ព្រះជាម្ចាស់យកចិត្តទុកដាក់ចំពោះយើង
ចំណុចដ៏គួរឲ្យព្រួយបារម្ភខ្លាំងបំផុត—និងជាចំណុចឈឺក្បាលជាងគេ—សម្រាប់គ្រីស្ទបរិស័ទជាច្រើននាក់គឺទាក់ទងទៅនឹងសមាជិកក្រុមគ្រួសាររបស់ពួកគាត់ដែលមិនទាន់មានជំនឿលើព្រះគ្រីស្ទ ឬក៏ទំនងជាទាក់ទងនឹងបុគ្គលដែលបានបោះបង់ជំនឿដែលខ្លួនបានធំធាត់ឡើងនោះចោល។ មានគ្នាជាច្រើននាក់ក្នុងចំណោមយើងដែលជាគ្រីស្ទបរិស័ទមានបន្ទុកក្នុងការអធិស្ឋានសម្រាប់អស់អ្នកដែលយើងស្រឡាញ់ ហើយពេលខ្លះវាពិបាកណាស់ក្នុងការដឹងអំពីរបៀប និងចំណុចដែលយើងគួរអធិស្ឋាន។
ការនេះក៏កើតឡើងដែរ សូម្បីតែចំពោះគ្រីស្ទបរិស័ទដែលយល់យ៉ាងច្បាស់លាស់អំពីចំណុចដ៏អស្ចារ្យនៃដំណឹងល្អរបស់ព្រះគ្រីស្ទ និងអំពីភាពអស្ចារ្យនៃការដែលព្រះជាម្ចាស់លាតត្រដាងសេចក្ដីសង្គ្រោះពីអស់កល្បជានិច្ច ដែលចំណុចនេះគ្របលើផ្ទៃទាំងមូលនៃពិភពលោកនេះ។ ពួកគាត់ចង់បានភាពយ៉ាងត្រឹមត្រូវក្នុងការឲ្យសេចក្ដីអធិស្ឋានរបស់ពួកគាត់ផ្ដោតទៅលើរូបភាពធំរបស់ព្រះជាម្ចាស់ក្នុងការមើលទៅក្រៅ និងក្នុងការអធិស្ឋានដោយយកដំណឹងល្អធ្វើជាចំណុចស្នូលមិនមែនមើលមកតែក្នុង ដែលជាការអធិស្ឋានផ្ដោតគ្រាន់តែក្នុងផ្ទះសំបែង។ ហេតុដូច្នេះហើយ បានជាពេលខ្លះយើងគិតថា គ្រួសារដ៏តូចតាចរបស់យើងគឺមិនសំខាន់អ្វីនោះទេក្នុងដំណើររឿងដ៏អស្ចារ្យនៃផែនការសង្គ្រោះរបស់ព្រះជាម្ចាស់ និងគោលបំណងសម្រាប់ចក្រវាលទាំងមូលនេះ។
ប៉ុន្តែ ឱ! បងប្អូនអើយ! ទោះជាយ៉ាងណាក្ដី ក៏ដាច់ខាតយើងមិនត្រូវភ្លេចថា ទោះបើព្រះជាម្ចាស់មានពិភពលោកទាំងមូលនៅក្នុងកណ្ដាប់ព្រះហស្តរបស់ទ្រង់ក៏ដោយ ក៏ព្រះអង្គនៅមានលោកអ្នក នឹងយើងខ្ញុំផងដែរ! ព្រះអង្គដែលបានដាក់ឈ្មោះ និងដាក់តួលេខលើហ្វូងតារានៅលើមេឃក៏នៅដឹងពីចំនួនសរសៃសក់លើក្បាលក៏តូចរបស់យើងដែរ។ ព្រះអង្គយកព្រះទ័យទុកដាក់ចំពោះយើង និងចំពោះក្រុមគ្រួសាររបស់យើង ទោះបីថាទ្រង់គ្រប់គ្រងលើអ្វីៗដែលព្រះអង្គបានបង្កើតនេះក្នុងលក្ខណៈដ៏ធំធេងក៏ដោយ។ ហើយព្រះអង្គព្រះសណ្ដាប់ឮនូវសេចក្ដីអធិស្ឋានរបស់បុត្រាបុត្រីដែលទ្រង់ស្រឡាញ់ ដែលមានរួមទាំងសេចក្ដីអធិស្ឋានរបស់យើងសម្រាប់អស់អ្នកដែលយើងស្រឡាញ់ថែមទៀតផង។ ព្រះអង្គមានព្រះទ័យសប្បុរស ហើយព្រះអង្គសព្វព្រះហឫទ័យក្នុងការបង្ហាញព្រះទ័យសប្បុរសនោះរបស់ទ្រង់ទៅកាន់បុត្រាបុត្រីទ្រង់ដែរ។
នេះឯងជាមូលហេតុដែលខ្ញុំស្រឡាញ់សាច់រឿងនៅក្នុងកណ្ឌគម្ពីរ ២ពង្សាវតាក្សត្រជំពូក៤ ដែលរៀបរាប់អំពីអ្នកក្រុងស៊ូណែមម្នាក់ដែលមិនមានកូន ហើយចំពោះនាងព្រះជាម្ចាស់បានប្រទានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់តាមរយៈពាក្យពេចន៍របស់ហោរា អេលីសេ។ ជារឿយៗ ព្រះគម្ពីរតែងតែបង្ហាញសញ្ញានៃការឆ្ពោះទៅមុខដ៏សំខាន់មហិមាក្នុងការលាតត្រដាងប្រវត្តិសាស្ត្រនៃដំណើររឿងដ៏អស្ចារ្យអំពីសេចក្ដីសង្គ្រោះនៅពេលដែលស្ត្រីណាម្នាក់ទទួលបានការសន្យាថា នាងនឹងមានកូនហើយបន្ទាប់មកនាងក៏បានមានផ្ទៃពោះហើយក៏សម្រាលកូនប្រុសម្នាក់នោះ—ចូរគិតអំពីលោក អ៊ីសាក ដែលជាកូនប្រុសរបស់នាង សារ៉ា ឬក៏គិតអំពីលោក សាំយូអែល ដែលជាកូនប្រុសរបស់នាង ហាណា ឬក៏អំពីព្រះយេស៊ូវផ្ទាល់ដែលជាបុត្រារបស់នាង