in ,

សាសនាឥស្លាម

អ្នក​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ដែល​ខ្ញុំ​បញ្ចូល​ឥស្លាម​នៅ​ក្នុង​សៀវភៅ​នេះ។ អ្នក​អាច​សួរ​ថា​ «តើ​លោក​មហាម៉ាត់​មិន​បាន​អះអាង​ថា បង្កើត​សាសនា​ថ្មី​ទាំងស្រុង​ឬ?» តាមពិត​គាត់​មិន​បាន​អះអាង​ដូច្នេះ​នោះ​ទេ។ មហាម៉ាត់​បាន​អះអាង​ថា សាសនា​ឥស្លាម គឺជា​ការ​សម្រេច​ចុងក្រោយ​របស់​សាសនា​យូដា និង​គ្រីស្ទ​សាសនា​​វិញ ហើយ​ថា ​គាត់​គឺជា​ព្យាការី​ចុងក្រោយ និង​ធំ​បំផុត​នៅ​ក្នុង​ចំណោម​ព្យាការី​ទាំង​ឡាយ​ តាំង​ពី​អ័ដាម​មក។ សូម​ចាំ​ថា​ សាសនា​ថ្មី​ជាច្រើន​ចូល​ចិត្ត​អះអាង​ថា ពួកគេ​គឺ​ជា​ការ​សម្រេច​ចុងក្រោយ​របស់​គ្រីស្ទ​សាសនា (សាសនា មរមន ស្មរ​បន្ទាល់​ព្រះយេហូវ៉ា​ជាដើម) ឬ​ថា មេដឹកនាំ​របស់​ពួកគេ គឺ​ជា​ព្រះគ្រីស្ទ​ដែល​យាង​មក​ចុងក្រោយ​ (សាន់ ម៉្ញុង មូន និង អាន់ សាំងហុង ជាដើម)។ តាមពិត មហាម៉ាត់​ បាន​ទទួល​ស្គាល់​ ​អ័ដាម ណូអេ អាប្រាហាំ ម៉ូសេ ដាវីឌ និង​ព្រះយេស៊ូវ គឺ​ជា​អ្នក​នាំ​សារ​មក​ពី​ព្រះ។ ទោះ​យ៉ាង​ណាក៏ដោយ​គាត់​អះអាង​ថា គាត់​ផ្ទាល់​ជា​ព្យាការី​ចុងក្រោយ និង​ល្អ​បំផុត​របស់​ព្រះ​ជា​ម្ចាស់។

ប្រវត្តិ
លោក មហាម៉ាត់ បាន​រស់នៅ​ក្នុង​ទីក្រុង​មេកកា (Mecca) ជា​ទីក្រុង​មួយ​នៅ​ក្នុង​ប្រទេស​ ដែល​សព្វថ្ងៃ​នេះ​ហៅ​ថា អារ៉ាប៊ីសាអ៊ូឌីត (Saudi Arabia)​ ខាង​កើត​ប្រទេស​អ៊ីស្រាអែល។ គាត់​បាន​បង្រៀន​មនុស្ស​មួយ​ក្រុម​តូច​ថា មាន​ព្រះ​តែ​មួយ​ គឺ​ អុលឡោះ (Allah) ហើយ​ថា គាត់​គឺ​ជា​ព្យាការី​ចុង​ក្រោយ​របស់​អុលឡោះ។ ក៏​ប៉ុន្តែ​ប្រជាជន​នៅ​មេកកា​បាន​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ក្រុម​ថ្មី​នេះ ដូច្នេះ​ពួកគេ​ក៏​បាន​ផ្លាស់​ទៅ​ទីក្រុង​មេឌីណា (Medina) ​នៅ គ.ស ៦២២ ជា​កន្លែង​ដែល​ពួកគេ​ចាប់ផ្តើម​រីកចម្រើន។ នៅ​ឆ្នាំ ៦២៩ មហាម៉ាត់​បាន​ប្រមូល​កងទ័ព​ដ៏​ធំ​មួយ​ នៃ​សមាជិក​គាត់​ពី​មេឌីណា ហើយ​បាន​វាយលុក និង​យក​ឈ្នះ​មេកកា ​ដែល​បន្ទាប់​មក​ក្លាយ​ជា​មជ្ឈមណ្ឌល​នៃ​សាសនា​ឥស្លាម។ បី​​ឆ្នាំ​ក្រោយ​មក​នៅ​ឆ្នាំ ៦៣២ មហាម៉ាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​បាន​ស្លាប់​ ប៉ុន្តែ​នៅ​ពេល​នោះ​សាសនា​ឥស្លាម​បាន​រីក​រាលដាល​ពាសពេញ​តំបន់​អារ៉ាប់​ហើយ។ គេ​បញ្ចុះ​សព​គាត់​នៅ​ក្រុង​មេឌីណា។

