in ,

​គាត់​ខ្ទើយ

My Friend Claims She’s Gay — What Do I Say?

នាងខ្ញុំ​ឈ្មោះ​បុប្ផា ហើយ​មិត្តភក្ដិ​ស្រី​ដ៏​ស្និទ្ធស្នាល​របស់​ខ្ញុំ​ម្នាក់​ទើប​តែ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​កំពុង​តែ​តយុទ្ធ​នឹង​ចំណង់​ចិត្ត​នៃ​ការ​ចង់​រួម​ភេទ​ជាមួយនឹង​ភេទ​ដូចគ្នា ហើយ​ឥឡូវ​នេះ​គាត់​កំពុង​តែ​ធ្វើ​តាម​អារម្មណ៍​នៃ​ចំណង់​ចិត្ត​នោះ។ ឥឡូវ​នេះ​គាត់​ទើប​តែ​បាន​ប្រាប់​ខ្ញុំ​ទៀត​ថា «ខ្ញុំ​នឹង​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​នឹង​មនុស្ស​ស្រី​ម្នាក់​ទៀត ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​បែប​នោះ។ ខ្ញុំ​គិត​ថា​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នោះ​ត្រឹមត្រូវ ហើយ​ខ្ញុំ​នឹង​សាកល្បង​មើល។ ខ្ញុំ​បាន​តយុទ្ធ​នឹង​ស្ថាន​ភាព​បែប​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ។ ខ្ញុំ​មិន​ដែល​ចង់​ធ្វើ​បែប​នេះ​ទេ ហើយ​ខ្ញុំ​ក៏​គ្មាន​ពិរុទ្ធភាព​ដែរ ហើយក៏​មិន​អាម៉ាស់​មុខ​ដែរ។ ខ្ញុំ​បាន​អធិស្ឋាន​ជា​ច្រើន​លើក​ច្រើន​សារ ហើយក៏​បាន​សិក្សា​ច្រើន​ផង​ដែរ ហើយ​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​មិន​ថ្កោលទោស​ខ្ញុំ​ទេ។ ឥឡូវ​នេះ ខ្ញុំ​ទទួលការ​ថ្កោលទោស​តែ​ពី​មនុស្ស​ប៉ុណ្ណោះ ហើយ​ខ្ញុំ​មាន​អារម្មណ៍​មួយ​មក​ប្រាប់​ខ្ញុំ​ថា វា​មិន​អី​ទេ គ្រាន់​តែ​ជា​រឿង​ធម្មតា ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​ទទួល​បាន​សេរីភាព ហើយ​ខ្ញុំ​ក៏​ពិតជា​ជឿ​ជាក់​ថា នេះ​មិន​មែន​ជា​រឿង​ខុសឆ្គង​ស្អី​ទេ ហើយក៏​លែង​មាន​អារម្មណ៍​ភ័យខ្លាច​ទៀត​ផង​ដែរ»។

ទាំង​អស់​នោះ​គឺជា​ពាក្យ​សម្ដី​ដែល​គាត់​បាន​និយាយ។ មិត្តភក្ដិ​របស់​ខ្ញុំ​បាន​អះអាង​ពី​ជំនឿ​របស់​គាត់​យ៉ាង​ច្បាស់លាស់ ហើយក៏​បាន​ឈាន​ដល់​ចំណុច​នៃ​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ដោយ​ធ្វើ​ការ​កាត់​ស្រាយ​ដោយ​ខ្លួន​ឯង​ថា វា​មិនមែន​ជា​រឿង​អ្វី​ខុសឆ្គង​ទេ​ក្នុង​ការរស់នៅ​បែប​ដូច្នោះ។ ប៉ុន្តែ ពាក្យសម្ដី​តវ៉ា​ដ៏​ធ្ងន់ធ្ងរ​របស់​គាត់​ធ្វើឲ្យ​ខ្ញុំ​មាន​ភាព​លំបាក​ក្នុង​ការ​ពន្យល់​ប្រាប់​ថា តើ​ខ្ញុំ​គួរ​ឆ្លើយតប​ដោយ​មិន​ឯកភាព​នឹង​គាត់​ដោយ​របៀបណា​បាន​ទៅ?

