in ,

តើ​ខ្ញុំ​គួរ​អធិស្ឋានទៅកាន់ព្រះវរបិតា ព្រះយេស៊ូវ ឬក៏ព្រះវិញ្ញាណបរិសុទ្ធ?

ថ្ងៃនេះ​យើង​នឹង​ឆ្លើយ​នូវ​សំណួរ​ដ៏​ពិបាក​មួយ​ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​សួរ៖ តើ​ខ្ញុំ​គួរ​អធិស្ឋាន​ទៅ​កាន់​ព្រះ​យេស៊ូវ ព្រះ​វិញ្ញាណ​បរិសុទ្ធ ឬ​ក៏​ព្រះ​វរបិតា?

យើង​ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​មែន​ដែល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​មាន​មនុស្ស​ជា​ច្រើន​បាន​សួរ​នូវ​សំណួរ​នេះ​មក​កាន់​យើង​ខ្ញុំ។ នេះ​គឺ​ជា​សំណួរ​ដ៏​សាមញ្ញ​បំផុត​មួយ ហើយ​ក៏​ជា​សំណួរ​ដ៏​ល្អ​ផង​ដែរ។ ហើយ​យើង​ខ្ញុំ​គិត​ថា យើង​ខ្ញុំ​យល់​អំពី​មូល​ហេតុ​ដែល​គេ​តែង​តែ​សួរ​នូវ​សំណួរ​នេះ​ជា​រឿយៗ​ដែរ។ ពេល​ដែល​យើង​កំពុង​តែ​ធំធាត់​ឡើង យើង​ក៏​មាន​ប្រពៃណី​ជា​ច្រើន​ដែរ ហើយ​ពេល​ខ្លះ​យើង​នឹង​ឆ្ងល់​ថា តើ​ប្រពៃណី​នេះ​គឺ​ជា​ប្រពៃណី​ដ៏​ពិត​តែ​មួយ​គត់​មែន​ឬ?

ឧទាហរណ៍៖ មាន​មនុស្ស​ជា​ច្រើន​ក្នុង​ក្រុម​ជំនុំ​គ្រីស្ទ​បរិស័ទ​ទំនង​ជា​បាន​ចម្រើន​ពេញ​វ័យ​ឡើង​ដោយ​ចាប់​ផ្ដើម​ការ​អធិស្ឋាន​ជា​មួយ​នឹង​ពាក្យ​ពេចន៍ «ឱ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌…» ឬ​ក៏ «ឱ​ព្រះ​វរបិតា​នៃ​ទូល​បង្គំ…» ហើយ​បញ្ចប់​ការ​អធិស្ឋាន​របស់​យើង​ជា​មួយ​នឹង​ពាក្យ​ពេចន៍ «ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ។ អាម៉ែន!» នេះ​គឺ​ជា​លំនាំ​ដែល​យើង​បាន​រៀន។ ចាប់​ផ្ដើម​អធិស្ឋាន​ទៅ​កាន់​ព្រះ​វរបិតា ហើយ​បញ្ចប់​ការ​អធិស្ឋាន​ក្នុង​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ។ អាម៉ែន។ យើង​ខ្ញុំ​នឹង​ពន្យល់​អំពី​មូល​ហេតុ​ដែល​ថា​នេះ​គឺ​ជា​ប្រពៃណី​ដ៏​ល្អ។ យើង​ខ្ញុំ​ជឿ​ជាក់​ថា កូនៗ​គួរ​ចម្រើន​ពេញ​វ័យ​ឡើង​ដោយ​យក​លំនាំ​នេះ​ជា​លំនាំ​ចម្បង​ក្នុង​ការ​អធិស្ឋាន។ ចាប់​ផ្ដើម​ដោយ​អធិស្ឋាន​ទៅ​កាន់​ព្រះ​វរបិតា ក្នុង​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ក្នុង​ព្រះ​នាម និង​អំណាច​របស់​ព្រះ​រាជបុត្រា។ នេះ​គឺ​ជា​លំនាំ​ដ៏​សាមញ្ញ​នៃ​ការ​អធិស្ឋាន​ដែល​មាន​មូល​ដ្ឋាន​លើ​ព្រះ​ត្រៃ​ឯក ដែល​យើង​ឃើញ​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ។

