in ,

ជំនឿ​របស់​ពួក​មរមន

9 Things You Should Know About Mormonism

ទោះបើ​ពួក​មរមន​រាប់​ក្រុម​ជំនុំ​របស់​ខ្លួន​ថា​ជា​ចលនា​នៃ​ការ​ស្ដារ​នូវ​គោល​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ​ឡើង​វិញ​ក៏​ដោយ ក៏​ពួកគាត់​មាន​ការ​បែក​ចេញ​យ៉ាង​ឆ្ងាយ​អំពី​ការ​បង្រៀន និង​ជំនឿ​ត្រឹមត្រូវ​តាម​គោល​លទ្ធិ​ដើម​ផង​ដែរ (orthodox Christian teachings and beliefs)។ ខាងក្រោម​នេះ​ជា​ចំណុច​ទាំង៩​យ៉ាង​ដែល​លោក​អ្នក​គួរ​ដឹង​ទាក់ទង​នឹង​ជំនឿ​របស់​ពួក​មរមន៖

១. នៅក្នុង​ឆ្នាំ​១៩៨៣​លោក យ៉ូសែប ស្មីត (Joseph Smith) បាន​អះអាង​ថា គាត់​បាន​ទទួល​ការ​បើក​សម្ដែង​ឲ្យ​ផ្លាស់​ប្តូរ​ក្រុម​ជំនុំ​ទៅ​ជា សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ចុង​ក្រោយ (The Church of Jesus Christ of the Latter-day Saints)។ សមាជិក​នៃ​ក្រុម​ជំនុំ​នៅ​ជំនាន់​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​ត្រូវ​បាន​គេ​ហៅ​ថា «ពួក​បរិសុទ្ធ» (សូម​អាន​កណ្ឌគម្ពីរ កិច្ចការ ៩:៣២; អេភេសូរ ២:១៩ និង​ភីលីព ១:១) ដែល​នេះ​ជា​មូលហេតុ​ដែល​ពួក​មរមន​ហៅ​ខ្លួន​ថា «ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ»។ លោក ហ្គោដឹន ប៊ី. ហិនគខ្លី (Gordon B. Hinckley) ដែល​ជា​អតីត​ប្រធាន​ក្រុម​ជំនុំ​ពួក​មរមន​បាន​ពន្យល់​ថា៖ «ពួកគេ​ជា​ពួក​បរិសុទ្ធ​ពី​ដើម ហើយ​យើង​គឺ​ជា​ពួក​បរិសុទ្ធ​សម័យ​នេះ ពោលគឺ​វា​សាមញ្ញ​តែ​ប៉ុណ្ណឹង។» លោក​ក៏​បាន​បន្ត​លើក​ឡើង​ទៀត​ថា ជា​រឿយៗ​គេ​បាន​ហៅ​ឈ្មោះ​ក្រៅ​របស់​ពួក​គាត់​ថា «ពួក​មរមន» ពី​ព្រោះ​ពួក​គាត់​បាន​ជឿ​លើ​ព្រះ​គម្ពីរ​មរមន (The Book of Mormon) ដូច​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។

