in ,

មិត្តស្រីរបស់ខ្ញុំមានផ្ទៃពោះ តើខ្ញុំគួរធ្វើអ្វីបន្ទាប់?


ប្អូន សុធា បាន​សួរ​ដូច​ត​ទៅ «សួស្តី​លោក​គ្រូ! ខ្ញុំ​បាន​ក្លាយ​ជា​គ្រីស្ទ​បរិស័ទ​ប្រហែល​ជា​ពីរ​ឆ្នាំ​មុន ហើយ​ទោះ​បើ​ខ្ញុំ​បាន​ធំ​ឡើង​ក្នុង “គ្រួសារ​គ្រីស្ទ​បរិស័ទ” ក៏​ដោយ ក៏​ឥឡូវ​នេះ​ខ្ញុំ​មាន​រឿង​ពិបាក​មួយ​ដែល​ខ្ញុំ​ត្រូវ​ទទួល​ស្គាល់ ខ្ញុំ​បាន​ជ្រុល​ជ្រោះ​ជា​មួយ​មិត្ត​ស្រី​ខ្ញុំ ដែល​ខ្ញុំ​បាន​ជួប​នៅ​ព្រះ​វិហារ​ពីរ​បី​ខែ​មុន។ យើង​មាន​ការ​ហួស​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អំពើ​បាប​ដែល​យើង​បាន​ធ្វើ​ជា​មួយ​គ្នា ទោះ​បើ​យើង​និយាយ​ថា​យើង​នឹង​មិន​ធ្វើ​ការ​នោះ​ក៏​ដោយ។ ឥឡូវ​នេះ មិត្ត​ស្រី​របស់​ខ្ញុំ​មាន​ផ្ទៃ​ពោះ​ហើយ។ ខ្ញុំ​បាន​សិក្សា​អំពី​ការ​រម្លូត​កូន។ ខ្ញុំ​ជា​មនុស្ស​ពុត​ត្បុត​មែន​ដែល​អនុញ្ញាត​ឲ្យ​គំនិត​បែប​នេះ​ចូល​មក​ក្នុង​ខ្ញុំ ទោះ​បើ​ជា​ជម្រើស​នេះ​ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​ចង់​ធ្វើ​វា​ជា​ច្រើន​ឆ្នាំ​ក៏​ដោយ។ ប៉ុន្តែ ខ្ញុំ​ខ្លាច​ណាស់។ ដោយ​សន្មត​ថា រឿង​នេះ​វា​ជា​ការ​ពិត​មែន តើ​យើង​គួរ​ធ្វើ​អ្វី? តើ​លោក​គ្រូ​បាន​ផ្តល់​ដំបូន្មាន​អ្វី​ខ្លះ​ដល់​ដៃគូៗ​ដែល​បែក​បាក់ និង​ភ័យ​ខ្លាច​នៅ​ក្នុង​ស្ថាន​ភាព​របស់​យើង?

ចូរ​ស្វែង​រក​ជំនួយ

សុធា! ខ្ញុំ​មិន​ដឹង​អាយុ​របស់​ប្អូន​ទេ។ ខ្ញុំ​មិន​ដឹង​ពី​ភាព​ពេញ​វ័យ​របស់​ប្អូន ឬ​ស្ថាន​ភាព​ខាង​ឯ​វិញ្ញាណ​របស់​ប្អូន ឬ​ឪពុក​ម្តាយ​ប្អូន ឬ​ក្រុម​ជំនុំ​របស់​ប្អូន​ដែរ។ ដំបូន្មាន​របស់​ខ្ញុំ ទាក់​ទង​នឹង​កាលៈទេសៈ​នេះ គឺ​នឹង​ត្រូវ​ជា​បែប​ទូ​ទៅ តាម​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ដោយ​សារ​ខ្ញុំ​មិន​ដឹង​ពី​ស្ថាន​ភាព​របស់​ប្អូន​យ៉ាង​លម្អិត។

