in

សុគត​ដើម្បី​ទទួលការ​កាត់ទោស

តើ​អ្នក​ណា​នឹង​កាត់​ទោស​គេ​បាន ដ្បិត​ព្រះ​គ្រីស្ទ​ទ្រង់​បាន​សុគត​
ជំនួស​គេ​ហើយ តែ​ដែល​ថា ទ្រង់​រស់​ឡើង​វិញ នោះ​មាន​ទំនង​
ជាង​ទ្រង់​ក៏​គង់​នៅ​ខាង​ស្តាំ​នៃ​ព្រះ ហើយ​ជា​អ្នក​អង្វរ​
ជំនួស​យើង​រាល់​គ្នា​ដែរ។
(រ៉ូម ៨:៣៤)

សេចក្ដី​សន្និដ្ឋាន​ដ៏​ធំ​លើ​ការ​រងទុក្ខ និង​ការ​សុគត​របស់​ព្រះ​គ្រីស្ទ​គឺ៖ «ហេតុ​នោះ នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ» (រ៉ូម ៨:១)។ ការ​នៅ «ក្នុង​ព្រះ​គ្រីស្ទ» មាន​ន័យ​ថា យើង​មាន​ទំនាក់​ទំនង​ជា​មួយនឹង​ទ្រង់​ដោយ​ជំនឿ។ ជំនឿ​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ផ្សំផ្គុំ​យើង​ជា​មួយនឹង​ទ្រង់ ដើម្បី​ឲ្យ​ការ​សុគត​របស់​ព្រះ​អង្គ​ត្រឡប់​ជា​សេចក្ដី​ស្លាប់​របស់​យើង ហើយ​ភាព​គ្រប់​លក្ខណ៍​របស់​ទ្រង់​ត្រឡប់​ជា​ភាព​គ្រប់​លក្ខណ៍​របស់​យើង​វិញ។ ព្រះ​គ្រីស្ទ​ត្រឡប់​ជា​អ្នក​ទទួល​ទណ្ឌកម្ម​ជំនួស​យើង (ដើម្បី​មិន​ឲ្យ​យើង​ត្រូវ​ទ្រាំទ្រ) និង​ជា​ភាព​គ្រប់​លក្ខណ៍​របស់​យើង (ពីព្រោះ​យើង​មិន​អាច​ត្រឡប់​ជា​មនុស្ស​គ្រប់​លក្ខណ៍​បាន​ដោយ​ខ្លួន​ឯង)។

ជំនឿ​មិន​មែន​ជា​មូលដ្ឋាន​នៃ​ការ​ដែល​ព្រះ​ជាម្ចាស់​ព្រម​ទទួល​យើង​នោះ​ទេ តែ​​ព្រះ​គ្រីស្ទ​វិញ​ទេ​ដែល​ជា​មូលដ្ឋាន​របស់​យើង។ ជំនឿ​ផ្សំផ្គុំ​យើង​ជា​មួយព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​ព្រះ​ជាម្ចាស់​រាប់​សេចក្តី​សុចរិត​របស់​ព្រះ​យេស៊ូវ​ថា​ជា​សេចក្តី​សុចរិត​របស់​យើង​ដែរ។ «តែ​យើង​ដឹង​ថា ព្រះ​មិន​បាន​រាប់​មនុស្ស​ជា​សុចរិត ដោយ​ប្រព្រឹត្តិ​តាម​ក្រឹត្យវិន័យ​ឡើយ គឺ​ដោយ​សារ​ជំនឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​វិញ ហេតុ​នោះ​ហើយ​បាន​ជា​យើង​ជឿ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ ដើម្បី​ឲ្យ​ព្រះ​បាន​រាប់​យើង​ជា​សុចរិត​ដោយ​សារ​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ មិន​មែន​ដោយ​ប្រព្រឹត្តិ​តាម​ក្រឹត្យវិន័យ​ទេ ព្រោះ​គ្មាន​អ្នក​ណា​បាន​សុចរិត​ដោយ​ប្រព្រឹត្តិ​តាម​ក្រឹត្យវិន័យ​ឡើយ» (កាឡាទី ២:១៦ គកស)។ ការ​ដែល «ព្រះ​បាន​រាប់​យើង​ជា​សុចរិត​ដោយ​សារ​ជំនឿ» និង​ការ​ដែល​យើង «…បាន​សុចរិត​ក្នុង​ព្រះ​គ្រីស្ទ…» (កាឡាទី ២:១៧) គឺ​ជា​ពាក្យ​ដើរ​ទន្ទឹម​គ្នា។ ព្រះ​ជាម្ចាស់​បាន​រាប់​យើង​ជា​សុចរិត ដោយ​សារ​យើង​នៅ​ក្នុង​ព្រះ​គ្រីស្ទ​ដោយ​សារ​ជំនឿ។

