in

តើ​គ្រីស្ទ​បរិស័ទ​គួរ​តែ​ឆ្លើយ​តប​បែប​ណា​ចំពោះ​ការ​និយាយ​ដើមគេ?

នេះ​ជា​សំណួរ​សំខាន់​មួយ​សម្រាប់​យើង​ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ ដែល​ត្រូវ​តែ​ពិចារណា។ នៅ​ពេល​ដែល​យើង​និយាយ​អំពី​អំណាច​បំផ្លិច​បំផ្លាញ​នៃ​អំពើ​បាប ជា​ធម្មតា​ការ​និយាយ​ដើម​មិន​កើត​ឡើង​ក្នុង​គំនិត​ទេ។ អ្វី​ដែល​កើត​ឡើង​ក្នុង​ចិត្ត​មាន​ដូច​ជា អំពើ​បាប​ខាង​ឯ​ផ្លូវ​ភេទ អំពើ​បាប​នៅ​ក្នុង​ពិភព​នៃ​ការ​ញៀន ការ​ថ្វាយ​បង្គំ​រូប​ព្រះ ការ​រំលូត​កូន ការ​ប្រកាស​ដំណឹង​ល្អ​ក្លែង​ក្លាយ។ នោះ​ហើយ​ជា​អ្វី​ដែល​មាន​នៅ​ក្នុង​គំនិត​យើង។ នៅ​ពេល​ដែល​យើង​និយាយ​អំពី​ការ​បំផ្លិច​បំផ្លាញ​ពី​អំពើ​បាប អ្វី​ដែល​យើង​មិន​នឹក​ស្មាន​ដល់​គឺ​ការ​និយាយ​ដើម​គេ។

មាន​របៀប​ជា​ច្រើន យើង​បាន​ក្លាយ​ទៅ​ជា​មនុស្ស ដែល​រំភើប​ចិត្ត​ជា​មួយ​នឹង​អំពើ​បាប​នៃ​ការ​និយាយ​ដើម​គេ។ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន គេ​មាន​ទស្សនាវដ្ដី​និយាយ​ដើម​គេ​នៅ​ជួរ​នៃ​ច្រក​ចេញ​ពី​ហាង​ទំនិញ។ គេ​មាន​កម្ម​វិធី​ទូរទស្សន៍ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ជុំ​វិញ​រឿងរ៉ាវ​នៃ​ការ​និយាយ​ដើម។ ថ្មីៗ​នេះ ខ្ញុំ​បាន​អាន​ទស្សនាវដ្ដី​សិក្សា​មួយ​ដែល​ព្យាយាម​អះអាង​ថា ការ​និយាយ​ដើម​គេ គឺ​តាម​ពិត​ជា​ទម្រង់​មួយ​នៃ​ការ​រៀន​សូត្រ។ ការ​និយាយ​ដើម​គេ គឺ​ជា​ការ​រីក​រាល​ដាល​នៅ​ក្នុង​វប្បធម៌​របស់​យើង ហើយ​ជា​អកុសល​ជា​ញឹក​ញាប់ វា​ក៏​កើត​មាន​នៅ​ក្នុង​ក្រុម​ជំនុំ​ដែរ។

ដូច្នេះ តើ​គ្រីស្ទ​បរិស័ទ​គួរ​តែ​ឆ្លើយ​តប​បែប​ណា​ចំពោះ​ការ​និយាយ​ដើម​គេ? មុន​ពេល​យើង​ពិចារណា​ជំហាន​អនុវត្ត​ខ្លះៗ វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​យើង ក្នុង​ការ​រម្លឹក​អំពី​អំពើ​បាប​នៃ​ការ​និយាយ​ដើម​គេ។

អំពើ​បាប​នៃ​ការ​និយាយ​ដើម​គេ

សូម​ពិចារណា​អំពី​ប្រសាសន៍​របស់​សាវ័ក ប៉ុល នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ១:២៨-២៩។ គាត់​បាន​សរសេរ​ថា៖

«ហើយ​ដោយ​ព្រោះ​គេ (មនុស្ស​មិន​សុចរិត) មិន​ចូល​ចិត្ត​នឹង​ស្គាល់​ដល់​ព្រះ​សោះ បាន​ជា​ទ្រង់​ប្រគល់​គេ​ទៅ​តាម​គំនិត​ចោលម្សៀត​វិញ ដើម្បី​ឲ្យ​បាន​សម្រេច​ការ​ដែល​មិន​គួរ​គប្បី​ធ្វើ​ជា​មនុស្ស​មាន​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត​គ្រប់​យ៉ាង គឺ​សេចក្ដី​កំផិត សេចក្ដី​កំណាច សេចក្ដី​លោភ និង​សេចក្ដី​ព្យាបាទ ក៏​មាន​សេចក្ដី​ឈ្នានីស និង​ការ​កាប់​សម្លាប់ ឈ្លោះ​ប្រកែក កិច្ច​កល គំនិត​ខិលខូច​ដ៏​ពោរពេញ​ផង» (រ៉ូម ១:២៨-២៩)។

