in

ស្រឡាញ់ស្រឡាញ់ សើចសើច យំយំ ខឹងខឹង អស្ចារ្យអស្ចារ្យ

របៀប​ក្លាយ​ជា​អ្នកមាន

Learning to Be Rich

គ្មាន​បុគ្គល ឬ​ក្រុម​មនុស្ស​ណា ដែល​ព្រះ​គម្ពីរ​មិន​បាន​និយាយ​សំដៅ​ទៅ​កាន់​ពួកគេ​នោះ​ឡើយ។ តាមរយៈ​ទំព័រ​នានា​នៅ​ក្នុង​ព្រះ​គម្ពីរ ព្រះ​ជាម្ចាស់​បាន​មាន​បន្ទូល​ទៅ​កាន់​ទាំង​ប្តី និង​ប្រពន្ធ ទាំង​ក្មេង​តូចៗ និង​ក្មេង ​ដែល​មាន​វ័យ​ជំទង់ ទាំង​ពួក​ចៅហ្វាយ​នាយ និង​ពួក​អ្នក​ដែល​បម្រើ រួម​មាន​ទាំង​សាសន៍​យូដា និង​សាសន៍​ដទៃ​ផង​ដែរ។ ជារឿយៗ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​អាន និង​សិក្សា​ពី​ព្រះ​គម្ពីរ នោះ​យើង​នឹង​ចាប់ផ្តើម​មាន​ចម្ងល់​ថា តើ​យើង​អាច​យក​ខគម្ពីរ​មួយ​នេះ ឬ​ក៏​ខគម្ពីរ​មួយ​នោះ​មក​អនុវត្ត​ក្នុង​ជីវិត​ផ្ទាល់​បាន​ដោយ​របៀប​ណា? ក្នុង​នាម​ខ្ញុំ​ជា​បុរស តើ​ឲ្យ​ខ្ញុំ​គួរ​យក​ខគម្ពីរ​ដែល​និយាយ​សំដៅ​ទៅ​កាន់​ស្ត្រី​មក​អនុវត្ត​យ៉ាង​ដូចម្ដេច​ទៅ? ក្នុង​នាម​ខ្ញុំ​ជា​សាសន៍​ដទៃ តើ​ឲ្យ​ខ្ញុំ​កាត់​ស្រាយ​ខគម្ពីរ​ដែល​និយាយចំៗ​សំដៅ​ទៅ​កាន់​សាសន៍​យូដា​បាន​យ៉ាង​ដូច​ម្ដេច​ដែរ? តើ​ឲ្យ​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច នៅ​ពេល​ដែល​ខ្ញុំ​អាន​ខគម្ពីរ​ដែល​មើល​ទៅ​ហាក់​បី​ដូចជា​មិន​និយាយ​ឲ្យ​ចំៗ​សំដៅ​មកកាន់​រូប​ខ្ញុំ​ទាល់តែ​សោះ​នោះ?

