តើកណ្ឌគម្ពីរ យ៉ាកុប ៥:១៣-១៥ បង្រៀនអ្វីខ្លះទាក់ទងទៅនឹងប្រធានបទពីការអធិស្ឋាន? លោក យ៉ាកុប បានសរសេរខគម្ពីរទាំងនេះ ដើម្បីបង្រៀនយើង ឲ្យអាចមានព័ន្ធកិច្ចនៃការអធិស្ឋាន ដែលនឹងនាំឲ្យជីវិតយើងមានការផ្លាស់ប្រែ។ ហើយចេញពីការផ្លាស់ប្រែនោះ វាអាចនឹងនាំឲ្យអ្នកនៅជុំវិញយើងមានការផ្លាស់ប្រែបានផងដែរ។
ចំណុចស្នូល៖ ការអធិស្ឋានមានប្រសិទ្ធភាពក្នុងរាល់កាលៈទេសៈ ដូច្នេះ អធិស្ឋានគ្រប់ពេលវេលា (១៣-១៤ក) ហើយអធិស្ឋានដោយមានជំនឿ (១៤ខ-១៥)។
«១៣ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាកើតទុក្ខលំបាកឬទេ? ត្រូវឲ្យអ្នកនោះអធិស្ឋាន។ តើមានអ្នកណាអរសប្បាយឬទេ? ត្រូវឲ្យអ្នកនោះច្រៀងសរសើរតម្កើងព្រះចុះ។ ១៤ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។ ១៥ ពាក្យអធិស្ឋានដែលចេញពីជំនឿ នឹងសង្គ្រោះអ្នកដែលឈឺនោះ ហើយព្រះអម្ចាស់នឹងប្រោសឲ្យគាត់ក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តិអំពើបាប នោះគាត់នឹងទទួលបានការអត់ទោស។ ១៦ ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់។ ១៧ លោក អេលីយ៉ា ជាមនុស្សដែលមានចិត្តដូចយើងដែរ តែលោកបានអធិស្ឋានយ៉ាងអស់ពីចិត្ត សុំកុំឲ្យមានភ្លៀង នោះក៏គ្មានភ្លៀងធ្លាក់មកលើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។ ១៨ បន្ទាប់មក លោកបានអធិស្ឋានម្តងទៀត នោះមេឃក៏បង្អុរភ្លៀងធ្លាក់មក ហើយដីក៏បង្កើតផលផ្លែឡើង» (យ៉ាកុប ៥:១៣-១៨ គកស)។
ខគម្ពីរខាងលើនេះមានភាពស៊ីគ្នាទៅនឹងកណ្ឌគម្ពីរយ៉ាកុបទាំងមូល។ ប្រសិនបើយើងប្រៀបធៀបខគម្ពីរមួយនេះជាមួយនឹង យ៉ាកុប ១:២-៨ នោះយើងនឹងឃើញអំពីប្រធានបទស្រដៀងគ្នានៅក្នុងបទគម្ពីរទាំងពីរនេះជាមិនខាន។
ឃ្លា «សេចក្តីល្បួងផ្សេងៗ» ក្នុង យ៉ាកុប ១:២ ក៏អាចមានន័យថា «ទុក្ខលំបាក» បានផងដែរ។ ហើយក្នុងកណ្ឌគម្ពីរ យ៉ាកុប ៥:១៣ និង១៤ លោក យ៉ាកុប បានប្រើប្រាស់កិរិយាសព្ទទាក់ទងទៅនឹងបទពិសោធន៍នៃការ «កើតទុក្ខលំបាក» និងការ «ឈឺ»។ លើសពីនោះទៅទៀត គាត់បានបង្គាប់ឲ្យអ្នកជឿដែលកំពុងប្រឈមមុខនឹង «សេចក្តីល្បួងផ្សេងៗ» ឬក៏ «ទុក្ខលំបាក» ឲ្យទូលសូមប្រាជ្ញាពីព្រះជាម្ចាស់ក្នុង ១:៥។ ក្នុង ៥:១៣ គាត់បានបង្គាប់អ្នកអានដែលកំពុងរង «ទុក្ខលំបាក» ឲ្យអធិស្ឋានទៅកាន់ព្រះជាម្ចាស់។
