តើយើងអាចថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់នៅក្នុងជីវិតប្រចាំថ្ងៃបានដោយរបៀបណា? ថ្ងៃនេះ ប្អូនស្រី រក្សា បានសួរសំណួរដូចតទៅ៖ «ជម្រាបសួរលោកគ្រូ! ខ្ញុំបានអានសៀវភៅខាងលោកគ្រូ ហើយវាពិតជាអស្ចារ្យមែនក្នុងការដែលយើងដឹងថា ព្រះជាម្ចាស់បានបញ្ជាឲ្យយើងមានការអរសប្បាយដ៏ខ្ពង់ខ្ពស់ និងមានអំណរក្នុងទ្រង់! សាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១០:៣១ ថា «ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សម្រាប់ចម្រើនសិរីល្អដល់ព្រះចុះ»។ តើខ្ញុំអាចថ្វាយសិរីល្អទៅកាន់ព្រះអង្គបានដោយរបៀបណា តាមរយៈការមានអំណរក្នុងព្រះអង្គ ដោយចំណីអាហារ? តើខ្ញុំអាចធ្វើការនេះបានតាមរយៈការដឹងថា ព្រះអង្គគឺជាអង្គដែលបានផ្គត់ផ្គង់ម្ហូបសម្រាប់ខ្ញុំនៅថ្ងៃនេះ ដូច្នេះខ្ញុំអាចរីករាយជាមួយនឹងការញ៉ាំម្ហូបនេះបានមែនឬ? ឬក៏ឧទាហរណ៍មួយទៀត គឺសប្បាយចិត្តនៅពេលដែលកូនយើងរៀនបានពិន្ទុល្អនៅសាលារៀន។ ខ្ញុំចង់ដឹងថា តើខ្ញុំអាចសប្បាយចិត្តនៅក្នុងព្រះអម្ចាស់បានក្នុងរបៀបដែលត្រឹមត្រូវ ដើម្បីខ្ញុំអាចថ្វាយសិរីល្អទៅកាន់ព្រះអង្គ ក្នុងរបៀបដ៏ខ្ពង់ខ្ពស់បំផុតបានដោយរបៀបណា។ តើខ្ញុំអាចធ្វើគ្រប់អ្វីៗទាំងអស់ ដើម្បីថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់បានដោយរបៀបណា?»
គ្រប់បុគ្គលទាំងអស់គួរតែសង្វាតស្វែងរកឲ្យអស់ពីកម្លាំងរបស់យើង ក្នុងការប្រើប្រាស់កម្លាំងឲ្យអស់ពីសមត្ថភាពក្នុងឋានៈដ៏ខ្ពស់បំផុត និងអំឡុងពេលនៃការដែលយើងមានអំណរក្នុងព្រះជាម្ចាស់លើសគ្រប់អ្វីៗទាំងអស់ ពីព្រោះព្រះជាម្ចាស់ទទួលបានសេរីល្អច្រើនបំផុតនៅក្នុងយើង នៅពេលដែលយើងកាន់តែមានការស្កប់ស្កល់ចិត្តនៅក្នុងទ្រង់។
ប្រសិនបើលោកអ្នកមានការស្កប់ស្កល់ចិត្តយ៉ាងខ្លាំងនៅក្នុងគ្រួសារ ការងារ ភាពល្បីល្បាញ ភាពជោគជ័យ លុយកាក់ ចំណីអាហារ តន្ត្រី សុខភាព ឬក៏ការបន្តរស់នៅ—ប្រសិនបើលោកអ្នកមានការស្កប់ស្កល់ចិត្តនៅក្នុងចំណុចណាមួយនេះយ៉ាងខ្លាំង ជាជាងនៅក្នុងព្រះជាម្ចាស់—នេះមានន័យថា លោកអ្នកបានបន្ទាបបន្ថោកសិរីល្អរបស់ទ្រង់ ហើយលោកអ្នកបានលើកតម្កើងសិរីល្អនៃអ្វីមួយដែលខ្លួនកំពុងតែស្កប់ស្កល់ចិត្តជាមួយយ៉ាងខ្លាំងហើយ។ ព្រះគម្ពីរបានលើកឡើងយ៉ាងច្បាស់ថា យើងគួរតែរស់នៅ ដើម្បីបង្ហាញតម្លៃដ៏ឧត្តុង្គឧត្តម ភាពអស្ចារ្យ និងសិរីល្អរបស់ព្រះជាម្ចាស់។ នេះគឺជាមូលហេតុចម្បងនៃការដែលយើងមានជីវិត។