២. ពូក​មរមន​មាន​សៀវភៅ​បួន​ក្បាល​ដែល​ពួកគេ​រាប់​ថា​ជា​ព្រះបន្ទូល៖ ទី១ ព្រះ​គម្ពីរ​មរមន៖ សក្ខី​បទ​មួយ​ទៀត​អំពី​ព្រះ​យេស៊ូវគ្រីស្ទ (The Book of Mormon: Another Testament of Jesus Christ)។ សៀវភៅ​មួយ​នេះ​បាន​អះអាង​ថា​ជា​ការ​កត់​ត្រា​ចុះ​ពី​ការ​ដែល​ព្រះ​ជាម្ចាស់​មាន​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដែល​រស់​នៅ​ក្នុង​ប្រទេស​អាមេរិក​តាំង​ពី​ជំនាន់​មុនៗ​ក្នុង​អំឡុង​ឆ្នាំ​២០០០​មុន​គ.ស.ដល់​ឆ្នាំ​៤០០​នៃ​គ.ស.។ ទី២ គោល​លទ្ធិ និង​សេចក្តី​សញ្ញា (Doctrine and Covenants)។ សៀវភៅ​មួយ​នេះ​គឺ​ជា​ការ​ប្រមូល​នូវ​ឯកសារ​មួយ​ចំនួន​អំពី «ការ​បើក​សម្ដែង និង​ការ​ប្រកាស​ដែល​កើត​ចេញពី​ព្រះ​ជាម្ចាស់» ដែល​ពួកគាត់​បាន​ទទួល សម្រាប់​យក​ធ្វើ​ជា​ច្បាប់ និង​បង្កើត​ក្រុម​ជំនុំ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៅ​ថ្ងៃ​ចុងក្រោយ (ឆ្នាំ​១៨៣០​នៃ​គ.ស.ដល់​ឆ្នាំ​១៩៧៨​នៃ​គ.ស.)។ ទី៣ មុក្ដា​ដ៏​មាន​តម្លៃ​មហិមា (The Pearl of Great Price)៖ សៀវភៅ​មួយ​នេះ​គឺ​ជា​ការ​ប្រមូល​ផ្តុំ​នូវ​ការ​បើក​សម្ដែង ការ​បកប្រែ និង​ការ​និពន្ធ​មួយ​ចំនួន​របស់​លោក យ៉ូសែប ស្មីត។ ទី៤ ព្រះ​គម្ពីរ​បរិសុទ្ធ​ដែល​មាន​ការ​បក​ប្រែ​នា​ឆ្នាំ​១៦១១​ពី​ភាសា​ដើម​មក​ជា​ភាសា​អង់គ្លេស (King James Version) «យើង​ទទួល​ជឿ​ថា ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ ក្នុង​ករណី​ថា​វា​ទទួល​បាន​ការ​បក​ប្រែ​យ៉ាង​ត្រឹមត្រូវ។ ហើយ​យើង​ក៏​ទទួល​ជឿ​ថែម​ទៀត​ថា ព្រះ​គម្ពីរ​មរមន​ក៏​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ផង​ដែរ។»

៣. ក្រុម​ជំនុំ​របស់​ពួក​អ្នក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បាន​បង្រៀន​ថា នា​ខណៈ​ដែល​ព្រះ​គម្ពីរ​ឆ្លង​កាត់​ការ​បកប្រែ​ពី​មួយ​សតវត្ស​ទៅ​មួយ​សតវត្ស​វា​បាន​ទទួល «ការ​បាត់បង់​នូវ​ចំណុច​សាមញ្ញៗ និង​គុណ​តម្លៃ​ជា​ច្រើន»។ ពួកគេ​បាន​ទទួល​ជឿ​ថា ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់ «ក្នុង​ករណី​ថា​បើ​វា​ទទួល​បាន​ការ​បក​ប្រែ​យ៉ាង​ត្រឹមត្រូវ​មែន» ហើយ​ថា «វិធី​វាស់វែង​ដ៏​ត្រឹមត្រូវ​ហើយ​អាច​ទុក​ចិត្ត​បាន ទាក់ទង​នឹង​ការ​បកប្រែ​យ៉ាង​ត្រឹមត្រូវ​នេះ គឺ​មិនមែន​យក​ខគម្ពីរ​ទាំង​នោះ​ទៅ​ប្រៀបធៀប​នឹង​ខគម្ពីរ​ផ្សេងៗ​នោះ​ទេ ប៉ុន្តែ​គឺ​តាមរយៈ​ការ​ប្រៀបធៀប​ទៅ​នឹង​ព្រះ​គម្ពីរ​មរមន និង​ការ​បើក​សម្ដែង​នា​សម័យ​កាល​នេះ​វិញ​ទេ​តើ។» ទោះ​បី​ពួក​គេ​បាន​យក​ព្រះ​គម្ពីរ​បរិសុទ្ធ (KIV) មក​ប្រើប្រាស់​ជា​ព្រះ​គម្ពីរ​របស់​គេ​ផ្តាច់​មុខ​នៅ​ក្នុង​ភាសា​អង់គ្លេស​ក៏​ដោយ ក៏​ពួកគាត់​បាន​កែ​សម្រួល​ដោយ​បន្ថែម​នូវ​សេចក្តី​ពន្យល់​ឲ្យ​មាន​ការ​ស៊ី​គ្នា​នឹង​គោល​លទ្ធិ​របស់​ពួកគាត់​ទៀត​ផង​ដែរ។

