in

សេចក្ដី​អធិស្ឋាន​៧​យ៉ាង ​សម្រាប់​អស់​អ្នក​ដែល​កំពុង​រង់ចាំ

ចាំ​សិន! ពាក្យ​ពេចន៍​បន្តិច​បន្តួច​មិន​សូវ​មាន​ការ​ស្វាគមន៍​នោះ​ទេ។

ប្រសិន​បើ​មាន គឺ​មាន​តិច​នាក់​ណាស់​ដែល​លើក​ទឹក​ចិត្ត​យ៉ាង​ខ្ពស់ ហើយ​ទម្លាក់​វា​ចុះ​យ៉ាង​ខ្លាំង។ «សេចក្ដី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ នោះ​នាំ​ឲ្យ​រអាចិត្ត» (សុភាសិត ១៣:១២)។ នៅ​ពេល​ដែល​យើង​រង់ចាំ​យ៉ាង​យូរ​សម្រាប់​អ្វីមួយ​ដែល​មាន​តម្លៃ នោះ​យើង​អាច​មាន​ក្ដី​សង្ឃឹម​យ៉ាង​ខ្ពស់ ហើយ​ក៏​ស្លាប់​ជា​ច្រើន​រយ​ដង​ដែរ។ ការ​ខូច​ចិត្ត​ក៏​ក្លាយ​ជា​គូកន​ឥត​ល្ហែ។

មាន​បទ​ពិសោធន៍​បន្តិច​បន្តួច​ណាស់ ដែល​ដាក់​ជំនឿ​យើង​ក្នុង​ភ្លើង​យ៉ាង​យូរ។ ប៉ុន្តែ ក៏​នៅ​មាន​បទពិសោធន៍​បន្តិច​បន្តួច​ណាស់​ទៀត​ដែរ ដែល​មាន​សក្ដានុពល​យ៉ាង​ខ្លាំង ក្នុង​ការ​បំផ្លាស់​បំប្រែ​យើង​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​មុន។ ដូច​ដែល​លោក​គ្រូ ប៉ុល ទ្រីព (Paul Tripp) បាន​សរសេរ «ការ​រង់ចាំ​គឺ​មិន​មែន​អំពី​អ្វី​ដែល​អ្នក​នឹង​ទទួល​បាន នៅ​ពេល​ដែល​ការ​រង់ចាំ​ឈាន​ដល់​ទី​បញ្ចប់​នោះ​ទេ។ វា​គឺ​អំពី​អ្វី​ដែល​អ្នក​នឹង​ក្លាយ​ទៅ​ជា ខណៈ​ពេល​ដែល​អ្នក​រង់​ចាំ​ទេ​តើ»។ ព្រះ​ជាម្ចាស់​បាន​ត្រៀម​ជា​ស្រេច​ហើយ​ក្នុង​ការ​ប្រើ​ប្រាស់​ភ្លើង​នៃ​ការ​រង់ចាំ ដើម្បី​សូន​ជំនឿ​របស់​យើង​រម្លាយ​ច្រេះ​ចោល ហើយ​នាំ​យើង​ឲ្យ​ឈាន​ដល់​ត្រើយ​ម្ខាង​ទៀត​ដោយ​មាន​ការ​បន្សុទ្ធ។

ប្រសិន​បើ​លោក​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​រដូវ​កាល​នៃ​ការ​រង់​ចាំ​យ៉ាង​យូរ ហើយ​ពេញ​ទៅ​ដោយ​ភាព​ឈឺ​ចាប់ ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​អធិស្ឋាន​៧​យ៉ាង​ទៅ​កាន់​ព្រះ​ជាម្ចាស់—សំណូម​ពរ​៧​យ៉ាង​ដែល​ព្រះ​អង្គ​នឹង​ប្រើ​ប្រាស់ ក្នុង​ការ​រង់ចាំ​របស់​លោក​អ្នក ដើម្បី​ទាញ​លោក​អ្នក​ឲ្យ​ខិត​ចូល​ទៅ​ជិត​ព្រះ​យេស៊ូវ។

