in ,

លុយកាក់​ដែល​គ្រីស្ទបរិស័ទ​និយាយ

5 Lies Christians Tell About Money

យើងខ្ញុំ​ធ្លាប់​ធ្វើ​ជា​អ្នក​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​ក្រុមជំនុំ​របស់​ខ្ញុំ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ ហើយ​ក៏​បាន​យល់​ពី​ស្ថានភាព​ជា​ច្រើន​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ។ យើងខ្ញុំ​មាន​ការ​យល់​ឃើញ​ថា សមាជិក​មួយ​ចំនួន​មិន​សូវ​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ​ឡើយ ហើយ​ក៏​មាន​សមាជិក​មួយ​ចំនួន​ទៀត​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ហួស​ហេតុ​ពេក។ សមាជិក​ខ្លះ​មាន​ផែនការ​ក្នុង​ការ​ចាយវាយ និង​ធ្វើ​ការ​សន្សំ​ជា​រៀងរាល់​ថ្ងៃ​ផង​ដែរ ស្រប​ជា​មួយ​គ្នា​នេះ​ដែរ​ ក៏​មាន​សមាជិក​ផ្សេង​ទៀត​ដែល​មិន​មាន​ផែនការ​ស្អី​ដែរ។ យ៉ាងណា​មិញ ក៏​នៅ​មាន​អ្នក​មួយ​ចំនួន​ទៀត​ជួយ​អ្នក​ដទៃ​ដោយ​មាន​ចិត្ត​សប្បុរស ហើយ​អ្នក​ខ្លះ​ទៀត​គម្រិះ​ណាស់។

មនុស្ស​ភាគ​ច្រើន​តែងតែ​មាន​មូលហេតុ ឬ​ពាក្យ​ដោះសា​ទាក់ទង​នឹង​ការ​សម្រេចចិត្ត​របស់​ខ្លួន។ ទោះជា​យ៉ាង​ណា ជា​រឿយៗ​ពួកគាត់​បាន​ធ្វើការ​សម្រេចចិត្ត​ដោយ​ផ្អែក​លើ​ការ​យល់​ច្រឡំ​ដ៏​ខុស​ឆ្គង​របស់​ពួកគាត់​អំពី​អ្វីៗ​ដែល​ព្រះ​គម្ពីរ​បាន​បង្រៀន។ យើង​ត្រូវ​តែ​មាន​ទស្សនៈ​ដ៏​ជាក់លាក់ ហើយ​ទូលំទូលាយ​ទៅ​លើ​ព្រះ​បន្ទូល​ទាក់ទង​នឹង​ថវិកា​ផ្ទាល់​ខ្លួន​ជា​ដាច់​ខាត។

ហេតុ​ដូចនេះ យើងខ្ញុំ​បាន​លើក​យក​ចំណុច​អំពី​ការ​យល់​ច្រលំ​ទាំង​ប្រាំ​យ៉ាង ដែល​ខ្ញុំ​បាន​ឆ្លង​កាត់​មក​បង្ហាញ​ដល់​លោក​អ្នក​ដូច​ខាងក្រោម​នេះ៖

១. ព្រះ​ជាម្ចាស់​មាន​ការ​ខ្វល់ខ្វាយ​អំពី​ជម្រៅ​ចិត្ត​របស់​ខ្ញុំ​ខ្លាំង​ជាង​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​នឹង​លុយកាក់​របស់​ខ្ញុំ

ជា​ការ​ពិត​ណាស់ ព្រះ​ជា​ម្ចាស់​ពិត​ជា​មាន​ការ​ខ្វល់ខ្វាយ​អំពី​ស្ថានការណ៍​នៃ​ជម្រៅ​ចិត្ត​របស់​យើង​ម្នាក់ៗ​មែន។ «ជំនឿ និង​ការងារ» គឺ​មាន​ការ​ពាក់ព័ន្ធ​គ្នា​នឹង​ថវិកា ដែល​យើង​មិន​អាច​មើល​រំលង​បាន។ ដួងចិត្ត​ដែល​ត្រូវ​បាន​ទទួល​ការ​បំផ្លាស់​ទាំង​ស្រុង​តាម​រយៈ​ដំណឹង​ល្អ​ នឹង​មិន​គ្រាន់​តែ​នាំ​ឲ្យ​លោកអ្នក​មាន​ការ​ផ្លាស់ប្រែ​លើ​អ្វី​ដែល​យើង​ជឿ​អំពី​លុយ​កាក់​នោះ​ទេ ប៉ុន្តែ​ក៏​នឹង​មាន​ការ​ផ្លាស់​ប្រែ​ទាក់ទង​នឹង​អ្វី​ដែល​យើង​ធ្វើ​ជាមួយ​នឹង​លុយកាក់​នោះ​ផង​ដែរ (យ៉ាកុប ២:១៤-១៧, ២៦)។