ការឈឺចាប់ ឬក៏ការសប្បាយ
មានចំណុចចម្បងពីរយ៉ាងដែលសាតាំងប្រើប្រាស់ ដើម្បីបន្ទាបបន្ថោកសិរីល្អរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង ធ្វើឲ្យយើងផ្ដល់តម្លៃលើអ្វីមួយផ្សេងទៀតជាជាងលើព្រះជាម្ចាស់៖ ១. ការឈឺចាប់ ២. ការអរសប្បាយ។ នេះគឺជាយុទ្ធសាស្ត្រពីរយ៉ាងរបស់សាតាំង ដើម្បីបង្ខូចរបៀបដែលយើងថ្វាយសិរីល្អទៅកាន់ព្រះអង្គ។
ការឈឺចាប់អាចធ្វើឲ្យយើងឲ្យតម្លៃលើអ្វីផ្សេងទៀតជាជាងលើព្រះជាម្ចាស់ ដោយធ្វើឲ្យយើងខឹងព្រះអង្គ ដោយសារយើងកំពុងតែប្រឈមមុខនឹងការឈឺចាប់នេះ ហើយវាក៏ធ្វើឲ្យយើងចង់ឆ្លងផុតជាជាងធ្វើឲ្យយើងចង់ឱបក្រសោបយកព្រះជាម្ចាស់ដែរ។ នេះមានន័យថា ការឈឺចាប់គឺជាឱកាសមាសក្នុងការធ្វើឲ្យយើងថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់ តាមរយៈការដែលយើងបង្ហាញថា ព្រះអង្គមានតម្លៃចំពោះយើងខ្លាំងជាងភាពស្រណុកសុខស្រួល ឬក៏ការឆ្លងផុតការឈឺចាប់នេះ។ ការអរសប្បាយក៏អាចធ្វើឲ្យយើងឲ្យតម្លៃលើអ្វីផ្សេងទៀតខ្ពស់ជាងព្រះជាម្ចាស់ដែរ—មិនមែនតាមការរយៈធ្វើឲ្យយើងខឹងព្រះអង្គ ប៉ុន្តែតាមរយៈការដែលយើងភ្លេចព្រះអង្គ ពីព្រោះយើងស្កប់ចិត្តពេកក្នុងការអរសប្បាយជាមួយនឹងអំណោយទាន ដែលព្រះអង្គបានប្រទានមកកាន់យើង។ យើងអាចឃើញចំណុចនេះនៅក្នុងកណ្ឌគម្ពីរ អេសេគាល ១៦:១៤-១៥ នៅពេលដែលព្រះអង្គមានបន្ទូលទៅសាសន៍អ៊ីស្រាអែល៖
«ឯកិត្តិសព្ទពីលំអរុងរឿងរបស់ឯង បានខ្ចរខ្ចាយទៅដល់អស់ទាំងនគរ ពីព្រោះលំអរបស់ឯងបានគ្រប់លក្ខណ៍ ដោយសាររស្មីរបស់អញ ដែលអញបានឲ្យស្ថិតលើឯង នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។ ប៉ុន្តែ ឯងបានទុកចិត្តនឹងរូបលំអរបស់ឯង ហើយបានធ្វើជាស្រីសំផឹង»។
បើនិយាយម្យ៉ាងវិញទៀត ព្រះអង្គបានផ្ដល់ដល់សាសន៍អ៊ីស្រាអែលនូវអំណោយទាននៃរូបលំអ ជាជាងឲ្យអំណោយទាននោះថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់ ពួកគាត់បែរជាលង់ស្នេហ៍ជាមួយនឹងអំណោយទាននោះវិញ។ ពួកគាត់ចង់បានអំណោយទានជាជាងចង់បានអ្នកប្រទានឲ្យ។ តាមរយៈការមិនស្កប់ចិត្តជាមួយព្រះអង្គ នោះពួកគាត់មិនបានថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់ទេ ប៉ុន្តែបែរជាលង់ស្នេហ៍ជាមួយនឹងអំណោយទានដ៏ល្អរបស់ព្រះអង្គវិញ។ ពួកគាត់ចង់បានអំណោយទានជាជាងអ្នកដែលប្រទានឲ្យ។
