in ,

តើការផឹកស្រាមិនអីមែនឬទេ?

Is It Okay to Drink Alcohol?

តើ​យើង​គួរ​និយាយ​តប​យ៉ាង​ដូច​ម្តេច​ចំពោះ​អស់អ្នក​ដែល​អះអាង​ថា ការ​បរិភោគ​គ្រឿងស្រវឹង​គឺ​មិន​អី​ទេ ពីព្រោះ​ព្រះ​យេស៊ូវ​ក៏​បាន​ផឹក​ស្រា​ផង​ដែរ?

លោក​អ្នក​គួរ​ឆ្លើយ​ថា «ខ្ញុំ​គិត​ថា បង​គួរ​បន្ថែម​ពីរបី​ពាក្យ​ទៀត​ក្នុង​ឃ្លា​នោះ ដែល​មាន​ដូចជា “ការ​ផឹក​ទំនង​ជា​មិន​អី​ទេ”» ឃ្លា​ដែល​ថា «តើ​ការ​ផឹក​ស្រា​មិន​អី​ទេ​ឬ» គឺ​មិន​មែន​ជា​ឃ្លា​ច្បាស់​លាស់​គ្រប់​គ្រាន់​ចំពោះ​យើង​ក្នុង​ការ​ដឹង​ថា តើ​បុគ្គល​នោះ​កំពុង​តែ​លើក​ឡើង​អំពី​ជីវិត​បែប​ណា​ក្នុង​ការ​រស់​នៅ​របស់​គាត់​នោះ​ទេ ហើយ​ក៏​ថា តើ​នោះ​ជា​គំរូ ឬ​ក៏​លំនាំ​នៃ​ការ​រស់​នៅ​ដ៏​ល្អ ឬ​ក៏​មិន​ល្អ​នោះ​ផង​ដែរ។

ចម្លើយ​របស់​ខ្ញុំ​គឺ​ដូច​ត​ទៅ៖ យើង​មិន​អាច​និយាយ​ថា​របៀប​ផឹក​មួ​ចំនួន​គឺ​មិន​អី​បាន​នោះ​ទេ។ ឧទាហរណ៍៖ ដូច​ជា​ការ​ផឹក​រហូត​ទាល់​តែ​ស្រវឹង​ជោក​ខ្លួន។ ចំណុច​នេះ​មាន​យ៉ាង​ច្បាស់​លាស់​ក្នុង​ព្រះ​គម្ពីរ។ ឧទាហរណ៍​មួយ​ទៀត​ដែល​ថា​ការ​ផឹក​វា​មិន​អី​ទេ​គឺ៖ ការ​ផឹក​ជា​មួយ​នឹង​បុគ្គល​ណា​ម្នាក់​ដែល​សតិសម្បជញ្ញៈ​របស់​គាត់​កំពុង​តែ​ថ្កោល​ទោស​គាត់ និង​ការ​ផឹក​នោះ​កំពុង​តែ​ល្បួង​ឲ្យ​គាត់​ចង់​ផឹក​រហូត​ដល់​ស្រវឹង ឬ​ក៏​បណ្ដាល​ឲ្យ​គាត់​ធ្លាក់​ក្នុង​ការ​ញៀន​ស្រា​ដោយ​ផឹក​ម្ដង​ទៀង បន្ទាប់​ពី​ពួក​គាត់​បាន​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​ការ​ញៀន​ជា​យូរ​ឆ្នាំ​ហើយ។ ហើយ​ឥឡូវ​នេះ​លោក​អ្នក​កំពុង​តែ​ទាក់​ទាញ​ពួក​គាត់​ឲ្យ​ធ្លាក់​ក្នុង​អ្វី​ដែល​បាន​បំផ្លាញ​ពួក​គាត់។ ហើយ​វា​ក៏​បាន​បំផ្លាញ​មនុស្ស​រាប់​លាន​នាក់​នៅ​ក្នុង​សង្គម​នេះ​ផង​ដែរ! វា​បាន​បំផ្លាញ​ជីវិត​អាពាហ៍ពិពាហ៍​ជា​ច្រើន។ វា​បាន​បំផ្លាញ​ការ​ងារ។ ក្នុង​សង្គម​យើង គ្រឿង​ស្រវឹង​គឺ​ពិត​ជា​សាហាវ​ព្រៃផ្សៃ​ខ្លាំង​ណាស់​ជា​ពិសេស​ក្នុង​រដូវ​បុណ្យ​ទាន​ម្ដងៗ។