យើង​នឹង​និយាយ​ឲ្យ​ចំ​ចំណុច​តែ​ម្ដង «សូម​កុំ​ពឹង​ផ្អែក​លើ​តែ​ដំបូន្មាន​របស់ខ្ញុំ។ សូម​ទៅ​រក​គ្រូ​គង្វាល​របស់​ប្អូន​ដែរ»។ ចំពោះ​ខ្ញុំ មើល​ទៅ​ប្អូន​ហាក់​ដូច​ជា​ខូច​ចិត្ត​ពិត​មែន ហើយ​ដោយ​សារ​ទំហំ​នៃ​អំពើ​បាប និង​ការ​ឈឺ​ចាប់​ដែល​ប្អូន​បាន​ធ្វើ​គឺ​ធំ ហើយ​ក៏​អាច​កាន់​តែ​អាក្រក់​ទៅៗ​បាន នោះ​ខ្ញុំ​ចង់​ចាប់​ផ្តើម​ដោយ​លើក​ទឹក​ចិត្ត​ខ្លះៗ​សិន។

ការ​លើក​ទឹក​ចិត្ត​ពីរ​យ៉ាង

ទី​មួយ ក្នុង​នាម​ជា​បុរស​នៅ​ក្នុង​ទំនាក់​ទំនង​មួយ​នេះ ការ​ដែល​ប្អូន​បាន​សរសេរ​មក​កាន់​ខ្ញុំ ហើយ​ប្អូន​មិន​បាន​ដាក់​ទំនួល​ខុស​ត្រូវ​នោះ​ទៅ​លើ​មិត្ត​ស្រី​របស់​ប្អូន​ទេ វា​គឺ​ជា​សញ្ញា​សម្គាល់​ល្អ។ ប្អូន​បាន​មាន​ទំនួល​ខុស​ត្រូវ ហើយ​ក៏​ជា​អ្នក​ផ្តួច​ផ្តើម នេះ​ក៏​ជា​ការ​ល្អ​ដែរ។ ខ្ញុំ​នឹង​ត្រឡប់​មក​រឿង​នោះ​វិញ​បន្តិច​ទៀត​នេះ ពីព្រោះ​ភាព​ជា​បុរស​របស់​ប្អូន និង​អ្វី​ដែល​ប្អូន​ធ្វើ​ជា​មួយ​វា គឺ​ជា​ចំណុច​ដ៏​ធំ​មួយ​នៅ​ពេល​នេះ។

ទី​ពីរ កុំ​មាន​គំនិត​ថា ប្អូន​បាន​ធ្វើ​បាប​ដល់​ថ្នាក់​បែក​ចេញ​ពី​ព្រះ​គ្រីស្ទ ឬ​ពី​ស្ថាន​សួគ៌​ឲ្យ​សោះ។ គំនិត​ទាំង​នោះ​គឺ​ជា​គំនិត​របស់​អារក្ស និង​ការ​ចោទ​ប្រកាន់​របស់​វា។ ប្រសិន​បើ​ប្អូន​សារភាព​អំពើ​បាប​របស់​ប្អូន ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​នេត្រ​របស់​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ និង​ជា​ទ្រព្យ​សម្បត្តិ​របស់​ប្អូន នោះ​ប្អូន​នឹង​ទទួល​បាន​ការ​អត់​ទោស។ ប្អូន​នឹង​ទទួល​បាន​កម្លាំង ដើម្បី​ឲ្យ​ធ្វើ​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ​ក្នុង​ស្ថាន​ភាព​នេះ។