ម៉ារា—បុគ្គលនីមួយៗមានចំណែកយ៉ាងសំខាន់ក្នុងការដើរតួក្នុងប្រវត្តិសាស្ត្រនៃសេចក្ដីសង្គ្រោះ—ប៉ុន្តែមិនត្រឹមតែនៅត្រង់ចំណុចនេះប៉ុណ្ណោះទេ។ គ្មានចំណុចសំខាន់អស្ចារ្យណាសម្រាប់សេចក្ដីសង្គ្រោះពិភពលោកទាំងមូលក្នុងសាច់រឿង—គឺគ្មានសោះ។ គឺគ្រាន់តែរៀបរាប់អំពីស្ត្រីម្នាក់ដែលគ្មានឈ្មោះក្នុងរបៀបដ៏សាមញ្ញ គ្រួសារដែលមិនសំខាន់ ដែលទទួលបានកូនម្នាក់ដែលមិនមានឈ្មោះ—ហើយបន្ទាប់មកពេលដែលក្មេងប្រុសនោះស្លាប់ទៅក្នុងមួយរំពេច គាត់ក៏បានមានជីវិតសារជាថ្មីឡើងវិញ តាមរយៈសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។ មើលទៅហាក់បីដូចជាគ្មានមូលហេតុអ្វីសោះសម្រាប់សាច់រឿងទាំងអស់នេះ (យើងមិនដែលឮអ្វីថែមទៀតអំពីពួកគេឡើយ) —លើកលែងតែអំពីសេចក្ដីមេត្តាករុណាដ៏ក្លៀវក្លា និងភាពសប្បុរសរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ! (យើងបានឃើញសាច់រឿងនៃគ្រួសារដែលគ្មានឈ្មោះមួយនេះម្ដងទៀតក្នុងកណ្ឌគម្ពីរ ២ពង្សាវតាក្សត្រជំពូក៨ ដែលនៅពេលនោះព្រះជាម្ចាស់បានសម្ដែងព្រះទ័យសប្បុរសដ៏ធំមហិមារបស់ទ្រង់ដល់ពួកគាត់ក្នុងការសង្គ្រោះពួកគាត់ចេញពីគ្រាអំណត់អត់ ហើយក្រោយមកទៀតក៏បានផ្ដល់ដីរបស់ពួកគាត់ឲ្យវិញ។ នោះឯជាចំណុចស្នូល ទោះបើមើលទៅពួកគាត់ហាក់បីដូចជាមិនមានចំណែកអ្វី «សំខាន់» សោះក្នុងដំណើររឿងលើសពីនោះ។)
ព្រះដ៏ជាព្រះជាម្ចាស់របស់យើង—ខណៈពេលដែលព្រះអង្គកំពុងបំពេញផែនការដ៏នៅអស់កល្បជានិច្ចដែលគ្មានការបង្អង់យូរ និងគោលបំណងសម្រាប់ការសង្គ្រោះពិភពលោកទាំងមូល—គឺជាព្រះដែលមានទាំងពេលវេលា និងទំនោរចិត្តដ៏អស្ចារ្យក្នុងការបង្ហាញសេចក្ដីសប្បុរសយ៉ាងវិសេសវិសាល និងការយកព្រះទ័យទុកដាក់សម្រាប់មនុស្សសាមញ្ញៗក្នុងគ្រួសារ «ដែលមិនសំខាន់» ដែលនេះឯងគឺជាមូលហេតុដ៏មានឥទ្ធិពលក្នុងការជំរុញឲ្យយើងមានទំនុកចិត្តក្នុងការចូលទៅចំពោះព្រះអង្គ ដើម្បីអធិស្ឋានសម្រាប់ក្រុមគ្រួសាររបស់យើង មិនថាយើងមានអារម្មណ៍ថាវាសាមញ្ញ ឬក៏មិនសំខាន់ប៉ុណ្ណាក៏ដោយ។
ដូច្នេះ ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលយើងទំនងជាអាចយកទៅគិតបាន ខណៈពេលដែលយើងព្យាយាមធ្វើបែបនោះ៖
ចូរនៅបន្តអធិស្ឋានដោយស្មោះត្រង់
ចូរកុំមានមន្ទិលសង្ស័យថា ព្រះអម្ចាស់មិនមានព្រះគុណ ឬក៏មិនមានព្រះទ័យក្នុងការសង្គ្រោះមនុស្សលោកឡើយ។ ចូរបន្តនៅអធិស្ឋានសម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគាត់ដោយទុកចិត្តលើអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូលអំពីព្រះអង្គទ្រង់ផ្ទាល់ ហើយព្រមព្រៀងសេចក្ដីប្រាថ្នារបស់លោកអ្នកជាមួយនឹងព្រះអង្គចុះ។
វាគឺជាការដ៏ងាយស្រួលណាស់ក្នុងការដែលយើង—ជាពិសេសបន្ទាប់ពីចំណាយពេលជាយូរ ហើយហាក់បីដូចជាមិនឃើញការបំផ្លាស់បំប្រែដួងចិត្តក្នុងជីវិតអស់អ្នកដែលយើងកំពុងតែអធិស្ឋានសម្រាប់ពួកគាត់—ចាប់ផ្ដើមមានមន្ទិលសង្ស័យថា ព្រះជាម្ចាស់ពិតជាមិនបានយកព្រះទ័យទុកដាក់ជាមួយពួកគាត់ ហើយថាការអធិស្ឋានរបស់យើងមិនមានផលផ្លែអ្វីនោះទេ។ ប៉ុន្តែ ដាច់ខាត! យើងត្រូវតែរម្លឹកខ្លួនឯងអំពីសេចក្ដីពិតដែលមានបើកសម្ដែងឲ្យឃើញក្នុងដំណឹងល្អដែលថា ព្រះជាម្ចាស់សព្វព្រះហឫទ័យក្នុងការសង្គ្រោះ!
