in

ការ​ប្រសូត​នៃ​ស្ដេច​ថ្មី

យោង​តាម​កណ្ឌ​គម្ពីរ ម៉ាថាយ គាត់​បាន​និពន្ធ​កណ្ឌ​គម្ពីរ​របស់​គាត់ ដើម្បី​បង្ហាញ​ថា​ព្រះ​អង្គ​គឺ​ជា​ស្ដេច។ គាត់​បាន​ចាប់​ផ្ដើម​ដោយ​ផ្ដល់​មក​យើង​នូវ​ការ​រាយ​នាម ដែល​បាន​ចែក​ចេញ​ជា​បី​វគ្គ​ដោយ​មាន ១៤ តំណ។ ជា​ដំបូង យើង​ឃើញ​ថា ខ១៧​បាន​សង្ខេប​ខ២-១៦ និង​បញ្ចប់​ខ១​នៃ​ជំពូក១។ ខ១ និង​ខ១៧​បាន​ផ្ដើម និង​បញ្ចប់​ដោយ​ព្រះ​គ្រីស្ទ ព្រះ​បាទ ដាវីឌ និង​លោក អ័ប្រាហាំ ដោយ​មាន​បី​វគ្គ​នៃ​១៤​ជំនាន់៖
ខ២-៦​បាន​រៀប​រាប់​ចាប់​តាំង​ពី​ជំនាន់​លោក អ័ប្រាហាំ ដល់​ព្រះ​បាទ ដាវីឌ
ខ៧-១២​បាន​រៀបរាប់​ចាប់​តាំង​ពី​ព្រះ​បាទ ដាវីឌ ដល់​គ្រា​និរទេស
ហើយ​ខ១៣-១៦​បាន​រៀប​រាប់​ចាប់​តាំង​ពី​គ្រា​និរទេស​ដល់​គ្រា​ព្រះ​គ្រីស្ទ

យើង​នឹង​មើល​ជា​មួយ​គ្នា​ត្រួសៗ​លើ​បញ្ជី​ពង្សាវតារ​របស់​ព្រះ​យេស៊ូវ និង​ដំណើរ​រឿង​មួយ​ចំនួន​ទៀត​ដែល​គាត់​បាន​លើក​ឡើង ដើម្បី​បង្ហាញ​ដល់​យើង​ថា ព្រះ​អង្គ​គឺ​ជា​ស្ដេច។

ទី១៖ សាវ័ក ម៉ាថាយ បាន​បញ្ជាក់​ថា ព្រះ​យេស៊ូវ​កើត​ចេញ​ពី​ខ្សែស្រឡាយ​ស្ដេច ដោយ​លើក​ឡើង​ថា ព្រះ​អង្គ «ជា​វង្សា​ហ្លួង​ដាវីឌ»។ ពាក្យ​ថា «វង្សា​ហ្លួង» បញ្ជាក់​ថា ព្រះ​យេស៊ូវ​ជាប់​សាច់​ឈាម​ជា​មួយ​នឹង​វង្ស​ត្រកូល​ស្ដេច។

យើង​ដឹង​ហើយ​ថា​ស្ដេច សុល គឺ​ជា​ស្ដេច​ដំបូង​នៃ​សាសន៍​អ៊‌ីស្រាអែល ប៉ុន្តែ​ដោយ​សារ​ទ្រង់​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​ជាម្ចាស់ (១សាំយូអែល ១៥) ដូច្នេះ​ព្រះ​អង្គ​ក៏​បាន​ជ្រើស​រើស​ចាក់​ប្រេង​តាំង​លើ ដាវីឌ ឲ្យ​ធ្វើ​ជា​ស្ដេច និង​បន្ត​ខ្សែ​ស្ដេច​សម្រាប់​សាសន៍​អ៊‌ីស្រាអែល​វិញ (១សាំយូអែល ១០ និង១៦)។