សរុបសេចក្ដីទៅ ទាក់ទងនឹងភាពស្រដៀងគ្នាមួយនេះ យើងអាចសន្មតថា ១:២-៨ គឺជាសេចក្ដីផ្ដើម ហើយ ៥:១៣-១៨ គឺជាសេចក្ដីបញ្ចប់កណ្ឌគម្ពីរយ៉ាកុបទាំងមូល។ តើយើងអាចរៀនបានអ្វីខ្លះចេញពីខគម្ពីរទាំងនេះ? ហើយថាតើយើងអាចអនុវត្តខគម្ពីរទាំងនេះបានយ៉ាងដូចម្តេចទៅ? ចម្លើយ៖ ខគម្ពីរទាំងនេះមានលើកឡើងនូវពីរចំណុច ទាក់ទងទៅនឹងប្រសិទ្ធភាពនៃការអធិស្ឋាន។
I. អធិស្ឋានគ្រប់ពេលវេលា (១៣-១៤ក)
យើងឃើញអំពីចំណុចនេះនៅក្នុងខ១៣ និងផ្នែកដំបូងនៃខ១៤។ ហើយមានចំណុច៣យ៉ាងដែលយើងអាចអធិស្ឋានគ្រប់ពេលវេលាបាន៖ ក. អធិស្ឋានពេលកំពុងរងទុក្ខ ខ. អធិស្ឋានពេលកំពុងមានអំណរ គ. អធិស្ឋានពេលកំពុងឈឺថ្កាត់។
បើនិយាយម្យ៉ាងវិញទៀតលោក យ៉ាកុប កំពុងតែលើកឡើងអំពីប្រធានបទនៃការបង្គាប់យ៉ាងទូទៅក្នុងការដែលឲ្យយើងអធិស្ឋានគ្រប់ពេលវេលា ទាំងពេលល្អ និងពេលអាក្រក់—ដាច់ខាត! យើងត្រូវតែអធិស្ឋានសម្រាប់រាល់ចំណុចនៃជីវិតរបស់យើង។
កណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:១៧ បានប្រាប់ឲ្យយើងអធិស្ឋានឥតឈប់ឈរ។ ខគម្ពីរមួយនេះកំពុងផ្ដោតទៅលើផ្នត់គំនិតនៃការមិនឲ្យមានចន្លោះក្នុងពេលអធិស្ឋាន ដែលនេះមានន័យថា យើងមិនគួរមានពេលវេលាផ្អាកឡើយ។ នេះមិនមែនមានន័យថា ឲ្យយើងអធិស្ឋាន២៤ម៉ោងពេញនោះទេ។ ទោះប្រសិនបើថា យើងអាចធ្វើបែបនេះបានក៏ដោយ ក៏នោះគឺជាការល្អដែរ។ ប៉ុន្តែ ប្រសិនបើបែបនោះមែន នោះយើងនឹងមិនអាចបំពេញតួនាទីផ្សេងៗទៀតក្នុងជីវិតយើងដែលព្រះជាម្ចាស់បានត្រាស់ហៅឲ្យយើងធ្វើនោះឡើយ។ ឧទាហរណ៍៖ ដូចជាការអានព្រះគម្ពីរ ការផ្សាយដំណឹងល្អ។ល។
កណ្ឌគម្ពីរ ថែស្សាឡូនីច ខ្សែទី១ កំពុងតែប្រាប់ថា ឲ្យយើងគួរមានការសន្ទនានៅក្នុងចិត្តយើងឥតឈប់ឈរជាមួយនឹងព្រះជាម្ចាស់ ខណៈពេលដែលយើងរស់នៅជាប្រចាំថ្ងៃ។ ឧទាហរណ៍៖ តើបងប្អូនប៉ុន្មាននាក់មានទូរស័ព្ទទំនើបៗ? ការធ្វើស្ថិតិបានប្រាប់ឲ្យដឹងថា ជាទូទៅមនុស្សយើងដែលមានទូរស័ព្ទទំនើប ប៉ះទូរស័ព្ទខ្លួនប្រមាណជាង ២, ៦១៧ ដងក្នុងមួយថ្ងៃ។ ការធ្វើស្ថិតិក៏បានប្រាប់ឲ្យដឹងទៀតថា ជាទូទៅមនុស្សយើងផ្ញើ និងទទួលសារប្រមាណជាង ២, ៨១៩ ក្នុងមួយខែ ដែលនេះមានន័យថាយើងផ្ញើ ឬក៏ទទួលសរុបក្នុងមួយថ្ងៃប្រមាណជាង ៩៤ ឬក៏ ៣៣,៨៣៤ ក្នុងមួយឆ្នាំ។
ចូរយើងគិតអំពីការអធិស្ឋានបែបជាការផ្ញើ ឬក៏ទទួលសារពីមិត្តភក្ដិរបស់យើង ជាពិសេសអ្នកដែលមានស្នេហា ពួកគាត់ឆ្លើយឆ្លងសារដោយមិនចេះដេកពួនផង។ ខ្ញុំធ្លាប់ឮគេនិយាយថា «ប្រសិនបើខ្ញុំមិនមានទូរស័ព្ទនៅជាប់នឹងខ្លួនខ្ញុំ នោះខ្ញុំហាក់បីដូចជាមានអារម្មណ៍ថា ខ្ញុំមិនបានស្លៀកពាក់ខោអាវសោះ»។ នេះគឺជាអាកប្បកិរិយាដែលយើងគួរតែមាន ទាក់ទងនឹងការអធិស្ឋានជាប្រចាំថ្ងៃ។