១. សូម​ប្រទាន​កម្លាំង​មក​កាន់​ទូល​បង្គំ​ក្នុង​ការ​រង់ចាំ ដោយ​មាន​ការ​អត់​ធ្មត់

«យើង​ខ្ញុំ​ក៏​អធិស្ឋាន​ឲ្យ​អ្នក​រាល់​គ្នា​ឥត​ឈប់​ឈរ ដើម្បី​ឲ្យ​បាន​ដើរ​បែប​គួរ​នឹង​ព្រះ​អម្ចាស់…ដោយ​បាន​គ្រប់​ទាំង​ព្រះ​ចេស្ដា​ចម្រើន​កម្លាំង តាម​ឫទ្ធិ​បារមី​ដ៏​ឧត្ដម​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ចេះ​ទ្រាំ​ទ្រ ហើយ​អត់​ធន់​គ្រប់​យ៉ាង​ដោយ​អំណរ» (កូឡូស ១:៩-១១)។

ស្ទើរ​តែ​គ្រប់​ចំណុច​នៃ​ជីវិត​សម័យ​ទំនើប​នេះ បាន​បង្ហាត់​បង្រៀន​ឲ្យ​យើង​មិន​ចេះ​មាន​ការ​អត់​ធ្មត់។ វប្បធម៌ និង​បណ្ដាញ(សង្គម) របស់​យើង​បង្រៀន​យើង ឲ្យ​ចង់​មាន​ភាព​សុខ​ស្រួល ភាព​កក់​ក្ដៅ និង​ការ​ទទួល​បាន​នូវ​អ្វី​ដែល​យើង​ចង់​បាន​ភ្លាមៗ។ ដូច្នេះ នៅ​ពេល​ដែល​ព្រះ​ជាម្ចាស់​ប្រាប់​យើង​ថា ឲ្យ​រង់ចាំ​យូរ​ជាង​ការ​រំពឹង​គិត​របស់​យើង​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍ ការ​មាន​កូន​ចៅ ការងារ ឬ​ក៏​ការ​បំពេញ​ក្ដី​ស្រមៃ​ណា​ផ្សេងៗ​ទៀត នោះ​តើ​យើង​គួរ​ធ្វើ​ដូច​ម្ដេច​ដើម្បី​គេច​ចេញ​ពី​ការ​ក្លាយ​ដូច​ជា​សាសន៍​អ៊‌ីស្រាអែល​ដែល​វង្វេង​នៅ​ក្នុង​ទី​រហោស្ថាន​ដែល «មាន​ចិត្ត​រវាត» ហើយ «ក៏​និយាយ​ទាស់​នឹង​ព្រះ » (ជនគណនា ២១:៤-៥)

យើង​ត្រូវ​ការ​ព្រះ​ជាម្ចាស់​ក្នុង​ការ​ចម្រើន​កម្លាំង​យើង ទាក់​ទង​នឹង​ការ​អត់​ធ្មត់។ ដូច​ដែល​សាវ័ក ប៉ុល បាន​អធិស្ឋាន​សម្រាប់​ក្រុម​ជំនុំ​នៅ​ក្រុង​កូឡូស ការ​អត់​ធ្មត់​មិន​មែន​ជា​ចំណុច​ខ្សោយ​របស់​អ្នក​ដែល​មិន​មាន​អំណាច​ក្នុង​ការ​យក​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ​ទេ។ ការ​អត់​ធ្មត់​គឺ​ជា​អំណាច​នៃ​ការ​បន្ត​ទៅ​មុខ​ទៀត​ក្នុង​គ្រាលំបាក ការ​បាក់​ទឹក​ចិត្ត ក្នុង​ការ​ឆ្លង​កាត់​ផ្លូវ​វាង​ដោយ​មាន​ដួង​ចិត្ត​ពេញ​ទៅ​ដោយ​ជំនឿ និង​មាត់​ពេញ​ទៅ​ដោយ​ការ​សរសើរ​តម្កើង។