លុយ​កាក់​គឺ​ជា​ចំណុច​ដ៏​ធំ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ។ យើង​បាន​ទទួល​ការ​ណែនាំ​ចេញ​ពី​ព្រះ​គម្ពីរ ទាក់ទង​នឹង​លុយ​កាក់ (ប្រមាណ​លើស​ជាង​២.០០០​ខគម្ពីរ) ដែល​មាន​ចំនួន​លើស​ជាង​ប្រធាន​បទ​ផ្សេងៗ​ទៀត។ ព្រះ​យេស៊ូវ​ទ្រង់​បាន​និទាន​នូវ​រឿង​ប្រៀប​ប្រដូច​ជា​ច្រើន​ដែល​ទាក់ទង​នឹង​លុយ​កាក់ ហើយ​ពួក​សាវ័ក​ក៏​បាន​លើកឡើង​ជា​ច្រើន​ដង​អំពី​លុយកាក់​ផង​ដែរ។ យើង​បាន​ទទួល​ការ​បង្រៀន​ថា ឲ្យ​ជៀសវាង​ចេញពី​ការ​ស្រឡាញ់​ប្រាក់កាក់ (១ធីម៉ូថេ ៦:៦-១០) ហើយ​ជ្រើស​រើស​ស្រឡាញ់​ព្រះ​ជាម្ចាស់​ជាជាង​លុយកាក់ (លូកា ១៦:១៣) ដើម្បី​ឲ្យ​យើង​អាច​បើក​ចំហ​ចិត្ត​យ៉ាង​សប្បុរស ហើយ​ប្រុង​ប្រៀប​ជា​ស្រេច​ក្នុង​ការ​ឲ្យ​ដល់​អ្នក​ដទៃ (ម៉ាថាយ ៦:២, ៥, ១៦) និង​ដាក់​នូវ​ទំនុក​ចិត្ត​ទាំង​ស្រុង​របស់​យើង​ទៅ​លើ​ព្រះ​ជាម្ចាស់ ជាជាង​លើ​ទ្រព្យសម្បត្តិ (១ធីម៉ូថេ ៦:១៧-១៩)។ ជាង​នេះ​ទៅ​ទៀត​យើង​ក៏​បាន​ទទួល​នូវ​ការ​ជំរុញ​ចិត្ត​ឲ្យ​មាន​ផែន​ការ និង​ការ​សន្សំសំចៃ (សុភាសិត ២១:២០) ហើយ​ថែមទាំង​ឲ្យ​មើល​ថែរក្សា​ក្រុម​គ្រួសារ រួម​ទាំង​អ្នក​ដទៃ​ផង​ដែរ (១ធីម៉ូថេ ៥:៨; ហេព្រើរ ១៣:១៦)។

២. ខ្ញុំ​ដឹង​ហើយ​ថា ខ្ញុំ​ត្រូវតែ​ឲ្យ ប៉ុន្តែ​ឲ្យ​ចំនួន​ប៉ុន្មាន​វា​មិន​សំខាន់​ទេ ឲ្យ​តែ​ខ្ញុំ​បាន​ឲ្យ​ខ្លះៗ

មាន​ការ​មិន​ឯកភាព​គ្នា​មួយ​ចំនួន​​ដែល​គ្រីស្ទ​បរិស័ទ​បាន​លើកឡើង​ថា ព្រះ​គម្ពីរ​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​ចេះ​ឲ្យ ដែល​តាម​ពិត​ទៅ​វា​ក៏​ជា​បទ​បញ្ញត្តិ​ផង​ដែរ (ម៉ាឡាគី ៣:៦-១២; ម៉ាថាយ ២៣:២៣; ១កូរិនថូស ១៦:១-២)។ យ៉ាងណាមិញ ពេល​យើង​ចាប់ផ្ដើម​ជជែក​គ្នា​ថា «តើ​យើង​គួរ​ឲ្យ​ចំនួន​ប៉ុន្មាន» នោះ​យើង​នឹង​ឃើញ​ថា​មាន​ចំណុច​ជា​ច្រើន​ដែល​ពិបាក​វែកញែក​គ្នា​ខ្លាំង​ណាស់។

