«ឱព្រះអង្គអើយ សូមការពារទូលបង្គំផង ដ្បិតទូលបង្គំយកទ្រង់ជាទីពឹង» (ទំនុកតម្កើង ១៦:១)។
ខគម្ពីរមួយនេះបានក្លាយជាខគម្ពីរដែលជាលំនាំទូទៅបំផុតនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ។ ខ្ញុំអធិស្ឋានសម្រាប់ការទាំងពីរ៖ ទាំងភាពសាមញ្ញ និងភាពស៊ីជម្រៅរបស់ខនេះ។ តក្កវិទ្យានៃសេចក្ដីអធិស្ឋានគឺថាជាការនិយាយដូចជាកូនក្មេងថា «សូមជួយសង្គ្រោះខ្ញុំផងដោយមិនមានហេតុផលអ្វីផ្សេងទៀតក្រៅពីថា ខ្ញុំមានគ្រោះថ្នាក់ ហើយខ្ញុំបានរត់ទៅរកអ្នកដើម្បីឲ្យជួយនោះទេ»។ «សូមថែរក្សាខ្ញុំដោយសារខ្ញុំបានរកឃើញសុវត្ថិភាព និងការការពារនៅក្នុងអ្នក»។ មិនមែន «រក្សាខ្ញុំ ដោយសារពីអតីតកាល និងអនាគតរបស់ខ្ញុំស្មោះត្រង់នោះទេ»។ មិនមែន «ការពារខ្ញុំ ដោយសារខ្ញុំមានប្រយោជន៍ ឬដោយសារខ្ញុំមានតម្លៃនោះទេ» ។ ប៉ុន្តែ សូមគ្រាន់តែ «សូមការពារខ្ញុំ ដោយសារខ្ញុំភ័យខ្លាច ហើយខ្ញុំបានមកនៅទីនេះ ហើយភ្នែករបស់ខ្ញុំសម្លឹងមើលទៅឯអ្នក»។
ការមានចិត្តដូចជាកូនក្មេងនៅក្នុងសំណើអធិស្ឋានបែបនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងបទចម្រៀងនិពន្ធដោយលោក ថូម៉ាស ខេន (Thomas Ken) ដែលមានចំណងជើងថា «ទំនុកតម្កើងពេលល្ងាច» “Evening Hymn” ដែលយើងបានបកប្រែដូចខាងក្រោមនេះ។
ព្រះអម្ចាស់អើយ! គ្រប់ទាំងអស់សរសើរព្រះអង្គនៅយប់នេះ
ដោយសារគ្រប់ទាំងព្រះពរនៃពន្លឺ។
សូមរក្សាទូលបង្គំ ឱសូមរក្សាទូលបង្គំ ស្ដេចលើអស់ទាំងស្ដេចអើយ
នៅក្រោមស្លាបដ៏មានអំណាចព្រះចេស្ដារបស់ព្រះអង្គ។
ប៉ុន្តែ សេចក្ដីអធិស្ឋានរបស់កូនក្មេងមិនចាំបាច់ជាសេចក្ដីអធិស្ឋានបែបលេងសើចនោះទេ។ ជាញឹកញាប់ វាមានជម្រៅ និងទម្ងន់នៅក្នុងសេចក្ដីអធិស្ឋានដូចនេះ ដែលធ្វើឲ្យសេចក្ដីអធិស្ឋានបែបនេះស័ក្ដិសមសម្រាប់គ្រីស្ទបរិស័ទគ្រប់វ័យ។ សូមគិតពិចារណាជាមួយខ្ញុំអំពីជម្រៅនៃសេចក្ដីអធិស្ឋានដ៏សាមញ្ញមួយនេះជាមួយគ្នា។
ការពារខ្ញុំពីអ្វី?