ការ​អត់​ធ្មត់​គឺ​ជា​កម្លាំង​របស់​លោក យ៉ូសែប ដែល​បាន​ចំណាយ​ជីវិត​នៃ​វ័យ​ដ៏​ល្អ​បំផុត​របស់​គាត់​ក្នុង​គុក ហើយ​នៅ​ពេល​ដែល​គាត់​ចេញ​ពី​គុក​ក៏​គាត់​អាច​និយាយ​ថា «តែ​ព្រះ​ទ្រង់​សម្រេច​ជា​ការ​ល្អ​វិញ» (លោកុប្បត្ដិ ៥០:២០)។ ការ​អត់​ធ្មត់​ធ្វើ​ឲ្យ​យើង​មាន​លទ្ធភាព ក្នុង​ការ​មើល​រាល់​ការ​ខកខាន​ផ្លូវ​វាង​របស់​យើង ហើយ​នៅ​អាច​និយាយ​ទៅ​កាន់​ព្រះ​ជាម្ចាស់​ថា «ឱ​ព្រះ​វរបិតា​អើយ! ទូល​បង្គំ​មិន​ដឹង​អំពី​អ្វី​ដែល​ទ្រង់​កំពុង​តែ​ធ្វើ​ឥឡូវ​នេះ​ទេ។ ទូល​បង្គំ​មិន​ចង់​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​នេះ​ឡើយ។ ទូល​បង្គំ​មិន​ដែល​គិត​ថា ខ្លួន​នឹង​ស្ថិត​ក្នុង​ស្ថាន​ភាព​នេះ​ទេ។ ប៉ុន្តែ​ព្រះ​អង្គ​ល្អ ហើយ​ពេញ​ទៅ​ដោយ​ប្រាជ្ញា ហើយ​ទូល​បង្គំ​ជឿ​ទុក​ចិត្ត​ថា ព្រះ​អង្គ​កំពុង​តែ​ធ្វើ​នូវ​អ្វី​មួយ​ដែល​ល្អ​ប្រសើរ​ជាង​នេះ​ដែរ។ សូម​ប្រទាន​កម្លាំង​មក​កាន់​ទូល​បង្គំ​ក្នុង​ការ​រង់ចាំ​ដោយ​មាន​ការ​អត់​ធ្មត់»។

២. សូម​ដាស់​តឿន​ទូល​បង្គំ​នៅ​ថ្ងៃ​នេះ

«ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​បាន​កំណត់​ទុក​នៅ​ថ្ងៃ​នេះ យើង​រាល់​គ្នា​នឹង​រីករាយ​សប្បាយ​ឡើង» (ទំនុកតម្កើង ១១៨:២៤)។

ការ​រង់ចាំ​អាច​បង្ខំ​ឲ្យ​យើង​រស់​នៅ​ក្នុង​កន្លែង​ពីរ​ក្នុង​ពេល​តែ​មួយ។ រូប​កាយ​របស់​យើង​មាន​វត្ត​មាន​នៅ​កន្លែង​នេះ​និង​នៅ​ពេល​នេះ ប៉ុន្តែ​បេះ​ដូង​របស់​យើង​បាន​ចាក​ចេញ​ពី​ពេល​វេលា​នៃ​បច្ចុប្បន្ន​កាល​នេះ តាំង​ពី​យូរ​ណាស់​មក​ហើយ និង​បាន​រៀប​អីវ៉ាន់ ហើយ​ក៏​បាន​ទៅ​បោះ​តង់​នៅ​ឯ​ទឹក​ដី​នៃ​ការ​ស្រមៃ​នៅ​ឯ​ជីវិត​នៅ​អនាគត។ យើង​បន្ត​ទៅ​មុខ​ក្នុង​ចលនា​ចាំបាច់ ប៉ុន្តែ​យើង​រំពឹង​ថា ថ្ងៃ​នេះ​នឹង​នាំ​មក​នូវ​របស់​ដែល​មាន​តម្លៃ​តិច​ណាស់។

