in

ស្រឡាញ់ សើច យំ អស្ចារ្យ

មូល​ហេតុ​ដ៏​ល្អ​ដែល​ត្រូវ​អាន​កណ្ឌ​គម្ពីរ រ៉ូម

4 Great Reasons to Read Romans

គ្រីស្ទបរិស័ទ​ជា​ច្រើន​បាន​អះអាង​ថា កណ្ឌ​គម្ពីរ រ៉ូម គឺ​ជា​កណ្ឌគម្ពីរ​មួយ​ដែល​ល្អ​បំផុត​នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល ពោល​គឺ​ជា​កណ្ឌគម្ពីរ​ដែល​ខ្ពស់​ជាង​គេ។ លោក​គ្រូ ជេ. អាយ. ភែកខ័រ (J.I. Packer) ក៏​បាន​ឯកភាព​ជាមួយ​គ្រូ​គង្វាល និង​ទេវវិទូ​ជា​ច្រើន​ដែរ​ថា «រាល់​កណ្ឌ​គម្ពីរ​នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល​សុទ្ធ​តែ​ចង្អុល​បង្ហាញ​ទៅ​កណ្ឌ​គម្ពីរ រ៉ូម។ កណ្ឌ​គម្ពីរ រ៉ូម ក៏​ជួយ​ពន្យល់​ចំណុច​ផ្សេងៗ​ជា​ច្រើន​នៅ​ក្នុង​ព្រះ​គម្ពីរ​ផង​ដែរ។ ហើយ​នៅ​ពេល​ដែល​សេចក្ដី​បង្រៀន​នៅ​ក្នុង​​កណ្ឌ​គម្ពីរ រ៉ូម បាន​ចូល​ទៅ​ក្នុង​ចិត្ត​របស់​នរណា​ម្នាក់​ហើយ នោះ​យើង​មិន​ដឹង​ថា នឹង​មាន​អ្វី​កើត​ឡើង​ឲ្យ​ប្រាកដ​នោះ​ទេ» លោក​គ្រូ ភែកខ័រ ក៏​បាន​ផ្ដល់​ហេតុ​ផល​ដ៏​ល្អ​៤​យ៉ាង​ដល់​យើង ដែល​នាំ​ឲ្យ​យើង​មាន​ចិត្ត​ចង់​អាន ចង់​សិក្សា និង​ចង់​ស្គាល់​កណ្ឌ​គម្ពីរ រ៉ូម ផង​ដែរ។

កណ្ឌ​គម្ពីរ រ៉ូម គឺ​ជា​កណ្ឌ​គម្ពីរ​ដែល​និយាយ​អំពី​គោល​ជំនឿ។ កណ្ឌ​គម្ពីរ រ៉ូម គឺជា​កណ្ឌ​គម្ពីរ​ដែល​និយាយ​អំពី​សេចក្ដី​ពិត​របស់​ព្រះ​ជាម្ចាស់​ដែល​ទ្រង់​បង្រៀន​យើង។ «លោក​អ្នក​នឹង​ឃើញ​ថា កណ្ឌ​គម្ពីរ រ៉ូម មាន​រៀប​រាប់​អំពី​ចំណុច​សំខាន់ៗ​ជា​ច្រើន​ដែល​មាន​ភាព​ស៊ី​គ្នា​យ៉ាង​ខ្លាំង៖ ព្រះ​ជាម្ចាស់ មនុស្ស អំពើ​បាប ក្រឹត្យវិន័យ ការ​ថ្កោល​ទោស ជំនឿ ទង្វើ ព្រះ​គុណ ការ​បង្កើត ការ​សង្គ្រោះ ការ​រាប់​ជា​សុចរិត ការ​ញែក​ជា​បរិសុទ្ធ គម្រោងការ​នៃ​សេចក្ដី​សង្គ្រោះ ការ​ជ្រើស​រើស ការ​កាត់​ទោស បុគ្គល​ភាព និង​ព័ន្ធកិច្ច​របស់​ព្រះ​គ្រីស្ទ ព័ន្ធកិច្ច​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ សេចក្ដី​សង្ឃឹម​របស់​គ្រីស្ទ​បរិស័ទ លក្ខណៈ​ក្រុម​ជំនុំ គម្រោងការ​របស់​ព្រះ​សម្រាប់​សាសន៍​យូដា និង​សាសន៍​ដទៃ ទស្សនវិជ្ជា​របស់​ក្រុម​ជំនុំ និង​ប្រវត្តិសាស្ត្រ​ផែនដី អត្ថ​ន័យ និង​សេចក្ដី​បង្រៀន​នៅ​ក្នុង​សញ្ញា​ចាស់ សារៈសំខាន់​នៃ​ពិធី​ជ្រមុជ​ទឹក គោលការណ៍​នៃ​ភាព​បរិសុទ្ធ និង​សីលធម៌​ផ្ទាល់​ខ្លួន ព្រម​ទាំង​ទំនួល​ខុស​ត្រូវ​របស់​គ្រីស្ទ​បរិស័ទ​នៅក្នុង​សង្គម​ជា​ដើម។ល។»។

