in

តើ​លោក​អ្នក​គួរ​អធិស្ឋាន​ឲ្យ​​គ្រូ​ក្លែង​ក្លាយ​យ៉ាង​ដូច​ម្ដេច?

 
សមាជិក​ក្រុម​ជំនុំ​មួយ​ចំនួន​បាន​ទួញ​សោក​ថា «លោក​គ្រូ ខ្ញុំ​ឃើញ​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម​គ្រូ​ក្លែង​ក្លាយ​មក​លើ​ក្រុម​ជំនុំ និង​ពី​របៀប​ដែល​ពួក​គេ​បង្ខូច​សេចក្ដី​ពិត។ តើ​ខ្ញុំ​គួរ​អធិស្ឋាន​គាំ​ទ្រ ឬ​ក៏​ទាស់​ប្រឆាំង​នឹង​ពួក​គេ? បើ​ខ្ញុំ​មាន​អារម្មណ៍​ថា ខឹង​តែ​ជា​កំហឹង​សុចរិត តើ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច​នៅ​ក្នុង​ជីវិត​នៃ​ការ​អធិស្ឋាន​របស់​ខ្ញុំ? តើ​ខ្ញុំ​គួរ​អធិស្ឋាន​ឲ្យ​គ្រូ​ក្លែង​ក្លាយ​យ៉ាង​ដូច​ម្ដេច? ឬ​ក៏​ថា ខ្ញុំ​មិន​ចាំ​បាច់​អធិស្ឋាន​ឲ្យ​ពួក​គេ​តែ​ម្ដង?»
 
សំណួរ​ល្អ​ស័ក្ដិសម​នឹង​ទទួល​បាន​ចម្លើយ​ពី​ព្រះ​គម្ពីរ។ ខាង​ក្រោម​គឺ​ជា​សេចក្ដី​ពិត​មួយ​ចំនួន​ដែល​អាច​ជួយ​លោក​អ្នក​ពិភាក្សា​លើ​ប្រធាន​បទ​នេះ៖
 
១. សូម​អធិស្ឋាន​ឲ្យ​គ្រូ​ក្លែងក្លាយ​បាន​ប្រែចិត្ត ហើយ​បែរ​មក​រក​សេចក្ដី​ជំនឿ​ដែល​មាន​ការ​សង្គ្រោះ​ពិត​វិញ
 
នៅ​ពេល​សាវ័ក ប៉ុល លើក​ឡើង​អំពី​គ្រូ​ក្លែងក្លាយ​នៅ​កណ្ឌ​គម្ពីរ ២ធីម៉ូថេ ២:២៤-២៦ គាត់​បាន​ព្រមាន​ទាស់​នឹង​ការ​ឈ្លោះ​ប្រកែក​គ្នា ហើយ​បង្គាប់​ឲ្យ​មាន​ចិត្ត​សុភាព​ផង។
 
«ក៏​មិន​គួរ​ឲ្យ​បាវ​បម្រើ​នៃ​ព្រះ​អម្ចាស់​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គួរ​ឲ្យ​បាន​ចិត្ត​សុភាព​រាប​សា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន ទាំង​មាន​ចិត្ត​អត់​ធ្មត់​ផង ត្រូវ​ប្រដៅ​តម្រង់​មនុស្ស​ដែល​ទទឹងទទែង ដោយ​មាន​ចិត្ត​សុភាព ក្រែង​ព្រះ​ទ្រង់​នឹង​បណ្ដាល​ឲ្យ​គេ​ប្រែ​ចិត្ត ឲ្យ​បាន​ស្ដាប់​សេចក្ដី​ពិត​វិញ ហើយ​គេ​នឹង​ភ្ញាក់​ដឹង​ខ្លួន​ឡើង ចេញ​ផុត​ពី​អន្ទាក់​របស់​អារក្ស ដែល​វា​បាន​ចាប់​គេ​ប្រើ​តាម​ចិត្ត​នោះ។» ២ធីម៉ូថេ ២:២៤-២៦
 
