in

ប្រសិន​បើ​ខ្ញុំ​ស្ដាប់​ការ​អធិប្បាយ ហេតុ​អ្វី​ខ្ញុំ​ត្រូវ​អាន​ព្រះ​គម្ពីរ​ទៀត?

យើង​មាន​សំណួរ​មួយ​ដែល​អ្នក​អាន​របស់​យើង​បាន​សួរ «សួស្ដី​លោក​គ្រូ! ខ្ញុំ​ពឹង​ផ្អែក​លើ​គ្រូ​គង្វាល​របស់​ខ្ញុំ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ ហើយ​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​ព្រះ​ជាម្ចាស់​ចង់​មាន​បន្ទូល​មក​កាន់​ខ្ញុំ​តាម​រយ:​ព្រះ​គម្ពីរ​នោះ​ឯង។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​ចាំ​បាច់​អាន​ព្រះ​គម្ពីរ​ទៀត​ទេ ពីព្រោះ​ខ្ញុំ​បាន​ស្ដាប់​សេចក្ដី​អធិប្បាយ​របស់​គាត់​រៀង​រាល់​សប្ដាហ៍​ហើយ»។ តើ​លោក​គ្រូ​គិត​ដូច​ម្ដេច​ដែរ​ចំពោះ​បុគ្គល​ដែល​គិត​ថា សេចក្ដី​អធិប្បាយ​នៅ​ថ្ងៃ​អាទិត្យ គឺ​គ្រប់​គ្រាន់​ហើយ​សម្រាប់​ចំណេះ​ដឹង​ព្រះ​គម្ពីរ​ពេញ​មួយ​សប្ដាហ៍​របស់​គាត់?

ខ្ញុំ​គឺ​ជា​គ្រូ​គង្វាល ហើយ​ខ្ញុំ​ចូល​ចិត្ត​ណាស់​នៅ​ពេល​មាន​អ្នក​ស្ដាប់​ខ្ញុំ។ ខ្ញុំ​ចូល​ចិត្ត​ណាស់​នៅ​ពេល​អ្នក​ដទៃ​ទុក​ចិត្ត​លើ​គ្រូ​គង្វាល​របស់​ខ្លួន ហើយ​ពួក​គាត់​រីករាយ​ក្នុង​ការ​ស្ដាប់​គ្រូ​គង្វាល​ពន្យល់​អំពី​ព្រះ​គម្ពីរ​រៀង​រាល់​សប្ដាហ៍។ អាម៉ែន! នោះ​គឺ​ជា​ការ​ដ៏​ល្អ​ប្រសើរ​មួយ។

តើ​លោក​អ្នក​ស្រេក​ឃ្លាន​ទេ?

ប៉ុន្តែ មាន​អ្វី​មួយ​ដែល​មិន​ប្រក្រតី​នៅ​ទី​នេះ។ ខ្ញុំ​ចង់​មាន​ន័យ​ថា វា​ធ្ងន់ធ្ងរ​មែន។ មាន​អ្វី​មួយ​មិន​ប្រក្រតី​នៅ​ទី​នេះ ពី​ព្រោះ​ប្រសិន​បើ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ចូល​មក​ដោយ​មាន​ពេញ​ដោយ​អំណាច​ព្រះ​ចេស្ដា​រៀង​រាល់​សប្ដាហ៍ នោះ​ព្រះ​បន្ទូល​មិន​គ្រាន់​តែ​បំពេញ​ភាព​ស្កប់​ស្កល់​នៃ​ការ​ស្រេក​ឃ្លាន​នោះ​ទេ ប៉ុន្តែ​ព្រះ​បន្ទូល​នោះ​បង្កើត​ឲ្យ​មាន​ភាព​ស្រេក​ឃ្លាន​ផង​ដែរ។ ខ្ញុំ​នឹង​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​អ្នក​បរាជ័យ​ទាំង​ស្រុង​តែ​ម្ដង ប្រសិន​បើ​ពួក​ជំនុំ​របស់​ខ្ញុំ​និយាយ​ថា «ដោយ​សារ​សេចក្ដី​អធិប្បាយ​របស់​លោក​គ្រូ ពួក​យើង​មិន​ចាំ​បាច់​អាន​ព្រះ​គម្ពីរ​ទៀត​នោះ​ទេ»។ នោះ​ខ្ញុំ​នឹង​គិត​ថា «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? ខ្ញុំ​បាន​ផ្ដល់​អាហារ​ដល់​លោក​អ្នក​ដែល​មិន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ឬ​គួរ​ឲ្យ​ធុញ​ទ្រាន់ ឬ​ក៏​មិន​មាន​សញ្ញា​ណា​មួយ ឬ​ជា​សេចក្ដី​សង្ឃឹម​ដែល​លោក​អ្នក​មិន​មាន សូម្បី​តែ​ចាប់​យក​ក្នុង​អំឡុង​ពេល​មួយ​សប្ដាហ៍​ផង»។