បន្ទាប់ពី​មរណភាព​របស់​មហាម៉ាត់​ សាសនា​ឥស្លាម​បាន​បែងចែក​ជា​ពីរ​ក្រុម។ អ្នកខ្លះ​គិត​ថា​ អាប៊ូបាកកឺ (Abu Bakr) ​ដែល​ជា​មិត្ត​ និង​ជា​ពុក​ក្មេក​របស់​មហាម៉ាត់​ គួរ​តែ​ដឹកនាំ​ជំនឿ​ឥស្លាម។ ​ក្រោយ​មក​ក្រុម​នេះ​បាន​ក្លាយ​ជា​និកាយ ស៊ុននី (Sunni) ដែល​ជា​ក្រុម​មូស្លីម​ធំ​បំផុត​នៅ​លើ​ពិភពលោក។ អ្នក​ផ្សេង​ទៀត​បាន​ជឿ​ថា លោក មហាម៉ាត់ បាន​ជ្រើសរើស អាលី អ៊ីបិន អាប៊ី ថាលិប (Ali ibn Abi Talib) ដែល​ជា​ជីដូនមួយ និង​ជា​កូន​ប្រសា​របស់​គាត់​ ដើម្បី​ស្នង​តំណែង​គាត់។ ក្រុម​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​និកាយ ​ឈីអា (Shia)។ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​មាន​ការ​ប៉ះទង្គិច​ និង​អំពើ​ហិង្សា​ជា​ច្រើន​រវាង​ក្រុម​ទាំង​ពីរ​នេះ។

នៅ​ទីបំផុត​សាសនា​របស់​មហាម៉ាត់​បាន​រីក​រាលដាល​ពាសពេញ​តំបន់​មជ្ឈិមបូព៌ា​ និង​អាហ្រ្វិក។ ឥឡូវ​នេះ​មាន​អ្នក​កាន់​សាសនា​ឥស្លាម​ជាង​មួយ​ពាន់​លាន​នាក់​ នៅ​លើ​ពិភពលោក។ ហើយ​សៀវភៅ​របស់​មហាម៉ាត់ ឈ្មោះ កូរ៉ាន បាន​ក្លាយ​ជា​គម្ពីរ​បរិសុទ្ធ​នៃ​សាសនា​ថ្មី​នេះ។

លោក មហាម៉ាត់ បាន​ទទួល​សេចក្ដី​ពិត​ជាច្រើន​ពី​ព្រះ​គម្ពីរ ដែល​គាត់​បាន​ឮ​ពី​គ្រីស្ទបរិស័ទ និង​ជនជាតិ​យូដា។ ឧទាហរណ៍ គាត់​ជឿ​ថា…

  • ព្រះ​ជា​ម្ចាស់​បាន​បង្កើត​អ្វីៗ​ទាំងអស់​ ចេញ​ពី​របស់​ដែល​គ្មាន។
  • ព្រះ​ជា​ម្ចាស់​បាន​បង្កើត​អ័ដាម និង​អេវ៉ា។
  • អ័ដាម និង​អេវ៉ា​បាន​ធ្វើ​បាប។
  • ព្រះ​ជា​ម្ចាស់​បាន​ត្រាស់​ហៅ​អ័ប្រាហាំ។
  • ព្រះជាម្ចាស់​ត្រាស់​ហៅ​ម៉ូសេ​ឲ្យ​រំដោះ​អ៊ីស្រាអែល​ចេញ​ពី​អេហ្ស៊ីប។
  • ព្រះយេស៊ូវ​បាន​ប្រសូត​ពី​ស្រី​ក្រមុំ​ព្រហ្មចារី​ គឺ​ម៉ារា។
  • ព្រះយេស៊ូវ​គ្មាន​បាប​សោះ។
  • ព្រះ​យេស៊ូវ​ជា​ព្រះ​មែស៊ី (Isa al-Masih)។
  • ថ្ងៃណា​មួយ​ព្រះយេស៊ូវ​នឹង​យាង​ត្រឡប់​មក​វិញ​ ដើម្បី​ជំនុំជម្រះ​ពិភពលោក ហើយ​ធ្វើ​ឲ្យ​អ្វីៗ​ទាំងអស់​ត្រូវ​បញ្ចប់។