យើង​ខ្ញុំ​មិន​ដឹង​ថា កាល​នៅ​សម័យ​ព្រះ​យេស៊ូវ វា​សាហាវ​ព្រៃផ្សៃ​ប៉ុណ្ណា​នោះ​ទេ។ ការ​ស្រវឹង​ពិត​ជា​រឿង​ដ៏​ជាក់​ស្ដែង​មែន​នៅ​សម័យ​នោះ។ ពិត​ណាស់! ព្រះ​គម្ពីរ​បាន​ថ្កោល​ទោស​ការ​នោះ។ តែ​ថា​វា​សាហាវ​ព្រៃផ្សៃ​ប៉ុណ្ណា នោះ​យើង​ខ្ញុំ​មិន​ដឹង​ទេ។ អ្វី​ដែល​យើង​ខ្ញុំ​ដឹង​គឺ​ត្រង់​ថា ពេល​ដែល​យើង​ខ្ញុំ​និយាយ​ជា​មួយ​អស់​អ្នក​ដែល​កំពុង​ព្យាយាម​ផ្ដាច់​ចេញ​ពី​ស្រា ឬ​ក៏​ពេល​ដែល​យើង​ខ្ញុំ​អធិស្ឋាន​ជា​មួយ​នរណា​ម្នាក់ ដូច​ដែល​យើង​ខ្ញុំ​ទើប​តែ​បាន​ធ្វើ​នា​សប្តាហ៍​មុន​នេះ​ក្រោយ​ពេល​ថ្វាយ​បង្គំ​រួច គាត់​បាន​និយាយ​មក​យើង​ខ្ញុំ​ថា «ពេល​ដែល​ខ្ញុំ​ចប់​នៅ​ទី​នេះ នោះ​ខ្ញុំ​នឹង​ចេញ​ទៅ​ផឹក​ស្រា​រហូត​ដល់​ស្រវឹង ព្រោះ​ខ្ញុំ​ចប់​ហើយ។ ខ្ញុំ​គិត​ថា​ខ្ញុំ​បាន​បែក​ឆ្វេង​ពី​ព្រះ​អង្គ​ហើយ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់​អាច​មក​ជួយ​ខ្ញុំ​បាន​ទៀត​ទេ ហើយ​ព្រះ​អង្គ​ក៏​នឹង​មិន​អត់​ទោស​ខ្ញុំ​ទៀត​ដែរ។ ហើយ​ខ្ញុំ​ក៏​បាន​ព្យាយាម​ឲ្យ​មនុស្ស​ជា​ច្រើន​ជួយ​ខ្ញុំ​ជា​ច្រើន​ដង​ដែរ ប៉ុន្តែ​ខ្ញុំ​គ្មាន​សង្ឃឹម​សោះ!»។ យើង​ខ្ញុំ​មិន​យល់​សោះ​ចំពោះ​មនុស្ស​មិន​មាន​ការ​ប្រុង​ប្រយ័ត្ន​ទាក់​ទង​នឹង​គ្រឿង​ស្រវឹង