ពាក្យ​ពេចន៍​នៃ​សេចក្តី​ពិត

ចម្លើយ​របស់​យើងខ្ញុំ​បាន​និយាយ​ទៅ​កាន់​គាត់​ថា៖ ខ្ញុំ​ចង់​និយាយ​លើក​ទឹកចិត្ត​ឲ្យ​បុប្ផា​ត្រឡប់​ទៅ​វិញ ហើយ​រម្លឹក​អំពី​អ្វី​ដែល​បុប្ផា​បាន​ដឹង​រួច​មក​ហើយ គឺ​តាមរយៈ​ការ​ឃើញ​ចំណុច​ទាំង​អស់​នោះ​ក្នុង​លក្ខណៈ​ស​ខ្មៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ហើយ​ការ​ទាំង​អស់​នោះ​នឹង​ជំរុញ​ជា​កម្លាំង​ដល់​យើង​បន្ថែម​ទៀត ក៏​ដូច​ជា​បង្ហាញ​ផ្លូវ​ដល់​យើង​ថា​តើ​យើង​គួរ​ធ្វើ​អ្វី។

នៅ​ក្នុង​កណ្ឌគម្ពីរ រ៉ូម ១:២៦ គឺជា​ខ​ដែល​យើងខ្ញុំ​កំពុង​គិត «ហេតុ​នោះ​បាន​ជា​ព្រះ​ទ្រង់​ប្រគល់​គេ ទៅ​ក្នុង​សេចក្ដី​រំជួល​ដ៏​អា​ស្រូវ​បារាយ ដ្បិត​ទាំង​ពួក​ស្រីៗ​របស់​គេ ក៏​បាន​ផ្លាស់​ប្រែ​ទំនៀម​ទម្លាប់​ពី​ប្រពៃណី​ចេញ ឲ្យ​ខុស​ពី​ធម្មតា»។ នេះ​គឺជា​ឃ្លា​ដ៏​សំខាន់​បំផុត​សម្រាប់​ប្អូន និង​មិត្តភក្ដិ​របស់​ប្អូន​នូវ​ត្រង់​ឃ្លា​នេះ។

នេះ​គឺជា​រឿង​ដ៏​គួរឲ្យ​ព្រួយ​បារម្ភ ពីព្រោះ​នាង​គឺ​ជា​មិត្តភក្ដិ​ដ៏​ស្និទ្ធស្នាល​ម្នាក់​របស់​ប្អូន ដូច​ដែល​ប្អូន​បាន​លើកឡើង​មក​នោះ។ ដោយ​យោង​ទៅ​តាម​អ្វី​ដែល​ប្អូន​បាន​រៀប​រាប់ ចំពោះ​ខ្ញុំ​មើលទៅ​ហាក់​បី​ដូច​ជា​មិត្តភក្ដិ​របស់​ប្អូន​កំពុងតែ​លើកឡើង​ថា ព្រះ​ជាម្ចាស់​គឺជា​អង្គ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ជីវិត​របស់​នាង។ ពេល​នេះ​ព្រះអង្គ​កំពុងតែ​ប្រគល់​នាង​ទៅ​ក្នុង​សេចក្ដី​រំជួល ហើយ​នេះ​គឺជា​ចំណុច​ដ៏​គួរឲ្យ​រន្ធត់​ហើយ​ភ័យខ្លាច​ដែល​គួរ​ធ្វើ​ឲ្យ​នាង​ញាប់ញ័រ ហើយ​ធ្វើ​ឲ្យ​ប្អូន​ញាប់ញ័រ​ជំនួស​នាង​ផង​ដែរ។

សូម​កត់សម្គាល់​ពី​កម្រិត​ពីរ​យ៉ាង​នៃ​សកម្មភាព​ដែល​កើត​ឡើង​នៅ​ក្នុង​ខគម្ពីរ​នេះ។

ព្រះ​ទ្រង់​ប្រគល់​គេ

កម្រិត​មួយ​គឺថា ព្រះជាម្ចាស់​បាន​ប្រគល់​នាង​ទៅកាន់​សេចក្តី​រំជួល​ដ៏​អាស្រូវ​បារាយ​របស់​នាង «ព្រះទ្រង់​បាន​ប្រគល់ [ស្ត្រី​ទាំង​នោះ] ទៅ​ក្នុង​សេចក្តី​រំជួល​ដ៏​អាស្រូវ​បារាយ»។ នៅត្រង់​ចំណុច​នេះ​មាន​លទ្ធផល​បី​យ៉ាង​សម្រាប់​មិត្ត​ភក្តិ​របស់​ប្អូន។