ថែម​ពី​នោះ​ទៀត សាសនា​ឥស្លាម​ក៏​ទទួល​ស្គាល់​គម្ពីរ​ដែល​លោក​ម៉ូសេ​បាន​សរសេរ គម្ពីរ​ទំនុកដំកើង និង​គម្ពីរ​សញ្ញាថ្មី​ (ស៊ូរ៉ា ៣ៈ៣) ប៉ុន្តែ​ពួកគេ​ជឿ​ថា​ ច្បាប់​ចម្លង​នៃ​បទ​គម្ពីរ​នេះ​បាន​ផ្លាស់ប្ដូរ​បន្តិច​ម្ដងៗ។ (ពួកគេ​មិន​មាន​ភ័ស្ដុតាង​សម្រាប់​រឿង​នេះ​ទេ)។
និយាយ​ម្យ៉ាងទៀត​ សាសនា​ឥស្លាម​ស្រដៀង​សេចក្តី​ពិត​របស់​ព្រះ​ ​ដែល​បាន​បើក​សម្ដែង​នៅ​ក្នុង​គម្ពីរ​សញ្ញាចាស់ និង​សញ្ញា​ថ្មី​ ជាង​ក្រុម​ខុស​ឆ្គង​ជាច្រើន​ ដែល​យើង​បាន​រៀន​នៅ​ក្នុង​សៀវភៅ​នេះ។ ទោះ​យ៉ាងណាក្ដី​ មហាម៉ាត់ និង​អ្នក​ដែល​ដើរ​តាម​គាត់​ ក៏​បាន​បដិសេធ​ចំណុច​សំខាន់ៗ​ជាច្រើន​នៃ​គ្រីស្ទ​សាសនា។

តើ​សាសនា​ឥស្លាម​បដិសេធ​អ្វី​ខ្លះ​នៅ​ក្នុង​គ្រីស្ទ​សាសនា?
គោល​ជំនឿ​អំពី​ព្រះត្រៃឯក។ សាសនា​ឥស្លាម​បដិសេធ​គោលជំនឿ​អំពី​ព្រះត្រៃឯក។ ​ពួកគេ​ជឿ​ថា ​ព្រះយេស៊ូវ​មិនមែន​ជា​ព្រះ​ទេ ប៉ុន្តែ​ជា​ព្យាការី​ដែល​គ្មាន​បាប ​ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​មិនមែន​ជា​ព្រះ​ទេ តែ​ជា​មហា​ទេវតា​កាព្រីយ៉ែល។ (មួយ​ទៀត​គម្ពីរ​កូរ៉ាន​យល់​ច្រឡំ​ថា ព្រះត្រៃឯក​ជា​ ព្រះវរបិតា ព្រះយេស៊ូវ និង​ម៉ារា នៅ​ក្នុង​ ស៊ូរ៉ា ៥ៈ៧៣-៧៥ និង ៥ៈ១១៦)។

ព្រះ​គម្ពីរ។ សាសនា​ឥស្លាម​មិន​ជឿ​ថា ឯកសារ​បុរាណ​នៃ​ព្រះគម្ពីរ​ ត្រូវ​បាន​ចម្លង​យ៉ាង​ត្រឹមត្រូវ​ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​នោះ​ទេ។ ក៏ប៉ុន្តែ​ ភ័ស្តុតាង​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​បង្ហាញ​ថា​ ព្រះគម្ពីរ​ត្រូវ​បាន​ចម្លង​យ៉ាង​យក​ចិត្ត​ទុកដាក់ ​និង​ត្រឹមត្រូវ​ណាស់។