ដូច​ដែល​ព្រះ​គម្ពីរ​បាន​មាន​បន្ទូល​សំដៅ​ទៅ​កាន់ ប្តី និង​ប្រពន្ធ ក្មេងៗ ហើយ​និង​ក្រុម​ក្មេង​វ័យ​ជំទង់ៗ។ល។ ព្រះ​គម្ពីរ​ក៏​បាន​មាន​បន្ទូល​សំដៅ​ទៅ​កាន់​ដល់​អស់​អ្នកមាន ហើយនិង​អ្នកក្រ​ផង​ដែរ។ ព្រះ​ជាម្ចាស់​សព្វ​ព្រះហឫទ័យ​ឲ្យ​យើង​យល់​ដឹង​អំពី​កត្តា​លំបាក​មួយ​ចំនួន​ដែល​អ្នកក្រ​ត្រូវ​ឆ្លង​កាត់ និង​ជួប​ប្រទះ​ក្នុង​ឋានៈ​គេ​ជា​អ្នកក្រ ហើយ​ក៏​សេចក្ដី​ល្បួង និង​ទំនួលខុសត្រូវ​មួយ​ចំនួន​ដែល​អ្នកមាន​ត្រូវ​ប្រឈមមុខ​ជាមួយ​ផង​ដែរ។ ដូច្នេះ យើង​គួរ​គិត​ថា តើ​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ចន្លោះ​ណា​ដែរ​នៃ​រង្វាស់​បែប​ឋានៈ​ទាំង​នោះ? ចុះ​ចំណែក​លោកអ្នក​វិញ តើ​លោកអ្នក​ឃើញ​ថា ខ្លួន​លោកអ្នក​ស្ថិត​នៅ​ក្នុង​ចន្លោះ​មួយ​ណា​ដែរ? សរុប​សេចក្ដី​មក តើ​យើង​ជា​អ្នកមាន ឬ​មួយ​ក៏​ជា​អ្នកក្រ? មាន​មនុស្ស​ភាគ​ច្រើន​គេ​និយាយ​ថា​ខ្លួន​គេ​គឺ​ជា​អ្នកក្រ។ បើ​គិតៗ​ទៅ យើង​ដឹង​យ៉ាង​​ច្បាស់​ថា តើ​នរណា​ជា​អ្នកមាន។ ពិត​មែន ឬ​អត់? ក្រុម​អ្នក​មាន​គឺ​ជា​មនុស្ស​ក្នុង​រង្វង់​គ្រួសារ​ពីរ​បី​គ្រួសារ​ក្នុង​ក្រុម​ជំនុំ​របស់​យើង ដែល​មាន​ឡាន​ជិះ​សុទ្ធតែ​ថ្លៃៗ ហើយ​ទំនើបៗ។ ពួកគាត់​ក៏​មាន​វីឡា​យ៉ាង​ស្រស់​ស្អាត​ដ៏​ធំ​ស្កឹមស្កៃ​ផង​ដែរ។ អ្នកមាន​គឺ​អស់​អ្នក​ដែល​ជួយ​ឧបត្ថម្ភ​សម្ភារៈ​នានា​ដែល​ជាប់​មាន​ឈ្មោះ​ឆ្លាក់​នៅ​លើ​ជញ្ជាំង ឬ​របង​សាលា​រៀន ឬ​បង់​អង្គុយ​នៅ​តាម​ទី​កន្លែង​សាធារណៈ ក៏​ដូច​ជា​មាន​ឈ្មោះ​នៅ​តាម​ដង​វិថី​នានា។ ពួកគេ​ទាំង​នោះ​គឺ​ជា​មនុស្ស​ដែល​នឹង​ត្រូវ​បាន​គេ​កត់​ត្រា​ចុះទៅ​ក្នុង​បញ្ជី​ប្រវត្តិសាស្ត្រ​ដោយសារ​ទង្វើ​ល្អ​គេ​បាន​ធ្វើ៖ ពួកគេ​បាន​បរិច្ចាគ​ថវិកា ក៏​ដូចជា​ទ្រព្យសម្បត្តិ​ជា​ច្រើន​ទៅ​កាន់​អ្នក​ដទៃ។ ដូច្នេះ នៅ​ក្នុង​ខគម្ពីរ​ដែល​បាន​ចែង​ចំ​ប្រធាន​បទ​ដាស់តឿន​ចំពោះ​អស់​អ្នក​មាន តើ​យើង​គួរ​គិត​ថា ខគម្ពីរ​ទាំង​នោះ គ្រាន់តែ​និយាយ​សំដៅ​ទៅ​កាន់​ចំពោះ​អ្នក​មាន មិន​មែន​សម្រាប់​រូប​អ្នក ហើយនិង​ខ្ញុំ​ឬ​ក៏​យ៉ាង​ណា? បើ​ខ្ញុំ​យល់​បែប​ដូច្នេះ តើ​គំនិត​នេះ​ត្រឹមត្រូវ​ដែរ​ឬ​ទេ?