ចំណែក​អ្នក​ខ្លះ​ទៀត​បាន​លើកឡើង​ថា យើង​មាន​សេរីភាព​ក្នុង​ការ​ឲ្យ​តិច ឬ​ក៏​ឲ្យ​ច្រើន​តាម​តែ​ចិត្ត​របស់​យើង​ចង់​ឲ្យ ដោយ​ផ្អែក​លើ «អារម្មណ៍» របស់​យើង​ទុក​ជា​មូល​ដ្ឋាន ព្រោះ​ឥឡូវនេះ​យើង​មាន​សេរីភាព​ចេញពី​ក្រោម «ក្រិត្យវិន័យ» នៃ​ការ​ថ្វាយ​ដង្វាយ​រួច​ហើយ។ ជា​ការ​ពិត​ណាស់ ព្រះ​គម្ពីរ​សញ្ញា​ថ្មី មិន​បាន​បង្គាប់​ប្រាប់​ឲ្យ​យើង​ថ្វាយ​ដូច​ជា​ក្រឹត្យ​វិន័យ​ឡើយ ប៉ុន្តែ​ព្រះ​យេស៊ូវ ទ្រង់​បាន​បង្រៀន​ពួក​សាវ័ក​ឲ្យ​ចេះ​ប្រមាណ ហើយ​ដោយ​មាន​ការ​លះបង់​ដោយ​មាន​ចិត្ត​សប្បុរស​ចេញ​ពី​ចិត្ត​ដែល​ចេះ​ដឹង​គុណ ហើយ​​និង​ចេះ​ថ្វាយ​បង្គំ ដែល​ចំ​ពោះ​អ្នក​មួយ​ចំនួន​ការ​នេះ​លើស​ពី​ការ​ថ្វាយ​ដង្វាយ​ទៅ​ទៀត (ម៉ាកុស ១២:៤១-៤៤; ១កូរិនថូស ១៦:២; ២កូរិនថូស ៩:៥-៦)។

មាន​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​បាន​ចាកចេញ​យ៉ាង​ឆ្ងាយ​អំពី​ការ​ស្តាប់​បង្គាប់​តាម​សេចក្តី​បង្រៀន​មួយ​នេះ។ អាស្រ័យ​លើ​អ្វី​ដែល​លោក​អ្នក​បាន​រៀន​សូត្រ នៅ​ក្នុង​ចំណោម​គ្រីស្ទាន​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ក្រុមជំនុំ​ទៀង​ទាត់ មាន​ប្រហែល​ត្រឹមតែ​៥ភាគរយ​តែ​ប៉ុណ្ណោះ​ដែល​បាន​ថ្វាយ​យ៉ាង​តិច​១០​ភាគរយ​ពី​ប្រាក់​ចំណូល​របស់​ពួកគេ (ដែល​នោះ​ជា​ច្បាប់​នៃ​ការ​ថ្វាយ «ដង្វាយ»)។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែល​ថ្វាយ ជា​មធ្យម​ភាគ​គឺ​មាន​ជា​អតិបរមា​ប្រហែល​២.៥​ភាគរយ​នៃ​ប្រាក់​ចំណូល​តែ​ប៉ុណ្ណោះ។

៣. ខ្ញុំ​មិន​អាច​ចៀស​ផុត​ពី​ការ​ជាប់​បំណុល ដែល​នោះ​មិនមែន​ជា​បញ្ហា​មួយ​ទេ ដរាប​ណា​ខ្ញុំ​បង់​ត្រឡប់​សង​វិញ ហើយ​រក្សា​នូវ​កេរ្តិ៍ឈ្មោះ​ល្អ​នៅ​ធនាគារ

ការ​មាន​បំណុល​គឺ​ជា​រឿង​ធម្មតា​នា​ពេល​សព្វ​ថ្ងៃ​នេះ រាល់​ទម្រង់​បែប​បទ​បំណុល​ពី​អតិថិជន​កំពុង​តែ​មាន​ការ​កើន​ឡើងៗ។ ក្នុង​កាលៈទេសៈ​ខ្លះ ការ​មាន​បំណុល​អាច​ជា​ការ​ចាំបាច់ ប៉ុន្តែ​ជួនកាល​យើង​អាច​ចៀសវាង​បាន​ដោយ​មាន​ផែនការ និង​ការ​ដាក់​វិន័យ​ដ៏​ជាក់លាក់។