នេះឯងជាមូលហេតុដែលសាវ័ក ប៉ុល លើកទឹកចិត្តអ្នកជឿថា «ចូរពោលពាក្យអរព្រះគុណ ពាក្យទូលសូម ពាក្យអធិស្ឋាននឹងពាក្យទូលអង្វរឲ្យមនុស្សទាំងអស់» ហើយបន្ទាប់មកបញ្ជាក់អះអាងថា «ដ្បិតយ៉ាងនោះទើបបានល្អហើយគាប់ព្រះហឫទ័យដល់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើងដែលទ្រង់សព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត» (១ធីម៉ូថេ ២:១, ៣-៤)។ នេះឯងជាអ្វីដែលយើងឃើញក្នុងព្រះអម្ចាស់យេស៊ូវគ្រីស្ទផ្ទាល់ «កាលទ្រង់ឃើញហ្វូងមនុស្សហើយនោះមានព្រះហឫទ័យក្ដួលអាណិតដល់គេ ដ្បិតគេល្វើយហើយខ្ចាត់ខ្ចាយដូចហ្វូងចៀមដែលឥតអ្នកគង្វាល» (ម៉ាថាយ ៩:៣៦)។ ហើយបន្ទាប់មកព្រះអង្គបានលើកទឹកចិត្តពួកសិស្សរបស់ទ្រង់ថា «ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចម្រូតឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចម្រូតទ្រង់» (ម៉ាថាយ ៩:៣៦-៣៨)។ យើងក៏ឃើញយ៉ាងច្បាស់អំពីភាពឆេះឆួលនៃសេចក្ដីប្រាថ្នាដូចនោះក្នុងសេចក្ដីអធិស្ឋានរបស់សាវ័ក ប៉ុល សម្រាប់អស់អ្នកដែលគាត់ស្រឡាញ់គឺពួកសាសន៍យូដា «បំណងចិត្តខ្ញុំ និងសេចក្ដីដែលខ្ញុំអង្វរដល់ព្រះឲ្យសាសន៍អ៊ីស្រាអែលនោះគឺឲ្យគេបានសង្គ្រោះ» (រ៉ូម ១០:១)។
ព្រះជាម្ចាស់របស់យើងមានពេញទៅដោយអធិបតេយ្យភាព។ យើងមិនអាចបង្ខាំងព្រះហឫទ័យរបស់ទ្រង់ឲ្យចុះចូលនឹងបំណងចិត្តរបស់យើងបានឡើយ។ ប៉ុន្តែ ព្រះអង្គគឺជាព្រះសង្គ្រោះដែលមានពេញទៅដោយអធិបតេយ្យភាព ហើយយើងអាចទុកចិត្តលើព្រះអង្គខណៈពេលដែលយើងធ្វើឲ្យបំណងប្រាថ្នារបស់យើងព្រមព្រៀងគ្នាជាមួយនឹងទ្រង់។
ចូរអធិស្ឋានទូលសូមឲ្យព្រះអម្ចាស់បើកទ្វា
ចូរអធិស្ឋានទូលសូមឲ្យមានពេលវេលាដែលលោកអ្នកអាចនឹងនិយាយដោយបើកចំហ និងយ៉ាងច្បាស់លាស់អំពីព្រះគ្រីស្ទ និងដំណឹងល្អជាមួយនឹងអស់អ្នកដែលលោកអ្នកស្រឡាញ់។
ប៉ុន្តែ ចូរអធិស្ឋានទូលសូមឲ្យព្រះអង្គអនុញ្ញាតឲ្យលោកអ្នកប្រើប្រាស់ឱកាសនានាឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យលោកអ្នកអាចនាំចូលមកនូវការគិតគូរតាមបែបព្រះគម្ពីរយ៉ាងសាមញ្ញក្នុងការសន្ទនានានា ដោយមានប្រាជ្ញា និងព្រះគុណក្នុងរបៀបដែលនឹងបណ្ដាលឲ្យពួកគាត់ឃើញសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។
ជារឿយៗ យើងតែងតែមានការខកចិត្តនៅពេលដែលយើងមើលទៅហាក់បីដូចជាមិនមានឱកាសច្រើនប៉ុន្មានសោះ ក្នុងការនិយាយជជែកគ្នាដោយបើកចំហអំពីដំណឹងល្អជាមួយនឹងអស់អ្នកដែលយើងប្រាថ្នាចង់ឃើញពួកគេទទួលជឿលើព្រះគ្រីស្ទ។ ប៉ុន្តែ បន្ទាប់មកទៀតយើងក៏មានការសោកស្ដាយផងដែរនៅពេលដែលយើងមិនបានឆក់យកឱកាសពេលមានឱកាសនោះ ឬក៏ថាយើងមិនបានពន្យល់យ៉ាងក្បោះក្បាយបែបអាចយល់បានដោយងាយស្រួលនៅពេលដែលយើងមានឱកាសនិយាយគ្នា។