១.ការ​ឡោមព័ទ្ធ​របស់​ព្រះជាម្ចាស់

ដើមឡើយ ជា​ធម្មតា​ព្រះ​ជាម្ចាស់​រារាំង​អំពើបាប​ពី​មនុស្ស​រាប់​លាន​នាក់។ ព្រះ​អង្គ​បាន​រារាំង​អំពើបាប ប៉ុន្តែ​ពេលខ្លះ ក្នុងករណីនៃ​ការ​ជំនុំជម្រះ​ព្រះ​អង្គ​នឹង​ឈប់​រារាំង។ យើង​អាច​ហៅ​ការ​នេះ​ថា ការ​ប្រគល់​គេ​ទៅកាន់ ឬក៏​ការ​ប្រលែង​គេ​ទៅកាន់​សេចក្ដី​ប៉ងប្រាថ្នា​នៃ​ការ​ចង់​បាន​របស់​ខ្លួន។ ព្រះ​អង្គ​បាន​ដក​អង្គ​ទ្រង់​ចេញពី​ជីវិត​នៃ​សេចក្ដី​រំជួល​របស់​មិត្ត​ប្អូន​ដែល​ប្រព្រឹត្តិ​អំពើបាប ហើយ​ព្រះ​អង្គ​បាន​ប្រលែង​នាង​ចោល។

២. ទាសភាព​នៃ​សេចក្ដី​រំជួល

ជា​បន្ទាប់ ឥឡូវនេះ​ជាជាង​ព្រះអង្គ​ធ្វើជា​អង្គ​រារាំង​ជា​ចម្បង សេចក្ដី​រំជួល​បាន​ធ្វើ​ជាម្ចាស់​ត្រួតត្រាលើ​ជីវិត​របស់​នាង​ទាំងស្រុង​ហើយ។ យើងខ្ញុំ​បានឃើញ​ពី​ចំណុច​នេះ​ក្នុង​របៀប​ដែល​ប្អូន​បាន​រ៉ាយរ៉ាប់​អំពី​ស្ថានភាព​នៃ​ដួងចិត្ត​របស់​នាង។ នេះ​គឺជា​សម្ដី​ដែល​ប្អូន​បាន​ថា​មិត្តភក្ដិ​របស់​ប្អូន​បាន​និយាយ៖ «ខ្ញុំ​នឹង​ចាប់ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយនឹង​មនុស្ស​ស្រី​ម្នាក់​ទៀត ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​បែប​នោះ។ ខ្ញុំ​គិត​ថា​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នោះ​ត្រឹមត្រូវ ហើយ​ខ្ញុំ​នឹង​សាកល្បង​មើល។ ខ្ញុំ​ក៏​គ្មាន​ពិរុទ្ធភាព​ដែរ ហើយក៏​មិន​អាម៉ាស់​មុខ​ដែរ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​មិន​បាន​ថ្កោលទោស​ខ្ញុំ​ទេ។ ឥឡូវ ខ្ញុំ​ទទួលការ​ថ្កោលទោស​តែ​ពី​មនុស្ស​ប៉ុណ្ណោះ ហើយ​ខ្ញុំ​មាន​អារម្មណ៍​មួយ​មក​ប្រាប់​ខ្ញុំ​ថា វា​មិន​អី​ទេ គ្រាន់​តែ​ជា​រឿង​ធម្មតា»។