នៅ​ពេល​ដែល​គេ​សួរ​ថា «តើ​អ្នក​ណា​នឹង​ដាក់​ទោស​យើង?» យើង​អាច​ផ្ដល់​ជា​ចម្លើយ​ថា គ្មាន​អ្នក​ណា​ទេ! ម្នាក់​ក៏​គ្មាន​ដែរ! នៅ​ពេល​នោះ​យើង​នឹង​បង្ហាញ​ពី​មូលហេតុ​ចម្បង​ថា «ព្រះ​គ្រីស្ទ​ទ្រង់​បាន​សុគត!» (រ៉ូម ៨:៣៤)។ ការ​សុគត​របស់​ព្រះ​គ្រីស្ទ​បាន​រំដោះ​យើង​ឲ្យ​មាន​សេរីភាព​ចេញ​ពី​ការ​កាត់​ទោស។ ការ​ដែល​ព្រះ​ជាម្ចាស់​នឹង​មិន​កាត់​ទោស​យើង គឺ​មាន​ភាព​ប្រាកដ​ច្បាស់​ដូច​ជា​ព្រះ​គ្រីស្ទ​បាន​សុគត​អញ្ចឹង​មែន។ គ្មាន​ការ​កាត់​ទោស​ពីរ​ដង​ចំពោះ​អំពើ​អាក្រក់​តែ​មួយ​នៅ​ចំពោះ​មុខ​បល្ល័ង្ក​របស់​ព្រះ​ជាម្ចាស់​ឡើយ។ ព្រះ​ជាម្ចាស់​នឹង​មិន​កាត់​ទោស​យើង​ពីរ​ដង​នូវ​ទោស​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​ខុស​ម្ដង​នោះ​ឡើយ។ ព្រះ​គ្រីស្ទ​បាន​សុគត​ជំនួស​បាប​របស់​យើង​តែ​មួយ​ដង។ ហើយ​ព្រះ​ជាម្ចាស់​នឹង​មិន​កាត់​ទោស​អំពើ​បាប​របស់​យើង​ទៀត​ឡើយ។ ព្រះ​ជាម្ចាស់​បាន​លើក​ការ​កាត់​ទោស​ចោល ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា គ្មាន​ការ​កាត់​ទោស​នោះ​ទេ ពីព្រោះ​ទ្រង់​បាន​កាត់​ទោស​ព្រះ​យេស៊ូវ​ជំនួស​យើង​រួច​ទៅ​ហើយ។

