«រីឯផលផ្លែរបស់ព្រះវិញ្ញាណវិញ គឺសេចក្តីស្រឡាញ់ អំណរ សេចក្តីសុខសាន្ត សេចក្តីអត់ធ្មត់ សេចក្តីសប្បុរស សេចក្តីល្អ ភាពស្មោះត្រង់ ចិត្តស្លូតបូត និងការគ្រប់គ្រងចិត្ត ហើយគ្មានក្រឹត្យវិន័យណាទាស់សេចក្តីទាំងនេះឡើយ» (កាឡាទី ៥:២២-២៣ គគខ)។
តើអ្វីទៅជាចិត្តស្លូតបូត?
ប្រសិនបើបងប្អូនឮពាក្យ «ស្លូតបូត» តើបងប្អូនមានគំនិតបែបណា? ប្រហែលអ្នកខ្លះគិតថា «មនុស្សស្លូតបូត គឺជាមនុស្សមិនសូវចេះនិយាយ សុភាពរាបសា មឹះៗ។ល។» ទាំងអស់នេះគឺជាអត្ថន័យដែលតែងតែមាននៅក្នុងផ្នត់គំនិតរបស់មនុស្សយើងទាំងអស់គ្នា។ តើពាក្យទាំងអស់នេះ គឺជាអត្ថន័យដ៏ពិតប្រាកដ ឬយ៉ាងណា? យើងដឹងហើយថា មនុស្សយើងតែងតែឲ្យអត្ថន័យផ្សេងៗពីគ្នាលើពាក្យ «ស្លូតបូត»។ ចុះចំណែកបងប្អូនវិញ នៅពេលដែលឮពាក្យ «ស្លូតបូត» តើគិតថានេះជាពាក្យវិជ្ជមាន ឬក៏អវិជ្ជមាន? ប្រហែលអ្នកខ្លះឆ្លើយថា «វិជ្ជមាន ប៉ុន្តែអ្នកខ្លះទៀតគិតថាអវិជ្ជមាន»។ ដូច្នេះ តើវាមានអត្ថន័យយ៉ាងដូចម្តេច? ពេលខ្លះ មនុស្សមួយចំនួនគិតបែបអវិជ្ជមាន ឧទាហរណ៍ថាអ្នកនេះជាមនុស្សស្លូតណាស់ ស្លូតពេកហើយ មនុស្សស្លូត គឺជាមនុស្សល្ងង់ មនុស្សអន់បំផុត។ល។ ពេលខ្លះ បងប្អូនក៏មិនបានឲ្យតម្លៃ ហើយក៏មើលរំលងអំពីភាពស្លូតបូតនេះផងដែរ។ ប៉ុន្តែ បងប្អូនដឹងហើយថា មានបុគ្គលដ៏អស្ចារ្យមួយអង្គ គឺជាអង្គព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់មានលក្ខណៈស្លូតបូត ហើយក៏ជាព្រះដែលមានអំណាចព្រះចេស្ដាផងដែរ។ កណ្ឌគម្ពីរ ម៉ាថាយ ១១:២៩ បានចែងថា «ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្ដីសម្រាកដល់ព្រលឹង»។ ដូច្នេះ ព្រះយេស៊ូវ ទ្រង់ជាព្រះដ៏ស្លូតបូត ហើយទ្រង់ក៏សុភាពដែរ។
ចំពោះយើងដែលជាគ្រីស្ទបរិស័ទ តើយើងគួរតែមានចរិតលក្ខណៈបែបណា? សាវ័ក ប៉ុល បានប្រាប់ក្រុមជំនុំភីលីពថា «ចូរសម្ដែងឲ្យមនុស្សទាំងអស់ បានស្គាល់សេចក្ដីសម្លូតរបស់អ្នករាល់គ្នាចុះ ព្រោះព្រះអម្ចាស់ទ្រង់ជិតដល់ហើយ» (ភីលីព ៤:៥)។ ដូច្នេះ បងប្អូនដឹងរួចហើយថា ពាក្យ «សម្លូត និងសុភាពរាបសា» ពាក្យទាំងនេះពិតជាសំខាន់ណាស់សម្រាប់យើងជាគ្រីស្ទបរិស័ទដែលត្រូវមាន។ នេះមិនមែនជាពាក្យអវិជ្ជមានដូចដែលអ្នកខ្លះនៅក្នុងសង្គមសព្វថ្ងៃនេះគិតនោះទេ។ ប៉ុន្តែ យើងជឿថា ព្រះអង្គសព្វព្រះហឫទ័យឲ្យអ្នកដែលដើរតាមទ្រង់មានចិត្តស្លូតបូត។ ហេតុដូច្នេះ ភាពស្លូតបូត សុភាពរាបសា