in ,

តើជាការខុសឆ្គងឬទេដែលមនុស្សប្រុសស្ដាប់ការអធិប្បាយរបស់មនុស្សស្រី?

«ខ្ញុំ​ជា​មនុស្ស​ប្រុស។ តើ​ជា​ការ​ខុស​ឆ្គង​ឬ​ទេ​ដែល​ខ្ញុំ​ស្តាប់​ការ​អធិប្បាយ​របស់​មនុស្ស​ស្រី​ដែល​ជា​គ្រីស្ទ​បរិស័ទ?

ទេ! វា​មិន​ខុស​ឆ្គង​ទេ លុះ​ត្រាតែ​លោក​អ្នក​ចាប់​ផ្ដើម​រំពឹង​លើ​គាត់​ថា​ជា​គ្រូ​គង្វាល​របស់​ខ្លួន។

នេះ​គឺ​ជា​អារម្មណ៍​របស់​យើង​ខ្ញុំ នៅ​ពេល​ដែល​មាន​មនុស្ស​ស្រី​មួយ​ចំនួន​ឡើង​និយាយ​ពេល​ខ្លះ​នៅ​សាលា​ថ្ងៃ​អាទិត្យ។ យើង​មិន​ចាំបាច់​រើស​អើង​ពេក​ទេ។ ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​ហើយ​ថា «មិន​បើក​ឲ្យ​ស្ត្រី​ណា​បង្រៀន ឬ​ឲ្យ​មាន​អំណាច​លើ​បុរស​ទេ» (១ធីម៉ូថេ ២:១២)។ ក្នុង​បរិបទ​នេះ នេះ​មាន​ន័យ​ថា ស្ត្រី​មិន​គួរ​មាន​អំណាច​បែប​ជា​គ្រូ​បង្រៀន​ក្នុង​ក្រុម​ជំនុំ​នោះ​ទេ។ ហើយ​ពួក​គាត់​ក៏​មិន​គួរ​ធ្វើ​ជា​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ​ដែរ។ គ្រូ​គង្វាល​ជា​ច្រើន​យល់​ស្រប​អំពី​ចំណុច​នេះ​ក្នុង​របៀប​នេះ។

តើ​នេះ​មិន​មែន​មាន​ន័យ​ថា លោក​អ្នក​មិន​អាច​រៀន​សូត្រ​ពី​មនុស្ស​ស្រី​នោះ​ទេ។ នេះ​មិន​មែន​មាន​ន័យ​ថា មនុស្ស​ស្រី​ល្ងង់ ឬ​ក៏​មិន​មាន​សមត្ថភាព​ក្នុង​ការ​គិត​គូរ​នោះ​ទេ។ នេះ​គ្រាន់​តែ​មាន​ន័យ​ថា មាន​ទំនាក់​ទំនង​ពិសេស​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី។ ប្រសិន​បើ​ស្ត្រី​ណា​ម្នាក់​ចាប់​ផ្ដើម​មាន​អំណាច​ក្នុង​ឋានៈ​នៃ​ការ​បង្រៀន​ក្នុង​ជីវិត​របស់​លោក​អ្នក នោះ​មាន​ន័យ​ថា ភាព​ជា​បុរស​នៃ​មនុស្ស​ប្រុស និង​ភាព​ជា​ស្ត្រី​នៃ​មនុស្ស​ស្រី​បាន​ទទួល​ការ​ខូច​ខាត​ហើយ។

នេះ​គឺ​ជា​ចំណុច​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង។ មាន​មនុស្ស​រាប់​ពាន់​នាក់ ឬ​ក៏​ប្រហែល​រាប់​លាន​នាក់ ដែល​គិត​ថា​គំនិត​នេះ​គឺ​ឆ្កួត ១០០% ហើយ។ នៅ​ពេល​ដែល​យើង​ខ្ញុំ​កំពុង​តែ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នៃ​ឋានៈ​សម្រាប់​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​មាន​គេ​បាន​លើក​ឡើង​ជា​ច្រើន​ឆ្នាំ​មុន​ថា យើង​ខ្ញុំ​ឆ្កួត។ យើង​ខ្ញុំ​មិន​ឆ្កួត​ទេ។ នៅ​សព្វ​ថ្ងៃ​នេះ មាន​ទាំង​មនុស្ស​វ័យ​ចំណាស់ និង​វ័យ​ក្មេង​ជា​ច្រើន​នាក់​បាន​ឯកភាព ១០០% ជា​មួយ​នឹង​យើង​ខ្ញុំ។