នេះ​មិន​មែន​សំដៅ​ទៅ​លើ​ការ​ពន្យល់​សេចក្ដី​ពិត​បែប​ស្រាលៗ​នោះ​ទេ ប៉ុន្តែ​យើង​ឃើញ​ថា​សាវ័ក ប៉ុល បាន​ធ្វើ​ជា​អ្នក​តស៊ូ​មតិ​ម្នាក់ ដែល​មិន​ត្រឹម​តែ​លើក​ឡើង​អំពី​អ្វី​ដែល​លោក ធីម៉ូថេ នឹង​និយាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លើ​របៀប​ដែល​គាត់​នឹង​និយាយ​ផង​ដែរ។ ប្រហែល​វិធី​ដ៏​ល្អ​ប្រសើរ​ដែល​យើង​អាច​អនុវត្ត​បាន ដើម្បី​បញ្ចៀស​ការ​ឈ្លោះ​ប្រកែក និង​ការ​ទទឹងទទែង​គ្នា​ជា​មួយ​អ្នក​ដែល​ប្រឆាំង​នឹង​សេចក្ដី​ពិត គឺ​ដោយ​ការ​ជ្រើសរើស​យក​ជម្រើស​ដ៏​ល្អ​មួយ​នេះ៖ អធិស្ឋាន​សម្រាប់​សេចក្ដី​សង្គ្រោះ​របស់​ពួក​គេ​ក្រែង «គេ​នឹង​ភ្ញាក់​ដឹង​ខ្លួន​ឡើង ចេញ​ផុត​ពី​អន្ទាក់​របស់​អារក្ស ដែល​វា​បាន​ចាប់​គេ​ប្រើ​តាម​ចិត្ត​នោះ» (ខ.២៦)។
 
ដូច្នេះ ស្រប​ពេល​ដែល​រក្សា​ចិត្ត​សុភាព តើ​លោក​អ្នក​គួរ​នឹង​អធិស្ឋាន​ឲ្យ​គ្រូ​ក្លែងក្លាយ​ប្រែចិត្ត ទាំង​ដឹង​ថា​ព្រលឹង​ពួកគេ​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ដែរ​ឬ​ទេ? ខ្ញុំ​ជឿ​ថា ព្រះ​គម្ពីរ​បង្រៀន​ឲ្យ​យើង​ធ្វើ​ដូច្នោះ។ យើង​ត្រូវ​ជៀសវាង​ពី​ភាព​ល្វីង​ជូរ​ចត់ ហើយ​និយាយ​សេចក្ដី​ពិត​ដោយ​សេចក្ដី​ស្រឡាញ់ ហើយ​មាន​ការ​ស្មោះត្រង់​ក្នុង​ការ​ដាស់តឿន​ហ្វូង​ចៀម​ដ៏​មាន​តម្លៃ​របស់​ព្រះ​ជាម្ចាស់​ពី​ពួក​អ្នក​បោក​បញ្ឆោត​ដ៏​គ្រោះ​ថ្នាក់​ទាំង​នោះ។ វា​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​ជំរុញ​យើង​ឲ្យ​មើល​ថែ​ពួក​បរិសុទ្ធ ហើយ​ហៅ​ចំ​ឈ្មោះ​ពួក​ចចក ( ២ធីម៉ូថេ ១:៣-៧)។
 
២. អធិស្ឋាន​សូម​ព្រះ​ជាម្ចាស់​បំផ្លាញ​ព័ន្ធ​កិច្ច​បោក​បញ្ឆោត​របស់​ពួកគេ ដែល​មកពី​អារក្ស
 