គឺជាលក្ខណសម្បត្តិដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា ហើយយើងគួរតែសិក្សាពីវាដែរ។ ចុះតើពាក្យ «ស្លូតបូត» នៅក្នុងព្រះគម្ពីរមានអត្ថន័យយ៉ាងដូចម្តេចទៅ ឲ្យពិតប្រាកដ? ប្រសិនបើបងប្អូនទៅសួរអ្នកជិតខាង មិត្តភក្ដិ ឬក៏ប្តីប្រពន្ធរបស់បងប្អូនថា តើបង ឬក៏ប្អូនជាមនុស្សស្លូតបូតឬទេ? តើពួកគាត់នឹងឆ្លើយតបយ៉ាងដូចម្តេចចំពោះបងប្អូន? ក្នុងចំណោមនោះមានប៉ុន្មាននាក់ដែលហ៊ានអះអាងថា «ខ្លួនគាត់ ជាមនុស្សស្លូតបូត?»។ ពេលខ្លះ បងប្អូនប្រាប់អ្នកជិតខាងថា «ខ្ញុំជាមនុស្សស្លូតបូត»។ ប៉ុន្តែ មិនបានស្គាល់ពីអត្ថន័យដ៏ពិតប្រាកដនៅក្នុងព្រះគម្ពីរនៅឡើយ។ ដូច្នេះ វាពិតជាពិបាកសម្រាប់បងប្អូនក្នុងការពន្យល់ និងធ្វើការវាយតម្លៃលើពាក្យនេះណាស់។
ចិត្តស្លូតបូតតាមអ្វីដែលខ្ញុំសិក្សា ហើយនិងពិនិត្យមើលទៅលើខគម្ពីរមួយចំនួនក្នុងព្រះគម្ពីរ ខ្ញុំបានឲ្យនិយមន័យថា «ចិត្តស្លូតបូតគឺ ជាចិត្តដែលព្រមដាក់កម្លាំងរបស់ខ្លួនក្រោមការដឹកនាំរបស់ព្រះជាម្ចាស់»។ នេះមិនមែនមានន័យថា បងប្អូនគ្មានកម្លាំង ឬក៏ខ្សោយនោះទេ។ ប៉ុន្តែ មានន័យថា បងប្អូនព្រមដាក់កម្លាំង និងសិទ្ធក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ ដោយទុកចិត្តលើការវិនិច្ឆ័យរបស់ទ្រង់ និងរង់ចាំពេលវេលារបស់ទ្រង់។ កណ្ឌគម្ពីរ ១ពេត្រុស ២:២៣ បានចែងថា «កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណៈដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជម្រះដោយសុចរិតវិញ»។ នេះហើយជាលក្ខណៈស្លូតបូតរបស់អង្គព្រះយេស៊ូវគ្រីស្ទ។ នៅត្រង់ចំណុចនេះមិនមែនមានន័យថា ព្រះយេស៊ូវមិនមានកម្លាំងតទល់ ខណៈពេលដែលពួកគេកំពុងធ្វើបាបទ្រង់នោះឡើយ។ ប៉ុន្តែ ទ្រង់មិនបានជេរប្រមាថ ឬប្រើអំណាចតបតវិញ ពីព្រោះទ្រង់បានប្រគល់សិទ្ធអំណាច និងកម្លាំងរបស់ទ្រង់ទៅកាន់ព្រះជាម្ចាស់ជាអ្នកដឹកនាំ ដោយឲ្យព្រះជាម្ចាស់ជំនុំជម្រះដោយសុចរិតវិញ។
ហេតុដូច្នេះហើយបានជាអស់អ្នកដែលមានចិត្តស្លូតបូត គឺជាអ្នកដែលទុកចិត្តលើព្រះជាម្ចាស់ និងជាអ្នកដែលចុះចូលក្រោមសិទ្ធអំណាចរបស់ទ្រង់។ ពេលមានមនុស្សមួយចំនួន នៅជុំវិញយើង ប្រព្រឹត្តអ្វីមួយដែលហាក់បីដូចជាមិនត្រឹមត្រូវ ឬក៏និយាយឌឺដង ធ្វើឲ្យយើងឈឺចិត្ត ឬក្ដៅក្រហាយ ប៉ុន្តែយើងមិនបានតបស្នងនឹងគំហកកំហែងទៅគេវិញនោះទេ ដោយឆ្លើយតបទៅវិញដោយសុភាព