សាវ័ក ម៉ាថាយ ក៏​បាន​លេង​វេយ្យាករណ៍​ក្នុង​ខ៦​ដែរ («អ៊ីសាយ​បង្កើត​ដាវីឌ​ដ៏​ជា​ស្ដេច…») ដើម្បី​ផ្ដោត​លើ​ប្រធាន​បទ​ស្ដេច ទោះ​បើ​គាត់​មិន​ចាំ​បាច់​ប្រើ​ពាក្យ «ដ៏​ជា​ស្ដេច» ក៏​ដោយ ក៏​ក្នុង​ឃ្លា «អ៊ីសាយ​បង្កើត​ដាវីឌ» នោះ​គ្រប់​គ្រាន់​ហើយ។

យោង​តាម​វេយ្យាករណ៍​ភាសា​ក្រិក គេ​មិន​ចាំ​បាច់​បញ្ជាក់​ឃ្លា «ដ៏​ជា​ស្ដេច» នោះ​ទេ ប៉ុន្តែ​សាវ័ក ម៉ាថាយ បាន​សរសេរ​ឡើង ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ឲ្យ​យើង​ឃើញ​ថា គាត់​កំពុង​តែ​ផ្ដោត​ទៅ​លើ​ប្រធាន​បទ​ថា ព្រះ​យេស៊ូវ​គឺ​ជា​ស្ដេច និង​ការ​ដែល​ព្រះ​អង្គ​សម្រេច​ការ​គ្រោង​ទុក​របស់​ទ្រង់ ក្នុង​ការ​គ្រប់​គ្រង​របស់​ទ្រង់។

ទី២៖ សាវ័ក ម៉ាថាយ បាន​ញែក​លោក យូដា ចេញ​ពី​បង​ប្អូន​គាត់​ក្នុង​ខ២ «អ័ប្រាហាំ​បង្កើត​អ៊ីសាក‍ អ៊ីសាក‍​បង្កើត​យ៉ាកុប‍ យ៉ាកុប‍​បង្កើត​យូដា ហើយ​និង​បង​ប្អូន​គាត់»។ ការ​ញែក​លោក យូដា ចេញ​ពី​បង​ប្អូន​គាត់​គឺ ដើម្បី​បញ្ជាក់​ថា ព្រះ​យេស៊ូវ​កើត​ចេញ​ពី​ខ្សែ​ស្ដេច។

ក្នុង​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ជំពូក៤៩ លោក ម៉ូសេ បាន​រៀប​រាប់​អំពី​ការ​ដែល​លោក យ៉ាកុប ប្រទាន​ពរ​ដល់​កូនៗ​របស់​គាត់ ហើយ​បើ​យើង​គ្រាន់​តែ​រាប់​សាច់​ខ​គម្ពីរ (មាន​៥​ខ) នោះ​យើង​ក៏​នឹង​ឃើញ​អំពី​ភាព​សំខាន់​របស់​ខ្សែ​គ្រប់​គ្រួសារ​របស់​លោក យូដា ដែរ។

កណ្ឌ​គម្ពីរ លោកុប្បត្ដិ ៤៩:៨-១២ បាន​រៀប​រាប់​អំពី​ពរ​របស់​លោក យូដា ហើយ​ខ១០​បាន​បញ្ជាក់​ដោយ​ចែង​ថា «ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ឬ​អំណាច​គ្រប់​គ្រង​ពី​ជើង​វា​ឡើយ ដរាប​ដល់​ស៊ីឡូរ​បាន​មក​ដល់ នោះ​បណ្ដា​ជន​ទាំង​ឡាយ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់»។

