in ,

បែក​ចេញ​ពី​ដំណឹងល្អ

How God Saved Me from the Prosperity Gospel

បៀប​ដែល​ព្រះ​ជាម្ចាស់​បាន​សង្គ្រោះ​ខ្ញុំ​ចេញ​ពី​ដំណឹង​ល្អ​ដែល​សន្យា​ពី​ភាព​ចម្រុង​ចម្រើន

យើង​ខ្ញុំ​ជា​គ្រូ​គង្វាល​ម្នាក់​នៅ​ក្នុង​ភូមិ​តូច​មួយ​ប្រមាណ​ជា​៥០០​គ.ម.​នៃ​ភាគ​ខាង​លិច​នៃ​ស្រុក​ណៃរ៉ូប៊ី (Nairobi) នៅ​ប្រទេស​កេនយ៉ា (Kenya) ជា​តំបន់​ដែល​គេ​ផលិត​ស្ករ។ ប៉ុន្មាន​ឆ្នាំ​ដំបូង កាល​យើង​ខ្ញុំ​នៅ​ជា​យុវជន​នៅ​ឡើយ យើង​ខ្ញុំ​ជា​គ្រូ​គង្វាល​ម្នាក់​បែប​បញ្ច​ទស​ទិវា​និយម (Pentecostal/Charismatic) ជំនឿ​ដែល​ថា​ភាសា​ដទៃ​ជា​សញ្ញា​នៃ​ការ​ជ្រមុជ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ឬ​ក៏​ថា​ជា​គ្រូ​គង្វាល​បែប​បន្ទូល​នៃ​ជំនឿ (Word of Faith)។ ប៉ុន្តែ មាន​ថ្ងៃ​មួយ ជំនឿ​របស់​យើង​ខ្ញុំ​ហាក់​បី​ដូច​ជា​មិន​មាន​អ្វី​ច្បាស់​លាស់​ទៀត​ទាល់​តែ​សោះ។

ដំបូង​ឡើយ កាល​យើង​ខ្ញុំ​បាន​ឮ​ដំណឹង​ល្អ​ពេល​យើង​ខ្ញុំ​នៅ​ជា​កំលោះ ទោះ​បើ​គេ​បាន​ផ្សព្វ​ផ្សាយ​អ្វី​មួយ​ដែល​មិន​ត្រឹម​ត្រូវ​អំពី​ដំណឹង​ល្អ​នោះ​ទាក់​ទង​នឹង​ព្រះ​យេស៊ូវ​ដែល​នឹង​បំពេញ​នូវ​រាល់​តម្រូវ​ការ និង​ក្ដី​ស្រមៃ​របស់​យើង​ខ្ញុំ​ទាំង​អស់​ក៏​ដោយ ក៏​ពួកគេ​នៅ​តែ​បាន​ប្រាប់​យើង​ខ្ញុំ​ថា បើ​យើង​ខ្ញុំ​មិន​ព្រម​ទទួល​សេចក្ដី​សង្គ្រោះ នោះ​យើង​ខ្ញុំ​នឹង​មាន​ជីវិត​ដ៏​លំបាក​លំបិន​ពោរពេញ​ទៅ​ដោយ​ការ​ឈឺ​ថ្កាត់ និង​ភាព​ក្រីក្រ​តោក​យ៉ាក​ជា​មិន​ខាន។ បើ​យោង​តាម​តក្ក នោះ​ការ​ឱបក្រសោប​យក​ព្រះ​គ្រីស្ទ​គឺ​ជា​រឿង​ដ៏​ត្រឹម​ត្រូវ ព្រោះ​យើង​ខ្ញុំ​អាច​ឈាន​ចូល​ក្នុង​ពិភព​នៃ​ការ​មាន​ព្រះ​ពរ​ឥត​ដែន​កំណត់។

យើង​ខ្ញុំ​ចង់​បាន​នូវ​រាល់​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​មាន​សម្រាប់​យើង​ខ្ញុំ ហើយ​យើង​ខ្ញុំ​ក៏​ងើប​ឡើង​យ៉ាង​ខ្នះខ្នែង​ដោយ​ក្លាយ​ជា​គ្រូ​ដែល​ប្រកាស​សារ​ដែល​យើង​ខ្ញុំ​ទើប​តែ​ទទួល​បាន​នោះ—ដែល​ក្រោយ​មក​យើង​ខ្ញុំ​ក៏​បាន​ដឹង​ថា​ឈ្មោះ​មួយ​ទៀត​នៃ​ការ​បង្រៀន​បន្ទូល​នៃ​ជំនឿ​គឺ «ដំណឹង​ល្អ​ដែល​សន្យា​ពី​ភាព​ចម្រុង​ចម្រើន»។ កាល​នោះ​យើង​ខ្ញុំ​មិន​ទាន់​ស្គាល់​អំពី​ដំណឹង​ល្អ​ណា​មួយ​ផ្សេង​ទៀត​សោះ។ យើង​ខ្ញុំ​ជឿ​ជាក់​ថា ព្រះ​ជាម្ចាស់​ល្អ ដែល​នេះ​មាន​ន័យ​ថា គ្មាន​អ្វី​ដែល​មិន​មែន​ជា​ភាព​ស្រណុក​សុខ​ស្រួល​នឹង​កើត​ចេញ​ពី​ទ្រង់​បាន​ឡើយ។