ហើយថ្វាយការទាំងអស់នោះ ទៅកាន់ព្រះជាម្ចាស់ជាអ្នកវិនិច្ឆ័យវិញ។ ប្រសិនបើបងប្អូនក្រឡេកមើលក្នុងព្រះគម្ពីរសញ្ញាចាស់ តើនរណាជាអ្នកដែលមានចិត្តស្លូតបូត សុភាពរាបសាជាងគេ? ចម្លើយគឺ៖ លោក ម៉ូសេ។ គាត់សុភាពជាងគេក្នុងចំណោមមនុស្សទាំងអស់លើផែនដី! កណ្ឌគម្ពីរ ជនគណនា ១២:១-៤ បានចែងទុកថា «រីឯម៉ារាម និងអើរ៉ុន គេនិយាយទំនាស់នឹងម៉ូសេ ពីរឿងស្រីសាសន៍គូសដែលលោកបានយក ដ្បិតលោកបានយកស្រីសាសន៍គូសម្នាក់ ធ្វើជាប្រពន្ធ គឺគេនិយាយថា “តើព្រះយេហូវ៉ាបានមានបន្ទូលតែនឹងម៉ូសេតែម្នាក់ឯង ឥតបានមានបន្ទូលនឹងយើងដែរទេឬអី?” ព្រះយេហូវ៉ាទ្រង់ក៏ឮពាក្យនោះ (រីឯម៉ូសេលោកសុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី)។ នោះលោតែព្រះយេហូវ៉ា ទ្រង់មានបន្ទូលមកម៉ូសេ អើរ៉ុន ហើយនឹងម៉ារាមថា “ចូរឯងទាំង៣នាក់ចេញមកឯត្រសាលជំនុំចុះ គេក៏នាំគ្នាចេញទៅ”»។ ត្រង់នេះនាង ម៉ារាម ហើយនិងលោក អើរ៉ុន និយាយទៅកាន់លោក ម៉ូសេ ហាក់បីដូចជាច្រណែនថា ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលមកកាន់តែលោក ម៉ូសេ អញ្ចឹង? ហេតុអ្វីបានជាទ្រង់មិនមានបន្ទូលមកកាន់ពួកយើងដែរ? ព្រះគម្ពីរមិនបានប្រាប់យើងថា តើលោក ម៉ូសេ តបទៅពួកគេយ៉ាងណាវិញនោះទេ តែព្រះគម្ពីរបានប្រាប់យើងនៅត្រង់ខ៣ថាលោក ម៉ូសេ គឺជា មនុស្សសុភាពណាស់។ ចំណែកឯត្រង់ខ៤វិញ ព្រះជាម្ចាស់បានហៅពួកគេទាំងបីនាក់មក ដើម្បីជំនុំ ហើយបើបងប្អូនអានឲ្យចប់មួយជំពូកនេះ នោះបងប្អូននឹងឃើញថា ទីបំផុតរបស់នាង ម៉ារាម គឺព្រះជាម្ចាស់ទ្រង់បានធ្វើឲ្យគាត់កើតជំងឺឃ្លង់ សពេញខ្លួន។ ដូច្នេះ យើងឃើញថាលោក ម៉ូសេ មិនបានឆ្លើយតបទៅនឹងអ្វីដែលពួកគេធ្វើដាក់គាត់នោះទេ តែគាត់បានទុកចិត្ត និងថ្វាយបង្គំដោយផ្ទេរការនេះទៅកាន់ព្រះជាម្ចាស់ឲ្យទ្រង់ធ្វើជាអ្នកវិនិច្ឆ័យទោសវិញ។
នេះហើយគឺជាគំរូមួយដែលនិយាយអំពីចិត្តស្លូតបូតដោយព្រមដាក់កម្លាំងរបស់ខ្លួនក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ ដោយទុកចិត្តលើការវិនិច្ឆ័យរបស់ទ្រង់នឹងរង់ចាំពេលវេលារបស់ទ្រង់ផងដែរ។ ពេលខ្លះ មានមនុស្សមួយចំនួននិយាយមិនល្អពីបងប្អូន តើបងប្អូននឹងឆ្លើយតបទៅកាន់មនុស្សទាំងនោះយ៉ាងដូចម្តេច? តើបងប្អូនសុខចិត្តឆ្លើយតបទៅកាន់ពួកគេដោយចិត្តសុភាព ដោយថ្វាយការទាំងនោះទៅកាន់ព្រះជាម្ចាស់ ឬក៏ឆ្លើយតបដោយបញ្ចេញកំហឹង និងប្រទេចផ្ដាសាទៅកាន់មនុស្សទាំងនោះវិញ?