យើង​ដឹង​ហើយ​ថា គ្មាន​ស្ដេច ឬ​ក៏​បុគ្គល​ណា​អាច​រក្សា «ដំបង​រាជ្យ ឬ​អំណាច​គ្រប់​គ្រង» ដោយ​មិន​ឲ្យ​ឃ្លាត​ចេញ​បាន​ទេ ពីព្រោះ​ពួក​គាត់​សុទ្ធ​តែ​ស្លាប់ ប៉ុន្តែ​ចំពោះ​ព្រះ​យេស៊ូវ​វិញ ទ្រង់​អាច​ធ្វើ​ការ​នោះ​បាន ដ្បិត​ទ្រង់​ជា​ព្រះ និង​ជា​មនុស្ស ១០០%។

ទី៣៖ យើង​ឃើញ​ថា​ក្នុង​ខ៣​សាវ័ក ម៉ាថាយ ក៏​បាន​ប្រើ​ប្រាស់​បញ្ជី​វង្ស​លោក ពេរេស ដើម្បី​បញ្ជាក់​ថា​ព្រះ​យេស៊ូវ​គឺ​ជា​ស្ដេច («យូដា​យក​នាង​តាម៉ារ បង្កើត​បាន​ពេរេស និង​សេរ៉ាស»)។

ពួក​បុរាណ​វិទូ​សាសន៍​អ៊‌ីស្រាអែល​បាន​លើក​ឡើង​ថា ជា​ទូ​ទៅ​គេ​ប្រើ​ប្រាស់​បញ្ជី​វង្ស​លោក ពេរេស ដើម្បី​បង្ហាញ​ពី​ខ្សែស្រឡាយ​ស្ដេច ជា​ជាង​ប្រើ​ប្រាស់​បញ្ជី​ខ្សែស្រឡាយ​លោក សេរ៉ាស ដែល​ជា​បង​ប្រុស​គាត់។

បើ​គ្រាន់​តែ​មាន​អំណះអំណាង​ត្រឹម​តែ​លោក ពេរេស នោះ​គ្រប់​គ្រាន់​ហើយ​ក្នុង​ការ​បង្ហាញ​ថា បុគ្គល​ណា​ម្នាក់​កើត​ចេញ​ពី​ខ្សែ​ស្ដេច ឬ​ក៏​អត់ តែ​យើង​ឃើញ​ហើយ​ថា​សាវ័ក ម៉ាថាយ បាន​បញ្ជាក់​រហូត​ដល់​លោក យូដា និង​លោក អ័ប្រាហាំ ទៀត​ផង។

ការ​បន្ត​មើល​ថែម​ទៀត​ដែល​បង្ហាញ​ថា​ព្រះ​យេស៊ូវ​ជា​ស្ដេច៖

ទី៤៖ ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ១:២០ អ្នក​និពន្ធ​បាន​បញ្ជាក់​ថា​លោក យ៉ូសែប ជា «ពូជ​ហ្លួង​ដាវីឌ»។ ដែល​ចំណុច​នេះ​កាន់​តែ​បញ្ជាក់​ថែម​ទៀត​ថា ព្រះ​យេស៊ូវ​កើត​ចេញ​ពី​តំណ​វង្ស​ស្ដេច។

ដូច​ដែល​យើង​បាន​លើក​ឡើង​ហើយ​ថា ទោះ​បើ​លោក យ៉ូសែប មិន​មែន​ជា​ឪពុក​ផ្ទាល់​ខាង​ឯ​សាច់​ឈាម​របស់​ព្រះ​យេស៊ូវ​ក៏​ដោយ ក៏​គាត់​នៅ​តែ​ជា​ឪពុក​របស់​ព្រះ​យេស៊ូវ​ខាង​ឯ​ផ្លូវ​ច្បាប់​ផង​ដែរ។

នេះ​ហើយ​ជា​មូល​ហេតុ ដែល​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក «បេថ្លេហិម ពីព្រោះ​គាត់​ជា​ព្រះ​វង្ស ហើយ​ជា​ព្រះ​ញាតិ​នឹង​ហ្លួង​ដាវីឌ​ដែរ» ពេល​ដែល សេសារ-អូគូស្ទ ចេញ​ព្រះ​រាជ​ឱង្ការ​ឲ្យ​គ្រប់​គ្នា​ទៅ​ចុះ​ឈ្មោះ​តាម​ស្រុក​កំណើត​រៀងៗ​ខ្លួន (លូកា ២:៤)។

