កិច្ចការ ១៦:៣១ «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ»។
យ៉ូហាន ៣:១៦ «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»។
រ៉ូម ៣:២៨ «ដ្បិតយើងខ្ញុំអាងថា មនុស្សបានរាប់ជាសុចរិត ដោយសារជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ»។
ហេតុផលដែលសាវ័ក យ៉ូហាន បានកត់ត្រានៅកណ្ឌគម្ពីរយ៉ូហានគឺ «ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះដ៏ពិត ហើយឲ្យអ្នករាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ ដោយមានជំនឿ» (យ៉ូហាន ២០:៣១)។ សរុបសេចក្តីមក យើងអាចសន្និដ្ឋានបានយ៉ាងច្បាស់ថា រាល់ឯកសារទាំងអស់ នៅក្នុងព្រះគម្ពីរសញ្ញាថ្មីគឺ៖ យើងបានសង្គ្រោះ ដោយសារជំនឿជឿលើអង្គព្រះយេស៊ូវគ្រីស្ទ។ ចូរផ្ចង់ចិត្តរបស់យើងដោយយកចិត្តទុកដាក់ទៅលើព្រះគ្រីស្ទក្នុងកណ្ឌគម្ពីរដំណឹងល្អដែលមានដូចខាងក្រោម៖យ៉ូហាន ម៉ាថាយ ម៉ាកុស លូកា ហើយនៅក្នុងព្រះគម្ពីរទាំងមូល។ ចូរសម្លឹងមើលដោយផ្ដោតអារម្មណ៍របស់លោកអ្នកទៅកាន់ព្រះគ្រីស្ទ ហើយទទួលការថ្លែងប្រាប់ថា«ព្រះយេស៊ូវគ្រីស្ទគឺជាអម្ចាស់» ហើយបន្ទាប់មកទៀត ចូរនិយាយអំពីអារម្មណ៍របស់លោកអ្នកទៅកាន់ព្រះថា៖ «ខ្ញុំទទួលទ្រង់ ខ្ញុំស្រឡាញ់ទ្រង់ ទ្រង់គឺជាព្រះពិតរបស់ខ្ញុំ, ទ្រង់គឺជាព្រះអម្ចាស់របស់ខ្ញុំ ហើយទ្រង់ពិតជាទ្រព្យសម្បត្តិរបស់ខ្ញុំ»។ ចូរអធិស្ឋានលន់តួបែបយ៉ាងនោះចុះ។ ចូរនិយាយឲ្យខ្លួនឯងបានឮនូវអ្វីដែលលោកអ្នកកំពុងនិយាយចុះ។ ចូរប្រាប់កិច្ចការទាំងអស់នោះទៅកាន់អ្នកដទៃផង។ ចូរនិយាយប្រាប់ការនេះទៅកាន់ប្តីប្រពន្ធរបស់លោកអ្នក ចូរនិយាយការនេះទៅកាន់កូនៗរបស់លោកអ្នក ហើយចូរនិយាយប្រាប់ការនេះទៅកាន់មិត្តភក្តិរបស់លោកអ្នកថា «ព្រះយេស៊ូវគឺជាព្រះរបស់ខ្ញុំ»។
ព្រះគម្ពីរបានលើកឡើងថា គ្មាននរណាម្នាក់អាចនិយាយថា «ព្រះយេស៊ូវគឺជាព្រះអម្ចាស់» ដោយមិនមានព្រះវិញ្ញាណបរិសុទ្ធបាននោះឡើយ។ តើនេះមិនមែនជារឿងដ៏អស្ចារ្យទេឬអី? គ្មាននរណាអាចនិយាយថា «ព្រះយេស៊ូវគឺជាព្រះអម្ចាស់» ដោយខ្លួនឯងបានទេ។ ដូច្នេះ បើសិនលោកអ្នកនិយាយការនេះ ហើយវាពិតជាមានអត្ថន័យដូចដែលលោកអ្នកបានលើកឡើងមែន នោះពិតជាមានន័យថា ព្រះជាម្ចាស់កំពុងធ្វើការនៅក្នុងជីវិតរបស់លោកអ្នកយ៉ាងជាក់ច្បាស់ហើយ ពោលគឺលោកអ្នកមានព្រះវិញ្ញាណបរិសុទ្ធមកគង់នៅជាមួយ។