សូម​គិត​ថា ព្រះ​បន្ទូល​របស់​ព្រះ​គឺ​ច្បាស់​ណាស់​ទាក់ទង​នឹង​អំពើ​បាប​នៃ​ការ​និយាយ​ដើម​គេ ការ​នេះ​មិន​ដូច​ការ​លើក​ឡើង​របស់​ពិភព​លោក និង​ការ​ងប់ងុល​ជា​មួយ​នឹង​ការ​និយាយ​ដើម​ឡើយ។ អំពើ​បាប​នៃ​ការ​ដើរ​ផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម និង​ការ​លាត​ត្រដាង​អ្វី​មួយ​អំពី​នរណា​ម្នាក់​នៅ​ពី​ក្រោយ​ខ្នង​របស់​ពួក​គេ។

ដូច្នេះ ប្រសិន​បើ​យើង​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់​លាស់​នៅ​ក្នុង​គំនិត​របស់​យើង​អំពី​អំពើ​បាប​នៃ​ការ​និយាយ​ដើម នោះ​យើង​ត្រូវ​ត្រឡប់​ទៅ​សំណួរ «តើ​គ្រីស្ទ​បរិស័ទ​គួរ​តែ​ឆ្លើយ​តប​ដូច​ម្ដេច​ចំពោះ​ការ​និយាយ​ដើម​គេ នៅ​ពេល​វា​មក​គោះ​ទ្វារ​យើង?» មាន​បី​ចំណុច​បាន​មក​ចូល​គំនិត​របស់​ខ្ញុំ ទាក់ទង​នឹង​ការ​អនុវត្ត៖

១. និយាយ​ឲ្យ​ចំៗ

ប្រសិន​បើ​លោក​អ្នក​កំពុង​សន្ទនា​ជា​មួយ​នរណា​ម្នាក់ ហើយ​វា​បាន​ចាប់​ផ្ដើម​ឆ្ពោះ​ទៅ​រក​ការ​និយាយ​ដើម​គេ​អំពី​អ្នក​ដទៃ សូម​សុខ​ចិត្ត​បញ្ឈប់​ការ​សន្ទនា​នោះ ហើយ​និយាយ​ប្រាប់​ត្រង់ៗ​ថា​វា​គឺ​ជា​អ្វី៖ «នេះ​គឺ​ជា​ការ​និយាយ​ដើម​គេ។ ព្រះ​ជាម្ចាស់​មិន​ទទួល​បាន​សិរី​ល្អ​ដោយ​ការ​និយាយ​ដើម​គេ​នោះ​ឡើយ។ ការ​និយាយ​ដើម​គេ​គឺ​ជា​អំពើ​បាប ហើយ​ព្រះ​ជាម្ចាស់​ស្អប់​ការ​ធ្វើ​បែប​នោះ។ ដូច្នេះ យើង​ត្រូវ​តែ​បញ្ឈប់​ការ​សន្ទនា​ឥឡូវ​នេះ មុន​មាន​ការ​និយាយ​ដើម​គេ​ច្រើន​ជាង​នេះ​កើត​ឡើង»។

សូម​មើល ដោយ​មិន​មាន​ការ​សង្ស័យ ប្រសិន​បើ​លោក​អ្នក​ស្ថិត​នៅ​ក្នុង​ខណៈ​ណា​មួយ​នៃ​គ្រា​ដូច​នេះ វា​នឹង​កាន់​តែ​ពិបាក ប៉ុន្តែ​ចំណុច​សំខាន់​មាន​ការ​ទាក់​ទង​គ្នា។

២. បង្វែរ​ការ​សន្ទនា​ឡើង​វិញ

វិធី​មួយ​ទៀត​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​និយាយ​ដើម​គេ គឺ​លោក​អ្នក​គ្រាន់​តែ​បង្វែរ​ការ​សន្ទនា។ នៅ​ពេល​ដែល​លោក​អ្នក​កំពុង​ធ្វើ​ការ​សន្ទនា ហើយ​ស្រាប់​តែ​មាន​នរណា​ម្នាក់​ចាប់​ផ្ដើម​និយាយ​ដើម​គេ គឺ​និយាយ​អំពី​អ្នក​ផ្សេង​ដែល​មិន​មាន​វត្ត​មាន សូម​មាន​ទំនុក​ចិត្ត​គ្រប់​គ្រាន់​ក្នុង​ការ​ផ្លាស់​ប្ដូរ​ប្រធាន​បទ​ទាំង​មូល។ ជា​ថ្មី​ម្ដង​ទៀត នេះ​ប្រហែល​ជា​ពិបាក ប៉ុន្តែ​ចំណុច​សំខាន់​ត្រូវ​បាន​ប្រាប់​យ៉ាង​ច្បាស់​ថា លោក​អ្នក​នឹង​មិន​ត្រូវ​ចូល​រួម​ជា​មួយ​នឹង​ការ​នោះ​ឡើយ។