តើយើងអាចមានចិត្តស្លូតបូតដោយរបៀបណាបាន?
កណ្ឌគម្ពីរ ទំនុកតម្កើង ៣៧:៥-១០ បានចែងថា «ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្តដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសម្រេច ទ្រង់នឹងឲ្យសេចក្ដីទុច្ចរិតរបស់អ្នកបានផ្សាយចេញ ដូចជាពន្លឺ ហើយសេចក្ដីយុត្តិធម៌របស់អ្នក ដូចជាវេលាថ្ងៃត្រង់ផង ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្ដៅចិត្ត ដោយព្រោះអ្នកដែលចម្រើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សម្រេចបាននោះឡើយ។ ចូរឈប់ពីសេចក្ដីកំហឹង ហើយបោះបង់សេចក្ដីឃោរឃៅចោលចេញ កុំឲ្យក្ដៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ ពីព្រោះពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ អើ! អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ»។
ត្រង់ខ១១បានបញ្ជាក់ថា «ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។ កណ្ឌគម្ពីរ ម៉ាថាយ ៥:៥ ក៏មានចែងផងដែរថា «មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក»។ ពាក្យថា «រាបសា ស្លូតបូត ទៀងត្រង់ និងស្លូតត្រង់» នៅក្នុងភាសាខ្មែរ គឺមានអត្ថន័យប្រហាក់ប្រហែលគ្នា ហើយស្រដៀងគ្នាទៅនឹងភាសាព្រះគម្ពីរដែរ។ តើមនុស្សរាបសាជាមនុស្សមានលក្ខណៈដូចម្តេច? ប្រសិនបើបងប្អូនមើលក្នុងកណ្ឌគម្ពីរ ទំនុកតម្កើង ៣៧:៩ នោះបងប្អូននឹងឃើញពីភាពស្រដៀងគ្នាទៅនឹងខ១១នៅខាងលើដែរត្រង់ថា «តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក»។
ដូច្នេះ សរុបសេចក្តីមក មនុស្សដែលរាបសាជាមនុស្សដែលរង់ចាំព្រះយេហូវ៉ា ជាមនុស្សដែលមិនឆ្លើយតបដោយកំហឹង ក្តៅក្រហាយ ឬក៏ស្នងដោយការអាក្រក់វិញឡើយ។ មនុស្សរាបសាក៏ជាមនុស្សដែលទុកដាក់ផ្លូវក្នុងព្រះយេហូវ៉ាផងដែរ។ ប្រហែលមានការមួយចំនួនដែលគេបានធ្វើមកលើយើង ហាក់បីដូចជាធ្វើឲ្យយើងក្តៅក្រហាយនឹងពួកគេណាស់ ជាពិសេសនៅពេលពួកគេធ្វើទង្វើមិនល្អចំពោះយើង។
