in

តើ​គ្រីស្ទ​បរិស័ទ​គួរ​ស្បថ​លើ​ព្រះ​គម្ពីរ​ដែរ​ឬ​ទេ?

លោក​គ្រូ តើ​ព្រះ​គម្ពីរ​បាន​លើក​ឡើង​យ៉ាង​ដូច​ម្ដេច ឬ​ក៏​ថា​លោក​គ្រូ​មាន​យោបល់​យ៉ាង​ដូច​ម្ដេច ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ព្រះ​គម្ពីរ ដើម្បី​ស្បថ​ថា​នឹង​និយាយ​តែ​ការ​ពិត​នៅ​ទី​កន្លែង​កាត់​ក្តី? ហេតុ​អ្វី​បាន​ត្រូវ​ធ្វើ​បែប​នេះ? តើ​យើង​គួរ​បន្ត​ធ្វើ​ដែរ​ឬ​ទេ? ហើយ​ចុះ​អ្នក​និយាយ​កុហក​វិញ? តើ​ព្រឹត្តិការណ៍​នេះ ការ​ប្រើ​ប្រាស់​ព្រះ​គម្ពីរ​នឹង​ធ្វើ​ឲ្យ​ព្រះ​ជាម្ចាស់​កាន់​តែ​ដាក់​ទោស​អ្នក​ដែល​និយាយ​កុហក​ដែរ​ឬ​ទេ?
ជា​ការ​ចាប់​ផ្ដើម បើ​និយាយ​ឲ្យ​ចំៗ​និង​ស្មោះ​ត្រង់​ទៅ ខ្ញុំ​គិត​ថា​គ្រីស្ទ​បរិស័ទ​គួរ​តែ​ប្រឆាំង​នឹង​ការ​ស្បថស្បែ​បែប​ទម្លាប់​បុរាណ​ដូច​នេះ។ ហើយ​ទាក់​ទង​ទៅ​នឹង «ទម្លាប់​បុរាណ​ដូច​នេះ» ខ្ញុំ​មាន​ន័យ​ថា—នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ចម្លើយ​របស់​ខ្ញុំ​លើ​សំណួរ​មួយ​នេះ​អំពី​អត្ថ​ន័យ​របស់​វា—ដែល​យក​វត្ថុ​ឱទ្បារិក​ណា​មួយ ហើយ​ស្បថ​ថា​នឹង​និយាយ​តែ​ការ​ពិត​ដោយ​ផ្អែក​លើ​វត្ថុ​ឱទ្បារិក​នោះ ដូច​ជា​ព្រះ​គម្ពីរ ឈ្មោះ​របស់​ម្ដាយ ផ្នូរ​របស់​ឪពុក​ខ្លួន ព្រះ​នាម​ព្រះជាម្ចាស់ ឬ​ក៏​ព្រះគ្រីស្ទ។ ដូច​ជា​លើក​ឡើង​ថា៖ «ខ្ញុំ​ស្បថ​ដោយ​ផ្នូរ​របស់​ឪពុក​ខ្ញុំ​ថា ខ្ញុំ​នឹង​មិន​កុហក​ទេ»។ ឬ​ក៏​អ្វី​ដែល​ស្រដៀង​នោះ។
ក្នុង​ទម្លាប់​បុរាណ​ដូច​នេះ ការ​ស្បថ​ដោយ​យក​វត្ថុ​ឱទ្បារិក​ណា​មួយ​លើក​មក​និយាយ គំនិត​គឺ​ថា ការ​ប្ដេជ្ញា​របស់​លោក​អ្នក​ទៅ​លើ​សេចក្ដី​ពិត ទំនង​ជា​ខ្សោយ ហើយ​លោក​អ្នក​នឹង​ហ៊ាន​និយាយ​សេចក្ដី​ពិត ដោយ​មាន​សេចក្ដី​ប្រាថ្នា​មិន​ចង់​ប្រព្រឹត្ត​ល្មើស​នឹង​វត្ថុ​ឱទ្បារិក​នោះ ដែល​លោក​អ្នក​បាន​ស្បថស្បែ​ទៅ​លើ។ តើ​លោក​អ្នក​យល់​ទេ?  