ក. បន្តអធិស្ឋានពេលកំពុងរងទុក្ខ
ចំណុចដំបូងក្រោមចំណុចទី២គឺ៖ ការរងទុក្ខដែលលោក យ៉ាកុប កំពុងមានប្រសាសន៍ត្រង់នេះគឺមិនចាំបាច់ទាក់ទងតែនឹងផ្នែកសាច់ឈាមប៉ុណ្ណោះទេ ប៉ុន្តែទាក់ទងនឹងទុក្ខលំបាក សំណាងអាក្រក់ក្នុងជីវិតនេះ ឬក៏ការឆ្លើយតបទៅកាន់កាលៈទេសៈមួយចំនួនខាងឯចិត្តអារម្មណ៍ ឬក៏សតិបញ្ញា។ សេចក្តីអធិស្ឋានដែលលោក យ៉ាកុប កំពុងមានប្រសាសន៍គឺមិនមែនជាសេចក្តីអធិស្ឋាន ដើម្បីដកចេញនូវភាពរងទុក្ខដូចដែលយើងមួយចំនួនប្រាថ្នាចង់បាននោះទេ ប៉ុន្តែលោក យ៉ាកុប កំពុងតែប្រាប់ឲ្យយើងអធិស្ឋានដោយទូលសូមឲ្យព្រះជាម្ចាស់ជួយយើងក្នុងការបន្តតស៊ូក្នុងការរងទុក្ខរបស់យើង។ ការអធិស្ឋានកំពុងតែផ្ដោតលើការទូលសូមកម្លាំងជាជាងលើការដកចេញនូវកាលៈទេសៈ។ មិនថាយើងកំពុងតែប្រឈមមុខនឹងទុក្ខលំបាកដ៏ពិបាកយ៉ាងណាក៏ដោយក្នុងជីវិតនេះ ក៏វាគួរតែជំរុញឲ្យយើងកាន់តែអធិស្ឋានថែមទៀតដែរ។
ពេលខ្លះ យើងតែងតែរៀបរាប់អំពីការរងទុក្ខរបស់យើងធំជាងការពិតរបស់វាទៅទៀត ដោយគិតថា វាពិបាកខ្លាំងណាស់ ដែលតាមពិតទៅវាជាកំហុសរបស់យើង។ ហើយអ្វីដែលខ្ញុំចង់មានន័យត្រង់នេះគឺថា ទំនងមកពីយើងមិនបានសម្រាកគ្រប់គ្រាន់ ដូច្នេះអ្វីដែលយើងគួរធ្វើគឺកុំបំផ្លើសការរស់នៅរបស់យើង ប៉ុន្តែព្យាយាមសម្រាកបានគ្រប់គ្រាន់វិញ។ នោះជាការល្អជាង!
ជាទូទៅ យើងដឹងហើយថានៅពេលដែលយើងរងទុក្ខយើងក៏តែងតែមានកំហឹង ឬក៏អាណិតអាសូរខ្លួនឯង ឬក៏រអ៊ូរទាំ។ ប៉ុន្តែ តាមពិតទៅ នោះមិនមែនជារបៀបដែលយើងគួរឆ្លើយតបនោះទេ បើយោងតាមខគម្ពីរមួយនេះ ផ្ទុយទៅវិញលោក យ៉ាកុប កំពុងតែលើកទឹកចិត្តឲ្យយើងទូលសូមកម្លាំងពីព្រះជាម្ចាស់ក្នុងការអធិស្ឋានទៅវិញទេតើ។ របៀបមួយដែលយើងអាចទូលសូមកម្លាំងពីព្រះជាម្ចាស់បានគឺ៖ យើងត្រូវបំពេញទំនួលខុសត្រូវរបស់យើង។ ឧទាហរណ៍៖ យើងត្រូវចូលគេងឲ្យបានទៀងទាត់ តាមពេលវេលា ឲ្យបានគ្រប់គ្រាន់ ហូបចុកឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណ។ល។
យើងឃើញថាបន្ទាប់ពីលោក អេលីយ៉ា បានប្រឈមមុខនឹងក្រុមក្លែងក្លាយព្រះបាល គាត់ក៏បានចំណាយពេលក្នុងការសម្រាក ដើម្បីទទួលបានកម្លាំងរបស់គាត់វិញ។ កណ្ឌគម្ពីរ ១ពេត្រុស ៥:៧ បានរម្លឹកយើងថា «ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា»។
ខ. បន្តអធិស្ឋានពេលកំពុងមានអំណរ
