អ្នកប្រហែលជាភ្ញាក់ផ្អើលដែលខ្ញុំបញ្ចូលឥស្លាមនៅក្នុងសៀវភៅនេះ។ អ្នកអាចសួរថា «តើលោកមហាម៉ាត់មិនបានអះអាងថា បង្កើតសាសនាថ្មីទាំងស្រុងឬ?» តាមពិតគាត់មិនបានអះអាងដូច្នេះនោះទេ។ មហាម៉ាត់បានអះអាងថា សាសនាឥស្លាម គឺជាការសម្រេចចុងក្រោយរបស់សាសនាយូដា និងគ្រីស្ទសាសនាវិញ ហើយថា គាត់គឺជាព្យាការីចុងក្រោយ និងធំបំផុតនៅក្នុងចំណោមព្យាការីទាំងឡាយ តាំងពីអ័ដាមមក។ សូមចាំថា សាសនាថ្មីជាច្រើនចូលចិត្តអះអាងថា ពួកគេគឺជាការសម្រេចចុងក្រោយរបស់គ្រីស្ទសាសនា (សាសនា មរមន ស្មរបន្ទាល់ព្រះយេហូវ៉ាជាដើម) ឬថា មេដឹកនាំរបស់ពួកគេ គឺជាព្រះគ្រីស្ទដែលយាងមកចុងក្រោយ (សាន់ ម៉្ញុង មូន និង អាន់ សាំងហុង ជាដើម)។ តាមពិត មហាម៉ាត់ បានទទួលស្គាល់ អ័ដាម ណូអេ អាប្រាហាំ ម៉ូសេ ដាវីឌ និងព្រះយេស៊ូវ គឺជាអ្នកនាំសារមកពីព្រះ។ ទោះយ៉ាងណាក៏ដោយគាត់អះអាងថា គាត់ផ្ទាល់ជាព្យាការីចុងក្រោយ និងល្អបំផុតរបស់ព្រះជាម្ចាស់។
ប្រវត្តិ
លោក មហាម៉ាត់ បានរស់នៅក្នុងទីក្រុងមេកកា (Mecca) ជាទីក្រុងមួយនៅក្នុងប្រទេស ដែលសព្វថ្ងៃនេះហៅថា អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia) ខាងកើតប្រទេសអ៊ីស្រាអែល។ គាត់បានបង្រៀនមនុស្សមួយក្រុមតូចថា មានព្រះតែមួយ គឺ អុលឡោះ (Allah) ហើយថា គាត់គឺជាព្យាការីចុងក្រោយរបស់អុលឡោះ។ ក៏ប៉ុន្តែប្រជាជននៅមេកកាបានធ្វើទុក្ខបុកម្នេញដល់ក្រុមថ្មីនេះ ដូច្នេះពួកគេក៏បានផ្លាស់ទៅទីក្រុងមេឌីណា (Medina) នៅ គ.ស ៦២២ ជាកន្លែងដែលពួកគេចាប់ផ្តើមរីកចម្រើន។ នៅឆ្នាំ ៦២៩ មហាម៉ាត់បានប្រមូលកងទ័ពដ៏ធំមួយ
នៃសមាជិកគាត់ពីមេឌីណា ហើយបានវាយលុក និងយកឈ្នះមេកកា ដែលបន្ទាប់មកក្លាយជាមជ្ឈមណ្ឌលនៃសាសនាឥស្លាម។ បីឆ្នាំក្រោយមកនៅឆ្នាំ ៦៣២ មហាម៉ាត់បានធ្លាក់ខ្លួនឈឺ ហើយបានស្លាប់ ប៉ុន្តែនៅពេលនោះសាសនាឥស្លាមបានរីករាលដាលពាសពេញតំបន់អារ៉ាប់ហើយ។ គេបញ្ចុះសពគាត់នៅក្រុងមេឌីណា។
