in

មាន​តែ​របួស​ព្រះ​អង្គ​ទេ

ខ្ញុំ​មិន​បាន​គិត​ថា​កាល​ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ត្រូវ​របួស​ដោយ​អារ​សាច់​ខ្លួន​ឯង​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​បាន​គិត​ថា​គ្រាន់​តែ​វា​ជា​ឈើ​ច្រត់​ប៉ុណ្ណោះ។ បើ​គ្មាន​វា នោះ​ខ្ញុំ​មិន​អាច​ដើរ​បាន​ទេ។ បើ​ដក​វា​ចេញ នោះ​ខ្ញុំ​នឹង​ដួល​ជា​មិន​ខាន។

ខ្ញុំ​មិន​បាន​ជ្រើស​រើស​អារ​សាច់​ខ្លួន​ឯង​ដូច​ដែល​ខ្ញុំ​ជ្រើស​រើស​ក្រមា ឬក៏​សៀវភៅ​មួយ​នោះ​ទេ តាម​ពិត​ទៅ ខ្ញុំ​មាន​អារម្មណ៍​អាម៉ាស់​ណាស់​អំពី​វា។ ប៉ុន្តែ មាន​តែ​វា​មួយ​ទេ​ដែល​ខ្ញុំ​ឃើញ​ថា បាន​ជួយ​ខ្ញុំ​ក្នុង​ការ​គ្រប់​គ្រង​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​បាន។ នៅ​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ស្មុគស្មាញ​ពេក វា​ធ្វើ​ឲ្យ​ខ្ញុំ​ស៊ាំ​ស្ពឹក។ នៅ​ពេល​ដែល​ខ្ញុំ​ស៊ាំ​ស្ពឹក វា​ជួយ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​វិញ។ វា​ជួយ​ការ​ពារ​ខ្ញុំ​ពី​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​អារ​សាច់​ខ្លួន​ថែម​ទៀត។ វា​ធ្វើ​ឲ្យ​ខ្ញុំ​វង្វេង​ស្មារតី វា​កម្សាន្ត​ចិត្ត​ខ្ញុំ ហើយ​វា​ក៏​ផ្ដល់​នូវ​ការ​ធូរ​ស្បើយ​ផង​ដែរ។ ក្នុង​លោកីយ៍​ដ៏​គួរ​ភ័យ​ខ្លាច វា​ជា​រឿង​មួយ​ដែល​ខ្ញុំ​មាន​ការ​គ្រប់​គ្រង​លើ​បាន។ ខ្ញុំ​មិន​បាន​ឃើញ​ថា វា​ជា​បញ្ហា​នោះ​ទេ ប៉ុន្តែ​ឃើញ​ថា ជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ជា​ច្រើន​ទៀត ដែល​ងងឹត ហើយ​ធំ​ជាង​ដែល​ខ្ញុំ​អាច​នឹង​ប្រឈម​មុខ​ជា​មួយ​បាន​ទៅ​ទៀត។

ទោះ​បើ​ថា​ស្ដាប់​ទៅ​វា​ប្រឆាំង​គ្នា​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ចំពោះ​អ្នក​ដែល​អារ​សាច់​ខ្លួន​ឯង ក៏​ការ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ត្រូវ​របួស​គឺ​ជា​ការ​ជួយ​ខ្លួន​ឯង​ខ្លះៗ។ ដូច្នេះ ប្រសិន​បើ​យើង​ចង់​យក​ឈ្នះ​លើ​ការ​អារ​សាច់​ខ្លួន​ឯង ដាច់​ខាត​យើង​ត្រូវ​តែ​ឱប​ក្រសោប​នូវ​ជំនួយ​ដែល​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​នៅ​កន្លែង​ផ្សេង​មួយ​ទៀត—ជា​ជំនួយ​ដែល​នឹង​មិន​ដេញ​យើង​ឲ្យ​កាន់​តែ​រត់​ឆ្ងាយ​ជាង​មុន ប៉ុន្តែ​នឹង​ចាប់​ផ្ដើម​ព្យាបាល​យើង​បន្តិច​ម្ដងៗ។ ដើម្បី​ឲ្យ​ឈាន​ដល់​ចំណុច​នោះ ជា​ដំបូង​យើង​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ការ​សន្យា​ក្លែង​ក្លាយ​ដែល​អារ​សាច់​ខ្លួន​ឯង​មាន​សម្រាប់​យើង។