ខគម្ពីរមានចែងដូចតទៅ «តើមានអ្នកណាអរសប្បាយឬទេ? ត្រូវឲ្យអ្នកនោះច្រៀងសរសើរតម្កើងព្រះចុះ»។ ក្នុងភាសាដើមពាក្យ «អរសប្បាយ» គឺសំដៅទៅលើ «ការដែលយើងបន្តរក្សាភាពក្លាហានរបស់យើង»។ ក្នុងបរិបទនេះលោក យ៉ាកុប កំពុងតែផ្ដល់អត្ថន័យទៅលើការឲ្យយើងមានអំណរ អរសប្បាយ ចេះនិយាយលេងសើចជាមួយនឹងមិត្តភក្ដិ ពោលគឺយើងមិនគួរមុខស្អុយដូចសត្វសំពោចនោះទេ។ តែនេះក៏មិនមែនមានន័យថា ឲ្យយើងលេងសើចគ្រប់ពេលវេលានោះដែរ ពិតណាស់ មានពេលខ្លះយើងក៏ត្រូវតែមានភាពម៉ឺងម៉ាត់ដែរ។ ភាពអរសប្បាយដែលលោក យ៉ាកុប កំពុងបង្គាប់ឲ្យយើងមានគឺមិនសំដៅទៅលើកាលៈទេសៈក្រៅយើងនោះទេ វាគឺជាអំណរ និងសន្តិភាពដែលយើងមាននៅក្នុងចិត្ត ពោលគឺភាពស្កប់ស្កល់ចិត្តនៅក្នុងខ្លួនយើង។
«ត្រូវឲ្យអ្នកនោះច្រៀងសរសើរតម្កើងព្រះចុះ» ក្នុងខ១៣គឺជាការឆ្លើយតបទាក់ទងនឹងការមានអំណរ។ ការអធិស្ឋានគឺមិនមែនគ្រាន់តែជាការដែលយើងទូលសូមអ្វីពីព្រះជាម្ចាស់នោះទេ ប៉ុន្តែក៏ជាការដែលយើងច្រៀងសរសើរតម្កើងទ្រង់ផងដែរ។ កិរិយាសព្ទលើពាក្យ «សរសើរតម្កើង» គឺសំដៅទៅលើការច្រៀងបទចម្រៀងសរសើរតម្កើងដោយមាន ឬក៏មិនមានឧបករណ៍ភ្លេង។ ក្នុងកណ្ឌគម្ពីរកិច្ចការ ១៦:២៥ យើងឃើញពីគំរូដែលសាវ័ក ប៉ុល និងលោក ស៊ីឡាស បានធ្វើសម្រាប់យើង ដែលត្រង់នោះពួកគាត់បានច្រៀងសរសើរតម្កើងព្រះជាម្ចាស់ ខណៈពេលដែលពួកគាត់កំពុងជាប់គុក។ កណ្ឌគម្ពីរ អេភេសូរ ៥:១៩ ក៏បានប្រើប្រាស់កិរិយាសព្ទដូចនេះផងដែរ «ហើយនិយាយគ្នាទៅវិញទៅមក ដោយទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណ ទាំងច្រៀង ហើយបង្កើតជាទំនុកសរសើរថ្វាយព្រះអម្ចាស់ឲ្យអស់ពីចិត្ត»។ ភាគច្រើនបទចម្រៀងសរសើរតម្កើងគឺជាចម្រៀងនៃការអធិស្ឋានដែលមានចង្វាក់ភ្លេង ដែលនោះគឺជាគោលបំណងនៃកណ្ឌគម្ពីរទំនុកតម្កើង។
នេះគឺជាមូលហេតុដែលខ្ញុំលើកឡើងថា យើងត្រូវអធិស្ឋានគ្រប់ពេលវេលាដោយមានអំណរ។ ព្រះគម្ពីរមានពេញទៅដោយខគម្ពីរដែលបង្គាប់ឲ្យយើងមានអំណរ។ ឧទាហរណ៍៖ ក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនីច ៥:១៦ «ចូរអរសប្បាយជានិច្ច»។ បើយើងបកប្រែខគម្ពីរមួយនេះឲ្យចំៗ នោះយើងនឹងឃើញថា សាវ័ក ប៉ុល កំពុងតែបង្គាប់ឲ្យយើង «តែងតែអរសប្បាយ»។ ខគម្ពីរមួយនេះគឺជាខគម្ពីរដ៏ខ្លីជាងគេបំផុតក្នុងព្រះគម្ពីរសញ្ញាថ្មីក្នុងភាសាក្រិក។ ចំណុចស្នូលនៃខគម្ពីរនេះគឺថា ឲ្យយើងដែលជាគ្រីស្ទបរិស័ទមានអំណរគ្រប់ពេលវេលា ដោយមិនពឹងលើកាលៈទេសៈនៃជីវិតរបស់យើង។ ហេតុអ្វី? ពីព្រោះព្រះយេស៊ូវកំពុងតែយាងត្រឡប់មកវិញ។