យើង​ខ្ញុំ​ចេះ​តយុទ្ធ​ជា​មួយ​នឹង​សាតាំង​ដែល​ជា​អ្នក​បង្ក​នូវ​អ្វីៗ​ដែល​អវិជ្ជមាន​ក្នុង​ជីវិត​យើង​ខ្ញុំ។ សង្គ្រាម​ខាង​ឯ​ព្រលឹង​វិញ្ញាណ​មាន​ការ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​យើង​ខ្ញុំ។ ក្នុង​នាម​ជា​អ្នក​នៅ​ក្នុង «ឋានៈ​ជា​មួយ​ព្រះ» មាន​គ្រូ​ខាង​ឯ​បន្ទូល​នៃ​ជំនឿ​ម្នាក់​បាន​ប្រាប់​យើង​ខ្ញុំ​ថា យើង​ខ្ញុំ​មាន​អំណាច​ផ្ដាច់​មុខ​ក្នុង​ការ​បង្កើត​ពិភព​របស់​ខ្លួន​តាម​រយៈ​ការ​គិត​បែប​វិជ្ជមាន និង​ការ​លន់តួ​ដោយ​មាន​ជំនឿ។

យើង​ខ្ញុំ​ជឿ​ជាក់​ថា ព្រះ​ហឫទ័យ​របស់​ព្រះ​ជាម្ចាស់​ព្រម​ទាំង​ការ​មាន​សុខ​ភាព​ល្អ និង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន ដែល​យើង​ខ្ញុំ​អាច​ជប់​ឲ្យ​មាន​ដោយ​គ្រាន់​តែ​ប្រកាស​ក្នុង​ជំនឿ​តែ​ប៉ុណ្ណោះ។ ហើយ​យើង​ខ្ញុំ​ត្រូវ​បដិសេធ​នូវ​អ្វីៗ​ដែល​អន់​ជាង​ហ្នឹង​ចោល។ បើ​រាល់​អ្វីៗ​ត្រូវ​បរាជ័យ នោះ​យើង​ខ្ញុំ​អាច​ប្រឡូក​ដោយ​ប្រើ​ប្រាស់​ភាសា​ចំឡែកៗ​របស់​ពួក​ទេវតា—ការ​អធិស្ឋាន​ជា​ភាសា​ដទៃ—ដើម្បី​វាង​គេច​ចេញ​ពី​សាតាំង និង​ពួក​ពល​បរិវា​នៃ​សេចក្ដី​ងងឹត​ទាំង​ឡាយ។

ត្រូវ​បាន​គេ​បន្សាប​ដោយ​ការ​ធានា​យ៉ាង​ខុស​ឆ្គង

នៅ​ឆ្នាំ​២០០៣ ប្រពន្ធ​យើង​ខ្ញុំ ហើយ​និង​យើង​ខ្ញុំ​បាន​បាត់​បង់​កូន​ដំបូង​របស់​យើង ដែល​យើង​បាន​ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា វិតនី (Whitney)។ យើង​ខ្ញុំ​ជឿ​ថា «វិញ្ញាណ​នៃ​សេចក្ដី​ស្លាប់» បាន​យក​ឈ្នះ​លើ​យើង​ខ្ញុំ​ហើយ។ ភាព​លំបាក​បាន​ធ្វើ​បាប​យើង​ខ្ញុំ និង​ប្រពន្ធ​យើង​ខ្ញុំ​ដែល​មាន​ជំនឿ​ស្មើ​យើង​ខ្ញុំ​ដែល​ទាក់​ទង​ទៅ​នឹង​បន្ទូល​នៃ​ជំនឿ។ តើ​ឲ្យ​ព្រះ​ជាម្ចាស់​បាន​អនុញ្ញាត​អារក្ស​មក​ធ្វើ​បែប​នេះ​ដាក់​យើង​បាន​យ៉ាង​ដូច​ម្ដេច​ទៅ?

អ្នក​ជឿ​ដែល​មាន​សន្ដាន​ចិត្ត​ល្អ​ក្នុង​ក្រុម​ជំនុំ​យើង​បាន​ប្រាប់​យើង​ថា ការ​អាក្រក់​នេះ​កើត​ឡើង​ទំនង​មក​ពី​យើង​មាន​អំពើ​បាប​នៅ​ក្នុង​ជីវិត​របស់​យើង ឬ​ក៏​យើង​ត្រូវ​បណ្ដាសា ឬ​ក៏​មក​ពី​យើង​មិន​មាន​ជំនឿ​គ្រប់​គ្រាន់ ដូច​ដែល​យើង​ខ្ញុំ​ជឿ​ជាក់​យ៉ាង​ម៉ឺងម៉ាត់។ ប្រពន្ធ​យើង​ខ្ញុំ​ដែល​កំពុង​កាន់​ទុក្ខ ហើយ​និង​យើង​ខ្ញុំ​ផ្ទាល់​បាន​ចំណាយ​ពេល​អស់​រាប់​ខែ​ក្នុង​ការ​លន់តួ​បាប​ដែល​យើង​ទំនង​ជា​មិន​ដឹង។ យើង​ខ្ញុំ​ក៏​បាន​ខំ​ស្វះ​ស្វែង​រក​ចម្លើយ​ពី​គ្រួសារ​របស់​យើង​ខ្ញុំ​ដែរ ក្រែង​លោ​យើង​មាន​បណ្តាសា​ពី​ជំនាន់​មុនៗ​លើ​យើង​ផង​ដែរ—ដែល​នេះ​គឺ​ជា​សេចក្ដី​បង្រៀន​ដ៏​សាមញ្ញ​មួយ​ក្នុង​ចលនា​នៃ​ក្រុម​បន្ទូល​នៃ​ជំនឿ។