នេះ​គឺជា​ភាសា​របស់​បុគ្គល​ដែល​បាន​ចុះចូល​ទៅតាម​ជំនោរ​នៃ​អារម្មណ៍​ខ្លួន ឬក៏​ដូច​ដែល​សាវ័ក ប៉ុល បាន​លើកឡើង​ដែរ​ថា​សេចក្ដី​រំជួល ពោល​គឺ​សេចក្ដី​រំជួល​ដ៏​អាស្រូវ​បារាយ។ នាង​បាន​យក​សេចក្ដី​រំជួល​ទាំងនោះ​មក​ធ្វើ​ជា​ព្រះ​ថ្មី​មក​ដឹកនាំ​ជីវិត​របស់​នាង។ ពីមុនៗ ព្រះគុណ​នៃ​ការ​រារាំង​របស់​ព្រះជាម្ចាស់​ត្រួតត្រាលើ​អំណាច​នៃ​អារម្មណ៍ និង​សេចក្ដី​រំជួល​របស់​នាង ប៉ុន្តែ​ឥឡូវនេះ នាង​បាន​ជ្រើសរើស​យក​សេចក្ដី​រំជួល​ទាំងនោះ​ហើយ​អ្វី​ទាំង​អស់​នោះ​ប្រៀប​ដូចជា​ព្យុះ​ស៊ូណាមី​មួយ​អញ្ចឹង។ វា​កំពុងតែ​ផ្ដួល​នូវ​រាល់​ប៉ម​នៃ​សេចក្ដីពិត រាល់​សេចក្ដីប្រមាថ និង​រាល់​រនាំង​ពី​ការបំផ្លាញ​ចោល។

មើលទៅ​ហាក់បីដូចជា​ឥឡូវនេះ​នាង​កំពុងតែ​រស់​នៅ​ហើយ​ជាប់​នៅក្នុង​ទាសភាព​នៃ​អារម្មណ៍​ខ្លួន និង​សេចក្ដី​រំជួល​របស់​នាង​ហើយ។ គ្មាន​ម្ចាស់​ទាសករ​នៅ​លើ​លោក​នេះ​ណា​ផ្សេងទៀត​ដែល​មាន​អារម្មណ៍​ថា ខ្លួន​កំពុងតែ​មាន​សេរីភាព​ខ្លាំង​ជាង​នេះ​នោះ​ទេ។ ប៉ុន្តែ ម្ចាស់​ទាសករ​នោះ​គឺ​សាហាវ​ឃោរឃៅ​គួរ​ឲ្យ​ខ្លាច​ណាស់។

៣. មិត្តភក្ដិ​ក្លាយជា​សត្រូវ

ជា​ចុង​ក្រោយ ដោយ​យោង​តាម​ការពិនិត្យ​មើល​នៅ​ក្នុង​កណ្ឌគម្ពីរ រ៉ូម ១:២៦ ព្រះ​ថ្មី​មួយ​នេះ​ដែល​នាង​បាន​ផ្តល់​ឈ្មោះ​ឲ្យ​គឺ​សេចក្ដី​រំជួល។ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា​វា​អាស្រូវ​បារាយ​ណាស់។ នាង​កំពុងតែ​ជាប់​ក្នុង​ទាសភាព​នៃ​សេចក្ដី​រំជួល​ដ៏​អាស្រូវ​បារាយ។ សេចក្ដី​រំជួល​នោះ​មិន​មែន​គ្រាន់​តែ​នាំ​ឲ្យ​មាន​ការប្រព្រឹត្ត​បែប​អធម្ម​ជាតិ និង​ការផ្លាស់ប្ដូរ​ដែល​គួរឲ្យ​អាណិតអាសូរ​ជំនួស​របៀប​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មនុស្ស​ស្រី​មក​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​វា​ក៏បាន​បង្វែរ​មិត្តភក្ដិ​ឲ្យ​ក្លាយទៅជា​សត្រូវ​ផង​ដែរ។

នាង​បាន​លើកឡើង​ថា នាង​គ្រាន់តែ​មាន​អារម្មណ៍​ថ្កោលទោស​ពី​មនុស្ស​តែប៉ុណ្ណោះ។ អារម្មណ៍​ទាំង​នោះ​គឺ​មិនមែន​ជា​ព្រះ​ទេ។ ចំពោះ​នាង​វា​មិន​សំខាន់​អ្វី​ទេ ត្រង់​ពាក្យ​សម្ដី​មិត្តភក្ដិ​របស់​នាង​ដែល​កំពុងតែ​ថ្កោលទោស​នាង។ អារម្មណ៍​របស់​នាង​គឺជា​អ្វី​ដែល​សំខាន់​ចំពោះ​នាង។ នោះ​ឯង​គឺជា​របៀប​ដែល​ព្រះ​ថ្មី​មួយ​នេះ​យក​នាង​មក​ធ្វើ​ជា​ទាសករ​របស់​វា​ធ្វើឲ្យ​ជាប់​ក្នុង​ទាសភាព។