ការឈឺចាប់ និងការអរសប្បាយគឺជាយុទ្ធសាស្ត្ររបស់សាតាំងក្នុងការបង្ខូចការដែលយើងថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់។ ការមិនឲ្យនូវអ្វីដែលល្អក៏អាចធ្វើឲ្យយើងខូចដែរ។ ហើយការឲ្យនូវអ្វីដែលល្អក៏អាចធ្វើឲ្យយើងខូចដែរ។ ទាំងពីរអាចក្លាយជាឱកាសនៃការដែលយើងមិនថ្វាយព្រះកិត្តិយសទៅកាន់ព្រះជាម្ចាស់ ក៏ដូចជាមិនថ្វាយសិរីល្អទៅកាន់ទ្រង់—ឬក៏អាចប្រាកដជាចំណុចដែលថ្វាយសិរីល្អទៅកាន់ទ្រង់ក៏ថាបាន។ សំណួររបស់ប្អូនស្រី រក្សា ទាក់ទងទៅនឹងចំណុចចុងក្រោយនេះ៖ តើយើងអាចថ្វាយសិរីល្អទៅកាន់ព្រះជាម្ចាស់តាមរយៈរបស់ល្អៗដែលទ្រង់ប្រទានមកកាន់យើងបានដោយរបៀបណា? គាត់បានលើកឡើងអំពីម្ហូប និងកូនៗ។
ព្រះអង្គនៅក្នុងអ្វីដែលល្អៗ
ខ្ញុំនឹងគ្រាន់តែលើកឡើងនូវខគម្ពីរមួយចំនួនដែលផ្ដល់ផ្នែកខ្លះៗនៃចម្លើយលើសំណួរនេះ។ នៅក្នុងកណ្ឌគម្ពីរ ភីលីព ៤:១១-១៣ សាវ័ក ប៉ុល បានលើកឡើងថា៖
«ខ្ញុំបានរៀនឲ្យមានសេចក្ដីសន្ដោសក្នុងសណ្ឋានគ្រប់យ៉ាង ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្ដីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមាន ទាំងខ្វះ ក្នុងសារពើទាំងអស់ហើយ ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ»។
សាវ័ក ប៉ុល បានលើកឡើងយ៉ាងច្បាស់ថា មានចំណុចអាថ៌កំបាំងខាងឯវិញ្ញាណ អ្វីដែលជ្រៅ ហើយអស្ចារ្យដែលយើងអាចរៀនបាននៅក្នុងជីវិតជាគ្រីស្ទបរិស័ទ ដែលនេះគ្រាន់តែធ្វើឲ្យបុគ្គលណាម្នាក់បន្ទាបខ្លួន ប៉ុន្តែក៏អាចធ្វើឲ្យគាត់មានហូរហៀរ មិនមែនគ្រាន់តែចំពោះភាពស្រេកឃ្លាន ប៉ុន្តែដើម្បីឲ្យមានយ៉ាងច្រើន ហើយការមានច្រើនហូរហៀរក៏អាចជាចំណុចពិបាកក្នុងការសិរីល្អទៅកាន់ព្រះជាម្ចាស់នៅក្នុងជីវិតយើងដូចទៅនឹងការដែលយើងកំពុងតែរងទុក្ខផងដែរ។ ដូច្នេះសាវ័ក ប៉ុល ត្រូវរៀនអ្វីដែលចម្លែក ពិសេស និងស៊ីជម្រៅ ដើម្បីជួយឲ្យគាត់ដឹងអំពីរបៀបនៃការមានហូរហៀរបាន។ ហើយនេះគឺជាសំណួររបស់ប្អូនស្រី រក្សា។
ហើយខ្ញុំគិតថាចម្លើយរបស់សាវ័ក ប៉ុល ទាក់ទងទៅនឹងចំណុចអាថ៌កំបាំងនៃការមានយ៉ាងបរិបូណ៌គឺមាននៅក្នុងកណ្ឌគម្ពីរ ភីលីព ៣:៧-៨។ ចំណុចអាថ៌កំបាំងគឺមិនទាក់ទងទៅនឹងការចុះតម្លៃ ឬក៏បន្ទាបបន្ថោកសេចក្ដីសប្បុរសនៃអំណោយទានរបស់ព្រះជាម្ចាស់នោះទេ ប៉ុន្តែគឺទាក់ទងទៅនឹងការស្គាល់ព្រះគ្រីស្ទយ៉ាងច្បាស់ ស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង ហើយមានការស្កប់ស្កល់ចិត្តក្នុងទ្រង់ដល់ថ្នាក់ថា យើងអាចទទួលយកអ្វីៗដែលល្អពីព្រះហស្តទ្រង់ថាជាអំណោយទានដែលលើកតម្កើងព្រះគ្រីស្ទ ហើយថាព្រះអង្គអាចដកអ្វីៗដែលល្អនោះចេញពីដៃយើងក្នុងលក្ខណៈដែលនៅលើកតម្កើងព្រះគ្រីស្ទ ដើម្បីដាក់ពិន័យយើង។ នេះគឺជាអ្វីដែលសាវ័ក ប៉ុល បានសរសេរនៅក្នុងកណ្ឌគម្ពីរ ភីលីព ៣:៧-៨៖