សូម​ផ្ដោត​លើ​ព្រះ​វរបិតា

លំនាំ​មួយ​នេះ​មាន​ឫសគល់​យ៉ាង​ជ្រៅ​ក្នុង​ព្រះ​បន្ទូល៖

«ដូច្នេះ ដែល​មាន​សម្ដេច​សង្ឃ​យ៉ាង​ធំ​១អង្គ ដែល​ទ្រង់​បាន​យាង​កាត់​អស់​ទាំង​ជាន់​ស្ថាន​សួគ៌ គឺ​ព្រះ​យេស៊ូវ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ នោះ​ត្រូវ​តែ​ឲ្យ​យើង​មាន​ចិត្ត​ដាច់​ស្រឡះ​នឹង​ជឿ​តាម​ចុះ ដ្បិត​សម្ដេច​សង្ឃ​នៃ​យើង ទ្រង់​មិន​មែន​មិន​អាច​នឹង​អាណិត​អាសូរ ដល់​សេចក្តី​កម្សោយ​របស់​យើង​រាល់​គ្នា​នោះ​ទេ ព្រោះ​ទ្រង់​បាន​ត្រូវ​សេចក្តី​ល្បួង​គ្រប់​យ៉ាង ដូច​ជា​យើង​រាល់​គ្នា​ដែរ តែ​ឥត​ធ្វើ​បាប​ឡើយ ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា មក​ដល់​បល្ល័ង្ក​នៃ​ព្រះ​គុណ ដោយ​ក្លា​ហាន ដើម្បី​នឹង​ទទួល​សេចក្តី​មេត្តា ហើយ​រក​បាន​ព្រះ​គុណ​សម្រាប់​នឹង​ជួយ​ដល់​ពេល​ត្រូវ​ការ​ចុះ» (ហេព្រើរ ៤:១៤-១៦)។

យើង​អាច​ចូល​ទៅ​កាន់​ព្រះ​ជាម្ចាស់​ក្នុង​ការ​អធិស្ឋាន​តាម​តែ​រយៈ​ការ​ទទូច​សូម​ព្រះ​គុណ​ប៉ុណ្ណោះ។ នេះ​ដោយ​សារ​យើង​មាន​ព្រះ​យេស៊ូវ​ជាស​ម្ដេច​សង្ឃ។ ហើយ​នេះ​ជា​មូល​ហេតុ​ដែល​យើង​អធិស្ឋាន​ក្នុង​ព្រះ​នាម​របស់​ព្រះ​យេស៊ូវ។ យើង​ខ្ញុំ​ព្យាយាម​បង្រៀន​កូនៗ​របស់​យើង​ខ្ញុំ​ថា កុំ​ឲ្យ​ប្រើ​ប្រាស់​ឃ្លា «ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ អាម៉ែន» ក្នុង​លក្ខណៈ​ជា​ការ​បញ្ចប់​សេចក្ដី​អធិស្ឋាន​ជា​មួយ​នឹង​ពាក្យ​មិន​មាន​តម្លៃ។ យើង​ខ្ញុំ​ព្យាយាម​បង្រៀន​កូនៗ​កុំ​ឲ្យ​និយាយ​រអ៊ូ​រទាំៗ​នូវ​ពាក្យ​ពេចន៍​ទាំង​នោះ ហើយ​កុំ​ឲ្យ​ឆាប់​បញ្ចប់​ដោយ​ពាក្យ​ពេចន៍​ទាំង​នោះ​ដែរ។ ពាក្យ​ពេចន៍​ទាំង​នេះ​លើក​ឡើង​នូវ​អ្វី​ដែល​អស្ចារ្យ ហើយ​សំខាន់។ យើង​មិន​អាច​ចូល​ទៅ​កាន់​ព្រះ​ជាម្ចាស់​បាន​ដោយ​គ្មាន​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ព្រះ​នាម​របស់​ទ្រង់​បាន​ឡើយ។ នៅ​ពេល​ដែល​យើង​អធិស្ឋាន​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ គឺ​យើង​កំពុង​តែ​ទូល​ទៅ​កាន់​ព្រះ​វរបិតា​ថា «ទូល​បង្គំ​មិន​មែន​កំពុង​ចូល​ទៅ​កាន់​ព្រះ​អង្គ​ក្នុង​ឈ្មោះ​របស់​ខ្លួន​ឯង​ឡើយ។ ទូល​បង្គំ​មិន​មែន​កំពុង​ចូល​ទៅ​កាន់​ព្រះ​អង្គ​ដោយ​ពឹង​លើ​ទង្វើ​របស់​ខ្លួន​ទេ។ ទូល​បង្គំ​មិន​មែន​កំពុង​ចូល​ទៅ​កាន់​ព្រះ​អង្គ​ដោយ​ពឹង​លើ​ភាព​ស័ក្ដិ​សម​របស់​ខ្លួន​ដែរ។ ទូល​បង្គំ​តែ​កំពុង​ចូល​ទៅ​កាន់​ព្រះ​អង្គ​ដោយ​សារ​ព្រះ​គ្រីស្ទ​ស្រឡាញ់​ទូល​បង្គំ​វិញ។ ព្រះ​គ្រីស្ទ​បាន​សុគត​សម្រាប់​ទូល​បង្គំ​ទៀត​ផង។ ព្រះ​គ្រីស្ទ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​សម្រាប់​ទូល​បង្គំ។ ព្រះ​គ្រីស្ទ​កំពុង​ទូល​អង្វរ​សម្រាប់​ទូល​បង្គំ»។ នេះ​គឺ​ជា​អត្ថ​ន័យ​នៃ​ពាក្យ​ពេចន៍​ដ៏​តូច​តាច​ទាំង​នេះ។ វា​គឺ​ជា​ការ​ដ៏​សំខាន់​ណាស់។