ព្រះ​គម្ពីរ​មិន​បាន​ហាម​ឃាត់​យ៉ាង​ជាក់លាក់​ទាក់ទង​នឹង​ការ​ខ្ចី ឬ​ក៏​ការ​ឲ្យ​គេ​ខ្ចី​នោះ​ទេ ប៉ុន្តែ​ព្រះ​គម្ពីរ​ពិត​ជា​បាន​បង្រៀន​ថា ការ​ជាប់​បំណុល​គឺ​ជា​សំណុំ​រឿង​បែប​បទ​នៃ «ការ​ជាប់​ទោស» ព្រោះ​វា​ធ្វើ​ឲ្យ​អស់​អ្នក​ខ្ចី​នេះ​ក្លាយ​ទៅ​ជា​ទាសករ​នៃ​បំណុល​ផ្ទាល់​តែ​ម្ដង (សុភាសិត ២២:៧)។ លើស​ពី​នេះ​ទៅ​ទៀត​​វា​បាន​ធ្វើ​ឲ្យ​អ្នក​ខ្ចី​នោះ​បាន​ក្លាយ​ជា​ទាសករ​របស់​ម្ចាស់​បំណុល គឺ​មាន​ន័យ​ថា អ្នក​ដែល​ឲ្យ​ខ្ចី​នោះ​មាន​ចំណែក​ក្នុង «ភាព​ជា​ម្ចាស់» ក្នុង​ពេល​វេលា​ដែល​អ្នក​ខ្ចី​ត្រូវ​តែ​ធ្វើ​ការ ដើម្បី​សង​បំណុល​របស់​ខ្លួន​ទៅ​ចំពោះ​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ​វិញ។

លុះ​ត្រា​ណា​តែ​យើង​មាន​តម្រូវការ​ច្រើន​ហួសហេតុ​ពេក រហូត​ដល់​យើង​ត្រូវ​ខ្ចី​នរណា​ម្នាក់ នោះ​យើង​មិន​គួរ​ដាក់​ខ្លួន​យើង​នៅ​ក្រោម​ទាសភាព​នៃ​ការ​ជំពាក់​បំណុល​នោះ​ទេ។ យ៉ាង​ហោច​ណាស់​ក៏​យើង​មិន​គួរ​មាន​ទម្លាប់​ក្នុង​ការ​ខ្ចី​គេ​ជា​ញឹកញាប់​ដែរ ហើយ​យើង​ក៏​គួរ​តែ​សង​គេ​នូវ​គ្រប់​បំណុល​ឲ្យ​កាន់​តែ​ឆាប់ៗ ដែល​ការ​នោះ​គឺ​ជា​ការ​ដ៏​ល្អ​មិន​ថា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

៤. ព្រះ​ជាម្ចាស់​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ចម្រុង​ចម្រើន​ឡើង​ខាង​ផ្នែក​ហិរញ្ញវត្ថុ ប្រសិន​បើ​ខ្ញុំ​ខំ​ប្រឹងប្រែង​ធ្វើ​ការ ហើយ​មាន​ជំនឿ​គ្រប់​គ្រាន់​ល្មម

ជា​ប្រវត្តិសាស្ត្រ មាន​ទស្សនៈ​ពីរ​យ៉ាង​អំពី​ភាព​ចម្រុងចម្រើន​ខាង​ផ្នែក​ហិរញ្ញវត្ថុ ហើយនិង​ជីវិត​គ្រីស្ទបរិស័ទ។ នៅ​ក្នុង​ទស្សនៈ​ទីមួយ លុយកាក់​គឺ​ជា​ឫស​គល់​នៃ​ការ​អាក្រក់​ទាំង​អស់ (១ធីម៉ូថេ ៦:១០) កាល​ណា​លោកអ្នក​មាន​លុយ​កាន់តែ​ច្រើន នោះ​សេចក្ដី​សុចរិត​លោកអ្នក​កាន់​តែ​អន់​ថយ​ចុះ​ទៅៗ។ ទស្សនៈ​ទី​ពីរ ព្រះ​ជាម្ចាស់​សព្វព្រះហឫទ័យ​ឲ្យ​គ្រីស្ទបរិស័ទ​គ្រប់ៗ​រូប​មាន​ភាព​ចម្រុង​ចម្រើន និង​មាន​ទ្រព្យ​សម្បត្តិ។ ប្រសិនបើ​យើង​មិន​មាន​ភាព​ចម្រុងចម្រើន នោះ​មាន​ន័យ​ថា យើង​មិន​មាន​ជំនឿ​គ្រប់​គ្រាន់​ល្មម​ទេ។