៤. ព្រះ​គម្ពីរ​មរមន​បាន​បង្រៀន​ថា មាន​តែ​មនុស្ស​ដែល​ល្ងីល្ងើ​តែ​ប៉ុណ្ណោះ​ដែល​នឹង​លើកឡើង​ថា មាន​ព្រះ​គម្ពីរ​បរិសុទ្ធ​គឺ គ្រប់គ្រាន់​ហើយ ដែល​យើង​មិន​ត្រូវ​ការ​ព្រះ​បន្ទូល​ផ្សេងៗ​ទៀត («ឱ​ពួក​ល្ងង់​អើយ ដែល​នឹង​និយាយ​ថា៖ ព្រះ​គម្ពីរ យើង​បាន​ព្រះ​គម្ពីរ​មួយ​ហើយ ហើយ​យើង​មិន​ត្រូវ​ការ​ព្រះ​គម្ពីរ​ឯណា​ទៀត​ទេ។» (២នីហ្វៃ ២៩:៦))។ ព្រះ​គម្ពីរ​មរមន​មាន​ការ​ប្រើប្រាស់​ភាសា​វិទ្យា​ដូច​ទៅ​នឹង​ភាសា​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ​ដែល​បាន​បកប្រែ​នា​ឆ្នាំ ១៦១១ ជា​ច្រើន (King James Version) ដែល​រួម​មាន ការ​ស្រង់​យក​គ្រប់​ពាក្យពេចន៍​ធំៗ​ទាំង​ស្រុង​មក​ពី​ក្នុង​បទ​គម្ពីរ​មួយ​ចំនួន ឧទាហរណ៍៖ ព្រះ​គម្ពីរ​មរមន​បាន​យក​ការ​បកប្រែ​កណ្ឌគម្ពីរ​អេសាយ​អស់​១៩​ជំពូក​នៃ​ព្រះ​គម្ពីរ​បរិសុទ្ធ (KJV)។