ចំណុច​ត្រង់​ថា អ្នក​ណា​ម្នាក់​ជា​អ្នកមាន ឬ​ក៏​ជា​អ្នកក្រ​គឺ​អាស្រ័យ​ទៅ​លើ​ការ​ប្រៀបធៀប។ ការ​ដែល​យើង​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នកមាន ឬ​អ្នកក្រ នោះ​ដាច់ខាត​ទាមទារ​ឲ្យ​មាន​ការ​ប្រៀបធៀប។ វា​ខុស​​ពី​ការ​ធ្វើ​ជា​ឪពុក ឬ​ក៏​ជា​ប្ដី។ បើ​យើង​ជា​ឪពុក នោះ​មាន​ន័យ​ថា​យើង​ជា​ឪពុក​១០០% ហើយ​បើ​យើង​ជា​ប្ដី នោះ​មាន​ន័យ​ថា​យើង​ជា​ប្ដី​១០០%។ យើង​មិន​អាច​មាន​ឋានៈ​ជា​ឪពុក ឬ​ក៏​ជា​ប្តី​តែ​ភាគរយ​ខ្លះៗ​បាន​នោះ​ទេ។ ​ពាក្យ «ឪពុក» និង​ពាក្យ «ប្តី» ជា​ឋានៈ​ដែល​មិន​ផ្ដោត​ទៅ​លើ​ការ​ប្រៀបធៀប។ ប៉ុន្តែ ចំពោះ​ការ​ធ្វើ​ជា​អ្នកមាន ឬ​ក៏​ជា​អ្នកក្រ​វិញ នោះ​តម្រូវ​ឲ្យ​មាន​ការ​ប្រៀបធៀប។ តាមពិត យើង​មិន​មែន​ជា​អ្នកមាន ឬ​ជា​អ្នកក្រ​ទេ ប៉ុន្តែ​យើង​ជា​អ្នក​ដែល​មាន​ច្រើន​ជាង​អ្នក​ផ្សេង​ទៀត ឬ​ក៏​ថា​យើង​ជា​អ្នកក្រ​ជាង​អ្នក​ផ្សេង​ទៀត​ទេ​តើ។ បុគ្គល​ម្នាក់​ដែល​គាត់​​មាន​ទ្រព្យសម្បត្តិ​យ៉ាង​ច្រើន​ស្ដុកស្ដម្ភ មិន​មែន​មាន​ន័យ​ថា​គាត់​ជា​អ្នកមាន​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​នោះ​ទេ។ ជន​ក្រីក្រ​តោក​យ៉ាក​លំបាក​ក្នុង​សម័យ​មួយ​នៃ​ប្រវត្តិសាស្ត្រ ក៏​គាត់​អាច​ជា​សេដ្ឋី​ម្នាក់​ដែល​មាន​ទ្រព្យសម្បត្តិ​ដ៏​ស្ដុកស្ដម្ភ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មួយ​ផ្សេង​ទៀត​ក៏​ថា​បាន។ នៅ​ពេល​ដែល​ខ្ញុំ​ប្រៀបធៀប​ខ្លួន​ឯង​ផ្ទាល់​ទៅ​នឹង​អ្នក​ជិត​ខាង ហើយនិង​អ្នក​ដែល​រស់​នៅ​ក្នុង​ទីក្រុង​រួម​ជា​មួយ​ខ្ញុំ ខ្ញុំ​ចាប់​ផ្ដើម​ឃើញ​យ៉ាង​ប្រាកដ​មែន​ថា ខ្លួន​ខ្ញុំ​គឺ​ជា​អ្នកក្រ។ ប៉ុន្តែ ក្នុង​ខណៈពេល​ដែល​ខ្ញុំ​គ្រាន់តែ​ពង្រីក​នូវ​ទស្សនៈ​របស់ខ្ញុំ ដោយ​ផ្អែក​ទៅ​លើ​ប្រវត្តិសាស្ត្រ និង​ភូមិសាស្ត្រ​នានា នោះ​ខ្ញុំ​បាន​ឃើញ​ថា តាមពិត​ទៅ ខ្ញុំ​គឺ​ជា​អ្នកមាន​ម្នាក់។ ដូច្នេះ បើ​និយាយ​ឲ្យ​ចំ​ទៅ ប្រសិនបើ​យើង​គិត​តាម​របៀប​ហ្នឹង នោះ​យើង​គ្រប់ៗ​គ្នា​សុទ្ធ​សឹង​ជា​អ្នកមាន​ទាំង​អស់​គ្នា។ ហើយ​ប្រសិនបើ​យើង​គិត​ដូច្នេះ​មែន ទំនង​ប្រហែល​ជា​មាន​ខគម្ពីរ​មួយ​ចំនួន​ដែល​យើង​ធ្លាប់​បាន​គិត​ថា ជា​ខគម្ពីរ​សម្រាប់​តែ​អ្នក​ដ៏​ទៃ មិន​មែន​និយាយ​សំដៅ​មក​កាន់​ខ្លួន​យើង​ផ្ទាល់​នោះ​ទេ​ក៏​ថា​បាន។