ការ​សន្យា​ក្លែង​ក្លាយ

ការ​អារ​សាច់​ខ្លួន​ឯង​ធ្វើ​ការ​សន្យា ដែល​វា​មិន​អាច​បំពេញ​បាន ដោយ​វា​សន្យា​ថា នឹង​មាន​សេរីភាព ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មាន​តែ​នាំ​យើង​ឲ្យ​ក្លាយ​ជា​ទាសករ​ប៉ុណ្ណោះ។ ការ​អារ​សាច់​ខ្លួន​ឯង គ្រាន់​តែ​ជា​ឈើ​ច្រត់​ជួយ​ឲ្យ​ឈរ​បាន​តែ​មួយ​គ្រា​ប៉ុណ្ណោះ ក្រោយ​មក​វា​នឹង​បាក់​ដួល​មិន​ខាន ព្រោះ​វា​បាក់​ក្រោម​ទម្ងន់​របស់​យើង (អេសាយ ៣៦:៦)។

ការ​អារ​សាច់​ខ្លួន​ឯង​បង្ហាញ​នូវ​ក្ដី​សន្យា​ក្លែង​ក្លាយ​ជា​ច្រើន​មក​កាន់​យើង។ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ត្រូវ​របួស ខ្ញុំ​កំពុង​តែ​ត្រួតត្រា​លើ​អារម្មណ៍​ខ្លួន​ឯង។ ម្យ៉ាង​ទៀត​ខ្ញុំ​កំពុង​តែ​ដាក់​ទារុណកម្ម​លើ​ខ្លួន​ឯង ហើយ​ខ្ញុំ​ក៏​កំពុង​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​វង្វេង​ស្មារតី​ផង​ដែរ។ ខ្ញុំ​កំពុង​តែ​បង្ហាញ​អារម្មណ៍​នៃ​ការ​ឈឺ​ចាប់​របស់​ខ្ញុំ​ចេញ​ជា​រូបរាង ដើម្បី​ឲ្យ​អាច​មើល​ឃើញ​បាន ដែល​នោះ​ធ្វើឲ្យ​វា​ពិត។ ខណៈ​ពេល​ដែល​ខ្ញុំ​បិទ​របួស​ខាង​ក្រៅ​របស់​ខ្ញុំ នោះ​ខ្ញុំ​ក៏​ដូច​ជា​កំពុង​បិទ​របួស​ខាង​ក្នុង​ដែរ។ ខណៈ​ពេល​ដែល​ខ្ញុំ​ទទួល​យក និង​ដាក់​ទារុណកម្ម​លើ​រូប​កាយ​ខាង​ក្រៅ​របស់​ខ្ញុំ នោះ​ខ្ញុំ​កំពុង​តែ​លាក់​អារម្មណ៍​ទុក្ខ​ព្រួយ​ខាង​ក្នុង​ខ្លួន។ ដូច​ជា​មាន​នរណា​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់​បាន​ធ្វើឲ្យ​ខ្ញុំ​ឈឺ​ចាប់ ដូច្នេះ​បាន​ជា​ខ្ញុំ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ឈឺ​ចាប់ ដើម្បី​ជួយ​ខ្លួន​ឯង។ ស្នាម​របួស​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ពិត—ហាក់​បី​ដូច​ជា​ថា​ខ្ញុំ​មាន​ជីវិត ហើយ​ខ្ញុំ​ក៏​សំខាន់​ដែរ។ វា​ជា​ពាក្យ​ពេចន៍​ដែល​ខ្ញុំ​សរសេរ​លើ​រូប​កាយ​ខ្លួន​ឯង​ដែល​ខ្ញុំ​មិន​អាច​និយាយ​ចេញ​បាន។