បើ​និយាយ​ម្យ៉ាង​វិញ​ទៀត សេចក្ដី​សន្មត់​គឺ​ថា លោក​អ្នក​បាន​ចូល​ទី​កន្លែង​កាត់​ក្ដី ឬ​ក៏​ស្ថាន​ភាព​ណា​មួយ ដោយ​មិន​ពិត​ជា​បាន​ប្ដេជ្ញា​ថា​នឹង​និយាយ​ការ​ពិត​ទេ ដូច្នេះ​ទំនង​ជា​យើង​អាច​ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​និយាយ​សេចក្ដី​ពិត​បាន ប្រសិន​បើ​យើង​នឹក​គិត​ទៅ​ដល់​ការ​និយាយ​សេចក្ដី​ពិត ឬ​ក៏​ការ​កុហក​របស់​ខ្លួន​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ប្រព្រឹត្ត​ល្មើស​លើ​វត្ថុ​ឱទ្បារិក​ណា​មួយ ដូច​ជា​ឈ្មោះ​របស់​ម្ដាយ ផ្នូរ​របស់​ឪពុក​ខ្លួន ព្រះនាម​ព្រះជាម្ចាស់ ឬ​ក៏​ព្រះ​គម្ពីរ។
នេះ​គឺ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​គិត​ថា គេ​បាន​ប្រើ​ប្រាស់​ព្រះ​គម្ពីរ​ក្នុង​ទម្លាប់​បុរាណ​ដូច​នេះ​នៅ​ទី​កន្លែង​កាត់​ក្តី ដោយ​សារ​ធ្លាប់​មាន​ពេល​មួយ ដែល​មនុស្ស​ទូទៅ​បាន​ឲ្យ​តម្លៃ​លើ​ភាព​បរិសុទ្ធ​នៃ​ព្រះ​គម្ពីរ​ក្នុង​វប្បធម៌ ត្រង់​ថា គ្មាន​អ្នក​ណា លើក​លែង​តែ​បុគ្គល​ដែល​មាន​ចិត្ត​រឹង​ខ្លាំង​ជាង​គេ ទើប​នឹង​ចង់​ប្រព្រឹត្ត​ល្មើស​ដោយ​ស្បថ​លើ​ព្រះ​គម្ពីរ ហើយ​បែរ​ជា​និយាយ​កុហក​បន្ទាប់​ពី​គាត់​ទើប​តែ​បាន​ដាក់​ដៃ​នៅ​លើ​ព្រះ​គម្ពីរ ដែល​ឥឡូវ​នេះ​គាត់​កំពុង​តែ​ប្រព្រឹត្ត​ល្មើស​លើ។
ហើយ​មូល​ហេតុ​ដែល​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត កុំ​ឲ្យ​គ្រីស្ទ​បរិស័ទ​មាន​ចំណែក​ក្នុង​ការ​ស្បថស្បែ​ដូច​នេះ គឺ​ដោយ​សារ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​នៅ​ក្នុង​កណ្ឌ​គម្ពីរ (ម៉ាថាយ ៥:៣៣-៣៧)៖
មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សម្ដែង​មក​ដល់​មនុស្ស​ពី​ដើម​ថា «កុំ​ឲ្យ​ស្បថ​កុហក​ឡើយ គឺ​ត្រូវ​ឲ្យ​ធ្វើ​សម្រេច​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ស្បថ​នឹង​ព្រះ​អម្ចាស់» ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ស្បថ​ឲ្យ​សោះ ទោះ​នឹង​ស្ថាន​សួគ៌​ក្តី ព្រោះ​ជា​បល្ល័ង្ក​នៃ​ព្រះ ទោះ​នឹង​ផែនដី​ក្តី ព្រោះ​ជា​កំណល់​កល់​ព្រះ​បាទ​ទ្រង់ ទោះ​នឹង​ក្រុង​ជេរូហ្សាឡឹម​ក្តី ព្រោះ​ជា​ក្រុង​នៃ​ស្ដេច​ធំ ក៏​កុំ​ឲ្យ​ស្បថ​នឹង​ក្បាល​អ្នក​ដែរ ពី​ព្រោះ​អ្នក​នឹង​ធ្វើ​ឲ្យ​សក់​មួយ​សរសៃ​ត្រឡប់​ទៅ​ជា​ស​ឬ​ជា​ខ្មៅ​ពុំ​បាន​ទេ ត្រូវ​ឲ្យ​ចេញ​សម្ដី​ថា​តែ​មែនៗ ឬ​ទេៗ ប៉ុណ្ណោះ សេចក្ដី​ណា​ដែល​លើស​អំពី​នោះ​ទៅ នោះ​មក​តែ​ពី​អា​កំណាច​ទេ។
ហើយ​បន្ទាប់​មក លោក យ៉ាកុប ក៏​បាន​បន្ត​លើក​ឡើង​ថា «តែ​បង​ប្អូន​អើយ»—ដែល​ជា​ប្រយោគ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍—«កុំ​ឲ្យ​ស្បថ​ជា​ដើម ទោះ​បើ​នឹង​ស្ថាន​សួគ៌ ឬ​នឹង​ផែន​ដី​ក្តី ក៏​កុំ​ឲ្យ​ស្បថ​យ៉ាង​ណា​ឲ្យ​សោះ តែ​ឲ្យ​ពាក្យ «បាទ» របស់​អ្នក​រាល់​គ្នា បាន​នៅ​តែ «បាទ» ហើយ​ពាក្យ «ទេ» នៅ​តែ «ទេ» ដ​ដែល ក្រែង​អ្នក​រាល់​គ្នា​ធ្លាក់​ទៅ​ជា​មាន​ទោស» (យ៉ាកុប ៥:១២)។
យើង​ដឹង​ហើយ​ថា នៅ​ពេល​ដែល​មាន​ការ​លើក​ឡើង​ខ​គម្ពីរ​ដូចៗ​នេះ នោះ​ជា​ទូទៅ​នឹង​មាន​គេ​លើក​ឡើង​ខ​គម្ពីរ​ផ្សេង​ដូច​ជា៖ នៅ​ក្នុង​កណ្ឌ​គម្ពីរ (ហេព្រើរ ៦:១៣-១៨) យើង​ឃើញ​ថា​ព្រះ​ជាម្ចាស់​ផ្ទាល់​បាន​ស្បថ។ ហើយ​ពួក​ទេវតា​ក៏​បាន​ស្បថ​ដែរ (វិវរណៈ ១០:៥-៧)។ ហើយ​យ៉ាង​ហោច​ណាស់​សាវ័ក ប៉ុល ក៏​បាន​លើក​ឡើង​៥​ដង​ទាក់​ទង​ទៅ​នឹង​ភាព​ម៉ត់​ចត់​របស់​គាត់​ក្នុង​ការ​និយាយ​សេចក្ដី​ពិត ដោយ​លើក​ឡើង​ថា​គាត់​និយាយ​នៅ​ក្នុង​ព្រះ​វត្ត​មាន​របស់​ព្រះ​ជាម្ចាស់ ឬ​ក៏​ព្រះ​គ្រីស្ទ។ (សូម​មើល​ឧទាហរណ៍​នៅ​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៩:១-២)។
ការ​ឆ្លើយ​តប​របស់​ខ្ញុំ​ចំពោះ​ការ​លើក​ឡើង​ដូច្នោះ​គឺ​ថា៖ ពិត​ណាស់! នោះ​សំខាន់ ហើយ​យើង​ក៏​ត្រូវ​ពិចារណា​ដែរ ប៉ុន្តែ​ក្នុង​ចំណោម​ឧទាហរណ៍​ទាំង​នោះ តាម​ដែល​ខ្ញុំ​យល់ វា​មិន​បាន​រំលាយ​ចោល​ភាព​ធ្ងន់ធ្ងរ ឬ​ក៏​ការ​អនុវត្ត​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​នៅ​ក្នុង​កណ្ឌ​គម្ពីរ (ម៉ាថាយ ៥:៣៣-៣៧) ឬ​ក៏​កណ្ឌ​គម្ពីរ (យ៉ាកុប ៥:១២) ទេ។ អ្វី​ដែល​ព្រះ​យេស៊ូវ​កំពុង​តែ​ផ្ដោត​លើ​គឺ​ថា ឲ្យ​រាស្ត្រ​របស់​ទ្រង់​មាន​ការ​ប្ដេជ្ញា​ចិត្ត​ទាំង​ស្រុង​ក្នុង​ការ​និយាយ​ការ​ពិត ដល់​ថ្នាក់​ថា ពួក​គាត់​មិន​ចាំ​បាច់​ស្បថ​លើ​អ្វី​មួយ ដើម្បី​យក​មក​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ពាក្យ​ពេចន៍​របស់​ខ្លួន​ទេ ដូច​ជា​ការ​ខ្លាច​ប្រព្រឹត្ត​ល្មើស​លើ​វត្ថុ​ឱទ្បារិក ឬ​ក៏​អ្វី​ផ្សេង​ទៀត។ តាម​ពិត​ទៅ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា ប្រសិន​បើ​លោក​អ្នក​បន្ថែម​លើ «បាទ/ចាស» ឬ​ក៏ «ទេ» នោះ​វា​ទំនង​ជា​កំពុង​កើត​ចេញ​ពី​ប្រភព​នៃ​ការ​អាក្រក់​ហើយ។
ទាក់​ទង​នឹង​ការ​អនុវត្ត នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​ធ្វើ៖ ខ្ញុំ​មិន​ដែល​ធ្វើ​ជា​សាក្សី​នៅ​ទី​កន្លែង​កាត់​ក្តី​ទេ (មិន​ទាន់​ធ្លាប់​មាន​ឱកាស) ប៉ុន្តែ​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​ធ្វើ ប្រសិន​បើ​មាន​មេធាវី​មក​កោះ​ហៅ​ខ្ញុំ ឬ​ក៏​ឲ្យ​ខ្ញុំ​ស្បថ ដូច​ជា​គេ​ថា​នៅ​ទី​កន្លែង​កាត់​ក្តី ដើម្បី​ធ្វើ​ជា​សាក្សី។ ទំនង​គេ​នឹង​យក​ព្រះ​គម្ពីរ​មក​បង្ហាញ​ខ្ញុំ ហើយ​និយាយ​ថា «សូម​លា​ដៃ​លើ»។ សព្វថ្ងៃ​នេះ ខ្ញុំ​មិន​ដឹង​ថា ទី​កន្លែង​កាត់​ក្តី​គេ​ធ្វើ​យ៉ាង​ដូចម្តេច​ទេ។ ប៉ុន្តែ ប្រសិន​បើ​គេ​យក​ព្រះ​គម្ពីរ​មក​បង្ហាញ​ខ្ញុំ ហើយ​សូម​ឲ្យ​ខ្ញុំ​ដាក់​ដៃ​លើ​ព្រះ​គម្ពីរ ហើយ​ឲ្យ​ស្បថ​ថា​ខ្ញុំ​នឹង​និយាយ​ការ​ពិត គឺ​ការ​ពិត​ទាំង​ស្រុង​គ្មាន​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ការ​ពិត នោះ​ខ្ញុំ​នឹង​ឆ្លើយ​តប​វិញ​ដូច​នេះ​ថា៖
«លោក​ចៅ​អធិការ ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្ញុំ​ចំពោះ​សេចក្ដី​ពិត និង​ចំពោះ​ព្រះ​អង្គ​នៃ​សេចក្ដី​សង្គ្រោះ គឺ​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវ​គ្រីស្ទ នាំ​ឲ្យ​ខ្ញុំ​ជឿ​ថា