ទី៥៖ សូម្បី​តែ​ពួក​ហោរា​ពី​ទិស​ខាង​កើត​ក៏​សួរ​នាំ​រក​ស្ដេច​ដែរ «តើ​ព្រះ​អង្គ​ដែល​ប្រសូត​មក ធ្វើ​ជា​ស្ដេច​សាសន៍​យូដា ទ្រង់​គង់​នៅ​ឯ​ណា?» (ម៉ាថាយ ២:២)។ ការ​សួរ​នាំ​ដេញ​ដោល​បែប​នេះ​ស​បញ្ជាក់​បង្ហាញ​ថា ពិត​ជា​មាន​ស្ដេច​ដែល​បាន​កើត​នៅ​ជំនាន់​នោះ​មែន ហើយ​យើង​ដឹង​ហើយ​ថា ព្រះ​យេស៊ូវ​គឺ​ជា​ស្ដេច​ដែល​ពួក​ហោរា​កំពុង​តែ​សួរ​នាំ​រក ពីព្រោះ​នៅ​ចំណុច​បន្ទាប់​ក៏​បាន​បញ្ជាក់​ថែម​ទៀត​ផង​ដែរ។

ទី៦៖ ស្ដេច ហេរ៉ូឌ បាន​សម្លាប់​ក្មេងៗ (ម៉ាថាយ ២:១៦-១៨) ដែល​មាន​អាយុ​ក្រោម​២ឆ្នាំ។ នេះ​មិន​មែន​មាន​ន័យ​ថា កាល​នោះ​ព្រះ​យេស៊ូវ​បាន​មាន​អាយុ​ពីរ​ឆ្នាំ​ហើយ​នោះ​ទេ ប៉ុន្តែ​គឺជា​ការ​ប្រាកដ​របស់​ស្ដេច ហេរ៉ូឌ ដើម្បី​កុំ​ឲ្យ​ថា​ទ្រង់​រំលង​ក្នុង​ការ​មិន​បាន​សម្លាប់​ស្ដេច​ថ្មី​អាច​ទើប​តែ​កើត​នោះ។ ហេតុ​អ្វី​បាន​ជា​ស្ដេច ហេរ៉ូឌ សម្លាប់​ពួក​ក្មេងៗ​ទាំង​នោះ? ក្នុង​ខ៣​នៃ​ជំពូក២​មាន​ចែង​ថា «កាល​ស្ដេច ហេរ៉ូឌ បាន​ឮ នោះ​ទ្រង់​មាន​សេចក្ដី​វិតក្ក​ព្រួយ»។

ស្ដេច ហេរ៉ូឌ ខ្លាច​ថា​ស្ដេច​ថ្មី​មួយ​អង្គ​ដែល​ទើប​តែ​កើត​នេះ​នឹង​បះបោរ​ទាស់​ប្រឆាំង ដោយ​វាយ​ប្រហារ​ទាមទារ​យក​រាជ្យ​បល្ល័ង្ក​របស់​ទ្រង់ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​សម្លាប់​ក្មេងៗ​អស់​នោះ​ចោល។