ប៉ុន្តែ ក្ដី​សន្យា​ទាំង​អស់​នោះ​មិន​ពិត​ទេ។ ទោះ​បើ​ថា​តាម​ពិត​ទៅ​ការ​អារ​សាច់​ខ្លួន​ឯង​ទំនង​ជា​នាំ​ឲ្យ​មាន​ការ​ធូរ​ស្បើយ ឬ​ក៏​ការ​ទទួល​បាន​សេរីភាព​ក៏​ដោយ ក៏​ប៉ុន្តែ​ភ្លាមៗ​នោះ​វា​ក៏​កាន់​តែ​នាំ​ឲ្យ​មាន​ការ​អាម៉ាស់​លើ​ខ្លួន​ឯង​ទៀត។ ខ្ញុំ​នឹង​ធ្លាក់​ក្នុង​អន្លង់​នៃ​លំនាំ​នៃ​អំពើ​បាប​ចាស់ និង​ការ​ថ្កោល​ទោស។ ខ្ញុំ​ត្រូវ​តែ​បន្ត​អារ​សាច់​ខ្លួន​ឯង​ថែម​ទៀត ដើម្បី​ឲ្យ​ទទួល​បាន​លទ្ធផល​ដូច​គ្នា​ខាង​ឯ​អារម្មណ៍​ពី​មុន។ «តើ​អ្នក​ណា​នឹង​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែង​តែ​ស្លាប់​នេះ​បាន?» (រ៉ូម ៧:២៤)។

ព្រះ​អង្គ​សង្គ្រោះ​ដ៏​ពិត

ផ្ទុយពី​ការ​សន្យា​ចេញ​ពី​ការ​អារ​សាច់​ខ្លួន​ឯង ការ​សន្យា​របស់​ព្រះ​ជាម្ចាស់​ដែល​ទ្រង់​បាន​ធ្វើ​មក​កាន់​យើង​គឺ​ពិត​រហូត ហើយ​ជំនួយ​ដែល​ទ្រង់​ប្រទាន​មក​យើង​ក៏​នាំ​ឲ្យ​មាន​ការ​ព្យាបាល​ដ៏​ពិត​ដែរ។ យើង​អាច​គិត​អំពី​ជំនួយ​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​មក​កាន់​យើង​ដោយ​ពិចារណា​លើ​រូប​កាយ​បី​យ៉ាង៖ រូប​កាយ​ដែល​ត្រូវ​បាន​គេ​ឆ្កាង​ដែល​សង្គ្រោះ​យើង រូប​កាយ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ដែល​ព្យាបាល​យើង និង​ចុង​ក្រោយ​រូប​កាយ​យើង​ផ្ទាល់​ដែល​ទទួល​បាន​ការ​ប្រោស​លោះ។

រូប​កាយ​ដែល​ត្រូវ​បាន​គេ​ឆ្កាង​ដែល​សង្គ្រោះ

ក្នុង​សំបុត្រ​របស់​គាត់​ទៅ​កាន់​ក្រុម​ជំនុំ​កូឡូស​សាវ័ក ប៉ុល បាន​លើក​ឡើង​អំពី​ដំណឹង​ល្អ​ខុស​ឆ្គង «ការ​លត់​ដំ​រូប​កាយ» (កូឡូស ២:២៣)។ គាត់​បាន​ធ្វើ​ការ​ដូច្នោះ​ដោយ​ដាក់​ព្រះ​គ្រីស្ទ​ថា​ជា​ចំណុច​ស្នូល​នៃ​ការ​គិត និង​ការ​ថ្វាយ​បង្គំ​របស់​យើង។

«នៅ​ក្នុង​ព្រះ​អង្គ អ្នក​រាល់​គ្នា​បាន​ទទួល​កាត់​ស្បែក ដែល​មិន​មែន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ គឺ​ជា​ការ​កាត់​ស្បែក​ខាង​ព្រះ​គ្រីស្ទ ដោយ​ដោះ​រូបកាយ​ខាង​សាច់​ឈាម​នេះ​ចេញ។ ពេល​អ្នក​រាល់​គ្នា​បាន​កប់​ជា​មួយ​ព្រះ​អង្គ​នៅ​ក្នុង​ពិធី​ជ្រមុជ នោះ​អ្នក​រាល់​គ្នា​ក៏​បាន​រស់​ឡើង​វិញ​ជា​មួយ​ព្រះ​អង្គ​ដែរ ដោយ​សារ​ជំនឿ​លើ​ព្រះ​ចេស្ដា​របស់​ព្រះ ដែល​បាន​ប្រោស​ព្រះ​គ្រីស្ទ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។ ឯ​អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​ក្នុង​អំពើ​រំលង និង​ក្នុង​សណ្ឋាន​មិន​កាត់​ស្បែក​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​រស់​ជា​មួយ​ព្រះ​អង្គ ដោយ​បាន​អត់​ទោស​គ្រប់​ទាំង​អំពើ​រំលង​របស់​យើង» (កូឡូស ២:១១-១៣ គកស)។