សាវ័ក ប៉ុល ក៏​បាន​លើក​ឡើង​អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​កណ្ឌ​គម្ពីរ អេភេសូរ ៦:១៨ ថា៖ «អធិស្ឋាន​ដោយ​ព្រះ​វិញ្ញាណ​រាល់​ពេល​រាល់​វេលា»។ ឬ​ក៏​នៅ​ក្នុង​កណ្ឌ​គម្ពីរ យូដាស ១:២០ «ប៉ុន្តែ ឯ​អ្នក​រាល់​គ្នា ជា​ពួក​ស្ងួនភ្ងា​អើយ ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចុះ ព្រម​ទាំង​រង់ចាំ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង ឲ្យ​បាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ»។ ដួង​ចិត្ត​របស់​យើង​ខ្ញុំ​នឹង​មិន​ដែល​មាន​សេចក្ដី​ប្រាថ្នា​អធិស្ឋាន​ទៅ​កាន់​ព្រះ​ជាម្ចាស់​សម្រាប់​ព្រះ​ពរ​ដ៏​ពិត​ដោយ​គ្មាន​ការ​បន្ទាប​ខ្លួន ការ​បំផ្លាស់​បំប្រែ ព័ន្ធ​កិច្ច​នៃ​ការ​ទទួល​បាន​ជំនឿ​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឡើយ។ ដូច្នេះ យើង​ខ្ញុំ​សូម​លន់តួ​អំពី​ចំណុច​នេះ។ យើង​ខ្ញុំ​លើក​ឡើង​ចំណុច​នេះ​ទៅ​កាន់​ព្រះ​អម្ចាស់ និង​មក​កាន់​ខ្លួន​ឯង។ យើង​ខ្ញុំ​ពឹង​លើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ពេល​ដែល​យើង​ខ្ញុំ​អធិស្ឋាន​ទៅ​កាន់​ព្រះ​វរបិតា​ក្នុង​ព្រះ​នាម​ព្រះ​រាជបុត្រា។ ហើយ​ពិត​ណាស់ ព្រះ​យេស៊ូវ​បាន​លើក​ឡើង​យ៉ាង​ច្បាស់​លាស់​នៅ​ក្នុង​កណ្ឌ​គម្ពីរ យ៉ូហាន ១៥:១៦ ថា «ដើម្បី​ឲ្យ​ព្រះ​វរបិតា​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​អ្វីៗ ដែល​នឹង​សូម​ពី​ទ្រង់ ដោយ​នូវ​ឈ្មោះ​ខ្ញុំ»។

