មិនថាលោកអ្នកបានទទួលជឿព្រះយេស៊ូវនៅអាយុ៥ឆ្នាំ ឬក៏៨៥ឆ្នាំក៏ដោយក៏ព្រះជាម្ចាស់នៅបន្តធ្វើការនៅក្នុងជីវិតរបស់លោកអ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ដើម្បីបើកភ្នែកឲ្យលោកអ្នកឃើញការអស្ចារ្យ និងសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ។
នសំណួរតែមួយចំនួនប៉ុណ្ណោះដែលសំខាន់ដូចសំណួរមួយនេះ។ យើងទាំងអស់គ្នាសុទ្ធតែធ្លាប់សួរនូវសំណួរនេះ។ ហើយនេះក៏ជាសំណួរមួយដែលសូម្បីតែគ្រូគង្វាលក៏សួរដែរ៖ «សួស្ដីលោកគ្រូ! ជម្រាបសួរក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទនៃយើង! ខ្ញុំជាគ្រូគង្វាលម្នាក់នៅជនបទ។ សូមលោកគ្រូជួយប្រាប់ខ្ញុំថា តើខ្ញុំអាចដឹងថាព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្ញុំដោយរបៀបណា? ខ្ញុំបានទទួលជឿព្រះអង្គកាលខ្ញុំនៅក្មេង ហើយឥឡូវនេះខ្ញុំក៏កំពុងតែបម្រើព្រះអង្គដែរ ប៉ុន្តែខ្ញុំនៅមិនទាន់បានទទួលបទពិសោធន៍នៃអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតខ្ញុំនៅឡើយ—តាមដែលអាចមើលឃើញ។ សូមលោកគ្រូជួយពន្យល់ផងថា តើខ្ញុំអាចទទួលបានការបំពេញដោយព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណាទៅ? តើការនោះមានលក្ខណៈយ៉ាងដូចម្ដេច?»។
ខ្ញុំចង់ចាប់ផ្ដើមឆ្លើយដោយបកស្រាយឲ្យច្បាស់សិន៖ មិត្តអ្នកសួរសំណួររបស់យើងកំពុងតែសួរនូវសំណួរពីរយ៉ាងដោយដាច់ដោយឡែកពីគ្នា តែខ្ញុំមិនប្រាកដថាគាត់ដឹងថាគាត់កំពុងតែសួរនូវសំណួរពីរយ៉ាង ឬក៏អត់នោះទេ។ ដូច្នេះ ចំណុចដំបូងរបស់ខ្ញុំគឺចង់លើកឡើងឲ្យច្បាស់ថា គាត់យល់ថានេះគឺជាសំណួរពីរយ៉ាងដោយយោងតាមព្រះគម្ពីរ។
សំណួរដំបូងគឺ៖ «តើខ្ញុំអាចដឹងថាព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្ញុំដោយរបៀបណា?»។ ហើយសំណួរទី២៖ «តើខ្ញុំអាចទទួលបានការបំពេញដោយព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណាទៅ?»។ វាពិតជាអាចកើតឡើងមែនត្រង់ថា ក្នុងជីវិតជាគ្រីស្ទបរិស័ទដ៏ពិតក៏មានពេលដែលយើងមិនទទួលការបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ។ ហើយនេះគឺជាចំណុចដែលខ្ញុំមិនដឹងជាប្រាកដថាគាត់យល់ ឬក៏អត់នោះទេ។ ប៉ុន្តែ វាមិនអាចទៅរួចបានឡើយដែលថា បុគ្គលម្នាក់ជាគ្រីស្ទបរិស័ទ ប៉ុន្តែគាត់មិនមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងគាត់។