«ប៉ុន្តែ សេចក្ដីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ»។
ចំណុចដែលថាគាត់បានរាប់អ្វីដែលមានប្រយោជន៍ថាជាខាត ឬក៏ថាជាសំរាមមិនមែនមានន័យថា គាត់មិនអាចអរសប្បាយជាមួយនឹងអ្វីៗទាំងនោះទេ ប៉ុន្តែវាអាចមានន័យថា ក្នុងពេលដែលរបស់ទាំងនោះប្រកួតប្រជែងជាមួយនឹងការអស្ចារ្យដ៏ឧត្តុងឧត្តម តម្លៃ សិរីល្អ និងការស្កប់ស្កល់ចិត្តក្នុងព្រះគ្រីស្ទ នោះវានឹងក្លាយជាសត្រូវ និងជាសំរាមវិញ។ ប៉ុន្តែ សាវ័ក ប៉ុល បានស្គាល់ចំណុចអាថ៌កំបាំង៖ ប្រសិនបើព្រះគ្រីស្ទមានតម្លៃលើសអ្វីៗទាំងអស់ នោះទាំងអ្វីដែលបានបាត់បង់ និងបច្ចុប្បន្នកាល—ការទទួលបានអ្វីដែលល្អៗ—គឺជាឱកាសក្នុងការយកព្រះគ្រីស្ទធ្វើជាទ្រព្យសម្បត្តិ។
ខគម្ពីរមួយទៀតដែលខ្ញុំគិតថាចង្អុលបង្ហាញទៅលើចម្លើយគឺកណ្ឌគម្ពីរ ១ធីម៉ូថេ ៤:៣-៥ នៅក្នុងខនេះសាវ័ក ប៉ុល បានលើកឡើងថា អ្នកខ្លះបានហាមមិនឲ្យរៀបការ និងតមពីអាហារណាមួយដែលព្រះជាម្ចាស់បានបង្កើតមក ដោយឲ្យអស់អ្នកដែលជឿ និងស្គាល់សេចក្ដីពិតទទួលដោយដឹងគុណ។ អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកគឺសុទ្ធតែល្អ ហើយយើងក៏មិនគួរបដិសេធអ្វីដែរ ប្រសិនបើយើងទទួលយកដោយដឹងគុណ ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីអធិស្ឋានបានធ្វើឲ្យវាបរិសុទ្ធរួចហើយ។ «ព្រមទាំងហាមប្រាមមិនឲ្យយកប្ដីប្រពន្ធ ហើយឲ្យត្រូវតមអាហារ ដែលព្រះបានបង្កើតមក សម្រាប់ពួកអ្នកជឿ និងពួកអ្នកដែលស្គាល់សេចក្ដីពិត ឲ្យបានទទួលដោយអរព្រះគុណ ដ្បិតសត្វទាំងអស់ដែលព្រះទ្រង់បង្កើតមក នោះសុទ្ធតែល្អ ហើយមិនត្រូវចោល១ឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ ដ្បិតបានញែកជាបរិសុទ្ធ ដោយសារព្រះបន្ទូល ហើយសេចក្ដីអធិស្ឋាន»។
ស្ទើរតែគ្រប់ពាក្យពេចន៍នៅក្នុងខគម្ពីរនេះតម្រូវឲ្យមានការបកស្រាយបន្ថែមទៀត។ ហើយបន្ទាប់មកសាវ័ក ប៉ុល ក៏បានបន្ថែមការព្រមាន «ដល់ពួកអ្នកមាន នៅលោកីយ៍នេះ» នៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ៦:១៧ បានព្រមានថា «កុំឲ្យគេ…ទុកចិត្តនឹងទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ»។