ជីវិត​របស់​ប្អូន​ទំនង​នឹង​មាន​បញ្ហា​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ខ្លី (ឬ​ក៏​រយៈ​ពេល​វែង) ដោយ​សារ​តែ​អំពើ​បាប​នេះ។ ប៉ុន្តែ ព្រះ​ជាម្ចាស់​នឹង​បង្វែរ​បញ្ហា​ទាំង​អស់​នោះ​សម្រាប់​ការ​រាប់​ជា​បរិសុទ្ធ​របស់​ប្អូន បើ​ប្អូន​ជឿ​ទុក​ចិត្ដ​លើ​ទ្រង់ បែរ​ចេញ​ពី​អំពើ​បាប ហើយ​ដាក់​ជីវិត​ខ្លួន​ទាំង​ស្រុង​លើ​ព្រះ​យេស៊ូវ។

ចូរ​ផ្តួច​ផ្តើម​គំនិត​ដោយ​ក្លាហាន

នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ណែ​នាំ។ ពិត​ណាស់! ខ្ញុំ​បាន​និយាយ​ជា​មួយ​អ្នក​ដទៃ​ដែល​មាន​ស្ថានភាព​ដូច​ប្អូន ហើយ​បាន​ប្រាប់​ពួក​គេ​ដូច​នេះ​ដែរ។

ជា​ដំបូង ប្អូន​សុធា​គឺ​ជា​បុរស។ នោះ​មាន​ន័យ​ថា ប្អូន​មាន​ទំនួល​ខុស​ត្រូវ​យ៉ាង​ចាំ​បាច់ និង​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​ចម្បង​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​នៅ​ក្នុង​ទំនាក់​ទំនង​នេះ។ នោះ​មាន​ន័យ​ថា អំពើ​បាប​ផ្លូវ​ភេទ​របស់​ប្អូន​បាន​កើត​ឡើង​ដោយ​សារ​ប្អូន​បាន​បរាជ័យ​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ។

ខ្ញុំ​មិន​បដិសេធ​ទេ​ត្រង់​ថា មិត្ត​ស្រី​របស់​ប្អូន​ក៏​មាន​ទំនួល​ខុស​ត្រូវ និង​ការ​ចូល​ដៃ​ក្នុង​អំពើ​បាប​នេះ​ដែរ។ នាង​គួរ​តែ​ប្រាប់​ប្អូន​ថា «ទេ! ហើយ​បណ្តេញ​ប្អូន​ចេញ។» ប៉ុន្តែ ខ្ញុំ​កំពុង​តែ​និយាយ​ត្រង់​ថា ក្នុង​នាម​ជា​បុរស—ប្អូន—មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ជាង​នាង ហើយ​ព្រះ​ជាម្ចាស់​បាន​ដាក់​តួនាទី​ឲ្យ​ប្អូន​ការពារ ថែរក្សា និង​ដឹក​នាំ​នាង។ ទោះ​បើ​នាង​បាន​នាំ​អាត​ប្អូន​ឲ្យ​ធ្លាក់​ក្នុង​អំពើ​បាប​នេះ​ក៏​ដោយ ក៏​វា​មិន​មែន​សារៈសំខាន់​ដែរ នៅ​ពេល​ដែល​យើង​និយាយ​អំពី​ទំនួល​ខុសត្រូវ និង​ការ​ទទួល​ខុស​ត្រូវ​ដ៏​ខុស​ពី​នាង​ដែល​ព្រះ​ជាម្ចាស់​បាន​ផ្តល់​ឲ្យ​ប្អូន​ក្នុង​នាម​ជា​បុរស​ក្នុង​ទំនាក់​ទំនង​នេះ។

ឥឡូវ​នេះ ដោយ​សារ​ប្អូន​បាន​ប្រើ​ប្រាស់​ការ​ត្រាស់​ហៅ​នេះ​ក្នុង​របៀប​ដ៏​ខុស​ក្នុង​នាម​ជា​បុរស នោះ​ប្អូន​បាន​បរាជ័យ​ក្នុង​ទំនួល​ខុស​ត្រូវ​ដ៏​ពិសេស​នេះ​ហើយ។ ប៉ុន្តែ ប្អូន​នៅ​មាន​ឱកាស​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​នេះ ដើម្បី​ស្ដារ​តួនាទី​នេះ យ៉ាង​ហោច​ណាស់​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ប្រកប​ដោយ​ភាព​ក្លាហាន មាន​គំនិត​ផ្តួច​ផ្តើម និង​មាន​ការ​បន្ទាប​ខ្លួន​ក្នុង​ការ​ធ្វើ​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ ដែល​វា​ក៏​ពិត​ជា​ការ​ដ៏​ពិបាក​ណាស់​ដែរ។