នា​ពេល​ដែល​យើង​កំពុង​ឆ្លង​កាត់​ភាព​លំបាក​លំបិន​ក្នុង​គ្រួសារ​យើង ប្រពន្ធ​របស់​យើង​ខ្ញុំ​ក៏​បាន​មាន​ផ្ទៃ​ពោះ​ម្ដង​ទៀត។ ហើយ​នៅ​ថ្ងៃ​ដែល​យើង​បាន​យក​កូន​ប្រុស​របស់​យើង​ដែល​យើង​បាន​ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា រ៉ូបិន (Robin) ថ្ងៃ​នោះ​គឺ​នៅ​ពេល​រសៀល ខណៈ​ពេល​ដែល​ព្រះ​អាទិត្យ​នៅ​រះ​នៅ​ឡើយ។ យើង​មាន​អំណរ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ជ័យ​ជម្នះ​នៃ​ការ​មាន​កូន​ដែល​មាន​សុខ​ភាព​យ៉ាង​ល្អ។ ប៉ុន្តែ ប្រមាណ​២៤​ម៉ោង​ក្រោយ​មក​គឺ​ជា​ពេល​ដែល​ជីវិត​របស់​យើង​ធ្លាក់​ទៅ​ក្នុង​ភាព​ងងឹត​យ៉ាង​ខ្លាំង។

នៅ​ពេល​ដែល​កូន​យើង​ចាប់​ផ្ដើម​មាន​ជំងឺ យើង​ក៏​ចាប់​ផ្ដើម​ធ្វើ​សង្គ្រាម​ខាង​ឯ​វិញ្ញាណ ហើយ​មិត្តភក្ដិ​យើង​ជា​ច្រើន​នាក់​ក៏​បាន​អធិស្ឋាន​សម្រាប់​យើង​ផង​ដែរ។ ម្ដង​នេះ​យើង​នឹង​មិន​ឲ្យ​វា​មក​វាយ​ប្រហារ​លើ​យើង ដោយ​យើង​មិន​បាន​ត្រៀម​ខ្លួន​ជា​មុន​នោះ​ទេ។ ជំនឿ​របស់​យើង​បាន​ធានា​ថា អារក្ស​នឹង​មិន​សម្លាប់​រ៉ូបិន​ទេ។ យើង​បាន​ស្រែក​ហៅ​រក​អស់​អ្នក​ដែល​បាន​ផ្ដល់​ការ​ធានា​បែប «ទំនាយ»៖ យើង​អនុញ្ញាត​ឲ្យ​មាន​តែ​ជីវិត​ទេ ហើយ​ការ​ស្លាប់​គឺ​មិន​មែន​ជា​ជម្រើស​ឡើយ។ ប៉ុន្តែ យប់​នោះ​ក៏​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ។

កាល​នោះ ប្រពន្ធ​របស់​យើង​ខ្ញុំ​ជឿ​ថា គាត់​មាន​អំណោយ​ទាន​នៃ​ការ​ថ្លែង​ទំនាយ​ដែរ។ សុបិន្ដ​របស់​គាត់​នៅ​យប់​នោះ​គឺ​រួម​មាន​ទាំង​រ៉ូបិន​ដែល​កំពុង​លេង​នៅ​ក្នុង​ភក់​យ៉ាង​សប្បាយ ហើយ​គាត់​ក៏​បាន​ធំ​ពេញ​វ័យ​ឡើង​ទៀត​ផង ដែល​កាល​នោះ​កូន​របស់​យើង​កំពុង​និយាយ​ទៅ​កាន់​មនុស្ស​រាប់​លាន​នាក់​ក្នុង​នាម​ជា​គ្រូ​អធិប្បាយ​អន្តរជាតិ​ម្នាក់។ គាត់​បាន​ចែក​ចាយ​សាច់​រឿង​នៃ​សុបិន្ដ​នេះ​មក​កាន់​យើង​ខ្ញុំ​ទាំង​ទឹក​ភ្នែក ក្នុង​វត្តមាន​នៃ​អ្នក​អធិស្ឋាន​ដ៏​ឆ្នើមៗ នៅ​ផ្ទះ​ដ៏​តូច​មួយ​របស់​យើង។

ក្រោយ​ពាក់​កណ្ដាល​អធ្រាត្រ ពេល​ដែល​រ៉ូបិន​កាន់​តែ​ឈឺ​ធ្ងន់ធ្ងរៗ​ឡើង ទំនាយ​ថ្មី​មួយ​ទៀត​បាន​ពន្យល់​អំពី​ចំណុច​ខុស​នៃ​បន្ទូល​នៃ​ជំនឿ ដោយ​បាន​លើក​ឡើង​ថា ឥឡូវ​នេះ​យើង​ត្រូវ​ដាក់​ការ​ព្យាបាល​របស់​គាត់​ទៅ​ក្នុង​ដៃ​របស់​គ្រូ​ពេទ្យ។ យើង​ខ្ញុំ​ក៏​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ដោយ​កាន់​ដៃ​កូន​យើង​ខ្ញុំ​យ៉ាង​ណែន ដើម្បី​ទៅ​ស្វែង​រក​មន្ទីរ​ពេទ្យ។ នៅ​ម៉ោង​៣:០០​ព្រឹក គ្រូ​ពេទ្យ​បាន​មើល​មក​កាន់​ភ្នែក​ដ៏​ប្ដូរ​ផ្ដាច់​របស់​យើង​ខ្ញុំ ហើយ​បាន​ប្រាប់​ដំណឹង​ដ៏​អាក្រក់​បំផុត​ដែល​យើង​ខ្ញុំ​មិន​ចង់​ស្តាប់។ រ៉ូបិន​បាន​ស្លាប់​ហើយ។