កុំ​ភ្លេច​ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ

នេះ​គឺ​ជា​ប្រពៃណី​ដ៏​ល្អ និង​ត្រឹម​ត្រូវ។ អាម៉ែន។ ប៉ុន្តែ វា​ក៏​ជា​ការ​ល្អ និង​ត្រឹម​ត្រូវ​ក្នុង​ការ​អធិស្ឋាន​ទៅ​កាន់​ព្រះ​យេស៊ូវ​ក្នុង​នាម​ជា​មិត្តភក្ដិ​របស់​លោក​អ្នក ជា​ព្រះ​អង្គ​សង្គ្រោះ ជា​ព្រះ​អម្ចាស់ និង​ជា​អ្នក​ណែនាំ​លោក​អ្នក​ដែរ។ ហើយ​វា​ក៏​ជា​ការ​ល្អ និង​ត្រឹម​ត្រូវ​ក្នុង​ការ​អធិស្ឋាន​ទៅ​កាន់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ។ ក្នុង​កណ្ឌ​គម្ពីរ​យ៉ូហាន ១៤:១៤ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា៖ «បើ​អ្នក​រាល់​គ្នា​នឹង​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សម្រេច​ឲ្យ»។ ហើយ​នៅ​ក្នុង​កណ្ឌ​គម្ពីរ វិវរណៈ ២២:២០៖ ហើយ​យើង​កំពុង​តែ​អធិស្ឋាន​ទៅ​កាន់​ព្រះ​យេស៊ូវ​នៅ​ពេល​ដែល​យើង​លើក​ឡើង​ថា «ព្រះ​អង្គ ដែល​ធ្វើ​បន្ទាល់​ពី​សេចក្តី​ទាំង​នេះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា អើ អញ​មក​ជា​ឆាប់»។ ហើយ​យើង​ឆ្លើយ​តប​វិញ​ថា «អាម៉ែន ព្រះ​អម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក»។ ដូច​គ្នា​ផង​ដែរ​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស ១៦:២២ «បើ​អ្នក​ណា​មិន​ស្រឡាញ់​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ឲ្យ​អ្នក​នោះ​ត្រូវ​បណ្តាសា​ចុះ»។ ហើយ​បន្ទាប់​មក យើង​ឆ្លើយ​តប​ទៅ​កាន់​ព្រះ​អម្ចាស់​ថា «ព្រះ​អម្ចាស់​ទ្រង់​យាង​មក»។

ដូច​គ្នា​ផង​ដែរ យើង​ខ្ញុំ​ជឿ​ជាក់​ថា នៅ​ពេល​ដែល​យើង​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ព្រួយ​ព្រះ​ទ័យ នោះ​យើង​ខ្ញុំ​គួរ​សុំ​ទោស​ព្រះ​វិញ្ញាណ​បរិសុទ្ធ (អេភេសូរ ៤:៣០)។ ប្រសិន​បើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​អង្គ​បុគ្គល​ដែល​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រួយ​ព្រះ​ទ័យ នោះ​តើ​យើង​ខ្ញុំ​គ្រាន់​តែ​មិន​អើពើ​ដោយ​អធិស្ឋាន​ទៅ​កាន់​ព្រះ​អង្គ ហើយ​អធិស្ឋាន​ទៅ​កាន់​ព្រះ​វរបិតា​វិញ​មែន​ឬ? តើ​យើង​ខ្ញុំ​គួរ​អធិស្ឋាន​ទៅ​កាន់​ព្រះ​វរបិតា​ថា៖ ទូល​បង្គំ​សុំ​ទោស​ដែល​ទូល​បង្គំ​បាន​ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​ព្រួយ​ព្រះ​ទ័យ? យើង​ខ្ញុំ​គិត​ថា យើង​អាច​អនុញ្ញាត​ចំណុច​នេះ​បាន ប៉ុន្តែ​មាន​ចំណុច​ដ៏​ជ្រាល​ជ្រៅ​ក្នុង​សេចក្ដី​ពិត​នៃ​ព្រះ​ត្រៃ​ឯក និង​បុគ្គល​ភាព​នៃ​ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ។ ដូច្នេះ យើង​គួរ​ចាត់​ទុក​អង្គ​បុគ្គល​នីមួយៗ​ថា​ជា​បុគ្គល។

សេចក្ដី​សន្និដ្ឋាន​របស់​យើង​ខ្ញុំ​គឺ​ដូច​នេះ៖ សូម​ឲ្យ​ការ​អធិស្ឋាន​ជា​ប្រចាំ និង​សាមញ្ញ​របស់​លោក​អ្នក​ជា​ការ​អធិស្ឋាន​ទៅ​កាន់​ព្រះ​វរបិតា​តាម​រយៈ​ព្រះ​វិញ្ញាណ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ។ ប៉ុន្តែ ក៏​សូម​ចងចាំ​ថា ដែល​ព្រះ​យេស៊ូវ និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​បុគ្គល។ ក្នុង​នាម​ជា​មនុស្ស​មាន​បាប វា​ជា​រឿង​ធម្មតា​ទេ​ក្នុង​ការ​អធិស្ឋាន​ទៅ​កាន់​បុគ្គល​ទាំង​បី​អង្គ។

សូម​រៀន​អំពី​របៀប​ដែល​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​រចនា​ឡើង​នូវ​ជីវិត​អធិស្ឋាន​របស់​យើង។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា, លោក សឹម រក្សា, លោក Jeff Lai និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ហើយផឹកចុះ

ត្រឡប់ជាថ្មី