ចំណុច​នេះ​ហាក់​បី​ដូច​ជា​ចំណុច​ពី​មុន ប៉ុន្តែ​សូម​អត់​ធ្មត់​នៅ​ជា​មួយ​ខ្ញុំ​បន្តិច​សិន! សូម​ចាំ​ថា ខ្ញុំ​មិន​មែន​កំពុង​តែ​ទូល​សុំ​ឲ្យ​ព្រះ​ជាម្ចាស់​បំផ្លាញ «ពួក​គេ» នោះ​ទេ ប៉ុន្តែ​បំផ្លាញ «ព័ន្ធ​កិច្ច​ដែល​មកពី​អារក្ស» របស់​ពួក​គេ​វិញ។ វា​ហាក់​បី​ដូច​ជា​ការ​មាន​ដុំ​ដែក​ដ៏​ធំ​មួយ​បុក​បំបែក​ជញ្ជាំង​រហូត​ទាល់តែ​វា​លែង​អាច​ទ្រាំ​ទ្រ​ឈរ​បាន​ត​ទៅ​ទៀត—នោះ​ហើយ​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន​ឲ្យ​យើង​អធិស្ឋាន បើ​និយាយ​ស្រប​តាម​ព្រះ​គម្ពីរ។ លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា តើ​អ្នក​អាច​ហ៊ាន​អធិស្ឋាន​ប្រឆាំង​នឹង​ព័ន្ធ​កិច្ច​របស់​នរណា​ម្នាក់ ដោយ​ពាក្យ​ធ្ងន់ៗ​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច​បាន? បើ​និយាយ​ឲ្យ​សាមញ្ញ​ទៅ ពីព្រោះ​សាវ័ក ប៉ុល បាន​បង្រៀន​ថា ពួក​គេ​កំពុង​តែ​ជាប់ «អន្ទាក់​របស់​អារក្ស» (២ធីម៉ូថេ ២:២៦)។ នគរ​នៃ​សេចក្ដី​ងងឹត​បាន​បំពេញ​កៅអី និង​សាទរ​ចំពោះ​ផែនការ​របស់​ពួក​គ្រូ​ក្លែង​ក្លាយ​យ៉ាង​ពេញ​ទំហឹង។ ការ​នេះ​នឹង​ពិត​ជា​ជំរុញ​ឲ្យ​មាន​កំហឹង​សុចរិត​ចំពោះ​គ្រីស្ទ​បរិស័ទ​ពិត ហើយ​ជា​ពិសេស​ចំពោះ​មនុស្ស​ដែល​ព្រះ​ជាម្ចាស់​បាន​ជ្រើស​តាំង​ឲ្យ​មាន​ភារកិច្ច​អធិប្បាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត និង​កែ​តម្រង់​ជំនឿ​ខុស​ឆ្គង។
 
កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​អាច​នឹង​ហៅ​ប្រភេទ​នេះ​ថា «ការ​អធិស្ឋាន​ដាក់​បណ្ដាសា» ខណៈ​ដែល​មនុស្ស​សុចរិត​អធិស្ឋាន​សុំ​ឲ្យ​ខ្មាំង​សត្រូវ​របស់​ព្រះ​ជាម្ចាស់​វិនាស ហើយ​ងាក​ចេញ​ពី​ផ្លូវ​ទុច្ចរិត​របស់​ពួក​គេ។ សូម​ចង​ចាំ​ថា ទាំង​នេះ​មិន​មែន​ជា​ការ​អធិស្ឋាន​ប្រឆាំង​នឹង​អ្នក​ដែល​អាក់​អន់​ចិត្ត​ផ្ទាល់ ស្រប​ពេល​ដែល​កំពុង​តែ​មាន​បញ្ហា​ផ្នែក​គោល​លទ្ធិ​បន្ទាប់បន្សំ ឬ​ជម្លោះ​ផ្ទាល់​ខ្លួន​នោះ​ទេ។ ទាំង​នេះ​គឺ​ជា​សេចក្ដី​អធិស្ឋាន​ជាក់​លាក់​ចំពោះ​ខ្មាំង​សត្រូវ​របស់​ព្រះ​ជាម្ចាស់ និង​សេចក្ដី​ពិត​របស់​ទ្រង់។ ឧទាហរណ៍​ពី​ព្រះ​គម្ពីរ​ដែល​លោក​អ្នក​អាច​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​រួម​មាន៖ 
 
ក. អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ដក​អ្នក​ដឹកនាំ​អាក្រក់​ចេញ ហើយ​ដាក់​អ្នក​ថ្មី​ដែល​កោត​ខ្លាច​ព្រះ​ជាម្ចាស់
 