ដំណឹង​ល្អ​ដែល​គ្មាន​ប្រយោជន៍

យើង​ខ្ញុំ​ក៏​បាន​បី​សាក​សព​កូន​របស់​យើង​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឲ្យ​ប្រពន្ធ។ ទោះ​បើ​គាត់​អស់​កម្លាំង​យ៉ាង​ល្ហិតល្ហៃ​យ៉ាង​ណា​ក៏​ដោយ ក៏​គាត់​នៅ​ងើប​មុខ​ឡើង​មើល​មក​កាន់​យើង​ខ្ញុំ ហើយ​និយាយ​ថា «ប៉ា​វា!» ដែល​នោះ​ជា​ពាក្យ​ពេចន៍​ដែល​បង្ហាញ​ក្ដី​ស្រឡាញ់​ដែល​គាត់​មិន​ធ្លាប់​ប្រើ​ប្រាស់​មក​កាន់​យើង​ខ្ញុំ​ពី​មុន​ឡើយ។ «កូន​យើង​មិន​អី​ទេ​ឥឡូវ​នេះ» គាត់​បន្ត​និយាយ «សូម​យក​កូន​យើង​មក​អូន ព្រោះ​អូន​ចង់​បំបៅ​ដោះ​គាត់!»។

នៅ​វេលា​ដ៏​លំបាក​ជូរ​ចត់​នោះ ខណៈ​ពេល​ដែល​ប្រពន្ធ​យើង​ខ្ញុំ ហើយ​និង​យើង​ខ្ញុំ​បាន​ដណ្ដើម​គ្នា​យក​សព​កូន​យើង យើង​ខ្ញុំ​ក៏​បាន​ស្រែក​ចេញ​ពី​ជ្រោះ​នៃ​ជម្រៅ​ចិត្ត​ឈឺ​ចាប់​ផង​ដែរ។ យើង​បាន​ទទួល​ជឿ​លើ​អំណាច​នៃ​សេចក្ដី​ស្លាប់​ផ្ទាល់។ ការ​ដែល​យើង​អធិស្ឋាន​ឲ្យ​កូន​យើង​រស់​ពី​ស្លាប់​ឡើង​វិញ​បាន​ក្លាយ​ជា​រឿង​កំប្លែង​ដែល​យើង​យក​មក​បិទ​បាំង​ភាព​ឈឺ​ចាប់​របស់​យើង​ចោល។

នៅ​ខណៈ​ពេល​នោះ​ដែល​ពិភព​លោក​យើង​ខ្ញុំ​កំពុង​តែ​ក្រឡាប់​ចាក់​គ្នា នោះ​យើង​ខ្ញុំ​ក៏​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា ភាព​ច្របូក​ច្របល់​បាន​មក​ធ្វើ​បាប​យើង​ខ្ញុំ​ហើយ។ មក​ដល់​ចំណុច​នេះ យើង​ខ្ញុំ​ថែម​ទាំង​បាន​ស្រែក​ដាក់​ព្រះ​ជាម្ចាស់​ដោយ​មាន​ការ​ខក​ចិត្ត ព្រោះ​ទ្រង់​បាន​បរាជ័យ​ក្នុង​ជីវិត​យើង​ខ្ញុំ​ម្ដង​ទៀត។ យើង​ខ្ញុំ​បាន​មាន​ជំនឿ​យ៉ាង​រឹង​មាំ​ទៅ​លើ​ទ្រង់ ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ការ​នេះ​កើត​ឡើង​យ៉ាង​ដូច្នោះ​ទៅ​បាន?

បន្ទាប់​មក យើង​ក៏​មាន​ការ​រលូត​កូន​ពីរ​បី​ដង​ទៀត​មុន​កូន​បន្ទាប់​របស់​យើង​អាច​ធំ​ពេញ​វ័យ​បាន​ក្នុង​ផ្ទៃ។ ដោយ​សារ​យើង​មិន​ទទួល​បាន​ចម្លើយ នោះ​យើង​ក៏​មាន​ភាព​ស្រងាក​ចិត្ត​នឹង​ព្រះ​អង្គ ដែល​មក​ដល់​ពេល​នោះ​យើង​មិន​យល់​អំពី​ផ្លូវ​របស់​ទ្រង់​ទៀត​ឡើយ។ ទោះ​បើ​ជំនឿ​បាន​ក្លាយ​ជា​ការ​បំភាន់​ភ្នែក​ក៏​ដោយ ក៏​យើង​នៅ​តែ​បង្ហាញ​មុខ ហើយ​ធ្វើ​ពុត​ថា យើង​មិន​អស់​សង្ឃឹម​ទេ។ តែ​តាម​ពិត​ទៅ នៅ​ខាង​ក្នុង​ចិត្ត​យើង យើង​ក៏​ចាប់​ផ្ដើម​មាន​មន្ទិល​សង្ស័យ អស់​សង្ឃឹម ហើយ​ថែម​ទាំង​ជេរ​ប្រមាថ​ដល់​ព្រះ​អង្គ​ទៀត​ផង។