បន្ទាប់ពីមរណភាពរបស់មហាម៉ាត់ សាសនាឥស្លាមបានបែងចែកជាពីរក្រុម។ អ្នកខ្លះគិតថា អាប៊ូបាកកឺ (Abu Bakr) ដែលជាមិត្ត និងជាពុកក្មេករបស់មហាម៉ាត់ គួរតែដឹកនាំជំនឿឥស្លាម។ ក្រោយមកក្រុមនេះបានក្លាយជានិកាយ ស៊ុននី (Sunni) ដែលជាក្រុមមូស្លីមធំបំផុតនៅលើពិភពលោក។ អ្នកផ្សេងទៀតបានជឿថា លោក មហាម៉ាត់ បានជ្រើសរើស អាលី អ៊ីបិន អាប៊ី ថាលិប (Ali ibn Abi Talib) ដែលជាជីដូនមួយ និងជាកូនប្រសារបស់គាត់ ដើម្បីស្នងតំណែងគាត់។ ក្រុមនោះត្រូវបានគេស្គាល់ថា ជានិកាយ ឈីអា (Shia)។ រហូតមកដល់សព្វថ្ងៃនេះមានការប៉ះទង្គិច និងអំពើហិង្សាជាច្រើនរវាងក្រុមទាំងពីរនេះ។
នៅទីបំផុតសាសនារបស់មហាម៉ាត់បានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក។ ឥឡូវនេះមានអ្នកកាន់សាសនាឥស្លាមជាងមួយពាន់លាននាក់ នៅលើពិភពលោក។ ហើយសៀវភៅរបស់មហាម៉ាត់
ឈ្មោះ កូរ៉ាន បានក្លាយជាគម្ពីរបរិសុទ្ធនៃសាសនាថ្មីនេះ។
លោក មហាម៉ាត់ បានទទួលសេចក្ដីពិតជាច្រើនពីព្រះគម្ពីរ ដែលគាត់បានឮពីគ្រីស្ទបរិស័ទ និងជនជាតិយូដា។ ឧទាហរណ៍ គាត់ជឿថា…
- ព្រះជាម្ចាស់បានបង្កើតអ្វីៗទាំងអស់ ចេញពីរបស់ដែលគ្មាន។
- ព្រះជាម្ចាស់បានបង្កើតអ័ដាម និងអេវ៉ា។
- អ័ដាម និងអេវ៉ាបានធ្វើបាប។
- ព្រះជាម្ចាស់បានត្រាស់ហៅអ័ប្រាហាំ។
- ព្រះជាម្ចាស់ត្រាស់ហៅម៉ូសេឲ្យរំដោះអ៊ីស្រាអែលចេញពីអេហ្ស៊ីប។
- ព្រះយេស៊ូវបានប្រសូតពីស្រីក្រមុំព្រហ្មចារី គឺម៉ារា។
- ព្រះយេស៊ូវគ្មានបាបសោះ។
- ព្រះយេស៊ូវជាព្រះមែស៊ី (Isa al-Masih)។
- ថ្ងៃណាមួយព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ ដើម្បីជំនុំជម្រះពិភពលោក ហើយធ្វើឲ្យអ្វីៗទាំងអស់ត្រូវបញ្ចប់។
ថែមពីនោះទៀត សាសនាឥស្លាមក៏ទទួលស្គាល់គម្ពីរដែលលោកម៉ូសេបានសរសេរ គម្ពីរទំនុកតម្កើង និងគម្ពីរសញ្ញាថ្មី (ស៊ូរ៉ា ៣ៈ៣) ប៉ុន្តែពួកគេជឿថា ច្បាប់ចម្លងនៃបទគម្ពីរនេះបានផ្លាស់ប្ដូរបន្តិចម្ដងៗ។ (ពួកគេមិនមានភ័ស្ដុតាងសម្រាប់រឿងនេះទេ)។
និយាយម្យ៉ាងទៀត សាសនាឥស្លាមស្រដៀងសេចក្តីពិតរបស់ព្រះ ដែលបានបើកសម្ដែងនៅក្នុងគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ជាងក្រុមខុសឆ្គងជាច្រើន ដែលយើងបានរៀននៅក្នុងសៀវភៅនេះ។ ទោះយ៉ាងណាក្ដី មហាម៉ាត់ និងអ្នកដែលដើរតាមគាត់ ក៏បានបដិសេធចំណុចសំខាន់ៗជាច្រើននៃគ្រីស្ទសាសនា។
តើសាសនាឥស្លាមបដិសេធអ្វីខ្លះនៅក្នុងគ្រីស្ទសាសនា?