សាវ័ក ប៉ុល បានសូមឲ្យក្រុមជំនុំអធិស្ឋានថា «ដើម្បីឲ្យព្រះបានបើកទ្វារឲ្យយើងខ្ញុំផ្សាយព្រះបន្ទូលជាសេចក្ដីអាថ៌កំបាំងនៃព្រះគ្រីស្ទ…ប្រយោជន៍ឲ្យខ្ញុំបានសម្ដែងព្រះបន្ទូលតាមដែលគួរគប្បី» (កូឡូស ៤:៣-៤)។ ដូចគ្នាផងដែរ យើងក៏ត្រូវការអធិស្ឋានទូលសូមឲ្យមានឱកាសនិយាយ ហើយនិងឲ្យមានការនិយាយឲ្យបានច្បាស់លាស់ហើយយើងក៏ត្រូវមានចំណែកក្នុងចម្លើយនៃការអធិស្ឋានរបស់យើង ក្នុងការនិយាយឲ្យច្បាស់អំពីដំណឹងល្អតាមរយៈការដែលយើងហ្វឹកហាត់ខ្លួនឯង។ ដូច្នេះ ចូរអធិស្ឋានទូលឲ្យព្រះអម្ចាស់ជួយលោកអ្នកឲ្យមានសមត្ថភាពក្នុងការនាំសារនៃសេចក្ដីពិតឲ្យច្បាស់ចុះ។
យើងក៏ត្រូវឆក់យកនូវរាល់ឱកាសដែលយើងមាន ហើយប្រើប្រាស់វាឲ្យបានល្អក្នុងការដែលយើងនិយាយអំពីសេចក្ដីពិតតាមបែបព្រះគម្ពីរក្នុងជីវិត មិនមែនគ្រាន់តែនៅពេលដែលយើងមានឱកាសបើកចំហយ៉ាងច្បាស់លាស់ក្នុងការចែកចាយដំណឹងល្អយ៉ាងពេញទីប៉ុណ្ណោះទេ។ នេះហើយជាមូលហេតុដែលសាវ័ក ប៉ុល បន្តនិយាយទៅកាន់អស់អ្នកជឿក្នុងក្រុមជំនុំថា «ចូរប្រព្រឹត្តនឹងពួកអ្នកក្រៅដោយប្រាជ្ញាទាំងលៃយកឱកាសឲ្យទាន់ពេលផង ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ចទាំងបង់អំបិលផង ដើម្បីឲ្យដឹងជាបែបយ៉ាងណាដែលគួរឆ្លើយដល់មនុស្សនីមួយៗ» (កូឡូស ៤:៥-៦)។
យើងនឹងមានឱកាសជាច្រើនជាមួយនឹងក្រុមគ្រួសាររបស់យើងក្នុងការនិយាយគ្នាយ៉ាងច្បាស់លាស់ពេលដែលយើងសន្ទនាជាមួយគ្នាពេលហូបបាយ នៅរដូវបុណ្យណូអែល (ឬក៏បុណ្យអរព្រះគុណ) ឬក៏ពេលគ្រួសារដើរហាត់ប្រាណ ឬមួយក៏ពេលនិយាយជជែកគ្នាលេងអំពីដំណឹងទាន់ហេតុការណ៍។ រាល់ពាក្យពេចន៍នៃការធ្វើបន្ទាល់អំពីសេចក្ដីពិតរបស់ព្រះជាម្ចាស់គឺជាការព្រោះគ្រាប់ ហើយយើងក៏អាចអធិស្ឋានទូលសូមឲ្យមានការសាបព្រោះមួយចំនួននោះដុះឫសដែរ ហើយចាប់ផ្ដើមបណ្ដាលឲ្យអស់អ្នកដែលលោកអ្នកស្រឡាញ់មានការគិតគូរ។ ចូរកុំមានការបាក់ទឹកចិត្តឡើយ ប្រសិនបើវាហាក់បីដូចជាមិនកើតឡើង—លោកអ្នកទំនងជាបុគ្គលចុងក្រោយគេបង្អស់ដែលនឹងដឹងអំពីការនោះ! ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងមិនដែលត្រឡប់មករកទ្រង់វិញដោយឥតប្រយោជន៍ឡើយ។ វាកំពុងតែធ្វើការសម្រេចនូវគោលបំណងនានារបស់ព្រះអង្គ ទោះបើយើងមិនអាចមើលឃើញ ឬក៏មិនទទួលស្គាល់ក៏ដោយ។
ចូរអធិស្ឋានទូលសូមឲ្យមានការទំនាក់ទំនងគ្នា ដែលមិនមានប្រើប្រាស់ពាក្យពេចន៍
ចូរអធិស្ឋានទូលសូមឲ្យលោកអ្នកអាចនិយាយសេចក្ដីពិតនៃដំណឹងល្អទៅកាន់គ្រួសារតាមរយៈការដែលអ្នករាល់គ្នាគោរព និងប្រព្រឹត្តដោយបរិសុទ្ធដែលគេនឹងឃើញ កត់សម្គាល់ ហើយនិងសញ្ជឹងគិតក្នុងចិត្ត ដែលជាទូទៅលើសពីពាក្យពេចន៍ដែលលោកអ្នកអាចនឹងនិយាយបានទៅទៀត។