គ្រីស្ទបរិស័ទគ្រប់ៗរូបមានព្រះវិញ្ញាណ
ជីវិតជាគ្រីស្ទបរិស័ទគឺជាជីវិតដែលមានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទគង់ជាមួយ។ កណ្ឌគម្ពីរ រ៉ូម ៨:៩ បានចែងថា «តែបើសិនជាព្រះវិញ្ញាណនៃព្រះសណ្ឋិតក្នុងខ្លួនអ្នករាល់គ្នា នោះអ្នករាល់គ្នាមិននៅខាងសាច់ឈាមទៀតទេ គឺនៅខាងវិញ្ញាណវិញ ប៉ុន្តែ បើអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ អ្នកនោះមិនមែនជារបស់ផងទ្រង់ទេ»។
ដូច្នេះ បុគ្គលណាម្នាក់មិនអាចជាគ្នាគ្រីស្ទបរិស័ទបានឡើយ ប្រសិនបើគាត់មិនមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងគាត់។ បន្ទាប់មកក្នុងកណ្ឌគម្ពីរ អេភេសូរ ៥:១៨ សាវ័ក ប៉ុល បានមានប្រសាសន៍ទៅកាន់គ្រីស្ទបរិស័ទដែលមានព្រះវិញ្ញាណបរិសុទ្ធ។ ហើយយើងដឹងអំពីចំណុចនេះ ពីព្រោះនៅក្នុងជំពូកទី១ គាត់បានលើកឡើងថា «ឯអ្នករាល់គ្នា [អ្នកអាន] … ទ្រង់ក៏ដៅចំណាំដោយព្រះវិញ្ញាណបរិសុទ្ធ ដែលបានសន្យា ព្រះវិញ្ញាណនោះទ្រង់ជាទីបញ្ចាំចិត្ត ពីដំណើរកេរអាកររបស់យើងរាល់គ្នា ទាល់តែបានលោះរបស់កំណាន់ ដែលទ្រង់បានទិញទុកឲ្យយើងនោះ សម្រាប់ជាសេចក្ដីសរសើរដល់សិរីល្អនៃទ្រង់» (អេភេសូរ ១:១៣-១៤)។ បន្ទាប់មក គាត់ក៏បានសរសេរក្នុងកណ្ឌគម្ពីរ អេភេសូរ ៥:១៨-២០ ថា៖
«កុំឲ្យស្រវឹងស្រាដែលនាំឲ្យព្រើលចិត្តឡើយ តែ [គ្រីស្ទបរិស័ទដែលមានព្រះវិញ្ញាណ] ចូរឲ្យបានពេញជាព្រះវិញ្ញាណវិញ ហើយនិយាយគ្នាទៅវិញទៅមក ដោយបទទំនុកតម្កើង ទំនុកបរិសុទ្ធ នឹងចម្រៀងខាងឯវិញ្ញាណ ទាំងច្រៀង ហើយសរសើរដល់ព្រះអម្ចាស់ដោយចិត្ត ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាជាដរាប ក្នុងគ្រប់ការទាំងអស់ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ»។
និយាយម្យ៉ាងទៀតទៅ ការពេញទៅដោយព្រះវិញ្ញាណគឺមានកម្រិត ឬក៏មានលក្ខណៈសម្បត្តិនៃការដែលមានអំណាចពីព្រះវិញ្ញាណដែលពេលខ្លះមានច្រើន ហើយពេលខ្លះទៀតមានតិច។ ឧទាហរណ៍៖ ក្នុងកណ្ឌគម្ពីរ កិច្ចការ ៤:៣១ បានលើកឡើងអំពីគ្រីស្ទបរិស័ទដែលបានជួបជុំគ្នាដើម្បីអធិស្ឋានថា «កាលបានអធិស្ឋានរួចហើយ នោះកន្លែងដែលគេប្រជុំគ្នាក៏រញ្ជួយ ហើយគេបានពេញជាព្រះវិញ្ញាណបរិសុទ្ធទាំងអស់គ្នា រួចក៏ផ្សាយព្រះបន្ទូលដោយចិត្តក្លាហាន»។