៥. ក្រុម​ជំនុំ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ប្រកាប់​ខ្ជាប់​តាម​គោលលទ្ធិ​ថា មាន​ការ​បើក​សម្ដែង «យើង​ជឿ​នូវ​រាល់​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​បាន​បើក​សម្ដែង នូវ​រាល់​អ្វីៗ​ដែល​ព្រះ​អង្គ​កំពុង​តែ​បើក​សម្ដែង ហើយ​យើង​ក៏​ជឿ​ថា ទ្រង់​នឹង​បន្ត​បើក​សម្ដែង​នូវ​រាល់​ចំណុច​ជា​ច្រើន និង​សំខាន់ៗ​ទៀត​ដែល​ទាក់ទង​ទៅ​នឹង​នគរ​នៃ​ព្រះ​ជាម្ចាស់​ផង​ដែរ។» ពួក​មរមន​ជឿ​ថា ការ​ដែល​ពួក​សាវ័ក​បាន​ទទួល​ការ​បើក​សម្ដែង​គឺ​ពិត​ជា​បាន​មក​ពី​ព្រះ​ជាម្ចាស់​មែន។ យ៉ាងណា​មិញ ការ​បើក​សម្ដែង​នោះ​ក៏​នៅ​តែ​អាច​មាន​នូវ​កំហុស​ឆ្គង​បាន​នៅ​ឡើយ ហើយ​វា​ក៏​អាច​ជំនួស​ការ​បើក​សម្ដែង​ពី​មុនៗ ដែល​មាន​រួម​ទាំង​អ្វីៗ​ដែល​មាន​ចែង​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ពួក​គេ​ដែរ។ មាន​តែ​ប្រធាន​នៃ​ក្រុមជំនុំ​តែ​ម្នាក់​គត់ ដែល​មាន​សិទ្ធិ​នៅ​ក្នុង​ការ​នាំ​ចូល​មក​នូវ​គោល​លទ្ធិ​ថ្មីៗ​បាន។ នៅពេល​ដែល​គាត់​នាំ​ចូល​មក​នូវ​គោលលទ្ធិ​នោះ គាត់​នឹង​ប្រកាស​ថា​ជា​ការ​បើក​សម្ដែង​ចេញ​ពី​ព្រះ​ជាម្ចាស់ ហើយ​ទាំង​ថ្នាក់​លើ និង​ថ្នាក់​ក្រោម​ក្នុង​ក្រុម​ជំនុំ​នឹង​ទទួល​ស្គាល់ (First Presidency And Quorum of the Twelve Apostles) បន្ទាប់​មក​ក្រុម​ជំនុំ​នឹង​ប្រតិបត្តិ​តាម។

៦. ផ្ទុយ​ពី​ព្រះ​ត្រៃឯក​ដែល​គ្រីស្ទ​បរិស័ទ​ប្រកាន់​ខ្ជាប់​តាម (មាន​ព្រះ​តែ​មួយ​ដែល​មាន​បី​អង្គ) ពួក​មរមន​ជឿ​ថា ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​ជា​ព្រះ​បី​អង្គ​ដែល​មាន​លក្ខណៈ​ដាច់​ដោយ​ឡែកៗ​ពី​គ្នា​ទាំង​ស្រុង។ ពួកគេ​ក៏​បាន​ជឿ​ផង​ដែរ​ថា ទាំង​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា​គឺ​មាន «រូបកាយ​នៃ​សាច់​ឈាម និង​ឆ្អឹង​ដូច​ដែល​មនុស្ស​លោក​មាន​ផង​ដែរ» ប៉ុន្តែ​ចំពោះ​ព្រះ​វិញ្ញាណបរិសុទ្ធ​វិញ​គឺ «មិន​មាន​រូបកាយ​នៃ​សាច់​ឈាម និង​ឆ្អឹង​ដូច​ដែល​ព្រះ​អង្គ​មាន​លក្ខណសម្បត្តិ​ជា​វិញ្ញាណ»។ យោង​តាម​ប្រសាសន៍​របស់​លោក យ៉ូសែប ស្មីត គាត់​បាន​លើក​ឡើង​ថា ពេល​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​លោក អ័ដាម ក្នុង​រូប​អង្គ​ទ្រង់ ព្រះ​អង្គ​បាន​ធ្វើ​ការ​នោះ​ក្នុង​រូប​អង្គ​ទ្រង់​បែប​ជា​សាច់​ឈាម។ មាន​ពេល​មួយ​ព្រះ​វរបិតា​ក៏​ជា​មនុស្ស​ដែល​ធ្លាប់​រស់នៅ​លើ​ផែន​ដី​នេះ​ផង​ដែរ។ ព្រះ​អង្គ​ទ្រង់​បាន​សុគត តែ​ក្រោយ​មក​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បាន​ទទួល​សិរី​ល្អ ហើយ​ក៏​បាន​ចាប់​ផ្តើម​កើន​ឋានៈ​ជា​ព្រះ។ (បើ​យោងតាម​លោក យ៉ូសែប ស្មីត មាន «ព្រះ​មួយ​ទៀត​លើ​ព្រះ​វរបិតា​នៃ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ​របស់​យើង» ផ្សេង​ទៀត។) ព្រះ​វរបិតា​គឺ​ជា​ព្រះ​វរបិតា​ខាង​ឯ​សាច់ឈាម​នៃ​រាល់​កូនៗ​ខាង​ឯ​វិញ្ញាណ ដែល​មាន​រួម​ទាំង​ព្រះ​យេស៊ូវ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ភាព​ជា​ព្រះ​របស់​ពួកគាត់​គឺ​កើត​ចេញពី​ទំនាក់ទំនង​នៃ​ឪពុក-កូន។ ក្នុង​គោលលទ្ធិ​ពួក​មរមន ពួកគេ​បង្រៀន​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​យេហូវ៉ា​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់។