តើ​ព្រះ​គម្ពីរ​បាន​ផ្លាស់ប្ដូរ​ច្រើន​ បន្ទាប់​ពី​ឯកសារ​ដើម​ឬ? រហូត​មកដល់​ឆ្នាំ​ ​១៩៤៧ ​ច្បាប់​ចម្លង​ចាស់​បំផុត​នៃ​គម្ពីរ​សញ្ញា​ចាស់​ជា​ភាសា​ហេព្រើរ​ដែល​យើង​មាន​ បាន​ចម្លង​នៅ​ឆ្នាំ​ ​៩០០​ នៃ​គ.ស។ អ៊ីចឹង ឯកសារ​នោះ​ត្រូវ​បាន​គេ​ចម្លង​ ១៣០០​ ​ឆ្នាំ​ ក្រោយ​ពី​គម្ពីរ​សញ្ញា​ចាស់​ត្រូវ​បាន​សរសេរ​ចប់។ អ្នកវិទ្យាសាស្ត្រ​ស្ដាយ​ដែល​គេ​អត់​មាន​ឯកសារ​ចាស់​ជាង​នោះ​ទៀត ដែល​គេ​អាច​ប្រៀបធៀប ដើម្បី​ដឹង​ថា​ គម្ពីរ​ផ្លាស់​ប្តូរ​ត្រង់​ណាខ្លះ​តាំង​ពី​ឯកសារ​ដើម​មក។

ថ្ងៃមួយ​មាន​អ្នកគង្វាល​សត្វ​ពពែ​ម្នាក់​នៅ​ជិត​សមុទ្រ​ស្លាប់​ បាន​គប់​ដុំ​ថ្ម​មួយ​ដុំ​ចូល​ទៅ​ក្នុង​រូងភ្នំ​នៅ​លើ​ច្រាំង​ថ្ម​ចោទ​ ហើយ​បាន​ឮ​សំឡេង​បែក។ ​នៅពេល​ដែល​គាត់​ឡើង​ទៅ​មើល​ គាត់​បាន​រក​ឃើញ​ពាង​ដីឥដ្ឋ​រាប់​សិប​ ដែល​មាន​សំណៅ​បុរាណ​រាប់​រយ​ច្បាប់​ ដែល​ក្នុង​នោះ​ មាន​ទាំង​រមូរ​គម្ពីរ​សញ្ញា​ចាស់​ចំនួន​ ​២០០​ច្បាប់​ដែរ។ ​ ​ នៅពេល​ដែល​ពួក​អ្នកវិទ្យាសាស្ត្រ​ស្រាវ​ជ្រាវ​រមូរ​គម្ពីរ​សញ្ញា​ចាស់​នោះ ពួកគេ​ឃើញ​ថា​រមូរ​ខ្លះ​ចាស់​ជាង​រមូរ​ដែល​គេ​មាន​ហើយ​១៣០០​ឆ្នាំ ចាស់​ជាង​សម័យ​ព្រះ​យេស៊ូវ​ទៀត។ ឥឡូវ​អ្នក​វិទ្យាសាស្ត្រ​អាច​ប្រៀបធៀប រមូរ​បុរាណ​នោះ​ដើម្បី​ដឹង​ថា​ តើ​សញ្ញា​ចាស់​បាន​ផ្លាស់​ប្តូរ​ច្រើន​ប៉ុន្មាន​ក្នុង​រយៈពេល​មួយ​ពាន់​បីរយ​​ឆ្នាំ​នៃ​ការ​ចម្លង។