គោលជំនឿអំពីព្រះត្រៃឯក។ សាសនាឥស្លាមបដិសេធគោលជំនឿអំពីព្រះត្រៃឯក។ ពួកគេជឿថា ព្រះយេស៊ូវមិនមែនជាព្រះទេ ប៉ុន្តែជាព្យាការីដែលគ្មានបាប ហើយព្រះវិញ្ញាណបរិសុទ្ធមិនមែនជាព្រះទេ តែជាមហាទេវតាកាព្រីយ៉ែល។ (មួយទៀតគម្ពីរកូរ៉ានយល់ច្រឡំថា ព្រះត្រៃឯកជា ព្រះវរបិតា ព្រះយេស៊ូវ និងម៉ារា នៅក្នុង
ស៊ូរ៉ា ៥ៈ៧៣-៧៥ និង ៥ៈ១១៦)។
ព្រះគម្ពីរ។ សាសនាឥស្លាមមិនជឿថា ឯកសារបុរាណនៃព្រះគម្ពីរ ត្រូវបានចម្លងយ៉ាងត្រឹមត្រូវ ពីមួយជំនាន់ទៅមួយជំនាន់នោះទេ។ ក៏ប៉ុន្តែ ភ័ស្តុតាងតាមលក្ខណៈវិទ្យាសាស្ត្របង្ហាញថា ព្រះគម្ពីរត្រូវបានចម្លងយ៉ាងយកចិត្តទុកដាក់ និងត្រឹមត្រូវណាស់។
តើព្រះគម្ពីរបានផ្លាស់ប្ដូរច្រើន បន្ទាប់ពីឯកសារដើមឬ? រហូតមកដល់ឆ្នាំ ១៩៤៧ ច្បាប់ចម្លងចាស់បំផុតនៃគម្ពីរសញ្ញាចាស់ជាភាសាហេព្រើរដែលយើងមាន បានចម្លងនៅឆ្នាំ ៩០០ នៃគ.ស។ ដូចនេះ ឯកសារនោះត្រូវបានគេចម្លង ១៣០០ ឆ្នាំ ក្រោយពីគម្ពីរសញ្ញាចាស់ត្រូវបានសរសេរចប់។ អ្នកវិទ្យាសាស្ត្រស្ដាយដែលគេអត់មានឯកសារចាស់ជាងនោះទៀត ដែលគេអាចប្រៀបធៀប ដើម្បីដឹងថា គម្ពីរផ្លាស់ប្តូរត្រង់ណាខ្លះតាំងពីឯកសារដើមមក។
ថ្ងៃមួយមានអ្នកគង្វាលសត្វពពែម្នាក់នៅជិតសមុទ្រស្លាប់ បានគប់ដុំថ្មមួយដុំចូលទៅក្នុងរូងភ្នំនៅលើច្រាំងថ្មចោទ ហើយបានឮសំឡេងបែក។ នៅពេលដែលគាត់ឡើងទៅមើល គាត់បានរកឃើញពាងដីឥដ្ឋរាប់សិប ដែលមានសំណៅបុរាណរាប់រយច្បាប់ ដែលក្នុងនោះ មានទាំងរមូរគម្ពីរសញ្ញាចាស់ចំនួន ២០០ច្បាប់ដែរ។ នៅពេលដែលពួកអ្នកវិទ្យាសាស្ត្រស្រាវជ្រាវរមូរគម្ពីរសញ្ញាចាស់នោះ ពួកគេឃើញថារមូរខ្លះចាស់ជាងរមូរដែលគេមានហើយ១៣០០ឆ្នាំ ចាស់ជាងសម័យព្រះយេស៊ូវទៀត។ ឥឡូវអ្នកវិទ្យាសាស្ត្រអាចប្រៀបធៀប រមូរបុរាណនោះដើម្បីដឹងថា តើសញ្ញាចាស់បានផ្លាស់ប្តូរច្រើនប៉ុន្មានក្នុងរយៈពេលមួយពាន់បីរយឆ្នាំនៃការចម្លង។
តើពួកគេបានរកឃើញអ្វី? គ្មានការផ្លាស់ប្តូរធំដុំទេ! ឧទាហរណ៍ រមូរនៃកណ្ឌអេសាយដែលគេបានរកឃើញនៅក្នុងរូងភ្នំ ស្ទើរតែដូចគ្នា នឹងអេសាយដែលត្រូវបានចម្លងមួយពាន់បីរយឆ្នាំក្រោយ។ ខុសគ្នាតែការប្រកបអក្សរបន្តិចបន្តួច។ គំនិតដែលថា ព្រះគម្ពីរបានផ្លាស់ប្តូរច្រើន មិនមែនជាការពិតទេ។