លោក យ៉ាកុប កំពុងតែរម្លឹកឲ្យយើងច្រៀងសរសើរតម្កើងព្រះជាម្ចាស់។ ហេតុអ្វី? ពីព្រោះជាទូទៅការឆ្លើយតបរបស់យើងពេលដែលកាលៈទេសៈនៅជុំវិញយើងកំពុងតែដំណើរការយ៉ាងល្អគឺយើងមានអំនួតទាក់ទងទៅនឹងអ្វីដែលយើងសម្រេចបាន។ យើងឃើញអំពីចំណុចនេះក្នុងកណ្ឌគម្ពីរ យ៉ាកុប ៤:១៦ នៅពេលដែលអ្នករកស៊ីមានអំនួត។ ចំណុចអនុវត្តមួយដែលយើងអាចធ្វើបាននៅពេលដែលយើងអរសប្បាយ គឺយើងគួរនិពន្ធបទចម្រៀង ដើម្បីច្រៀងសរសើរតម្កើងព្រះជាម្ចាស់ ឬក៏និពន្ធកំណាព្យដែលសរសើរតម្កើងព្រះអង្គ។
គ. បន្តអធិស្ឋានពេលកំពុងឈឺថ្កាត់
ពាក្យ «ឈឺ» ត្រង់នេះអាចសំដៅទាំងទៅលើការឈឺខាងឯសាច់ឈាម និងទាំងខាងឯព្រលឹងវិញ្ញាណ។ ភាសាដើមត្រង់នេះអនុញ្ញាតឲ្យមានអន្ថន័យទាំងពីរបាន ប៉ុន្តែក្នុងបរិបទនេះការឈឺថ្កាត់ដែលលោក យ៉ាកុប កំពុងតែសំដៅលើគឺទំនងជាការឈឺថ្កាត់ខាងឯសាច់ឈាម ពោលគឺទំនងជាមានបុគ្គលណាម្នាក់ឈឺខាងឯសាច់ឈាម ប្រហែលជាអាចនៅក្នុងគាត់ ឬក៏នៅក្រៅគាត់ដែលតម្រូវឲ្យមានគ្រូពេទ្យមកមើល។ ដូចដែលមានចម្លើយសម្រាប់សំណួរទី១ និងទី២ សំណួរទី៣ «១៤ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ?» ក៏មានចម្លើយដែរ៖ «ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។» អ្នកឈឺផ្ទាល់ ឬក៏អ្នកមើលថែគាត់ «ត្រូវ…ហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ»។ តើពួកចាស់ទុំត្រូវធ្វើអ្វីនៅពេលដែលមានគេហៅពួកគាត់ឲ្យមក? ខគម្ពីរបានចែងថា «ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ»។
ជាថ្មីម្ដងទៀត យើងក៏អាចឃើញពីប្រធានបទនៃការអធិស្ឋាន។ យើងត្រូវហៅពួកចាស់ទុំមិនមែនមកពីពួកគាត់មានឫទ្ធិអំណាចពិសេសក្នុងការព្យាបាលនោះទេ ប៉ុន្តែមកពីពួកគាត់តំណាងឲ្យក្រុមជំនុំទាំងមូល ហើយការអធិស្ឋានរបស់ពួកគាត់ក៏បង្ហាញអំពីការអធិស្ឋានដែលតំណាងឲ្យក្រុមជំនុំទាំងមូលដែរ។ សូមយល់ឲ្យច្បាស់ថា អំណាចនៃការប្រោសឲ្យជាគឺមាននៅក្នុងព្រះអម្ចាស់ផ្ទាល់ ដែលយើងអធិស្ឋានទៅកាន់ទ្រង់ មិនមែនលើបុគ្គលដែលអធិស្ឋាននោះទេ។ នេះគឺជាគំរូមួយចំនួនដែលយើងអាចយកមកប្រើប្រាស់បានទាក់ទងនឹងការអធិស្ឋានគ្រប់ពេលវេលា៖
- អធិស្ឋាននៅពេលដែលយើងកំពុងរងទុក្ខ
- អធិស្ឋាននៅពេលដែលយើងមានអំណរ និងនៅពេលដែលយើងឈឺ
- អធិស្ឋានសម្រាប់បុគ្គលដែលយើងកំពុងតែសន្ទនាជាមួយ
- អធិស្ឋានសម្រាប់ខ្ញុំនៅពេលដែលខ្ញុំកំពុងតែអធិប្បាយឥឡូវនេះ
- អធិស្ឋានសម្រាប់អស់អ្នកដែលនៅឆ្ងាយ និងអ្នកនៅជិតយើង ខណៈពេលដែលយើងដើររត់ហាត់ប្រាណ