តើ​ពួកគេ​បាន​រក​ឃើញ​អ្វី? ​គ្មាន​ការ​ផ្លាស់​ប្តូរ​ធំដុំ​ទេ! ឧទាហរណ៍​ រមូរ​នៃ​កណ្ឌ​អេសាយ​ដែល​គេ​បាន​រក​ឃើញ​នៅ​ក្នុង​រូងភ្នំ​ ស្ទើរ​តែ​ដូច​គ្នា នឹង​អេសាយ​ដែល​ត្រូវ​បាន​ចម្លង​មួយ​ពាន់​បីរយ​ឆ្នាំ​ក្រោយ។ ខុស​គ្នា​តែ​ការ​ប្រកប​អក្សរ​បន្តិចបន្តួច។ គំនិត​ដែល​ថា ​ព្រះ​គម្ពីរ​បាន​ផ្លាស់​ប្តូរ​ច្រើន មិនមែន​ជា​ការ​ពិត​ទេ។

សាសនា​ឥស្លាម​មិន​ជឿ​ថា​ គម្ពីរ​សញ្ញា​ថ្មី​ គឺ​ជា​គម្ពីរ​ចុង​ក្រោយ​មក​ពី​ព្រះ​ទេ។ ពួកគេ​ជឿ​ថា គម្ពីរ​កូរ៉ាន​ដែល​បាន​សរសេរ ៦០០ ឆ្នាំ​បន្ទាប់​ពី​ព្រះគ្រីស្ទ គឺជា​ព្រះគម្ពីរ​ចុង​ក្រោយ ហើយ​ល្អ​ជាង​គេ​ទាំង​អស់។

មនុស្សជាតិ។ សាសនា​ឥស្លាម​មិន​ជឿ​ថា​ មនុស្ស​ត្រូវ​បាន​បង្កើត​តាម​រូបភាព​របស់​ព្រះ​ជា​ម្ចាស់​នោះ​ឡើយ។ គេ​ក៏​មិន​ជឿ​ថា​មនុស្ស​ទាំង​អស់​កើត​មក​ជា​មនុស្ស​មាន​បាប​​ដោយសារ​បាប​របស់​អ័ដាម និង​អេវ៉ា​ទេ។ ពួកគេ​ជឿ​ថា​ ទារក​ទាំងអស់ ​តាម​ធម្មជាតិ​ គឺ​ចុះចូល​ចំពោះ​អុលឡោះ តាំង​ពី​កំណើត ប៉ុន្តែ​ការ​ចិញ្ចឹម​បីបាច់​របស់​ពួកគេ​ ធ្វើ​ឲ្យ​ពួក​គេ​ខូច​ត្រឡប់​ទៅ​ជា ​គ្រីស្ទបរិស័ទ អ្នក​កាន់​សាសនា​ជ្វីហ្វ​ ឬ​អ្នក​មិន​ជឿ​សាសនា ។ល។

សេចក្ដី​សង្គ្រោះ។ សាសនា​ឥស្លាម​បដិសេធ​ដង្វាយ​ធួន​នឹង​បាប​​របស់​ព្រះគ្រីស្ទ​ សម្រាប់​បាប​របស់​យើង។ គេ​ជឿ​ថា អុលឡោះ​ មាន​សិទ្ធិ​អត់ទោស​ទទេ ​ដល់​អស់​អ្នក​ណា​ដែល​ក្លាយ​ជា​មូស្លីម​ ដោយ​មិន​គិត​ពី​តម្រូវការ​នៃ​ក្រឹត្យវិន័យ​របស់​អុលឡោះ​ឡើយ។

ការ​សុគត​លើ​ឈើ​ឆ្កាង។ សាសនា​ឥស្លាម​ បដិសេធ​ភ័ស្ដុតាង​ក្នុង​គម្ពីរ​សញ្ញា​ថ្មី ដែល​ថា​ ព្រះយេស៊ូវ​បាន​សុគត​លើ​ឈើ​ឆ្កាង។ មូស្លីម​ភាគច្រើន​ជឿ​ថា​ ហៀប​នឹង​ឆ្កាង​ព្រះ​យេស៊ូវ គេ​ដាក់​យូដាស​លើ​ឈើឆ្កាង​ជំនួស​ព្រះយេស៊ូវ​វិញ។ ពេល​នោះ​ព្រះយេស៊ូវ​ត្រូវ​បាន​លើក​ឡើង​ទៅ​ឋានសួគ៌​តែម្ដង ដោយ​មិន​បាន​សុគត​ទេ (ស៊ូរ៉ា ៤ៈ១៥៧)។ និយាយ​ម្យ៉ាងទៀត​ ​ព្រះយេស៊ូវ​មិន​បាន​សុគត​ជំនួស​មនុស្ស​មាន​បាប​ទេ គឺ​មនុស្ស​មាន​បាប​ម្នាក់​បាន​ស្លាប់​ជំនួស​ព្រះយេស៊ូវ​វិញ! មួយទៀត ដោយ​ព្រោះ​ពួក​គេ​ជឿ​ថា ព្រះយេស៊ូវគ្រីស្ទ​មិន​បាន​សុគត នោះ​ពួកគេ​ក៏​បដិសេធ​ការ​រស់​ឡើងវិញ​នៃ​ព្រះ​គ្រីស្ទ​ដែរ។