តើ​មនុស្ស​ប្រុស​គួរ​ស្តាប់​ស្ត្រី​ដូច​ជា​លោក​ស្រី អេលីសាបិត អេលាត (Elisabeth Elliot) ដែរ​ឬ​ទេ? គាត់​មាន​ភាព​ល្បី​ល្បាញ​ក្នុង​ជំនាន់​យើង​ខ្ញុំ។ លោក​ស្រី អេលីសាបិត អេលាត ជំរុញ​ឲ្យ​មនុស្ស​វ័យ​ក្មេង​ធ្វើ​ជា​បេសកជន​ដែល​ស្ម័គ្រ​ចិត្ត​ស្លាប់​សម្រាប់​ព្រះ​គ្រីស្ទ។ យើង​ខ្ញុំ​ពិត​ជា​ស្រឡាញ់​ចំណុច​នេះ​ណាស់! សូម​លោក​ស្រី អេលីសាបិត បន្ត​ប្រាប់​គេ​ចុះ! គាត់​មាន​ភាព​ក្លាហាន​យ៉ាង​ខ្លាំង​អំពី​ការ​លះបង់​ជីវិត​របស់​ខ្លួន ហើយ​ពិត​ជា​ស្ដាប់​បង្គាប់ ហើយ​មាន​ការ​ប្រាជ្ញា​ចិត្ត ១០០% ក្នុង​ការ​បម្រើ​ព្រះ។ គាត់​មិន​មែន​ជា​គ្រូ​គង្វាល ហើយ​គាត់​ក៏​មិន​បាន​អធិប្បាយ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ដែរ។ គាត់​គឺ​ជា​ប្រភេទ​នៃ​ស្ត្រី​ដែល​យើង​ខ្ញុំ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង។ យើង​ខ្ញុំ​អាច​រៀន​បាន​ចំណុច​ជា​ច្រើន​ពី​គាត់។

យើង​ខ្ញុំ​ក៏​ចង់​រៀន​សូត្រ​ពី​ប្រពន្ធ​របស់​យើង​ខ្ញុំ​ដែរ។ ហើយ​យើង​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ណាស់​ក្នុង​ការ​រៀន​សូត្រ​ពី​ការ​និយាយ​ស្ដី​របស់​មនុស្ស​ស្រី​ដែរ។ ប៉ុន្តែ យើង​ខ្ញុំ​មិន​ចង់​មាន​ទំនាក់​ទំនង​នៃ​ការ​ស្ដាប់ ឬ​ក៏​ការ​ទៅ​ចូល​រួម​នៅ​ក្រុម​ជំនុំ​ណា​មួយ ដែល​មាន​មនុស្ស​ស្រី​ជា​គ្រូ​គង្វាល ឬ​ក៏​អ្នក​មាន​អំណាច​លើ​យើង​ខ្ញុំ​នោះ​ទេ។ នេះ​គឺ​ជា​ចំណុច​គ្រោះ​ថ្នាក់​សម្រាប់​មនុស្ស​ប្រុស។ យើង​ខ្ញុំ​អាច​ពន្យល់​អំពី​មូល​ហេតុ​នេះ​ចេញ​ពី​ព្រះគម្ពីរ ចេញ​ពី​បទ​ពិសោធន៍ និង​ចេញ​ពី​ផ្លូវ​ចិត្ត​បាន ប៉ុន្តែ​យើង​ខ្ញុំ​ទើប​តែ​បាន​លើក​ឡើង​នូវ​ការ​សង្ខេប​ត្រួសៗ​សម្រាប់​លោក​អ្នក។

យើង​ខ្ញុំ​គិត​ថា មាន​មនុស្ស​ស្រី​ជា​ច្រើន​នាក់​ដែល​ជា​គ្រូ​អធិប្បាយ​នឹង​មាន​ចិត្ត​រីក​រាយ​ជា​មួយ​នឹង​ចម្លើយ​របស់​យើង​ខ្ញុំ។ ប៉ុន្តែ វា​អាច​ក្លាយ​ជា​ការ​ខុស​ឆ្គង​បាន ដូច្នេះ​លោក​អ្នក​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន។

លោក​គ្រូ​បាន​បញ្ជាក់​ថា វា​មិន​មែន​ជា​រឿង​ខុស​ឆ្គង​ទេ​ដែល​មនុស្ស​ប្រុស​ស្ដាប់​ការ​និយាយ​របស់ លុះ​ត្រាតែ​គាត់​ចាប់​ផ្ដើម​ស្ដាប់​មនុស្ស​ស្រី​នោះ​ក្នុង​លក្ខណៈ​បែប​ថា​ជា​គ្រូ​គង្វាល​របស់​គាត់។

និពន្ធដោយ៖ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក សឹម រក្សា, លោក Jeff Lai និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

កូនសោនៃជំនឿ

អំពើបាបដ៏អាក្រក់