៧. ដោយ​យោង​តាម​គោលលទ្ធិ​របស់​ពួក​មរមន រាល់​គ្រប់​អ្វីៗ​ក្នុង​ចក្រវាឡ​នេះ—មាន​រួម​ទាំង​ព្រះ​ជាម្ចាស់—គឺ​សុទ្ធសឹងតែ​មាន​ការ​គ្រប់គ្រង​នៅ​ក្រោម​ច្បាប់ និង​គោលការណ៍​ដ៏​អស់កល្ប​ជានិច្ច​ដែល​មាន​ភាព​ខ្ពង់ខ្ពស់​ជាង​នេះ​ទៅ​ទៀត។ នៅក្នុង​សេចក្តី​បង្រៀន​របស់​ពួក​អ្នក​បរិសុទ្ធ​នៃ​ថ្ងៃ​ចុង​ក្រោយ៖ គ្រប់​កូនៗ​របស់​ព្រះ​វរបិតា (ដែល​មាន​រាប់​បញ្ចូល​ទាំង​កូន​មនុស្ស​លោក) គឺ​មាន​លក្ខណៈ​ស្មើគ្នា​ក្នុង​ការ​ក្លាយ​ជា​ព្រះ​បាន (ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណបរិសុទ្ធ) ព្រោះ​ពួក​គេ​កើត​ចេញ​ពី​អម្បូរ​តែ​មួយ។ មាន​ពេល​មួយ រាល់​គ្រប់​វិញ្ញាណ​បរិសុទ្ធ​របស់​មនុស្ស​លោក​ធ្លាប់​មាន​ជីវិត​បែប​ដូច​ជា​ព្រះ​ដែរ ពោល​គឺ​មុន​ពេល​ដែល​ពួក​គេ​ក្លាយ​ជា​វិញ្ញាណ-កូនៗ​របស់​ព្រះ​ជាម្ចាស់​នៅ​ឡើយ។