៣. ផ្តល់​ការ​មើល​ទទេ

មធ្យោបាយ​ទី​បី គឺ​ប្រហែល​ជា​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ ពីព្រោះ​ខ្ញុំ​ធ្លាប់​ជា​ជន​រង​គ្រោះ​នៃ​រឿង​នេះ​ម្នាក់។ សូម​ផ្តល់​ការ​មើល​ទទេ។ ខ្ញុំ​ផ្ទាល់​ធ្លាប់​ជា​អ្នក​ទទួល​បាន​ការ​ឆ្លើយ​តប​បែប​នេះ​ចំពោះ​ការ​និយាយ​ដើម​គេ។ ខ្ញុំ​បាន​ចូល​ទៅ​កាន់​ការ​និយាយ​ដើម​ជា​មួយ​គ្រូ​គង្វាល ដែល​ខ្ញុំ​គោរព​យ៉ាង​ខ្លាំង​ម្នាក់ ខ្ញុំ​បាន​រំពឹង​ថា គាត់​នឹង​ចូល​រួម​ជា​មួយ​ខ្ញុំ​ដែរ ហើយ​ភ្លាមៗ​នោះ​គាត់​គ្រាន់​តែ​ផ្តល់​ការ​មើល​ទទេ​មក​កាន់​ខ្ញុំ។ ហើយ​ខ្ញុំ​បាន​ឆ្ងល់​ថា «គាត់​មិន​ឮ​ខ្ញុំ​ទេ​អី? តើ​មាន​រឿង​អ្វី​កើត​ឡើង?» ប៉ុន្តែ ភ្លាមៗ​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា គាត់​កំពុង​តែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​នឹង​មិន​ឈាន​ជើង​ចូល​ទៅ​ក្នុង​រឿង​នេះ ហើយ​គាត់​នឹង​មិន​ចូល​រួម​ទេ។ ពិត​ណាស់ អ្នក​ខ្លះ​អាច​នឹង​ឆ្ងល់​ថា «នេះ​វា​ស្ដាប់​ទៅ​ហាក់​បី​ដូច​ជា​ជ្រុល​បន្តិច ជា​ពិសេស​ចំណុច​ចុង​ក្រោយ»។

ប៉ុន្តែ សូម​ឲ្យ​ខ្ញុំ​បាន​រម្លឹក​លោក​អ្នក​ថា កណ្ឌ​គម្ពីរ សុភាសិត ២០:១៩ បាន​ប្រាប់​យើង​ឲ្យ​ចៀស​ចេញ​ពី​អ្នក​និយាយ​ដើម​គេ។

«អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ នោះ​ជា​អ្នក​បើក​បង្ហាញ​ការ​លាក់​កំបាំង​ហើយ ដូច្នេះ កុំ​ឲ្យ​ភប់ប្រសព្វ​នឹង​អ្នក​ណា ដែល​មាន​មាត់​ប៉ាចរហាច​ឡើយ»។

ដូច្នេះ ប្រសិន​បើ​ដោយ​ចៃដន្យ​លោក​អ្នក​ឃើញ​ថា ខ្លួន​ឯង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សន្ទនា ដែល​មាន​ការ​និយាយ​ដើម​គេ​កំពុង​តែ​ចាប់​ផ្ដើម​កើត​ឡើង វា​មិន​ធ្ងន់ធ្ងរ​ពេក​ក្នុង​ការ​ប្រើ​ការ​អនុវត្តន៍​ចំណុច​ណា​មួយ ដែល​ទើប​តែ​បាន​លើក​ឡើង ដើម្បី​សម្លាប់​អំពើ​បាប​នៃ​ការ​និយាយ​ដើម​គេ​ចោល​ឲ្យ​ស្លាប់​នៅ​ក្នុង​គន្លង​របស់​វា។ សូម​ឲ្យ​យើង​ប្រើ​ប្រាស់​ពាក្យ​សម្ដី​របស់​យើង ដើម្បី​នាំ​មក​នូវ​សិរី​ល្អ និង​ការ​សរសើរ​ដល់​ព្រះ​ជាម្ចាស់។ ហើយ​សូម​ឲ្យ​យើង​សម្លាប់​ការ​និយាយ​ដើម​គេ គ្រប់​ពេល​ដែល​វា​មក​គោះ​ទ្វារ​យើង​ដែរ។

និពន្ធ​ដោយ៖ Albert Kilgore
បក​ប្រែ​ដោយ៖ កញ្ញា គឹម បូព្រឹក
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោក​ស្រី ឡូញ ស្រីរដ្ឋ និង​លោក​ឈាង បូរ៉ា
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.forthegospel.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​ការ​អាន​ព្រះ​គម្ពីរ​ត្រូវ​បញ្ចប់​ដោយ​មាន​ការ​អនុវត្ត​គ្រប់​ពេល​?