សាសនាឥស្លាមមិនជឿថា គម្ពីរសញ្ញាថ្មី គឺជាគម្ពីរចុងក្រោយមកពីព្រះទេ។ ពួកគេជឿថា គម្ពីរកូរ៉ានដែលបានសរសេរ ៦០០ ឆ្នាំបន្ទាប់ពីព្រះគ្រីស្ទ គឺជាព្រះគម្ពីរចុងក្រោយ ហើយល្អជាងគេទាំងអស់។
មនុស្សជាតិ។ សាសនាឥស្លាមមិនជឿថា មនុស្សត្រូវបានបង្កើតតាមរូបភាពរបស់ព្រះជាម្ចាស់នោះឡើយ។ គេក៏មិនជឿថាមនុស្សទាំងអស់កើតមកជាមនុស្សមានបាបដោយសារបាបរបស់អ័ដាម និងអេវ៉ាទេ។ ពួកគេជឿថា ទារកទាំងអស់ តាមធម្មជាតិ គឺចុះចូលចំពោះអុលឡោះ តាំងពីកំណើត ប៉ុន្តែការចិញ្ចឹមបីបាច់របស់ពួកគេ ធ្វើឲ្យពួកគេខូចត្រឡប់ទៅជា គ្រីស្ទបរិស័ទ អ្នកកាន់សាសនាជ្វីហ្វ ឬអ្នកមិនជឿសាសនា ។ល។
សេចក្ដីសង្គ្រោះ។ សាសនាឥស្លាមបដិសេធដង្វាយធួននឹងបាបរបស់ព្រះគ្រីស្ទ សម្រាប់បាបរបស់យើង។ គេជឿថា អុលឡោះ មានសិទ្ធិអត់ទោសទទេ ដល់អស់អ្នកណាដែលក្លាយជាមូស្លីម ដោយមិនគិតពីតម្រូវការនៃក្រឹត្យវិន័យរបស់អុលឡោះឡើយ។
ការសុគតលើឈើឆ្កាង។ សាសនាឥស្លាម បដិសេធភ័ស្ដុតាងក្នុងគម្ពីរសញ្ញាថ្មី ដែលថា ព្រះយេស៊ូវបានសុគតលើឈើឆ្កាង។ មូស្លីមភាគច្រើនជឿថា ហៀបនឹងឆ្កាងព្រះយេស៊ូវ គេដាក់យូដាសលើឈើឆ្កាងជំនួសព្រះយេស៊ូវវិញ។ ពេលនោះព្រះយេស៊ូវត្រូវបានលើកឡើងទៅឋានសួគ៌តែម្ដង ដោយមិនបានសុគតទេ (ស៊ូរ៉ា ៤ៈ១៥៧)។ និយាយម្យ៉ាងទៀត ព្រះយេស៊ូវមិនបានសុគតជំនួសមនុស្សមានបាបទេ គឺមនុស្សមានបាបម្នាក់បានស្លាប់ជំនួសព្រះយេស៊ូវវិញ! មួយទៀត ដោយព្រោះពួកគេជឿថា ព្រះយេស៊ូវគ្រីស្ទមិនបានសុគត នោះពួកគេក៏បដិសេធការរស់ឡើងវិញនៃព្រះគ្រីស្ទដែរ។
ព្រះយេស៊ូវគ្រីស្ទ។ ពួកគេជឿថា ព្រះយេស៊ូវមិនមែនជាព្រះរាជបុត្រានៃព្រះទេ ប៉ុន្តែគ្រាន់តែជាហោរាដ៏អស្ចារ្យម្នាក់ប៉ុណ្ណោះ។
ព្រឹត្តិការណ៍សំខាន់បំផុតនៅក្នុងសាសនាឥស្លាម គឺពេលអុលឡោះបើកសម្ដែងកូរ៉ានដល់មហាម៉ាត់។
ប៉ុន្តែ ព្រឹត្តិការណ៍សំខាន់បំផុតនៅក្នុងគ្រីស្ទសាសនា គឺកំណើត ជីវិតរស់នៅ ការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ។