សេចក្ដីអធិស្ឋានរបស់ស្ដេច ដាវីឌ បង្ហាញពីគ្រោះថ្នាក់ដែលយើងត្រូវតែស្វែងរកទីពឹងជ្រក។ មានការគម្រាមកំហែង គ្រោះថ្នាក់ ការប្រឆាំងពីសត្រូវ និងឧបសគ្គផ្សេងៗ។ ហើយវានៅមាននៅលើផែនដីនេះ នៅក្នុងក្រុមជំនុំ ហើយក៏មាននៅក្នុងជីវិតរបស់លោកអ្នក ហើយនិងខ្ញុំដែរ។
កណ្ឌគម្ពីរទំនុកតម្កើងមិនបានប្រាប់ឲ្យជាក់លាក់អំពីគ្រោះថ្នាក់ណាមួយនោះទេ។ ប៉ុន្តែ យើងអាចស្រមៃបាន។ គ្រោះថ្នាក់នោះអាចជាគ្រោះថ្នាក់ដែលមាននៅខាងក្រៅ។ ខ្មាំងសត្រូវដែលជាអ្នកចូលរួម និងរៀបចំផែនការក្បត់ និងរៀបចំដាក់អន្ទាក់។ មនុស្សអាក្រក់ដេករង់ចាំ ហើយដេញតាមមនុស្សដែលគ្មានកំហុស។ មនុស្សភូតភរ និងអ្នកមួលបង្កាច់គេនិយាយពីការមិនពិតទាស់ប្រឆាំងនិងយើង។ រោគ និងជំងឺដែលធ្វើឲ្យយើងដុនដាបជាងមុន។ ការថយចុះនៃសុខភាព និងការបាត់បង់ការងារ ឬការផ្សេងៗនៃភាពអសន្តិសុខនៅលើផែនដីនេះ។
ការទាំងអស់នេះ (នៅមានច្រើនទៀត) អាចនៅក្នុងគំនិតនៃអ្នកនិពន្ធកណ្ឌទំនុកតម្កើង។ ហើយសំខាន់ជាងនេះទៅទៀត ការអវត្តមាននៃភាពជាក់លាក់អនុញ្ញាតឲ្យយើងបំពេញនៅក្នុងចន្លោះ ក្នុងការដាក់គ្រោះថ្នាក់
ការគម្រាមកំហែង និងឧបសគ្គរបស់យើងចូល ដើម្បីឲ្យសេចក្ដីអធិស្ឋានរបស់ស្ដេច ដាវីឌ បានក្លាយជាសេចក្ដីអធិស្ឋានរបស់យើងផ្ទាល់។
ស្វែងរកទីពឹងជ្រក
ក្នុងការប្រឈមមុខជាមួយនិងគ្រោះថ្នាក់ (មិនថាគ្រោះថ្នាក់អ្វីដែលយើងកំពុងជួបប្រទះក៏ដោយ) ការឆ្លើយតបគឺនៅតែដូចគ្នាដដែល៖ យើងស្វែងរកទីពឹងជ្រកនៅក្នុងព្រះជាម្ចាស់។ គោលគំនិតនៃ «ការពឹង» គឺជារឿងទូទៅនៅក្នុងបទគម្ពីរ។ វាមានន័យថា ជាការស្វែងរកជម្រក ការការពារ និងមានសុវត្ថិភាពនៅក្នុងអ្វីមួយ។ នៅពេលដែលព្រះអាទិត្យបញ្ចេញកម្ដៅក្ដៅខ្លាំងមកលើយើង យើងស្វែងរកដើមឈើ ដើម្បីជ្រកក្រោមម្លប់វា។ នៅពេលដែលមានការគម្រាមកំហែងពីព្យុះភ្លៀងយើងពឹងជ្រកនៅក្នុងផ្ទះដ៏កក់ក្ដៅ។