ដូច្នេះ តើអ្វីទៅជាជំនឿ និងការជឿដូចនេះ? ក្នុងកណ្ឌគម្ពីរ យ៉ូហាន ១:១២ មានចែងថា «ប៉ុន្តែ អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ»។ ការទទួលយក និងការទទួលជឿគឺជាការបកស្រាយប្រទាក់គ្នាទៅវិញទៅមក ហើយរីឯការទទួលយកមានន័យថា ពេលដែលទ្រង់យាងមកគង់នៅក្នុងចិត្តរបស់លោកអ្នកទុកជាព្រះសង្គ្រោះ ជាព្រះអម្ចាស់ និងជាទ្រព្យសម្បត្តិ ហើយជាអង្គប្រឹក្សាយោបល់ នោះលោកអ្នកនឹងមិនបដិសេធទ្រង់ឡើយ។ លោកអ្នកទទួលយកនូវរាល់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានសម្រេចនៅក្នុងព្រះគ្រីស្ទ។ ការទទួលយកគឺជាការស្វាគមន៍ និងការចុះចូលចំពោះទ្រង់។ ព្រះយេស៊ូវបានមានបន្ទូលថា «ខ្ញុំជានំប៉័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ ហើយអ្នកណាដែលជឿដល់ខ្ញុំ ក៏មិនត្រូវស្រេកដែរ» (យ៉ូហាន ៦:៣៥)។ ហេតុនេះហើយបានជាការជឿគឺជាការស្វែងរកទ្រង់ ដើម្បីបំពេញការស្រេកឃ្លាន។ ឬក៏ជាការព្រមទទួលយកការចាក់បង្ហូរនូវព្រះគុណដែលហូរចេញពីអ្វីដែលទ្រង់បានធ្វើនៅលើឈើឆ្កាង ហើយព្រមទទួលស្គាល់ការនោះថា ទ្រង់អាចបំពេញរាល់ការស្រេកឃ្លានទាំងអស់បាន។
ព្រះជាម្ចាស់នៃពិភពលោកទាំងមូលនេះបានធ្វើឲ្យចិត្តគំនិតរបស់អ្នកមិនជឿខ្វាក់ ក្នុងការរាំងស្ទះពួកគេកុំឲ្យមើលឃើញពន្លឺនៃដំណឹងល្អនៃសិរីល្អរបស់ព្រះគ្រីស្ទ។ ដូច្នេះហើយ អ្វីដែលយើងបានមើលឃើញពេលដែលព្រះអង្គបើកភ្នែកឲ្យយើងបានឃើញថា ព្រះគ្រីស្ទគឺពោរពេញទៅដោយសិរីល្អ។ ព្រះគ្រីស្ទគឺជារូបអង្គនៃព្រះ។ ព្រះគ្រីស្ទគឺជាមនុស្សដ៏ពិសេសអស្ចារ្យដែលផែនដីនេះមិនធ្លាប់មានពីមុនមកឡើយ ហើយជាព្រះសង្គ្រោះដ៏អស្ចារ្យ ជាព្រះអម្ចាស់ដ៏ឧត្ដុង្គឧត្ដម ជាគ្រូបង្រៀនដ៏ឆ្នើម ជាទីប្រឹក្សាដ៏ល្អប្រសើរណាស់ ជាមិត្តសម្លាញ់ដ៏ស្និទ្ធស្នាលបំផុត។ ទាំងអស់នេះហើយ គឺជាអ្វីដែលជំនឿទទួលបានចេញពីព្រះគ្រីស្ទក្នុងការដែលទទួលជឿ។
