in , , ,

សញ្ញា​នៃ​ភាព​ជា​ឪពុក​ស្រប​តាម​ព្រះ​គម្ពីរ

Marks of Biblical Fatherhood
សញ្ញា​នៃ​ភាព​ជា​ឪពុក​ស្រប​តាម​ព្រះ​គម្ពីរ

ភាព​ជា​ឪពុក គឺ​ជា​ឯក​សិទ្ធិ​ដ៏​អស្ចារ្យ។ ពិត​ណាស់ គ្រប់​ទាំង​របស់​ដ៏​ល្អ… នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ (យ៉ាកុប ១:១៧)។ ហើយ​ឪពុកៗ ដែល​បាន​ទទួល​ការ​សង្គ្រោះ និង​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូ​គាត់​ដឹង​ថា អំណោយ​នៃ​ភាព​ជា​ឪពុក ក៏​ជា​កិច្ចការ​បម្រើ​ព្រះ​ដែរ។ គាត់​ទទួល​ស្គាល់​ថា ព្រះ​បាន​ប្រទាន​ទំនួល​ខុស​ត្រូវ​ដ៏​អស្ចារ្យ ក្នុង​ការ​ទូន្មាន និង​ដាស់តឿន​កូនៗ​ឲ្យ​ស្គាល់​ព្រះ​អម្ចាស់ (អេភេសូរ ៦:៤)។

ដូច្នេះ តើ​មាន​សញ្ញា​អ្វី​ខ្លះ ដែល​បញ្ជាក់​ថា បុរសៗ​យល់ និង​ប្រើ​ឯកសិទ្ធិ​នៃ​ភាព​ជា​អ្នក​បម្រើ​នេះ?

១៖ ជា​បុរស​ដែល​ស្គាល់​បទ​គម្ពីរ​ច្បាស់
ភាព​ជា​ឪពុក​ស្រប​តាម​ព្រះ​គម្ពីរ ស្គាល់​បាន​តាមរយៈ​ការ​ស្រឡាញ់​ព្រះបន្ទូល។ ដួង​ចិត្ត​គាត់​ដូចជា​អ្នក​តែង​កណ្ឌ​គម្ពីរ ទំនុក​តម្កើង ១១៩:៩៧ ដែរ។

«ឱ​ទូលបង្គំ​ស្រឡាញ់​ក្រិត្យ​វិន័យ​របស់​ទ្រង់​ណាស់​ហ្ន៎ ទូលបង្គំ​រំពឹង​គិត​ពី​ក្រិត្យ​វិន័យ​នោះ​ជា​ដរាប​រាល់​ថ្ងៃ» (ទំនុក​តម្កើង ១១៩:៩៧)។

ភាព​ជា​ឪពុក​ស្រប​តាម​ព្រះ​គម្ពីរ ស្គាល់​ព្រះបន្ទូល​ច្បាស់ ព្រោះ​គាត់​ដឹង​ថា «មនុស្ស​មិន​មែន​រស់ ដោយ​សារ​តែ​នំប៉័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ​សារ​គ្រប់​ទាំង​ព្រះ​បន្ទូល ដែល​ចេញ​ពី​ព្រះ​ឱស្ឋ​ព្រះ​មក​ដែរ» (ម៉ាថាយ ៤:៤)។ គាត់​រក​ឃើញ​ប្រាជ្ញា​ចេញ​ពី​ព្រះ​បន្ទូល មិន​មែន​ពី​លោកីយ៍​នេះ​ទេ (២កូរិនថូស ៤:៤)។ សាវ័ក ប៉ុល បាន​សរសេរ​មក​កាន់​លោក ធីម៉ូថេ ដើម្បី​ការ​ពារ​កូន​ខាង​ឯ​ជំនឿ​លោក​ថា៖

«គ្រប់​ទាំង​បទ​គម្ពីរ គឺ​ជា​ព្រះ​ទ្រង់​បាន​បញ្ចេញ​ព្រះ​វិញ្ញាណ​បណ្ដាល​ឲ្យ​តែង​ទេ ក៏​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន ការ​រំឭក​ឲ្យ​ដឹង​ខ្លួន ការ​ប្រដៅ​តម្រង់ នឹង​ការ​បង្ហាត់​ខាង​ឯ​សេចក្ដី​សុចរិត។ ដើម្បី​ឲ្យ​អ្នក​សំណប់​របស់​ព្រះ​បាន​គ្រប់​លក្ខណ៍ ហើយ​មាន​គ្រប់​ទាំង​ចំណេះ សម្រាប់​នឹង​ធ្វើ​ការ​ល្អ​គ្រប់​មុខ» (២ធីម៉ូថេ ៣:១៦-១៧)។