ដើម្បីក្លាយជាអ្នកកាន់សាសនាឥស្លាម មនុស្សត្រូវតែប្រកាស ហ្សាហាដា (Shahadah)៖ «គ្មានព្រះក្រៅពីអុលឡោះទេ ហើយមហាម៉ាត់ គឺជាព្យាការីរបស់អុលឡោះ»។
សាសនាឥស្លាមក៏បង្រៀនថា អ័ប្រាហាំបានយកអ៊ីស្មាអែល មិនមែនអ៊ីសាកទេ មកបូជានៅលើភ្នំម៉ូរីយ៉ា។
សេចក្ដីសង្គ្រោះនៅក្នុងសាសនាឥស្លាម
«ដោយសារពួកម៉ូស្លីមមិនទទួលយកគោលលទ្ធិនៃការធ្លាក់ចុះរបស់មនុស្ស ឬក៏និស្ស័យបាប នោះមិនត្រូវការការប្រោសលោះនោះទេ។ <ការសង្គ្រោះ> នៃសាសនាឥស្លាម ត្រូវបានគេយល់ស្ទើរតែទាំងស្រុងថា ជាការរំដោះនាពេលអនាគត ពីការជំនុំជម្រះចុងក្រោយ។ ពួកមូស្លីមជាច្រើនជឿថា អ្នកណាដែលជឿលើភាពតែមួយនៃព្រះ (ថហិដ Tawhid) និងងារព្យាការីរបស់មហាម៉ាត់ នឹងត្រូវបានសង្គ្រោះពីភ្លើងនៃការជំនុំជម្រះ។ អ្នកកាន់សាសនាឥស្លាមផ្សេងទៀតទទូចថា មនុស្សត្រូវចុះចូលចំពោះអុលឡោះ តាមរយៈការប្រកាន់ខ្ជាប់នូវសសរស្ដម្ភទាំង ៥ របស់សាសនាឥស្លាម៖ ការថ្លែងពីជំនឿ (ហ្សាហាដា Shahadah) ការអធិស្ឋានប្រចាំថ្ងៃ (សាឡាត់ Salat) ការធ្វើទាន (ហ្សាកាត់ Zakat) ការតមអាហារក្នុងអំឡុងខែរ៉ាម៉ាដន (សម Sawm) និងធម្មយាត្រាទៅទីក្រុង មេកកា (ហាជ Hajj)។ តាមប្រពៃណីសាសនាឥស្លាមដែលហៅថា ហាឌីដ (Hadith) ពួកមូស្លីមខ្លះជឿថា អុលឡោះផ្តល់កិត្តិយសដល់មហាម៉ាត់ ក្នុងការអង្វរករសម្រាប់សហគមន៍ឥស្លាមទាំងមូល នៅថ្ងៃជំនុំជម្រះចុងក្រោយ ដើម្បីអនុញ្ញាតឲ្យពួកមូស្លីមទាំងអស់បានសង្គ្រោះ»។ (Timothy C. Tennent, “The Bible and Islam,” ESV Study Bible, Crossway)
ដូចជាសាសនាខុសឆ្គងភាគច្រើនដែរ សាសនាឥស្លាមអះអាងថា ជាជំនឿ ដែលស័ក្ដិសមនឹងរស់ដើម្បី និងស្លាប់ដើម្បី។ ប៉ុន្តែដោយសារសាសនាឥស្លាមបង្ហាញពីព្រះគ្រីស្ទខុសពីព្រះគ្រីស្ទពិតនៅក្នុងព្រះគម្ពីរ សាវកយ៉ូហាន ហៅវាថា ជាសាសនា «អង់ទីគ្រីស្ទ» (១យ៉ូហាន ៤ៈ៣)។
តើធ្វើដូចម្តេចដើម្បីលើកទឹកចិត្តពួកមូស្លីមឲ្យជឿលើព្រះយេស៊ូវគ្រីស្ទ