ដូច្នេះ លទ្ធផលមួយនៃបទពិសោធន៍ដ៏ពិសេស មានតម្លៃ ផ្អែមល្ហែម ពេញដោយអំណាចព្រះចេស្ដា និងប្លែកនៃការមានពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធគឺថា យើងបានត្រៀមខ្លួនជាស្រេច មានសេរីភាព និងមានភាពក្លាហានក្នុងការធ្វើបន្ទាល់អំពីព្រះគ្រីស្ទ។ ឬក៏ថា យោងតាមកណ្ឌគម្ពីរអេភេសូរជំពូកទី៥ យើងបានត្រៀមខ្លួនជាស្រេច មានសេរីភាព និងមានចិត្តប្រាថ្នាហូរហៀរដោយបទទំនុកតម្កើង ទំនុកបរិសុទ្ធ នឹងចម្រៀងខាងឯវិញ្ញាណ និងកាអរព្រះគុណព្រះជាម្ចាស់ខ្លាំងជាងមុន។
ការមានព្រះវិញ្ញាណបរិសុទ្ធគឺជាចំណុចសម្គាល់ដ៏សំខាន់មួយដែលថាបុគ្គលណាម្នាក់ជាគ្រីស្ទបរិស័ទ។ លោកអ្នកមិនអាចធ្វើជាគ្រីស្ទបរិស័ទបាននោះទេ ប្រសិនបើលោកអ្នកមិនមានព្រះវិញ្ញាណ។ គ្មានគ្រីស្ទបរិស័ទណាដែលមិនមានព្រះវិញ្ញាណបរិសុទ្ធនោះទេ ។ ការមានពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វីដែលអ្នកជឿគ្រប់ៗរូបគួរតែស្វែងរកក្នុងបទពិសោធន៍សម្រាប់ជាប្រយោជន៍ដ៏អស្ចារ្យ សេរីភាពដែលលើកតម្កើងព្រះគ្រីស្ទ ភាពក្លាហាន និងអំណាចដែលការនោះនាំឲ្យកើតឡើង។
គាត់បានសួរ «ដូច្នេះ តើខ្ញុំអាចដឹងថាព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងខ្ញុំដោយរបៀបណា?»។ ចម្លើយរបស់ខ្ញុំគឺថា៖ «តាមពិតទៅ ប្រសិនបើលោកអ្នកគឺជាគ្រីស្ទបរិស័ទមែន នោះលោកអ្នកអាចដឹងថាខ្លួនមានព្រះវិញ្ញាណបាន —ប្រសិនបើលោកអ្នកពិតជាបានកើតជាថ្មីមែន»។
សណ្ឋានរបស់យើងចំពោះព្រះគ្រីស្ទ
ដើម្បីឲ្យយើងអាចឆ្លើយសំណួរនេះបាន ដោយយោងតាមព្រះគម្ពីរ វាជាការដ៏សំខាន់ណាស់ដែលលោកអ្នកស្គាល់អំពីសណ្ឋានរបស់ខ្លួនមុនលោកអ្នកទទួលជឿសិន។ លុះត្រាតែលោកអ្នកស្គាល់ពីព្រះគម្ពីរ មិនមែនពីបទពិសោធន៍ជាចម្បងៗ—ហើយខ្ញុំក៏មិនបារម្ភអំពីមនុស្សនានាដូចខ្ញុំជាដើមដែលមិននឹកចាំអំពីពេលដែលខ្ញុំទទួលជឿ ដូច្នេះសូមអនុញ្ញាតឲ្យខ្ញុំពន្យល់អំពីការនេះឲ្យបានច្បាស់លាស់សិន៖ ខ្ញុំកំពុងតែលើកឡើងថា ដាច់ខាតយើងត្រូវតែរៀនពីព្រះគម្ពីរអំពីសណ្ឋានដែលយើងនៅក្នុងនោះមុនពេលយើងទទួលជឿជាមុនសិន។ មិនមែនពីការចងចាំរបស់អ្នកម្ដាយយើង ឬក៏ការចងចាំរបស់យើង ឬក៏ពីទីបន្ទាល់របស់អ្នកណាម្នាក់ផ្សេងទៀតអំពីសណ្ឋានដ៏អាក្រក់ៗរបស់យើងនោះទេ ប៉ុន្តែពីព្រះគម្ពីរផ្ទាល់។