បទគម្ពីរ​ទាំង​នេះ និយាយ​ច្បាស់ៗ​ទៅកាន់​លោក ធីម៉ូថេ ហើយ​ជា​បទគម្ពីរ ដែល​បង្វឹកបង្វឺន​គាត់​សម្រាប់​ភារកិច្ច​ជា​គ្រូ​គង្វាល។ គោល​ការណ៍​នេះ​អនុវត្ត​ដល់​រាល់​អ្នក​ជឿ និង​ភាព​ជា​អ្នក​បម្រើ ដែល​ព្រះ​បាន​ប្រទាន​មក។ ហើយ​ក៏​រាប់​បញ្ចូល​ទាំង​ឪពុកៗ​គ្រប់​រូប​ផង​ដែរ។ ឪពុក​ស្រប​តាម​ព្រះ​គម្ពីរ​ទទួល​ស្គាល់​ថា តាម​រយៈ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត ដែល​នឹង​បំពាក់​បំប៉ន​គាត់​សម្រាប់​ទំនួល​ខុស​ត្រូវ​ជា​ឪពុក។

២៖ ជា​បុរស​ដែល​អនុញ្ញាត​ឲ្យ​ព្រះ និង​ព្រះ​បន្ទូល​ដឹកនាំ​ជីវិត​ទាំង​ស្រុង
កណ្ឌ​គម្ពីរ​ចោទិយកថា ជំពូក៦ ជា​ពិសេស​ខ៤-៩៖ ចូរ​ស្ដាប់​ចុះ ឱ​អ៊ីស្រាអែល​អើយ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ​យេហូវ៉ា​តែ​១​អង្គ​ទ្រង់។ ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កម្លាំង​ឯង។ សេចក្ដី​ទាំង​នេះ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ ភាព​ជា​ឪពុក​ស្រប​តាម​ព្រះ​គម្ពីរ គឺ​ជា​បុរស​ដែល​មិន​មាន​ចិត្ត​គំនិត​នៃ​លោកីយ៍​នេះ​ឡើយ ដែល​នាំ​ឱ្យ​គាត់​និយាយ​ថា «ថ្ងៃ​អាទិត្យ​គឺ​សម្រាប់​ព្រះ។ ក្រុម​កោសិកា​ថ្ងៃ​កណ្ដាល​សប្ដាហ៍​គឺ​សម្រាប់​ព្រះ។ ថ្ងៃ​ដែល​នៅ​សល់​គឺ​សម្រាប់​ខ្ញុំ» ។ ទេ ឪ​ពុក​ដែល​ស្រប​តាម​ព្រះ​គម្ពីរ​និយាយ​អំពី​ព្រះ​ជា​ម្ចាស់ និង​ព្រះ​បន្ទូល​គ្រប់​ពេល។ គាត់​យល់​ស្រប​ជា​មួយ​នឹង​លោក អាល់​ប៊ឺត បានិស (Albert Barnes) ថា៖
«ប្រសិន​បើ​ឪពុក​មិន​បង្រៀន​កូន​របស់​គាត់​ឱ្យ​ស្គាល់​សេចក្ដី​ពិត អ្នក​ដទៃ​នឹង​បង្រៀន​ពួក​គេ​ពី​កំហុស»
អាល់​ប៊ឺត បានិស (Albert Barnes)។