«កាល​ណា​វា​ត្រូវ​ជំនុំជម្រះ នោះ​សូម​ឲ្យ​វា​មាន​ទោស ហើយ​ឲ្យ​សេចក្ដី​អធិស្ឋាន​របស់​វា​ត្រឡប់​ជា​អំពើ​បាប​វិញ សូម​ឲ្យ​ថ្ងៃ​អាយុ​របស់​វា​បាន​ខ្លី​ចុះ ហើយ​ឲ្យ​មាន​ម្នាក់​ទៀត​ទទួល​យក​ការ​ងារ​របស់​វា សូម​ឲ្យ​កូន​ចៅ​វា​នៅ​ជា​កំព្រា​ឪពុក ហើយ​ឲ្យ​ប្រពន្ធ​វា​នៅ​ជា​មេម៉ាយ» (ទំនុកតម្កើង ១០៩:៧-៩)។
 
ខ. អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជាម្ចាស់​បិទ​មាត់​ពួកគេ
 
«ឱ​ព្រះ​អង្គ​អើយ សូម​បំបាក់​ធ្មេញ​នៅ​ក្នុង​មាត់​គេ ឱ​ព្រះ​យេហូវ៉ា​អើយ សូម​បំបាក់​ចង្កូម​នៃ​ពួក​សិង្ហ​ស្ទាវ (ទំនុកតម្កើង ៥៨:៦)។
 
គ. អធិស្ឋាន​ឲ្យ​ពួក​គេ​ផាត់​ចេញ​ទៅ​ឆ្ងាយ ហើយ​ធ្លាក់​ចុះ
 
« សូម​ឲ្យ​គេ​បាន​ដូច​ជា​ចំបើង​ដែល​ខ្យល់​ផាត់​ទៅ ហើយ​ឲ្យ​ទេវតា​នៃ​ព្រះ​យេហូវ៉ា​ដេញ​តាម​គេ​ផង សូម​ឲ្យ​ផ្លូវ​គេ​បាន​ងងឹត ហើយ​រឥល ព្រម​ទាំង​មាន​ទេវតា​នៃ​ព្រះ​យេហូវ៉ា​ដេញ​តាម​គេ​ដែរ» (ទំនុកតម្កើង ៣៥:៥-៦)។
 
៣. អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​ជាប់​ក្នុង​ការ​បោក​បញ្ឆោត​របស់​ពួក​គេ
 
ការ​មាន​ដួង​ចិត្ត​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ គឺ​ចាំបាច់​ណាស់​ក្នុង​ការ​ពិចារណា​លើ​ប្រធាន​បទ​នេះ។ នៅ​ពេល​ដែល​សាវ័ក ប៉ុល លើក​ឡើង​អំពី​អ្នក​ជឿ​ក្លែងក្លាយ​ដែល​ឡូយ​ឆាយ ហើយ​មាន​ត្រចៀក​រមាស់ និង​របៀប​ដែល​នឹង​ការ​នោះ​គ្រប់​គ្រង​លើ​ចិត្ត​គំនិត​របស់​អ្នក​ចាញ់​បោក​ទាំង​នោះ គឺ​គាត់​បាន​បញ្ចប់​ដោយ​ការ​ដាស់​តឿន​យ៉ាង​ច្បាស់ៗ​ទៅ​កាន់​លោក ធីម៉ូថេ៖ «តែ​ឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹង​ធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំ​ទ្រ​នឹង​សេចក្ដី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ ព្រម​ទាំង​បំពេញ​ការ​ងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង»  (២ធីម៉ូថេ ៤:៥)។
 
នេះ​ជា​បទ​គម្ពីរ​មួយ​ដ៏​ល្អ​សម្រាប់​ការ​អធិស្ឋាន​របស់​យើង បើ​និយាយ​អំពី​ពួក​គ្រូ​ក្លែង​ក្លាយ។ ការងារ​របស់​អ្នក​ផ្សាយ​ដំណឹង​ល្អ រួម​បញ្ចូល​ទាំង​ការ​ប្រកាស​ដំណឹង​ល្អ និង​ការ​អធិស្ឋាន​សម្រាប់​មនុស្ស​បាត់បង់​ដែរ។ នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ២:១-៤ សាវ័ក ប៉ុល បាន​ដាស់​តឿន​ថា៖
 