តើ​ឲ្យ​យើង​ផ្សះផ្សា​គ្នា​រវាង​ការ​អាក្រក់ៗ​ទាំង​អស់​នេះ​ជា​មួយ​នឹង​ព្រះ​ដ៏​ល្អ​បាន​យ៉ាង​ដូច​ម្ដេច​ទៅ? សេចក្ដី​បង្រៀន​ខាង​ឯ​បន្ទូល​នៃ​ជំនឿ​របស់​យើង​បាន​ណែនាំ​ឲ្យ​យើង​បោះបង់​ចោល​នូវ​ការ​រង​ទុក្ខ​របស់​លោក យ៉ូប ថា​នោះ​ជា​កម្ម​ផល​នៃ​ការ​លន់តួ​ដ៏​អវិជ្ជមាន​របស់​គាត់ «ព្រះ​យេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏​បាន​ដក​យក​ទៅ​វិញ» (យ៉ូប ១:២១)។ ប៉ុន្តែ តើ​ឲ្យ​យើង​យល់​យ៉ាង​ដូច​ម្ដេច​បាន​ទាក់​ទង​នឹង​សាវ័ក ប៉ុល ដែល​គាត់​ក៏​បាន​ធ្លាក់​ខ្លួន​ឈឺ (កាឡាទី ៤:១៣) ហើយ​ខណៈ​ពេល​នោះ​គាត់​នៅ​តែ​មាន​អំណរ​ក្នុង​ភាព​លំបាក​លំបិន​របស់​គាត់​ដដែល​បាន (២កូរិនថូស ១២:១០)? តើ​ឲ្យ​យើង​នៅ​តែ​បន្ត​ផ្សះផ្សា​គ្នា​រវាង «ពួក​សាវ័ក​យ៉ាង​ធំៗ​នោះ» ដែល​ផ្សព្វ​ផ្សាយ​អំពី​សុខ​ភាព និង​ទ្រព្យ​សម្បត្តិ​ក្នុង​សៀវភៅ ឌីស​វីដេអូ និង​ការ​ប្រជុំ​ធំៗ​របស់​ពួក​គាត់​បាន​យ៉ាង​ណា​ទៅ?

ក្នុង​ខណៈ​ពេល​ដែល​ជំនឿ​របស់​យើង​ខ្ញុំ​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ដ៏​ខ្លោច​ផ្សា និង​ការ​មាន​កំហឹង​ទៅ​កាន់​ព្រះ​ជាម្ចាស់ នោះ​យើង​ខ្ញុំ​ក៏​បាន​ស្បថ​ថា នឹង​លា​ឈប់​ពី​ព័ន្ធ​កិច្ច​នោះ។ យើង​ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​អ្នក​ដើរ​បោក​ប្រាស់​គេ ដោយ​សារ​យើង​ខ្ញុំ​បាន​ប្រកាស «ដំណឹង​ល្អ» ដែល​គ្មាន​ប្រសិទ្ធិ​ភាព​ស្អី​សោះ។ ព្រះ​ជាម្ចាស់​បាន​ក្លាយ​ជា​ព្រះ​ដែល​ពិបាក​យល់​ចំពោះ​យើង​ខ្ញុំ ហើយ​ជំនឿ​បាន​ក្លាយ​ទៅ​ជា​រឿង​ដែល​គួរ​ឲ្យ​ស្មុគ​ស្មាញ​ទៅ​វិញ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី ក៏​ពេល​វេលា និង​សកម្ម​ភាព​ដែល​កើត​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ឯ​ក្រុម​ជំនុំ​ក៏​បាន​ជួយ​សម្រួល​គំនិត​មិន​ស្ងប់​របស់​យើង—អស់​មួយ​រយៈ​ពេល​ដែរ។

ការ​បែក​ចេញ

នៅ​ឆ្នាំ​២០០៦ ក្រុម​ជំនុំ​យើង​ខ្ញុំ​បាន​ចាត់​យើង​ខ្ញុំ​ឲ្យ​ចេញ​ពី​ទីក្រុង​ក្បែរ​ឆ្នេរ​សមុទ្រ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ម៉ុមបាសា (Mombasa) ដោយ​ឲ្យ​យើង​ខ្ញុំ​ទៅ​ទីក្រុង​ម៉ុមៃអាស៍ (Mumias) ដើម្បី​ធ្វើ​ព័ន្ធ​កិច្ច​គ្រូ​គង្វាល។ ការ​ដែល​យើង​ខ្ញុំ​មាន​សុទិដ្ឋិ​និយម​ក្នុង​កំហុស​នៃ​បន្ទូល​នៃ​ជំនឿ យើង​ខ្ញុំ​ក៏​បន្ត​ផ្សព្វផ្សាយ​នូវ​ប្រព័ន្ធ​នៃ​ជំនឿ​ដែល​បរាជ័យ ព្រោះ​ការ​ធ្វើ​បែប​នោះ​បាន​ជំរុញ​ឲ្យ​យើង​ខ្ញុំ​យក​វា​មក​ប្រើ​ប្រាស់​ជា​ការ​រក​ស៊ី។ កាល​នោះ​យើង​ខ្ញុំ​នៅ​បន្ត​មាន​សង្ឃឹម​ថា ខ្លួន​នឹង​ក្លាយ​ជា​អ្នក​មាន​ម្នាក់​តាម​រយៈ​ជំនឿ ការ​លន់តួ និង​ការ​ស្រមៃ​ឲ្យ​វា​មាន​ឡើង—ប៉ុន្តែ​ខណៈ​ពេល​នោះ យើង​ខ្ញុំ​ក៏​នៅ​តែ​បន្ត​ធ្វើ​ពុត​រហូត​ដល់​ខ្លួន​ឯង​អាច​ទទួល​បាន​សេចក្ដី​រំពឹង​ទាំង​នោះ​សិន។

នៅ​ខែ​សីហា ក្នុង​ឆ្នាំ​២០០៨ ព្រះ​អម្ចាស់​បាន​ជួយ​រំដោះ​យើង​ខ្ញុំ។ ដប់​ប្រាំ​ពីរ​ឆ្នាំ​ក្រោយ​ពី​ការ​រស់​នៅ​ក្នុង​ភាព​ងងឹត​នៃ​ប្រព័ន្ធ​អសារ​ឥត​ការ និង​សាសនា​ខុស​ឆ្គង​នៃ​ការ​ប្រព្រឹត្ត​អំពើ ការ​មាន​ភាព​លោភ​លន់ និង​ការ​ដែល​គ្មាន​គោល​ជំនឿ នោះ​យើង​ខ្ញុំ​ក៏​ចាប់​ផ្ដើម​យល់​អំពី​ព្រះ​គុណ​នៃ​ការ​សង្គ្រោះ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​បាន​បំផ្លាញ​នូវ​រាល់​ការ​ធ្វើ​ពុត​របស់​យើង​ខ្ញុំ​ចោល។