យើងរៀនអំពីសណ្ឋានរបស់យើងពីព្រះគម្ពីរ។ មានមនុស្សច្រើននាក់ (រាប់ពាន់នាក់) បានទទួលការបង្រៀនដ៏អាក្រក់អំពីសណ្ឋានដែលពួកគេបានស្ថិតនៅក្នុងនោះមុនពេលដែលគេទទួលជឿ។ ហើយចម្លើយដែលចេញពីព្រះគម្ពីរគឺដូចនេះ៖
យើងមិនមានអំណាចក្នុងការបំផ្លាស់បំប្រែឆន្ទៈ ដួងចិត្ត ចិត្តគំនិត ឬក៏ការស្រឡាញ់របស់យើងបាននោះទេ។ យើងបានបែរចេញពីព្រះជាម្ចាស់ទាំងស្រុង។ បើអញ្ចឹងមែន តើយើងបានទទួលព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណាទៅ? វាគឺជារឿងអស្ចារ្យ។ គឺដោយព្រះគុណដែលមានពេញទៅដោយអធិបតេយ្យភាព គឺព្រះគុណដ៏មានអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានដាក់លើយើងកាលយើងមិនអាចជួយខ្លួនឯងបាន។
ការប្រោសពីស្លាប់
«ឯខ្យល់ ចង់បក់ទៅឯណា ក៏ចេះតែបាន» ព្រះយេស៊ូវបានមានបន្ទូល «ហើយអ្នកឮសូរសព្ទ តែមិនដឹងជាមកពីណា ឬទៅឯណាទេ អស់អ្នកណាដែលកើតមកពីព្រះវិញ្ញាណ នោះក៏ដូច្នោះដែរ» (យ៉ូហាន ៣:៨)។ ការអស្ចារ្យបានកើតឡើង។ ព្រះវិញ្ញាណបានបើកភ្នែករបស់លោកអ្នក (កិច្ចការ ១៦:១៤)។ ព្រះជាម្ចាស់បានចែងចាំងក្នុងដួងចិត្តរបស់លោកអ្នកដោយមានពេញទៅដោយសព្វានុភាព ដើម្បីបណ្ដាលឲ្យលោកអ្នកអាចឃើញពន្លឺនៃដំណឹងល្អនៃភាពស្រស់ស្អាត និងសិរីល្អរបស់ព្រះគ្រីស្ទ (២កូរិនថូស ៤:៦)។ ព្រះអង្គបានប្រទានឲ្យលោកអ្នកមានជីវិត ដើម្បីកុំឲ្យលោកអ្នកនៅបន្តស្លាប់ ខ្វាក់ ឬក៏ទាស់ប្រឆាំងនឹងព្រះជាម្ចាស់ មិនអាចមានសមត្ថភាពក្នុងការមិនអាចផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន មិនបន្តបះបោរ និងមិនបន្តមើលឈើឆ្កាងថាជាសេចក្ដីល្ងីល្ងើ។