ជឿ​ខ្ញុំ​ចុះ ការ​ល្បួង​នឹង​នាំ​ប្អូន​ឲ្យ​ធ្វើ​ផ្ទុយ​ពី​នេះ។ ប្អូន​នឹង​ចង់​ស្តី​បន្ទោស​អ្នក​ផ្សេង មាន​ការ​អាណិត​ខ្លួន​ឯង ភ័យ​ខ្លាច មាន​ការ​ភិត​ភ័យ និង​ចង់​ដក​ខ្លួន​ចេញ។ នោះ​ហើយ​ជា​អ្វី​ដែល​បុរស​មួយ​ចំនួន​បាន​ធ្វើ។ ពួក​គេ​បោះ​បង់​ភាព​ជា​បុរស​របស់​ខ្លួន​ចោល ហើយ​ពួក​គេ​ក៏​បោះ​បង់​មាគ៌ា​របស់​ព្រះ​យេស៊ូវ​ចោល​ដែរ នៅ​ពេល​ពួក​គេ​ធ្វើ​ដូច្នោះ។

ទាំង​នេះ​គឺ​ជា​ការ​បរាជ័យ​នៃ​ភាព​ជា​បុរស​សម្រាប់​គ្រីស្ទ​បរិស័ទ​មួយ​ចំនួន។ កុំ​ធ្វើ​បែប​នោះ។ ចូរ​ផ្តួច​ផ្តើម​គំនិត​ដោយ​ធ្វើ​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ​វិញ។

សង្គ្រោះ​ទារក​នោះ

ជា​ដំបូង នោះ​មាន​ន័យ​ថា ប្អូន​គឺ​ជា​អ្នក​ដែល​នឹង​និយាយ​ដូច​ត​ទៅ «យើង​នឹង​មិន​សម្លាប់​ទារក​នេះ​ទេ។ យើង​បាន​នាំ​ទារក​នេះ​ចូល​ក្នុង​ពិភព​លោក​ដោយ​ខុស​ច្បាប់ ហើយ​យើង​នឹង​មិន​បន្ថែម​ភាព​មិន​ស្រប​ច្បាប់​នៃ​ការ​បង្កើត​របស់​យើង​នូវ​ភាព​ខុស​ច្បាប់​នៃ​ការ​បំផ្លាញ​ទារក​នេះ​ឡើយ។ ទេ! យើង​នឹង​មិន​ធ្វើ​បែប​នោះ​ទេ។»

ចូរ​នាំ​មុខ ហើយ​ក្លាហាន​ឡើង​សម្រាប់​បុព្វហេតុ​ដ៏​យុត្តិធម៌ ដែល​មាន​ក្ដី​មេត្តា​ករុណា និង​សម្រាប់​ជីវិត។

ចូរ​សារភាព​អំពី​អំពើ​បាប​របស់​ប្អូន

ជា​បន្ទាប់ ភាព​ជា​អ្នក​ដឹក​នាំ​ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា ប្អូន​ត្រូវ​ដឹក​នាំ​ក្នុង​ការ​កែ​ប្រែ​ចិត្ត—ចូរ​កំណត់​ដោយ​មិន​រាប់​ថា​អំពើ​បាប​នេះ​តូច​តាច និង​ធ្វើ​ជា​អ្នក​ដឹក​នាំ​ដោយ​ទៅ​រក​ឪពុក​ម្តាយ​ទាំង​សង​ខាង។