យើង​ត្រូវ​ការ​ព្រះ​ជាម្ចាស់​ដាស់​តឿន​យើង​នៅ​ថ្ងៃ​នេះ។ ថ្ងៃ​នេះ សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ​ជាម្ចាស់​បាន​មក​ជា​មួយ​នឹង​ថ្ងៃ​រះ (បរិទេវ ៣:២២-២៣)។ ថ្ងៃ​នេះ ផ្ទៃ​មេឃ​សម្ដែង​ពី​សិរីល្អ​នៃ​ព្រះ (ទំនុកតម្កើង ១៩:១)។ ថ្ងៃ​នេះ ទ្រង់​សម្ដែង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ (រ៉ូម ៥:៨)។ ថ្ងៃ​នេះ យើង​មាន​ផ្ទុក​ឈើ​ឆ្កាង (លូកា ៩:២៣)។ ថ្ងៃ​នេះ យើង​មាន​មនុស្ស​ដែល​យើង​ត្រូវ​ស្ដាប់ ត្រូវ​បម្រើ និង​ត្រូវ​អត់​ទោស​ឲ្យ (កូឡូស ៣:១២-១៣)។ ថ្ងៃ​នេះ យើង​មាន​ទង្វើ​ល្អ​ដែល​យើង​ត្រូវ​ធ្វើ (អេភេសូរ ២:១០)។

មិន​ថា​វា​សាមញ្ញ​ប៉ុណ្ណា ហើយ​មិន​ថា​វា​ឆ្ងាយ​ពី​ក្ដី​ស្រមៃ​របស់​យើង​ពី​ផែនដី​នេះ​ប៉ុណ្ណា​ក៏​ដោយ ក៏​ថ្ងៃ​នេះ​នៅ​តែ​ជា​ថ្ងៃ​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក​ផង​ដែរ។ នោះ​គឺ​ជា​អំណោយ​ទាន ទោះ​បើ​វា​ជា​អំណោយ​ទាន​ខុស​ពី​អ្វី​ដែល​យើង​បាន​រំពឹង​គិត​ក៏​ដោយ។ សូម្បី​តែ​នៅ​ពេល​ដែល​យើង​រង់ចាំ​ក៏​វា​អាច​ទៅ​រួច​ដែរ ក្នុង​ការ​ដែល​យើង​មាន​អំណរ ហើយ​រីករាយ​នៅ​ក្នុង​ថ្ងៃ​នេះ។

៣. សូម​រក្សា​ទូល​បង្គំ​ចេញ​ពី​ការ​ដើរ​ផ្លូវ​កាត់ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ល្ងីល្ងើ

«ដ្បិត​ព្រះ​អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​អ៊‌ីស្រាអែល ទ្រង់​មាន​ព្រះ​បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​វិល​មក​វិញ ហើយ​ផ្អាក​សម្រាក ឯង​រាល់​គ្នា​នឹង​មាន​កម្លាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្ដី​ទុក​ចិត្ត តែ​ឯង​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ» (អេសាយ ៣០:១៥)។

ផែនដី​យើង​មាន​ពេញ​ទៅ​ដោយ​ផ្លូវ​កាត់ ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ល្ងីល្ងើ—ឱកាស​ក្នុង​ការ​ចាក​ចេញ​ពី​ផ្លូវ​ចង្អៀត​ដែល​នាំ​ឲ្យ​មាន​ជីវិត​ទៅ​ផ្លូវ​ដែល​ធ្វើឲ្យ​សាច់​ឈាម​យើង​ស្រួល។ រដូវ​កាល​នៃ​ការ​រង់ចាំ​ដែល​យូរ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ងាយ​ក្នុង​ការ​ឲ្យ​យើង​ចង់​ដើរ​តាម​ផ្លូវ​កាត់។