រូបភាពនេះសំដៅទៅលើអ្នកដែលដេញតាម (ទំនុកតម្កើង ៧:២; ១៧:៧)។ ឧទាហរណ៍៖ ប្រសិនបើបុរសម្នាក់សម្លាប់នរណាម្នាក់ដោយអចេតនា ហើយគាត់រត់ភៀសខ្លួនទៅកាន់ទីក្រុងមួយ ដើម្បីពឹងជ្រកនៅទីនោះ ដើម្បីកុំឲ្យមានអ្នកមកសងសឹកទៀត។ ឬទីក្រុងស៊ីយ៉ូន ដែលព្រះយេហូវ៉ាបានតាំងឡើង គឺជាទីពឹងជ្រកសម្រាប់អស់អ្នកដែលគេធ្វើបាប គឺជាប្រជារាស្ត្ររបស់ព្រះអង្គ (អេសាយ ១៤:៣២)។ ប្រសិនបើមាននរណាម្នាក់តម្រង់ព្រួញបាញ់មកកាន់យើង យើងប្រាកដជាយកខែលមកការពារជាមិនខាន។
ទីពឹងជ្រកជាកម្មសិទ្ធិនៃក្រុមពាក្យនៅក្នុងព្រះគម្ពីរដែលកំណត់ពីទីកន្លែងនៃទីជម្រក និងកម្លាំង។ កណ្ឌគម្ពីរទំនុកតម្កើងជំពូក១៨ដាក់ពាក្យបែបនោះតាមគ្នាម្ដងមួយៗ។ «ព្រះយេហូវ៉ាទ្រង់ជាថ្មដាជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង ក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ ហើយជាប៉មយ៉ាងខ្ពស់ផង» (ទំនុកតម្កើង ១៨:២)។
«នៅពេលដែលឃើញថា ភាពគ្រប់គ្រាន់របស់យើងជាការកុហក តើយើងរត់ទៅណា?»
ការរកបានទីពឹងជ្រកមានន័យថា ជាការស្វែងរកកន្លែងដែលយើងអាចទុកចិត្តលើអ្នកយាមរបស់យើងបាន ដែលយើងមិនចាំបាច់មានការប្រុងប្រយ័ត្នខ្ពស់នោះទេ។ ការរកបានទីពឹងជ្រកមានន័យថា រកបានការសម្រាក
ជាកន្លែងមួយដែលយើងអាចគេងបានលក់ស្រួល ដោយសារមានម្នាក់ដែលខ្លាំងជាង ហើយមានសុវត្ថិភាពកំពុងការពារយើង។ រូបភាពផ្ដល់ជាអត្ថន័យនៃពាក្យនោះ។ កូនក្មេងរត់គេចចេញពីការដែលគេធ្វើបាប បានយកបងប្រុសរបស់គាត់ធ្វើជាទីពឹងជ្រក។ កូនមាន់ដែលឭសំឡេងខ្លាំងៗ ចូលជ្រកក្រោមស្លាបមេរបស់វា។ អស់អ្នកដែលកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ ដោយមានគេដេញតាមធ្វើបាប និងព្យាយាមរកកន្លែងដែលមានសុខសុវត្ថិភាព។
សេចក្ដីអធិស្ឋាននៅក្នុងកណ្ឌគម្ពីរ ទំនុកតម្កើង ១៦:១ បានចោទជាសំណួរដ៏ពិបាកមួយមកកាន់យើង។
នៅពេលដែលយើងប្រឈមមុខនិងគ្រោះថ្នាក់ និងការគម្រាមកំហែង តើយើងបែរទៅណា? នៅពេលដែលឃើញថា ភាពគ្រប់គ្រាន់របស់យើងជាការកុហក តើយើងរត់ទៅណា? នៅពេលដែលយើងដឹងអំពីគ្រោះថ្នាក់ នោះយើងនឹងស្វែងរកទីពឹងជ្រក។ ប៉ុន្តែ តើយើងបានស្វែងរកទីពឹងជ្រកនៅក្នុងព្រះជាម្ចាស់ដែរឬទេ? តើយើងបានរត់ទៅរកព្រះអង្គដែរឬក៏អត់? តើយើងបានពួននៅក្នុងព្រះអង្គដែរឬទេ? ឬក៏យើងរត់ទៅរកទីជម្រករបស់លោកីយ៍ បន្ទាយរបស់លោកីយ៍ ឬទៅស្វែងរករូបព្រះណាផ្សេងទៀត?