សាវ័ក ប៉ុល រម្លឹក​យើង​ថា ព្រះ​យេស៊ូវ​គឺ​ជា​យញ្ញ​បូជា។ យើង​មិន​សម្លាប់​សាច់​ឈាម​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​ព្រះ​អង្គ​តើ—ដោយ​ដាក់​វា​នៅ​លើ​ឈើ​ឆ្កាង។

អ្វី​ដែល​សង្គ្រោះ​យើង​គឺ​មិន​មែន​តាមរយៈ​ការ​ដែល​ដៃ​មនុស្ស​យើង​អារ​សាច់​ខ្លួន​ទេ ប៉ុន្តែ​គឺ​ទាក់​ទង​ទៅ​នឹង​កាលៈទេសៈ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ដែល​ព្រះ​គ្រីស្ទ​បាន​សម្រេច។ ក្នុង​ទ្រង់ រូប​កាយ​ចាស់​ត្រូវ​បាន​ដោះចេញ (កូឡូស ២:១១) ពីព្រោះ​ក្នុង​ទ្រង់ យើង​បាន​ស្លាប់ ហើយ​ក៏​ទទួល​បាន​ការ​រស់​ឡើង​វិញ​ដោយ​មាន​ជីវិត​ថ្មី​ផង​ដែរ (កូឡូស ២:១២)។ ការ​អារ​សាច់​ខ្លួន​ឯង​កាត់​យើង​ចេញ​ពី​ជីវិត និង​សង្គម។ ប៉ុន្តែ ដូច​ដែល​ព្រះ​គ្រីស្ទ​ត្រូវ​បាន​កាត់​ចេញ​សម្រាប់​យើង នោះ​យើង​ក៏​ត្រូវ​បាន​នាំ​ឲ្យ​មាន​ទំនាក់​ទំនង​ថ្មី​ជា​មួយ​ព្រះ​ជាម្ចាស់ និង​អ្នក​ដទៃ​ផង​ដែរ។

នៅ​ពេល​ដែល​ខ្ញុំ​អារ​សាច់​ខ្លួន​ឯង ខ្ញុំ​សម្លឹង​មើល​មក​ឯ​រូប​កាយ​ខ្លួន​ខ្ញុំ ដើម្បី​ឲ្យ​វា​ព្យាបាល​ខ្លួន​ឯង ប៉ុន្តែ​ដំណឹង​ល្អ​រម្លឹក​យើង​ថា គឺ​ស្នាម​របួស​របស់​ព្រះ​គ្រីស្ទ​ទេ​តើ​ដែល​សង្គ្រោះ។ ការ​អារ​សាច់​ខ្លួន​ឯង​យក​ខ្លួន​ឯង​ធ្វើ​ជា​ចំណុច​ស្នូល ប៉ុន្តែ​ដំណឹង​ល្អ​នាំ​ខ្ញុំ​ឲ្យ​យក​យញ្ញ​បូជា​របស់​ព្រះ​យេស៊ូវ​ជា​ចំណុច​ស្នូល។ ការ​អារ​សាច់​ខ្លួន​ឯង​គឺ​ទាក់​ទង​ទៅ​នឹង​ការ​ដែល​ខ្ញុំ​ព្យាយាម​រក​ដំណោះ​ស្រាយ​ក្នុង​ភាព​អាម៉ាស់​ដោយ​រំពឹង​លើ​រូប​កាយ​ខ្លួន ប៉ុន្តែ​ដំណឹង​ល្អ​រម្លឹក​ខ្ញុំ​ថា ព្រះ​គ្រីស្ទ​បាន​យក​ភាព​អាម៉ាស់​របស់​ខ្ញុំ​ដាក់​លើ​រូប​កាយ​របស់​ព្រះ​អង្គ​ហើយ។ «ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា​ដោយ​សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់» (អេសាយ ៥៣:៥)។