ព្រះ​យេស៊ូវ​គ្រីស្ទ។ ពួកគេ​ជឿ​ថា ព្រះយេស៊ូវ​មិនមែន​ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​ហោរា​ដ៏​អស្ចារ្យ​ម្នាក់​ប៉ុណ្ណោះ។
ព្រឹត្តិការណ៍​សំខាន់​បំផុត​នៅ​ក្នុង​សាសនា​ឥស្លាម គឺ​​ពេល​​អុលឡោះ​បើក​សម្ដែង​កូរ៉ាន​ដល់​មហាម៉ាត់។ ប៉ុន្តែ​ព្រឹត្តិការណ៍​សំខាន់​បំផុត​នៅ​ក្នុង​គ្រីស្ទ​សាសនា គឺ​កំណើត ជីវិត​រស់​នៅ ការ​សុគត និង​ការ​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ។ ​

ដើម្បី​ក្លាយ​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ ​មនុស្ស​ត្រូវ​តែ​ប្រកាស ហ្សាហាដា (Shahadah)៖ «គ្មាន​ព្រះ​ក្រៅ​ពី​អុលឡោះ​ទេ ហើយ​មហាម៉ាត់​ គឺ​ជា​ព្យាការី​របស់​អុលឡោះ»។
សាសនា​ឥស្លាម​ក៏​បង្រៀន​ថា អ័ប្រាហាំ​បាន​យក​អ៊ីស្មាអែល​ មិនមែន​អ៊ីសាក​ទេ ​មក​បូជា​នៅ​លើ​ភ្នំ​ម៉ូរីយ៉ា។

សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​សាសនា​ឥស្លាម
«ដោយសារ​ពួក​ម៉ូស្លីម​មិន​ទទួល​យក​គោលលទ្ធិ​នៃ​ការ​ធ្លាក់​ចុះ​របស់​មនុស្ស ឬ​ក៏​និស្ស័យ​បាប​ នោះ​មិន​ត្រូវការ​ការ​ប្រោស​លោះ​នោះ​ទេ។ <ការ​សង្គ្រោះ> នៃ​សាសនា​ឥស្លាម​ ត្រូវ​បាន​គេ​យល់​ស្ទើរតែ​ទាំងស្រុង​ថា ជា​ការ​រំដោះ​នា​ពេល​អនាគត​ ពី​ការ​ជំនុំជម្រះ​ចុងក្រោយ។ ពួក​មូស្លីម​ជាច្រើន​ជឿ​ថា អ្នក​ណា​ដែល​ជឿ​លើ​ភាព​តែ​មួយ​នៃ​ព្រះ (ថហិដ Tawhid) និង​ងារ​​ព្យាការី​របស់​មហាម៉ាត់ នឹង​ត្រូវ​បាន​សង្គ្រោះ​ពី​ភ្លើង​នៃ​ការ​ជំនុំជម្រះ។ អ្នក​កាន់​សាសនា​ឥស្លាម​ផ្សេង​ទៀត​ទទូច​ថា មនុស្ស​ត្រូវ​ចុះចូល​ចំពោះ​អុលឡោះ​ តាមរយៈ​ការ​ប្រកាន់​ខ្ជាប់​នូវ​សសរស្ដម្ភ​ទាំង ៥ របស់​សាសនា​ឥស្លាម៖ ការ​ថ្លែង​ពី​ជំនឿ (ហ្សាហាដា Shahadah) ការ​អធិស្ឋាន​ប្រចាំ​ថ្ងៃ (សាឡាត់ Salat) ការ​ធ្វើ​ទាន (ហ្សាកាត់ Zakat) ការ​តម​អាហារ​ក្នុង​អំឡុង​ខែ​រ៉ាម៉ាដន (សម Sawm) និង​ធម្មយាត្រា​ទៅ​ទី​ក្រុង មេកកា (ហាជ Hajj)។ តាម​ប្រពៃណី​សាសនា​ឥស្លាម​ដែល​ហៅថា ហាឌីដ (Hadith) ពួក​មូស្លីម​ខ្លះ​ជឿ​ថា អុលឡោះ​ផ្តល់​កិត្តិយស​ដល់​មហាម៉ាត់​ ក្នុង​ការ​អង្វរករ​សម្រាប់​សហគមន៍​ឥស្លាម​ទាំងមូល​ នៅ​ថ្ងៃ​ជំនុំជម្រះ​ចុងក្រោយ ​ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​មូស្លីម​ទាំងអស់​បាន​សង្គ្រោះ»។ (Timothy C. Tennent, “The Bible and Islam,” ESV Study Bible, Crossway)
ដូចជា​សាសនា​ខុសឆ្គង​ភាគ​ច្រើន​ដែរ ​សាសនា​ឥស្លាម​អះអាង​ថា ជា​ជំនឿ​ ដែល​ស័ក្ដិសម​នឹង​រស់​ដើម្បី និង​ស្លាប់​ដើម្បី។ ប៉ុន្តែ​ដោយសារ​សាសនា​ឥស្លាម​បង្ហាញ​ពី​ព្រះគ្រីស្ទ​ខុស​ពី​ព្រះគ្រីស្ទ​ពិត​នៅ​ក្នុង​ព្រះគម្ពីរ សាវក​យ៉ូហាន ហៅ​វា​ថា ជា​សាសនា «អង់ទីគ្រីស្ទ» (១យ៉ូហាន ៤ៈ៣)។

តើ​ធ្វើ​ដូចម្តេច​ដើម្បី​លើក​ទឹក​ចិត្ត​ពួក​មូស្លីម​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ
សូម​អធិស្ឋាន​សម្រាប់​មិត្ត​ភក្ដិ​មូស្លីម​របស់​អ្នក ហើយ​ធ្វើ​ជា​អ្នក​ជិត​ខាង​ដ៏​ល្អ​ចំពោះ​ពួកគេ។ លើក​ទឹក​ចិត្ត​ពួកគេ ឲ្យ​អាន​​ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល។ ទិញ​ «សៀវភៅ​រឿង​ព្រះ​យេស៊ូវ​តាម​រយៈ​ព្រះ​គម្ពីរ» ជា​អំណោយ​ដល់​ពួកគេ។ គម្ពីរ​កូរ៉ាន​ពិបាក​អាន​ណាស់ ព្រោះ​វា​គ្មាន​ដំណើរ​រឿង​ប្រវត្តិសាស្ត្រ​ ដូច​គម្ពីរ​យើង​ទេ។ បើ​ប្រៀបធៀប​ទៅ​នឹង​គម្ពីរ​កូរ៉ាន​ ដំណើរ​​រឿង​ព្រះគម្ពីរ​យើង​ គួរ​អោយ​ចាប់​អារម្មណ៍​ណាស់​ ព្រោះ​វា​ពោរពេញ​ទៅ​ដោយ​រឿង​ពិត​ដែល​មាន​ការ​រៀបចំ​តាម​កាលប្បវត្តិ ហើយ​ពួក​មូស្លីម​​ក៏​ស្គាល់​រឿង​ទាំងនោះ​ជាច្រើន​ហើយ។ សូម​សួរ​ពួកគេ​ថា តើ​គេ​ចង់​រៀន​ពី​ព្រះគម្ពីរ​ព្រះ​អង្គ ​តាមរយៈ​សៀវភៅ​គ្រឹះ​មាំ​ទេ។ សូម​ជឿ​ទុក​ចិត្ត​ថា ព្រះបន្ទូល​របស់​ព្រះ​ ដែល​ខ្លាំង​ពូកែ ហើយ​រស់​ នឹង​ធ្វើ​ឲ្យ​មិត្តភក្ដិ​មូស្លីម​របស់​អ្នក​ជឿ​លើ​ដំណឹង​ល្អ។

