​ព្រះ​ជាម្ចាស់​ទៅ​កាន់​រាស្ដ្រ​របស់​ទ្រង់។ ឧទាហរណ៍៖ សូម​យើង​ពិចារណា​អំពី​ហោរា យេរេមា។ ព្រះ​ជាម្ចាស់​មិន​បាន​ប្រាប់​ហោរា យេរេមា ជា​ចម្បង​នូវ​អ្វី​ដែល​គាត់​ត្រូវ​រំពឹង​ទុក​នៅ​ក្នុង​ជីវិត​របស់​គាត់​ឡើយ។ តែ​ជា​ចម្បង ព្រះ​ជាម្ចាស់​បាន​ប្រាប់​គាត់​ឲ្យ​ប្រាប់​ប្រជា​រាស្ត្រ​ថា ពួក​គេ​មិន​ត្រូវ​បដិសេធ​នឹង​ការ​ក្លាយ​ជា​ឈ្លើយ​របស់​សាសន៍​បាប៊ីឡូន​ឡើយ។ ពួក​គេ​មិន​ត្រូវ​ព្យាយាម​ស្វែង​រក​សុវត្ថិភាព​នៅ​ក្នុង​ដៃ​នៃ​សាសន៍​អេស៊ីព្ទ​ទេ។ ការ​ក្លាយ​ជា​ឈ្លើយ​គឺ​ជា​ការ​ដែល​ព្រះ​ជាម្ចាស់​ដាក់​ទណ្ឌ​កម្ម​ពី​លើ​ពួក​គេ ដែល​មិន​បាន​គោរព​តាម​សេចក្ដី​តាំង​សញ្ញា​របស់​ទ្រង់។ ពួក​គេ​ត្រូវ​ទទួល​យក​ការ​នោះ។

បុគ្គល​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រាប់​ឲ្យ​រៀប​ការ​ជា​មួយ

ខ្ញុំ​អាច​គិត​បាន​ត្រឹម​តែ​ពីរ​ករណី​នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រាប់​បុគ្គល​ណា​ម្នាក់​ឲ្យ​រៀប​ការ​ជា​មួយ​នឹង​បុគ្គល​ណា​ម្នាក់​ទៀត។ នៅ​ក្នុង​កណ្ឌ​គម្ពីរ ហូសេ ១:២ ព្រះ​ជាម្ចាស់​បាន​បញ្ជា​ហោរា ហូសេ ថា៖ «ចូរ​ទៅ​យក​ស្ត្រី​ពេស្យា​ម្នាក់​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បង្កើត​កូន​ពី​ស្ត្រី​ពេស្យា​នោះ​ចុះ ដ្បិត​ស្រុក​នេះ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ដោយ​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា»។ ប៉ុន្តែ នេះ​មិន​មែន​សម្រាប់​ជា​ប្រយោជន៍​ដល់​ហោរា ហូសេ ទេ។ ហើយ​វា​ក៏​ពិត​ជា​មិន​មែន​ជា​អ្វី​ដែល​សាមញ្ញៗ​ដែរ៖ ព្រះ​ជាម្ចាស់​ប្រាប់​យើង​ឲ្យ​រៀប​ការ​ជា​មួយ​អ្នក​ដែល​មាន​ជំនឿ​ដូច​គ្នា ហើយ​ដើរ​ក្នុង​ភាព​បរិសុទ្ធ (១កូរិនថូស ៧:៣៩)។

ព្រះ​ជាម្ចាស់​បាន​ប្រាប់​ហោរា ហូសេ ឲ្យ​រៀប​ការ​ជា​មួយ​ស្រី​ពេស្យា​ម្នាក់​នេះ ដើម្បី​ទុក​ជា​មេរៀន​ដែល​អាច​មើល​ឃើញ​សម្រាប់​រាស្ត្រ​ទាំង​អស់​របស់​ទ្រង់។ ព្រះ​ជាម្ចាស់​បាន​ប្រាប់​ពី​ហេតុ​ផល​សម្រាប់​អាពាហ៍ពិពាហ៍​មួយ​នេះ៖ «ចូរ​ទៅ​យក​ស្ត្រី​ពេស្យា​ម្នាក់​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បង្កើត​កូន​ពី​ស្ត្រី​ពេស្យា​នោះ​ចុះ ដ្បិត​ស្រុក​នេះ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យាចារ ដោយ​បោះ​បង់​ចោល​ព្រះ​យេហូវ៉ា»។ ជីវិត​អាពាហ៍ពិពាហ៍​របស់​ហោរា ហូសេ គឺ​ជា​រូប​ភាព​ដ៏​មាន​ឥទ្ធិពល​មួយ​នៃ​ការ​ដែល​ព្រះ​ជាម្ចាស់​តាម​រាស្ត្រ​ដ៏​វង្វេង​ស្មារតី​របស់​ទ្រង់។

ឧទាហរណ៍​ទី២៖ យើង​អាច​ឃើញ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នៅ​ពេល​ដែល​ទេវតា​របស់​ព្រះ​ជាម្ចាស់​ប្រាប់​លោក យ៉ូសែប ថា​កុំ​ឲ្យ​ខ្លាច​ក្នុង​ការ​យក​នាង ម៉ារា ធ្វើ​ជា​ប្រពន្ធ​របស់​ខ្លួន (ម៉ាថាយ ១:២០-២១)។ តើ​នេះ​គ្រាន់​តែ​សម្រាប់​ជា​ការ​លួង​លោម និង​ការ​រីក​រាយ​ដល់​លោក យ៉ូសែប មែន​ឬ? ទេ! ព្រះ​ជាម្ចាស់​មាន​បំណង​ព្រះ​ហឫទ័យ​ក្នុង​ការ​បំពេញ​គោល​បំណង​ប្រោស​លោះ​របស់​ទ្រង់។ ពេល​វេលា​ដ៏​ពេញ​លេញ​បាន​មក​ដល់​ហើយ។ លោក យ៉ូសែប ត្រូវ​តែ​រៀប​ការ​ជា​មួយ​នាង ម៉ារា ដែល​ជា​ស្ត្រី​ក្រមុំ​ព្រហ្មចារី ដើម្បី​ឲ្យ​ទំនាយ​រាប់​សតវត្ស​អាច​ត្រូវ​បាន​បំពេញ​ឡើង​បាន ហើយ​ឲ្យ​ផែន​ការ​នៃ​ការ​ប្រោស​លោះ​របស់​ព្រះ​ជាម្ចាស់​អាច​នឹង​កើត​ឡើង​ដែរ។