សូមអធិស្ឋានសម្រាប់មិត្តភក្ដិមូស្លីមរបស់អ្នក ហើយធ្វើជាអ្នកជិតខាងដ៏ល្អចំពោះពួកគេ។ លើកទឹកចិត្តពួកគេ ឲ្យអានព្រះគម្ពីរប៊ីបទាំងមូល។ ទិញ «សៀវភៅរឿងព្រះយេស៊ូវតាមរយៈព្រះគម្ពីរ» ជាអំណោយដល់ពួកគេ។ គម្ពីរកូរ៉ានពិបាកអានណាស់ ព្រោះវាគ្មានដំណើររឿងប្រវត្តិសាស្ត្រ ដូចគម្ពីរយើងទេ។ បើប្រៀបធៀបទៅនឹងគម្ពីរកូរ៉ាន ដំណើររឿងព្រះគម្ពីរយើង គួរអោយចាប់អារម្មណ៍ណាស់ ព្រោះវាពោរពេញទៅដោយរឿងពិតដែលមានការរៀបចំតាមកាលប្បវត្តិ ហើយពួកមូស្លីមក៏ស្គាល់រឿងទាំងនោះជាច្រើនហើយ។ សូមសួរពួកគេថា តើគេចង់រៀនពីព្រះគម្ពីរព្រះអង្គ តាមរយៈសៀវភៅគ្រឹះមាំទេ។ សូមជឿទុកចិត្តថា ព្រះបន្ទូលរបស់ព្រះ ដែលខ្លាំងពូកែ ហើយរស់ នឹងធ្វើឲ្យមិត្តភក្ដិមូស្លីមរបស់អ្នកជឿលើដំណឹងល្អ។
អ្នកក៏អាចប្រាប់គេពីទីបន្ទាល់របស់អ្នក អំពីការដែលព្រះគ្រីស្ទបានរំដោះអ្នកពីសេចក្ដីភ័យខ្លាចចំពោះគ្រូមន្តអាគម បណ្ដាសា និងអារក្សអ្នកតាជាដើម។ នៅស្រុកខ្មែរ មានគ្រូមន្តអាគមក្នុងចំណោមអ្នកកាន់ព្រះពុទ្ធសាសនា និងអ្នកកាន់ឥស្លាមសាសនា តែគ្មានគ្រូមន្តអាគមក្នុងចំណោមគ្រីស្ទបរិស័ទទេ។ ក្នុងសង្គមដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ មិនត្រូវការគ្រូមន្តអាគមទេ។ ហេតុអ្វីបានជាគ្រីស្ទសាសនាអាចរំដោះអ្នកជឿឲ្យរួចពីសេចក្ដីភ័យខ្លាច ចំពោះគ្រូមន្តអាគម ជិន អារក្ស ខ្មោច អំពើ និងសេចក្ដីស្លាប់? ចម្លើយគឺថា ព្រះដែលគង់នៅក្នុងគ្រីស្ទបរិស័ទម្នាក់ៗ គឺជាអ្នកបង្កើតពិភពលោក និងជាអ្នកបង្កើតវិញ្ញាណទាំងអស់មក។ បើប្រៀបធៀបទៅនឹងព្រះយេស៊ូវ វិញ្ញាណដែលមានអំណាចទាំងអស់ ដែលមនុស្សភ័យខ្លាច គឺដូចជាស្រមោចដ៏តូច។ ដូច្នេះអ្នកដែលជឿលើព្រះយេស៊ូវ គ្មានអ្វីត្រូវខ្លាចឡើយ ហើយមិនពឹងលើគ្រូមន្តអាគមឡើយ។ ព្រះដែលបង្កើតអ្វីៗទាំងអស់ គង់នៅក្នុងរូបកាយរបស់គ្រីស្ទបរិស័ទទាំងអស់!
ទីបញ្ចប់ យើងត្រូវបង្ហាញសេចក្ដីស្រឡាញ់ និងចិត្តសប្បុរសចំពោះ ពួកម៉ាក និងអ្នកជិតខាងដែលកាន់សាសនាឥស្លាម។ ពួកគេត្រូវបានបង្កើតមកក្នុងរូបភាពព្រះ។ ព្រះជាម្ចាស់ស្រឡាញ់ពួកគេ ហើយចង់ឲ្យពួកគេផ្សះផ្សាជាមួយទ្រង់វិញ តាមរយៈព្រះយេស៊ូវ ដែលជាព្រះមែស៊ី និងព្រះប្រោសលោះ។
មតិយោបល់
Loading…