ដូច្នេះ ភាព​ជា​ឪពុក​ស្រប​តាម​ព្រះ​គម្ពីរ​ទទួល​ស្គាល់​ពី​ភាព​ចាំ​បាច់​នៃ​ការ​ចិញ្ចឹម​បី​បាច់​កូន​របស់​គាត់ ដោយ​បង្រៀន​កូនៗ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់​តឿន​របស់​ព្រះ​អម្ចាស់ (អេភេសូរ ៦:៤)។ គាត់​នឹង​បង្រៀន បទ​គម្ពីរ​ដល់​កូនៗ​ជា​ទៀង​ទាត់ និង​ដោយ​យក​ចិត្ត​ទុក​ដាក់។ វា​អាច​នឹង​កើត​ឡើង ក្រោម​បរិយាកាស​ដូចជា​ការ​ថ្វាយ​បង្គំ​ជា​លក្ខណៈ​គ្រួសារ​ជា​ដើម។ គាត់​នឹង​ប្រើ​ព្រះ​បន្ទូល ដើម្បី​ប្រាប់​កូនៗ​គាត់​ពី​ការ​ទស្សនៈ​អំពី​លោកីយ៍​នេះ ខណៈ​ដែល​ពួក​គេ​ឃើញ​អំពើ​ទុច្ចរិត កើត​មាន​ឡើង​នៅ​ក្នុង​ពិភព​លោក​នេះ។

៣៖ ជា​បុរស ដែល​ស័ក្ដិសម​គួរ​ឲ្យ​យក​គំរូ​តាម
តើ​ពួក​យើង​ដែល​ធ្លាប់​ភ្ញាក់​ផ្អើល នៅ​ពេល​ដែល​កូន​របស់​យើង​ម្នាក់​ក្នុង​ចំណោម​បួន​នាក់ និយាយ​ឃ្លា​មួយ ដែល​ពួក​គេ​បាន​ឮ​យើង​និយាយ​ដែរ​ឬ​ទេ? តើ​បងប្អូន​ណា​ខ្លះ បាន​ឃើញ​អត្តចរិត​របស់​បងប្អូន​នៅ​ក្នុង​អត្តចរិត​កូនៗ​របស់​យើង? នៅ​ក្នុង​ស្ថាន​ភាព​នេះ យើង​រំឭក​ពី​ការ​ដែល​កូនៗ​របស់​យើង​គេ​មើល និង​រើស​យក​អ្វី​ៗគ្រប់​យ៉ាង ដែល​យើង​ធ្វើ។ នេះ​ជា​ការ​ពិត មិនថា​អ្វី​ដែល​យើង​ធ្វើ​នោះ ជាទី​គាប់​ព្រះ​ទ័យ​ព្រះ​ឬ​ក៏​អត់​នោះ​ទេ។ ឪ​ពុក​ស្រប​តាម​ព្រះ​គម្ពីរ​អាច​និយាយ​ជាមួយនឹង​សាវ័ក ប៉ុល ផង​ដែរ។

«ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ​គ្រីស្ទ​ដែរ» (១កូរិនថូស ១១:១)។

ពេល​អ្វី​យើង​និយាយ​មាន​សារៈសំខាន់​ខ្លាំង នោះ​របៀប​យើង​រស់នៅ ក៏​មាន​សារៈសំខាន់​ខ្លាំង​ដូចគ្នា​ដែរ។ សកម្មភាព​របស់​យើង​នឹង​ជួយ​ពង្រឹង ឬ​ក៏​វា​នឹង​បង្ខូច ដល់​ការ​លត់ដំ​កូនៗ​របស់​យើង​វិញ។