សូម​សញ្ជឹងគិត​លើ​ពាក្យ​សម្ដី​របស់​សាវ័ក ប៉ុល ជួន​ទៅ​កាន់​លោក ធីម៉ូថេ៖ «ចូរ​ហាម​ប្រាម ដល់​ពួក​អ្នកមាន នៅ​លោកីយ៍​នេះ​ផង កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ ត្រូវ​ទុក​ចិត្ត​នឹង​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​វិញ ដែល​ទ្រង់​ប្រទាន​គ្រប់​ទាំង​អស់​មក​យើង​រាល់​គ្នា​ជា​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ នឹង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង យ៉ាង​នោះ​ឯង ទើប​ឈ្មោះ​ថា គេ​នឹង​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​ជា​គោល​យ៉ាង​ល្អ​សម្រាប់​ខ្លួន​ដល់​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ឲ្យ​គេ​ចាប់​បាន​ជីវិត​អស់​កល្ប​ជា​និច្ច» (១ធីម៉ូថេ ៦:១៧-១៩)។ ខ្ញុំ​រំពឹង​ថា រាល់​ពាក្យ​ពេចន៍​ទាំង​អស់​នៅ​ខាង​លើ គឺ​កំពុង​និយាយ​សំដៅ​ទៅ​កាន់​អស់​អ្នក​ដែល​កំពុង​អាន​នូវ​ឯកសារ​មួយ​នេះ។ តាមពិត​ទៅ ក្នុង​ចំណោម​យើង​រាល់​គ្នា​មាន​មនុស្ស​តិច​តួច​ដែល​មិនសូវ​មាន​ច្រើន​លើស​ពី​ការ​មាន​គ្រប់គ្រាន់ ហើយ​ថែម​ទាំង​មាន​មនុស្ស​តិច​ផង​ដែរ ដែល​ជា​អ្នក​ក្រីក្រ​តោកយ៉ាក ជា​ពិសេស​នៅ​ពេល​ដែល​យើង​ប្រៀបធៀប​ខ្លួន​យើង​ទៅ​កាន់​បងប្អូន​ដទៃ​ទៀត​នៅ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ផ្សេងៗ​ទៀត។ សូម្បីតែ​អ្នក​ដែល​ក្រីក្រ​បំផុត​ក្នុង​ចំណោម​បង​ប្អូន​ដែល​រស់​នៅ​ឯ​ភាគ​ខាង​លិច ក៏​ពួកគាត់​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ជា​ច្រើន ដែល​អ្នក​ផ្សេងៗ​នៅ​ឯ​ប្រទេស​ដទៃ​បាន​ត្រឹមតែ​ស្រមើស្រមៃ​ចង់​បាន​តែ​ប៉ុណ្ណោះ។ ការ​ល្បួង​របស់​យើង​គឺ​អំនួត ហើយនិង​ក្ដី​សង្ឃឹម​ខុសឆ្គង ។ ការ​យក​ទ្រព្យ​សម្បត្តិ​ជា​ធ្នឹម ជា​គោល​នៃ​ជីវិត ជា​ជាង​ការ​ទុក​ចិត្ដ​លើ​ព្រះ​ជាម្ចាស់ គឺ​ជា​សេចក្ដី​ល្បួង​មួយ​ដ៏​ពិត។ ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ​លោកអ្នក ហើយនិង​ខ្ញុំ​នូវ​ទំនួល​ខុសត្រូវ៖ គឺ​ឲ្យ​យើង​ធ្វើ​ល្អ ឲ្យ​យើង​ឧស្សាហ៍​ក្នុង​ការ​ចូល​រួម​ព័ន្ធកិច្ច និង​ធ្វើ​កិច្ចការ​ល្អៗ ឲ្យ​យើង​មាន​ចិត្ត​សប្បុរស ហើយ​ត្រៀម​ខ្លួន​ជា​និច្ច​ក្នុង​ការ​ចែក​រំលែក​នូវ​អ្វីៗ​ដែល​យើង​មាន។ នេះ​គឺ​និយាយ​សំដៅ​មក​កាន់​យើង​រាល់​គ្នា មិនមែន​សំដៅ​តែ​ទៅ​លើ «ពួកគេ» នោះ​ឡើយ។