សេរី​ភាព​ក្នុង​ការ​ជ្រើស​រើស

នៅ​ពេល​យើង​សន្មត​ថា ព្រះ​ជាម្ចាស់​កំពុង​តែ​មាន​ព្រះ​បន្ទូល​មក​កាន់​យើង​តែ​ម្នាក់​ឯង ក្រៅ​ពី​ព្រះ​បន្ទូល​របស់​ព្រះអង្គ នោះ​យើង​បាន​លើក​ស្ទួយ​ខ្លួន​ឯង​ទៅ​ដល់​ឋានៈ​នៃ​ពួក​ហោរា​ហើយ។ នៅ​ពេល​ដែល​យើង​ហៅ​គំនិត​របស់​យើង​ថា​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ នោះ​យើង​កំពុង​តែ​គិត​ខ្ពស់​ពេក​លើ​ខ្លួន​ឯង ហើយ​យើង​ក៏​មិន​គិត​ខ្ពស់​លើ​ព្រះ​ជាម្ចាស់​ទេ។

លោក​គ្រូ ចន ផាបភ័រ បាន​មាន​ប្រសាសន៍​ថា៖

«រាល់​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​ត្អូញត្អែរ​ថា ព្រះ​ជាម្ចាស់​នៅ​ស្ងៀម ហើយ​ខ្ញុំ​ត្រូវ​ការ​ឲ្យ​ទ្រង់​មាន​បន្ទូល​មក​កាន់​ខ្ញុំ នៅ​ពេល​នោះ​ខ្ញុំ​គួរ​តែ​ឈប់ ហើយ​សួរ​ខ្លួន​ឯង​ថា៖ តើ​ខ្ញុំ​ធ្លាប់​បាន​ឮ​ព្រះ​បន្ទូល​នេះ​ទេ? តើ​ព្រះ​បន្ទូល​នេះ​មក​ពី​ព្រះ​ជាម្ចាស់​—ដែល​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល—ខ្លី​ពេក ហើយ​សាមញ្ញ​ដល់​ថ្នាក់​ថា ខ្ញុំ​បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ ឥឡូវ​នេះ​ខ្ញុំ​ត្រូវ​ការ​បន្ថែម​ទៀត—គឺ​បន្ទូល​ណា​មួយ​ទៀត? តើ​ខ្ញុំ​ពិត​ជា​បាន​ឮ​ព្រះ​សូរ​សៀង​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ព្រះ​អង្គ និង​ក្នុង​ការ​បង្រៀន ព្រម​ទាំង​ក្នុង​ព័ន្ធ​កិច្ច​របស់​ព្រះ​រាជ​បុត្រា​មែន​ឬ? តើ​ការ​ឈឺ​នៃ​ព្រលឹង​ខ្ញុំ និង​ភាព​ច្របូក​ច្របល់​ក្នុង​គំនិត​របស់​ខ្ញុំ​ពិត​ជា​បាន​ឮ​ព្រះ​សូរ​សៀង​នេះ​យ៉ាង​អស់​ពី​សមត្ថភាព ហើយ​ឥឡូវ​ត្រូវ​ការ​ព្រះ​បន្ទូល​មួយ​ទៀត? ដូច្នេះ ខ្ញុំ​ទទួល​បាន​អារម្មណ៍​ស្តី​បន្ទោស​មួយ​ទៀត​លើ​ត្រចៀក​ដែល​មិន​អាច​គិត​ដល់​បាន និង​ការ​បំពាន​សិទ្ធិ​នៃ​ត្រចៀក​របស់​ខ្ញុំ​ដែរ។»

តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ជីវិត​អាពាហ៍ពិពាហ៍? ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​យើង​នូវ​សេរី​ភាព​ដ៏​អស្ចារ្យ​ក្នុង​ការ​ជ្រើស​រើស​អ្នក​ដែល​យើង​នឹង​រៀប​ការ​ជា​មួយ។ សរុប​សេចក្ដី​ទៅ ចូរ​ស្ញប់ស្ញែង​លើ​ចំណុច​ពិត​របស់​ព្រះ​ជាម្ចាស់​ត្រង់​ថា ទ្រង់​បាន​មាន​បន្ទូល​មក​កាន់​យើង​តាមរយៈ​ការ​បញ្ជូន​ព្រះ​រាជបុត្រា​ស្ងួនភ្ងា​របស់​ទ្រង់ ចូរ​ទទួល​យក​ព្រះ​បន្ទូល​នោះ​ថា​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក ហើយ​បន្ទាប់​មក​ចូរ​ជ្រើស​រើស​អ្នក​ដែល​អ្នក​នឹង​រៀប​ការ​ជា​មួយ​ដោយ​មាន​ប្រាជ្ញា​ចុះ។

និពន្ធ​ដោយ៖ លោក​ស្រី Paula Marsteller
លោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក​ស្រី ថាវ ប៊ុនរី និងលោក​ ប៊ុន ធីម៉ូថេ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក

មិនគួរអរសប្បាយ