៤៖ ជា​មនុស្ស​ដែល​អធិស្ឋាន អធិស្ឋាន​ហើយ អធិស្ឋាន​ទៀត
ការ​យល់​ដឹង​ដ៏​ត្រឹម​ត្រូវ​នៃ​ព្រះ​បន្ទូល​បង្រៀន​ថា ក្នុងនាម​ជា​ឪពុក​ម្តាយ យើង​មិន​អាច​សង្គ្រោះ​កូន​របស់​យើង​បាន​ទេ។ បទ​គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​ថា «ឯ​សេចក្ដី​សង្គ្រោះ នោះ​ស្រេច​នៅ​ព្រះ​យេហូវ៉ា» (យ៉ូណាស ២:៩; ទំនុក​តម្កើង ៣:៨, ៦២:១)។ មាន​ន័យ​ថា ទោះ​បី​ជា​យើង​ប្រឹងប្រែង​អស់ពី​សមត្ថភាព និង​ស្មោះ​ត្រង់​នឹង​បង្រៀន​កូនៗ​របស់​យើង​យ៉ាងណា​ក្ដី ក៏​កូនសោ​នៃ​សេចក្ដី​សង្គ្រោះ មិន​ស្ថិត​នៅ​ក្នុង​ដៃ​របស់​យើង​ទេ។ កូនសោ​នៅ​នឹង​ព្រះ​អម្ចាស់ ហើយ​មាន​តែ​ព្រះ​អម្ចាស់​ប៉ុណ្ណោះ ដែល​អាច​ឲ្យ​ពួកគេ​អាច​បើក​ភ្នែក ចំពោះ​បាប កំហុស​នៅ​ចំពោះ​ព្រះ ហើយ​ត្រូវការ​ព្រះ​គ្រីស្ទ ដើម្បី​សង្គ្រោះ​ពួកគេ។
ប៉ុន្តែ ឪ​ពុក​ស្រប​តាម​ព្រះ​គម្ពីរ​មិន​ត្រឹមតែ​អធិស្ឋាន​សម្រាប់​សេចក្ដី​សង្គ្រោះ ដល់​កូនៗ​គាត់​ប៉ុណ្ណោះ​ទេ។ គាត់​ក៏​អធិស្ឋាន​សូម​កម្លាំង និង​ការ​ស៊ូទ្រាំ​ផង​ដែរ។ មាន​សប្ដាហ៍​ខ្លះ លោក​អ្នក​មាន​អារម្មណ៍​ថា ធ្វើ​បាន​ល្អ​ប្រសើរ។ ប៉ុន្តែ ជា​រឿង​ចៀស​មិន​រួច ក៏​នឹង​មាន​សប្ដាហ៍​ខ្លះ ដែល​អ្នក​ដឹង​ថា អ្នក​ជា​អ្នក​បង្កើត​សិស្ស​ដែល​បរាជ័យ ហើយ​អ្នក​កំពុង​តែ​ធ្វើឲ្យ​កូនៗ​អ្នក​ខកចិត្ត។ នេះ​ជា​ពេល​សំខាន់ ដែល​យើង​ត្រូវ​ស៊ូទ្រាំ។ សំខាន់​ណាស់ ដែល​យើង​ចាប់​ផ្ដើម​ម្ដងទៀត។ ចាំបាច់​ណាស់ ដែល​យើង​មិន​បោះបង់។ សំខាន់​ណាស់ ដែល​យើង​ត្រូវ​ចូល​ទៅ​រក​ព្រះ ដោយ​ការ​អធិស្ឋាន សូម​កម្លាំង និង​ព្រះ​គុណ​ពី​ទ្រង់ សូម​បន្ត​ភាព​ខ្នះ​ខ្នែង ក្នុង​ការ​នាំ​កូនៗ​យើង​ទៅ​ឯ​ព្រះគ្រីស្ទ។

លោក​ឪពុក​រាល់​គ្នា​អើយ ជា​ឪពុក​គេ ពិត​ជា​អំណរ និង​ជា​ឯកសិទ្ធិ​ណាស់។ ហើយ​នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត ដែល​និយាយ​ពី​សញ្ញា​សម្គាល់​នៃ​ឪពុក​ស្រប​តាម​ព្រះ​គម្ពីរ ខ្ញុំ​ជឿ​ថា បើ​យើង​រស់នៅ​តាម​សញ្ញា​ទាំង​បួន​នេះ យើង​បាន​ឆ្ពោះ​ទៅ​កាន់​ទិសដៅ​ដ៏​ត្រឹមត្រូវ​ហើយ។

និពន្ធ​ដោយ៖ អាល់​ប៊ឺត ឃិលហ្ករេ (Albert Kilgore)
បកប្រែ​ដោយ៖ លោក ស៊ូ ទិត្យ
ជំនួយ​ការ​បកប្រែ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ,
លោក ឯក សត្យា, លោក ហុង សម្ភស,លោក ឡង់ គីមឡុង និង​លោក​ស្រី ឡូញ ស្រីរដ្ឋ
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី forthegospel.org ដោយ​មាន​ការ​អនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ការ​រង​ទុក្ខ​របស់​លោក​អ្នក​មាន​ប្រយោជន៍

ហេតុអ្វី​បានជា​ការ​សម្រេចចិត្ត​ពិបាក​ម្ល៉េះ?