ជារឿយៗ អស់អ្នកដែលយើងស្និទ្ធស្នាលជាងគេបង្អស់គឺជាអស់អ្នកដែលយើងនឹងមានការពិបាកជាងគេក្នុងការឲ្យយើងជជែកគ្នាយ៉ាងបើកចំហអំពីដំណឹងល្អ។ មានមូលហេតុជាច្រើនទាក់ទងនឹងការនេះ ដែលនេះមិនទាន់ទាំងបានរាប់បញ្ចូលភាពស្មុគស្មាញនៃការថ្លឹងថ្លែងការគោរព និងទំនួលខុសត្រូវដែលទំនាក់ទំនងរវាងវ័យខុសៗគ្នាក្នុងគ្រួសារនាំឲ្យមានដែរ។ ប៉ុន្តែ ចំពោះអស់អ្នកណាដែលស្និទ្ធស្នាលខ្លាំងជាមួយនឹងយើងពួកគាត់ក៏ស្គាល់យើងច្បាស់ដែរ ហើយយើងក៏មិនអាចពួនពីពួកគាត់បានដែរ។ ពួកគាត់នឹងថ្លឹងថ្លែងជំនឿដែលយើងកំពុងព្យាយាមចែកចាយជាមួយពួកគាត់ដោយឥតឈប់ឈរជាមួយនឹងលក្ខណសម្បត្តិដែលយើងបង្ហាញទៅកាន់ពួកគាត់។ ដូច្នេះ យើងត្រូវតែអធិស្ឋានទូលសូមឲ្យមានព្រះគុណ ក្នុងការបង្ហាញជីវិតដ៏ពិត ក្នុងជីវិតដែលទាក់ទាញមានលក្ខណដូចជាព្រះគ្រីស្ទទាំងមូល—ជីវិតដែលរស់នៅក្នុងសេចក្ដីពិតនឹងប្រកាសយ៉ាងឮៗអំពីដំណឹងល្អដែលយើងជឿអមជាមួយនឹងសេចក្ដីពិតដែលយើងសង្ឃឹមថាក៏នឹងប្រកាសចែកចាយជាមួយនឹងពួកគាត់ដែរ។
នេះឯងគឺជាអ្វីដែលសាវ័ក ពេត្រុស កំពុងមានប្រសាសន៍អំពី នៅក្នុងកណ្ឌគម្ពីរ ១ពេត្រុស ៣:១-២ ដែលត្រង់នោះគាត់បានលើកឡើងថា សូម្បីតែប្ដីដែលមិនមែនជាអ្នកជឿហើយក៏ទាស់ប្រឆាំង «នោះប្រពន្ធនឹងទាញចិត្តមកបានដោយសារកិរិយាល្អក្រៅពីព្រះបន្ទូលដោយអ្នកនោះឃើញកិរិយាបរិសុទ្ធដែលប្រពន្ធប្រព្រឹត្តយ៉ាងកោតខ្លាចដល់ព្រះ»។ ត្រង់នេះយើងខ្ញុំយល់ឃើញថា ទោះបើក្នុងភាពលម្អិតនៃកាលៈទេសៈនោះ គាត់កំពុងតែនិយាយសំដៅទៅលើប្រពន្ធដែលផ្សាយដំណឹងល្អទៅកាន់ប្ដី ក៏លក្ខណផ្ទុយគ្នាចំពោះប្រពន្ធដែលមិនទាន់ជឿអាចកើតឡើងបានដែរ (នៅក្នុងបរិបទនៃបទគម្ពីរមួយនេះក៏មានថ្នាក់ពាក្យអធិបញ្ជា «បែបដូច្នោះដែរ» (ខ១) ទៅកាន់ប្តីដែលជាគ្រីស្ទបរិស័ទអំពីអាកប្បកិរិយារបស់ពួកគេថា វាសំខាន់ណាស់) ហើយដូចគ្នាផងដែរ យើងក៏អាចយកចំណុចនេះទៅអនុវត្តជាមួយនឹងសាច់ញាតិស្និទ្ធស្នាលរបស់យើងបានទៀតផង។
ប្រាកដណាស់! នេះមិនមែនជាលេសនៃការគេចវេសចេញពីការនិយាយឲ្យច្បាស់—ឬក៏ក្លាហាន—ទៅកាន់ក្រុមគ្រួសាររបស់យើងអំពីដំណឹងល្អ (ដូចដែលមានលើកឡើងនៅខាងលើ)។ ប៉ុន្តែ វាជាការរម្លឹកថា តាមពិតទៅយើងកំពុងនិយាយទៅកាន់ពួកគាត់រាល់គ្រប់វេលា ទោះបីថាយើងពេញចិត្ត ឬក៏មិនពេញចិត្តក្នុងទំនាក់ទំនងដែលមិនប្រើប្រាស់ពាក្យពេចន៍—ដែលការនោះអាចមានលទ្ធផលពីរ៖ ១) ពួកគាត់មានការទន់ចិត្ត ហើយចង់ស្វាគមន៍ទទួលយកសារនៃព្រះគ្រីស្ទ ឬក៏ ២) (សូមព្រះជាម្ចាស់កុំអនុញ្ញាតឲ្យការនេះកើតឡើង) ពួកគាត់នឹងបែរចេញពីព្រះគ្រីស្ទ ពីព្រោះយើងក្នុងនាមជាទូតរបស់ទ្រង់ក្នុងគ្រួសារមួយនេះគឺកំពុងតែបង្ហាញអំពីស្ដេចរបស់យើង និងនគររបស់ទ្រង់ក្នុងលក្ខណខុសឆ្គងឬក្នុងពន្លឺងងឹត។
ដូច្នេះ ដាច់ខាត! យើងត្រូវតែអធិស្ឋានទូលសូមជំនួយក្នុងការរស់នៅដោយបង្ហាញសេចក្ដីពិតឲ្យច្បាស់លាស់ និងទៀងទាត់ចំពោះអស់អ្នកដែលយើងស្រឡាញ់ ដើម្បីឲ្យពួកគាត់ឃើញគ្រីស្ទសាសនាផ្ទាល់នឹងភ្នែក។