ព្រះ​បន្ទូល​មាន​ពេញ​ទៅ​ដោយ​តួឯក​ជា​ច្រើន​នាក់​ដែល​សម្រេច​ចិត្ត​ថា ពួក​គាត់​មិន​ចង់​រង់ចាំ​ទៀត។ ពួក​ជំនាន់​វង្វេង​នៅ​ក្នុង​ទី​រហោស្ថាន ដែល​បាន​រង់ចាំ​ឲ្យ​លោក ម៉ូសេ ចុះពី​ភ្នំ​ស៊ីណាយ​វិញ ដើម្បី​នាំ​មក​នូវ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ក៏​បាន​សម្រេច​ចិត្ត​ថា​ពួក​គាត់​នឹង​ច្នៃ​រូប​ព្រះ​ណា​ផ្សេង​ទៀត​ដោយ​ខ្លួន​ឯង (និក្ខមនំ ៣២:១)។ ស្ដេច សូល ដែល​រង់ចាំ​ឲ្យ​ហោរា សាំយូអែល មក​ធ្វើ​យញ្ញ​បូជា​មុន​ចូល​ច្បាំង បាន​សម្រេច​ចិត្ត​ថា​ទ្រង់​នឹង​ធ្វើ​ជា​សង្ឃ​ដោយ​ខ្លួន​ឯង​ផ្ទាល់ (១សាំយូអែល ១៣:៨-១០)។ សាសន៍​អ៊‌ីស្រាអែល ដែល​រង់ចាំ​ព្រះ​ជាម្ចាស់​ឲ្យ​មក​រំដោះ​ពួក​គេ​ចេញ​ពី​កងទ័ព​នៃ​ខ្មាំង​សត្រូវ​របស់​ខ្លួន បាន​សម្រេច​ចិត្ត​ថា​ពួក​គាត់​នឹង​ទិញ​ជំនួយ​ពី​ស្រុក​អេស៊ីព្ទ​វិញ (អេសាយ ៣០:១៥-១៦)។

យើង​ក៏​មាន​ផ្លូវ​កាត់​ដែរ៖ មនុស្ស​ស្រី​នៅ​លីវ​នឹង​បន្ទាប​ស្តង់​ដារ​របស់​ខ្លួន ជា​ជាង​រង់ចាំ​បុរស​ដែល​ខ្លួន​ស័ក្តិសម​នឹង​បាន។ អ្នក​ជឿ​ម្នាក់​ដែល​ព្យាយាម​រក​ផ្លូវ​កាត់​ទៅ​កាន់​ភាព​បរិសុទ្ធ ជា​ជាង​រង់ចាំ​ដោយ​មាន​ការ​អត់​ធ្មត់​តាម​រយៈ​ព្រះ​គុណ។ ឬ​ក៏​ថា អ្នក​ណា​ម្នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ចំណោម​យើង ដែល​ស្រមៃ​អំពី​ជីវិត​ណា​មួយ​ផ្សេង​ទៀត ជា​ជាង​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់​សម្រាប់​ជីវិត​ដែល​យើង​មាន​ឥឡូវ​នេះ។

យើង​ត្រូវ​ការ​ព្រះ​ជាម្ចាស់​ក្នុង​ការ​រារាំង​យើង​ចេញ​ពី​ការ​ដើរ​ផ្លូវ​កាត់ ដែល​ពេញ​ទៅ​ដោយ​ភាព​ល្ងីល្ងើ។ យើង​ត្រូវ​ការ​ព្រះ​ជាម្ចាស់​ឲ្យ​ប្រាប់​យើង ដូច​ដែល​ទ្រង់​បាន​ប្រាប់​រាស្ត្រ​របស់​ទ្រង់​តាម​រយៈ​ហោរា អេសាយ៖ សេចក្ដី​សង្គ្រោះ​របស់​យើង​គឺ​អាស្រ័យ​ទៅ​លើ​ការ​ត្រឡប់​មក​វិញ ហើយ​សម្រាក មិន​មែន​លើ​ល្បឿន និង​ការ​ចរចា​នោះ​ទេ។ កម្លាំង​របស់​យើង​គឺ​នៅ​ក្នុង​ការ​ស្ងៀម​ស្ងាត់ និង​ការ​ទុក​ចិត្ត មិន​មែន​នៅ​លើ​ក្ដី​ស្រមៃ​នោះ​ឡើយ។

៤. សូម​ធ្វើ​ឲ្យ​ទូល​បង្គំ​ចង់​បាន​អនាគត​ដែល​ទ្រង់​មាន​សម្រាប់​ទូល​បង្គំ

«តែ​អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​ពួក​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​រាស្ត្រ​ដ៏​ជា​កេរ្តិ៍​អាករ​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្ដែង​ចេញ ឲ្យ​ឃើញ​អស់​ទាំង​លក្ខណៈ​របស់​ព្រះ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្ដី​ងងឹត មក​ក្នុង​ពន្លឺ​អស្ចារ្យ​របស់​ទ្រង់» (១ពេត្រុស ២:៩)។

ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ធំធាត់​ឡើង យើង​តែង​តែ​សរសេរ​សៀវភៅ​មួយ​ក្បាល​នៅ​ក្នុង​ខួរក្បាល​របស់​យើង អំពី​ដំណើរ​ជីវិត​របស់​យើង​ថា វា​គួរ​កើត​ឡើង​ដូច​ម្ដេច។ នៅ​ក្នុង​មាតិកា យើង​សរសេរ​ជំពូក​ដោយ​រង់ចាំ​ពេល​វេលា​ដែល​យើង​នឹង​ចាប់​ផ្ដើម​ការងារ ឬ​ក៏​រៀប​អាពាហ៍ពិពាហ៍ ឬ​ក៏​ចាប់​ផ្ដើម​មាន​កូន​ចៅ។ ប៉ុន្តែ មាន​មនុស្ស​ជា​ច្រើន​នាក់​ក្នុង​ចំណោម​យើង ដែល​យើង​ឃើញ​ថា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នោះ​ពី​ជំពូក​មួយ​ទៅ​ជំពូក​មួយ​ទៀត​ក៏​ត្រូវ​បាន​ឆាចោល។

យើង​ត្រូវ​ការ​ព្រះ​ជាម្ចាស់​ជួយ​ឲ្យ​យើង​ចង់​បាន​នូវ​អនាគត​ដែល​ទ្រង់​មាន​សម្រាប់​យើង—គឺ​អនាគត​ដែល​ទ្រង់​បាន​ចែង​ទុក​ក្នុង​ព្រះ​ប្រាជ្ញាញាណ​ដែល​យើង​ពិបាក​យល់​បាន។ រដូវ​កាល​នៃ​ការ​រង់ចាំ​បង្ហាត់​បង្រៀន​យើង​ឲ្យ​លះ​បង់​តួនាទី​របស់​យើង​ចោល ក្នុង​នាម​ជា​អ្នក​និពន្ធ​ដំណើរ​រឿង​របស់​ខ្លួន ហើយ​ឲ្យ​យើង​យក​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​តួឯក​ក្នុង​ដំណើរ​រឿង​របស់​ព្រះ​ជាម្ចាស់​វិញ។

ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​ដឹង​ហើយ​ថា​អ្វីទៅ​ជា​តួនាទី​របស់​យើង​ក្នុង​ដំណើរ​រឿង​របស់​ព្រះ​ជាម្ចាស់៖ គឺ​ប្រកាស​អំពី​ភាព​ឧត្តុង្គ​ឧត្តម​របស់​ទ្រង់ (១ពេត្រុស ២:៩)។ ពេល​ខ្លះ​ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​ឲ្យ​យើង​ប្រកាស​អំពី​ភាព​ឧត្តុង្គ​ឧត្តម​របស់​ទ្រង់​ចេញពី​ទី​កន្លែង​ដែល​ទទួល​បាន​ការ​បំពេញ និង​បរិបូណ៌ ដែល​ជា​ទី​កន្លែង​ដែល​យើង​រស់​នៅ និង​ពាក្យ​សម្ដី​ដែល​យើង​និយាយ​ដោយ​បង្ហាញ​ថា ព្រះ​ជាម្ចាស់​គឺ​ជា​រង្វាន់​ដ៏​ល្អ​បំផុត មិន​មែន​អំណោយ​ទាន​របស់​ទ្រង់​នោះ​ទេ។ ហើយ​ពេល​ខ្លះ​ទៀត ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​យើង​ឲ្យ​ប្រកាស​អំពី​ភាព​ឧត្តុង្គ​ឧត្តម​របស់​ទ្រង់​ចេញពី​ទី​កន្លែង​នៃ​ការ​រង់ចាំ និង​ការ​ខ្វះខាត​ដែល​ជាទី​កន្លែង​ដែល​យើង​រស់​នៅ និង​ពាក្យ​សម្ដី​ដែល​យើង​និយាយ​ដោយ​បង្ហាញ​ថា មិន​ថា​អ្វី​ក៏​ដោយ​ដែល​ទ្រង់​មិន​ឲ្យ​យើង នោះ​ក៏​នៅ​តែ​ល្អ​ប្រសើរ​ល្មម​ហើយ​សម្រាប់​យើង​ផង​ដែរ។