៨. នៅមុន​ការ​បង្កើត វិញ្ញាណ​មនុស្ស​គឺ​ជា​កូនៗ​ដែល​មាន​សាច់ឈាម​នៃ​ឪពុកម្ដាយ​ដែល​នៅ​ស្ថានសួគ៌។ ទោះបី​វិញ្ញាណ​របស់​ពួកគេ​ទទួល​បាន​ការ​បង្កើត​ក៏​ដោយ ក៏​ចំណុច​ស្នូល​នៃ «ចំណេះដឹង» នៃ​វិញ្ញាណ​ទាំង​នោះ​នៅ​តែ​មាន​លក្ខណៈ​ដ៏​នៅ​អស់កល្ប​ជា​និច្ច​ដដែល ហើយ​ក៏​គ្មាន​ដើម​ចម​ទៀត​ផង។ នៅក្នុង​ការ​ប្រជុំ​ជា​លក្ខណៈ​គ្រួសារ ព្រះ​វរបិតា​បាន​ប្រាប់​ដល់​គ្រប់​វិញ្ញាណ-កូនៗ​ថា ដោយ​យោង​តាម «ផែនការ​នៃ​សេចក្តី​សង្គ្រោះ» របស់​ទ្រង់ ពួកគេ​ត្រូវ​តែ​ចាកចេញ​ពី​ស្ថានសួគ៌​ដែល​ជា​ផ្ទះ​ផ្ទាល់​ខ្លួន​សិន ទៅ​ទទួល​យក​សណ្ឋាន​ជា​រូបកាយ ហើយ​ត្រូវ​ឆ្លងកាត់​ការ​ល្បងល​ជា​មុន​សិន មុន​ពេល​ដែល​ពួក​គេ​អាច​វិវត្តន៍​ទៅ​ជា​ព្រះ​បាន។ មារ​សាតាំង​ប្រឆាំង​នឹង​ផែន​ការ​នេះ ហើយ​វា​ចង់​ដាក់​ផែនការ​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​បាត់បង់​ផ្នែក​សីលធម៌។ ព្រះ​យេស៊ូវ​ទ្រង់​ប្រឆាំង​នឹង​សាតាំង ហើយ​បាន​ផ្តល់​នូវ​ផែនការ​មួយ​ទៀត៖ ព្រះ​អង្គ​នឹង​យាង​ទៅ​ក្លាយ​ជា​មនុស្ស ហើយ​នឹង​រស់នៅ​ដោយ​ឥត​មាន​អំពើ​បាប ដើម្បី​ឲ្យ​បងប្អូន​ប្រុស​ស្រី​របស់​ទ្រង់​អាច​ក្លាយ​ជា​ព្រះ​បាន។ នៅពេល​ដែល​ពុំ​មាន​គេ​ទទួល​យក​ផែនការ​របស់​វា មារ​សាតាំង​ក៏​បាន​បះបោរ ហើយ​ក៏​បាន​នាំ «១/៣» នៃ​ពួក​ទេវតា​ពី​ស្ថានសួគ៌​ជាមួយ​នឹង​វា​មក​កាន់​ផែនដី ដើម្បី​ធ្វើ​ជា​អ្នក​ល្បួង។

៩. ពួក​មរមន​ជឿ​លើ​សេចក្តី​សង្គ្រោះ​បែប​ចក្រវាឡ​ចំពោះ​អស់​អ្នកណា​ដែល​បាន​ស្លាប់ (នេះ​ហើយ​គឺ​ជា​អ្វី​ដែល​ពួកគេ​ជឿ​នៅ​ពេល​ដែល​គេ​និយាយ​អំពី «ដោយ​ព្រះ​គុណ​ដែល​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ»)។ ប៉ុន្តែ ក្រោយ​ពី​ពេល​ដែល​រូបកាយ​ជុំ​គ្នា​នឹង​វិញ្ញាណ​វិញ នោះ​មនុស្ស​លោក​ក៏​នឹង​ទៅ​កាន់​កន្លែង​ខុសៗ​គ្នា។