រូប​កាយ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ដែល​ព្យាបាល

ព្រះ​គ្រីស្ទ​មាន​រូប​កាយ​ខាង​ឯ​សាច់​ឈាម​ផ្ទាល់ ដែល​ត្រូវ​បាន​គេ​ឆ្កាង ហើយ​ក៏​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​សម្រាប់​យើង​ផង​ដែរ។ ព្រះអង្គ​មាន​រូប​កាយ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ដែរ គឺ​ក្រុម​ជំនុំ។ ការ​ត​យុទ្ធ​ខាង​ឯ​ការ​អារ​សាច់​ខ្លួន​ឯង​តម្រូវ​ឲ្យ​មាន​ទាំង​ពីរ។ ក្នុង​អវយវៈ​របស់​ព្រះ​គ្រីស្ទ—សង្គម​នៃ​ពន្លឺ​របស់​ទ្រង់—យើង​រៀន​ដើរ​ចេញ​ពី​ស្រមោល និង​ការ​គ្រប​បាំង​ខ្លួន​ឯង។

ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា Cutting (ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «ការ​អារ​កាត់​ខ្លួន​ឯង») លោក ស្ទវិន ឡេវិនក្រូន (Steven Levenkron) ដែល​ជា​អ្នក​ប្រឹក្សា​ដែល​មិន​មែន​ជា​គ្រីស្ទ​បរិស័ទ និង​ចិត្ត​សាស្ត្រ​វិទូ​ម្នាក់ គាត់​បាន​លើក​ទឹក​ចិត្ត​កញ្ញា ចិន្ដា ដែល​ជា​អ្នក​ជំងឺ​ម្នាក់​របស់​គាត់​ដែល​អារ​សាច់​ខ្លួន​ឯង​ថា៖ សូម​រៀប​រាប់​អំពី​ការ​ឈឺ​ចាប់​របស់​ប្អូន​ជា​ជាង​សរសេរ​វា​នៅ​លើ​រូប​កាយ​ខ្លួន។ គាត់​បាន​លើក​ឡើង​ថា «ពាក្យ​ពេចន៍​របស់​ប្អូន​អាច​សង់​ទៅ​ជា​ស្ពាន​បាន។ អារម្មណ៍​មិន​ល្អ​របស់​ប្អូន​អាច​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន និង​បាន​ចេញពី​ប្អូន…មក​កាន់​ខ្ញុំ» (៨០)។

ការ​ដែល​លោក ស្ទវិន លើក​ខ្លួន​ធ្វើ​ជា​ស្ពាន​គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន។ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​ឮ​បន្ទោរ​នៃ​ដំណឹង​ល្អ​នៅ​ទី​នោះ។ យើង​ដឹង​ថា​ស្ពាន​ដ៏​ពិត​គឺ​ព្រះ​អម្ចាស់​យេស៊ូវ។ ព្រះ​អង្គ​បាន​យក​អំពើ​បាប​របស់​យើង​ដាក់​លើ​រូបអង្គ​ទ្រង់​ផ្ទាល់ ហើយ​ក៏​បាន​ដក​វា​ចេញ​យ៉ាង​ឆ្ងាយ​ជា​រៀង​រហូត​ដែរ (កូឡូស ២:១៤)។ ប៉ុន្តែ ក្នុង​សង្គម អ្នក​ដទៃ​រម្លឹក​យើង​អំពី​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​នេះ តាម​រយៈ​ពាក្យ​ពេចន៍​នៃ​ការ​អត់​ទោស និង​ក្ដី​ស្រឡាញ់ (អេភេសូរ ៤:១៥, ៣២)។ ពាក្យ​លើក​ទឹក​ចិត្ត​របស់​គេ​អាច​ក្លាយ​ជា​ស្ពាន​ដែល​កាន់​តែ​អាច​ភ្ជាប់​យើង​យ៉ាង​ជ្រាល​ជ្រៅ​ថែម​ទៀត​ជា​មួយ​នឹង​ព្រះ​យេស៊ូវ។