ចូរអធិស្ឋានទូលសូមឲ្យព្រះអម្ចាស់ប្រើប្រាស់គ្រប់ពេលវេលា
ចូរអធិស្ឋានទូលសូមឲ្យព្រះអម្ចាស់ប្រើប្រាស់ សូម្បីតែក្នុងពេលឈឺថ្កាត់ និងនៅពេលមានអ្នកជិតស្និទ្ធស្លាប់ចោលក្នុងគ្រួសារ ឲ្យព្រះអង្គដាស់តឿនដល់អស់អ្នកដែលលោកអ្នកស្រឡាញ់ឲ្យឃើញអំពីធាតុពិតចុងក្រោយ។
ជាទូទៅ ពេលវេលាកាន់ទុក្ខ (ក៏ដូចជាពេលវេលាអបអរសាទរ) គឺជាពេលដែលនាំក្រុមគ្រួសារឲ្យមានការជួបជុំគ្នា ខណៈពេលដែលជាធម្មតាពួកគាត់រស់នៅខេត្តខុសៗគ្នា ឬក៏រស់នៅក្រៅប្រទេសក្ដី។ ពេលដែលបុគ្គលណាម្នាក់ស្លាប់ក្នុងគ្រួសារពិធីបុណ្យនឹងនាំឲ្យមានការជួបជុំគ្នា ប៉ុន្តែដូចគ្នាផងដែរការពិនិត្យឃើញជំងឺដ៏ធ្ងន់ធ្ងរក៏នឹងនាំឲ្យការទំនាក់ទំនងគ្នាបែបរហ័សរហួន ខណៈពេលដែលគាត់ចែកចាយដំណឹង និងនិយាយគ្នាអំពីដំណឹងនោះ។
ក្នុងការគ្រប់គ្រងដែលមានពេញទៅដោយព្រះគុណរបស់ព្រះជាម្ចាស់ ពេលវេលាពិបាកៗបែបនេះនៃវិបត្តិគ្រួសារអាចក្លាយជាឱកាសដែលមិនសូវកើនឡើងពេលដែលធាតុពិតដែលមិនអាចចៀសផុតបានពីភាពទន់ខ្សោយដែលនាំឲ្យមានការស្លាប់ឈានចូលសតិអសម្បជញ្ញរបស់អស់អ្នកដែលជាទូទៅពួកបានបង្ខាំងយ៉ាងជោគជ័យនូវចំណុចទាំងអស់នោះចោល។ ប្រាកដណាស់! ដាច់ខាតយើងត្រូវតែមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងក្នុងរបៀបដែលយើងឆ្លើយតប និងអ្វីដែលយើងយកមកនិយាយក្នុងកាលៈទេសៈបែបនោះ។ ដាច់ខាត! យើងមិនត្រូវកេងប្រវ័ញ្ចការកាន់ទុក្ខ ឬក៏ការរងទុក្ខក្នុងរបៀបដែលគ្មានក្ដីមេត្តាករុណា ឬក៏ក្នុងភាពល្ងង់ខ្លៅ—ដូចដែលគ្រីស្ទបរិស័ទមួយចំនួនបានធ្វើ—តាមរយៈការជ្រើសរើសប្រើប្រាស់ពាក្យពេចន៍ដែលយើងអាចធ្វើបាន ដើម្បីឲ្យប្រាកដថា) ឧទាហរណ៍៖ ពាក្យពេចន៍ដែលលើកមកនិយាយនៅឯពិធីបុណ្យនឹងផ្ដល់ជូនការប្រកាសអំពីសេចក្ដីពិតនៃដំណឹងល្អក្នុងការបបួល និងការធ្វើទីបន្ទាល់។
ហើយយើងក៏គួរអធិស្ឋានថា—បន្ទរការអធិស្ឋានរបស់លោក ម៉ូសេ—ទោះបើមានប្រភេទវិបត្តិណាក៏ដោយ ក៏នៅតែឲ្យអស់អ្នកដែលយើងស្រឡាញ់ប្រឈមមុខនឹងធាតុពិតដ៏អស់កល្បជានិច្ច ដែលមិនអាចគេចវេសបាន ហើយរៀនកំណត់ថ្ងៃខែជីវិតខ្លួន និងឲ្យមានដួងចិត្តនៃការស្រឡាញ់ប្រាជ្ញា៖
ទំនុកតម្កើង ៩០:៩-១២៖
៩ ដ្បិតអស់ទាំងថ្ងៃអាយុរបស់យើងខ្ញុំបានកន្លងបាត់ទៅ ដោយសេចក្ដីក្រោធនៃទ្រង់ យើងខ្ញុំបង្ហើយអាយុយើងខ្ញុំដូចជាសូរថ្ងូរ
១០ កំណត់អាយុនៃយើងខ្ញុំ គឺបានត្រឹម ៧០ ឆ្នាំទេ ឬមានកម្លាំងច្រើន នោះបានដល់ ៨០ ឆ្នាំប៉ុណ្ណោះ គង់តែអ្វីៗដែលជាទីអួតក្នុងឆ្នាំទាំងនោះ សុទ្ធតែជាការនឿយលំបាក នឹងសេចក្ដីទុក្ខព្រួយទទេ ដ្បិតអាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់
១១ តើមានអ្នកណាដែលស្គាល់អំណាចនៃសេចក្ដីខ្ញាល់ នឹងសេចក្ដីក្រោធរបស់ទ្រង់ តាមដែលគួរកោតខ្លាចដល់ទ្រង់នោះ