ដូច្នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​លើក​ឡើង​ថា «បង​គួរ​បន្ថែម​ពីរ​បី​ពាក្យ​ទៀត​ក្នុង​ឃ្លា​នោះ»។
ពិត​ណាស់! លោក​អ្នក​មិន​អាច​អះ​អាង​ដោយ​ប្រើ​ប្រាស់​ព្រះ​គម្ពីរ​ថា យើង​មិន​គួរ​ផឹក​ស្រា​នោះ​ទេ ដ្បិត​យើង​ឃើញ​យ៉ាង​ច្បាស់​ថា ស្រា​គឺ​ជា​ព្រះ​ពរ​នៅ​ក្នុង​ព្រះ​គម្ពីរ។

ប្រសិន​បើ​លោក​អ្នក​ជ្រើស​រើស​មិន​ផឹក​ស្រា​ដូច​ជា​យើង​ខ្ញុំ នោះ​លោក​អ្នក​មិន​អាច​អះ​អាង​ថា ស្រា​អាក្រក់​បាន​នោះ​ទេ។ ថា​អញ្ចឹង​មិន​អាច​ទៅ​រួច​បាន​ឡើយ។ តាម​ពិត​ទៅ ចំពោះ​យើង​ខ្ញុំ​វិញ វា​ពាក់​ព័ន្ធ​នឹង​សង្គម​ដែល​យើង​ខ្ញុំ​កំពុង​រស់​នៅ​ក្នុង។ ពាក់​ព័ន្ធ​នឹង​កូនៗ និង​ចៅៗ​របស់​យើង​ខ្ញុំ។ ពាក់​ព័ន្ធ​នឹង​លក្ខណៈ​បុគ្គលិក​ភាព​នៃ​ការ​ញៀន​របស់​យើង​ខ្ញុំ​ផ្ទាល់។ យើង​ខ្ញុំ​ស្ទើរ​តែ​មិន​អាច​ទិញ​ស្ករ​កៅស៊ូ​មួយ​ដុំ​ដោយ​មិន​ញ៉ាំ​វា​ទាំង​អស់​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​បាន​ផង។

យើង​ខ្ញុំ​ដឹង​ហើយ​ថា មាន​មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​មិន​ចង់​ប្រកាន់​ភ្ជាប់​តាម​ក្រឹត្យ​វិន័យ​និយម ហើយ​ក៏​ចង់​សាក​ល្បួង​សេរី​ភាព​របស់​ដំណឹង​ល្អ ប៉ុន្តែ​យើង​ខ្ញុំ​គិត​ថា ពួក​គេ​មិន​ស្គាល់​​ធាតុ​ពិត​នៃ​លោកីយ៍​ដែល​យើង​កំពុង​រស់​នៅ​ក្នុង​នោះ​ឡើយ។

នេះ​ឯង​គឺ​ជា​ការ​ព្រមាន​ដ៏​តូច​តាច​មួយ​ពី​យើង​ខ្ញុំ។ ហើយ​យើង​ខ្ញុំ​ក៏​ដឹង​ផង​ដែរ​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ដែល​នឹង​ជំទាស់​ប្រឆាំង​នឹង​យើង​ខ្ញុំ (ដែល​តាម​ពិត​ទៅ​ពួក​គាត់​គឺ​សុទ្ធ​តែ​ជា​អស់​អ្នក​ដែល​យើង​ខ្ញុំ​គោរព​យ៉ាង​ខ្លាំង) ត្រង់​ចំណុច​ថា យើង​ខ្ញុំ​កំពុង​តែ​បដិសេធ​នូវ​អំណោយ​ទាន​ដ៏​វិសេស​វិសាល​ពី​ព្រះ​ជាម្ចាស់​សម្រាប់​មនុស្ស​គ្រប់ៗ​រូប​ហើយ។

លោក​គ្រូ​បាន​បញ្ជាក់​ថា​ការ​ពិសា​គ្រឿង​ស្រវឹង វា​មិន​អី​ទេ ប៉ុន្តែ​វា​ក៏​មិន​មែន​ជា​ករណី​ដូច​នេះ​គ្រប់​ពេល​វេលា​ដែរ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

 

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

កូន​របស់​ព្រះ

ពេល​ដែល​មនុស្ស​មាន​បាប​ម្នាក់