ទី៧៖ តង្វាយ​ដែល​ពួក​ហោរា​ពី​ទិស​ខាង​កើត​នាំ​មក​ថ្វាយ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែល​មាន​ដូច​ជា មាស កំញាន និង​ជ័រល្វីងទេស គឺ​សុទ្ធ​តែ​ជា​តង្វាយ​ដែល​គេ​នាំ​មក​ថ្វាយ​ទុក​សម្រាប់​តែ​ស្ដេច​ប៉ុណ្ណោះ មិន​មែន​សម្រាប់​មនុស្ស​សាមញ្ញៗ​នោះ​ឡើយ។ ម៉ាថាយ ២:១១ «ហើយ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ឃើញ​បុត្រ​តូច នៅ​ជា​មួយ​នឹង​ម៉ា​រា ជា​មា​តា រួច​ក៏​ក្រាប​ថ្វាយ​បង្គំ ព្រម​ទាំង​បើក​យក​ទ្រព្យ​ដ៏​វិសេស​របស់​ខ្លួន ថ្វាយ​ដង្វាយ​ជា​មាស ជា​កំញាន ជា​ជ័រ​ល្វីង​ទេ​ស ដល់​បុត្រ​នោះ»។

ទី៨៖ ម្ដង​ហើយ​ម្ដង​ទៀត យើង​ឃើញ​ថា​សាវ័ក ម៉ាថាយ បាន​កត់​ចុះ​អំពី​របៀប​ដែល​គេ​ហៅ​ព្រះ​យេស៊ូវ​ថា​ជា «ព្រះ​រាជ​បុត្រា​ហ្លួង​ដាវីឌ» (៩:២៧; ១២:២៣; ១៥:២២; ២០:៣០-៣១; ២១:៩, ១៥; ២២:៤៥)។

ការ​ដាក់​ងារ​នេះ​មិន​មែន​ជា​ងារ​លេង​សើច​នោះ​ទេ ប៉ុន្តែ​ជា​ងារ​ដែល​គេ​ញែក​ទុក ដើម្បី​សម្គាល់​លើ​បុគ្គល​ដែល​កើត​ចេញ​ពី​ខ្សែស្រឡាយ​ស្ដេច​តែ​ប៉ុណ្ណោះ ហើយ​ក៏​ជា​ស្ដេច​ផ្ទាល់​តែ​ម្ដង។

ទី៩៖ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​សុគត គេ​បាន​សរសេរ​ស្លាក​វាយ​នៅ​លើ​ឈើ​ឆ្កាង​ពី​លើ​ព្រះ​សិរសា​របស់​ទ្រង់​ថា «‍នេះ​ឈ្មោះ​យេស៊ូវ ជា​ស្ដេច​សាសន៍​យូដា» (២៧:៣៧)។

ទោះ​បើ​នៅ​គ្រា​នោះ​សាសន៍​យូដា​បាន​បដិសេធ​ដោយ​មិន​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​ជា​ស្ដេច​របស់​ខ្លួន​ក៏​ដោយ ក៏​ការ​ដែល​ពួក​គាត់​ព្យាយាម​សើច​ចំអក​ដាក់​ទ្រង់ ដោយ​វាយ​ស្លាក​បែប​នេះ មក​ដាក់​នៅ​លើ​ឈើ​ឆ្កាង ក៏​ស​បញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថែម​ទៀត​ថា ព្រះ​យេស៊ូវ​គឺ​ពិត​ជា​ស្ដេច​មែន!

នៅ​រដូវ​កាល​ណូអែល​នេះ សំណួរ​ដែល​ខ្ញុំ​ចង់​សួរ​គឺ​ថា តើ​បង​ប្អូន​បាន​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ​ដោយ​យក​ព្រះ​អង្គ​ធ្វើ​ជា​ស្ដេច មក​គ្រប់​គ្រង​នៅ​ជីវិត​របស់​បង​ប្អូន​ហើយ​ឬ​នៅ? ប្រសិន​បើ​មិន​ទាន់​ទេ ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​ដែល​បង​ប្អូន​នឹង​បើក​ចិត្ត​ទទួល​ជឿ​លើ​ទ្រង់។ ការ​ដែល​យើង​យក​ព្រះ​យេស៊ូវ​ធ្វើ​ជា​ស្ដេច​គឺ​មាន​ន័យ​ថា​យើង​ឲ្យ​ព្រះ​អង្គ​គ្រប់​គ្រង​លើ​ជីវិត​របស់​យើង។

