ព្រះយេស៊ូវមិនបានតយុទ្ធនឹងសេចក្ដីខ្ញាល់របស់ព្រះវរបិតានៃទ្រង់នៅទីលាននគរស្ថានសួគ៌នោះទេ ហើយទ្រង់ក៏មិនបានដកយកខ្សែតីចេញពីព្រះហស្ដរបស់ព្រះវរបិតាដែរ។ ទ្រង់ក៏មិនបានបង្ខំព្រះវរបិតាឲ្យមេត្តាដល់មនុស្សដែរ។ ហើយការសុគតរបស់ព្រះយេស៊ូវមិនមែនជាការចុះចូលដោយជូរចត់នឹងព្រះវរបិតា ដើម្បីសុំឲ្យទ្រង់មេត្តាដល់អ្នកមានបាបនោះទេ។ ព្រះយេស៊ូវមិនបានធ្វើដូច្នោះទេ តែអ្វីដែលទ្រង់បានធ្វើក្នុងគ្រាដែលទ្រង់ត្រូវរងទុក្ខ ហើយសុគតនោះគឺជាគម្រោងរបស់ព្រះវរបិតារបស់ទ្រង់ទៅវិញទេ។ នោះគឺជាយុទ្ធសាស្ត្រដ៏អស្ចារ្យមួយដែលមានតាំងតែពីមុនការបង្កើតលោកទៅទៀត នៅខណៈពេលដែលព្រះជាម្ចាស់ទតមើល ហើយរៀបចំប្រវត្តិសាស្ត្រពិភពលោកនេះ។ ហេតុដូច្នេះហើយបានជាព្រះគម្ពីរចែងអំពី «…បំណង និងព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនសម័យកាលទាំងអស់មកម៉្លេះ» (២ធីម៉ូថេ ១:៩ គកស)។
លើសពីនេះទៅទៀត ព្រះគម្ពីរសញ្ញាចាស់បានបង្ហាញឲ្យឃើញពីផែនការរបស់ព្រះជាម្ចាស់រួចទៅហើយ។ ដូចដែរហោរា អេសាយ បានទាយពីការរងទុក្ខរបស់ព្រះម៊ែស៊ីដែលត្រូវយាងមកទទួលទោសជំនួសមនុស្សមានបាបតាំងពីមុនមកម្ល៉េះ។ លោកបានមានប្រសាសន៍ថា ព្រះគ្រីស្ទនឹងធ្វើ «ជាអ្នកដែលព្រះបានវាយ» ជំនួសយើង។
ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្ដីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្ដីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់ (អេសាយ ៥៣:៤-៦)។
ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតអំពីការជំនួសរបស់ព្រះគ្រីស្ទសម្រាប់អ្នកមានបាបនោះ គឺថាវាជាគម្រោងរបស់ព្រះវរបិតា។ ព្រះគ្រីស្ទមិនបានបំពានលើផែនការរបស់ព្រះជាម្ចាស់ក្នុងការដាក់ទោសអ្នកមានបាបនោះទេ ប៉ុន្តែព្រះជាម្ចាស់បានមានផែនការជាមុនក្នុងការឲ្យព្រះយេស៊ូវទទួលសេចក្តីក្រោធជំនួសយើង។ ហោរានៅសម័យសញ្ញាចាស់ម្នាក់បានមានប្រសាសន៍ថា «ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់…» (អេសាយ ៥៣:១០)។
កថាខណ្ឌខាងលើនេះពន្យល់ពីហេតុផលខគម្ពីរខ្លះៗនៅក្នុងសញ្ញាថ្មីដែលមើលទៅហាក់ដូចជា មិនស៊ីគ្នាទៅនឹងខគម្ពីរផ្សេងៗ តែតាមពិតគ្មានខគម្ពីរណាដែលមិនស៊ីគ្នានោះទេ។ ម្យ៉ាង ការរងទុក្ខរបស់ព្រះគ្រីស្ទ គឺជាភស្តុតាងដែលបង្ហាញពីការដែលព្រះជាម្ចាស់ចាក់សេចក្ដីក្រោធរបស់ទ្រង់លើព្រះយេស៊ូវ ដោយព្រោះតែអំពើបាបរបស់មនុស្សលោក។ ប៉ុន្តែម្យ៉ាងវិញទៀត ការរងទុក្ខរបស់ព្រះគ្រីស្ទគឺជាការចុះចូល និងជាការស្ដាប់បង្គាប់តាមព្រះហឫទ័យរបស់ព្រះវរបិតាយ៉ាងអស់ពីចិត្ត។ ដូច្នេះហើយបានជាព្រះគ្រីស្ទបន្លឺសំឡេងពីលើឈើឆ្កាងយ៉ាងខ្លាំងថា «…ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ?» (ម៉ាថាយ ២៧:៤៦ គខប)។ ហើយមិនតែប៉ុណ្ណោះ ព្រះគម្ពីរក៏បានចែងដែរថា ការរងទុក្ខរបស់ព្រះគ្រីស្ទគឺជាក្លិនឈ្ងុយថ្វាយដល់ព្រះជាម្ចាស់។ «…ព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ» (អេភេសូរ ៥:២ គកស)។
ចូរយើងនាំគ្នាថ្វាយបង្គំដល់ព្រះដែលស្រឡាញ់យើងយ៉ាងខ្លាំងអស្ចារ្យចុះ! ការថ្វាយបង្គំដ៏ពិតមិនមែនគ្រាន់តែតាមអារម្មណ៍របស់យើងនោះទេ។ ហើយការថ្វាយបង្គំដ៏ពិតក៏មិនគួរកើតចេញពីភាពល្ងីល្ងើរបស់យើងនោះដែរ។ ព្រះជាម្ចាស់បានធ្វើនូវការដែលយើងគិតថាទ្រង់មិនគួរធ្វើ ដើម្បីជាប្រយោជន៍ដល់យើង៖ គឺទ្រង់បានចាក់សេចក្ដីក្រោធរបស់ទ្រង់ទៅលើព្រះរាជបុត្រាទ្រង់ផ្ទាល់ ជាអង្គតែមួយគត់ដែលបានចុះចូលដោយស្ដាប់បង្គាប់ ដើម្បីនឹងទទួលយកសេចក្ដីក្រោធដែលទ្រង់មិនសមជាអ្នកទទួល។ ប៉ុន្តែ ការស្ម័គ្រព្រះហឫទ័យរបស់ព្រះរាជបុត្រា ដើម្បីនឹងទទួលយកការនោះ គឺមានតម្លៃខ្លាំងណាស់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានប្រទានសេចក្ដីស្រឡាញ់យ៉ាងធំធេងដល់ព្រះយេស៊ូវដែលជាអ្នកទ្រាំទ្រសេចក្ដីក្រោធជំនួស។
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ…
អេសាយ ៥៣:១០…ព្រះគ្រីស្ទបានស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើង ទុកជាតង្វាយ និងជាយញ្ញបូជាដ៏មានក្លិនក្រអូបចំពោះព្រះ។
អេភេសូរ ៥:២ គកស
ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…