in

តើ​ខ្មោចជា​រឿង​ពិតប្រាកដមែនទេ?

Are ghosts for real?

«ខ្មោច» គឺ​ជា​ការ​ដែល​យើង​ស្មាន​ថា ជា​ការ​បង្ហាញ​ខ្លួន​របស់​បុគ្គល​ណា​ម្នាក់​ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ​ឲ្យ​យើង​ឃើញ។ ពួក​សាវ័ក​បាន​យល់​ច្រឡំ​ពីរ​ដង​ថា ព្រះ​យេស៊ូវ​ជា​ខ្មោច ឬ​ក៏​ជា​វិញ្ញាណ​ណា​មួយ (ម៉ាកុស ៦:៤៩; លូកា ២៤:៣៧)។ ក្នុង​ករណី​ទាំង​ពីរ​នោះ ព្រះ​យេស៊ូវ​មិន​បាន​បដិសេធ ឬ​ក៏​គាំទ្រ​ការ​មាន​ ឬ​ក៏​មិន​មាន​វិញ្ញាណ​បែប​ហ្នឹង​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​ព្រះ​អង្គ​បែរ​ជា​អះអាង​ម្ដង​ហើយ​ម្ដង​ទៀត​ថា ទ្រង់​មិន​មែន​ជា​ខ្មោច​ទេ តែ​ទ្រង់​គឺ​ជា​ទ្រង់​ផ្ទាល់​តែ​ម្ដង។

ប្រាកដ​ណាស់​ថា មាន​វិញ្ញាណ​ដែល​កំពុង​តែ​ធ្វើ​នេះ​ធ្វើ​នោះ​លើ​ផែនដី​នេះ​ដូចជា៖ ពួក​ទេវតា​ដែល​បម្រើ​ព្រះ​ជាម្ចាស់ និង​រាស្ត្រ​របស់​ទ្រង់ និង​ពួក​អារក្ស​ដែល​បម្រើ​សាតាំង​ដែល​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​បាន​ពណ៌នា​ថា ពួក​វា​សុទ្ធតែ​ជា​ពួក​វិញ្ញាណ​អាក្រក់ ( ហេព្រើរ ១:១៣-១៤; អេភេសូរ ៦:១២)។

យើង​ក៏​ដឹង​ដែរ​ថា លើស​ពី​វិញ្ញាណ​ទាំង​អស់​នោះ ក៏​មាន​វិញ្ញាណ​មនុស្ស​យើង​ដែល​បាន​ស្លាប់​ទៅ​ហើយ​ដែរ ដែល​ពួក​គាត់​កំពុង​តែ​រង់ចាំ​ការ​រស់​ឡើង​វិញ​ខាង​ឯ​សាច់​ឈាម។ ប៉ុន្តែ មាន​កន្លែង​តែ​ពីរ​ប៉ុណ្ណោះ​ដែល​វិញ្ញាណ​មនុស្ស​ទាំង​អស់​នោះ​អាច​ទៅ​បាន៖ ១) នៅ​ជាមួយ​នឹង​ព្រះ​ជាម្ចាស់ ឬ​ក៏ ២) នៅ​ដាច់​ពី​ព្រះ​វត្តមាន​របស់​ទ្រង់ (លូកា ១៦:២៦-៣១)។ ព្រះ​ជាម្ចាស់​មិន​បាន​ទុក​ពួក​គេ​ចោល​ឲ្យ​នៅ​វង្វេង ឬ​ក៏​ទៅ​លង​អ្នក​ផ្សេង​នៅ​លើ​ផែនដី​ដូច​ជា​ខ្មោច​នោះ​ទេ មិន​ថា​ពួក​គេ​ស្លាប់​ពី​ក្មេង ស្លាប់​ដោយ​ចៃដន្យ ឬ​មិន​មាន​អ្នក​ណា​យក​សាកសព​ទៅ​បូជា ឬ​ទៅ​កប់។