សាវ័ក ប៉ុល នៅ​បន្ត​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «តែ​ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់​ស្កល់​ផង នោះ​ជា​កំរៃ​មួយ​យ៉ាង​ធំ​មែន ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ តែ​បើ​មាន​អាហារ​ទទួល​ទាន នឹង​សំលៀក​បំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ ឯ​ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​ស្ដុក​ស្ដម្ភ នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​ល្បួង នឹង​អន្ទាក់ ហើយ​ក្នុង​បំណង​ជា​ច្រើន ដែល​ផ្ដេសផ្ដាស ហើយ​ធ្វើ​ទុក្ខ​ដល់​ខ្លួន ក៏​ពន្លិច​មនុស្ស​ទៅ​ក្នុង​សេចក្ដី​ហិន​វិនាស​នឹង​សេចក្ដី​អន្តរ​ធាន​វិញ ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង​លោម​ឲ្យ​ឃ្លាត​ចេញ​ពី​ជំនឿ ទាំង​ចាក់​ទំ​លុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន» (១ធីម៉ូថេ ៦:៦-១០)។

នៅ​ត្រង់​ចំណុច​នេះ​ផង​ដែរ យើង​ទទួល​បាន​នូវ​ការ​ព្រមាន​ម៉ឺងម៉ាត់។ ពិត​ប្រាកដ​ណាស់! យើង​ជា​មនុស្ស​ដែល​ងាយ​មាន​ចិត្ត​ចង់​បាន​ទ្រព្យសម្បត្តិ ដោយ​មាន​ផ្នត់​គំនិត​គិត​ថា យើង​ពិត​ជា​ស័ក្ដិសម​នឹង​ទទួល​បាន ហើយ​យើង​ក៏​ងាយ​នឹង​មាន​ចិត្ត​សង្វាត​ដេញ​តាម​ទ្រព្យសម្បត្តិ​ខាង​ឯ​សាច់ឈាម​ទាំង​នោះ​រហូត​ដល់​ថ្នាក់​ធ្វើ​ឲ្យ​ខ្លួន​ឯង​ប្រឈម​មុខ​នឹង​ក្ដី​ហិនវិនាស ក៏​ដូច​ជា​បំផ្លាញ​ខ្លួន​ឯង​ផង​ដែរ។ ម្យ៉ាងវិញទៀត យើង​ក៏​ងាយ​នឹង​លង់​ក្នុង​ការ​ចង់​បាន​លុយកាក់​ផង។ ចូរ​ឲ្យ​យើង​ចង​ចាំ ផង​ដែរ​ថា ការ​ស្រឡាញ់​ប្រាក់កាក់ គឺ​ជា​ឫស​គល់​នៃ​សេចក្ដី​អាក្រក់​គ្រប់​បែប​គ្រប់​យ៉ាង។ ពាក្យ​ពេចន៍​សម្ដី​ទាំង​នេះ គឺ​ជា​ការ​និយាយ​សំដៅ​ទៅ​កាន់ «ដល់​ពួក​អ្នកមាន​នៅ​លោកីយ៍» នា​ជំនាន់​សព្វ​ថ្ងៃនេះ។ និយាយ​ឲ្យ​ចំៗ​ទៅ នេះ​គឺ​ជា​ការ​ក្រែង​រំឭក​ដល់​អស់​អ្នកមាន ដែល​មាន​ដូច​ជា​រូប​ខ្ញុំ និង​លោកអ្នក​ផ្ទាល់​តែ​ម្ដង។

និពន្ធ​ដោយ៖ លោក​គ្រូ Tim Challies
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​លោក ថាច់ ទិត្យសូរិយា
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.challies.com ដោយ​មាន​ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ជ្រាប​នូវ​រាល់​អំពើ​អាក្រក់

គ្រូ​អធិប្បាយ