សត្រូវក្នុងយើង
នៅលើផែនដីនេះ មានគ្រោះថ្នាក់នៅខាងក្រៅពិតមែន។ ហើយនៅពេលដែលយើងបានប្រឈមមុខនឹងពួកវា យើងគួរតែស្វែងរកការពឹងជ្រកនៅក្នុងព្រះជាម្ចាស់ ហើយស្រែកអំពាវនាវទៅកាន់ព្រះអង្គក្នុងការរក្សាយើង។
ទោះជាយ៉ាងណាក្ដី ក៏សព្វថ្ងៃនេះខ្ញុំយល់ឃើញថា ការគម្រាមកំហែងដ៏ធំបំផុតក្នុងការរក្សាទុក និងការការពារគឺមិនមែនជាការប្រឆាំងពីខាងក្រៅដោយអ្នកមិនជឿ ឬការគម្រាមកំហែងផ្នែករាងកាយ ឬមានទំនាស់ផ្នែកទំនាក់ទំនងរវាងមិត្តភក្ដិ និងអ្នកធ្វើការជាមួយគ្នា ឬការនិយាយបំភ្លៃ និងការមូលបង្កាច់នោះទេ។ ការគម្រាមកំហែងដ៏ធំបំផុតមកកាន់ការរក្សាទុកគឺជាការដែលខ្ញុំមិនមានជំនឿ។ មិនមែនអ្វីមួយនៅទីនោះនោះទេ៖ មានអ្វីមួយនៅទីនេះ។ ការមិនមានជំនឿគឺជាការគម្រាមកំហែង ជាគ្រោះថ្នាក់ ហើយក៏ជាឧបសគ្គដ៏ធំបំផុតមួយដែលខ្ញុំប្រឈមមុខជាមួយផងដែរ។ ដែលនេះមានន័យថា នៅពេលដែលខ្ញុំអធិស្ឋានថា «ឱព្រះអង្គអើយ សូមការពារទូលបង្គំផង ដ្បិតទូលបង្គំយកទ្រង់ជាទីពឹង» ខ្ញុំចង់មានន័យថា «ខ្ញុំយកទ្រង់ជាទីពឹងជ្រកដោយបោះបង់ខ្លួនឯងចោល»។ បោះបង់ចោលពីគំនិតរបស់ខ្ញុំ ភាពត្រេកត្រអាលរបស់ខ្ញុំ បំណងប្រាថ្នាដែលពេញដោយអំពើបាបរបស់ខ្ញុំ មន្ទិលសង្ស័យរបស់ខ្ញុំ អារម្មណ៍របស់ខ្ញុំ និងការមិនមានជំនឿរបស់ខ្ញុំ។
លើសពីនោះទៅទៀត ខ្ញុំបានសង្កេតឃើញថា ជាញឹកញាប់ កណ្ឌគម្ពីរ ទំនុកតម្កើង ១៦:១ គឺមានទាំងការស្នើសុំ និងការបំពេញនៃសំណើនោះ។ នោះមានន័យថា ព្រះជាម្ចាស់កំពុងឆ្លើយតបសេចក្ដីអធិស្ឋាន ក្នុងផ្នែកណាមួយនៅសេចក្ដីអធិស្ឋានរបស់ខ្ញុំ។ ព្រះអង្គកំពុងរក្សាខ្ញុំទុកនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ដើម្បីឲ្យទ្រង់អាចរក្សាខ្ញុំទុក។ ការអធិស្ឋានផ្ទាល់គឺកំពុងបង្អាក់គំនិត ភាពត្រេកត្រអាល បំណងប្រាថ្នា មន្ទិលសង្ស័យ និងអារម្មណ៍របស់ខ្ញុំដែលបានគម្រាមកំហែងសេចក្ដីជំនឿរបស់ខ្ញុំ។
សូមសង្គ្រោះទូលបង្គំចេញពីការមានមន្ទិលសង្ស័យ