ប៉ុន្តែ ចុះ​ចំណែក​ឯ​ការ​កាត់​ទោស​ពី​លោកីយ៍​វិញ? តើ​នោះ​មិន​មែន​ជា​ចម្លើយ​ដែល​សួរ​ថា «តើ​អ្នក​ណា​នឹង​ដាក់​ទោស​យើង» ទេ​ឬ​អី? តើ​លោកីយ៍​មិន​បាន​កាត់​ទោស​គ្រីស្ទបរិស័ទ​ទេ​ឬ​អី? មាន​គេ​បាន​សម្លាប់​គ្រីស្ទបរិស័ទ​ជា​ច្រើន ដោយ​សារ​ជំនឿ​របស់​ពួក​គេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ចម្លើយ​នៅ​តែ​ដដែល​គឺ​ថា គ្មាន​បុគ្គល​ណា​ម្នាក់​អាច​នឹង​កាត់​ទោស​យើង​ឲ្យ​នៅ​ជាប់​ទោស​បាន​ឡើយ។ គេ​នឹង​ព្យាយាម​ចោទ​ប្រកាន់​យើង តែ​ការ​ចោទ​ប្រកាន់​នោះ​មិន​អាច​ធ្វើ​អ្វី​យើង​បាន​ឡើយ។ «តើ​អ្នក​ណា​នឹង​ចោទ​ប្តឹង​ពី​ពួក​រើស​តាំង​របស់​ព្រះ​បាន ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​ទ្រង់​រាប់​គេ​ជា​សុចរិត?» (រ៉ូម ៨:៣៣)។ ដូច​គ្នា​នេះ​ដែរ នៅ​ពេល​ដែល​ព្រះ​គម្ពីរ​សួរ​ថា «តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ផង​ព្រះ​គ្រីស្ទ​បាន តើ​សេចក្ដី​ទុក្ខ​លំបាក ឬ​សេចក្ដី​វេទនា សេចក្ដី​បៀតបៀន សេចក្ដី​អត់​ឃ្លាន សេចក្ដី​អាក្រាត សេចក្ដី​អន្តរាយ ឬ​ដាវ​ឬ​អី» (រ៉ូម ៨:៣៥)។ នេះ​មិន​មែន​មាន​ន័យ​ថា ការ​ទាំង​នេះ​មិន​កើត​ឡើង​ចំពោះ​គ្រីស្ទបរិស័ទ​នោះ​ទេ។ ចម្លើយ​នោះ​គឺ «ទេ ក្នុង​សេចក្ដី​ទាំង​នេះ យើង​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យជម្នះ​ទៅ​ទៀត តាម​រយៈ​ព្រះ​អង្គ​ដែល​បាន​ស្រឡាញ់​យើង» (រ៉ូម ៨:៣៧ គកស)។

លោកីយ៍​នឹង​កាត់​ទោស​យើង ពួក​គេ​ប្រហែល​នឹង​សម្លាប់​យើង។ ប៉ុន្តែ យើង​បាន​ដឹង​ច្បាស់​ហើយ​ថា តុលាការ​ដ៏​ខ្ពស់​បំផុត​ដែល​ជា​ព្រះ​ជាម្ចាស់ ទ្រង់​បាន​លើក​លែង​ទោស​យើង​រួច​ហើយ។ «ដូច្នេះ យើង​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​ទាំង​នេះ​ថា​ដូច​ម្តេច បើ​សិន​ជា​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?» (រ៉ូម ៨:៣១)។ គ្មាន​អ្នក​ណា​ម្នាក់​អាច​ទាស់​នឹង​យើង​បាន​ឡើយ។ បើ​គេ​បដិសេធ​យើង ព្រះ​ជាម្ចាស់​ទទួលស្គាល់​យើង។ បើ​គេ​ស្អប់​យើង ព្រះ​ជាម្ចាស់​ស្រឡាញ់​យើង។ បើ​គេ​ឃុំឃាំង​យើង ព្រះ​ជាម្ចាស់​ដោះ​លែង​វិញ្ញាណ​យើង​ឲ្យ​មាន​សេរីភាព។ បើ​គេ​ធ្វើ​ទុក្ខ​យើង ព្រះ​ជាម្ចាស់​បន្សុទ្ធ​យើង​ដោយ​ភ្លើង។ បើ​គេ​សម្លាប់​យើង ព្រះ​ជាម្ចាស់​យក​ឱកាស​នាំ​យើង​ទៅ​កាន់​ស្ថាន​បរមសុខ។ ពួក​គេ​មិន​អាច​មាន​ជ័យជម្នះ​លើ​យើង​ទេ។ ព្រោះ​ព្រះ​គ្រីស្ទ​បាន​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ យើង​មាន​ជីវិត​នៅ​ក្នុង​ទ្រង់ ហើយ​នៅ​ក្នុង​ទ្រង់ គ្មាន​ការ​កាត់​ទោស​ឡើយ។ ទ្រង់​បាន​អត់​ទោស​ឲ្យ​យើង ហើយ​បាន​រាប់​យើង​ជា​សុចរិត។ «…តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សិង្ហ​វិញ» (សុភាសិត ២៨:១)។

ដកស្រង់ចេញពីសៀវភៅ «ហេតុផលហាសិបដែលព្រះគ្រីស្ទយាងមកសុគត» និពន្ធដោយ៖ លោកគ្រូ ចន ផាភ័រ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

2 points
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

សេចក្ដី​អំណរ ដោយ​ញ័រ​រន្ធត់

ដេញ​តាម​ទ្រព្យសម្បត្តិ​