ផ្ទុយទៅវិញ លោកអ្នកបានឃើញសិរីល្អរបស់ព្រះគ្រីស្ទក្នុងដំណឹងល្អ។ លោកអ្នកបានឃើញថា វាស្រស់ស្អាតជាង និងគួរឲ្យប្រាថ្នាចង់បានខ្លាំងជាងអ្វីៗលើផែនដីនេះទៅទៀត។ ព្រះវិញ្ញាណរបស់ព្រះបានធ្វើឲ្យលោកអ្នកមានជីវិត។ ព្រះអង្គពិត មានតម្លៃ ហើយស្រស់ស្អាត។ លោកអ្នកលែងនៅជាខ្វាក់ទៀត។ លោកអ្នកបានឃើញឈើឆ្កាង ព្រះគ្រីស្ទ ផ្លូវរបស់ព្រះអង្គ និងព្រះបន្ទូលរបស់ទ្រង់ថាគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងសេចក្ដីសន្យានានានៃអំពើបាប។ ជាជាងទាស់ប្រឆាំងនឹងព្រះជាម្ចាស់ លោកអ្នកបានស្រឡាញ់ព្រះអង្គ ហើយចង់ផ្គាប់ព្រះហឫទ័យដល់ទ្រង់។ ជាជាងមានមន្ទិលសង្ស័យ និងចិត្តរឹងរូស នោះលោកអ្នកបានឃើញសេចក្ដីសន្យារបស់ព្រះអង្គថាពិត ហើយក៏បានទុកចិត្តលើសេចក្ដីសន្យាទាំងនោះ ដោយបានដាក់ទំនុកចិត្តលើសេចក្ដីសន្យានោះ។ ព្រះគ្រីស្ទបានក្លាយជាទ្រព្យសម្បត្តិរបស់លោកអ្នក។
នោះឯងគឺជារបៀបដែលលោកអ្នកអាចដឹងថា ខ្លួនកំពុងតែមានជីវិត។ នោះឯងគឺជារបៀបដែលលោកអ្នកអាចដឹងថា ខ្លួនបានទទួលជឿ។ នោះឯងគឺជារបៀបដែលលោកអ្នកអាចដឹងថា ខ្លួនមានជំនឿ។ នោះឯងគឺជារបៀបដែលលោកអ្នកអាចដឹងថា ខ្លួនមានព្រះវិញ្ញាណបរិសុទ្ធគង់នៅជាមួយ។ ចំណុចទាំងអស់នោះនឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើការអស្ចារ្យនៃព្រះវិញ្ញាណរបស់ព្រះមិនបានធ្វើការនៅក្នុងលោកអ្នក។ ប៉ុន្តែ លោកអ្នកក៏នឹងមិនអាចដឹងអំពីចំណុចនោះបានដែរ លុះត្រាតែលោកអ្នកបានទទួលការបង្រៀនចេញពីព្រះគម្ពីរត្រង់ថា លោកអ្នកបានស្លាប់ដល់កម្រិតណា និងអំពីរបៀបដែលមិនអាចទៅរួចបានទាល់តែសោះទាក់ទងនឹងការបំផ្លាស់បំប្រែដ៏ស្រស់ស្អាតមួយនេះ លុះត្រាតែតាមរយៈព័ន្ធកិច្ចនៃអធិបតេយ្យភាពរបស់ព្រះវិញ្ញាណ (លូកា ១៨:២៧)។
តើលោកអ្នកមានការភ្ញាក់ផ្អើលទេ?
ប្រសិនបើលោកអ្នកធ្លាប់ទទួលការបង្រៀនថាគឺលោកអ្នកហើយដែលជាអ្នកសម្រេចចិត្ត—សូមអនុញ្ញាតឲ្យខ្ញុំលើកឡើងចំណុចនេះជាថ្មីម្ដងទៀត ពីព្រោះនេះគឺជាការបង្រៀនដែលនាំមកនូវការបំផ្លាញចោល ហើយក៏មានការផ្សព្វផ្សាយច្រើនផងដែរ។ ប្រសិនបើលោកអ្នកធ្លាប់ទទួលការបង្រៀនថាគឺលោកអ្នកហើយដែលជាអ្នកសម្រេចចិត្តលើចំណុចទាំងអស់នេះ នោះលោកអ្នកនឹងមិនអាចមានការភ្ញាក់ផ្អើលក្នុងការបំផ្លាស់បំប្រែរបស់ខ្លួនបានឡើយ។ នោះលោកអ្នកនឹងឃើញថា នោះគឺជាការសម្រេចចិត្តនៃទង្វើរបស់ខ្លួន ដែលនោះនឹងបង្ហាញថា គ្មានភស្តុតាងដ៏ពិតណាដែលបញ្ជាក់ថាលោកអ្នកបានកើតជាថ្មីឡើយ ឬក៏ថាព្រះវិញ្ញាណក៏កំពុងតែគង់ក្នុងនៅលោកអ្នកដែរ។ នេះគឺជារឿងដែលគួរឲ្យខ្លោចផ្សាខ្លាំងមែនទែនមួយសម្រាប់អស់អ្នកដែលបដិសេធអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងសេចក្ដីសង្គ្រោះ។