សូមគិតពិចារណាអំពីរបៀបដែលកណ្ឌគម្ពីរ ទំនុកតម្កើង ១៦:១ បានបង្អាក់មន្ទិលសង្ស័យ។ នៅទីនេះ ខ្ញុំរស់នៅជាគ្រីស្ទបរិស័ទ សម្រាក និងមានសង្ឃឹមនៅក្នុងព្រះគ្រីស្ទ។ ព្រះគ្រីស្ទដែលបានមានព្រះជន្មរស់ពីសុគតឡើងវិញគឺជាការសន្មតរស់នៅពីក្រោយជីវិត និងសកម្មភាពរបស់ខ្ញុំ ហើយព្រះបន្ទូល និងដំណឹងល្អរបស់ទ្រង់នាំឲ្យយើងខ្ញុំរស់នៅក្នុងការពិត។
បន្ទាប់មក ការមានមន្ទិលសង្ស័យបានជ្រាបចូលក្នុងជីវិតគ្រីស្ទបរិស័ទធម្មតានោះ។ ប្រហែលសង្ស័យអំពីសភាពដ៏អស់កល្បជានិច្ចរបស់ខ្ញុំ។ ឬក៏ប្រហែលមានមន្ទិលសង្ស័យអំពីការពិតរបស់ព្រះជាម្ចាស់ និងសេចក្ដីពិតនៃដំណឹងល្អ។ យើងមានអារម្មណ៍ថា មូលដ្ឋានគ្រឹះនៃជំនឿជីវិតមានការរង្គោះរង្គើ។ ការមានអារម្មណ៍ថា ជំនឿមិនរឹងមាំ ហើយខ្ញុំចាប់ផ្ដើមឆ្ងល់ថាតើព្រះជាម្ចាស់បានរក្សាខ្ញុំទុកដែរឬទេ។ នៅក្នុងអំឡុងពេលទាំងនោះ «សំណួរអំពីព្រះជាម្ចាស់» ទាំងអស់អាចក្លាយជាការសន្មតបានយ៉ាងងាយស្រួល។ ការមិនមានជំនឿ និងការមានមន្ទិលសង្ស័យបានក្លាយជាឥរិយាបថលំនាំដើមនៃព្រលឹង ហើយការមានចិត្តវិលវល់ដែលមិនចេះចប់ កំពុងស្វែងរកផ្លូវចេញ។ បើនិយាយម៉្យាងទៀតថា ខ្ញុំកំពុងតែស្វែងរកទីពឹងជ្រក។
ក្នុងខណៈពេលនោះ កណ្ឌគម្ពីរ ទំនុកតម្កើង ១៦:១ គឺជាសេចក្ដីអធិស្ឋានផង និងជាអត្ថន័យនៃការសង្គ្រោះយើងចេញផង។ សេចក្ដីអធិស្ឋាននឹងកំណត់ឡើងវិញនូវមន្ទិលសង្ស័យ ហើយនិងសំណួរទាំងនោះ ពីព្រោះកណ្ឌគម្ពីរ ទំនុកតម្កើង ១៦:១ គឺជាការពិពណ៌នា និងការអនុម័ត។ ខ្ញុំមិនបានគ្រាន់តែទូលសូមឲ្យព្រះអង្គរក្សាខ្ញុំទុកទេ ពីព្រោះខ្ញុំបានស្វែងរកទីពឹងជ្រកក្រោមព្រះអង្គតាំងពីមុនមកហើយ។ ឥឡូវនេះ ខ្ញុំកំពុងតែពឹងជ្រកក្រោមព្រះជាម្ចាស់ ក្នុងបច្ចុប្បន្នកាល ដោយទូលសូមឲ្យព្រះអង្គរក្សាខ្ញុំឥឡូវនេះ នៅបច្ចុប្បន្ននេះ។