ចូរ​ទៅ​រក​ឪពុក​ម្តាយ​ទាំង​សង​ខាង ហើយ​សារភាព​អំពី​អំពើ​បាប​របស់​ខ្លួន។ បន្ទាប់​មក ចូរ​ទៅ​រក​គ្រូ​គង្វាល​របស់​ប្អូន ហើយ​សារភាព​អំពី​អំពើ​បាប​របស់​ប្អូន ពីព្រោះ​ភាព​ជា​សមាជិក​ក្នុង​ក្រុម​ជំនុំ​តាម​តំបន់​បង្កប់​នូវ​របៀប​នៃ​ការ​រស់​នៅ​ដែល​ជា​គំរូ​ល្អ ហើយ​អ្វី​ដែល​ប្អូនៗ​បាន​ធ្វើ​មិន​មែន​ជា​គំរូ​ល្អ​ទេ។

ការ​សារភាព​ទៅ​កាន់​ឪពុក​ម្តាយ​របស់​នាង​គឺ​ប្រហែល​ជា​រឿង​ដ៏​ពិបាក​ជាង​គេ​បំផុត។ ក្នុង​ស្ថាន​ភាព​ខ្លះ វា​អាច​ទាមទារ​ឲ្យ​ប្អូន​បង់​ថ្លៃ​ជីវិត​របស់​ប្អូន។ ខ្ញុំ​មិន​និយាយ​លេង​ទេ។ នៅ​ក្នុង​វប្បធម៌​ខ្លះ ប្អូន​ត្រូវ​បង់​ថ្លៃ​ជីវិត​របស់​ប្អូន​ក្នុង​ការ​សារភាព​បែប​នេះ។ តែ​វា​ជា​អ្វី​ដែល​ត្រឹម​ត្រូវ​ក្នុង​ការ​ធ្វើ។

នេះ​ជា​ចំណុច​ដែល​ប្អូន​ត្រូវ​តែ​ក្លាហាន។ ប្អូន​ត្រូវ​ទូរស័ព្ទ​ទៅ​កាន់​ឪពុក​របស់​នាង ហើយ​ប្រាប់​គាត់​ថា​ប្អូន​ត្រូវ​ការ​និយាយ​ជា​មួយ​នឹង​គាត់ មុខ​ទល់​មុខ ហើយ​ប្អូន​ត្រូវ​ធ្វើ​ការ​នេះ​ឲ្យ​ឆាប់ៗ​ចុះ។

ពេល​ប្អូន​ជួប​ជា​មួយ​គាត់ ប្អូន​ត្រូវ​មើល​មុខ​គាត់ ហើយ​សារភាព​ថា «ខ្ញុំ​បាន​បរាជ័យ​ក្នុង​ការ​មិន​ការពារ​កូន​ស្រី​របស់​លោក។» ខ្ញុំ​មិន​ខ្វល់​ទេ​បើ​នាង​បាន​ផ្តួច​ផ្តើម​គំនិត​នេះ ឬ​ក៏​ថា​បាន​បង្ខំ​ឲ្យ​ប្អូន​ទៅ​និយាយ​ជា​មួយ​ឪពុក​នាង។ ប្អូន​ត្រូវ​ប្រាប់​គាត់​ថា ប្អូន​បាន​បរាជ័យ​ក្នុង​ការ​ការពារ​កូន​ស្រី​របស់​គាត់ ហើយ​ប្អូន​ផ្ដល់​ដំណឹង​ដល់​គាត់​អំពី​ស្ថានភាព ហើយ​ប្អូន​ក៏​ត្រូវ​ទទួល​ខុស​ត្រូវ​ដែរ។ ប្អូន​មិន​យក​នាង​ធ្វើ​ជា​ពិរុទ្ធជន​ទេ។ ហើយ​ប្អូន​ក៏​ត្រូវ​ធ្វើ​ការ​នេះ​ជា​មួយ​នឹង​ឪពុក​ម្តាយ​របស់​ប្អូន​ដែរ។ ប្អូន​ជា​ម្ចាស់​នៃ​អំពើ​បាប​នេះ។ ប្អូន​ត្រូវ​ធ្វើ​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ។ នេះ​គឺ​ជា​បេសកកម្ម​របស់​ប្អូន។