តើយើងអាចដកពិសោធន៍ចំពោះមនុស្សបែបនោះបានយ៉ាងដូចម្តេច? ខ្ញុំសូមលើកឧទាហរណ៍អំពីថ្នាំដុសធ្មេញមួយប្រអប់ ហើយចង់ដឹងថា ក្នុងនោះមានអ្វី? ពេលនោះខ្ញុំត្រូវច្របាច់វា ដើម្បីឲ្យដឹងថា វាមានអ្វី។ ចុះចំពោះយើងវិញ តើត្រូវធ្វើដូចម្ដេច ដើម្បីឲ្យដឹងថា ខាងក្នុងចិត្តមនុស្សយើងមានអ្វី? តើយើងត្រូវច្របាច់ដូចថ្នាំដុសធ្មេញមួយនេះ ឬយ៉ាងណា? មនុស្សយើងក៏ដូច្នេះដែរ អ្វីដែលបានកើតឡើង អ្វីកំពុងប្រឈមមុខ និងបញ្ហានៃការរឹបកៀប នោះអ្វីដែលនៅខាងក្នុងចិត្តដែលវានឹងបង្ហាញចេញមកក្រៅភ្លាមៗ។ សព្វថ្ងៃនេះ អ្វីៗដែលកើតឡើងចំពោះយើង មើលទៅហាក់បីដូចជាស្រួល គ្មានអ្វីជាបញ្ហា ហើយយើងក៏សរសើរតម្កើងដល់ព្រះជាម្ចាស់ដោយស្រែកថា «ហាលេលូយ៉ា!» រួចសម្លឹងមើលមកខ្លួនឯងថា «ខ្លួនមានចិត្តស្លូតបូត សុភាពរាបសា គ្មានអ្វីជាបញ្ហា។» ប៉ុន្តែ ចុះប្រសិនបើមានស្ថានភាពមិនល្អណាកើតឡើងចំពោះយើង ហើយអ្នកជិតខាងក៏ធ្វើអ្វីមិនល្អប៉ះពាល់ដល់យើង ដូច្នេះតើពេលនោះចិត្តដែលនៅខាងក្នុងរបស់បងប្អូននឹងបញ្ចេញអ្វីមកគេវិញ? តើយើងនឹងបញ្ចេញភាពស្លូតបូត ឬក៏បញ្ចេញអ្វីក្រៅពីភាពស្លូតបូត? នេះហើយជារបៀបមួយដែលបងប្អូនអាចដឹងបាន អាចល្បងលបាន៖ តើអ្វីនឹងចេញមកពីខាងក្នុង? ប្រសិនបើស្ថានភាពនោះពិតជាកើតឡើងមែន តើបងប្អូននឹងយល់ព្រមទុកចិត្តលើព្រះអង្គ ហើយថ្វាយទៅដល់ទ្រង់ ឬក៏យ៉ាងណា? តែសូមឲ្យបងប្អូនទុកការទាំងនោះឲ្យព្រះអង្គជាអ្នកវិនិច្ឆ័យចុះ ហើយសូមបងប្អូនចុះចូលចំពោះទ្រង់ ជាជាងការឆ្លើយតបដោយកំហឹង មួម៉ៅរបស់ខ្លួនវិញ។ សរុបសេចក្តីមក មនុស្សដែលស្លូតបូត សុភាពរាបសា គឺជាមនុស្សដែលទុកចិត្តលើព្រះយេហូវ៉ា ហើយចេះរង់ចាំពេលវេលារបស់ទ្រង់ ដោយមិនរហ័សខឹង មិនក្តៅក្រហាយ ឬដោយប្រព្រឹត្តការអាក្រក់ឡើយ។ ប៉ុន្តែ សូមចងចាំថា ពាក្យស្លូតបូតមិនមែនមានន័យថា បងប្អូនខ្សោយ កំសាកញី ឬមិនចេះខឹងនោះឡើយ។ អត្ថន័យនៅក្នុងព្រះគម្ពីរមិនមែនមានន័យថា មិនមានកម្លាំងនោះទេ ប៉ុន្តែកម្លាំងនោះគឺបានថ្វាយទៅដល់ព្រះជាម្ចាស់ជាអ្នកសម្រេច ហើយឲ្យព្រះអង្គដឹកនាំ និងសូមឲ្យទ្រង់ឆ្លើយតបទៅនឹងស្ថានការណ៍បែបនោះ។