ព្រះ​គម្ពីរ​មាន​ចែង​តែ​ពីរ​ដង​ប៉ុណ្ណោះ​ទាក់ទង​នឹង​វិញ្ញាណ​មនុស្ស​ស្លាប់​ដែល​បាន​លេច​មក​លើ​ផែនដី​នេះ។ ទី១ ពេល​ដែល​លោក ម៉ូសេ និង​លោក អេលីយ៉ា បាន​លេច​មក​នៅ​ជាមួយ​ព្រះ​យេស៊ូវ កាល​ទ្រង់​កំពុង​តែ​ប្រែ​ជា​ស​ភ្លឺ​ចាំង​នៅ​លើ​ភ្នំ (ម៉ាកុស ៩:៤-៥)។ ទី២ ពេល​ដែល​វិញ្ញាណ​ហោរា សាំយូអែល បាន​លេច​ចេញ​ឲ្យ​ស្ដេច សូល ឃើញ​តាម​រយៈ​ស្ត្រី​ដែល​ចេះ​ខាប​ខ្មោច​នៅ​ស្រុក អេន-ដោរ (១សាំយូអែល ២៨:១១-១៥)។

ព្រះយេស៊ូវ​បាន​ជួប​នឹង​ហោរា​ទាំង​ពីរ​នោះ​មុខ​ទល់​មុខ​ក្នុង​នាម​ទ្រង់​ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់ ហើយ​ការ​នេះ​គឺ​ជា​បទពិសោធន៍​ដ៏​ចម្លែក​មួយ។ ចំណែក​យើង​វិញ យើង​មិន​គួរ​រំពឹង​នឹង​ធ្វើ​ដូច​ទ្រង់ ឬ​ក៏​ព្យាយាម​ធ្វើ​ដូច​ទ្រង់​ឡើយ។ ហើយ​អ្វី​ដែល​ស្ដេច សូល ព្យាយាម​ធ្វើ ដើម្បី​ទាក់ទង​នឹង​មនុស្ស​ដែល​បាន​ស្លាប់​ទៅ​តាម​រយៈ​អ្នក​ចេះ​ខាប ការ​នេះ​ព្រះ​គម្ពីរ​បាន​ហាម​មិន​ឲ្យ​ធ្វើ ហើយ​ថែម​ទាំង​ប្រាប់​ថា អ្នក​នោះ​នឹង​ត្រូវ​ទោស​ធ្ងន់ធ្ងរ​បំផុត ​បើ​ពួក​គាត់​ធ្វើ​បែប​នោះ (លេវីវិន័យ ១៩:៣១; ២០:៦)។ ការ​ព្យាយាម​មាន​ទាក់ទង​នឹង​វិញ្ញាណ​បែប​នេះ​ក្នុង​របៀប​បែប​នេះ ​នឹង​បណ្ដាល​ឲ្យ​បុគ្គល​នោះ​ជួប​វិញ្ញាណ​អាក្រក់​ដែល​បន្លំ​ខ្លួន​ធ្វើ​ជា​វិញ្ញាណ​របស់​បុគ្គល​ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ។ ព្រះ​គម្ពីរ​បាន​រំឭក​យើង​ហើយ​ថា អារក្ស​គឺ​ជា​អ្នក​បោក​ប្រាស់ ហើយ​ក៏​ជា​អ្នក​ដែល​បន្លំ​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ ដើម្បី​អូស​ទាញ​យើង​ឲ្យ​ចេញ​ពី​ព្រះ​ជាម្ចាស់ (វិវរណៈ ១២:៩; ២កូរិនថូស ១១:១៤)។

ចំណាំ៖ យើង​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​កែ​សម្រួល​លើ​ឯកសារ​ដើម​របស់​អ្នក​និពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Marcus Nodder
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់, និងលោក ទេព រ៉ូ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី What Happens When I die? ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

0 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ការ​លេប​ខាយ

បញ្ញត្តិ​ច្បាប់​