នៅក្នុងសេចក្ដីអធិស្ឋានក្នុងទំនុកតម្កើង ខ្ញុំងាកបែរចេញពីការគិតអំពីព្រះជាម្ចាស់ដូចជាអង្គរៀបផ្គុំក្នុងគំនិតពីការមានទំនោរនៃការមិនមានជំនឿ។ ផ្ទុយទៅវិញ ក្នុងនាមជាមនុស្ស ខ្ញុំកំពុងទូលទៅកាន់ព្រះជាម្ចាស់ដោយបែរចេញពីជំហរនៃការអស់សង្ឃឹម ហើយមានជំនឿដូចជាកូនក្មេងវិញ។ ការមានភាពខុសគ្នានេះគឺសំខាន់ណាស់។ ព្រះជាម្ចាស់មិនមែនដូចជាអង្គរៀបផ្គុំ ឲ្យយើងយកមកដាក់ចូលគ្នានោះទេ ប៉ុន្តែជាអង្គដែលយើងត្រូវស្វែងរក។
ឱ ព្រះអម្ចាស់អើយ! សូមការពារទូលបង្គំ
កណ្ឌគម្ពីរ ទំនុកតម្កើង ១៦:១ បង្អាក់សេចក្ដីមន្ទិលសង្ស័យរបស់ខ្ញុំ ដោយដាស់ខ្ញុំមកកាន់ការពិតដែលថា យើងមិនដែលនិយាយអំពីព្រះជាម្ចាស់នៅពីក្រោយខ្នងរបស់ព្រះអង្គបានឡើយ។ គំនិត និងការប្រព្រឹត្តិរបស់យើង បំណងប្រាថ្នា និងមន្ទិលសង្ស័យរបស់យើង សំណួរ និងអារម្មណ៍របស់យើង—គ្រប់ការទាំងអស់នេះគឺបានប្រព្រឹត្តិទៅនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ មុខព្រះភ័ក្ត្ររបស់ព្រះអង្គ និងនៅឯព្រះហស្តស្ដាំរបស់ទ្រង់។
សេចក្ដីអធិស្ឋាននៅក្នុងកណ្ឌគម្ពីរ ទំនុកតម្កើង ១៦:១ គឺជាការអធិស្ឋានដែលមានជំនឿ ពីព្រោះខ្ញុំឈប់ព្យាយាមវែកញែកអំពីព្រះជាម្ចាស់នៅក្នុងព្រះវត្តមានរបស់ព្រះអង្គ ប៉ុន្តែជាការទូលទៅកាន់ព្រះអង្គក្នុងនាមជាព្រះវរបិតានៅក្នុងព្រះវត្តមានរបស់ទ្រង់។ ហើយតាមរយៈការដាស់តឿន និងការបង្អាក់នេះ ព្រះជាម្ចាស់ឆ្លើយតមសេចក្ដីអធិស្ឋានរបស់ខ្ញុំ។ ព្រះអង្គរក្សាខ្ញុំ ពីព្រោះខ្ញុំបានស្វែងរកទីពឹងជ្រកនៅក្នុងទ្រង់។
ប្រាកដណាស់ កណ្ឌគម្ពីរ ទំនុកតម្កើង ១៦:១ ក៏មានភាពស៊ីជម្រៅដូចជាវាសាមញ្ញ ហើយក៏សាមញ្ញដូចជាវាមានភាពស៊ីជម្រៅផងដែរ។ ព្រះជាម្ចាស់គឺជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយនៅពេលដែលយើងមានបញ្ហា។ ដូច្នេះហើយ យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នក នៅពេលដែលលោកអ្នកជួបប្រទះគ្រោះថ្នាក់ ខ្មាំងសត្រូវ ការថប់បារម្ភ ការភ័យខ្លាច មន្ទិលសង្ស័យ និងការមិនជឿ សូមយកកណ្ឌគម្ពីរ ទំនុកតម្កើង ១៦:១
ជាសេចក្ដីអធិស្ឋានរបស់លោកអ្នកចុះ។
«ឱព្រះអង្គអើយ សូមការពារទូលបង្គំផង ដ្បិតទូលបង្គំយកទ្រង់ជាទីពឹង» (ទំនុកតម្កើង ១៦:១)។
មតិយោបល់
Loading…