«ដូច្នេះ ខ្ញុំ​ទូន្មាន​សេចក្ដី​នេះ​ជា​មុន​ដំបូង​ថា ចូរ​ពោល​ពាក្យ​អរ​ព្រះ​គុណ ពាក្យ​ទូល​សូម ពាក្យ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​ឲ្យ​មនុស្ស​ទាំង​អស់ គឺ​ឲ្យ​ស្ដេច ហើយ​ឲ្យ​ពួក​នាម៉ឺន​ទាំង​ប៉ុន្មាន​ផង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នៅ​ជា​សុខ​សាន្ត ហើយ​ស្រគត់ស្រគំ ដោយ​កោត​ខ្លាច ហើយ​ដោយ​នឹង​ធឹង​គ្រប់​ជំពូក ដ្បិត​យ៉ាង​នោះ ទើប​បាន​ល្អ​ហើយ​គាប់​ព្រះ​ហឫទ័យ ដល់​ព្រះ​ដ៏​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​យើង ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ឲ្យ​មនុស្ស​ទាំង​អស់​បាន​សង្គ្រោះ ហើយ​ឲ្យ​បាន​ស្គាល់​សេចក្ដី​ពិត។»
 
ខ្ញុំ​ជឿ​ថា វា​ជា​រឿង​មាន​ប្រាជ្ញា និង​ត្រឹម​ត្រូវ ដែល​ពួក​យើង​អធិស្ឋាន​សម្រាប់ «មនុស្ស​ទាំង​អស់» សម្រាប់​អស់​អ្នក​ដែល​ព្រះ​ជា​ម្ចាស់​នឹង​សង្គ្រោះ ហើយ​នឹង​ត្រាស់​ហៅ​ឲ្យ​ទទួល​បាន​សេចក្ដី​សង្គ្រោះ។ បច្ចុប្បន្ន​នេះ​មាន​ចៀម​ដែល​វង្វេង​នៅ​ក្រោម​អំណាច​នៃ​គ្រូ​ក្លែង​ក្លាយ និង​ដំណឹង​ល្អ​ក្លែង​ក្លាយ​ជា​ច្រើន។ សូម​អធិស្ឋាន​ឲ្យ​ពួក​គេ​មាន​សេរីភាព ដោយ​អំណាច​នៃ​ដំណឹង​ល្អ​ពិត​ប្រាកដ​វិញ!
 
៤. អធិស្ឋាន​សូម​ឲ្យ​លោក​អ្នក និង​គ្រូ​គង្វាល​របស់​លោក​អ្នក​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​និយាយ​សេចក្ដី​ពិត ដោយ​ចិត្ត​ស្រឡាញ់
 
នេះ​មិន​មែន​ជា​ការ​អធិស្ឋាន​គាំទ្រ​គ្រូ​ក្លែង​ក្លាយ​នោះ​ទេ ប៉ុន្តែ​បន្ទាប់​ពី​យើង​បាន​អធិស្ឋាន​សម្រាប់​ព្រលឹង​ពួក​គេ ទូល​សូម​ឲ្យ​ព្រះ​ជាម្ចាស់​បញ្ចប់​ព័ន្ធ​កិច្ច​ដ៏​អាក្រក់​របស់​ពួក​គេ ហើយ​ឲ្យ​អ្នក​ដែល​បាត់​បង់​នឹង​បាន​ភ្ញាក់​ដឹង​ខ្លួន​វិញ នោះ​តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​ត្រូវ​អធិស្ឋាន ក្រៅ​ពី​អធិស្ឋាន​ឲ្យ​លោក​អ្នក និង​គ្រូ​គង្វាល​របស់​លោក​អ្នក​មាន​ចិត្ត​ក្លាហាន​ក្នុង​ការ​ប្រកាស​សេចក្ដី​ពិត ដោយ​សេចក្ដី​ស្រឡាញ់? 
 