មាន​ពេល​វេលា​មួយ​សេចក្ដី​ពិត​បាន​មក​ដល់​នៅ​ពេល​ដែល​ដៃគូ​ជីវិត​ពីរ​នាក់​មក​ពី​ប្រទេស​អូស្ត្រាលី​បាន​មក​លេង​មិត្តភក្ដិ​របស់​ពួក​គាត់​ដែល​ជា​គ្រូ​គង្វាល។ លោក​តា បៀលី (Billy) និង​លោក​យាយ ថេសសា (Tessa) បាន​ក្លាយ​ជា​អ្នក​នាំ​សារ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ដក​យើង​ខ្ញុំ​ចេញ​ពី​អណ្ដាត​ភ្លើង​នៃ​ស្ថាន​នរក។

មិត្តភក្ដិ​របស់​យើង​ខ្ញុំ​បាន​សូម​ឲ្យ​យើង​ខ្ញុំ​ជួយ​បក​ប្រែ​សេចក្ដី​អធិប្បាយ​ពី​ភាសា​អង់គ្លេស​ទៅ​ភាសា​ស្វាហីលី (Swahili) ដែល​លោក​តា បៀលី ចែក​ចាយ។ «ការ​រាប់​ជា​សុចរិត​ដោយ​ជំនឿ​តែ​មួយ​គត់​តាម​រយៈ​ការ​ដាក់​សេចក្ដី​សុចរិត​របស់​ព្រះ​គ្រីស្ទ​មក​លើ​យើង» គឺ​ជា​ប្រធាន​បទ​នៃ​សេចក្ដី​អធិប្បាយ​នៅ​ថ្ងៃ​នោះ ហើយ​ចំពោះ​យើង​ខ្ញុំ​វិញ សូម្បី​តែ​ចំណង​ជើង ពេល​ស្ដាប់​ទៅ​ក៏​មិន​សម​ហេតុ​សម​ផល​ស្អី​សោះ​ផង។ យើង​ខ្ញុំ​បាន​ឈរ​លើ​ឆាក​ដោយ​មាន​ការ​ខ្មាស​អៀន​អស់​រយៈ​ពេល​ជាង​មួយ​ម៉ោង កាល​នោះ​យើង​ខ្ញុំ​បាន​បង្ខំ​ឲ្យ​ខ្លួន​បក​ប្រែ​នូវ​ឃ្លោង​ឃ្លា​ដែល​យើង​ខ្ញុំ​ជឿ​ថា មិន​មាន​ក្នុង​ព្រះ​គម្ពីរ ហើយ​ក៏​ជា​សម្ដី​ខុស​ឆ្គង​ទៀត​ផង។ ប៉ុន្តែ ព្រះ​អម្ចាស់​ដែល​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យ​ភាព​បាន​ធ្វើ​ការ​ក្នុង​ដួង​ចិត្ត​របស់​យើង​ខ្ញុំ​ផ្ទាល់ ដោយ​លើក​ឡើង​នូវ​មូល​ហេតុ​ក្នុង​ជម្រៅ​ចិត្ត​យើង​ខ្ញុំ​អំពី​សេចក្ដី​ពិត​ដែល​កំពុង​មាន​បាន​ប្រកាស​ឡើង។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ដាំ​នូវ​មន្ទិល​សង្ស័យ​យ៉ាង​គ្រប់​គ្រាន់​អំពី​ប្រព័ន្ធ​ដែល​យើង​ខ្ញុំ​នឹង​នៅ​បន្ត​ការ​ពារ។

ប្រមាណ​បី​សប្ដាហ៍​បន្ទាប់​ទៀត យើង​ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​ជាម្ចាស់​បាន​ធ្វើ​បាប​យើង​ខ្ញុំ​ទាក់​ទង​នឹង​សេចក្ដី​បង្រៀន​ខុស​ឆ្គង​របស់​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​ឃើញ​យ៉ាង​ច្បាស់​លាស់​លើ​រាល់​ខ​គម្ពីរ​ដែល​មុនៗ​យើង​ខ្ញុំ​បាន​លើក​យក​មក​ប្រើ​ប្រាស់​ក្នុង​ការ​គាំទ្រ​ជំនឿ​របស់​ខ្លួន។ ឥឡូវ​នេះ ខ​គម្ពីរ​ដដែលៗ​នោះ​យើង​ខ្ញុំ​មើល​ឃើញ​ខុស​ពី​មុន វា​គាំទ្រ​សេចក្ដី​អធិប្បាយ​របស់​លោក​តា បៀលី។