នៅ​ពេល​ដែល​ខ្ញុំ​នៅ​តែ​ឯង ហើយ​ឯកា ខ្ញុំ​មាន​អារម្មណ៍​ជា​ច្រើន​អំពី​ការ​បរាជ័យ​របស់​ខ្លួន។ វា​ប្រៀប​ដូច​ជា​ភ្លើង​ផ្កា​ឆក់​អគ្គិសនី​ដែល​ត្រូវ​ការ​ឲ្យ​មាន​គេ​មក​ផ្ដាច់​ចោល​អញ្ចឹង។ ការ​អារ​សាច់​ខ្លួន​ឯង​គឺ​ជា​ប្រភេទ​មួយ​នៃ​ការ​ផ្ដាច់​ចោល។ ប៉ុន្តែ ក្នុង​ការ​ប្រកប​គ្នា​ដែល​មាន​ពេញ​ទៅ​ដោយ​ព្រះ​គុណ អារម្មណ៍ និង​ភាព​បរាជ័យ​របស់​ខ្ញុំ​ក៏​អ្នក​ផ្សេង​អាច​មាន​ចំណែក​ជួយ​យក​អាសា​បាន​ផង​ដែរ។ សង្គម​នៃ​ពាក្យ​ពេចន៍​ដែល​នាំ​ឲ្យ​មាន​ការ​ព្យាបាល និង​ព្រះ​គុណ នឹង​ពាក្យ​ពេចន៍​ដែល​ជំនួស​ឲ្យ​អំពើ​ហិង្សា។

រូប​កាយ​យើង​ផ្ទាល់​ដែល​ទទួល​បាន​ការ​ប្រោស​លោះ

យើង​បាន​គិត​អំពី​រូប​កាយ​របស់​ព្រះ​គ្រីស្ទ ចុះ​ចំណែក​ឯ​រូប​កាយ​របស់​យើង​វិញ​? ព្រះ​បន្ទូល​បាន​ប្រាប់​យើង​ថា រូប​កាយ​របស់​យើង​គឺ​ជា​ព្រះ​វិហារ​ដែល​មាន​ពេញ​ទៅ​ដោយ​ព្រះ​វត្ត​មាន និង​ក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ (១កូរិនថូស ៦:១៩)។ ពេល​ខ្លះ​មនុស្ស​មួយ​ចំនួន​នឹង​ប្រើ​ប្រាស់​សេចក្ដី​ពិត​មួយ​នេះ​ទុក​ជា​អាវុធ ដើម្បី​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​មាន​អារម្មណ៍​ពិរុទ្ធភាព។ ប៉ុន្តែ តាម​ពិត​ទៅ វា​គឺ​ជា​សេចក្ដី​ពិត​ដែល​នាំ​ឲ្យ​មាន​សេរីភាព​ទេ​តើ។

តាម​រយៈ​ការ​អារ​សាច់​ខ្លួន​ឯង ខ្ញុំ​ចាត់​ទុក​រូប​កាយ​ខ្ញុំ​ដូច​ជា​អ្នក​រង​ទុក​កំហុស​ជំនួស​អ្នក​ដទៃ។ ក្នុង​ព្រះ​គ្រីស្ទ ខ្ញុំ​ចាត់​ទុក​រូប​កាយ​ខ្លួន​ឯង​ថា​ជា​ព្រះ​វិហារ។ ចំណុច​ខុស​គ្នា​មិន​អាច​ជា​ការ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​លើស​នេះ​បាន​ឡើយ។ ជា​ជាង​ប្រើ​អំពើ​ហិង្សា​មក​កាន់​រូប​កាយ​ខ្លួន​ឯង—យក​វា​ធ្វើជា​អ្នក​រង​គ្រោះ​កំហឹង​របស់​ខ្ញុំ—ឥឡូវ​នេះ​ខ្ញុំ​អាច​ចាំ​ថា ព្រះ​វិញ្ញាណ​គឺ​កំពុង​តែ​យក​រូប​កាយ​ខ្ញុំ​ធ្វើ​ជា​ព្រះ​ដំណាក់​របស់​ទ្រង់​ហើយ។ ក្នុង​ព្រះ​គ្រីស្ទ រូប​កាយ​ខ្ញុំ​លែង​ជា​ការ​អាម៉ាស់ និង​ការ​មាន​ពិរុទ្ធភាព​ទៀត​ហើយ ប៉ុន្តែ​គឺ​សម្រាប់​សិរី​ល្អ។ វា​ជា​កន្លែង​ដ៏​បរិសុទ្ធ ដែល​យើង​អាច​ឃើញ ហើយ​មាន​អំណរ​ក្នុង​ព្រះ​ជាម្ចាស់​បាន។

«តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា រូប​កាយ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ​វិហារ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ​ទេ​ឬ? អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ខ្លួន​ឯង​ទៀត​ទេ ដ្បិត​ព្រះ​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​លើក​តម្កើង​ព្រះ​នៅ​ក្នុង​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ចុះ» (១កូរិនថូស ៦:១៩-២០ គកស)។

ព្រះ​យេស៊ូវ​បាន​ប្រទាន​រូប​អង្គ​ទ្រង់​សម្រាប់​ខ្ញុំ។ ទ្រង់​បាន​ក្លាយ​ជា​យញ្ញ​បូជា​សម្រាប់​អំពើ​បាប​ម្ដង​ជា​សម្រេច។ រូប​កាយ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ដូច​នោះ​ទេ។ ដាច់​ខាត! វា​មិន​អាច​ទៅ​រួច​ទេ។ ប៉ុន្តែ ដោយ​សារ​ឥឡូវ​នេះ ព្រះ​គ្រីស្ទ​បាន​ប្រោះ​លោះ​ខ្ញុំ នោះ​រូប​កាយ​ខ្ញុំ​គឺ​ជា​កម្មសិទ្ធិ​របស់​ព្រះ​អង្គ។ ពី​មុន​ខ្ញុំ​លាក់​វា ស្អប់​វា ហើយ​ធ្វើ​ឲ្យ​វា​ត្រូវ​របួស។ ប៉ុន្តែ ឥឡូវ​នេះ ព្រះ​អង្គ​ផ្ទាល់​កំពុង​តែ​គង់​នៅ​ក្នុង​វា កំពុង​តែ​បំផ្លាស់​បំប្រែ​វា​ចេញ​ពី​ភាព​អាម៉ាស់​ឲ្យ​ក្លាយ​ទៅ​ជា​ការ​មាន​កិត្តិយស​វិញ។

សេចក្ដី​ពិត​ទាំង​នេះ​មិន​មែន​ជា​ថ្នាំ​ផ្សះ​ដែល​អាច «ដោះ​ស្រាយ» បញ្ហា​នៃ​ការ​អារ​សាច់​ខ្លួន​ឯង​បាន​ភ្លាមៗ​យ៉ាង​ល្អ​ប្រសើរ​នោះ​ទេ។ ការ​អារ​សាច់​ខ្លួន​ឯង​គឺ​ជា​រឿង​ដែល​ស្មុគស្មាញ ហើយ​ការ​ជា​សះស្បើយ​ពី​វា​ក៏​ជា​ដំណើរ​រឿង​ដ៏​វែង​ឆ្ងាយ តម្រូវឲ្យ​មាន​ការ​គាំទ្រ​ពី​អ្នក​អាជីព ក៏​ដូច​ជា​ការ​ថែទាំ​ខាង​ឯ​ព្រលឹង​វិញ្ញាណ​ពី​គ្រូ​គង្វាល មិត្តភក្ដិ និង​ក្រុម​គ្រួសារ​ផង​ដែរ។ ប៉ុន្តែ ចំពោះ​អស់​អ្នក​ដែល​កំពុង​តែ​ជាប់​អន្ទាក់​នៃ​ការ​វិល​ជុំ​លើ​ការ​អារ​សាច់​ខ្លួន​ឯង គឺ​នៅ​មាន​ព្រះ​គុណ សេចក្ដី​ពិត ហើយ​លើស​ពី​នោះ​ទៅ​ទៀត​គឺ​សេចក្ដី​សង្ឃឹម។ ក្នុង​បរិបទ​នៃ​ការ​មាន​សង្គម​ដែល​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​ស្រឡាញ់ និង​ការ​ថ្វាយ​បង្គំ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​អធិស្ឋាន​គឺ​មាន​ថ្នាំ​ព្យាបាល​ជា​ជាង​ការ​ដាក់​ស្ដី​បន្ទាស។

និពន្ធដោយ៖ អ្នកគ្រូ Emma Scrivener
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ផុន ស្រីអែម
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ស្គាល់​គំនិត​នៃ​ព្រះអម្ចាស់

លោក យូដាស