តើបងប្អូនដឹងទេថា សូម្បីតែព្រះយេស៊ូវក៏ចេះខ្ញាល់ដែរ? អញ្ចឹងនេះមិនមែនមានន័យថា អ្នកដែលស្លូតបូតមិនចេះខឹងឡើយ។ ប៉ុន្តែ តើយើងគួរខឹងយ៉ាងដូចម្តេច ដោយមិនប្រព្រឹត្តបាប? តើគ្រីស្ទបរិស័ទគួរខឹងយ៉ាងដូចម្តេច? ព្រះគម្ពីរមិនបានហាមមិនឲ្យបងប្អូនខឹងនោះទេ ប៉ុន្តែព្រះគម្ពីរហាម កុំឲ្យឆាប់ខឹងពេក។ ឥឡូវនេះ ចូរបងប្អូនក្រឡេកមើលគំរូរបស់ព្រះយេស៊ូវដែលទ្រង់ខ្ញាល់ នៅក្នុងកណ្ឌគម្ពីរ ម៉ាកុស ៣:៥-៦៖ «នោះទ្រង់ងាកទតទៅគេទាំងគ្នាន់ក្នាញ់ដោយមានព្រះហឫទ័យព្រួយ ព្រោះចិត្តគេរឹងរូស ក៏មានបន្ទូលទៅមនុស្សនោះថា ចូរអ្នកលាតដៃទៅ អ្នកនោះក៏លាត ហើយដៃគាត់បានជាដូចម្ខាង រួចកាលពួកផារិស៊ីបានចេញផុតទៅ នោះស្រាប់តែគេពិគ្រោះនឹងពួកហេរ៉ូឌទាស់នឹងទ្រង់ ដើម្បីរករឿងធ្វើឲ្យទ្រង់វិនាស»។ ដូច្នេះ នេះមិនមែនមានន័យថា ភាពសម្លូតរបស់គ្រីស្ទបរិស័ទ មិនមានការខឹងនោះទេ។ ប៉ុន្តែ គ្រីស្ទបរិស័ទខឹងនៅពេលដែលមានអ្វីដែលមិនត្រឹមត្រូវបានកើតឡើងនៅចំពោះភាពបរិសុទ្ធ និងសិរីល្អរបស់ផងព្រះជាម្ចាស់វិញ។ កណ្ឌគម្ពីរ យ៉ាកុប ១:១៩-២១ បានចែងថា «ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្ដាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ ដ្បិតសេចក្ដីកំហឹងរបស់មនុស្ស មិនដែលសម្រេចតាមសេចក្ដីសុចរិតរបស់ព្រះទេ បានជាចូរទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តអ្នករាល់គ្នា ដោយចិត្តសុភាពចុះ ទាំងលះចោលអស់ទាំងសេចក្ដីស្មោកគ្រោកចេញ នឹងសេចក្ដីគំរក់ដ៏មានច្រើនម្ល៉េះចេញផង ដ្បិតព្រះបន្ទូលនោះអាចនឹងជួយសង្គ្រោះព្រលឹងអ្នករាល់គ្នាបាន»។ ចូរស្ដាប់ឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងនិយាយតបវិញចុះ។
ដូច្នេះ ភាពស្លូតបូតមិនមែនមិនចេះខឹងនោះទេ ប៉ុន្តែជាចិត្តដែលព្រមដាក់កម្លាំងរបស់ខ្លួនក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ ដោយទុកចិត្តលើការវិនិច្ឆ័យរបស់ទ្រង់ រង់ចាំពេលវេលារបស់ទ្រង់។ មួយវិញទៀត ចិត្តស្លូតបូតក៏មិនមែនជាការដែលសេពគប់ជាមួយនឹងអំពើបាបដែរ។ នេះមានន័យថា នៅពេលបងប្អូនឃើញគេធ្វើបាប សូមចូលទៅកាន់បុគ្គលនោះដោយចិត្តស្លូតបូត ដូចនៅក្នុងកណ្ឌគម្ពីរ កាឡាទី ៦:១ បានលើកឡើង «ឱបងប្អូនអើយ បើបានទាន់ឃើញមនុស្សណាធ្វើខុសអ្វី នោះអ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរដំរង់អ្នកនោះដោយចិត្តសុភាព