សូមសួរខ្លួនឯងថា៖ តើខ្លួនឯងមានការភ្ញាក់ផ្អើលលើអធិបតេយ្យភាពនៃព្រះគុណរបស់ព្រះជាម្ចាស់ដែរឬទេត្រង់ថាជារៀងរាល់ព្រឹកលោកអ្នកភ្ញាក់ឡើងក្នុងនាមជាអ្នកជឿព្រះគ្រីស្ទ? តើលោកអ្នកមានការភ្ញាក់ផ្អើលដែរឬទេ? ជំនឿដ៏ពិតដែលសង្គ្រោះគឺជាភស្តុតាងលេខមួយដែលបង្ហាញថា លោកអ្នកបានកើតជាថ្មីមែន។ កណ្ឌគម្ពីរ ១យ៉ូហាន ៥:១ បានចែងថា «អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតមកពីព្រះ»។ នេះមានន័យថា កើតពីព្រះវិញ្ញាណ ហើយមានព្រះវិញ្ញាណជាកម្មសិទ្ធិ។
ដូច្នេះ ខ្ញុំត្រូវតែបញ្ចប់ត្រង់នេះ។ ខ្ញុំដឹងថាមិត្តអ្នកអានបានសួរថា៖ «តើខ្ញុំអាចទទួលបានការបំពេញដោយរបៀបណាទៅ?» ហើយខ្ញុំក៏មិនទាន់បានឆ្លើយអ្វីដែរ ប៉ុន្តែខ្ញុំគិតថាយើងត្រូវតែឈប់ត្រង់នេះ ពីព្រោះសំណួរមួយទៀតរបស់គាត់ «តើខ្ញុំអាចទទួលបានការបំពេញដោយព្រះវិញ្ញាណបរិសុទ្ធដោយរបៀបណាទៅ?» គឺជាសំណួរធំពេកក្នុងការឆ្លើយនៅពេលនេះ។ ហើយខ្ញុំគិតថា អ្វីដែលយើងបានឆ្លើយគឺគ្រាន់តែជាផ្នែកលើៗប៉ុណ្ណោះ៖ តើអ្វីទៅជាព័ន្ធកិច្ចនៃព្រះវិញ្ញាណបរិសុទ្ធក្នុងជីវិតរបស់យើងដែលយើងអាចមើលឃើញបាន? ហើយថា តើអ្វីទៅជាចម្លើយស្នូលក្នុងព្រះគម្ពីរ? ចម្លើយគឺថា ព្រះអង្គបានប្រោសឲ្យយើងរស់ពីស្លាប់ឡើងវិញ ហើយបានធ្វើឲ្យយើងយកព្រះគ្រីស្ទធ្វើជាសម្បត្តិដ៏ធំឧត្តមបំផុតរបស់យើង។
មិនថាលោកអ្នកបានទទួលជឿព្រះយេស៊ូវនៅអាយុ៥ឆ្នាំ ឬក៏៨៥ឆ្នាំក៏ដោយក៏ព្រះជាម្ចាស់នៅបន្តធ្វើការនៅក្នុងជីវិតរបស់លោកអ្នក តាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ដើម្បីបើកភ្នែកឲ្យលោកអ្នកឃើញការអស្ចារ្យ និងសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ។

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 2
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
សូមពិនិត្យអំពីឈ្មោះរបស់អ្នកនិពន្ឌ
អរគុណបងសម្រាប់ការជួយមើល,សូមព្រះប្រទានពរ!