ដូច្នេះ ខ្ញុំ​ពិត​ជា​ឆ្ងល់​ណាស់​អំពី​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​បុគ្គល​ម្នាក់​នេះ​ក្នុង​ការ​និយាយ​ថា «ខ្ញុំ​ត្រូវ​ការ​តែ​សេចក្ដី​អធិប្បាយ​ប៉ុណ្ណោះ»។ ហើយ​សំណួរ​របស់​ខ្ញុំ​គឺ​ដូច​នេះ «តើ​លោក​អ្នក​ចង់​បាន​តែ​ប៉ុណ្ណោះ​មែន​ឬ? ហេតុ​អ្វី​បាន​ជា​អាហារ​នៅ​ថ្ងៃ​អាទិត្យ​មិន​ធ្វើ​ឲ្យ​រសជាតិ​របស់​លោក​អ្នក​កាន់​តែ​ឆ្ងាញ់​នៅ​ថ្ងៃ​ចន្ទ? ហេតុ​អ្វី​មិន​ដូច្នោះ?» សម្រាប់​ខ្ញុំ មើល​ទៅ​ហាក់​បី​ដូច​ជា​មាន​បញ្ហា​ពីរ​នៅ​ត្រង់​ចំណុច​នេះ។ ទី១​គឺ​ថា តើ​យើង​ត្រូវ​ការ​ព្រះ​គម្ពីរ​ដល់​កម្រិត​ណា? ហើយ​មួយ​ទៀត​គឺ​ថា តើ​យើង​ចង់​បាន​ព្រះ​គម្ពីរ​ខ្លាំង​ដល់​កម្រិត​ណា?

តើ​យើង​ចង់​បាន​ដល់​កម្រិត​ណា?