ក្នុង​នាម​ជា​គ្រូ​គង្វាល​ដែល​មាន​ការ​ទាមទារ យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​យល់​យ៉ាង​ច្បាស់​អំពី​តម្លៃ​នៃ​ការ​ចូល​រួម​របស់​ពួក​គាត់​ទាក់​ទង​នឹង​សេចក្ដី​សង្គ្រោះ និង​ការ​ដែល​ពួក​គាត់​ត្រូវ​ព្យាយាម​នៅ​បន្ត​រួបរួម​ក្នុង​ការ​រក្សា​ទុក​នូវ​សេចក្ដី​សង្គ្រោះ​របស់​ខ្លួន។ យើង​ខ្ញុំ​ទទូច​ប្រាប់​ពួក​គេ​ថា តាម​រយៈ​ការ​រស់​នៅ​ដ៏​ត្រឹម​ត្រូវ ការ​មាន​ជំនឿ​ដ៏​ត្រឹម​ត្រូវ​ ហើយ​និង​ការ​លន់តួ​ដ៏​ត្រឹម​ត្រូវ នោះ​ព្រះ​ជាម្ចាស់​នឹង​មាន​កាតព្វកិច្ច​ក្នុង​ការ​ប្រទាន​នូវ​អ្វី​ដែល​ចិត្ត​យើង​ប្រាថ្នា​ចង់​បាន​ជា​មិន​ខាន។ មូល​ដ្ឋាន​នៃ​មហា​គ្រឹះ​ស្ថាន​មួយ​នេះ​ឥឡូវ​ត្រូវ​ដួល​រលំ​ដោយ​សារ​ព្រះ​បន្ទូល៖ «ដ្បិត​គឺ​ដោយ​ព្រះ​គុណ ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ​ដោយ​សារ​ជំនឿ ហើយ​សេចក្ដី​នោះ​ក៏​មិន​មែន​កើត​ពី​អ្នក​រាល់​គ្នា​ដែរ គឺ​ជា​អំណោយ​ទាន​របស់​ព្រះ​វិញ» (អេភេសូរ ២:៨)។

សេចក្ដី​ប្រាថ្នា​ថ្មី និង​ភ្នែក​ថ្មី

នៅ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​បន្ត​បន្ទាប់​ក្រោយ​ពី​ពេល​ដែល​យើង​ខ្ញុំ​បាន​ទទួល​ឮ​នូវ​ដំណឹង​ល្អ​ដែល​មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​ព្រះ​បន្ទូល នោះ​យើង​ខ្ញុំ​ក៏​បាន​ឆ្លើយ​ឆ្លង​អ៊ីមែល​ជា​ប្រចាំ​ជា​មួយ​នឹង​លោក​តា បៀលី និង​លោក​យាយ ថេសសា។ ព្រះ​ជាម្ចាស់​បាន​ប្រើ​ប្រាស់​ពួក​គាត់​ក្នុង​ការ​ឆ្លើយ​នូវ​សំណួរ​នានា​របស់​យើង​ខ្ញុំ ហើយ​ពួក​គាត់​ក៏​បាន​ផ្ញើ​ឯកសារ​មួយ​ចំនួន​ក្នុង​ការ​ជួយ​ពង្រឹង​នូវ​ជំនឿ​ថ្មីៗ​របស់​យើង​ខ្ញុំ​ក្នុង​ព្រះ​គ្រីស្ទ​ផង​ដែរ។ ខណៈ​ពេល​ដែល​យើង​ខ្ញុំ​ដាក់​ជំនឿ​ក្នុង​ព័ន្ធ​កិច្ច​ដែល​ព្រះ​សង្គ្រោះ​បាន​សម្រេច នោះ​ដួង​ចិត្ត​របស់​យើង​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឃើញ​នគរ​របស់​ព្រះ​ជាម្ចាស់ នៅ​ចំពោះ​យើង​ខ្ញុំ ព្រះ​អង្គ​កាន់​តែ​គួរ​ឲ្យ​ស្រឡាញ់​ជាង​មុន ក៏​ដូច​ជា​កាន់​តែ​មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់​លើ​ផែន​ដី​នេះ។ បំណង​ប្រាថ្នា​របស់​យើង​ខ្ញុំ​ក្នុង​ការ​ទទួល​បាន​សុខ​ភាព​ល្អ និង​ទ្រព្យ​សម្បត្តិ​ក៏​ចាប់​ផ្ដើម​រសាយ​បាត់​អស់​ទៅ។ យើង​ខ្ញុំ​ប្រាថ្នា​ចង់​បាន​ព្រះ​យេស៊ូវ​តែ​មួយ​គត់!

ទោះ​បើ​កាល​នោះ យើង​ខ្ញុំ​មិន​ទាន់​បាន​យល់​យ៉ាង​ច្បាស់​លាស់​អំពី​ចំណុច​នានា​ដ៏​លម្អិត​នៃ​ទេវវិទ្យា​ក៏​ដោយ ក៏​ការ​បំផ្លាស់​បំប្រែ​ចិត្ត​របស់​យើង​ខ្ញុំ​ត្រូវ​បាន​សម្រេច​ឡើង​យ៉ាង​ពេញ​ទី។ យើង​ខ្ញុំ​មាន​ការ​រំភើប​រីក​រាយ​ក្នុង​ព្រះ​គ្រីស្ទ ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​អស់​អ្នក​ដែល​ជា​របស់​ផង​ទ្រង់​ឲ្យ «លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ» (លូកា ៩:២៣)។ មក​ដល់​ឥឡូវ​នេះ យើង​ខ្ញុំ​មាន​អារម្មណ៍​ថា «ខ្ញុំ​រាប់​អស់​ទាំង​សេចក្ដី​ទុក្ខ​លំបាក​នៅ​ជាន់​នេះ ថា ជា​សេចក្ដី​មិន​គួរ​ប្រៀប​ផ្ទឹម​នឹង​សិរី​ល្អ ដែល​នឹង​បើក​សម្ដែង​មក​ឲ្យ​យើង​រាល់​គ្នា​ឃើញ​នោះ​ទេ» (រ៉ូម ៨:១៨)។