១២ ដូច្នេះ សូមបង្រៀនឲ្យយើងខ្ញុំចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំមានចិត្តខ្មីឃ្មាត ឲ្យបានសតិបញ្ញា។
ចូរអធិស្ឋានទូលសូមឲ្យមានការតស៊ូ
នៅពេលដែលសមាជិកគ្រួសារបានឃ្លាតចេញពីព្រះអម្ចាស់ ចូរទូលសូមឲ្យព្រះជាម្ចាស់ប្រទានដល់លោកអ្នកនូវដួងចិត្តដែលចេះតស៊ូយ៉ាងស្មោះត្រង់ ហើយឲ្យប្រទានការស្រឡាញ់ថ្នាក់ថ្នម ដើម្បីឲ្យលោកអ្នកអាចក្លាយជាឧបករណ៍នៃព្រះគុណទ្រង់ដែលស្ដារឡើងវិញ។
ការសោកស្ដាយដ៏ខ្លាំងបំផុតក្នុងគ្រួសារគ្រីស្ទបរិស័ទណាមួយនោះគឺថា ពេលដែលបុគ្គលណាម្នាក់ក្នុងគ្រួសារនោះ—មិនដឹងថា មកពីមូលហេតុអ្វី—គាត់បានឃ្លាតចេញពីព្រះអម្ចាស់ ហើយកំពុងរស់នៅក្នុងជីវិតដែលយើងដឹងថាធ្វើឲ្យព្រះអង្គព្រួយព្រះទ័យ ហើយក៏ធ្វើឲ្យយើងឈឺចាប់ផងដែរ។ ជាទូទៅសព្វថ្ងៃនេះ—ជាពិសេសទំនងបើវាទាក់ទងទៅនឹងកូនប្រុស ឬក៏កូនស្រី ឬក៏បងប្អូនសាច់ញាតិក្មេងណាម្នាក់ផ្សេងទៀត—វាទំនងជាពាក់ព័ន្ធនឹងទំនាក់ទំនងខាងឯផ្លូវភេទដែលទាស់ប្រឆាំងនឹងព្រះគម្ពីរ ដែលការនោះអាចក្លាយជានុយដ៏គួរឲ្យចាប់អារម្មណ៍ក្នុងការទាក់ទាញឲ្យដើរចេញពីគន្លងផ្លូវនៃសេចក្ដីសង្គ្រោះ។
ប៉ុន្តែ សូម្បីតែពេលដែលអស់អ្នកដែលយើងស្រឡាញ់កំពុងតែលង់ក្នុងអន្ទាក់នៃអំពើបាបដ៏អាក្រក់បែបនោះ ហើយក៏កំពុងតែរស់នៅដោយមិនស្ដាប់បង្គាប់ ក៏ព្រះជាម្ចាស់អាចនៅប្រើប្រាស់សេចក្ដីអធិស្ឋាន និងទង្វើរបស់យើងជាយាននៃការនាំឲ្យមានការស្ដារឡើងវិញផងដែរ។ ដូច្នេះ យើងគួរអធិស្ឋានបែបដូចនោះដូចដែលសាវ័ក ប៉ុល បានធ្វើក្នុងកាលៈទេសៈដូចនោះនៅឯក្រុមជំនុំកូរិនថូស៖ «តែយើងខ្ញុំអធិស្ឋានសូមសេចក្ដីនេះទៀតគឺឲ្យពួកអ្នករាល់គ្នាបានគ្រប់លក្ខណ៍ទាំងអស់គ្នា» (២កូរិនថូស ១៣:៩)។ ប៉ុន្តែ ដាច់ខាតយើងក៏ត្រូវទទួលស្គាល់អំពីចំណុចនេះ—ស្របគ្នានឹងភក្ដីភាពនៃការអធិស្ឋានរបស់យើងសម្រាប់ពួកគាត់—អត្តចរិតរបស់យើងផ្ទាល់ទៅកាន់ពួកគេតម្រូវឲ្យមានប្រាជ្ញា និងព្រះគុណយ៉ាងខ្លាំង។ ដូច្នេះ យើងក៏ចាំបាច់ត្រូវតែអធិស្ឋានឲ្យខ្លាំងសម្រាប់ខ្លួនឯង ដូចដែលយើងអធិស្ឋានសម្រាប់អស់អ្នកដែលយើងស្រឡាញ់ផងដែរ៖ «ឱ! បងប្អូនអើយ! បើបានទាន់ឃើញមនុស្សណាធ្វើខុសអ្វីនោះ អ្នករាល់គ្នាដែលដើរដោយវិញ្ញាណចូរតម្រង់អ្នកនោះដោយចិត្តសុភាព ព្រមទាំងប្រយ័ត្នខ្លួនឯងផងក្រែងត្រូវសេចក្ដីល្បួងដែរ ចូរយកអាសាគ្នាទៅវិញទៅមកយ៉ាងនោះទើបបានសម្រេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ» (កាឡាទី ៦:១-២)។
ទោះជាយ៉ាងណាក៏ដោយ ចូរនៅបន្តអធិស្ឋាន
នៅពេលដែលលោកអ្នកមិនដឹងថា គួរអធិស្ឋានអំពីអ្វីឲ្យចំៗ ចូរចងចាំថាព្រះអម្ចាស់នៅជ្រាបអំពីអ្វីដែលមាននៅក្នុងដួងចិត្តរបស់លោកអ្នក ដូច្នេះទោះជាយ៉ាងណាក្ដីចូរបន្តអធិស្ឋានចុះ!