ទំនងបុគ្គលដែលបានសួរសំណួរទាំងនេះធ្លាប់បានគិតរួចមកហើយអំពីខគម្ពីរដែលបានលើកឡើងទាក់ទងនឹងការល្បងលជំនឿនៅក្នុងជីវិតរបស់យើង។ ហើយយើងក៏អាចនិយាយអំពីការទាំងនោះបានផងដែរ (ប្រហែលនៅក្នុងពេលវេលាមួយជាក់លាក់ ឬនៅពេលក្រោយៗទៀត) ប៉ុន្តែខ្ញុំនឹងគ្រាន់តែលើកឡើងថាកណ្ឌគម្ពីរយ៉ូហានទី១គឺត្រូវបានសរសេរបង្ហាញប្រាប់ដោយផ្ដល់ឲ្យជាច្រើននូវការល្បងល។ យើងអាចសរុបសេចក្តីដូចតទៅ៖ តើជីវិតលោកអ្នកបានឆ្លុះបញ្ចាំងពីតម្លៃលើព្រះគ្រីស្ទ ដែលលោកអ្នកពិតជាបានទទួលយកជាព្រះសង្គ្រោះដែរឬទេ? ផលផ្លែនិងទង្វើមិនមែនជាអ្វីដែលនាំឲ្យព្រះជាម្ចាស់រាប់លោកអ្នកជាសុចរិតនោះឡើយ។ ដើមឈើនៃជំនឿគឺជាដើមឈើដ៏ល្អ។ ផលផ្លែគឺជាអំណះអំណាងដែលបញ្ជាក់ថាដើមឈើនោះពិតជាល្អពិតមែន។ ពេលដែលយើងនិយាយវែកញែកនឹងបកស្រាយអំពីចំណុចល្អនៅត្រង់កន្លែងនេះ យើងមិនសំដៅលើភាពល្អឥតខ្ចោះនោះឡើយ។ យើងខ្ញុំគិតថា មានមនុស្សជាច្រើនប្រាកដជាមានការស្ទាក់ស្ទើរតប់ប្រមល់ជាមួយខ្លួនឯងត្រង់ថា តើខ្ញុំពិតជាបានសង្គ្រោះមែនឬអត់ ? ដោយព្រោះពួកគាត់មិនមានភាពច្បាស់លាស់ទាក់ទងទៅនឹងការយល់ដឹងអំពីការរីកចម្រើនលូតលាស់របស់គ្រីស្ទបរិស័ទ រួមទាំងរបៀបដែលអំពើបាបកំពុងតែដំណើរការ។ ដូច្នេះ យើងខ្ញុំសូមបញ្ចប់នៅតែត្រឹមនេះ៖ «តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្ដីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សម្អាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់» (១យ៉ូហាន ១:៧)។ ការដើរក្នុងពន្លឺគឺជាការដ៏ចាំបាច់ណាស់! ព្រះលោហិតរបស់ព្រះយេស៊ូវសម្អាតយើងចេញពីអំពើបាបទាំងអស់ ប្រសិនបើយើងដើរក្នុងពន្លឺ។ តើនេះមានន័យយ៉ាងដូចម្តេច៖ ការដើរក្នុងពន្លឺគឺជាការដ៏ល្អឥតខ្ចោះមែនឬ? មិនមែនទេ! ដោយព្រោះថានឹងគ្មានអំពើបាបណា ដើម្បីឲ្យសម្អាតទៀតឡើយ។ ដូច្នេះ ការដើរក្នុងពន្លឺមានន័យមួយផ្សេងទៀត។
សូមបន្តអានបន្ថែមទៀត «បើសិនជាយើងនិយាយថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ»។ ម្យ៉ាងវិញទៀត យើងមិនបានដើរក្នុងពន្លឺ។ ការដើរក្នុងពន្លឺនឹងមិនមានការបោកបញ្ឆោតឡើយ។ ការដើរក្នុងពន្លឺនឹងនាំលោកអ្នកឲ្យមើលឃើញ។ តើលោកអ្នកឃើញអ្វី? បើលោកអ្នកឃើញនូវអំពើបាបដែលលោកអ្នកទើបតែបានប្រព្រឹត្ត ហើយចុះតើលោកអ្នកគួរនឹងធ្វើយ៉ាងដូចម្តេចជាមួយនឹងអំពើបាបទាំងនោះ? នៅក្នុងខ៩បានលើកឡើងថា «បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង នោះទ្រង់នឹងសម្អាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង»។