ចំណុច​ដ៏​ជាក់​លាក់​នៅ​ក្នុង​ព្រះ​គម្ពីរ​គឺ ក្នុង​អធិបតេយ្យភាព​របស់​ព្រះ​ជាម្ចាស់៖ ចំពោះ​មនុស្ស​មួយ​ចំនួន ព្រះ​អង្គ​ប្រទាន​ទ្រព្យសម្បត្តិ​ឲ្យ​យ៉ាង​ច្រើន ហើយ​ចំពោះ​អ្នក​ខ្លះ​ទៀត ព្រះ​អង្គ​ប្រទាន​ទ្រព្យសម្បត្តិ​ឲ្យ​តែ​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​នោះ​ជំនួស​ទ្រង់ (១សាំយូអែល ២:៧; ម៉ាថាយ ២៦:១១)។ របៀប និង​មូល​ហេតុ​ដែល​ទ្រង់​ធ្វើ​បែប​នោះ គឺ​ជា​រឿង​របស់​ទ្រង់​ផ្ទាល់ មិន​មែន​យើង​ទេ។ ចំពោះ​អ្នក​ជឿ​ដែល​មាន​ភាព​ពេញ​វ័យ​ខាង​ឯ​ព្រលឹងវិញ្ញាណ ខ្លះ​អាច​ថា​ជា​អ្នក​ក្រ ហើយ​ខ្លះ​ទៀត​អាច​ថា​ជា​អ្នកមាន (សុភាសិត ២២:២)។

៥. ព្រះ​ជាម្ចាស់​បាន​សន្យា​ថា នឹង​មើលថែ​ខ្ញុំ អញ្ចឹង​ខ្ញុំ​មិន​ចាំបាច់​បារម្ភ​ពី​រឿង​លុយកាក់​នោះ​ទេ

ព្រះ​ជាម្ចាស់​ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​មើល​ថែ​ដល់​បុត្រាបុត្រី​របស់​ទ្រង់ (ម៉ាថាយ ៦:២៥-២៧; ភីលីព ៤:១៩)។ ប៉ុន្តែ ទ្រង់​ក៏​បាន​ទូន្មាន​ណែនាំ​ដល់​យើង​ក្នុង​ការ​ឲ្យ​មាន​ទំនួលខុសត្រូវ (និង​សកម្មភាព) ចំពោះ​ស្ថានភាព​ទាំង​ឡាយ​របស់​យើង​ផង​ដែរ (សុភាសិត ១០:៤-៥)។ ចំពោះ​ហិរញ្ញវត្ថុ យើង​ក៏​ត្រូវ​មាន​ទំនួលខុសត្រូវ​ផ្ទាល់​ផង​ដែរ។

ជា​ការ​ពិត នៅក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង លុយកាក់​ពិត​ជា​សំខាន់​ណាស់។ ហេតុដូច្នេះ​ហើយ​បាន​ជា​វា​ពិត​ជា​មាន​សារៈសំខាន់ ដែល​យើង​ត្រូវតែ​យល់​ឲ្យ​ច្បាស់​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន។ ចូរ​ចំណាយ​ពេល ដើម្បី​សិក្សា​លើ​ព្រះ​បន្ទូល​ដោយ​ផ្ទាល់ ហើយ​មើល​ពី​របៀប​ដែល​ព្រះ​បន្ទូល​លើកឡើង​ទាក់ទង​នឹង​ស្ថានភាព​របស់​លោកអ្នក។ សូម​អាន​សៀវភៅ​ល្អៗ​ដែល​ស្ដី​អំពី​ការ​គ្រប់គ្រង​ដែល​ស៊ីគ្នា​នឹង​ព្រះ​គម្ពីរ។ លើស​ពី​អ្វីៗ​ទាំង​អស់ ចូរ​ធ្វើ​ជា​អ្នក​ដែល​មាន​ទំនួលខុសត្រូវ​ដ៏​ស្មោះត្រង់​ទាក់ទង​នឹង​អ្វីៗ​ដែល​ព្រះ​មហាក្សត្រ​របស់​យើង​បាន​ប្រគល់​មក​កាន់​លោកអ្នក​ដោយ​មាន​ទំនុកចិត្ត (១កូរិនថូស ៤:២)។

និពន្ធដោយ៖ លោកគ្រូ Chris Cagle
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ឈាង បូរ៉ា និង​កញ្ញា ថន ស្ថាពរ
ដកស្រង់ខ្លះៗចេញពី www.thegospelcoalition.org ដោយ មាន ការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

4 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ខ្ញុំ​ហើយ​នឹង​ព្រះ​វរ​បិតា

អន្តរាគមន៍​ពី​ព្រះ​អង្គ​សង្គ្រោះ