- ហើយទោះបើយើងមិនស្គាល់ពួកគេ ក៏យើងនៅអាចអធិស្ឋានសម្រាប់គេបានដែរ
- អធិស្ឋានសម្រាប់ក្រុមជំនុំយើង សម្រាប់សមាជិកក្រុមជំនុំយើង សម្រាប់សេចក្ដីសង្គ្រោះសម្រាប់អស់អ្នកដែលមិនទាន់ទទួលជឿលើព្រះយេស៊ូវនៅឡើយ
- អធិស្ឋានសម្រាប់ឪពុកម្ដាយយើង សម្រាប់បងប្អូនយើង
- អធិស្ឋានសម្រាប់អស់ណាដែលលោកអ្នកអាចគិតដល់បាន
បងប្អូនដឹងហើយថា យើងជាច្រើននាក់ភាគច្រើនចំណាយពេលយ៉ាងយូរក្នុងបន្ទប់ទឹក ដើម្បីរៀបចំខ្លួន ប៉ុន្តែភាគតិចណាស់ចំណាយពេលស្មើនឹងពេលចំណាយក្នុងបន្ទប់ទឹករៀបចំខ្លួន ដើម្បីអធិស្ឋាន។ យើងញែកពេលវេលា ដើម្បីងូតទឹក បរិភោគអាហារ គេង។ល។ ប៉ុន្តែ យើងកម្រញែកពេលវេលា ដើម្បីនឹងអធិស្ឋានណាស់។ ពេលយើងទៅកន្លែងណាមួយ យើងត្រៀមពេលវេលាទុកមុនក្រែងលោស្ទះផ្លូវ ប៉ុន្តែយើងកម្រនឹងញែកពេលវេលា ដើម្បីអធិស្ឋានណាស់។ ខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំអាចចែកចាយឥឡូវនេះគឺជាការរម្លឹកឲ្យយើងចំណាយពេលឲ្យកាន់តែខ្លាំងថែមទៀតក្នុងការអធិស្ឋាន ដូចដែលលោក យ៉ាកុប បានរម្លឹកមិត្តអ្នកអានរបស់គាត់។
សូមសួរខ្លួនឯងថា៖ តើការអធិស្ឋានរបស់ខ្ញុំសព្វថ្ងៃនេះយ៉ាងម៉េចដែរ? តើខ្ញុំស្កប់ចិត្តនឹងវាដែរឬទេ? តើវាល្អ ឬក៏ខ្ញុំត្រូវចំណាយពេលអធិស្ឋានបន្ថែមទៀត? ឬក៏ថាវាមិនល្អសោះ ដូច្នេះខ្ញុំត្រូវតែញែកពេលវេលាឲ្យប្រាកដប្រជា ដើម្បីអធិស្ឋាន។ មិនថាយើងស្ថិតនៅក្នុងចំណុចណាក៏ដោយ ក៏ខ្ញុំសង្ឃឹមថា យើងនឹងបំផ្លាស់បំប្រែជីវិតនៃការអធិស្ឋានរបស់យើង ពីព្រោះជីវិតយើងខ្លីណាស់។ កណ្ឌគម្ពីរ យ៉ាកុប ៤:១៤ បានប្រាប់យើងថា ជីវិតយើងគឺដូចជាចំហាយទឹក និងដូចជាស្មៅអញ្ចឹង។
II. អធិស្ឋានដោយមានជំនឿ (១៤ខ-១៥)
ចុងខ១៤ និងខ១៥មានចែងដូចតទៅ៖ «…ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។ ១៥ ពាក្យអធិស្ឋានដែលចេញពីជំនឿ នឹងសង្គ្រោះអ្នកដែលឈឺនោះ ហើយព្រះអម្ចាស់នឹងប្រោសឲ្យគាត់ក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តិអំពើបាប នោះគាត់នឹងទទួលបានការអត់ទោស»។
ការអធិស្ឋានដោយជំនឿគឺជាការអធិស្ឋានដែលមានការទុកចិត្តលើព្រះអង្គ។ ក្នុងខគម្ពីរនេះ យើងឃើញថា មានចំណុចពីរយ៉ាងក្រោមចំណុចទី២នេះ នៅពេលដែលពួកចាស់ទុំអធិស្ឋានដោយមានជំនឿ៖ ក. ដោយមានការលាបប្រេងតាំង និង ខ. ការសន្យាថាព្រះនឹងស្ដារបុគ្គលនោះឡើងវិញ។
ក. ការលាបប្រេងតាំង