មិន​ថា​យើង​បាក់​ទឹក​ចិត្ត​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ទាក់​ទង​ទៅ​នឹង​ដំណើរ​រឿង​របស់​យើង ក៏​យើង​នៅ​តែ​បំពេញ​តួនាទី​របស់​យើង ក្នុង​នាម​ជា​តួឯក ដោយ​ដឹង​ថា អ្នក​និពន្ធ​របស់​យើង​ក៏​បាន​រៀប​ចំ​ផែន​ការ​ដ៏​ល្អ​បំផុត​ចុង​ក្រោយ​រួច​ស្រេច​ទៅ​ហើយ​ដែរ។ «ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា សេចក្ដី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្ដី​នោះ​ឯង​ដែល​ព្រះ​បាន​រៀប​ចំ​ទុក សម្រាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់» (១កូរិនថូស ២:៩)។ ព្រះ​ជាម្ចាស់​ដែល​បាន​សង្គ្រោះ​ផែនដី​តាម​រយៈ​ឈើ​ឆ្កាង និង​ផ្នូរ​ដែល​នៅ​ទទេ ជ្រាប​រួច​ស្រេច​ទៅ​ហើយ​អំពី​របៀប​នៃ​ដំណើរ​រឿង​ក្នុង​ជីវិត​របស់​យើង ដែល​បាន​បរាជ័យ ហើយ​ក៏​នឹង​បង្វែរ​វា​ឲ្យ​ក្លាយ​ទៅ​ជា​អ្វី​ផ្សេង​ទៀត​ដែល​ល្អ​ប្រសើរ​ជាង​នោះ។ តួនាទី​របស់​យើង​គឺ​ទុក​ចិត្ត​លើ​ទ្រង់ ហើយ​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ ទោះ​បើ​នៅ​ពេល​ដែល​យើង​មិន​អាច​ឃើញ​ទី​បញ្ចប់​ក៏​ដោយ។

៥. សូម​រម្លឹក​ទូល​បង្គំ​អំពី​អ្វី​ដែល​ទូល​បង្គំ​កំពុង​តែ​ពិត​ជា​រង់ចាំ​សម្រាប់​អ្វី​មួយ​នោះ​មែន

«នៅ​គ្រា​នោះ គេ​នឹង​ពោល​ថា មើល នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះ​យេហូវ៉ា​ហើយ យើង​បាន​រង់ចាំ​ទ្រង់ យើង​នឹង​មាន​ចិត្ត​រីករាយ ហើយ​ត្រេក​អរ ដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់» (អេសាយ ២៥:៩)។

លើ​លោក​នេះ យើង​តែង​តែ​រង់ចាំ​អ្វី​មួយ៖ ដៃ​គូ​ជីវិត ការងារ កូន​ចៅ ចេញ​ពី​ភាព​ខ្វះខាត ការ​រំដោះ​ចេញ​ពី​ទុក្ខ​កង្វល់ និង​សេរី​ភាព​ក្នុង​ការ​ចាយ​វាយ។ ប៉ុន្តែ សម្រាប់​គ្រីស្ទ​បរិស័ទ ភាព​ញាប់​ញ័រ​នៃ​អ្វី​មួយ​ផ្សេង​ទៀត​ដែល​ល្អ​ប្រសើរ​គឺ​កំពុង​តែ​រំជួយ​នៅ​ក្រោម​គ្រប់​អំណោយ​ទាន​ដ៏​ល្អៗ​ទាំង​អស់​នេះ។ យើង​កំពុង​តែ​រង់ចាំ​អ្វី​មួយ​ផ្សេង​ទៀត ដែល​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​លោកីយ៍​នេះ​អាច​ផ្ដល់​ឲ្យ​បាន។