ការ​ធ្វើ​បែប​នេះ​នឹង​មិន​ផ្ដល់​កិត្តិយស​ដល់​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្ញុំ លើ​ព្រះ​អម្ចាស់​ទេ ប្រសិន​បើ​ខ្ញុំ​ចាំ​បាច់​ត្រូវ​ដាក់​ដៃ​លើ​សៀវភៅ​បរិសុទ្ធ​នេះ ដើម្បី​ធានា​ថា​ខ្ញុំ​នឹង​និយាយ​តែ​ការ​ពិត។ ខ្ញុំ​បាន​ប្ដេជ្ញា​ចិត្ត​ទាំង​ស្រុង​ក្នុង​ការ​និយាយ​តែ​ការ​ពិត និង​ប្ដេជ្ញា​ទាំង​ស្រុង​ចំពោះ​ព្រះ​អម្ចាស់​នៃ​សេចក្ដី​ពិត​ហើយ។ ដូច្នេះ ខ្ញុំ​សូម​ស្នើ​សុំ​កុំ​ឲ្យ​ខ្ញុំ​ចាំ​បាច់​ស្បថ​ដូច្នេះ ហើយ​ខ្ញុំ​សូម​សន្យា​ដោយ​ពឹង​លើ​ការ​ជួយ​ពី​ព្រះ​អម្ចាស់​ព្រះ​យេស៊ូវ​ថា ខ្ញុំ​នឹង​និយាយ​ការ​ពិត គឺ​ការ​ពិត​ទាំង​ស្រុង គ្មាន​អ្វី​ផ្សេង​ទៀត​ក្រៅ​ពី​ការ​ពិត»។ ហើយ​ខ្ញុំ​គិត​ថា ទី​កន្លែង​កាត់​ក្តី​នោះ​នឹង​ឲ្យ​តម្លៃ​លើ​សេចក្ដី​សន្យា​នេះ។ ខ្ញុំ​គិត​ថា ពួក​គាត់​នឹង​អនុញ្ញាត​ឲ្យ​លោក​អ្នក​និយាយ​តាម​របៀប​របស់​លោក​អ្នក។ ហើយ​នេះ​ក៏​ជា​ឱកាស​សម្រាប់​ការ​ធ្វើ​ទី​បន្ទាល់​ដែរ ហើយ​ខ្ញុំ​ក៏​នឹង​ប្រើ​ប្រាស់​ឱកាស​នោះ ប្រសិន​បើ​ព្រះ​ជាម្ចាស់​ប្រទាន​ព្រះ​គុណ​របស់​ទ្រង់​មក​កាន់​ខ្ញុំ។
សរុប​សេចក្ដី​ទៅ គោល​បំណង​នៃ​សកម្មភាព​ដ៏​តូច​នោះ នៅ​កន្លែង​កាត់​ក្តី គឺ​ដើម្បី​តម្កើង​ព្រះ​នាម​ព្រះ​យេស៊ូវ​ថា​ជា​ព្រះ​អង្គ​នៃ​សេចក្ដី​ពិត និង​ដើម្បី​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្ញុំ​ថា ជា​បុគ្គល​ដែល​និយាយ​សេចក្ដី​ពិត ដោយ​មិន​ចាំ​បាច់​មាន​ការ​គំរាម​ថា ភាព​មិន​ទៀង​ត្រង់​របស់​ខ្ញុំ នឹង​នាំ​មក​នូវ​ផល​កម្ម​អាក្រក់ៗ​ផ្សេង​ទៀត ដោយ​សារ​ខ្ញុំ​បាន​ដាក់​ដៃ​ខ្ញុំ​លើ​ព្រះ​គម្ពីរ​នោះ​ឡើយ។
និពន្ធ​ដោយ៖ John Piper
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, និង​កញ្ញា ហុង រស្មី
ដក​ស្រង់​ខ្លះៗ និង​កែ​សម្រួល​ចេញពី www.desiringgod.org ដោយ​មាន​ការ​អនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

គ្រីស្ទាន​គួរ​តែ​រៀប​ការ​ជា​មួយ​គ្រីស្ទាន ប៉ុន្តែ​ហេតុ​អ្វី?