ចូរ​ក្លាយ​ជា​អ្នក​ស្តាប់

បន្ទាប់​មក ប្អូន​ត្រូវ​ក្លាយ​ជា​អ្នក​ស្តាប់ ព្រោះ​នឹង​មាន​គេ​មក​និយាយ​ដាក់​ប្អូន​ជា​ច្រើន។ ខ្ញុំ​ទាយ​ថា ប្អូន​នឹង​ឮ​ពី​ឪពុក​ម្តាយ​ទាំង​សង​ខាង។ ឬ​ក៏​ប្រហែល​ជា​មិន​មាន។ ខ្ញុំ​មិន​ដឹង​ទេ ហើយ​ខ្ញុំ​ក៏​មិន​ស្គាល់​ពួក​គេ​ដែរ។ ខ្ញុំ​មិន​ទាំង​ដឹង​ថា ពួក​គេ​ជា​អ្នក​ជឿ ឬ​ក៏​មិន​ជឿ​ផង។

ប្អូន​ត្រូវ​ក្លាយ​ជា​អ្នក​ស្តាប់​ម្នាក់ មិន​មែន​គ្រាន់​តែ​ចំពោះ​ខ្ញុំ​ដែល​ជា​អ្នក​ប្រឹក្សា​យោបល់​ពី​ចម្ងាយ ដែល​ដឹង​តិច​តួច​ណាស់​អំពី​ស្ថាន​ភាព ឬ​អំពី​ប្អូន ឬ​មិត្ត​ស្រី​របស់​ប្អូន ប៉ុន្តែ​ប្អូន​ត្រូវ​ស្តាប់​ឪពុក​ម្តាយ​នាង និង​ឪពុក​ម្តាយ​ប្អូន ព្រម​ទាំង​ស្ដាប់​គ្រូ​ប្អូន​ដែរ។

ប្រសិន​បើ​ឪពុក​ម្តាយ​នាង​មិន​មែន​ជា​អ្នក​ជឿ ហើយ​ចង់​ឲ្យ​ប្អូន​រម្លូត​កូន ប្អូន​ត្រូវ​ប្រាប់​ពួក​គេ​ដោយ​សុភាព​រាបសា និង​ឲ្យ​អស់​ពី​កម្លាំង​ប្អូន​ថា ប្អូន​មិន​គាំទ្រ​ការ​នោះ​ទេ។ ប្អូន​ប្រាប់​ពួក​គេ​ថា ប្អូន​មិន​យល់​ស្រប​នឹង​រឿង​នោះ​ទេ ហើយ​តាម​លទ្ធភាព​ដែល​ប្អូន​អាច​និយាយ​បាន គឺ​ប្អូន​នឹង​មិន​ធ្វើ​បែប​នោះ​ឡើយ។

ប្អូន​ពន្យល់​ទៅ​កាន់​ពួក​គាត់​ដោយ​ដក​ស្រង់​ចេញ​ពី​ព្រះ​គម្ពីរ​តាម​ដែល​ប្អូន​អាច​ធ្វើ​បាន។ ដោយ​សង្ឃឹម​ថា បន្ទាប់​ពី​ពេល​ការ​តក់ស្លុត និង​កំហឹង​ដំបូង​បាន​ធូរ​ស្បើយ​ខ្លះៗ នោះ​គ្រប់​គ្នា​នឹង​អាច​មូល​គំនិត​ជា​មួយ​គ្នា ហើយ​គិត​អំពី​អនាគត​ដ៏​ល្អ​ជាង​នោះ​ដែល​ប្រកប​ដោយ​យុត្តិធម៌ ក្តី​មេត្តា និង​សង្ឃឹម។