ជារឿយៗយើងតែងតែឃើញខ្លួនឯងថាជាប់នៅក្នុងកាលៈទេសៈដែលយើងមិនដឹងពីចំណុចយ៉ាងចំៗអំពីអ្វីដែលយើងគួរអធិស្ឋានសម្រាប់អស់អ្នកដែលយើងស្រឡាញ់ និងបារម្ភអំពី។ វាជាការដ៏គួរឲ្យលើកទឹកចិត្តខ្លាំងណាស់ក្នុងការមានទំនុកចិត្តត្រង់ថា ព្រះវិញ្ញាណបរិសុទ្ធផ្ទាល់ឈរយាមចាំក្នុងការជួយយើង ហើយពេលដែលយើងកំពុងតែវង្វេង «ព្រះវិញ្ញាណទ្រង់ក៏ជួយសេចក្ដីកម្សោយរបស់យើងបែបដូច្នោះដែរ ដ្បិតយើងមិនដឹងជាគួរអធិស្ឋានសូមអ្វីទេ តែព្រះវិញ្ញាណទ្រង់ជួយអង្វរជំនួសយើងដោយដំងូរដែលរកថ្លែងពុំបានវិញ»។ នៅពេលដែលយើងមិនមានលទ្ធភាពក្នុងការអធិស្ឋានដូចដែលយើងគួរអធិស្ឋាននោះព្រះអង្គ «ជួយអង្វរជួសពួកបរិសុទ្ធឲ្យត្រូវនឹងព្រះហឫទ័យព្រះ» (រ៉ូម ៨:២៦-២៧)។
ហេតុនេះហើយបានជាទោះបើយើងមិនបានធ្វើសុភវិនិច្ឆ័យយ៉ាងត្រឹមត្រូវក៏យើងនៅអាចអធិស្ឋានសម្រាប់ចំណុចដ៏មិនត្រឹមត្រូវនោះយ៉ាងចំៗដែរ ពេលដែលដួងចិត្តរបស់យើងត្រឹមត្រូវនោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នឹងបកប្រែសេចក្ដីអធិស្ឋានរបស់យើងក្នុងការបញ្ជូន ក្នុងលក្ខណដែលយើងទូលសូម ដើម្បីឲ្យព្រះជាម្ចាស់អាចព្រះសណ្ដាប់ឮនូវអ្វីដែលយើងអធិស្ឋានដូចដែលយើងគួរតែអធិស្ឋាន ប្រសិនបើយើងបានស្គាល់អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់យ៉ាងល្អប្រសើរ—ទោះបើយើងបានអធិស្ឋានទូលសូមនូវលទ្ធផលយ៉ាងចំៗដែលផ្ទុយពីនោះក៏ដោយ។
ឧទាហរណ៍៖ ទំនងជាយើងបានអធិស្ឋានយ៉ាងខ្លាំងសម្រាប់អស់អ្នកដែលយើងស្រឡាញ់ឲ្យរើទីលំនៅទៅនៅកន្លែងជាក់លាក់ណាផ្សេងទៀត ដើម្បីឲ្យគាត់កាន់តែអាចមកនៅម្ដុំដែលក្រុមជំនុំអាចឈោងចាប់គាត់បាន ប៉ុន្តែនៅចុងបញ្ចប់ពួកគាត់បែរជារើទៅនៅកន្លែងណាផ្សេងវិញ។ ទោះជាយ៉ាងណាក្ដី ក៏នៅក្នុងទីកន្លែងមួយផ្សេងនោះ ដែលយើងគិតថាមិនសូវជាមានក្ដីសង្ឃឹមនៅសល់ទេ ក៏ព្រះអម្ចាស់បែរជានាំឲ្យពួកគាត់ខ្វែងផ្លូវជាមួយនឹងគ្រីស្ទបរិស័ទណាម្នាក់ទៀតឲ្យចូលក្នុងជីវិតរបស់ពួកគាត់ ហើយបាននាំពួកគាត់ឲ្យមានជំនឿក្នុងព្រះគ្រីស្ទ ឬក៏ថាបាននាំពួកគាត់ឲ្យដើរចេញពីផ្លូវវង្វេងរបស់ខ្លួន—ដែលក្នុងរបៀបមួយនោះគឺជាការឆ្លើយតបដ៏អស្ចារ្យចំពោះសេចក្ដីអធិស្ឋានរបស់យើង ទោះបើតាមពិតទៅយើងកំពុងអធិស្ឋានឲ្យពួកគាត់រើទីលំនៅផ្ទុយពីកន្លែងដែលគាត់បានរើទៅក៏ដោយ!
យើងអាចឃើញពីគំរូដ៏អស្ចារ្យមួយនេះក្នុងការដែលស្ដេច ដាវីឌ បានប្រាថ្នាចង់សាងសង់ព្រះវិហាររបស់ព្រះអម្ចាស់ដែលព្រះជាម្ចាស់បានឆ្លើយតបនឹងសំណូមពរដ៏ចំៗមួយនោះថា «អត់ទេ!» ពោលគឺមិនមែនឲ្យស្ដេច ដាវីឌ ធ្វើជាអ្នកសាងសង់នោះឡើយ ប៉ុន្តែឲ្យស្ដេច សាឡូម៉ូន ជាបុត្រារបស់ទ្រង់វិញ។ ប៉ុន្តែ (ជាយូរឆ្នាំក្រោយមក) ស្ដេច សាឡូម៉ូន បានប្រកាសខណៈពេលដែលទ្រង់ថ្វាយព្រះវិហារដែលទ្រង់បានសង់ផ្ទាល់ «តែព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងដាវីឌជាបិតាយើងថាដែលឯងមានចិត្តចង់ស្អាងវិហារសម្រាប់ឈ្មោះអញ នោះបានល្អហើយដោយឯងមានបំណងចិត្តដូច្នោះ» (១ពង្សាវតារក្សត្រ ៨:១៨)។
ដូចដែលលោកគ្រូ ស៊ី. អេស. លូវ៉ីស (C. S. Lewis) បានលើកឡើងនៅក្នុងកូនសៀវភៅរបស់គាត់ដែលមានចំណងជើងជាភាសាអង់គ្លេសថា That Hideous Strength «នេះឯងជារង្វាន់ចេញពីជម្រៅស្ថានសួគ៌៖ នៅពេលដែលលោកអ្នកមានបំណងចិត្តចង់បានល្អ ព្រះអង្គតែងតែកាត់ស្រាយថា លោកអ្នកមានបំណងចិត្តល្អប្រសើរខ្លាំងជាងលោកអ្នកដឹងទៅទៀត»។ ព្រះជាម្ចាស់របស់យើងមានព្រះទ័យសប្បុរស ហើយមានចិត្តទូលាយយ៉ាងខ្លាំងមហិមា៖ ព្រះអង្គព្រះសណ្ដាប់ឮនូវរាល់សម្រែកយំនៃដួងចិត្តរបស់យើង ហើយសូម្បីតែពេលដែលយើងទូលសូមនូវអ្វីដែលមិនត្រឹមត្រូវក៏ដោយ ក៏ព្រះអង្គនៅឆ្លើយតបមកកាន់យើងដោយផ្ដល់នូវអ្វីដែលត្រឹមត្រូវវិញ «ហួសសន្ធឹកលើសជាងអស់ទាំងសេចក្ដីដែលយើងសូមឬគិត» (អេភេសូរ ៣:២០)។
មតិយោបល់
Loading…