ក្នុងព្រះគម្ពីរសញ្ញាចាស់ ប្រេងតាំងគឺជាតំណាងនៃការជ្រើសរើសរបស់ព្រះជាម្ចាស់។ ហើយនៅជំនាន់នោះ ការលាបប្រេងតាំងក៏ជារបៀបដ៏សាមញ្ញមួយទាក់ទងនឹងការព្យាបាលដែរ។ «ប្រេង» ត្រង់នេះគឺជាតំណាងឲ្យការព្យាបាលពីព្រះជាម្ចាស់លើរាស្ត្ររបស់ទ្រង់ ដែលអធិស្ឋានដោយមានចិត្តស្មោះត្រង់។ ការលាបប្រេងតាំងគឺជាការបង្ហាញថា មានទំនុកចិត្ត និងការទុកចិត្តលើព្រះជាម្ចាស់ទាំងស្រុងតែមួយគត់។ គ្មានដើមឈើ ឬក៏រូបមន្តពិសេសណាដែលពួកចាស់ទុំយកមកប្រើប្រាស់ ដើម្បីព្យាបាលអ្នកជំងឺទេ។ កាលនោះ ពួកគេដឹងហើយថា ប្រេងមិនមានឫទ្ធិអំណាចក្នុងការព្យាបាលអ្វីទេ។ អំណាចដ៏ពិតគឺមកពីព្រះជាម្ចាស់ដែលប្រើប្រាស់ប្រេងនោះ។
ប្រេងគឺគ្រាន់តែជាការតំណាងឲ្យព័ន្ធកិច្ចដ៏ធំផ្សេងទៀតរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ ការលាបប្រេងតាំងមានសារៈសំខាន់សម្រាប់ការព្យាបាល ប៉ុន្តែមិនមែនមកពីវាមានសារជាតិថ្នាំដ៏ពិសេសអាថ៌កំបាំងណាមួយនោះទេ ប៉ុន្តែវាគ្រាន់តែជាទង្វើនៃការបង្ហាញអំពីជំនឿតែប៉ុណ្ណោះ។ ក្រុមជំនុំដំបូង និងក្រុមជំនុំមួយចំនួនសព្វថ្ងៃនេះលាបប្រេងតាំង ដើម្បីជាការបង្ហាញអំពីការទុកចិត្តរបស់ពួកគេលើព្រះជាម្ចាស់។ ទង្វើនៃការលាបប្រេងតាំងគឺជាការបង្ហាញអំពីជំនឿ ហើយក្នុងកាលៈទេសៈមួយចំនួន ព្រះជាម្ចាស់ក៏បានប្រើប្រាស់ជំនឿរបស់គេ ជាព្រះពរ ដោយព្រះអង្គបានព្យាបាលអ្នកឈឺដែរ។
សូមចងចាំថាការផ្ដោតគឺលើការអធិស្ឋាន មិនមែនលើការលាបប្រេងនោះទេ។ លើសពីនោះទៅទៀត ការអធិស្ឋានគឺជាអ្វីដែលត្រូវបានធ្វើឡើងក្នុងព្រះនាមព្រះអម្ចាស់ ដែលនោះបង្ហាញថា ការលាបប្រេងតាំង និងការអធិស្ឋានគឺជាទង្វើនៃជំនឿ ដោយស្រែកហៅទទូចអង្វរព្រះនាមព្រះយេស៊ូវ។ ហេតុដូច្នេះហើយបានជាព្រះយេស៊ូវបំពេញសេចក្ដីសន្យារបស់ទ្រង់ ដូចដែលកណ្ឌគម្ពីរ យ៉ូហាន ១៤:១៤ មានចែងដូចតទៅ៖ «បើអ្នករាល់គ្នាសូមអ្វី ក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។
ខ. ការសន្យាថានឹងស្ដារឡើងវិញ
ខ១៥ចែងដូចតទៅ៖ «ពាក្យអធិស្ឋានដែលចេញពីជំនឿនឹងសង្គ្រោះអ្នកដែលឈឺនោះ ហើយព្រះអម្ចាស់នឹងប្រោសឲ្យគាត់ក្រោកឡើងវិញ។ ប្រសិនបើគាត់បានប្រព្រឹត្តិអំពើបាប នោះគាត់នឹងទទួលបានការអត់ទោស»។ ជំងឺត្រង់នេះអាចទាក់ទងខាងឯព្រលឹងវិញ្ញាណ និងខាងឯសាច់ឈាមបានទាំងពីរ។ ទោះជាយ៉ាងណាក្ដី យើងក៏មិនគួរបារម្ភខ្លាំងពេកត្រង់ថា តើលោក យ៉ាកុប កំពុងផ្ដោតទៅលើចំណុចមួយណាដែរ ពីព្រោះនៅចុងបញ្ចប់ ព្រះជាម្ចាស់នឹងរំដោះរាស្ត្ររបស់ទ្រង់ ទាំងពីជំងឺខាងឯសាច់ឈាម និងជំងឺខាងឯព្រលឹងវិញ្ញាណផងដែរ។
នេះគឺជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះថាការអធិស្ឋានដោយមានជំនឿគឺជាអ្វីដែលនឹងស្ដារបុគ្គលដែលកំពុងឈឺឡើងវិញ។ ទំនងលោកអ្នកកំពុងតែងឿងឆ្ងល់ថា តើអ្វីទៅជាសេចក្ដីអធិស្ឋានដោយមានជំនឿ? ចម្លើយគឺ៖ វាជាសេចក្ដីអធិស្ឋានដែលត្រូវបានធ្វើឡើងក្នុងជំនឿ។ ជាសេចក្ដីអធិស្ឋានដែលជឿថាព្រះជាម្ចាស់នឹងឆ្លើយតបសេចក្ដីអធិស្ឋានមួយនោះ។ សេចក្ដីអធិស្ឋានដោយមានជំនឿក៏ជាការអធិស្ឋានដែលស្វះស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខណៈពេលដែលព្រះគម្ពីរមិនបានលើកឡើងយ៉ាងក្បោះក្បាយអំពីចំណុចមួយនោះ។ ហើយជាសេចក្ដីអធិស្ឋានដែលព្រះជាម្ចាស់សន្យាថានឹងស្ដារឡើងវិញ។ តែបងប្អូននេះមិនមែនមានន័យថា រាល់ជំងឺឈឺថ្កាត់គឺជាលទ្ធផលនៃអំពើបាបនោះទេ ដូចដែលយើងឃើញនៅក្នុងជីវិតរបស់លោក យ៉ូប ក្នុងព្រះគម្ពីរសញ្ញាចាស់។ ទោះបើអំពើបាបអាចបង្កឲ្យមានជំងឺ ឬក៏ការស្លាប់ក៏ដោយ ដូចដែលយើងឃើញក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១១ ដែលត្រង់នោះសាវ័ក ប៉ុល បានមានប្រសាសន៍ថា ដោយសារពួកជំនុំបានទទួលពិធីលៀងព្រះអម្ចាស់ក្នុងអំពើបាប។ ដូច្នេះ ជាលទ្ធផលក៏មានមនុស្សមួយចំនួនឈឺ ហើយខ្លះក៏បានដេកលក់ ដែលនោះគឺជាភាសាសម្រាយរបស់ព្រះគម្ពីរសំដៅទៅលើមនុស្សដែលបានស្លាប់។
ដូច្នេះ យើងត្រូវតែអធិស្ឋានដោយមានជំនឿ ពីព្រោះ «រីឯជំនឿ គឺជាចិត្តដែលដឹងជាក់ថានឹងបានអ្វីៗដូចសង្ឃឹម ជាការជឿជាក់លើអ្វីៗដែលមើលមិនឃើញ» (ហេព្រើរ ១១:១)។ ហើយក្នុងកណ្ឌគម្ពីរ យ៉ាកុប ១:៥-៨ ក៏អ្នកនិពន្ធបានរម្លឹកឲ្យយើងទូលសូមព្រះជាម្ចាស់ «ប្រសិនបើអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាខ្វះប្រាជ្ញា អ្នកនោះត្រូវទូលសូមពីព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ដ្បិតទ្រង់នឹងប្រទានឲ្យ ឥតបន្ទោសឡើយ។ ប៉ុន្តែ ត្រូវឲ្យអ្នកនោះទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់ផាត់ ទាំងរំពើកចុះឡើង កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ។ ដ្បិតអ្នកនោះជាមនុស្សមានចិត្តពីរ ចេះតែសាវាក្នុងគ្រប់ទាំងផ្លូវរបស់ខ្លួន»។
នៅពេលដែលយើងទូលសូម ចូរយើងទូលសូមដោយមានចិត្តត្រឹមត្រូវ។ ការមានចិត្តត្រឹមត្រូវត្រង់នេះមានន័យថា យើងមិនខ្ជះខ្ជាយអ្វីដែលព្រះជាម្ចាស់ប្រទានមកឲ្យយើង ដោយប្រើប្រាស់វាសម្រាប់ជាការអរសប្បាយលើខ្លួនឯង ដូចដែលជំពូក ៤:៣ បានរម្លឹកយើង។
មតិយោបល់
Loading…