ចែក​រំលែក​បន្ទុក

រឿង​មួយ​ទៀត ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ដែល​ប្អូន​ត្រូវ​គិត​គឺ​ការ​ទទួល​ស្គាល់​ថា មិត្ត​ស្រី​ប្អូន​នឹង​មាន​បន្ទុក​ដ៏​ធ្ងន់​ដែល​នាង​ត្រូវ​ប្រឈម​មុខ​ភ្លាមៗ​នោះ ទាក់ទង​នឹង​អំពើ​បាប​នេះ។ ឥឡូវ​នេះ នាង​ត្រូវ​ពរ​ពោះ​ទារក​នេះ ផ្តល់​កំណើត និង​ទ្រទ្រង់​ទារក​ក្នុង​ផ្ទៃ​នៅ​ក្នុង​ខែ​ដំបូង។ នេះ​នឹង​ក្លាយ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​នៅ​ក្នុង​ជីវិត​នាង។

នេះ​ហើយ​ជា​មូល​ហេតុ​ដែល​មនុស្ស​ជា​ច្រើន​រម្លូត​កូន ដោយ​សារ​តែ​ម្តាយ និង​ឪពុក​បាន​ដាក់​ផែន​ការ​ផ្ទាល់​ខ្លួន​មុន​ជីវិត​របស់​កូន។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ​ដែល​មាន​ភាព​ចាស់​ទុំ និង​ជា​បុរស​ម្នាក់ នោះ​ប្អូន​ត្រូវ​ដឹង​អំពី​បន្ទុក​ដ៏​ធ្ងន់​របស់​មិត្ត​ស្រី​ប្អូន ហើយ​តាម​សមត្ថភាព​ដែល​ប្អូន​អាច​ធ្វើ​បាន ប្អូន​ត្រូវ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​ធ្វើ​ឲ្យ​បន្ទុក​របស់​នាង​ស្រាល។ ហើយ​ការ​សម្លាប់​កុមារ​មិន​ធ្វើ​ឲ្យ​បន្ទុក​របស់​នាង​ស្រាល​ទេ។ វា​មិន​ជួយ​សម្រាល​ទេ។

ប្អូន​ត្រូវ​ជួយ​នាង​ក្នុង​រឿង​នេះ ព្រោះ​ប្អូន​ជា​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ច្រើន​ជាង​គេ​ក្នុង​រឿង​នេះ ក្នុង​នាម​ជា​បុរស​ដែល​មិន​មាន​ទំនួល​ខុស​ត្រូវ​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន។

កុំ​ប្រញាប់​រៀប​ការ

ទាក់​ទង​ទៅ​នឹង​លទ្ធភាព​នៃ​ការ​រៀប​ការ​ជា​មួយ​គ្នា ខ្ញុំ​ចង់​និយាយ​ថា កុំ​ទាន់​រៀប​ការ​អី ដើម្បី​តែ​ប្រយោជន៍​កូន។ ខ្ញុំ​មិន​ស្គាល់​ប្អូន និង​មិត្ត​ស្រី​របស់​ប្អូន​គ្រប់​គ្រាន់ ដើម្បី​ឲ្យ​ដឹង​ថា​ខ្ញុំ​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​រៀប​ការ ឬ​ក៏​អត់​ទេ។