តាម​ពិត​ទៅ ហេតុការណ៍​មិន​មែន​ជា​អ្វី​ដែល​សំខាន់​ចំពោះ​នាង​ទៀត​ទេ។ តែ​អ្វី​ដែល​សំខាន់​គឺ​អារម្មណ៍​នៃ​ការ​ថ្កោលទោស។ ប្រសិនបើ​នាង​មាន​អារម្មណ៍​ថា ប្អូន​បាន​ថ្កោលទោស​នាង នោះ​ទោះ​បើ​ប្អូន​ស្រឡាញ់​នាង​ក៏​វា​មិនមែន​ជា​រឿង​សំខាន់​ដល់​នាង​ទៀត​ឡើយ ព្រោះ​អារម្មណ៍​គឺជា​ព្រះ​របស់​នាង​ហើយ។

ការ​មើល​មក​លើក​ខ្លួនឯង​ថា​ជា​មនុស្ស​សុចរិត គឺជា​ចំណុច​ស្នូល​មួយ​នៃ​សេចក្ដី​រំជួល​ដ៏​អាស្រូវ​បារាយ​នេះ។ ពួកគាត់​រាប់​ខ្លួន​ឯង​ថា​លើស​ជាង​សីលធម៌។ ប៉ុន្តែ ចូរ​កុំ​ច្រឡំ​ថា យើងខ្ញុំ​កំពុង​ថា​ពួកគាត់​ល្អឥតខ្ចោះ​នោះ​ទេ ផ្ទុយពី​នេះ​ទៅវិញ​អ្វី​ដែល​យើងខ្ញុំ​កំពុងតែ​ចង់​លើកឡើង គឺថា​ពួកគាត់​មាន​អំនួត​រហូត​ដល់​ហ៊ាន​រាប់​ខ្លួន​ឯង​ថា​ជា​មនុស្ស​ល្អ ឬក៏​នៅ​ក្រៅ​សីលធម៌។ ចំពោះ​នាង នាង​មាន​អារម្មណ៍​ថា ខ្លួន​លើស​ពី​សីលធម៌​ជាង​អស់​អ្នក​ដែល​នៅ​ជុំវិញ​នាង ដែល​ពេល​នេះ​នាង​គិត​ថា គេ​កំពុងតែ​ថ្កោលទោស​នាង។ វា​ជា​សេចក្ដី​រំជួល​ដ៏​អាស្រូវ​បារាយ​ក្នុង​ករណី​ថា ឥឡូវ​នេះ​នាង​យក​មិត្តភក្ដិ​ដែល​កំពុង​តែ​និយាយ​សេចក្ដីពិត​ដោយ​ក្ដី​ស្រឡាញ់ ហើយ​បែរ​ជា​ធ្វើ​ឲ្យ​មិត្តភក្ដិ​នោះ​ក្លាយ​ទៅ​ជា​សត្រូវ​ទៅ​វិញ។

ការ​ប្រព្រឹត្ត​តាម​សេចក្ដី​រំជួល

យើងខ្ញុំ​បាន​លើកឡើង​ថា នៅ​ក្នុង​ខគម្ពីរ​នោះ​មាន​កម្រិត​ពីរ​យ៉ាង។ នោះ​គឺ​ជា​កម្រិត​មួយ៖
«ព្រះ​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​សេចក្ដី​រំជួល​ដ៏​អា​ស្រូវ​បារាយ»។