  • សិរីល្អ​នៅ​ឯ​ស្ថានសួគ៌ (Celestial Glory) — នេះ​គឺ​ជា​ទី​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​ស្ថានសួគ៌ ដែល​នោះ​គឺ​សម្រាប់​ពួក​មរមន (ដែល​បាន​រៀបការ) ហើយ​បាន​ត្រាប់​តាម​នូវ​រាល់​ក្រឹត្យ​វិន័យ និង​បញ្ញត្តិ​ស្ថានសួគ៌ (នេះ​គឺ​ជា​អ្វី​ដែល​ពួក​គេ​សំដៅ​ទៅ​លើ​ពេល​ដែល​ពួក​គេ​និយាយ​អំពី «ជីវិត​ដ៏​នៅ​អស់កល្ប​ជា​និច្ច»)។ ជាន់​ទាប​នៃ​នគរ​ស្ថានសួគ៌​គឺ​សម្រាប់​ពួក​មរមន​ដែល​នៅ​លីវ ដែល​ជា​ពួក​អ្នក​ដែល​បាន​រស់​នៅ​យ៉ាង​សមរម្យ​ហើយ​ជា​មនុស្ស​ល្អ (មាន​រួម​ទាំង​គ្រីស្ទ​បរិស័ទ) ដែល​មិន​មាន​ឱកាស​ស្គាល់ ឬ​ក៏​បាន​ទទួល​ជំនឿ​របស់​ពួក​មរមន។ អស់​អ្នក​ដែល​នៅ​ក្នុង​កម្រិត​ទាប​នៃ​ស្ថានសួគ៌​នេះ​គឺ​មិន​អាច​ក្លាយ​ជា​ព្រះ​បាន​ឡើយ។
  • សិរី​ល្អ​នៅ​លើ​ផែនដី (Terrestial Glory) — នគរ​នេះ​គឺ​សម្រាប់​ពួក​មរមន​ដែល​មិន​សមរម្យ ហើយ​មិន​មែន​ជា​មនុស្ស​ល្អ ដែល​ពួក​គេ​បាន​ដឹង​អំពី​ជំនឿ​របស់​ពួក​មរមន​លើ​ផែនដី ប៉ុន្តែ​បាន​បដិសេធ​រហូត​ដល់​ក្រោយ​ពួកគេ​បាន​ស្លាប់។
  • សិរី​ល្អ​ទី​បី (Telestial Glory) — នគរ​នេះ​គឺ​សម្រាប់​មនុស្ស​អាក្រក់​ដែល​បាន​បដិសេធ​ជំនឿ​ពួក​មរមន​សូម្បីតែ​ក្រោយ​ពួកគេ​បាន​ស្លាប់​ទៅ។ ពួកគេ​នឹង​បាន​ដក​ពិសោធន៍​នៃ​ការ​រង​ទុក្ខ និង​ការ​ឈឺ​ចាប់​សម្រាប់​អំពើ​បាប​របស់​ខ្លួន។ យ៉ាង​ណា​មិញ នេះ​គឺ​ដូចជា​នឹង​នរក​នៃ​គោល​ជំនឿ​គ្រីស្ទបរិស័ទ គ្រាន់​តែ​ខុស​គ្នា​ត្រង់​ថា ការ​នេះ​មិន​ស្ថិត​នៅ​អស់កល្ប​ជានិច្ច​ទេ។
  • ស្ថាន​នរក (Hell “Outer Darkness” «សេចក្តី​ងងឹត​ខាង​ក្រៅ») — ស្ថាន​នរក​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​សម្រាប់​មារ​សាតាំង អារក្ស និង​អ្នក «ដែល​តម្រូវ​ឲ្យ​វិនាស» (ឧ. អស់​អ្នក​ដែល​បាន​បដិសេធ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្រោយ​ពី​បាន​ទទួល​ហើយ។

សេចក្តី​ចំណាំ​លើ​ឯកសារ​យោង៖ ត្រង់​ចំណុច​ដែល​យើងខ្ញុំ​អាច​ធ្វើ​បាន យើងខ្ញុំ​បាន​ព្យាយាម​ដាក់​គេហទំព័រ​ដើម​នៃ​ឯកសារ​របស់​ពួក​មរមន។ រីឯ ចំណុច​ផ្សេងៗ​ទៀត យើងខ្ញុំ​បាន​យោង​ទៅ​លើ​សៀវភៅ Mormonism Explained; What Latter-day Saints Teach and Practice និពន្ធ​ដោយ​លោក៖ Andrew Jackson។

និពន្ធ​ដោយ៖ លោកគ្រូ Joe Carter
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា ថន ស្ថាពរ
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegospelcoalition.org ដោយ​មាន​ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ស្រេក​ឃ្លាន​នូវ​សេចក្ដី​សុចរិត

​ដឹង​ថា​ខ្លួន​អាក្រក់​ប៉ុណ្ណា