ចំពោះ​អ្នក​ណា​ដែល​មិន​ទាន់​បាន​ទទួល​ជឿ​លើ​ព្រះ​គ្រីស្ទ​នៅ​ឡើយ យើង​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​បើក​ចំហ​ចិត្ត​ស្វែង​យល់​បន្ថែម​ទៀត ហើយ​ស្គាល់​ឲ្យ​បាន​ច្បាស់​អំពី​ព្រះ​យេស៊ូវ ហើយ​ទទួល​ជឿ​លើ​ទ្រង់​ចុះ

ដ្បិត​ព្រះ​អង្គ​គឺ​ជា​ស្ដេច​នៃ​យើង ដែល​បាន​យាង​មក​សង្គ្រោះ​យើង។ ទ្រង់​បាន​បំពេញ​នូវ​រាល់​បទ​ទំនាយ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ក្នុង​នាម​ជា​ព្រះ​មេស្ស៊ី។

នៅ​ចុង​បញ្ចប់ មិន​ថា​លោក​អ្នក​ចុះ​ចូល​ដោយ​លុត​ជង្គង់​ស្ម័គ្រ​ចិត្ត ឬ​ក៏​មិន​ស្ម័គ្រ​ចិត្ត​ក៏​ដោយ ក៏​ព្រះ​យេស៊ូវ​នៅ​តែ​ជា​ស្ដេច ដ្បិត​កណ្ឌ​គម្ពីរ ភីលីព ២:១០-១១ បាន​ចែង​ហើយ​ថា គ្រប់​ជង្គង់​នៅ​ស្ថាន​សួគ៌ និង​នៅ​ផែនដី និង​នៅ​ក្រោម​ផែនដី​នឹង​លុត​ចុះ ហើយ​គ្រប់​អណ្ដាត​នឹង​ប្រកាស​ថា «ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​ជា​ព្រះ​អម្ចាស់ សម្រាប់​ជា​សិរី​ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា»។

បង​ប្អូន ពេល​ដែល​ព្រះ​យេស៊ូវ​យាង​មក​ជា​លើក​ទីពីរ ទ្រង់​នឹង​ជំនុំជម្រះ ហើយ​ច្បាំង​ដោយ​សុចរិត ហើយ​ព្រះ​ពស្ត្រ​ទ្រង់​នឹង​ជ្រលក់​ដោយ​ឈាម ដោយ​សារ​ព្រះ​អង្គ​ថ្កោល​ទោស​មនុស្ស​មាន​បាប (វិវរណៈ ១៩:១១-២១)។

អ្នក​ដែល​បាន​ទទួល​ជឿ​ហើយ តើ​បង​ប្អូន​កំពុង​តែ​រស់នៅ​ដោយ​បង្ហាញ​អំពី​ជំនឿ​របស់​ខ្លួន​ដែរ​ឬ​ទេ? តើ​ជីវិត​រស់នៅ​របស់​បង​ប្អូន​បង្ហាញ​ថា ព្រះ​យេស៊ូវ​គឺ​ជា​អង្គ​ដែល​គ្រប់​គ្រង​លើ​បង​ប្អូន​ដែរ​ឬ​ទេ?

រ៉ូម ១០:៩-១០ បាន​ចែងថា «បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែង​ប្រាប់​ពី​ព្រះ​អម្ចាស់​យេស៊ូវ ហើយ​អ្នក​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត ដ្បិត​យើង​បាន​សុចរិត ដោយ​មាន​ចិត្ត​ជឿ ហើយ​ក៏​បាន​សង្គ្រោះ​ដោយ​មាត់​ទទួល​ថ្លែង​ប្រាប់»។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ហេតុផល​១២​យ៉ាង​សម្រាប់​បុណ្យ​ណូអែល

ហេតុផល១២យ៉ាងសម្រាប់បុណ្យណូអែល