ព្រមទាំងប្រយ័ត្នខ្លួនឯងផងក្រែងត្រូវសេចក្ដីល្បួងដែរ»។ មនុស្សសុភាព គឺជាមនុស្សដែលយឺតនឹងខឹង ហើយក្រនឹងនិយាយ ហើយមិនតបស្នងការអាក្រក់ទៅនឹងការអាក្រក់ឡើយ ជាមនុស្សដែលគិតពីនគរនៃព្រះជាម្ចាស់ សិរីល្អ និងភាពបរិសុទ្ធរបស់ព្រះអង្គ នេះហើយជាភាពស្លូតបូតដែលមានចែងនៅក្នុងព្រះគម្ពីរ។
បងប្អូនបានដឹងហើយថា ចិត្តស្លូតបូតគឺជាផលផ្លែនៃព្រះវិញ្ញាណ គឺជាព្រះវិញ្ញាណដែលជាអ្នកបង្កើតផលផ្លែមក មិនមែនបងប្អូនទេ។ និស្ស័យរបស់មនុស្សលោកគឺ តែងតែធ្វើអ្វីដែលទាស់ប្រឆាំងនឹងព្រះវិញ្ញាណ ហើយក៏តែងតែចង់ធ្វើបាបទាស់នឹងព្រះជាម្ចាស់ផងដែរ ដោយប្រើកម្លាំងរបស់ខ្លួនជាជាងការទុកចិត្តព្រះអង្គ នេះហើយគឺជាការឆ្លើយតបរបស់មនុស្ស។ ដូច្នេះ បងប្អូនអាចមានចិត្តស្លូតបូតដូចព្រះគម្ពីរបានប្រាប់ គឺតាមរយៈអង្គព្រះយេស៊ូវគ្រីស្ទតែមួយគត់ប៉ុណ្ណោះ។ បងប្អូនក៏បានដឹងហើយថា បងប្អូនអាចបង្កើតផលផ្លែបាន ទាល់តែនៅជាប់នឹងអង្គព្រះយេស៊ូវគ្រីស្ទ។ នៅកណ្ឌគម្ពីរ យ៉ូហាន ១៥:៥ បានចែងថា «ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ»។ ប្រសិនបើលោកអ្នក មិនទាន់មានចិត្តសុភាព ឬក៏នៅគិតថា ខ្លួនមិនទាន់បានស្គាល់ព្រះយេស៊ូវគ្រីស្ទនៅឡើយទេ នោះមានផ្លូវតែមួយគត់ដែលបងប្អូនអាចមានចិត្តស្លូតបូតដូចមានចែងក្នុងព្រះគម្ពីរ គឺបងប្អូនត្រូវស្គាល់ព្រះយេស៊ូវគ្រីស្ទ និងទទួលជឿលើទ្រង់ជាមុនសិន។ ហើយបងប្អូនផ្ទាល់ក៏ត្រូវចំណាយពេលនៅជាប់ព្រះអង្គជានិច្ច។ ឧទាហរណ៍៖ ព្រះជាម្ចាស់បានផ្តល់ឲ្យបងប្អូនមានសាច់ដុំ ប៉ុន្តែបងប្អូនអាចស្រមៃមើលថា ប្រសិនបើសាច់ដុំរបស់បងប្អូនមិនដែលហាត់ប្រាណ ឬប្រើការធ្វើអ្វីសោះ តើវាអាចនឹងរឹងមាំ ឬអាចនឹងរឹងមាំដោយឯងៗបានដែរឬទេ? ចម្លើយគឺ៖ អត់ទេ! ពិតប្រាកដណាស់ ព្រះជាម្ចាស់ជាអ្នកដែលផ្តល់ឲ្យមានផលផ្លែនៃព្រះវិញ្ញាណ ហើយបងប្អូនក៏មិនអាចមានសេចក្តីស្លូតបូតនេះដោយឯងៗ ក្រៅពីព្រះជាម្ចាស់បានផ្តល់មកដែរ។ បងប្អូនត្រូវការហ្វឹកហាត់ ការអនុវត្ត និងពង្រឹង ដើម្បីឲ្យកាន់តែមានការរីកចម្រើនឡើងៗផងដែរ។
តើយើងរស់នៅដោយបង្ហាញចិត្តស្លូតបូតដោយរបៀបណា?