អ្នក​ក៏​អាច​ប្រាប់​គេ​ពី​ទីបន្ទាល់​របស់​អ្នក​ អំពី​ការ​ដែល​ព្រះ​គ្រីស្ទ​បាន​រំដោះ​អ្នក​ពី​សេចក្ដី​ភ័យខ្លាច​ចំពោះ​គ្រូ​មន្ត​អាគម បណ្ដាសា និង​អារក្សអ្នកតា​ជាដើម។ នៅ​ស្រុក​ខ្មែរ មាន​គ្រូមន្តអាគម​ក្នុង​ចំណោម​អ្នក​កាន់​ព្រះពុទ្ធសាសនា និង​អ្នក​កាន់​ឥស្លាម​សាសនា តែ​គ្មាន​គ្រូមន្តអាគម​ក្នុង​ចំណោម​គ្រីស្ទ​បរិស័ទ​ទេ។ ក្នុង​សង្គម​ដែល​ជឿ​លើ​ព្រះ​ជាម្ចាស់​ពិត​ប្រាកដ មិន​ត្រូវ​ការ​គ្រូ​មន្តអាគម​ទេ។ ហេតុ​អ្វី​បាន​ជា​គ្រីស្ទ​សាសនា​អាច​រំដោះ​អ្នក​ជឿ​ឲ្យ​រួច​ពី​សេចក្ដី​ភ័យខ្លាច ចំពោះ​គ្រូមន្តអាគម ជិន អារក្ស ខ្មោច អំពើ និង​សេចក្ដី​ស្លាប់? ​ចម្លើយ​គឺថា ​ព្រះ​ដែល​គង់​នៅ​ក្នុង​គ្រីស្ទបរិស័ទ​ម្នាក់ៗ​ គឺ​ជា​អ្នក​បង្កើត​ពិភពលោក និង​ជា​អ្នក​បង្កើត​វិញ្ញាណ​ទាំងអស់​មក។ បើ​ប្រៀបធៀប​ទៅ​នឹង​ព្រះយេស៊ូវ​ វិញ្ញាណ​ដែល​មាន​អំណាច​ទាំង​អស់​ ដែល​មនុស្ស​ភ័យខ្លាច គឺ​ដូចជា​ស្រមោច​ដ៏​តូច។ ដូច្នេះ​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូវ គ្មាន​អ្វី​ត្រូវ​ខ្លាច​ឡើយ ហើយ​មិន​ពឹង​លើ​គ្រូ​មន្តអាគម​ឡើយ។ ព្រះ​ដែល​បង្កើត​អ្វីៗ​ទាំងអស់ គង់​នៅ​ក្នុង​រូបកាយ​របស់​គ្រីស្ទ​បរិស័ទ​ទាំង​អស់!

ទី​បញ្ចប់ យើង​ត្រូវ​បង្ហាញ​សេចក្ដីស្រឡាញ់ និង​ចិត្ត​សប្បុរស​ចំពោះ ពួកម៉ាក និង​អ្នក​ជិត​ខាង​ដែល​កាន់​សាសនា​ឥស្លាម។ ពួកគេ​ត្រូវ​​បាន​បង្កើត​មក​ក្នុង​រូបភាព​ព្រះ។ ព្រះ​ជាម្ចាស់​ស្រឡាញ់​ពួក​គេ ហើយ​ចង់​ឲ្យ​ពួក​គេ​ផ្សះផ្សា​ជា​មួយ​ទ្រង់​វិញ តាមរយៈ​ព្រះយេស៊ូវ ដែល​ជា​ព្រះ​មែស៊ី និង​ព្រះ​ប្រោស​លោះ។

ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ
និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី
លោកអ្នកក៏អាចទាញយកសៀវមួយនេះតាមដំណភ្ជាប់ (Link) មួយនេះបានដោយឥតគិតថ្លៃបានផងដែរ។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

បណ្តេញ​សេចក្តី​ភ័យ​ខ្លាច​ចេញ