ដូច្នេះ មានមនុស្សមួយចំនួនគិតថា ការដើរក្នុងពន្លឺទំនងជាមានន័យថា ខ្ញុំមិនអាចដើរក្នុងពន្លឺបានទេ។ ខ្ញុំមិនអាចឈប់ប្រព្រឹត្តអំពើបាបបានទេ។ វាមិនដូច្នោះទេ! នោះមិនមែនជាអត្ថន័យនៃការដើរក្នុងពន្លឺ។ ការដើរក្នុងពន្លឺមានន័យថា លោកអ្នកយល់ដឹងអំពីដំណឹងល្អយ៉ាងពិតប្រាកដ ហើយយល់ពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ យល់ពីការអាក្រក់នៃអំពើបាបយ៉ាងច្បាស់ ហើយពេលដែលលោកអ្នកភ្លាត់ស្នៀតក្នុងការធ្លាក់ក្នុងសេចក្តីល្បួងនៃអំពើបាប នោះលោកអ្នកនឹងប្រតិកម្មភ្លាមៗដោយនិយាយថា «ខ្ញុំស្អប់ការនេះណាស់ ឲ្យខ្ញុំសុំទោសព្រះវរបិតា សូមទ្រង់អត់ទោសបាបឲ្យកូនផង»។ លោកអ្នកនឹងលន់តួអំពើបាបនោះ ហើយលោកអ្នកនឹងទទួលបានការលើកលែងទោស ហើយបន្តរស់នៅសម្រាប់ព្រះអម្ចាស់ ដែលទ្រង់ជាទ្រព្យសម្បត្តិដ៏ធំមហិមាទាក់ទងនឹងព្រះគុណដែលទ្រង់បានផ្តល់មកដល់លោកអ្នក។
សរុបសេចក្តីមក ខ្ញុំចង់លើកឡើងថា ការធានាសេចក្ដីសង្គ្រោះគឺជាអំណោយទានពីព្រះវិញ្ញាណបរិសុទ្ធ «អ្នករាល់គ្នាមិនបានទទួលនិស្ស័យជាបាវបម្រើ ឲ្យត្រូវភ័យខ្លាចទៀតឡើយ គឺបានទទួលនិស្ស័យជាកូនចិញ្ចឹមវិញ ដោយហេតុនោះបានជាយើងស្រែកឡើងថា ឱ! អ័ប្បា ព្រះវរបិតាអើយ! ហើយព្រះវិញ្ញាណទ្រង់ក៏ធ្វើបន្ទាល់នឹងវិញ្ញាណយើងថា យើងជាកូនរបស់ព្រះ» (រ៉ូម ៨:១៥)។ ពេលដែលលោកអ្នកស្រែកឡើងថា «ឱ! អ័ប្បា ព្រះវរបិតា ព្រះយេស៊ូវ ព្រះអម្ចាស់អើយ!» នោះគឺជាការដែលព្រះវិញ្ញាណបរិសុទ្ធបានអះអាងជាមួយនឹងវិញ្ញាណរបស់លោកថាជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ហើយ។ ដូច្នេះ ចូរទូលសូមនូវអំណោយទាននោះចុះ។ចូរទូលសូមឲ្យទ្រង់ផ្តល់នូវអំណោយទាននៃការធ្វើបន្ទាល់ដោយផ្ទាល់របស់ទ្រង់ដែលថា លោកអ្នកជាកូនរបស់ព្រះអង្គ។
អ្នកជឿស្គាល់អំពើបាបរបស់ខ្លួនច្បាស់ណាស់។ តើពួកគាត់អាចដឹងថា ខ្លួនពិតជាបានទទួលសេចក្ដីសង្គ្រោះដោយរបៀបណា? លោកគ្រូកំពុងតែលើកទឹកចិត្តដ៏អស់អ្នកដែលតយុទ្ធលើការធានានេះ។
មតិយោបល់
Loading…