សាវ័ក ប៉ុល បាន​អង្វរ​ដល់​ពួក​អ្នក​ជឿ​នៅ​ក្រុង​អេភេសូរ​ថា «…ហើយ​ឲ្យ​ខ្ញុំ​ផង ប្រយោជន៍​ឲ្យ​ព្រះ​បាន​ប្រទាន​ពាក្យ​សម្ដី​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​បើក​មាត់​ដោយ​ក្លាហាន និង​សម្ដែង​ពី​សេចក្ដី​អាថ៌កំបាំង​នៃ​ដំណឹង​ល្អ ដែល​ខ្ញុំ​ជា​ទូត​ជាប់​ច្រវាក់ ដោយ​ព្រោះ​ដំណឹង​ល្អ​នោះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​ក្លាហាន​ក្នុង​ដំណឹង​ល្អ ប្រយោជន៍​ឲ្យ​ខ្ញុំ​បាន​និយាយ តាម​ដែល​គួរ​គប្បី» (អេភេសូរ ៦:១៩-២០)។ 
 
សូម​ឲ្យ​ការ​ធ្វើ​បែប​នេះ​ជា​សេចក្ដី​អធិស្ឋាន​របស់​យើង​ចុះ! 
 
និពន្ធ​ដោយ៖ Costi Hinn
បក​ប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
ជំនួយ​ការ​បក​ប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ  
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី forthegospel.org ដោយ​មាន​ការ​អនុញ្ញាត។

ចំណាំ៖ យើង​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​កែ​សម្រួល​លើ​ឯកសារ​ដើម​របស់​អ្នក​និពន្ធ។
អំពី​អ្នក​និពន្ធ៖ លោកគ្រូ Costi W. Hinn ជា​គ្រូគង្វាល​រៀមច្បង​នៅ​ព្រះវិហារ Mission Bible នៅ Orange County រដ្ឋ​កាលីហ្វញ៉ា។ គាត់​មាន​ការ​ឆេះឆួល​ក្នុង​ការ​ពង្រឹង និង​បង្ហាត់​ឲ្យ​គ្រីស្ទបរិស័ទ​រស់នៅ​ដោយ​មាន​ភាព​ក្លាហាន​សម្រាប់​ព្រះយេស៊ូវគ្រីស្ទ។ ទាក់ទង​នឹង​ប្រវត្តិ និង​ជំនាញ​របស់​គាត់ គាត់​បង្រៀន​មនុស្សម្នា​នៅ​ជុំវិញ​ពិភពលោក​នេះ​អំពី​របៀប​នៃ​ការ​ដោះស្រាយ​ដំណឹងល្អ​ដែល​សន្យា​ភាព​ចម្រុងចម្រើន។ គាត់​មាន​ចំណែក​ក្នុង​ការ​ចូលរួម​និពន្ធ​សៀវភៅ Defining Deception ជាមួយនឹង​អ្នកនិពន្ធ​ម្នាក់ទៀត ហើយ​គាត់​ក៏បាន​និពន្ធ​សៀវភៅ God, Greed, and the (Prosperity) Gospel (Zondervan, ខែសីហា ឆ្នាំ២០១៩)។ ប៉ុស្តិ៍​ទូរទស្សន៍ CNN បាន​ចាក់​ផ្សាយ​អំពី​ការងារ​របស់​គាត់ ទស្សនាវដ្ដី Christianity Today និង​កន្លែង​បោះ​ពុម្ព​ផ្សេងៗ​ទៀត​ក៏បាន​ចាក់​ផ្សាយ​អំពី​ការងារ​របស់​គាត់​ផង​ដែរ។ លោកគ្រូ Costi បាន​បញ្ចប់​ការសិក្សា​របស់​គាត់​នៅ​ឯ​មហាវិទ្យាល័យ Dallas Baptist ហើយ​ឥឡូវនេះ​កំពុង​រៀន​បន្ត​យក​បណ្ឌិត​ពីរ​ទៀត​នៅ​ឯ​សាលា​ព្រះគម្ពីរ Midwestern Baptist Theological។ សព្វ​ថ្ងៃ​នេះ គាត់​ស្នាក់នៅ Irvine រដ្ឋ​កាលីហ្វញ៉ា ជាមួយនឹង​ប្រពន្ធ និង​កូន​៣​នាក់​របស់​គាត់។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​គ្រីស្ទ​បរិស័ទ​គួរ​ស្បថ​លើ​ព្រះ​គម្ពីរ​ដែរ​ឬ​ទេ?