នេះ​គឺជា​កម្រិត​មួយ​ទៀត​ថា៖ «ដ្បិត​ទាំង​ពួក​ស្រី‍ៗ​របស់​គេ ក៏បាន​ផ្លាស់​ប្រែ​ទំនៀមទម្លាប់​ពី​ប្រពៃណី​ចេញ ឲ្យ​ខុសពី​ធម្មតា»។ ជាដំបូង មាន​សេចក្ដី​រំជួល​ដ៏​អាស្រូវ​បារាយ—ទាសភាព​នៃ​ការ​យក​អារម្មណ៍​មក​ធ្វើជា​ព្រះ​បន្ទាប់មក​ទៀត ក៏​មាន​ការ​ប្រព្រឹត្ត។ ជា​បន្ទាប់ ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ញ៉េះញ៉ោះ​ញ៉ែញ៉ង​បែប​ជា​ស្នេហា បន្ទាប់មក​ទៀត​ មាន​ការ​ស្ទាបអង្អែល ការ​ថើប ហើយ​ក្រោយមក​ទៀត យើង​មិនដឹង​ថា តើ​ពួកគាត់​នឹង​ប្រព្រឹត្ត​បែប​ណាខ្លះ​ទៀត​ទេ ដែល​គួរ​ឲ្យ​យើង​អាណិត អ្វី​ដែល​ពួកគាត់​បំពេញ​ទៅ​ដោយ​គ្មាន​ក្ដី​សង្ឃឹម ក្នុង​ការ​ដែល​យើង​ធ្វើឲ្យ​រឿង​អធម្ម​ជាតិ​ប្រែ​ក្លាយទៅជា​ធម្មជាតិ​វិញ។

ព្រះ​ដ៏​ឃោរឃៅ​នៃ​អារម្មណ៍​របស់​នាង​នឹង​អនុញ្ញាត​ឲ្យ​នាង​មាន​ជោគជ័យ​មួយ​ដំណាក់​កាល​សិន។ ប៉ុន្តែ មិន​យូរ​មិន​ឆាប់​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ រ៉ូម ១:២៧ បាន​លើកឡើង​ថា វា​នឹង​ផ្ទុះ​ឡើង​ដ៏​គួរ​ឲ្យ​ឈឺចាប់​យ៉ាង​ខ្លាំង​បំផុត។ ខគម្ពីរ​នោះ​បាន​លើក​ឡើង​ថា «ប្រុស​ប្រព្រឹត្ត​នឹង​ប្រុសៗ​ជា​ការ​ដ៏​អាក្រក់​ជួជាតិ» នៅ​ក្នុង​ករណី​នេះ​គឺ នាង និង​សង្សារ​ស្រី​របស់​នាង «នោះ​គេ​ក៏​ទទួល​រង្វាន់​ចំពោះ​ខ្លួន​គេ ដែល​សំណំ​នឹង​សេចក្ដី​កំហុស​របស់​ខ្លួន»។

ប្រសិនបើ​ប្អូន​បាន​លើក​ខគម្ពីរ​មួយ​នេះ​មក​ពន្យល់​ប្រាប់​នាង ពេល​នោះ​ប្រហែល​ជា​នាង​ទំនង​អាច​ឆ្លើយ​តប​មក​វិញ​ថា នាង​មាន​អារម្មណ៍​ថា ប្អូន​កំពុង​តែ​ថ្កោល​ទោស​នាង​ហើយ។ សូម​ប្អូន​ចង​ចាំ៖ ចំពោះ​នាង អារម្មណ៍​នោះ​គឺ​ជា​ព្រះ​ថ្មី​របស់​នាង​រួច​ទៅ​ហើយ ដូច្នេះ​ប្អូន​ត្រូវ​តែ​ហ៊ាន​និយាយ​ទៅ​កាន់​នាង។

ក្នុង​ដំណាក់​កាល​ដ៏​ខ្លី​នេះ​មានតែ​ព្រះ​ជាម្ចាស់​មួយ​អង្គ​ទេ ដែល​ជ្រាប​ថា ទារុណកម្ម​នេះ​នឹង​កើនឡើង​ដល់​កម្រិត​ណា។ ប្អូន​អាច​ដកស្រង់​ចំណុច​ទាំងអស់​នោះ​ឡើង ដោយ​ចេញពី​កណ្ឌគម្ពីរ​រ៉ូម​ជំពូក១ ដើម្បី​យក​មក​រម្លឹក​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត។