ដូច្នេះ ចូរ​ពិនិត្យ​មើល​លើ​សំណួរ​ដែល​ថា ចង់​បាន​ដល់​កម្រិត​ណា។ ហេតុ​អ្វី​បាន​ជា​លោក​អ្នក​ចង់​បាន​សេចក្ដី​អធិប្បាយ​តែ​មួយ​ដង​ចេញ​ពី​ព្រះ​គម្ពីរ​ក្នុង​មួយ​សប្ដាហ៍? ហេតុ​អ្វី​បាន​ជា​លោក​អ្នក​ចង់​បាន​សេចក្ដី​អធិប្បាយ​តែ​មួយ​ហ្នឹង​ក្នុង​មួយ​សប្ដាហ៍ តាម​រយៈ​អ្នក​ផ្សេង? ចំពោះ​ខ្ញុំ នោះ​ប្រៀប​ដូច​ជា​ការ​និយាយ​ថា «ខ្ញុំ​មាន​ស្នេហា​ហើយ។ សង្សារ​របស់​ខ្ញុំ​សរសេរ​សំបុត្រ​មក​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ខ្ញុំ​នឹង​អាន​សំបុត្រ​របស់​គាត់​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍ ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ឲ្យ​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត​អាន​ឲ្យ​ខ្ញុំ​ស្ដាប់ ហើយ​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​គាត់​ចង់​និយាយ»។ អ្នក​កំពុង​និយាយ​លេង​ទេ​ឬ​អី? មាន​ពេល​មួយ ខ្ញុំ​មាន​ស្នេហា គឺ​នៅ​រដូវ​ក្ដៅ​ក្នុង​ឆ្នាំ១៩៦៧ ដែល​កាល​នោះ​ខ្ញុំ​គឺ​ជា​គ្រូ​បង្វឹក​ហែល​ទឹក​ម្នាក់ (និង​អ្នក​ការពារ​នៅ​កន្លែង​លេង​ទឹក)។ ខ្ញុំ​ហិត​ស្រោម​សំបុត្រ​នោះ​៥​នាទី​មុន​ពេល​ខ្ញុំ​បើក​វា។ ខ្ញុំ​ក៏​នឹង​មិន​ឲ្យ​ទៅ​នរណា​ផ្សេង​ទៀត​នោះ​ទេ។ ខ្ញុំ​ពិត​ជា​មាន​ចិត្ត​ចង់​ចេញ​ទៅ​ក្រៅ​ជា​រៀង​រាល់​ថ្ងៃ​ជា​មួយ​នឹង​ស្រោម​សំបុត្រ​ដែល​មាន​ជាប់​ក្លិន​ផ្កា​កុលាប និង​ក្លិន​ដៃ​របស់​អនាគត​ប្រពន្ធ​ខ្ញុំ​ណាស់។

ការ​ចង់​អាន​សំបុត្រ​ស្នេហា​តែ​មួយ​ដង​ក្នុង​មួយ​សប្ដាហ៍ នៅ​ពេល​ដែល​នាង​សរសេរ​វា​ជា​រៀង​រាល់​ថ្ងៃ​គឺ​ជា​សញ្ញា​បង្ហាញ​ថា មាន​អ្វី​មួយ​មិន​ប្រក្រតី​ហើយ។ ការ​នោះ​ប្លែក​ណាស់។ មាន​អ្វី​មួយ​មិន​ប្រក្រតី​នៅ​ក្នុង​ទំនាក់​ទំនង​របស់​បុគ្គល​ម្នាក់​នេះ​ជា​មួយ​ព្រះ​ជាម្ចាស់​ជា​មិន​ខាន។

ប៉ុន្តែ សាវ័ក ប៉ុល បាន​លើក​ឡើង​ថា​គាត់​រស់​នៅ​សម្រាប់​ព្រះ​យេស៊ូវ​ដែល​ទ្រង់​ស្រឡាញ់​គាត់ ហើយ​បាន​ប្រគល់​ព្រះ​អង្គ​ទ្រង់​ជំនួស​គាត់ (កាឡាទី ២:២០)។ នោះ​គឺ​ជា​ការ​ពិត។ ព្រះ​យេស៊ូវ​ស្រឡាញ់​យើង​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រគល់​ព្រះ​ជន្ម​របស់​ទ្រង់​ជំនួស​យើង​រាល់​គ្នា។ ព្រះ​ជាម្ចាស់​ស្រឡាញ់​យើង​ដល់​ម៉្លេះ បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជ​បុត្រា​របស់​ទ្រង់​សម្រាប់​យើង។ ហើយ​ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​នេះ​ឯង​ដែល​ព្រះ​អង្គ​បាន​ស្រឡាញ់​យើង ហើយ​ព្រះ​វរបិតា​ដែល​ស្រឡាញ់​យើង—ទាក់​ទង​ជា​មួយ​របៀប​ដែល​ព្រះ​អង្គ​មាន​ទំនាក់​ទំនង​ជា​មួយ​យើង និង​អំពី​អ្វី​ដែល​ព្រះ​អង្គ​កំពុង​ធ្វើ​លើ​ផែន​ដី​នេះ។ ព្រះ​គម្ពីរ​ទាំង​មូល​គឺ​ជា​សំបុត្រ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​របស់​ព្រះ​ជាម្ចាស់​ទៅ​កាន់​រាស្ត្រ​របស់​ព្រះ​អង្គ។ ដូច្នេះ​ហើយ​បាន​ជា​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​បាន​ចែង​ថា «ព្រះ​បន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្ដាត​ទូល​បង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូល​បង្គំ​ទៅ​ទៀត» (ទំនុកតម្កើង ១១៩:១០៣)។ វា​មិន​សម​ហេតុ​ផល​នោះ​ទេ​សម្រាប់​អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ទំនុក​តម្កើង​ក្នុង​ការ​លើក​ឡើង​ថា «ទូល​បង្គំ​ទទួល​បាន​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​យ៉ាង​ពេញ ហើយ​វា​លើស​លប់​ណាស់​ហើយ ទូល​បង្គំ​មិន​ចង់​បាន​សម្រាប់​ថ្ងៃ​ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ ឬ​ថ្ងៃ​សៅរ៍​ទៀត​នោះ​ទេ»។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ​គាត់​បាន​លើក​ឡើង​ថា៖