ការហូបក្រូចច្របាច់ ដើម្បីសិរីល្អព្រះ
ខ្ញុំចង់បញ្ចប់អត្ថបទដោយលើកឡើងបទបង្ហាញមួយចំនួននៃរបៀបដែលយើងអាចហូបក្រូចច្របាច់ ដើម្បីថ្វាយសិរីល្អដល់ព្រះ។
១. ខ្ញុំចង់គាំទ្រព្រះបន្ទូលរបស់ព្រះដោយអំណរថា ពណ៌លឿងគឺជាអំណោយទានពីព្រះជាម្ចាស់។ រសជាតិផ្អែមគឺជាអំណោយទានពីព្រះជាម្ចាស់។ សារធាតុចិញ្ចឹម និងរបៀបដែលរូបកាយខ្ញុំប្រើប្រាស់វាគឺជាអំណោយទានពីព្រះជាម្ចាស់។ ព្រះអាទិត្យ និងភ្លៀងដែលធ្វើឲ្យដើមក្រូចដុះគឺជាអំណោយទានពីព្រះជាម្ចាស់។ ការដឹកជញ្ជូនក្រូចនោះចូលកន្លែងលក់ ដែលខ្ញុំអាចទិញបាន គឺជាអំណោយទានពីព្រះជាម្ចាស់។ល។ ខ្ញុំចង់ប្រកាសការនេះឲ្យឮៗ ដោយសារខ្ញុំដឹងវាជាក់ច្បាស់។
២. ខ្ញុំនឹងបញ្ចេញសម្លេងឲ្យអស់ពីចិត្តក្នុងការអរព្រះគុណព្រះអង្គ។ ហើយខ្ញុំនឹងព្យាយាមធ្វើការនេះជាញឹកញាប់ ដើម្បីឲ្យអ្នកដទៃដឹងពីកន្លែងដែលការដឹងគុណនេះកើតចេញ និងដើម្បីឲ្យពួកគេដឹងថា ព្រះជាម្ចាស់ល្អ មានពេញទៅដោយប្រាជ្ញាញាណ និងឥទ្ធិឫទ្ធិ។
៣. ខ្ញុំនឹងរម្លឹកខ្លួនឯងថា ខ្ញុំមិនស័ក្តិសមនឹងទទួលក្រូចច្របាច់នេះទេ។ តាមពិតទៅ ខ្ញុំស័ក្តិសមទៅស្ថាននរក។ ហេតុដូច្នេះហើយបានជាខ្ញុំនឹងអរព្រះគុណព្រះអង្គ ដោយសារទ្រង់បានអត់ទោសអំពើបាបខ្ញុំ ហើយថាការដែលខ្ញុំអាចអរសប្បាយជាមួយនឹងក្រូចច្របាច់គឺដោយសារព្រះអង្គបានទិញវាសម្រាប់ខ្ញុំ។ ព្រះអង្គបានទិញក្រូចច្របាច់នេះដោយព្រះលោហិតទ្រង់ ដើម្បីឲ្យជាអំណោយទានដល់កូនៗទ្រង់ ដែលកំពុងតែធ្វើដំណើរទៅកាន់ស្ថានសួគ៌។
៤. ខ្ញុំនឹងរម្លឹកខ្លួនឯងថា ការអរសប្បាយមួយនេះ រសជាតិមួយនេះ ភាពត្រជាក់មួយនេះនៅលើអណ្ដាតរបស់ខ្ញុំ សារជាតិចិញ្ចឹមជីវិតមួយនេះបានបើកបង្ហាញចំណុចមួយនៃការយល់ដឹង និងព្រលឹងរបស់ខ្ញុំអំពីព្រះជាម្ចាស់ ដែលខ្ញុំមិនអាចដឹងបានក្នុងរបៀបណាផ្សេងទៀត។ នេះជាមូលហេតុដែលទ្រង់បានបង្កើតផែនដីនេះ ពីព្រោះទាំងអស់នេះគឺហាក់បីដូចជាព្រីស (prism) ដែលជួយឲ្យយើងយល់ចំណុចផ្សេងទៀតនៃសិរីល្អរបស់ព្រះជាម្ចាស់។
៥. បន្ទាប់មក ខ្ញុំនិងចែកចាយក្រូចច្របាច់នេះជាមួយនឹងអ្នករួមតុបាយខ្ញុំដោយក្តីស្រឡាញ់។ ខ្ញុំនឹងមិនទុកតែសម្រាប់ខ្លួនឯងទេ។
៦. ហើយជាចុងក្រោយ ខ្ញុំនឹងប្រើប្រាស់កម្លាំងដែលព្រះអង្គបានប្រទានមកកាន់ខ្ញុំឲ្យអាចរស់នៅ ដើម្បីថ្វាយសិរីល្អទៅកាន់ទ្រង់។
មតិយោបល់
Loading…