ព្រមាន​ក្នុង​ក្ដី​ស្រឡាញ់

ឱ! ប្អូន​បុប្ផា​អើយ! ចំពោះ​យើងខ្ញុំ មើលទៅ​ចំណុច​ដ៏​ល្អ​បំផុត ដែល​ប្អូន​អាច​ធ្វើ​លើក​នេះ​គឺ៖ រក​វិធីសាស្ត្រ​ណា​មួយ​ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មិត្ត​ប្អូន ទៅ​កាន់​តួនាទី​ដ៏​ខ្លាំង​ដែល​អារម្មណ៍​នាង​កំពុងតែ​មាននៅ​ក្នុង​ជីវិត​របស់​នាង​នា​ពេល​ឥឡូវនេះ។ អារម្មណ៍​នោះ​មិន​អាច​យក​ឈ្នះ និង​មិន​សម​ទៅ​នឹង​សេចក្ដីពិត ហើយនិង​អំណាច​របស់​ព្រះបន្ទូល​ទេ។

«ខ្ញុំ​នឹង​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​នឹង​មនុស្ស​ស្រី​ម្នាក់​ទៀត ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​បែប​នោះ។ ខ្ញុំ​គិត​ថា​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នោះ​ត្រឹមត្រូវ ហើយ​ខ្ញុំ​នឹង​សាកល្បង​មើល។ ខ្ញុំ​មិន​ដែល​ចង់​ធ្វើ​បែប​នេះ​ទេ ខ្ញុំ​ក៏​គ្មាន​ពិរុទ្ធភាព​ដែរ ហើយក៏​មិន​អាម៉ាស់​មុខ​ដែរ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​មិន​ថ្កោលទោស​ខ្ញុំ​ទេ។ ឥឡូវ​នេះ ខ្ញុំ​ទទួលការ​ថ្កោលទោស​តែ​ពី​មនុស្ស​ប៉ុណ្ណោះ ហើយ​ខ្ញុំ​មាន​អារម្មណ៍​មួយ​មក​ប្រាប់​ខ្ញុំ​ថា វា​មិន​អី​ទេ»។ សូម​កត់​សម្គាល់​ទៅ​លើ​ពាក្យ​ថា «អារម្មណ៍» ដែល​នាង​បាន​ប្រើប្រាស់​ម្តង​ហើយ​ម្តង​ទៀត។

ប្រសិន​បើ​នាង​ពិត​ជា​ធ្លាប់​បាន​ចុះ​ចូល​ក្រោម​ភាព​ជា​អម្ចាស់​របស់​ព្រះ​យេស៊ូវ​នៅ​ក្នុង​ជីវិត​នាង​មែន នោះ​ទំនង​ជា​នាង​នឹង​ប្រើ​លេស​នេះ ទាំង​អស់​នោះ​គឺជា​ភាសា​សម្ងាត់​មួយ​ផ្សេង​ទៀត​សម្រាប់​ការ​តាំង​ខ្លួនឯង​ធ្វើ​ជា​ព្រះ។ ទំនង​ប្អូន​មិន​ទាន់​អស់​ឱកាស​ទាំង​ស្រុង​នៅ​ឡើយ​ទេ​ក្នុង​ការ​ស្រែក​ហៅ​បង្វែរ​ឲ្យ​នាង​ត្រឡប់​មក​វិញ។ ចូរ​កុំ​ភ័យខ្លាច​ឡើយ​ក្នុង​ការ​ដែល​នាង​នឹង​ថ្កោលទោស​ប្អូន​ដោយ​រាប់​ថា​ប្អូន​កំពុងតែ​ថ្កោលទោស​នាង។ នោះ​ទំនង​ជា​ការ​លះបង់​មួយ​ដែល​ប្អូន​ត្រូវ​តែ​ធ្វើ​ក្នុង​ការ​ស្រឡាញ់​នាង​ឲ្យ​បាន​ល្អ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោក ឈាង បូរ៉ា និង​លោក ទេព រ៉ូ
កែសម្រួលដោយ៖ លោកស្រី ឡូញ ស្រី​រដ្ឋ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អ្នក​នាំ​សារ​ដ៏​ស្មោះ​ត្រង់​នៃ​ដំណឹង​ល្អ

​ខ្លាំង​ជាង​ពួក​គាត់​ចង់​ទូល​សូម​ទៅ​ទៀត