  • «ទូល​បង្គំ​ត្រេក​អរ​តែ​នឹង​ក្រឹត្យ​វិន័យ​របស់​ព្រះ​យេហូវ៉ា​វិញ ក៏​រំពឹង​គិត​ក្នុង​ក្រឹត្យ​វិន័យ​ទ្រង់​ទាំង​យប់​ទាំង​ថ្ងៃ​ដែរ» (សូម​មើល​នៅ​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១:២)។
  • «សេចក្ដី​ទាំង​នោះ​គួរ​ចង់​បាន​លើស​ជាង​មាស» (ទំនុកតម្កើង ១៩:១០)។
  • «បើ​ឯង​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ នោះ​ឯង​នឹង​បាន​យល់​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​ប៉ះ​ប្រទះ​នឹង​សេចក្ដី​ស្គាល់​ដល់​ព្រះ​អង្គ» (សុភាសិត ២:៤-៥)។

ដូច្នេះ ខ្ញុំ​សូម​សួរ​ដល់​អ្នក​អាន និង​អ្នក​ស្ដាប់​របស់​យើង—សូម​ព្រះ​បាន​ប្រទាន​ពរ​ដល់​ដួង​ចិត្ត​របស់​គាត់—ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​ឃើញ​ភាព​ស្រស់​ស្អាត​ត្រឹម​មួយ​សប្ដាហ៍ ឬ​ក៏​ភ្លក់​ទឹក​ឃ្មុំ​តែ​មួយ​ដង​ក្នុង​មួយ​អាទិត្យ ឬ​ការ​ដាក់​ប្រាក់​តែ​មួយ​ដង​ក្នុង​មួយ​សប្ដាហ៍​ក្នុង​កុង​ធនាគារ​របស់​លោក​អ្នក ឬ​ក៏​ទទួល​សំបុត្រ​តែ​មួយ​ក្នុង​មួយ​សប្ដាហ៍​ពី​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក? តើ​មាន​រឿង​អ្វី​កើត​ឡើង? សូម​ភ្ញាក់​ឡើង! ក្រោក​ឡើង ចូរ​ភ្ញាក់​មក​ឯ​ភាព​ពិត​ជាក់​ស្ដែង​ចុះ។

តើ​យើង​ត្រូវ​ការ​ខ្លាំង​ដល់​កម្រិត​ណា?