អ្នក​ទាំង​ពីរ​បាន​ស្គាល់​គ្នា​ត្រឹម​តែ​ពីរ​ខែ​ប៉ុណ្ណោះ—យោង​តាម​ពេល​ដែល​ប្អូន​សួរ​សំណួរ​នេះ។ វា​មិន​គ្រប់​គ្រាន់​ទេ​ក្នុង​ការ​បន្ត​ទៅ​មុខ​ទៀត។ អ្នក​ទាំង​ពីរ​ត្រូវ​ការ​ពេល​វេលា ដើម្បី​ឲ្យ​ស្គាល់​គ្នា ហើយ​ដើម្បី​ឲ្យ​ថា​តើ​ការ​ប្ដេជ្ញា​ចិត្ត​ពេញ​មួយ​ជីវិត​ជា​មួយ​គ្នា​គឺ​ជា​ការ​ល្អ ឬ​ក៏​អត់។ ប្រសិន​បើ​ថា​ការ​រៀប​អាពាហ៍ពិពាហ៍​គឺ​ជា​ការ​ល្អ ហើយ​ឪពុក​ម្តាយ​យល់​ព្រម នោះ​ប្រហែល​ជា​លទ្ធផល​ដ៏​ល្អ​បំផុត។ ប៉ុន្តែ មិន​ថា​នៅ​ក្នុង​ករណី​ណា​ក៏​ដោយ ក៏​កុំ​អស់​សង្ឃឹម​ឡើយ ព្រោះ​អ្នក​ទាំង​ពីរ​មិន​ដឹង​ថា តើ​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ។

ឥឡូវ​នេះ ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​ប្អូន​ឲ្យ​ស្មោះ​ត្រង់ និង​មាន​ការ​សម្រេច​ចិត្ត​ដែល​ចេះ​ស្ដាប់​បង្គាប់។ ព្រះ​អង្គ​មិន​សន្មត​ថា ឥឡូវ​នេះ​ប្អូន​អាច​មើល​ឃើញ​ពី​ផល​វិបាក​ទាំង​អស់​នៃ​ជម្រើស​ទាំង​នោះ​ទេ។ នោះ​គឺ​ជា​ព័ន្ធកិច្ច​ដ៏​អស្ចារ្យ​របស់​ទ្រង់។ ព្រះ​អង្គ​ធ្វើ​គ្រប់​អ្វីៗ​ទាំង​អស់​រួម​គ្នា ដើម្បី​សេចក្តី​ល្អ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ (រ៉ូម ៨:២៨) ទោះ​បើ​យើង​មិន​អាច​នឹក​ស្មាន​ថា វា​អាច​ទៅ​ជា​យ៉ាង​នោះ​ដោយ​របៀប​ណា​បាន​ក៏​ដោយ។

អ្វី​ដែល​ខ្ញុំ​កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​ប្អូន​ធ្វើ​គឺ ប្អូន​ត្រូវ​ជីក​រក​ធនធាន​ក្នុង​ព្រះ​គម្ពីរ ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ជំនឿ ដើម្បី​ឲ្យ​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​ត្រាស់​ហៅ​ឲ្យ​មនុស្ស​ប្រុស​ធ្វើ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​ដូច​នេះ។

មក​ដល់​ពេល​នេះ នេះ​ទំនង​ជា​រដូវ​កាល​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត​របស់​ប្អូន។ វា​នឹង​ក្លាយ​ជា​ការ​ល្បង​ល​ដ៏​ធំ​មួយ​នៃ​ជំនឿ និង​ភាព​ជា​បុរស​របស់​ប្អូន ហើយ​ប្អូន​ក៏​នឹង​ដឹង​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​អង្គ​សង្គ្រោះ​ដ៏​អស្ចារ្យ ជា​មិត្ត​ដ៏​អស្ចារ្យ និង​ជា​អ្នក​ប្រឹក្សា​ដ៏​គ្រប់​គ្រាន់។

ការ​មាន​ផ្ទៃ​ពោះ​មិន​រៀប​ការ​មាន​ន័យ​ថា ដៃគូ​នោះ​បាន​ជ្រើស​រើស​ប្រព្រឹត្ត​អំពើ​បាប ជា​ជាង​ជ្រើស​រើស​យក​ព្រះ​ជាម្ចាស់។ ប៉ុន្តែ នេះ​មិន​មែន​មាន​ន័យ​ថា ពួក​គាត់​ត្រូវ​នៅ​បន្ត​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​នោះ​ទៀត​នោះ​ទេ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា, លោក ប៊ុន ដេត និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

​ប្រកប​ដោយ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ

បោះបង់ចោលផ្លូវនៃអំពើបាបរបស់ខ្លួន