យើង​កំពុង​តែ​រង់ចាំ​ផែនដី​ថ្មី ដែល​ជា​ទី​កន្លែង​ដែល​សេចក្ដី​សុចរិត​សាយភាយ​ពាស​ពេញ​ខ្យល់​អាកាស (២ពេត្រុស ៣:១៣)។ យើង​កំពុង​តែ​រង់​ចាំ​រូប​កាយ​ថ្មី ដែល​យើង​នឹង​ទទួល​បាន​នៅ​ចុង​ក្រោយ​ចេញ​ពី​សេចក្ដី​ស្លាប់ និង​ភាព​ពុក​រលួយ (រ៉ូម ៨:២៣)។ យើង​កំពុង​តែ​រង់​ចាំ​អំណាច​ថ្មី ដែល​នៅ​ពេល​នោះ អំពើ​បាប​នឹង​បាត់​បង់​ការ​គ្រប់​គ្រង​លើ​យើង (កាឡាទី ៥:៥)។

ប៉ុន្តែ លើស​ពី​នោះ​ទៅ​ទៀត យើង​កំពុង​តែ​រក​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​ស្ដេច​នៃ​យើង (១ថែស្សាឡូនិច្ច ១:១០)។ ពេល​ដែល​យើង​គ្រាន់​តែ​ឃើញ​ព្រះ​ភ័ក្ដ្រ​របស់​ទ្រង់​មួយ​ក្រឡេក នោះ​រាល់​ទុក​សោក​ទាំង​អស់​នឹង​រលាយ​សូន្យ​ឈឹង​អស់​កល្ប​ជានិច្ច។ តាម​រយៈ​សំណេរ​មួយ​ព្យាង្គ​ចេញ​ពី​ព្រះ​ឱស្ឋ​របស់​ទ្រង់ នោះ​រាល់​គ្រប់​ការ​ខក​ចិត្ត​ទាំង​អស់​ក្នុង​ជីវិត​នេះ​នឹង​ត្រូវ​លេប​បាត់​អស់​ទៅ។ ក្នុង​ខណៈ​ពេល​តែមួយ​ភ្លែត​ក្នុង​ព្រះ​វត្ត​មាន​របស់​ទ្រង់ នោះ​រាល់​គ្រប់​ភាព​ឈឺ​ចាប់​របស់​យើង​ទាំង​អស់​នឹង​ត្រូវ​បាន​បោះ​ចូល​ទៅ​ក្នុង​សមុទ្រ​ដ៏​ជ្រៅ។ យើង​ត្រូវ​ការ​ឲ្យ​ព្រះ​ជាម្ចាស់​រម្លឹក​យើង​អំពីអ្វី​ដែល​យើង​ពិត​ជា​កំពុង​តែ​រង់ចាំ​មែន។ ក្រោម​រាល់​ចំណុច​នៃ​ការ​រង់ចាំ​របស់​យើង នៅ​លើ​ផែនដី​នេះ គឺ​មាន​សេចក្ដី​សង្ឃឹម​ដែល​នឹង​មិន​អាច​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​បាន​ឡើយ។ មាន​ថ្ងៃ​មួយ ស្ដេច​របស់​យើង​នឹង​យាង​ត្រឡប់​មក​វិញ ហើយ​នឹង​គ្មាន​អ្នក​ណា​ម្នាក់​ដែល​រង់​ចាំ​ទ្រង់​នឹង​ទទួល​ភាព​អាម៉ាស់​ឡើយ (ទំនុកតម្កើង ២៥:៣)។

និពន្ធ​ដោយ៖ លោក Scott Hubbard
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, និង​លោក សឹម រក្សា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ហេតុផល១២យ៉ាងសម្រាប់បុណ្យណូអែល

អត្ថបទ​លេខ​៨–ប្រសិន​បើ​ស្ត្រី​អាច​អធិស្ឋាន និង​អធិប្បាយ​ព្រះ​បន្ទូល​បាន តើ​ពួក​គេ​អាច​អធិប្បាយ​បាន​ដែរ​ឬ​ទេ?