កណ្ឌ​គម្ពីរ រ៉ូម គឺ​ជា​កណ្ឌ​គម្ពីរ​ដែល​និយាយ​អំពី​ជីវិត។ កណ្ឌគម្ពីរ​នេះ​បង្រៀន​អំពី «​អត្ថន័យ​នៃ​ការ​បម្រើ និង​មិន​បម្រើ​ព្រះ​ជាម្ចាស់ ការ​រក​ទ្រង់​ឃើញ និង​ការ​បាត់​បង់​ទ្រង់​ចេញ​ពី​បទ​ពិសោធន៍​ផ្ទាល់​របស់​មនុស្ស​យើង តាម​រយៈ​ការ​បង្រៀន និង​ការ​ធ្វើ​ជា​គំរូ។ តើ​កណ្ឌ​គម្ពីរ រ៉ូម បាន​រៀប​រាប់​អ្វី​ខ្លះ​ទាក់ទង​នឹង​ចំណុច​ទាំង​នោះ? ចម្លើយ​គឺ៖ កណ្ឌ​នេះ​លើក​ឡើង​ទាំង​ស្រុង​អំពី​ជីវិត​នៃ​ការ​មាន​បាប និង​ជីវិត​នៃ​ការ​ទទួល​បាន​ព្រះ​គុណ ហើយ​ក៏​មាន​ការ​វែក​ញែក​ដ៏​​ស៊ី​ជម្រៅ​អំពី​បែប​បទ​នៃ​ជំនឿ ដែល​ព្រះ​គម្ពីរ​បាន​លើក​ឡើង​នៅ​គ្រប់​ទី​កន្លែង​ផង​ដែរ»។

កណ្ឌ​គម្ពីរ រ៉ូម គឺ​ជា​កណ្ឌ​ដែល​និយាយ​អំពី​ក្រុម​ជំនុំ។ នៅ​ក្នុង​កណ្ឌគម្ពីរ​នេះ «មាន​រៀប​រាប់​អំពី​ជំនឿ​ដែល​ព្រះ​ជាម្ចាស់​ប្រទាន​ឲ្យ​យើង និង​ការ​យល់​ដឹង​ផ្ទាល់​អំពី​ការ​ដែល​អ្នក​ជឿ​គួរ​​ប្រកប​គ្នា។ តាម​រយៈ​ទស្សនៈ​នេះ យើង​ឃើញ​ថា កណ្ឌ​គម្ពីរ រ៉ូម គឺ​ជា​កណ្ឌ​គម្ពីរ​នៃ​ដំណឹង​ល្អ​ដែល​ក្រុម​ជំនុំ​គួរ​ព្យាយាមយក​តម្រាប់​តាម​ក្នុងជីវិត​រស់នៅ នេះ​​ក៏​ជា​កណ្ឌគម្ពីរ​ដែល​រៀប​រាប់​អំពី​អត្តសញ្ញាណ​របស់​ក្រុម​ជំនុំ​ផង​ដែរ។ តើ​ក្រុម​ជំនុំ​គឺ​ជា​អ្វី? ក្រុមជំនុំ​ គឺ​ជា​ពូជ​ដ៏​ពិត ហើយ​ស្មោះ​ត្រង់​របស់​លោក ​អ័ប្រាហាំ មិន​ថា​ជា​សាសន៍​យូដា ឬ​ក៏​មិន​មែន​នោះ​ទេ គឺ​សុទ្ធ​តែ​​ជា​អ្នក​ដែល​ព្រះ​ជាម្ចាស់​បាន​ជ្រើស​រើស និង​បាន​រាប់​ជា​សុចរិត​តាម​រយៈ​ជំនឿ។ ក្រុម​ជំនុំ​ គឺ​ជា​មនុស្ស​ដែល​ព្រះ​ជាម្ចាស់​បាន​រំដោះ​ចេញ​ពី​អំពើ​បាប ហើយ​ក៏​ប្រទាន​ឲ្យ​មាន​សេចក្ដី​សុចរិត​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ជីវិត​ថ្មី និង​នៅ​ក្នុង​ការ​បំពេញ​ព័ន្ធកិច្ច​ជាមួយ​គ្នា​ផង​ដែរ។ ក្រុមជំនុំ​ គឺ​ជា​គ្រួសារ​ដែល​ព្រះ​វរបិតា​ដ៏​ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន​សួគ៌​ ទ្រង់​ស្រឡាញ់ ហើយ​ពួក​គេ​រស់នៅ​ដោយ​មាន​សង្ឃឹម​ថា នឹង​ទទួល​បាន​មរតក​ដែល​ទ្រង់​បាន​បម្រុង​សម្រាប់​ពួក​គេ​។ ក្រុម​ជំនុំ​ គឺ​ជា​សហគមន៍​នៃ​អស់​អ្នក​ដែល​បាន​ទទួល​ជឿ​លើ​ព្រះ​យេស៊ូវ ជា​អ្នក​ដែល​មាន​ជីវិត​រស់​ឡើង​វិញ ហើយ​អំណាច​នៃ​ការ​ដែល​ព្រះគ្រីស្ទ​រស់​ពី​សុគត​ឡើង​វិញ និង​ការ​ដែល​ទ្រង់​កំពុង​គង់​នៅ​ស្ថានសួគ៌​សព្វថ្ងៃ​នេះបាន​ចាប់​ផ្ដើម​ធ្វើ​ការ​តាម​រយៈ​សហគមន៍​នេះ»។