ការ​ដែល​យើង​ខ្ញុំ​បាន​កើត​ជា​ថ្មី​ក៏​បាន​បណ្ដាល​ឲ្យ​យើង​ខ្ញុំ​មាន​ភ្នែក​ថ្មី​ក្នុង​ការ​អាន​ព្រះ​បន្ទូល​ដែរ។ តាម​រយៈ​ការ​សិក្សា​ព្រះបន្ទូល​ដោយ​យក​ចិត្ត​ទុក​ដាក់​បាន​បន្សាប​ពិស​នៃ​ចលនា​បន្ទូល​នៃ​ជំនឿ​ចេញ​ពី​ជីវិត​របស់​យើង​ខ្ញុំ​ចោល។ យើង​ខ្ញុំ​ចាប់​ផ្ដើម​មើល​ឃើញ​ថា ការ​រង​ទុក្ខ​គឺ​ជា​អំណោយ​ទាន​ពី​ព្រះ​ជាម្ចាស់​ក្នុង​ការ​បង្ហាត់​បង្រៀន​ឲ្យ​យើង​ចេះ​មាន​ភ្នែក​ក្នុង​ការ​សម្លឹង​ទៅ​មើល​ឯ​ទ្រព្យ​សម្បត្តិ​ដ៏​មហិមា​ដែល​យើង​មាន​នៅ​ក្នុង​ព្រះ​គ្រីស្ទ។

នៅ​ក្នុង​ឆ្នាំ​២០១០ ព្រះ​អម្ចាស់​បាន​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​មាន​ឱកាស​ក្នុង​ការ​ទៅ​រៀន​នៅ​សាលា​ព្រះ​គម្ពីរ​ដែល​មាន​ការ​ផ្លាស់​ប្រែ​ក្នុង​ប្រពៃណី (Reformed) នៅ​ឯ​ទីក្រុង​ណៃរ៉ូប៊ី ហើយ​នៅ​ទី​នោះ​ឯង​ដែល​យើង​ខ្ញុំ​បាន​ទទួល​ការ​បង្រៀន​អស់​រយៈ​ពេល​បី​ឆ្នាំ។ យើង​ខ្ញុំ​ចាប់​ផ្ដើម​ឲ្យ​តម្លៃ​ដល់​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ព្រោះ​ព្រះ​បន្ទូល​បាន​ផ្ដល់​ជួន​នូវ​ភាព​ស្រស់​ស្រាយ ហើយ​យើង​ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឱបក្រសោប។ បន្ទាប់​មក ព្រះ​ជាម្ចាស់​ក៏​បាន​ចាត់​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ទៅ​ឯ​ទីក្រុង​ម៉ុមៃអាស៍ និង​ទីក្រុង​ម៉ុមបាសា ដើម្បី​ប្រកាស​ដំណឹង​ល្អ​ដ៏​ពិត ក៏​ដូច​ជា​ប្រឈម​មុខ​នឹង​សេចក្ដី​បង្រៀន​ដ៏​ខុស​ឆ្គង​របស់​ក្រុម​បន្ទូល​នៃ​ជំនឿ។

ព័ន្ធ​កិច្ច​ថ្មី​របស់​យើង​ខ្ញុំ​រួម​មាន​ទាំង​ការ​រៀប​ចំ​ឲ្យ​មាន​សិក្ខា​សាលា​បែប​ផ្លាស់​ប្រែ​ប្រពៃណី និង​ការ​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​ប្រាជ្ញា (Wisdom Training Center ដែល​នោះ​ជា​សាលា​ព្រះ​គម្ពីរ​បែប​ហ្វឹក​ហាត់​យ៉ាង​ម៉ឺងម៉ាត់​ដែល​បាន​មាន​ដំណើរ​ការ​បួន​ឆ្នាំ​ហើយ)។ មជ្ឈមណ្ឌល​មួយ​នេះ​គឺ​ជា​កន្លែង​បង្រៀន​សេចក្ដី​ពិត​ចេញ​ពី​ព្រះ​គម្ពីរ​ទៅ​កាន់​បញ្ច​ទស​ទិវា​និយម ជំនឿ​ដែល​ថា​ភាសា​ដទៃ​ជា​សញ្ញា​នៃ​ការ​ជ្រមុជ​ទៅ​ដោយ​ព្រះ​វិញ្ញាណ និង​អ្នក​ដឹក​នាំ​នៃ​ក្រុម​បន្ទូល​នៃ​ជំនឿ។ ព្រះ​អម្ចាស់​បាន​ប្រទាន​ព្រះ​ពរ​ដល់​ព័ន្ធ​កិច្ច​នេះ​ក្នុង​ការ​ដាំ​ក្រុម​ជំនុំ​ដែល​មាន​សុខ​ភាព​ល្អ។ នេះ​គឺ​ជា​ព័ន្ធ​កិច្ច​នៃ​ជីវិត​របស់​យើង​ខ្ញុំ និង​ជា​ព័ន្ធ​កិច្ច​ទៅ​កាន់​ប្រជាជន​របស់​យើង​ខ្ញុំ​ផង​ដែរ។

សូម​ឲ្យ​ព្រះ​ជាម្ចាស់​មាន​ការ​គាប់​ព្រះ​ទ័យ​ក្នុង​ការ​សង្គ្រោះ​មនុស្ស​ម្នា ហើយ​ចាត់​ឲ្យ​ពួក​គាត់​ចេញ​ទៅ​ប្រឈម​មុខ​ទៅ​នឹង​សេចក្ដី​បង្រៀន​ដ៏​ខុស​ឆ្គង​នេះ​ដែល​កំពុង​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ក្លា​មក​លើ​ទឹក​ដី​យើង។

និពន្ធដោយ៖ លោកស្រី Patti Richter និង​លោក​ស្រី Elly Achok Olare
បកប្រែដោយ និង​កែសម្រួលដោយ៖ លោក ឈាង បូរ៉ា, ​លោក ទេព រ៉ូ, ខែម បូឡុង និង​លោកស្រី ឡូញ ស្រី​រដ្ឋ
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

2 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

​ស្គាល់​គំនិត​នៃ​ព្រះអម្ចាស់

អំពី​ភាព​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់