ឥឡូវនេះ បងប្អូនអាចសួរសំណួរមកកាន់ខ្លួនឯងថា «តើបងប្អូនជាមនុស្សដែលមានចិត្តស្លូតបូតហើយឬនៅ?។តើជីវិតរបស់បងប្អូនមានភាពស្លូតបូតស្របតាមអ្វីដែលព្រះគម្ពីរបានលើកឡើងដែរឬទេ?» ខ្ញុំគិតថាទាំងនេះគឺជា សំណួរដ៏ល្អសម្រាប់សួរខ្លួនឯង។ បងប្អូនក៏បានដឹងហើយថា ព្រះយេស៊ូវមានភាពស្លូតបូត ហើយព្រះអង្គក៏សព្វព្រះហឫទ័យនឹងអស់អ្នកដែលទទួលជឿលើទ្រង់ ហើយមានភាពស្លូតបូតដូចទ្រង់។ ខ្ញុំជឿជាក់ថា នេះជាចំណុចដែលយើងទាំងអស់គ្នាត្រូវតែលូតលាស់ ហើយក៏មិនគួរនៅស្ងៀមដែរ។ តែយើងក៏ត្រូវអនុវត្តសេចក្តីសម្លូតរបស់យើងទៅកាន់អ្នកដទៃ តាមរយៈពាក្យសម្ដីដោយចិត្តសុភាព ហើយកែតម្រង់អ្នកដទៃ ដោយចិត្តសម្លូត។ ដូច្នេះ តាមអ្វីដែលខ្ញុំសង្កេតមើល និងតាមអ្វីដែលខគម្ពីរបានចែងអំពី «ភាពសម្លូត ភាពទន់ភ្លន់ សុភាពរាបសា ចិត្តសុភាព» ភាគច្រើនគឺទាក់ទងនឹងពាក្យសម្ដីដែលយើងប្រើប្រាស់រាល់ថ្ងៃ។ ហើយកណ្ឌគម្ពីរសុភាសិត ១៥:១ ក៏បានចែងថា «ពាក្យតបឆ្លើយដោយស្រទន់ នោះរមែងរម្ងាប់សេចក្ដីក្រោធទៅ តែពាក្យគំរោះគំរើយ នោះបណ្ដាលឲ្យមានសេចក្ដីកំហឹងវិញ»។ ខ្ញុំជឿថា នេះជាអ្វីដែលយើងទាំងអស់គ្នាគួរតែចាប់ផ្តើមរៀន ទាំងកាយវិការ ទាំងពាក្យសម្ដីដោយស្រទន់ ដ្បិតនេះគឺជាការលើកទឹកចិត្តដល់អ្នកដទៃ។ ពាក្យសម្ដីដែលនិយាយចេញមក ពិតជាមានឥទ្ធិពលខ្លាំងណាស់ ហើយវាក៏មានឥទ្ធិពលអាចបំផ្លាញមនុស្ស ហើយក៏មានឥទ្ធិពលអាចស្អាងអ្នកដទៃឲ្យចម្រើនឡើងបានយ៉ាងល្អប្រសើរផងដែរ។ ពាក្យសម្ដីពិតជាមានឥទ្ធិពលខ្លាំងណាស់! តើពាក្យសម្ដីដែលបងប្អូននិយាយចេញទៅជា ពាក្យសម្ដីដែលសុភាព ឬមិនសុភាព លើកទឹកចិត្ត ឬបំផ្លាញ? ពាក្យសម្ដីខ្លះ ដែលនិយាយចេញមក ពេលខ្លះយើងគិតថាជាការធម្មតា តែវាមានឥទ្ធិពលនៅពេលយើងនិយាយចេញមក។ ដូច្នេះ ចូរយើងឆ្លើយតបដោយស្រទន់ និយាយបែបជាការលើកទឹកចិត្ត ជាជាងការបំបាក់ទឹកចិត្ត ហើយចូរស្អាងចិត្តគ្នាឡើងចុះ!
មតិយោបល់
Loading…