កណ្ឌ​គម្ពីរ រ៉ូម គឺ​ជា​សំបុត្រ​ផ្ទាល់​ខ្លួន។ កណ្ឌ​គម្ពីរ​នេះ​ គឺ​ជា​សំបុត្រ​មក​ពី​ព្រះ​ជាម្ចាស់​ផ្ទាល់ ផ្ញើមក​​កូន​ខាង​ឯ​វិញ្ញាណ​ទាំង​អស់​របស់​ទ្រង់។ «ចូរ​អាន​កណ្ឌ​គម្ពីរ រ៉ូម ក្នុង​លក្ខណៈ​ជា​សំបុត្រ នោះ​លោក​អ្នក​នឹង​ឃើញ​ថា កណ្ឌគម្ពីរ​នេះ​មាន​អំណាច​ដ៏​ពិសេស​មួយ ដែល​ប៉ះពាល់​ដល់​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​របស់​លោក​អ្នក ​ដែល​លោក​អ្នក​តែងតែ​មើល​រំលង ឧទាហរណ៍៖ ទម្លាប់ និង​ឥរិយាបថ​នៃ​អំពើ​បាប ការ​ដែល​លោក​អ្នក​ចង់​តែ​ធ្វើ​ពុត ការ​ដែល​លោក​អ្នក​គិត​ថា ​ខ្លួន​សុចរិត ហើយ​ចង់​តែ​ពឹង​លើ​ខ្លួន​ឯង ការ​ដែល​លោក​អ្នក​ធ្វើ​អ្វី​មួយ​ឲ្យ​តែ​រួច​ពី​ដៃ ការ​ដែល​លោក​អ្នក​ចង់​រស់នៅ​ដូច​លោកីយ៍ ភាព​ភ័យ​ខ្លាច​របស់​លោក​អ្នក ការ​អស់​សង្ឃឹម ការ​កុហក និង​ភាព​ស្ពឹក​ស្រពន់​ខាង​ឯ​វិញ្ញាណ​របស់​លោក​អ្នក។ លោក​អ្នក​ក៏​នឹង​ឃើញ​ដែរ​ថា សំបុត្រ​ដ៏​អស្ចារ្យ ហើយ​ចម្លែក​នេះ​ មាន​អំណាច​ក្នុង​ការ​ដាស់​ឲ្យ​លោក​អ្នក​មាន​អំណរ មាន​សន្តិភាព ភាព​ក្លាហាន និង​សេរីភាព ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ព្រលឹង​វិញ្ញាណ​របស់​លោក​អ្នក​មាន​ភាព​ក្លៀវក្លា​ដូច​ដែល​ព្រះ​ជាម្ចាស់​តម្រូវ ក៏​ដូចជា​​បាន​ប្រទាន​​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ផង​ដែរ»។

ប្រសិន​បើ​លោក​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ស្គាល់​កណ្ឌ​គម្ពីរ​នេះ​ថែម​ទៀត សូម​​អាន​សៀវភៅ៖

∞ «បាន​ល្អ ធ្វើ​ល្អ» និពន្ធ​ដោយ​លោក​គ្រូ៖ J.D. Crowley។
∞ «ពួក​ជំនុំ​ដែល​មាន​សុខ​ភាព​ល្អ» និពន្ធ​ដោយ​លោក​គ្រូ៖ Mark Dever។

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ Tim Challies
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ, លោក ជួប ប៊ុនហាក់, និង​​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.challies.com ដោយមានការអនុញ្ញាត។
image_pdfទាញ​យក​ជា PDF

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

បន្ថែម​មតិយោបល់​​

មតិយោបល់​​

ព្រះ​គ្រីស្ទ​ជា​មូល​ដ្ឋាន

រង្វាន់​របស់​ព្រះ​ជាម្ចាស់