បន្ទាប់​មក ខ្ញុំ​ចង់​ប្ដូរ​សំណួរ​សួរ​ថា តើ​លោក​អ្នក​ត្រូវ​ការ​អ្វី? តើ​លោក​អ្នក​ត្រូវ​ការ​អាហារ​តែ​មួយ​ពេល​ទេ​ឬ​អី​ក្នុង​មួយ​សប្ដាហ៍? មិន​មែន​គ្រាន់​តែ​ថា តើ​លោក​អ្នក​ចង់​បាន​អ្វី ប៉ុន្តែ​តើ​លោក​អ្នក​ត្រូវ​ការ​អ្វី? ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​បន្ទូល​ថា «មនុស្ស​មិន​មែន​រស់ ដោយ​សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​មក​ដែរ» (ម៉ាថាយ ៤:៤)—គឺ​គ្រប់​ទាំង​ព្រះ​បន្ទូល។ នេះ​គឺ​ជា​របៀប​ដែល​លោក​អ្នក​រស់​នៅ។ លោក​អ្នក​ត្រូវ​ការ​ទទួល​ទាន​អាហារ។

ខ្ញុំ​គិត​ថា ខ្ញុំ​អាច​និយាយ​ចេញ​ពី​បទ​ពិសោធន៍ ចេញ​ពី​ប្រវត្តិសាស្ត្រ និង​ចេញ​ពី​ព្រះ​គម្ពីរ​ផ្ទាល់៖ គ្រប់​គ្រីស្ទ​បរិស័ទ​ទាំង​អស់​គួរ​តែ​ចំណាយ​ពេល​លើ​ព្រះ​គម្ពីរ​ច្រើន​ជាង​នេះ ចំណាយ​ពេល​លើ​អាហារ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ច្រើន​ជាង​មួយ​ដង​ក្នុង​មួយ​សប្ដាហ៍—ដែល​មិន​ធ្វើ​ការ​ខាង​ឯ​រាង​កាយ ឬ​ព្រលឹង​វិញ្ញាណ​នោះ​ទេ។ ការ​ល្បួង​មាន​ឥត​ឈប់​ឈរ។ មន្ទិល​សង្ស័យ​មាន​ជា​ញឹកញាប់។ សាតាំង​សកម្ម​យ៉ាង​ខ្លាំង។ មាន​ទុក្ខ​ព្រួយ​យ៉ាង​ធ្ងន់​ក្រៃ។ ជម្លោះ​មាន​ច្រើន​អនេក។ អារម្មណ៍​ប្រែ​ប្រួល​យ៉ាង​ខ្លាំង។ ភាព​ច្របូក​ច្របល់​ពិបាក​ខ្លាំង​ពេក។ សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់​ត្រូវ​បាន​ទទួល​កា​គម្រាម​កំហែង​យ៉ាង​ខ្លាំង​ក្នុង​ការ​គិត​ថា ខ្ញុំ​អាច​ដោះ​ស្រាយ​ជា​មួយ​ការ​ទាំង​នេះ​ពេញ​មួយ​សប្ដាហ៍​បាន​ចេញ​ពី​ព្រះ​បន្ទូល​ដែល​ខ្ញុំ​ទទួល​បាន​នៅ​ថ្ងៃ​អាទិត្យ។ ខ្ញុំ​ផ្ទាល់​មិន​អាច​ធ្វើ​បាន​ទេ។ ហើយ​ខ្ញុំ​ក៏​គិត​ថា មិន​មាន​នរណា​ម្នាក់​អាច​ធ្វើ​បាន​ដែរ។

គោល​បំណង​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​គឺ ដើម្បី​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្រេក​ឃ្លាន—ហើយ​ការ​អធិប្បាយ​នៅ​ថ្ងៃ​អាទិត្យ​គឺ​មិន​គ្រប់​គ្រាន់​ទេ​ក្នុង​ការ​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត។

និពន្ធ​ដោយ៖ លោកគ្រូ John Piper
បក​ប្រែ​ដោយ៖ លោក ខែម បូឡុង
កែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ឈាង បូរ៉ា និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​ផ្ដល់ និង​ការ​ទទួល​យក​ការ​រិះគន់​តាម​របៀប​ព្រះ​ជា​ម្ចាស់៖ សំលៀង​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ពាក្យ​សម្ដី

ការ​រក្សា​ព្រះ​បន្ទូល